ពីដំបូងឡើយ បញ្ហាតូចទេដែលបានកើតឡើងចំពោះលោក នួន នឿត អាយុ៦០ឆ្នាំ មកពីខេត្តបាត់ដំបង។ លោកបានវិនិយោគ ៥ ០០០ដុល្លារទៅលើក្រុមហ៊ុនវិនិយោគដីធ្លី ប្រ៊ីលាន ស៊ីធី។ ប៉ុន្តែលោកបាននិយាយថា ក្មួយប្រុសរបស់លោកដែលជាបុគ្គលិករបស់ក្រុមហ៊ុននេះ បានទទូចឱ្យរូបលោកវិនិយោគច្រើនថែមទៀត។ ដោយក្រុមហ៊ុនសន្យាបង់ការប្រាក់ឱ្យលោក នឿត ជារៀងរាល់ខែសម្រាប់ប្រាក់ដែលលោកបានវិនិយោគ លោកបានចាប់ផ្ដើមប្រមែប្រមូលលុយពីកូនៗ និងបានខ្ចីប្រាក់ពីធនាគារ រហូតដល់ចុងក្រោយទៅ លោកបានវិនិយោគទឹកប្រាក់សរុបដល់ទៅ ៥៥ ០០០ដុល្លារ។
លោកបាននិយាយថា៖ «ខ្ញុំបើអត់មានអ្នកទុកចិត្តដែលមកទទួលលុយពីខ្ញុំហ្នឹង ក៏ខ្ញុំមិនដាក់[វិនិយោគ]ដែរ ព្រោះអាក្រុមហ៊ុនហ្នឹងដើរកៀរគរប្រមូល ដើរបញ្ចុះបញ្ចូល»។
ម្ចាស់ក្រុមហ៊ុន គឺឧកញ៉ា ឡេង ចាន់ណា ត្រូវបានចាប់ខ្លួនកាលពីខែមុនពីបទឆបោក។ យ៉ាងហោចណាស់ មនុស្ស ៤នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនដែរ ពាក់ព័ន្ធនឹងករណីចោទប្រកាន់ឆបោកនេះ ជាមួយនឹងមនុស្សជាង ២០នាក់ត្រូវបានតុលាការកោះហៅដើម្បីសាកសួរ។ យោងតាមអ្នកស្រី សុធីតា រ៉េត ដែលជាតំណាងជនរងគ្រោះនៃគម្រោងឆបោកប្រ៊ីលាន ស៊ីធី វើល ឧកញ៉ា ចាន់ណា បានឆបោកប្រជាពលរដ្ឋជាង ២ ៨០០នាក់ អស់ទឹកប្រាក់ជាង២០០លានដុល្លារ។
លោក នឿត មានសង្ឃឹមទទួលបានលុយមកវិញតិចតួចណាស់។ លោកបាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំចង់បានតែលុយដើមខ្ញុំមកវិញប៉ុណ្ណោះ ខ្ញុំមិនចង់បានការប្រាក់ទៀតទេ ខ្ញុំសុំតែលុយដើមវិញប៉ុណ្ណោះ»។
សំណុំរឿងអាស្រូវឆបោកដែលពាក់ព័ន្ធនឹងបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់កម្ពុជាបានផ្ទុះឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិកាលពីឆ្នាំមុន ដោយមានគ្រួសារប្រជាពលរដ្ឋរាប់រយរាប់ពាន់គ្រួសារបានដាក់ពាក្យប្ដឹងនៅក្នុងករណីចោទប្រកាន់ឆបោកដីធ្លីមួយប្រឆាំងនឹងឧកញ៉ា ហ៊ី គីមហុង។ ហើយខណៈដែលការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជារឿយៗតម្រង់គោលដៅទៅរកតែប្រជាពលរដ្ឋមកពីប្រទេសអ្នកមាន ប្រជាពលរដ្ឋកម្ពុជាក៏កំពុងខាតបង់ហិរញ្ញវត្ថុពីការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតដែរ ដែលនាំឱ្យធ្លាក់ក្នុងបំណុលវ័ណ្ឌក និងផលប៉ះពាល់អវិជ្ជមានទៅលើសេដ្ឋកិច្ចជាតិ ។
ប៉ុន្តែ អ្នកជំនាញខ្លះមើលឃើញថា ការចោទប្រកាន់និងការបង្រ្កាបរបស់នគរបាលនាពេលថ្មីៗនេះ ទៅលើទីតាំងប្រតិបត្តិការឆបោកនានាគ្រាន់តែជាវិធានការដែលមិនទាន់ស៊ីជម្រៅនៅឡើយ និងថា អំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល និងកង្វះគណនេយ្យភាពបានអនុញ្ញាតឱ្យការឆបោកក្រោមរូបភាពគម្រោងវិនិយោគ និងការឆបោកតាមអ៊ីនធឺណែតនៅតែបន្តកើតឡើងឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា។
ការខាតបង់ទៅលើគម្រោងវិនិយោគឆបោក
សំណុំរឿងអាស្រូវរបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី គឺគ្រាន់តែជាករណីមួយក្នុងចំណោមករណីចោទប្រកាន់ឆបោកវិនិយោគជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ។ វិនិយោគិននៅក្នុងករណីឆបោកមួយដែលគ្រប់គ្រងដោយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល (CIC) បានចោទប្រកាន់ក្រុមហ៊ុនថាបានឆបោកអតិថិជនអស់ប្រាក់រាប់លានដុល្លារ។ CIC បានប្រមូលថវិកាវិនិយោគបានប្រហែល១០០លានដុល្លារពីថ្លៃសមាជិកភាព ប៉ុន្តែខកខានមិនបានបង់ការប្រាក់ និងលែងអនុញ្ញាតឱ្យមានការដកប្រាក់ដើមវិញ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣មកម្ល៉េះ។
កាលពីខែមុន អ្នកជំនួញដ៏លេចធ្លោមួយរូប លោក គួច ម៉េងលី បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា លោកបានខាតបង់ប្រាក់ជិត ៣សែនដុល្លារទៅក្នុងការវិនិយោគ។ អតិថិជនបានទាមទារឱ្យអាជ្ញាធរបើកការស៊ើបអង្កេតទៅលើបញ្ហានេះ និងចាត់វិធានការសមស្របប្រឆាំងនឹងអ្នកគ្រប់គ្រងក្រុមហ៊ុន។ ក្រសួងមហាផ្ទៃបានលើកទឹកចិត្តដល់អ្នកទាំងឡាយដែលជឿជាក់ថាខ្លួនជាជនរងគ្រោះដោយសារក្រុមហ៊ុន CIC ឱ្យដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរពាក់ព័ន្ធ។
គម្រោងឆបោកអចលនទ្រព្យក៏បានបណ្ដាលឱ្យវិនិយោគិនកម្ពុជាខាតបង់ប្រាក់យ៉ាងច្រើនផងដែរ កាលពីឆ្នាំទៅមិញ។ ឧកញ៉ា ជា សារ៉ន ត្រូវបានចោទប្រកាន់ថាបានឆបោកប្រជាពលរដ្ឋជាង ២ ០០០គ្រួសារនៅខេត្តកំពត ដោយឆបោកប្រាក់ពីជនរងគ្រោះបានប្រមាណ ៤០លានដុល្លារ។ ឧកញ៉ាសេដ្ឋីអចលនទ្រព្យរូបនេះត្រូវបានចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស។
នៅក្នុងករណីឆបោកស្រដៀងគ្នាមួយទៀត គម្រោងវិនិយោគពិភពដីមាសរបស់លោក គីមហុង ត្រូវបានចោទប្រកាន់ថា បានឆបោកប្រាក់អស់រាប់សិបលានដុល្លារពីប្រជាពលរដ្ឋប្រមាណ ២ ០០០គ្រួសារដែរ។ ឧកញ៉ារូបនេះត្រូវបានចាប់ខ្លួនកាលពីខែសីហា ពីបទចោទប្រកាន់ឆបោក រួមជាមួយនឹងអង្គរក្ស១៣នាក់ផ្សេងទៀត ពីបទចោទប្រកាន់ប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងការអនុវត្តច្បាប់ និងរារាំងការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ។ ឧកញ៉ា គឹមហុង ក្រោយមក ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅខែវិច្ឆិកា។
អតិថិជនត្រូវបានសន្យាផ្ដល់នូវការប្រាក់ខ្ពស់លើដីឡូត៍ដែលខ្លួនបានទិញ និងការធានាថា ក្រុមហ៊ុននឹងទិញយកដីនោះវិញក្នុងតម្លៃស្មើដើមនៅពេលផុតរយៈពេល២៤ខែ។ អ្នកវិនិយោគជាច្រើនមកពីគ្រួសារចំណូលមធ្យម និងចំណូលទាបបាននាំគ្នាខ្ចីប្រាក់ពីធនាគារដើម្បីវិនិយោគជាមួយក្រុមហ៊ុននេះ ហើយបច្ចុប្បន្ន ត្រូវបានបង្ខំចិត្តឱ្យអនុវត្តវិធានការទាំងអស់សង្ឃឹម ដើម្បីសងបំណុល។
លោក ម៉ា សារី បាននិយាយថា លោកបានខាតបង់ប្រាក់សរុបអស់ ៤៥ ០០០ដុល្លារទៅលើដី២ឡូត៍ ដែលលោកបានទិញតាមរយៈគម្រោងវិនិយោគពិភពដីមាស។ លោកបានខ្ចីបំណុលពីធនាគារដើម្បីដាក់ទុនវិនិយោគ ប៉ុន្តែនៅពេលដែលក្រុមហ៊ុនលែងបង់ការប្រាក់ឱ្យ លោកក៏លែងអាចមានលទ្ធភាពបង់សងទៅធនាគារវិញដែរ។
លោកបាននិយាយថា៖ «ពិបាកខ្លាំងបំផុត គឺបញ្ហាធនាគារ។ ឥឡូវហ្នឹងសឹងតែថារកលុយបង់ធនាគារវាអត់បានផង។ អ្នកដែលជំពាក់ធនាគារគឺយ៉ាប់ទាំងអស់គ្នា»។
លោក អៀវ លី មកពីខេត្តកំពត បាននិយាយថា លោកបានខ្ចីប្រាក់ពីធនាគារដើម្បីទិញដីមួយឡូត៍តម្លៃ ២០ ០០០ដុល្លារ ដោយគម្រោងវិនិយោគពិភពដីមាសបានសន្យាផ្ដល់ការប្រាក់ត្រឡប់វិញក្នុងអត្រា៣%។ លោក លី បាននិយាយថា លោកបានទទួលលុយការប្រាក់បាន ១៥ខែដំបូង ប៉ុន្តែ បន្ទាប់ពីនោះមក ក៏លែងបានទទួលការប្រាក់ទៀត ហើយប្រាក់ដើមក៏ក្រុមហ៊ុនមិនទាន់សងឱ្យវិញដែរ។ លោកបាននិយាយថា ដោយលោករស់នៅស្រុកស្រែចម្ការ វាពិបាកណាស់ក្នុងការរកប្រាក់ឱ្យបាន ៤៣០ដុល្លារក្នុងមួយខែ ហើយលោកគ្មានលទ្ធភាពបង់សងបំណុលធនាគារឡើយ។
លោក លី ឆ្ងល់ថាតើហេតុអ្វីបានជាក្រុមហ៊ុននេះដំណើរការអាជីវកម្មរបស់ខ្លួនដោយទំនងជាមានការអនុញ្ញាតពីរដ្ឋាភិបាល។ ព័ត៌មានលម្អិតពីការចុះបញ្ជីអាជីវកម្មសម្រាប់គម្រោងវិនិយោគពិភពដីមាស អាចរកឃើញនៅលើគេហទំព័រវិបសាយរបស់ក្រសួងពាណិជ្ជកម្ម។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំកំពុងតែឆ្ងល់ដែរហេតុអីបានជាមានក្រុមហ៊ុនអ៊ីចឹង ហើយបានមានចេញអាជ្ញាបណ្ណមកពីរដ្ឋអ៊ីចឹងហា៎ កំពុងឆ្ងល់រឿងហ្នឹង ដោយសារយើងធ្វើយើងអាងថា ក្រុមហ៊ុនគេមានអាជ្ញាបណ្ណចេញពីរដ្ឋ គេមានច្បាប់បានយើងហ៊ានធ្វើដល់ពេលឥឡូវត្រូវអាក្រុមហ៊ុនយើងវាមានច្បាប់ត្រឹមត្រូវវាទៅជាអ៊ីចឹង?»។
លោក ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានលើកឡើងថា ខាងនិយ័តករធ្វើការសិក្សាលម្អិតទៅលើក្រុមហ៊ុននានា នៅមុនពេលផ្ដល់អាជ្ញាបណ្ណឱ្យ និងតាមដានប្រតិបត្តិការរបស់រាល់ក្រុមហ៊ុនដែលបានទទួលអាជ្ញាបណ្ណ។
នៅពេលដែលអ្នកសារព័ត៌មាន ខេមបូចា គូសបញ្ជាក់ពីករណីអាស្រូវឆបោកថ្មីៗមួយចំនួនដែលពាក់ព័ន្ធនឹងក្រុមហ៊ុនដែលមានអាជ្ញាបណ្ណ លោក ជូ វណ្ណៈ បានលើកឡើងថា៖ «បញ្ហាកើតឡើងតែចំពោះ[ក្រុមហ៊ុន]ដែលគ្មានអាជ្ញាប័ណ្ណប៉ុណ្ណោះ ដែលជាបញ្ហាធ្ងន់ធ្ងរ។ [ក្រុមហ៊ុន]ដែលមានអាជ្ញាប័ណ្ណត្រូវបានតាមដានដោយនិយ័តករ»។ និយាយត្រឹមប៉ុណ្ណេះ លោកក៏បាននិយាយថា លោកជាប់រវល់ និងបានបិទបញ្ចប់ការសន្ទនាតាមទូរសព្ទ ។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត មិនបានឆ្លើយសំណួរដែលអ្នកសារព័ត៌មាន ខេមបូចា បានផ្ញើជូន និងបានបង្វែរសំណួរទៅកាន់និយ័តករមូលបត្រកម្ពុជា។ នៅពេលអ្នកសារព័ត៌មានរបស់ ខេមបូចា បានហៅទូរសព្ទទៅ និយ័តករមិនបានឆ្លើយតបទេ ហើយក៏មិនបានតបចំពោះសារតាម WhatsApp ដែរ។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ បានថ្លែងថា ករណីឆបោកទាំងនេះបង្ហាញពីកម្សោយនៃការគ្រប់គ្រងពីសំណាក់អាជ្ញាធរ ដែលចេញអាជ្ញាបណ្ណទៅឱ្យក្រុមហ៊ុន ប៉ុន្តែពេលខ្លះខកខានមិនបានតាមដានប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងនោះ ឱ្យបានត្រឹមត្រូវ។
លោកបានបញ្ជាក់ថា៖ «ទោះបីជាការផ្តល់អាជ្ញាបណ្ណពីក្រសួងក៏ដោយព្រោះការវិនិយោគពីក្រសួង និងស្ថាប័នពាក់ព័ន្ធវាត្រូវតែមានការតាមដាន ពិនិត្យមើលការអនុវត្តរបស់ក្រុមហ៊ុននីមួយៗ បើមិនមានការតាមដាន និងអនុវត្ត ធ្វើឱ្យក្រុមហ៊ុនហ្នឹងយកគ្រាន់តែអាជ្ញាប័ណ្ណរបស់ខ្លួនហ្នឹងទៅបោកប្រាស់ទៅឆបោកពលរដ្ឋ»។
លោកបានបន្ថែមថា ក្រុមហ៊ុនខ្លះបង្កើតទំនុកចិត្តពីសាធារណជន នៅពេលដែលពួកគេអញ្ជើញមន្ត្រីជាន់ខ្ពស់ឱ្យមកទស្សនកិច្ចក្រុមហ៊ុន ឬធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍សម្ពោធនានា ដែលបង្ហាញពីការគាំទ្រដោយប្រយោលរបស់រដ្ឋាភិបាលដើម្បីទាក់ទាញវិនិយោគិនច្រើនថែមទៀត ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា គម្រោងវិនិយោគបោកប្រាស់ទាំងនេះប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា មិនត្រឹមតែជាការបោកប្រាស់លើប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែ វាបំបាក់ទឹកចិត្តចំពោះការវិនិយោគក្រៅប្រទេសផងដែរ ។
លោកបានបន្តថា៖ «ផលប៉ះពាល់មួយទៀតគឺទៅលើភ្ញៀវទេសចរបរទេសដែលចង់មកលេងប្រទេសរបស់យើង។ ពួកគេឮតែរឿងអសន្តិសុខ»។
លោក វណ្ណៈ បានឱ្យដឹងថា អាជ្ញាធរត្រូវតែពិនិត្យឡើងវិញបន្ថែមទៀតទៅលើសកម្មភាពនានានិងកំណត់ត្រាហិរញ្ញវត្ថុរបស់ក្រុមហ៊ុននានាដែលបានទទួលអាជ្ញាបណ្ណរួច ដើម្បីទប់ស្កាត់អំពើឆបោក។
លោកបានបន្ថែមថា៖ «ចំណុចមួយទៀត គឺអំពើពុករលួយក្នុងចំណោមសមត្ថកិច្ច ឬប្រព័ន្ធតុលាការជាដើមអាហ្នឹងត្រូវគិតឱ្យមែនទែន ពីព្រោះវាប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គមយើង និងប៉ះពាល់ដល់វិនិយោគទុនបរទេស»។
ប្រជាពលរដ្ឋក្នុងស្រុកចាញ់បោកការបោកប្រាស់តាមអ៊ីនធឺណិត
ក្រៅពីគម្រោងវិនិយោគបោកប្រាស់ ប្រជាពលរដ្ឋកម្ពុជាក៏កំពុងខាតបង់លុយកាក់ទៅលើអំពើឆបោកតាមអ៊ីនធឺណែតផងដែរ ។ ជនរងគ្រោះអាចត្រូវបានគេអន្ទងលួងលោមឱ្យផ្ញើប្រាក់ទៅឱ្យអ្នកឆបោកជាថ្នូរនឹងរង្វាន់ដែលគេសន្យាផ្ដល់ឱ្យ ដើម្បីជាការបង់ថ្លៃមុនសម្រាប់ផលិតផលគុណភាពខ្ពស់ដែលលក់ក្នុងតម្លៃទាបខុសពីប្រក្រតី ឬដើម្បីទទួលយកកម្ចីបានប្រាក់ភ្លាមៗ ។ ករណីឆបោកផ្សេងទៀត រួមមាន ការឆបោកបែបទំនាក់ទំនងស្នេហា និងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណែតដែលទាមទារឱ្យដាក់ប្រាក់តម្កល់ជាមុន។
លោក ងួន ញឿន ដែលជាកម្មករសំណង់អាយុ៤៦ឆ្នាំ មកពីខេត្តកំពង់ឆ្នាំង បានចាញ់បោកអំពើឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយតូចៗជាច្រើនលើកច្រើនសា។ លោកបានខាតបង់ប្រាក់អស់៥០ដុល្លារ ដែលលោកបានបង់ឱ្យគេជាមុនដើម្បីទិញកង់អគ្គិសនីពីអ្នកលក់អនឡាញមួយរូប ដែលបន្ទាប់ពីលោកបានវេរលុយឱ្យរួច អ្នកលក់នោះក៏ទាក់ទងលែងបាន ។
លោកបាននិយាយថា៖ «លើកទីពីរទៀតអស់ ៨០ដុល្លារទៀត កាលនោះនៅកំពង់សោម គេថាកង់ផ្ញើរមកហើយៗ ចុងក្រោយអត់បានដដែល»។
ពលរដ្ឋខ្មែរមួយរូបដែលរងគ្រោះដោយសារការខ្ចីប្រាក់តាមអនឡាញ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ ខេមបូចា ថា អ្នកឱ្យខ្ចីបានទាក់ទងមកអ្នកនាងតាមទូរសព្ទ ហើយក្រោយមកទៀត ទាក់ទងតាមតេឡេក្រាម។ អ្នកនាងបានខ្ចីប្រាក់៣០០ដុល្លារពីក្រុមហ៊ុននោះ ប៉ុន្តែក្រោយពេលកាត់ថ្លៃសេវាផ្សេងៗរួច អ្នកនាងទទួលបានលុយតែ ១២០ដុល្លារប៉ុណ្ណោះ។ ក្រុមហ៊ុនក៏បានកំណត់យកថ្លៃខ្ពស់ផងដែរទៅលើថ្លៃសងប្រាក់កម្ចីវិញ។ ប្រសិនបើអ្នកនាងមិនបានបង់សងប្រចាំថ្ងៃ១០ដុល្លារទេ គេនឹងពិន័យ៥០ដុល្លារ ហើយក្រុមហ៊ុនក៏បានគំរាមបង្ហោះរូបថត និងអត្តសញ្ញាណបណ្ណរបស់អ្នកណាដែលសងប្រាក់យឺតយ៉ាងតាមបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។
អ្នកនាងបានរៀបរាប់យ៉ាងដូច្នេះថា៖ «យើងផ្ញើរបានដូចជា១៥ថ្ងៃ ខ្ញុំសុំសម្រាកមួយថ្ងៃព្រោះខ្ញុំទៅអត់រួចទេ វាថា[ក្រុមកម្ចីអនឡាញ]អត់មើលកិច្ចសន្យាក្នុងហ្នឹងទេ ធ្វើកិច្ចសន្យាជាមួយគ្នារួចហើយ ខានមួយថ្ងៃគុណនឹង៥០ដុល្លារ ហើយវាយករូបយើងទៅផុស[ហ្វេសប៊ុក]ហ្មង»។
ដំបូងឡើយ រដ្ឋាភិបាលកម្ពុជាបានបដិសេធចំពោះព័ត៌មានពីកំណើននៃប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណែតនៅក្នុងប្រទេស ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០២២មក ខ្លួនបានអះអាងម្ដងហើយម្ដងទៀតពីប្រតិបត្តិការបង្ក្រាបលើទីតាំងអគារជួញដូរមនុស្សនិងប្រព្រឹត្តអំពើឆបោក ។ ក្រសួងការបរទេសអាមេរិកបានផ្ដល់ចំណាត់ថ្នាក់ទាបបំផុតឱ្យប្រទេសកម្ពុជា នៅក្នុងរបាយការណ៍ស្ដីពីការជួញដូរមនុស្សប្រចាំឆ្នាំ២០២២ និងឆ្នាំ២០២៣របស់ខ្លួន ដោយសារការខកខានមិនបានបំពេញទៅតាម«ស្តង់ដារអប្បបរមា»សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានប្រាប់ ខេមបូចា កាលពីខែមីនា ថា រដ្ឋាភិបាលបាននិងកំពុងធ្វើការងារដើម្បីបង្ក្រាបទៅលើប្រតិបត្តិការឆបោក និងស៊ើបអង្កេតរបាយការណ៍ពីប្រជាពលរដ្ឋខ្មែរពីករណីសង្ស័យឆបោកដែលរកឃើញតាមបណ្ដាញព័ត៌មានសង្គម ។
លោកបានថ្លែងថា៖ «ថ្មីៗនេះនៅខេត្តព្រះសីហនុគឺបានបើកប្រតិបត្តការបង្ក្រាប [ក្រុមឆបោកតាមអនឡាញ] បានបីទីតាំង ហើយក្នុងហ្នឹងគឺយើងបានជួយរំដោះមនុស្សប្រមាណជាង១០០០នាក់ ហើយក្នុងហ្នឹងគឺកំពុងតែពិនិត្យមើលតាមជំនាញនីតិវិធីដើម្បីកំណត់ថាតើក្នុងហ្នឹងជនល្មើសប៉ុន្មាន និងជនរងគ្រោះប៉ុន្មាន»។
ប៉ុន្តែ លោក Jacob Daniel Sims ដែលជាអ្នកជំនាញផ្នែកឧក្រិដ្ឋកម្មឆ្លងដែនប្រចាំនៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក បាននិយាយថា ការបង្ក្រាបថ្មីៗទាំងនេះមិនបានតម្រង់គោលដៅទៅលើទីតាំងអគារធំៗដែលគេបានស្គាល់ ដូចជា Victory Paradise, O’ Smach, Jin Bei និង Heng He ឡើយ ។
លោក Sims បន្តថា៖ «ប្រសិនបើអ្នកមើលត្រលប់ថយក្រោយទៅលើក្រុមប្រយោជន៍ឧក្រិដ្ឋកម្មធំៗរបស់ក្រុមអភិជនអ្នកមានអំណាចនៅកម្ពុជា«ការបង្ក្រាប»គ្រាន់តែបំពេញមុខងារពង្រឹងនិងផ្ដាច់មុខមួយ — ក្នុងនោះ ទីតាំងដែលមិនសូវមានខ្នងបង្អែក និងមិនសូវមានឥទ្ធិពលគឺជាទីតាំងដែលងាយរងគ្រោះបំផុតពីការបង្ក្រាបដែលធ្វើឡើងគ្រាន់តែជានិមិត្តរូបដើម្បីបន្ធូរបន្ថយសម្ពាធអន្តរជាតិ»។ លោកបន្ថែមថា៖ «អ្វីដែលយើងកំពុងឃើញនៅក្នុង[ខេត្តកំពង់សោម] នៅពេលនេះ គឺច្បាស់ណាស់ស្ថិតនៅក្នុងគំរូនៃការឆ្លើបតបប្រភេទនេះ»។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ ខេមបូចា អគ្គស្នងការរងនៃនគរបាលជាតិ លោក ជា ពៅ បានលើកឡើងជាថ្មីម្ដងទៀតនូវការដាស់តឿនរបស់រដ្ឋាភិបាលដែលបានធ្វើឡើងនាពេលកន្លងមក ទៅកាន់សាធារណជន ដោយនិយាយថា ប្រជាជនគួរតែកុំចំណាយពេលច្រើនពេកនៅលើបណ្ដាញសង្គម ជៀសវាងកម្មវិធីបណ្ដាញសង្គម«ដែលមិនសូវច្បាស់ [មិនសូវស្គាល់]» និង«កំចង់បានរបស់គេ [លោភលន់ចង់ប្រានទ្រព្យពីអ្នកដទៃ] តែចង់បានរបស់គេ គេបោកហើយ ឧទាហរណ៍គេហៅចាក់ឆ្នោត គេថាត្រូវរង្វាន់ ត្រូវអីហ្នឹង បើយើងអត់លេងផងរឿងអីយើងត្រូវយករង្វាន់?»។
លោក សុខៈ បានបន្ទរបន្ថែមការអត្ថាធិប្បាយរបស់លោក ជា ពៅ ដោយលើកទឹកចិត្តដល់សាធារណជនឱ្យរៀនសូត្រពីរបៀបប្រើប្រាស់បណ្ដាញព័ត៌មានសង្គមឱ្យមានប្រសិទ្ធភាព។ លោកបានថ្លែងថា រដ្ឋាភិបាលបានផ្សព្វផ្សាយសារនេះយ៉ាងសកម្ម ដើម្បីទប់ស្កាត់កុំឱ្យប្រជាជនធ្លាក់ខ្លួនក្លាយជាជនរងគ្រោះនៃល្បិចកលឆបោកតាមរយៈបណ្ដាញសង្គម ។
អ្នកស្រី Mina Chiang នាយិកានៃអង្គការ Humanity Research Consultancy មានប្រសាសន៍ថា កិច្ចប្រឹងប្រែងដើម្បីអប់រំសាធារណជនអាចនឹងមានប្រយោជន៍ ប៉ុន្តែ វាមិនគ្រប់គ្រាន់ទេក្នុងការដោះស្រាយបញ្ហានៃការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។
អ្នកស្រីបាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា ការអប់រំសាធារណជនគឺជារឿងល្អ ប៉ុន្តែ វាមិនទាន់គ្រប់គ្រាន់ទេ។ ខ្ញុំគិតថា ការបញ្ឈប់ឧក្រិដ្ឋជនគឺសំខាន់ជាងអ្វីៗទាំងអស់»។ «ប្រសិនបើយើងអនុញ្ញាតឱ្យឧក្រិដ្ឋជនធ្វើប្រតិបត្តិការ ពួកគេតែងតែអាចរកឃើញប្រជាជនដែលងាយរងគ្រោះដើម្បីកេងប្រយោជន៍ពីពួកគេដដែល»។
លោក សុខៈ បានអះអាងថា ឧក្រិដ្ឋជនឆបោកផ្ដោតគោលដៅមកលើប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា កម្ពុជាដែលមានសេដ្ឋកិច្ច និងបច្ចេកវិទ្យាមិនសូវទំនើប និងជាទីកន្លែងដែល«ប្រជាជនពុំទាន់មានការយល់ដឹងច្រើននៅឡើយ» ហើយវាងាយស្រួលដល់ពួកគេដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋទាំងនេះ។ កាលពីឆ្នាំ២០២២ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងថា ប្រជាជនកម្ពុជា«ពុំទាន់យល់ដឹង»ពីប្រព័ន្ធលេងល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិកដែលប្រើប្រាស់ដោយប្រតិបត្តិការឆបោកនានា នៅឡើយទេ។
លោក Sims បានលើកឡើងថា៖ «ពុំមានភ័ស្តុតាង – ឬទំនាក់ទំនងបែបឡូហ្ស៊ិក – ដែលបញ្ជាក់ថា ការមិនអាចស្រាវជ្រាវរកដានឃើញនៃឧស្សាហកម្មឧក្រិដ្ឋកម្មនេះនៅក្នុងប្រទេសកម្ពុជា គឺជាលទ្ធផលនៃចរិត«បច្ចេកវិទ្យាទំនើប»នៃឧស្សាហកម្មនេះ នោះឡើយ»។ លោកបានបន្ថែមថា ភាពប្រឈម គឺផ្នែកនយោបាយ មិនមែនបច្ចេកវិទ្យាទេ ។
លោកបានថ្លែងថា៖ «គេដឹងជាសាធារណៈយ៉ាងច្បាស់ទៅហើយថា អ្នកណាជាម្ចាស់នៃទីតាំងអគារទាំងនេះភាគច្រើន និងអ្វីដែលកើតមានឡើងនៅខាងក្នុង»។
ទោះបីមានការចុះផ្សាយជាហូរហែមិនដាច់ដោយសារព័ត៌មានក្នុងស្រុក និងអន្តរជាតិអំពីប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ ថា ប្រជាជន១សែននាក់ត្រូវបានបង្ខំឱ្យធ្វើការងារឆបោកតាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជាក្ដី លោក សុខៈ អះអាងថា «កម្ពុជាយើងមិនមែនជាប្រទេសមួយដែលផ្ដល់ទីកន្លែងឱ្យដល់ជនល្មើស សម្រាប់យកមកបើកប្រតិបត្តិការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណែតហ្នឹងទេ»។
លោក សុខៈ បានថ្លែងថា កម្ពុជាកំពុងរងគ្រោះដោយសារជនបរទេស ដែលប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលការអះអាងនេះក៏ស្របគ្នានឹងការអះអាងរបស់លោក ពៅ ផងដែរ ដែលលោកបានសង្កត់ធ្ងន់ថា ឧក្រិដ្ឋជនភាគច្រើនបំផុត គឺជាជនបរទេស ។
លោក ពៅ បានអះអាងយ៉ាងដូច្នេះថា៖ «កម្ពុជា [ប្រជាជនខ្មែរ] មិនដែលហ៊ានធ្វើ[អំពើឆបោកតាមអ៊ីនធឺណិត]នោះទេ ព្រោះកម្ពុជាមិនទាន់ចេះធ្វើអាហ្នឹងណា? ភាគច្រើនជាជនជាតិបរទេស»។
ប៉ុន្តែ លោក Sims បាននិយាយថា ការផ្ដោតសំខាន់របស់រដ្ឋាភិបាលទៅលើប្រតិបត្តិការឆបោកដែលប្រព្រឹត្តដោយតួអង្គជនបរទេស«ធ្វើឱ្យស្រអាប់ដល់រូបភាពពេញលេញ»។
លោកបាននិយាយថា៖ «មេក្លោងឧក្រិដ្ឋជន»នៅពីក្រោយប្រតិបត្តិការទាំងនេះ ភាគច្រើន គឺជាបរទេសមកពីប្រទេសចិនដីគោក ហើយក្នុងនោះ ភាគច្រើនបានទិញសញ្ជាតិកម្ពុជា និងមានឥទ្ធិពលច្រើនគួរសមទៅលើមន្ត្រីរដ្ឋាភិបាលកម្ពុជា ។
លោកបាននិយាយថា៖ «ពួកគេជាជនបរទេស ប៉ុន្តែ ពួកគេប្រតិបត្តិការដោយមានការសហការជាមួយអ្នកឃប់ឃិតដែលមានឥទ្ធិពលនៅក្នុងជួររដ្ឋាភិបាលកម្ពុជា។ ដូច្នេះហើយ ការពណ៌នាពី«ជនបរទេស»នៅក្នុងន័យនេះ គឺជាការបំភ័ន្តមួយ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Investment Fraud And Online Scams Lead To Financial Losses For Cambodian Victims