សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជិត២៥ឆ្នាំនៃជម្លោះដីធ្លី គ្រួសារនៅក្រុងព្រះសីហនុនៅតែសង្ឃឹមថានឹងទទួលបានដំណោះស្រាយ

អ្នកស្រី ហង្ស ចិន្តា អាយុ ៥៥ឆ្នាំ និងជាតំណាងគ្រួសារមានជម្លោះចំនួន ២៤គ្រួសារ បង្ហាញរូបថតម្តាយរបស់អ្នកស្រី ដែលត្រូវបានវាយខ្នោះជាប់នឹងគ្រែ បន្ទាប់ពីត្រូវបានឃុំខ្លួនកាលពីឆ្នាំ ២០០២ ក្រោយពីមានការចាប់ខ្លួនពាក់ព័ន្ធនឹងជម្លោះដីធ្លី។ រូបថតកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ស៊ន សារ៉ាត
អ្នកស្រី ហង្ស ចិន្តា អាយុ ៥៥ឆ្នាំ និងជាតំណាងគ្រួសារមានជម្លោះចំនួន ២៤គ្រួសារ បង្ហាញរូបថតម្តាយរបស់អ្នកស្រី ដែលត្រូវបានវាយខ្នោះជាប់នឹងគ្រែ បន្ទាប់ពីត្រូវបានឃុំខ្លួនកាលពីឆ្នាំ ២០០២ ក្រោយពីមានការចាប់ខ្លួនពាក់ព័ន្ធនឹងជម្លោះដីធ្លី។ រូបថតកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ស៊ន សារ៉ាត

ខេត្តព្រះសីហនុ៖ ជម្លោះដីធ្លី​ដ៏​រាំរ៉ៃ ​នៅ​ខេត្ត​ព្រះសីហនុ​បាន​អូសបន្លាយ​អស់​ពេល​​២៥​ឆ្នាំ​មក​ហើយ ស្រប​ពេល​ទិដ្ឋភាព ​ទីក្រុង​​ឆ្នេរ​ដ៏ពេញ​និយមមួយ​នេះ​ បាន​ប្រែផ្លាស់​យ៉ាង​ពេញ​ទំហឹង ដោយសារតែ​លំហូរចូល​នៃការ​វិនិ យោគ​របស់​ចិន ដែល​ជំរុញ​ឲ្យ​តម្លៃ​ដីធ្លីហក់ឡើង​ហួសពីការ​ស្មាន។ ប៉ុន្តែ​សម្រាប់​អ្នកភូមិ​​ដែល​ជាប់គាំង​ក្នុង​ជម្លោះ បាន​ជួបប្រទះ​ការ​បណ្តេញ​ចេញ ការ​បាត់បង់​ ទីលំនៅ និង​ឈានដល់ការ​ជាប់​ពន្ធនាគារ ខណៈ​ការ​តស៊ូ​របស់​ពួកគេ​នៅ​តែ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។

អ្នកភូមិ​ចំនួន ២៤​គ្រួសារ​នៅរស់ក្នុងភូមិ១ សង្កាត់លេខ៣ ​ក្រុង​ព្រះសីហនុ ​​មាន​ជម្លោះដីធ្លីទំហំ​៥​ហិចតា ដែល​អះអាងថា​ជា​ដី​របស់​ពួកគេកាន់កាប់​តាំងពីរបបខ្មែរក្រហម​ដួល​រលំ បាន​​ក្លាយ​ជា​​តំបន់​អភិវឌ្ឍន៍​អចលនទ្រព្យ​ឯកជន​មួយ​ ដែល​ហ៊ុំព័ទ្ធ ​ដោយ​ការដ្ឋាន​សំណង់អគារ​ខ្ពស់ៗ ។

ដោយ​មាន​ទីតាំងស្ថិត​នៅ​ជិត​​ឆ្នេរសមុទ្រ និង​ព័ទ្ធជុំវិញ​ដោយ​កាស៊ីណូ​គ្រប់គ្រង​ដោយ​ចិន  ​មានផ្លូវ​ ទើប​សាងសង់​ថ្មី និង​អគារ​ខ្ពស់​មួយ​ចំនួន​ដែល​មិនទាន់​សាងសង់​រួច ដី​ដែល​មាន​ជម្លោះ​នោះ​ត្រូវ ​បាន​ទុក​ចោល និង ហ៊ុំព័ទ្ធ​ដោយ​របងថ្មជាឡូតិ៍ ជាឡូតិ៍​ ចាប់តាំង​ពី​ជម្លោះ​បាន​កើតឡើង​កាល​ពី​ឆ្នាំ ១៩៩៦។ ​

ត្រឡប់​ទៅ​កាលពី២៥ឆ្នាំមុន យោង​​តាម​អ្នកភូមិ គ្រួសារ​របស់​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចូល ​កាន់កាប់​ដីរដ្ឋ​ដោយ​ខុសច្បាប់ និង​ត្រូវ​បាន​បណ្តេញចេញ​ដោយ​មិនមាន​សំណង។

ប៉ុន្តែក្រោយមក​ដីដែលកាល​នោះមាន​ទំហំ​ជាង​១០​ហិចតា ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប្រគល់​ឲ្យ​ក្រុមហ៊ុន ​អភិវឌ្ឍន៍​ Thai Boon Roong Group បន្ទាប់​ពី​បាន​ដេញ​ប្រជាពលរដ្ឋ​ហើយ។ ហើយ​ដីនោះ​ក៏មិនត្រូវ​ បាន​យក​ទៅ​អភិវឌ្ឍអ្វីដែរ។

គ្រា​នោះ​ផងដែរ ក្រុងព្រះ​សីហនុ​នៅ​ជា​ក្រុង​ស្ងប់ស្ងាត់​មួយ​នៅ​ឡើយ។ ប៉ុន្តែ​នាពេលបច្ចុប្បន្ន បន្ទាប់​ ពី​ការ​រីកចម្រើន​ផ្នែក​សំណង់ និង​ការ​ផ្លាស់ប្តូរ​ជាច្រើន​ផ្សេងៗ​នៅ​ក្រុង​នេះ អចលនទ្រព្យ​ក្នុង​ភូមិ​ ១​ សង្កាត់​លេខ ៣​ ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា មាន​តម្លៃ​ប្រមាណ​ ៣.០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ហើយ​​មូលហេតុ​ចម្បង​គឺ​ដោយសារ​លំហូរចូល​នៃ​ការ​វិនិយោគ​របស់​ចិន​ចាប់​តាំង​ពី​ឆ្នាំ ២០១៨។ ​

ទីផ្សារ​អចលនទ្រព្យ​ដែលហក់​ឡើង​ដ៏​ក្តៅគគុក​ក៏​បាន​ជំរុញ​បន្ថែម​ឲ្យ​ជម្លោះ​ដី​ធ្លី​ដែល​កំពុង​មាន​ស្រាប់​កាន់​តែ​ស្មុគស្មាញ​ផង​ដែរ ដែល​ក្នុង​ជម្លោះ​នេះ​គេ​ឃើញ​មាន​ការ​ចាប់​អ្នកភូមិ​ជាង​ ១០​នាក់​ ដាក់ ​ពន្ធនាគារ​ចាប់តាំង​ពី​ឆ្នាំ​ ២០០២​មក។ បន្ថែម​ពី​លើ​នេះ​ទៀត ដីធ្លី​ដែល​កំពុង​មាន​ជម្លោះនោះ ​ត្រូវ​បានរាយការណ៍​ថា បាន​​លក់ បុគ្គល​ម្នាក់​ទៅ បុគ្កលក​ម្នាក់​ទៀត ចាប់​តាំង​ពី​ដីនេះ​ត្រូវ​បានប្រគល់​​​ឲ្យ​ដំបូងទៅ​ឲ្យ​ក្រុមហ៊ុន​ Thai Boon Roong Group។

មក​ដល់​ពេលនេះ គ្រួសារ​ដែល​បាន​រង​ការ​ប៉ះពាល់​ក្នុង​ភូមិ ១ មិន​​ដឹង​ច្បាស់​ថា នរណា​ជា​ គ្រប់គ្រងបន្តលើ​ដីជម្លោះនេះពិតប្រាកដទេ ខណៈ​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​ករណី នេះតាំងពីដើម​មក និយាយ​ថា ជម្លោះដីធ្លី​នេះ​ជា​ជម្លោះដែល​អូសបន្លាយ​ពេល​យូរ​ជាង​គេ​បង្អស់មួយ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ក្រុង​នេះ​​ទៀត​សោត​បាន​ក្លាយ​ជា​ចំណុច​ក្តៅ​នៃ​ការ​កើត​មាន​ជម្លោះ​ដី​ធ្លី​ ជា​ផ្នែកមួយ​​ដោយសារ​តែ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស។

អ្នកស្រី​ ហង្ស ចិន្តា អាយុ ៥៥​ឆ្នាំ និង​ជា​តំណាង​គ្រួសារ​ដែល​រង​ការ​ប៉ះពាល់​នៅ​ភូមិ១ ធ្លាប់​ត្រូវ​បាន​ ចាប់​ដាក់​ពន្ធនាគារ​ចំនួន​ពីរ​លើក​រួច​មក​ហើយ ដោយសារ​តែ​ជម្លោះ​ដីធ្លី។ កាល​ពី​ខែ​កក្កដា អ្នកស្រី​ត្រូវ​ បាន​ដោះលែង​ពី​ពន្ធនាគារ​ បន្ទាប់​ពី​អនុវត្តទោស​រយៈពេល​ពីរ​ឆ្នាំ​ក្រោម​បទ​ញុះញង់​ និង​កំហែងយក ​ក្រោយ​ពី​មាន​បាតុកម្ម​ក្នុង​ភូមិ​កាល​ពី​ឆ្នាំ២០១៩។ ឥឡូវ​នេះ អ្នកស្រី​ចិន្តា​និយាយ​ថា អ្នកស្រី​កំពុង​តែ​បំពេញ​ឯកសារ​បន្ថែម និង​ស្វែងរក​ការ​អន្តរាគមន៍​សារជាថ្មី​ពី​មន្រ្តី​រដ្ឋាភិបាល។ អ្នកស្រី​បាន​លើកឡើង​ថា គ្រួសារ​ពលរដ្ឋ​រង​គ្រោះ​ទាំង ២៤​នឹង​បន្ត​តស៊ូ​រហូត​ដល់​ទី​បញ្ចប់។

អ្នកស្រី​បាន​ថ្លែង​ថា៖ «យើង​បន្ត​ស្វែងរក​ការ​អន្តរាគមន៍​ពី​ក្រសួងពាក់ព័ន្ធ​ និង​សម្តេច​តេជោ ពីព្រោះ​យើង​ជឿ​ថា រហូត​មក​ទល់​ពេល​នេះ ករណី​ជម្លោះ​នេះ​មិន​ទាន់​ទៅ​ដល់​លោក​ទេ»។ 

អ្នកស្រី​បាន​បន្ត​ថា៖ «ខ្ញុំ​ដឹង​ថា ក្តី​​សង្ឃឹមគឺនៅឆ្ងាយ ប៉ុន្តែ​ខ្ញុំ​នឹង​នៅ​តែ​បន្ត​ ពីព្រោះ​ខ្ញុំ​ជឿ​ថា ប្រទេស​មួយ​ដែល​មានច្បាប់ នឹង​រក​យុត្តិធម៌​ឲ្យ​រូប​ខ្ញុំ​នៅ​ថ្ងៃ​ណា​មួយ ខ្ញុំ​នៅ​តែ​តស៊ូ​អញ្ចឹង»។​

អ្នកស្រី​ ហង្ស ចិន្តា បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី និង​ពាក្យ​បណ្តឹង​ជាបន្តបន្ទាប់ ​ប្រឆាំង​នឹង​អ្នកស្រី​ចាប់តាំង​ពី​ឆ្នាំ ១៩៩៦​មក។ រូបថត​កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០២១។ ខេមបូចា/ ស៊ន សារ៉ាត
អ្នកស្រី​ ហង្ស ចិន្តា បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី និង​ពាក្យ​បណ្តឹង​ជាបន្តបន្ទាប់ ​ប្រឆាំង​នឹង​អ្នកស្រី​ចាប់តាំង​ពី​ឆ្នាំ ១៩៩៦​មក។ រូបថត​កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ​២០២១។ ខេមបូចា/ ស៊ន សារ៉ាត

យោង​ទៅ​តាម​អ្នកស្រី​ចិន្តា គ្រួសារ​ជាង ៩០​បាន​រង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​ការ​បណ្តេញ​ចេញ ដោយ​ពួកគេ​ភាគច្រើន​បាន​ទៅ​តាំង​ទី​លំនៅ​ស្រប​តាម​គោលនយោបាយ​របស់​រដ្ឋបាល​ខេត្ត។ ប៉ុន្តែ​មាន​គ្រួសារ​ចំនួន​២៤​ នៅ​សេសសល់​មិនទាន់​ត្រូវ​បាន​ផ្តល់​នូវ​ដំណោះស្រាយ​មួយ​ ដែល​ពួកគេ​ទទួល​យក​បាននៅ​ឡើយ​ទេ​រហូត​មក​ទល់​ពេល​នេះ។

អ្នកស្រី​ចិន្តា​បាន​បញ្ជាក់​ថា គ្រួសារ​ដែល​រងការ​ប៉ះពាល់​ចាប់តាំង​ពី​ឆ្នាំ ១៩៩៦​មក បាន​ស្វែងរក​ដំណោះ ស្រាយ​ពី​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ រួមទាំង​ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ផងដែរ ប៉ុន្តែ​មិនទទួល​បាន​ជោគជ័យ​នោះ​ទេ។ មក​ទល់​ពេល​នេះ​ ករណី​ជម្លោះដីធ្លី​នេះ​បាន ​ឆ្លងកាត់​អភិបាល​ខេត្តចំនួន​ប្រាំពីរ​​នាក់ ហើយ​គ្រួសារ​រងគ្រោះ​បាន​និយាយ​ថា ពួកគេ​គ្រោង​នឹង​ជួប​ជាមួយ​នឹង​អភិបាល​ខេត្តព្រះ​សីហនុ​ នា​ពេល​បច្ចុប្បន្ន លោក គួច ចំរើន នៅ​ពេល​ដែល​ស្ថានភាព​ជំងឺ​កូវីដ១៩ ថមថយ។

ពលរដ្ឋ​ដែល​ជាប់ក្នុង​ជម្លោះ​បាន​និយាយ​ថា ពួកគេ​ធ្លាប់​បាន​ជួប​ជាមួយ​នឹង​លោក​ គួច​ ចំរើន​ ម្តង​រួច ​ហើយ​កាល​ពី​ឆ្នាំ ​២០២០ ប៉ុន្តែ​លោក​ គួច ចំរើន​ បាន​ថ្លែង​ប្រាប់​ខេមបូចា ថាលោក​មិនបាន​ដឹងឮ​ ពី​ជម្លោះ​ដីធ្លី​នោះ​ទេ និង​បាន​និយាយ​ថា អ្នកភូមិ​គួរ​តែ​ជួប​ពិភាក្សា​ជា មួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន។ ចៅសង្កាត់លេខ ៣​ លោក​ កាន់ ឡឹង មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​នោះ ​ទេ។

នៅ​ក្នុង​លិខិត​ឆ្លើយតប​មួយ​កាល​ពី​ឆ្នាំ ២០០២ ទៅ​កាន់​គ្រួសារ​រងគ្រោះ ដែល​ស្វែងរក​ការ​អន្តរាគមន៍​ពី​ អាជ្ញាធរ​មូលដ្ឋាន​កាល​ពី​ឆ្នាំ​នោះ លោក​ កាន់ ឡឹង បាន​និយាយ​ថា អាជ្ញាធរ​ឃុំ​មិន​អាច​ដោះស្រាយ​ ជម្លោះ​ដីធ្លី​នេះ​បាន​នោះ​ទេ។

ខណៈ​ដីជាប់​ជម្លោះ​នេះ​ឥឡូវ​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ក្រុងសីហនុ​ ដែល​មាន​ពោរពេញ​ទៅ​ ដោយ​កាស៊ីណូ​កាន់កាប់​ដោយ​ចិន អ្នកស្រី​ចិន្តា​និយាយ​ថា គ្រួសារ​ជាប់​វិវាទ​អាច​យ៉ាងហោចណាស់​ សុំ​ជា​សំណង​ត្រឡប់​មក​វិញប៉ុណ្ណោះ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «​នៅ​ពេល​ចិន​កាន់​តែ​ច្រើន​មក​ក្រុងព្រះ​សីហនុ តម្លៃ​ចលនទ្រព្យ​បាន​កើនឡើង។ យើង​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ច្រើន​ជាង​មុន ហើយ​នៅ​ពេល​យើង​ធ្វើការ​តវ៉ា យើង​ត្រូវ​បាន​ចាប់ខ្លួន និង​ដាក់ពន្ធនាគារ»។

​អ្នកស្រី​បាន​បន្ត​ថា ពលរដ្ឋ​នៅ​តែ​មាន​សង្ឃឹម​ថា ​នឹង​មាន​ដំណោះស្រាយ​​មួយ ដោយសារ​តែ​ដី​នោះ​ នៅ​មិន​ទាន់​​ត្រូវ​បាន​ប្រើប្រាស់​ ឬ​អភិវឌ្ឍ​ន៍នៅ​ឡើយទេ។ ​

​អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ថា ប្រសិន​បើ​មិនមាន​ការ​ព្រមព្រៀង ឬ​​ការ​ដោះដូរ​ណា​មួយ​ពី​គ្រួសារ​រង ​ផល​ប៉ះពាល់​ ដែល​ជាប់​គាំង​ក្នុង​ជម្លោះ​ដីធ្លី​នេះ​ទេ ភាគី​ដទៃ​ទៀត​ក៏​មិន​អាច​ធ្វើ​អ្វី​បាន ​​នៅ​លើ​ដី​នេះ ​បាន​ដែរ ដោយសារ​ [អាជ្ញាធរ] និង​តុលាការ​មិនទាន់​សម្រេចជាផ្លូវការ​ណាមួយនោះទេ»។

អ្នកស្រី​ចិន្តា និង​ពលរដ្ឋ​រងគ្រោះ​ដទៃ​ទៀត​​បាន​ប្រឈម​មុខ​នឹង​ពាក្យ​បណ្តឹង​ជា​ច្រើន ដោយ​ក្នុង​នោះ ​ពាក្យ​បណ្តឹង​មួយ​នៅ​បន្ត​មាន​នៅ​ឡើយ ជាមួយ​បុគ្គល​ផ្សេងៗ​ ដែល​អះអាង​ថា បាន​ទិញ​ដី​ពី​ក្រុមហ៊ុន Thai Boon Roong។

កាល​ពី​ឆ្នាំ​ ២០០២ សមាជិក​គ្រួសារ​របស់​អ្នកស្រី​ចំនួន​ប្រាំ​នាក់​ ដែល​ក្នុង​នោះ​រួម​មាន​ឪពុកម្តាយ ​របស់​អ្នកស្រី​ផង​ដែរ ត្រូវ​បាន​ចាប់ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​អស់រយៈពេល​ជិត​មួយ​ខែ ដោយសារ​ពួកគេ ទាមទារ​លើ​កម្មសិទ្ធដីធ្លីនោះ។ កាល​ពី​ឆ្នាំ ២០១៩ អ្នកស្រី​ចិន្តា ជាមួយ​នឹង​សាច់ញ្ញាតិ​ពីរ​នាក់ និង​អ្នក ភូមិ​ពីរ​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់ខ្លួន​សារជាថ្មី​ បន្ទាប់​ពី​បាន​តវ៉ាទាមទារ​​កម្មសិទិ្ធ​​​ដី​ដែលមាន​ ជម្លោះ។ ក្រុម​របស់​អ្នកស្រី​នេះ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ ក្រោម​បទចោទ ប្រកាន់​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​និង​កំហែងយក  និង​ត្រូវ​បាន​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ ​ចំនួន ៤០០០​ដុល្លារ​អាមេរិកក្នុងម្នាក់។

ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រធាន​ក្រុមហ៊ុន​ Thai Boon Roong Group លោក ខូវ សម្បត្តិ។

​អ្នកស្រី​ចិន្តា​ត្រូវ​បាន​ដោះលែង​កាល​ពី​ខែ​កក្កដា​ឆ្នាំ​នេះ ហើយ​បន្ទាប់​ពី​មាន​ការ​ជំនុំជម្រះក្តី​ អ្នកស្រី​និង​បុគ្គល​បួន​នាក់​ផ្សេង​ទៀត​ តម្រូវ​ឲ្យ​បង់ប្រាក់​ពិន័យម្នាក់​១០០០ដុល្លារវិញ។

ជំនួយការ​របស់​លោក​ ខូវ សម្បត្តិ​ បាន​បដិសេធ ​សំណើ​របស់​អ្នកសារព័ត៌មាន​ក្នុង​ ការ​ជួប​និយាយ​ជាមួយ​នឹងលោក​ខូវ សម្បត្តិ។ ប៉ុន្តែ​ជំនួយការ​រូប​នេះ​ ដែលសុំ​មិនបញ្ចេញ​ឈ្មោះ បាន​និយាយ​ថា ដីដែល​មាន​ជម្លោះ​នោះ​ត្រូវ​បាន​លក់​ឲ្យ​បុគ្គល​ផ្សេង​ទៀត​កាល​ពី​​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះអស់ហើយ ។ ​

អ្នក​ស្រី​បាន​និយាយ​ថា៖ «ពួកគេ​ [ក្រុមហ៊ុន] បាន​ដោះស្រាយ​និង​បញ្ចប់​ជម្លោះ​រួច​ហើយ។ តាម​តែ​ខ្ញុំ​ដឹង​ ក្រុមហ៊ុន​មិនពាក់ព័ន្ធ​ជាមួយ​នឹង​ដី​នោះ​ត​ទៅ​ទៀត​នោះ​ទេ ហើយ​ក្រុមហ៊ុន​បាន​ផ្ទេរ ​ទៅ​ឲ្យ​ម្ចាស់​ផ្សេង​ ទៀត​រួច​រាល់​ហើយ» ដោយ​បន្ថែម​ថា អ្នកដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ ដោយសារ​ពាក្យ​បណ្តឹង​ របស់​ក្រុមហ៊ុន​គឺ​ ដោយសារ​តែពួកគេ​ប្រព្រឹត្តិបទល្មើស ហើយ​​​ក្រុមហ៊ុន​មាន​ហេតុផល​ត្រឹមត្រូវ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​ពួកគាត់​កាន់កាប់​ដី​ដោយ​ស្រប​ច្បាប់​មែន​នោះ ក្រុមហ៊ុន​នឹង​សង ​សំណង​ទៅ​ពួកគាត់។ ហើយ​ពួកគាត់​នឹង​មិនត្រូវ​ចាប់​ពន្ធនាគារ​នោះ​ទេ។ ពួកគាត់​ជាប់​ពន្ធនាគារ ដោយសារ​តែ​ពួកគាត់​ប្រព្រឹត្ត​បទល្មើស»។ ​

​ប៉ុន្តែ​ការ​ប្តេជ្ញា​ទាមទារ​របស់​អ្នកភូមិ​នឹង​មិន​អាច​ត្រូវ​ច្រានចោល​ដោយ​ងាយស្រួល​នោះ​ទេ។

ផ្នែក​នៃ​ដី​មាន​ជម្លោះ​ ​ត្រូវ​បាន​ឃើញដោយ​ហ៊ុំព័ទ្ធ​ទៅ​ដោយ​អគារ​ខ្ពស់​និង​កាស៊ីណូ។ កន្លែង​នេះ​​ត្រូវ​បាន​ទុក​ចោល​ដោយ​មិនមាន​ការ​អភិវឌ្ឍ​អស់​រយៈពេល​ប្រមាណ​ ២៥​ឆ្នាំ ដោយសារ​តែ​ជម្លោះ​បន្តបន្តាប់។ រូប​ថត​កាល​ពី​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​២០២១។ ខេមបូចា/ ស៊ន សារ៉ាត
ផ្នែក​នៃ​ដី​មាន​ជម្លោះ​ ​ត្រូវ​បាន​ឃើញដោយ​ហ៊ុំព័ទ្ធ​ទៅ​ដោយ​អគារ​ខ្ពស់​និង​កាស៊ីណូ។ កន្លែង​នេះ​​ត្រូវ​បាន​ទុក​ចោល​ដោយ​មិនមាន​ការ​អភិវឌ្ឍ​អស់​រយៈពេល​ប្រមាណ​ ២៥​ឆ្នាំ ដោយសារ​តែ​ជម្លោះ​បន្តបន្តាប់។ រូប​ថត​កាល​ពី​ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​២០២១។ ខេមបូចា/ ស៊ន សារ៉ាត

អតីត​ទាហាន ​លោក​ ហេង យ៉ង់ អាយុ​ ៥២​ឆ្នាំ គឺ​ជាបុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន ​បណ្តេញ​ចេញ​ដោយសារ​ជម្លោះ​កាល​ពី​ ២៥​ឆ្នាំ​មុន។ ចាប់តាំង​ពី​ពេល​នោះ​មក លោក​បាន​រស់នៅ​ ជាមួយ​គ្រួសារដោយ​សង់ផ្ទះឈើ​តូចមួយ​ចូល​ទៅក្នុង​​មាត់ឆ្នេរ ដែល​សព្វថ្ងៃ​មាន​សភាព​ទ្រុឌទ្រោម​ ដោយសារ​ត្រូវ​អណ្តែត​លើ​សមុទ្រ។

លោក​យ៉ង់​បាន​និយាយ​ថា ដី​នោះ​ត្រូវ​បាន​ឪពុកម្តាយ​លោក​បន្សល់​ទុក​ឲ្យ ដែល​មាន​ទំហំ​ប្រមាណ ៣.៥០០ មែត្រ​ការ៉េ​អស់រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ មុន​ពេល​គ្រួសារ​របស់​លោក​ត្រូវ​ បាន​បង្ខំ​ឲ្យ​ចាកចេញ​កាល​ពី​ឆ្នាំ ១៩៩៦។

លោក​បាន​ថ្លែងថា៖ «ពេល​នេះ ខ្ញុំ​រស់​ដោយ​ភាព​ឈឺចាប់។ ខ្ញុំ​ធ្លាប់​តស៊ូ​ការពារ​ប្រទេស ​នៅ​ពេលខ្ញុំ​ជា ​ទាហាន ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​មិនអាច​សូម្បី​តែ​ការពារ​និង​ មើល​ថែ​ដី​របស់​ខ្លួន​ឯង។ តើ​ខ្ញុំ​រស់​ដើម្បី​អី្វ? ខ្ញុំ​ឈឺចាប់ ហើយ​ខ្ញុំ​មិនចង់​និយាយ​ពី​រឿង​នេះ​ទេ»។

លោក​​ជា​បុគ្គល​មួយ​រូប​នៅ​ក្នុង​ក្រុម​ដែល​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ​ចំនួន​ពីរ​ឆ្នាំ​កាល​ពី​ឆ្នាំ ២០១៩ ពី​បទ​ញុះញង់ ក្រោយ​ពី​ចូលរួម​ក្នុង​ការ​តវ៉ា​ជាមួយ​គ្រួសារ​ដទៃ​ទៀត។ ប៉ុន្តែ​បទពិសោធន៍​ដ៏​ជូរចត់​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ការ​ប្តេជ្ញារបស់​លោក​រុញរា​នោះ​ទេ។  

លោក​បាន​ថ្លែង​ថា៖ «វា​ជា​ដី​គ្រួសារ​ខ្ញុំ ហើយ​ខ្ញុំ​នឹង​បន្ត​ទៀត​ រហូត​ដល់​ថ្ងៃ​ខ្ញុំស្លាប់»។

​អ្នកស្រី ​ណេត សារិន​ អាយុ ៧០​ឆ្នាំ បាន​និយាយ​ថា គ្រួសារ​របស់​អ្នកស្រី​មាន​វត្តមាន​លើ​ដី​មាន​ជម្លោះ​នេះ​ ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​បាន​បញ្ចប់​មក​ម្ល៉េះ។ អ្នកស្រី​បាន​ផ្លាស់​ទៅ​រស់​នៅ​ខេត្ត​ព្រះវិហារ​ បន្ទាប់​ពី​គ្រួសារ​របស់​អ្នកស្រី​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​កាល​ពី​ឆ្នាំ ១៩៩៦ ប៉ុន្តែ​អ្នកស្រី​បាន​ប្រាប់ ខេមបូចា ថាអ្នកស្រី​នៅ​តែ​ត្រឡប់​ទៅ​ដី​ដែល​មាន​ជម្លោះ​នោះ​ ដើម្បី​ចូលរួម​ទាមទារ​ជាមួយ​គ្រួសារ​ដទៃ​ទៀត។

អ្នកស្រី​សារិន ដែល​បាន​អះអាង​ថា កាល​ពី​ដើម​ឡើយ អ្នកស្រី​កាន់កាប់​ដី​ចំនួន​២.២៤០ ម៉ែត្រ​ការ៉េបាន​និយាយ​ថា គ្រួសារ​អ្នកស្រី​បាន​ឆ្ការ​ដី​ដើម្បី​ធ្វើ​កសិកម្ម​ចាប់តាំង​ពី​ឆ្នាំ ១៩៨០​មក។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ដី​ត្រឡប់​មក​វិញ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​មិន​ប្រគល់​ដី​ឲ្យ​វិញ សុំ​ឲ្យ​សំណង​ជា​ប្រាក់នេះ​ក៏​អាច​ទទួល​យក​បាន​ដែរ។ ខ្ញុំ​គិត​ថា ដី​ខ្ញុំ​ត្រូវ​បាន​យក​ដោយ​ជនមាន​អំណាច ប៉ុន្តែ​នៅ​តែ​មាន​ក្តីសង្ឃឹម​​ ពីព្រោះ​ដី​នេះ​ជា​របស់​យើង​តាំង​ពី​យូរយារ​មក​ហើយ»។

​អ្នកស្រី​បាន​ថ្លែង​ថា កាល​ពី​ឆ្នាំ ១៩៩៦ អាជ្ញាធរ​បាន​ចោទប្រកាន់​គ្រួសារ​ពលរដ្ឋ​ពី​បទកាន់ កាប់​ដី​រដ្ឋ​ខុសច្បាប់ ហើយ​តម្រូវ​ឲ្យ​ពួកគេ​ចាកចេញ​ ដោយ​មិនមាន​សំណង។ ការ​បង្ខំ​ឲ្យ​ចាកចេញ​បាន​ធ្វើ​ឲ្យ​មាន​ការ​តស៊ូទាមទារ​ដី​មក​វិញ​ចាប់តាំង​ពី​ពេល​នោះ​មក។ ​

អ្នកស្រី​សារិន​បាន​ថ្លែង​ថា៖ «យើង​សូម​អំពាវនាវ​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ជួយស្វែងរក​ ដំណោះ ស្រាយ ។ ប្រសិន​បើ [យើង​] មិនអាច​យក​ដី​មកវិញ​បាន​ទេ យើង​​គ្រាន់​តែ​ចង់បាន​សំណង​ដោះដូរ​ ត្រឹមត្រូវ​តែ​ប៉ុណ្ណោះ។ បើ​មិនមាន​សំណង គឺ​មិនអាច​ទទួល​យក​បាន​នោះ​ទេ»។

​លោក​ អំ សំអាត នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​នៃ​អង្គការ​លីកាដូ បាន​និយាយ​ថា ជម្លោះ​ដីធ្លី​ នៅ​ភូមិ​១ គឺ​ជា​ជម្លោះ​រំលោភបំពាន​ដីធ្លី​យូរ​អង្វែង​ជាង​គេ​បង្អស់​មួយ​នៅ​ក្រុង​សីហនុ។

លោក​បាន​ថ្លែង​ថា៖ «យើង​ទទួលស្គាល់​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ដោយសារ​តែវា​បាន​​អូសបន្លាយ​ពេល​រាប់ឆ្នាំ​មក​ហើយ ប៉ុន្តែ​ដំណោះស្រាយ​មួយ​គឺ ​គួរ​ធ្វើ​ឡើង​ដើម្បី​បញ្ចប់​ជម្លោះ​នេះ»។

​លោក សំអាត ​បាន​បន្ត​ថា កង្វះយន្តការ​រដ្ឋ​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ផ្សេងៗ​មាន​ន័យ​ថា ករណី​នេះ​មិនមែន​ជា​ករណី​ដោយ​ឡែក​នោះ​ទេ។ លោក​បាន​លើកឡើង​ថា ករណី​ជម្លោះ​រំលោភបំពាន​ ដីធ្លី​ស្រដៀង​គ្នា​​នេះ​បាន​កើត​ឡើង​ទូទាំង​ប្រទេស និង​នៅ​ក្រុងព្រះ​សីហនុ ដែល​បាន​ក្លាយ​ជា​ចំណុច ​ក្តៅសម្រាប់​ជម្លោះ​ដីធ្លី។

​​លោក​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​បញ្ហា​ទាំង​នេះ​មិនត្រូវ​បាន​ដោះស្រាយ​ឲ្យ​បាន​សមស្រប យើង​មាន​ការ​ព្រួយ​បារម្ភ​ថាអំពើហិង្សា​ និង​ការ​ចាប់ខ្លួន​នឹង​មាន​បន្ត ហើយ​នឹង​ក្លាយ ជា​វិបត្តិ​សង្គម​មួយ»។ លោកបន្ត​ថា ​ ការកើន​ឡើង​តម្លៃ​អចលនទ្រព្យ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​គឺ​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ជម្លោះ​ផ្សេងៗ។

លោក​​ថាផ្អែក​តាម​ច្បាប់ រាល់​ការ​ទិញលក់​អចលនទ្រព្យ​ទាំងអស់​តម្រូវ​ ឲ្យ​អ្នកទិញ​និង​អ្នកលក់ ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ដី​​ជា​អចលនទ្រព្យ​នោះ​មិនស្ថិត​ក្រោម​ជម្លោះ​ណា​មួយ​នោះ​ទេ។ លោក​បាន​បន្ត​ថា ក្រសួង​ដែនដីពី​មុន​មក​ធ្លាប់​បាន​ធ្វើ​មោឃភាព​លើ​ប្លង់​ដី​មិន​ប្រក្រតី​មួយ​ចំនួន​ផង​ដែរ។ ​

នៅ​ភូមិ១ និង​កន្លែង​ដទៃ​ទៀត​នៅ​កម្ពុជា ជម្លោះ​ដី​ធ្លី​បាន​បន្ត​ សូម្បី​តែ​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ ១៩ ដែល​អាជ្ញាធរ​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ប្រើប្រាស់​វិធានការ​សុខាភិបាល​ដើម្បី​បំបិទ​សេរីភាព ​នៅ​ក្នុង​ការ​បញ្ចេញ​មតិ។

អង្គការ​លីកាដូ​បាន​លើកឡើង​ថា​ ជម្លោះរំលោភ​បំពាន​ដីធ្លី​ជា​បន្តបន្ទាប់​បាន​ប៉ះពាល់​គ្រួសារ​ពលរដ្ឋ​ ជាង ៥.០០០​ កាល​ពី​ពីរ​ឆ្នាំ​មុន ដោយ​មិនបាន​បង្ហាញ​សញ្ញា​ថមថយ​នោះ​ទេ បើទោះបី​ជា​មាន​ការ​រិត ត្បិត​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ១៩ ក៏​ដោយ។

អង្គការ​លីកាដូ​បាន​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា៖ «ការ​ចាប់ខ្លួន​និង​ការ​ចាប់​ ដាក់ពន្ធនាគារ​សមាជិកនិង​សកម្មជន​​សហគមន៍​បាន​កើនឡើង​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មក​នេះ ហើយ​មក​ទល់​ខែ​តុលា ឆ្នាំ​២០២១ មាន​សមាជិក​និងសកម្មជន​សហគមន៍​យ៉ាងហោចណាស់ ២១​នាក់ ត្រូវ​បាន​ចាប់ខ្លួន ហើយ​ក្នុង​នោះ​១០​នាក់​ត្រូវ​បាន​ដាក់​ក្នុង​ពន្ធនាគារ»។

​​បើ​ទោះបី​ជា​អង្គការ​លីកាដូ​មិនបាន​បង្ហាញ​របាយការណ៍​ពេញលេញ​ជុំវិញ​ការ​រំលោភ​ដីធ្លី​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ១៩ ក៏​ដោយ អង្គការ​គាំពារ​សិទ្ធិ​មួយ​នេះ​បាន​បញ្ចេញ​វីដេអូ​ខ្លី​ មួយ​លើ​ប្រធានបទ​នេះ​ នៅ​ថ្ងៃ​ទី១៧ ខែ​តុលា ដើម្បី​អបអរសាទរ​ទិវាទីលំនៅឋាន​ពិភពលោក។

​នៅ​ក្នុង​វីដេអូ​នេះ​ មន្រ្តី​អង្គការ​លីកាដូ​បាន​សួរ​ទៅ​កាន់​សមាជិក​ សហគមន៍​មួយ​ចំនួន​ដែល​រង​ការ​ប៉ះ ពាល់​ដោយសារ​ការ​រំលោភ​ដីធ្លី។ ពលរដ្ឋ​ទាំង​នោះ​និយាយ​ថា ស្រប​ពេល​ដែល​ពួកគេ​រង​ ផលប៉ះពាល់ ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ ពួកគេ​នៅ​តែ​តស៊ូ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ទាមទារ​កម្មសិទ្ធិ​ ដីធ្លី​ផង​ដែរ។ ហើយស្មារតី​ដូចគ្នា​នេះ​គឺ​បាន​បញ្ជាក់​ច្បាស់នៅ​ភូមិ១ ក្នុង​ក្រុង​ព្រះសីហនុ។

លោក សៀង សារឿន អាយុ ៥៥​ឆ្នាំ ​ធ្លាប់​បាន​ជាប់​ក្នុង​ជម្លោះ​ដីធ្លី​ចាប់តាំង​ពី​ឆ្នាំ ១៩៩៦ មក​ផង​ដែរ។ នៅ​ក្នុង​រូបថត​នេះ លោក​បាន​បង្ហាញ​លិខិត​ស្នើ​ប្រើប្រាស់​ដី​ ដែល​បាន​ធ្វើ​អំឡុងពេល​រដ្ឋាភិបាល​ សាធារណរដ្ឋកម្ពុជា ឬសម័យរដ្ឋកម្ពុជា ។  រូបថត​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០២១។ ខេមបូចា/ ស៊ន សារ៉ាត
លោក សៀង សារឿន អាយុ ៥៥​ឆ្នាំ ​ធ្លាប់​បាន​ជាប់​ក្នុង​ជម្លោះ​ដីធ្លី​ចាប់តាំង​ពី​ឆ្នាំ ១៩៩៦ មក​ផង​ដែរ។ នៅ​ក្នុង​រូបថត​នេះ លោក​បាន​បង្ហាញ​លិខិត​ស្នើ​ប្រើប្រាស់​ដី​ ដែល​បាន​ធ្វើ​អំឡុងពេល​រដ្ឋាភិបាល​ សាធារណរដ្ឋកម្ពុជា ឬសម័យរដ្ឋកម្ពុជា ។ រូបថត​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ​២០២១។ ខេមបូចា/ ស៊ន សារ៉ាត

​លោក សៀង សារឿន វ័យ ៥៣​ឆ្នាំ ដែល​ជា​សមាជិក​គ្រួសារ​មួយ​ទៀត​​​រង​ផល​​ប៉ះពាល់​ដោយសារ​ ជម្លោះ​ដីធ្លី បាន​និយាយ​ថា ការ​តស៊ូ​ទាមទារ​នេះ​មិនមែន​ត្រឹម​តែ​ជា​រឿង​លុយកាក់​ប៉ុណ្ណោះ​ទេ។ នៅ​ស្រប​ពេល​ដូចគ្នា​នេះ លោក​ក៏​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ពី​ការ​ដែល​ទីផ្សារ​អចលនទ្រព្យ​ដ៏​ក្តៅគគុក​បាន​ផ្លាស់ប្តូរ​ស្ថានការណ៍នេះ។

លោក​បាន​ថ្លែង​ថា៖ «យើង​បាន​ធ្វើការ​តវ៉ា​ចាប់តាំង​ពី​ឆ្នាំ១៩៩៦មក​ មុនពេល​មាន​វត្តមាន​ចិន​ នៅ​ទី​នេះ។ យើង​បាន​ធ្វើការ​ទាមទារ​ចាប់តាំងពី​ពេល​ដែល​ដី​នៅ​មិនទាន់​មាន​តម្លៃ​ខ្ពស់។ ខ្ញុំ​មិនដែល​គិត​ថាខ្ញុំ​នឹង​មក​តវ៉ា​ ពីព្រោះ​ដី​ឡើង​ថ្លៃ ដោយសារ​ចិន​មក​នោះ​ទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ After nearly 25 years of land conflict, Sihanoukville families remain hopeful for solution

67,292 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម