ប្រជាពលរដ្ឋសហគមន៍ឡកំបោរ ចំនួន២៤៤គ្រួសារកំពុងស្វះស្វែងរកដំណោះស្រាយជុំវិញវិវាទដីធ្លីពាក់ព័ន្ធនឹងការពង្រីកផ្លូវ៣០ម៉ែត្រដែលមានឈ្មោះ «ផ្លូវកប់ស្រូវ» ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដោយពលរដ្ឋទាំងនោះ ទាមទារសំណងតាមតម្លៃទីផ្សារ និងខ្លះចង់បានប្លង់កម្មសិទ្ធិ ខណៈអាជ្ញាធរបដិសេដធ្វើបណ្ណកម្មសិទ្ធិ ដោយអះអាងថាជាដីសាធារណៈរបស់រដ្ឋ។
អ្នកស្រី ឡុង ប៉ុច តំណាងពលរដ្ឋសហគមន៍ឡកំបោរ មានប្រសាសន៍ថា ក្រោយមានការប្រកាសពង្រីកផ្លូវ៣០ម៉ែត្រ ក្នុងឆ្នាំ២០២០ ប្រជាពលរដ្ឋរស់នៅទីនោះបានដាក់ញតិ្តចំនួន ៤លើករួចមកហើយ ដោយទាមទារសំណងតាមទីផ្សារសម្រាប់ពលរដ្ឋរងផលប៉ះពាល់ទាំងស្រុង និងពលរដ្ឋដែលមានដីនៅសល់ក្រោយពីការពង្រីកផ្លូវស្នើឱ្យធ្វើប្លង់កម្មសិទ្ធិ។ អ្នកស្រីបន្តថា ប្រជាពលរដ្ឋបានដើរដាក់ញតិ្តនៅតាមស្ថាប័នរដ្ឋមួយចំនួនដូចជា ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងយុត្តិធម៌ ដើម្បីឱ្យជួយរកដំណោះស្រាយ។
អ្នកស្រី ឡុង ឱ្យដឹងទៀតថា ពលរដ្ឋរស់នៅទីនោះ ប្រកបរបរជាអ្នកលក់ឥវ៉ាន់ចាប់ហួយនៅផ្ទះ ធ្វើសំណង់ រត់ម៉ូតូឌុប បើកឡាន និងមួយចំនួនជាអ្នកលក់លតឆា មីឆាជាដើម។
អ្នកស្រី ឡុង និយាយថា៖ «[រកស៊ី]ពិបាកខ្លាំងហ្មង។ តិចៗអាជ្ញាធរមកធ្វើទុក្ខបុកម្នេញ មកនិយាយសុទ្ធតែគេទិញមិនព្រមទេ ចង់[ឱ្យ]អាអិចឈូសអីណា អត់ដែលឃើញតំបន់គេ។ និយាយសុទ្ធចឹង អាជ្ញាធរសង្កាត់»។
អ្នកស្រីសង្កត់ធ្ងន់ថា ក្រោយមានវិវាទជាមួយនឹងការពង្រីកផ្លូវរដ្ឋនេះ មេភូមិបានបដិសេដក្នុងការចុះហត្ថលេខាលើការទទួលស្គាល់ទិញលក់ដីរបស់ពលរដ្ឋ ខណៈពួកគេរស់នៅទីនោះប្រមាណជាង៣០ឆ្នាំហើយ ។
អ្នកស្រីឡុង អះអាងថា ការបដិសេធមិនព្រមចុះហត្ថលេខាលើការទិញលក់នេះ ក្រោយការបរាជ័យក្នុងការចុះទិញដីប្រជាពលរដ្ឋពីសំណាក់ក្រុមហ៊ុនបុរីលឹម ឈាងហាក់ និងបុរីអង្គរភ្នំពេញ ដើម្បីអភិវឌ្ឍលំនៅដ្ឋាននៅតំបន់នោះ។
អ្នកស្រី បន្តថា៖ «អ្នកភូមិខ្ញុំគ្រប់គ្នា គេមកស្រែកលាន់ គ្នាជំពាក់ធនាគារ ថាអូនអើយបងឈឺ បងអត់មានលុយគេមកទិញដីបង គេមកទិញផ្ទះបង សួរទៅមេភូមិ មេភូមិគេអត់ចុះហត្ថលេខាឱ្យ ហើយដល់ពេលអ្នកទិញគេម៉េចហ៊ានទិញ បើមេភូមិលែងចុះហត្ថលេខាហើយ ពីមុនគាត់ចុះ។ គាត់ធ្វើសាក្សីឱ្យដល់ពេលក្រោយមក មានរឿងបុរីចង់បានដីនឹងគាត់លែងចុះហត្ថលេខាឱ្យយើងលក់ឱ្យអ្នកផ្សេង។បុរីលឹមឈាមហាក់ និងបុរីអង្គ បើបុរីហ្នឹងទិញបាន បើអ្នកផ្សេងទិញអត់បាន»។
ដីមានវិវាទនេះ ស្ថិតនៅតាមបណ្ដោយផ្លូវកប់ស្រូវទល់មុខក្រសួងដែនដីទីតាំងថ្មីឆ្ពោះទៅកាន់ទំនប់កប់ស្រូវ ដោយអមសងខាងផ្លូវមានសំណង់លំនៅដ្ឋានលក្ខណៈបុរីផ្សេងៗជាច្រើនប្រភេទកំពង់រីកលូតលាស់ឡើង។
ប្រជាពលរដ្ឋម្នាក់ទៀត គឺអ្នកស្រី យួន សុដា អះអាងថា ផ្ទះអ្នកស្រីនឹងរងផលប៉ះពាល់ទាំងស្រុង ប្រសិនបើអាជ្ញាធរពង្រីកផ្លូវដល់៣០ម៉ែត្រនោះ។
អ្នកស្រី សុដា បានចូលរួមការតវ៉ាចំនួន៤ដង ដោយមានម្ដងបានព្យាយាមទៅជួប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងថ្ងៃសម្ភោធដាក់ឱ្យប្រើប្រាស់ក្រសួងដែនដី និងបីលើកទៀត នៅសាលាខណ្ឌឬស្សីកែវ ។
អ្នកស្រី និយាយថា៖ «ពង្រីកវាអស់ផ្ទះទាំងមូល ចឹងសំណូមពរកុំឱ្យពង្រីកតទៅទៀត ព្រោះយក[ដី]របស់ខ្ញុំម្ដងហើយ អត់ឱ្យលុយផងហ្នឹង។ ដីនៅខាងមុខ[ផ្លូវ] ទទឹង៧ម៉ែត្រកន្លះ បណ្ដោយ៨ម៉ែត្រ ពង្រីកផ្លូវ[ម្ដង]ហើយ[ពីមុន] អស់៤ម៉ែត្រ»។
អ្នកស្រី សុដា បន្តថា សព្វថ្ងៃ គ្រួសារអ្នកស្រីសរុបចំនួន៥នាក់កំពុងរស់នៅជាមួយគ្នា ក្នុងផ្ទះថ្មក្រោម និងខាងលើឈើដែលកំពុងប្រឈមនឹងការផ្លាស់ទីលំនៅនេះ។
អ្នកស្រី បន្ថែមថា៖ «ខ្ញុំនៅតាំងពីដីផុករលួយវល់ជិះកង់ ឥលូវមានម៉ូតូមានឡានបែជាចង់ឱ្យខ្ញុំចេញ បើអាជ្ញាធរពង្រីកខ្ញុំសូមជាលុយ អត់ចង់បានដីទេ ព្រោះដីទៅនៅក្នុងព្រៃដដែល។ ចង់បានសំណងមួយម៉ែត្រ ៨ពាន់ដុល្លារ» ប៉ុន្តែអាជ្ញាធរឱ្យមួយឡូត៍ មួយលានរៀល [ដី៧ម៉ែត្រកន្លះ បណ្ដោយ៨ម៉ែត្រ]ហ្នឹង។
កញ្ញា កែវ ឧស្សាហ៍ អាយុ ២១ ឱ្យដឹងថា ឪពុកកញ្ញា បានទិញដីនៅភូមិឡកំបោរ តាំងពីទសវត្សរ៍៨០ ទំហំ៣០ម៉ែត្រការ៉េ ក្រោយមកមានការលក់ជាបន្តបន្ទាប់ដោយមានការដឹងឮពីមេភូមិ ខណៈបច្ចុប្បន្នសល់ត្រឹម៩ម៉ែត្របួនជ្រុងប៉ុណ្ណោះ។
កញ្ញា និយាយថា៖ «៤ខែមុន ខ្ញុំចង់លក់ដោយសារម៉ាក់ខ្ញុំឈឺ ខ្ញុំបានទាក់ទងប្រធានភូមិ តែគេថាអត់ចុះហត្ថលេខាទេ គេខ្លាចខុសច្បាប់ខុសអី»។
កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ នេះ ប្រជាពលរដ្ឋបានប្រារព្ធពិធីបួងសួងនិងសូត្រមន្តសូមសេចក្ដីសុខ ព្រមទាំងសែនព្រេនដល់អារក្ស អ្នកតា ម្ចាស់ទឹក ម្ចាស់ដី កុំឱ្យពួកគេរងនូវការបណ្ដេញចេញ ស្ថិតនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អ្នកស្រី រឿន អូន និយាយថា៖ «យើងសែនព្រេនសូមម្ចាស់ទឹក ម្ចាស់ដី លោកតាម្ចាស់ស្រុក អារក្ស អ្នកតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះធរណី ឱ្យគាត់ជួយអាណិតមេតា្តធ្វើយ៉ាងណាឱ្យអាជ្ញាធរចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋដែលរស់នៅ៣០ឆ្នាំងជាងហើយនេះ បានរស់នៅទីហ្នឹងបន្តទៅទៀត»។
អំឡុងខែតុលា ឆ្នាំ២០២១នេះ អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍មួយថា រយៈពេលពីរឆ្នាំចុងក្រោយ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ អង្គការសិទ្ធិមនុស្សមួយនេះ បានរកឃើញថា ប្រជាពលរដ្ឋជាង៥០០០ គ្រួសារ រងនូវការរំលោភបំពានដីធ្លី និងលំនៅដ្ឋាន។
របាយការណ៍ដដែលបន្តថា សមាជិកសហគមន៍ និងសកម្មជនដីធ្លីចំនួន ២១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះមាន ១០នាក់កំពុងជាប់ពន្ធនាគារផងដែរ។
ដោយឡែកលោក សូ សុខរ៉េន មេភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ បានបដិសេដលើការចោទប្រកាន់របស់ប្រជាពលរដ្ឋ ថាលោកមិនចុះហត្ថលេខាធ្វើជាសាក្សីក្នុងការទិញ លក់ដីនៅទីនោះ។
លោក សុខរ៉េន ធ្លាប់បានប្រាប់ទៅកាន់ប្រជាពលរដ្ឋដែលមានបំណងក្នុងការទិញដីនៅទីនោះថា ដីនេះជាដីបឹងនិងជាចំណីផ្លូវ ហើយថ្ងៃណាមួយផលប៉ះពាល់អាចនឹងកើតមានឡើង។
លោកប្រាប់ថា៖ «កាលនោះកន្លែងនឹងជាប្រឡាយ។ គាត់មករស់នៅគាត់ទិញគ្នាគាត់ចង់បានមេភូមិផ្ដិតមេដៃចូលរួមអី ខ្ញុំក៏ចូលទៅ ព្រោះគោលការណ៍មិនទាន់ជាក់លាក់ថានៅពេលខាងមុខគេពង្រីកថ្ងៃណាក៍អត់ទាន់ដឹងទេ ។ ដោយលោកបន្ថែមថា៖ «គាត់ឆ្លើយប្រកាសខ្លួនគាត់ បើសិនណាថ្ងៃក្រោយគេអភិវឌ្ឍឬការប្រែប្រួល នៅផ្លូវនឹងយ៉ាងម៉េចៗគាត់[ពលរដ្ឋ] ទទួលខុសត្រូវខ្លួនឯង គាត់[ពលរដ្ឋ]គ្រាន់តែឱ្យពូ[មេភូមិ]ជួយដឹងឮថា សាក្សីអ្នកទិញអ្នកលក់គ្នាគាត់នឹងទេ»។
មេភូមិរូបនេះ រំលឹកថា ក្រោយធ្វើជាសាក្សីចំពោះពលរដ្ឋក្នុងការទិញលក់ដីរួច លោកថែមទាំងបានធ្វើសៀវភៅស្នាក់ សៀវភៅគ្រួសារ ដើម្បីបញ្ជាក់ថាជាម្ចាស់កម្មសិទ្ធិទៀតផង។
ធ្វើជាមេភូមិជិត៤០ឆ្នាំ លោកបានអះអាងថា ក្រុមហ៊ុនបុរី លឹម ឈាងហាក់ បញ្ឈប់ការទិញដីពីពលរដ្ឋ ដោយសារតែខកចិត្ត ចំពោះការទិញប៉ះចំកន្លែងពង្រីកផ្លូវ ពុំដូចការលើកឡើងរបស់ពលរដ្ឋថាមិនត្រូវតម្លៃគ្នានោះឡើយ។
ទោះជាយ៉ាងណា មេភូមិរូបនេះ បានចុចបិទទូរសព្ទនៅពេលសួរថា តើលោកមេភូមិ មានដើតួនាទីក្នុងការប្រមូលទិញដីពីប្រជាពលរដ្ឋទៅឱ្យភាគីបុរី ដូចការលើកឡើងរបស់ពលរដ្ឋដែរឬទេ?។
លោក និយាយថា៖ «[បុរី]ទិញហើយក្រោយមកផលប៉ះពាល់ទៅលើគាត់ដែរ ឃើញបុរីលឹម ឈាងហាក់ ចុះពីជណ្ដើរមកដល់ផ្លូវឡាន អ៊ីចឹងហ្នឹងគាត់ខុសខ្លួនគាត់តើ ដល់ពេលគេពង្រីកគាត់ខកចិត្តគាត់លេងទិញទៅ»។
នៅចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌឬស្សីកែវ បានចេញលិខិតមួយអញ្ជើញប្រជាពលរដ្ឋ ២១០ខ្នងផ្ទះ ដែលរងផលប៉ះពាល់ពីគម្រោងស្ថាបនាផ្លូវ៣០ម៉ែត្រដែលមានឈ្មោះថា «ផ្លូវកប់ស្រូវ» ស្ថិតនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដើម្បីស្វែងរកដំណោះស្រាយតាមគោលនយោបាយដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ។ ក្នុងជំនួបនោះប្រជាពលរដ្ឋចាត់ទុកថា បរាជ័យក្នុងការផ្សះផ្សាសម្រាប់ពួកគេ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា អាជ្ញាធរពុំអាចធ្វើបណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋឡើយ ដោយលោកលើកឡើងថា ដីដែលពួកគេកំពុងរស់នៅនោះ គឺនៅលើចិញ្ចើមផ្លូវ និងប្រឡាយទឹក។
លោកឃុនដឿន មានប្រសាសន៍ថា៖ «បញ្ជាក់យ៉ាងម៉េចលើផ្លូវលើប្រឡាយ។ គាត់រស់នៅប៉ះផ្លូវ»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា អាជ្ញាធរពង្រីកផ្លូវឱ្យធំទូលាយ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋដែលរស់នៅទីក្រុង ដោយច្រានចោលការទាមទារកុំឱ្យពង្រីកផ្លូវបន្ថែមទៀត។
លោកមានប្រសាសន៍ថា៖ «ពង្រីកផ្លូវដោះស្រាយជូនគាត់ មិនមែនដេញទេ យើងមានដីឱ្យគាត់ ៤ម៉ែត្រ២តឹក គុណ១៨ ប្រភេទផ្ទះល្វែងមួយឱ្យគាត់ ហើយបុរីទៅដល់ហើយកន្លែងហ្នឹង»។
អភិបាលក្រុងភ្នំពេញបញ្ជាក់បន្ថែមថា ដោយសារតែដីពលរដ្ឋកំពុងរស់នៅគឺស្ថិតក្នុងដីសាធារណៈរបស់រដ្ឋ ដូច្នេះអាជ្ញាធរពុំអាចចេញបណ្ណកម្មសិទ្ធិឱ្យនោះឡើយ។
លោកបន្តថា៖ «[បុរី]លុបបឹងបានលុះត្រាតែគេធ្វើអនុបយោគ ហើយបានក្លាយជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ បានរដ្ឋអាចផ្លាស់ប្ដូរបាន បានទៅជាកម្មសិទ្ធិឯកជន»។
អភិបាលក្រុងភ្នំពេញរូបនេះ លើកឡើងថា អាជ្ញាធរបានដោះដូរដីឱ្យពលរដ្ឋសហគមន៍ឡកំបោរទៅរស់នៅ ភូមិសំរោងកណ្ដាល សង្កាត់សំរោង ក្នុងខណ្ឌព្រែកព្នៅ។
លោក បន្ថែមថា៖ «យើងមានរចនាសម្ព័ន្ធជូនគាត់ យើងធ្វើបណ្ណកម្មសិទ្ធិជូនគាត់ហ្មង»។
លោក អំ សំអាត នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូថ្លែងថា ប្រសិនបើរដ្ឋអាចធ្វើអនុបយោគដីតំបន់នោះទៅបុរីឱ្យមានប្លង់កម្មសិទ្ធិ ដូច្នេះពលរដ្ឋ ដែលកំពុងរស់នៅតំបន់នោះគួរតែទទួលបានដូចគ្នា។
លោក និយាយថា៖ «បើក្រុមហ៊ុនអាចទទួលបាន រឿងអីពលរដ្ឋគាត់រស់នៅហ្នឹងមិនទទួលបានប្លង់កម្មសិទ្ធិ»?។
លោក សំអាត បានលើកឡើងថា បើដីហ្នឹងពលរដ្ឋគាត់មានអាស្រ័យផល ឬក៏គាត់រស់នៅទីតាំងហ្នឹងហើយ រដ្ឋត្រូវដោះស្រាយឱ្យប្រជាជនមុនការជួលឬក៏លក់ ដល់ឯកជន។
លោក សំអាតបន្ថែមថា៖ «ដើម្បីកុំឱ្យរងការរិះគន់ច្រើន ដំណោះស្រាយល្អ បើពួកគាត់អាចអភិវឌ្ឍន៍នឹងកន្លែង ប្រគល់បណ្ណកម្មសិទ្ធិឱ្យគាត់បាន គួរប្រគល់ទៅ ប៉ុន្តែប្រសិនបើប៉ះអស់ផ្ទះប្រជាពលរដ្ឋ ត្រូវដំណោះស្រាយដោយតម្លាភាពនិងយុត្តិធម៌»៕