សម្បុរស្រអែម មាឌធំសក់រួញអង្គារដី មានវ័យ៥៨ឆ្នាំ អ្នកស្រីមឿង សុខា បាននិយាយខ្លាំងៗ និងរៀបរាប់ពីទុក្ខកង្វល់ដែលគ្រួសាររបស់គាត់នឹងជួបប្រទះនៅបំណាច់ខែកុម្ភៈនេះ។
«ពួកគេ(អាជ្ញាធរ)ចង់ដេញខ្ញុំចេញពីផ្ទះ នៅថ្ងៃទី២៨ខែហ្នឹង ខ្ញុំព្រួយចិត្តណាស់» នេះជាការលើកឡើងរបស់ អ្នកស្រី សុខា ដែលមានដើមកំណើតក្នុងខេត្តព្រះសីហនុ។
ក្រុមគ្រួសារអ្នកស្រី សុខា នឹងប្រជាពលរដ្ឋជាង១០០គ្រួសារផ្សេងទៀតកំពុងព្រួយបារម្ភពីការបណ្តេញចេញដោយបង្ខំ បន្ទាប់ពីអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន ចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ ខែមករា ដោយបង្គាប់ឲ្យពលរដ្ឋរស់នៅបណ្ដោយផ្លូវ៧មករា ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវរើផ្ទះសម្បែងជាកំហិតក្នុងរយៈពេលមួយខែ។
នៅក្នុងលិខិតពុំបានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងយកដីនោះធ្វើអ្វីនោះទេ ដោយគ្រាន់តែចោទប្រជាពលរដ្ឋថារស់នៅលើដីរដ្ឋខុសច្បាប់។ ក្នុងករណីពលរដ្ឋមិនរុះរើតាមកាលកំណត់ អាជ្ញាធរនឹងចាត់ការតាមផ្លូវច្បាប់។
លិខិតដដែលលើកឡើងថា៖«ក្នុងករណីលោក លោកស្រីមិនព្រមរុះរើតាមខ្លឹមសាររបស់លិខិត អាជ្ញាធរខេត្តនឹងចាត់វិធានការរដ្ឋបាលនិងអនុវត្តច្បាប់»។
ទោះជាយ៉ាងណា អ្នកស្រី សុខា ទទួលដំណឹងក្រៅផ្លូវការថា អាជ្ញារនឹងពង្រីកផ្លូវមួយខ្សែនេះរហូតដល់ទៅ ៤០ម៉ែត្រ។
អ្នកស្រី សុខា ច្រានចោលការចោទប្រកាន់របស់អាជ្ញាធរដែលថាអ្នកស្រីនិងប្រជាពលរដ្ឋផ្សេងទៀតរស់នៅលើដីរដ្ឋខុសច្បាប់។
អ្នកស្រីបានរៀបរាប់ថា អ្នកស្រីរស់នៅលើដីមួយកន្លែងដែលជាប់របងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មុនពេលមន្ទីរពេទ្យកើតទៅទៀត។ ឪពុកអ្នកស្រីបានកាប់ឆ្កាដីព្រៃនេះក្នុងឆ្នាំ១៩៨០ សម្រាប់សង់ផ្ទះ។ ក្រោយពេលរៀបការ ឪពុកអ្នកស្រីដែលជាអ្នកធ្វើការនៅមន្ទីរពេទ្យបង្អែកខេត្តបានចែកដីមួយប្លង់សម្រាប់សង់ផ្ទះ។
អ្នកស្រី សុខា និយាយថា៖«ប៉ាខ្ញុំគាត់ជាអ្នកបើកឡានដឹកសព ធ្វើការនៅមន្ទីរពេទ្យនេះ។ គាត់ចែកដីនេះឱ្យខ្ញុំបន្ទាប់ពីខ្ញុំរៀបការមកនៅឆ្នាំ១៩៨៥ ខ្ញុំរស់នៅរហូតមក»។
អ្នកស្រី សុខា បានបើកទូរសព្ទបង្ហាញឯកសារបញ្ជាក់ដីជាទ្រព្យដែលសង្កាត់បញ្ជាក់ឲ្យគ្រួសារគាត់ដើម្បីយកតម្កល់ដាក់បញ្ចាំនៅធនាគារកាលពីឆ្នាំ២០១៩។ លិខិតដែលចេញដោយចៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បញ្ជាក់ថា អ្នកស្រីសុខា និងប្ដី មានដីមួយកន្លែងទំហំ៤,៧ គុណ១៨ម៉ែត្រ មានព្រំប្រទល់ខាងត្បូងជាប់ផ្លូវ៧មករា(ផ្លូវ២០០) ខាងជើងជាប់របងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ខាងលិច និងខាងកើតជាប់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។
អ្នកស្រី សុខា បានយកដីនេះបញ្ចាំធនាគារបានប្រាក់១ម៉ឺន៥ពាន់ដុល្លារ ដើម្បីជួសជុលផ្ទះ។ រហូតមកដល់ពេលនេះ គ្រួសារអ្នកស្រីមិនទាន់សងធនាគាររួចនៅឡើយទេ។
អ្នកស្រី សុខា និយាយថា៖ «ផ្ទះនេះខ្ញុំខ្ចីលុយធនាគារមកធ្វើទេ គ្រាន់ជ្រក និងលក់ដូរតិចតួចចិញ្ចឹមជីវិត មើលជំងឺប្ដី។ បើខ្ញុំអស់ផ្ទះលុយសងបំណុលធនាគារក៏គ្មានដែរ នៅជំពាក់គេ១ម៉ឺនដុល្លារទៀត»។
អ្នកស្រី សុខា ជាអ្នកលក់គ្រឿងទេសនៅផ្ទះ និងកំពុងរស់នៅ ជាមួយស្វាមីឈ្មោះ ឡុង សារិន ជាអតីតមន្ត្រីពន្ធដារក្រុងព្រះសីហនុ និងកូនបីនាក់ទៀត។ លោក សារិន កំពុងអង្គុយសម្រាកព្យាបាលជំងឺលើសឈាម និងឡើងជាតិស្ករក្នុងឈាម ។
បុរសមានវ័យចំណាស់ សក់ស្កូវប្រូង ទឹកមុខស្លេកស្លាំង ជើងហើមប៉ោងរីកធំ លោក សារិន និយាយមួយៗថា ៖«ខ្ញុំធ្វើការរាជការជាង៣០ឆ្នាំអត់សល់អីទេ ផ្ទះមានតែមួយហ្នឹង។ ខ្ញុំឆ្ងល់ថា អាជ្ញាធរខេត្តគេចង់ពង្រីកផ្លូវឱ្យធំដល់៤០ម៉ែត្រ ពួកគេដាច់ចិត្ត ឃើញឱ្យយើងដេកកណ្ដាលវាលឬចង់ឱ្យយើងឆាប់ស្លាប់?»។
មិនមែនត្រឹមតែគ្រួសារមួយនេះទេ ក្រុមគ្រួសារដ៏ទៃទៀតក៏ប្រឈមនឹងបញ្ហាដូច គ្នានេះដែរ ។

ស្ត្រីម្នាក់ទៀតវ័យ៥៧ឆ្នាំ អ្នកស្រី ទិព្វ ពីណារ៉ា ឲ្យដឹងថា គ្រួសារគាត់បានរស់នៅជាប់របងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាំងពីឆ្នាំ១៩៨៥។ សព្វថ្ងៃគាត់មានកូន៤នាក់ ដែលកូនប្រុសពៅអាយុ២៥ឆ្នាំ ខណៈដែលចៅប្រុសច្បងអាយុ១២ឆ្នាំទៅហើយ។
អ្នកស្រី ទិព្វ ពីណារ៉ា៖«ឆ្នាំ៨៥ ប្ដីខ្ញុំធ្វើទាហានគាត់ទៅច្បាំងនៅកោះកុង ខ្ញុំកើតកូនស្រីនៅលើផ្ទះតែម្នាក់ឯងនៅផ្ទះចាស់ខ្ញុំបាំងសំបកឈើប្រក់ស្លឹកចាក ឯផ្លូវលំដុះស្មៅកន្ទុយឆ្កែប៉ុណ្ណោះ »។
អ្នកស្រី ពីណារ៉ា កំពុងរស់នៅក្នុងផ្ទះនិងដីដែលមានទំហំ៨ម៉ែត្រគុណនឹង១៥ម៉ែត្រ សង់កម្ពស់២ជាន់ ប្រក់ក្បឿង និងចាក់ប្លង់សេ១សន្លឹក។ ផ្ទះថ្មីនេះជាសមិទ្ធផលសង់ឡើងដោយសារប្រាក់ដែលគ្រួសារអ្នកស្រី ខ្ចីពីធនាគារ៣ម៉ឺន៥ពាន់ដុល្លារកាលពីឆ្នាំ២០២០ ។
អ្នកស្រី រំពឹងថា នឹងអាចដាក់ជួលផ្ទះមួយចំហៀងយកលុយសងបំណុល។ បើសិនផ្ទះនោះត្រូវបានរុះរើ ឬវាយចោល អ្នកស្រីនឹងជាប់បំណុលវ័ណ្ឌក។
អ្នកស្រី ពីណារ៉ា ៖«បើអស់ផ្ទះនេះគ្រួសារខ្ញុំអាចនឹងរងទុក្ខវេទនាជាងស្លាប់ទៅទៀតមើលទៅ»។
ចៅសង្កាត់រងទី២នៃសង្កាត់លេខ៤ និងជាអតីតចៅសង្កាត់៣អាណត្តិមកហើយនោះ អ្នកស្រី យួន សារុន មានប្រសាសន៍ថា អ្នករស់នៅដីជាប់របងមន្ទីរពេទ្យនេះយូរមកហើយ ប៉ុន្តែមិនមានប្លង់កម្មសិទ្ធិនោះឡើយ។
អ្នកស្រី យួន សារុន៖«ខ្ញុំធ្វើការនៅសង្កាត់តាំងពីឆ្នាំ១៩៨៩មក។ មនុស្សចូលមករស់នៅបន្តិចម្ដងៗ អ្នកខ្លះមកចាប់ឆ្ការព្រៃខ្លួនឯង អ្នកខ្លះទិញតពីគ្នា តែបញ្ជាក់ត្រឹមមេភូមិប៉ុណ្ណោះអត់មានប្លង់ទេ។ តែយ៉ាងណាខ្ញុំយល់ថា អាជ្ញាធរខេត្តត្រូវដោះស្រាយបញ្ហានេះដោយសន្តិវិធី»។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បញ្ជាក់ថា អាជ្ញាធរខេត្តនឹងអនុវត្តតាមសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន។ លោកថា ការពង្រីកផ្លូវនេះគឺធ្វើឡើងតាមប្លង់មេសុរិយោដីខេត្តព្រះសីហនុ ប៉ុន្តែមិនពាក់ព័ន្ធនឹងគម្រោងផ្លូវ៣៤ខ្សែ ដែលរដ្ឋាភិបាលដែលចាប់ផ្តើមធ្វើកាលពីខែវិច្ឆិកា ឆ្នាំ២០១៩នោះទេ។
លោក ឃាង ភារម្យ៖« ការពង្រីកផ្លូវលេខ២០០(ផ្លូវ៧មករា) គឺអនុវត្តតាមប្លង់ប្រព័ន្ធសុរិយោដី។ដោយឡែកទាក់ទងនឹងសំណង គឺមិនទាន់មានគោលការណ៍»។
នៅក្នុងលិខិតជូនដំណឹង លោក គួច ចំរើន បានលើកយកច្បាប់ស្ដីពីផ្លូវថ្នល់ក្នុងមាត្រា៧១ និងច្បាប់ភូមិបាលមាត្រា៨១ ដើម្បីព្រមានទៅកាន់ប្រជាពលរដ្ឋ។ ច្បាប់ផ្លូវថ្នល់មាត្រា៧១ ដែលចែងពីកម្រិតទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំក្នុងករណីជនណាម្នាក់ សង់សំណង់សំណង់រឹងមាំលើរចនាសម្ព័ន្ធផ្លូវ។ ច្បាប់ភូមិបាលមាត្រ៨១ ចែងពីកម្រិតទោសទណ្ឌរហូតដល់ជាប់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំ ក្នុងករណីជនណាម្នាក់រំលោភកាន់កាប់ ទ្រព្យសម្បត្តិរបស់រដ្ឋ។
លោក គួច ចំរើន អះអាងក្នុងសេចក្ដីប្រកាសព័ត៌មានថា មានពលរដ្ឋមួយចំនួនបានព្រមព្រៀងរុះរើសំណង់របស់ខ្លួនចេញពីទីនោះនោះហើយ។
ទោះជាយ៉ាងណាក្ដី ពលរដ្ឋចំនួន៧គ្រួសារដែលអ្នកសារព័ត៌មានជួបសម្ភាសន៍កាលពីថ្ងៃទី០១កុម្ភៈ សុទ្ធតែបានឆ្លើយថាពួកគាត់មិនព្រមចាកចេញពីលំនៅឋានឡើយ ដោយទទូចសុំឲ្យអាជ្ញាធរពិចារណាឡើងវិញពីគម្រោងពង្រីកផ្លូវនេះ។
មន្ត្រីយោធាជាន់ខ្ពស់ខេត្តព្រះសីហនុដែលលាក់អត្តសញ្ញាណ ដោយបារម្ភបាត់បង់ការងារ និងតួនាទី បាននិយាយថា៖ «ខ្ញុំយើងមានផ្ទះតែ១ហ្នឹងទេ ខ្ញុំអត់រើចេញឡើយ ព្រោះមានទ្រព្យតែប៉ុណ្ណឹង។ខ្ញុំសំណូមពរថ្នាក់លើ នឹងពិចារណាឡើងវិញ មិនត្រូវរើសយកផ្លូវអភិវឌ្ឍន៍កំទេចឈូស បណ្ដេញដូចសម័យប៉ុលពតទេ» ។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា ក្នុងករណីនេះ អាជ្ញាធរខេត្តត្រូវពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយរាប់ទាំងទិដ្ឋភាពច្បាប់ និងដំណើរការអភិវឌ្ឍន៍ភ្ជាប់ដោយការគោរពសិទ្ធិមនុស្ស ។
អ្នកស្រី ជៀប សុធារី ៖«អាជ្ញាធរខេត្តគេថាពលរដ្ឋរស់នៅលើដីរដ្ឋខុសច្បាប់ភូមិបាល ឯពលរដ្ឋមួយចំនួនគាត់រស់នៅតាំងពីមិនទាន់មានច្បាប់ភូមិបាលមកម្ល៉េះ ព្រោះច្បាប់ភូមិបាលទើបមានតាំងពីឆ្នាំ២០០១ប៉ុណ្ណោះ។ដូច្នេះត្រូវពិភាក្សាគ្នាឲ្យបានច្រើនជាងនេះ មិនត្រូវបណ្ដេញចេញដោយបង្ខំឡើយ»។
កាលពីខែកក្កដា ឆ្នាំ២០២០ ក្រុមប្រជាពលរដ្ឋទាំងនោះធ្លាប់បានដាក់លិខិតសុំអន្តរាគមន៍ ពីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសុំបន្តរស់នៅអាស្រ័យផលលើដីធ្លីនោះដដែល។ ជាការឆ្លើតប នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក ហូ សីទ្ធី បញ្ជាក់ក្នុងលិខិតរបស់ខ្លួនដោយប្រគល់សិទ្ធិសម្រេចជូនអភិបាលខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុបង្ហាញថា ផ្លូវលេខ២០០ឬផ្លូវ៧មករាមានបណ្ដោយប្រវែង១២០០ម៉ែត្រ និង ចាក់បេតុទទឹងផ្លូវ៨ម៉ែត្ររួចហើយ។ ផ្លូវនេះគ្រោងនឹងពង្រីកឲ្យបានទទឹងប្រវែង៤០ម៉ែត្រ ។

បើតាមប្រជាពលរដ្ឋឲ្យដឹងថា គម្រោងពង្រីកផ្លូវនេះ ប៉ះពាល់ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាប់របងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានចំនួន១៦៨គ្រួសារ ស្មើនឹង១២៨ខ្នងផ្ទះ ដែលមានសមាជិកសរុបប្រមាណជិត១ពាន់នាក់។ក្នុងនោះក៏មានក្រុមគ្រួសារមន្ត្រីរាជការ កងទ័ពជើងទឹក ជើងគោក ក្រុមគ្រួសារគ្រូបង្រៀន គ្រូពេទ្យ មន្ត្រីសុខាភិបាល និងអាជីវករ។ល។
ដោយឡែកនៅផ្នែកម្ខាងទៀតនៃផ្លូវ មានអគារធំៗកម្ពស់ខ្ពស់ៗលើសពី៥ជាន់យ៉ាងតិចណាស់៥អគារ ដែលកំពុងសាងសង់ ប៉ុន្តែមិនប៉ះពាល់ដោយសារការពង្រីកផ្លូវនេះទេ។
ងាមមកអ្នកស្រី សុខា វិញ។ អ្នកស្រីបានចោទសួរអំពីការពង្រីកផ្លូវតែមួយចំហៀងដែលប៉ះពាល់ពលរដ្ឋរស់នៅទីនោះ ប៉ុន្តែមិនប៉ះពាល់ដល់អគារខ្ពស់ៗដែលទើបសាងសង់។
អ្នកស្រី មឿង សុខា និយាយថា៖ «អាជ្ញាធរខេត្តថាពួកខ្ញុំរស់នៅខុសច្បាប់ត្រូវបណ្ដេញចេញ ព្រោះរស់នៅជាប់របងពេទ្យ។ ចុះអគារចិនខ្ពស់ៗនៅម្ខាងផ្លូវផ្ទះខ្ញុំ នេះម៉េចមិនខុសច្បាប់ផង?ពួកចិនទិញពីអ្នកណាបានស្របច្បាប់ ?បើពង្រីកផ្លូវម៉េចពង្រីកតែខាងផ្ទះពួកខ្ញុំខាងអគារចិនម៉េចមិនពង្រីកទៅផង?»៕
រាយការណ៍បន្ថែមដោយ៖ គឹម ចាន់សុខា និង កេត អុីយាន