សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមការងារដោះស្រាយអគារជាប់​គាំងខេត្តព្រះសីហនុ ទទួលពាក្យ​បណ្តឹង និងដោះស្រាយវិវាទបាន​៤៤គម្រោង

អគារដែលសាងសង់មិនទាន់រួចនៅក្នុងក្រុងព្រះសីហនុ។ រូបថតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ដែន សីមា)
អគារដែលសាងសង់មិនទាន់រួចនៅក្នុងក្រុងព្រះសីហនុ។ រូបថតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ដែន សីមា)

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំក្រុមការងារពិសេស​ដោះស្រាយអគារជាប់គាំង ឬក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ​២០២៤ បានបញ្ជាក់ថា គិតចាប់ពីខែកុម្ភៈដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ​២០២៤​ ក្រុមការងារទទួលបានពាក្យបណ្តឹង និងការដោះស្រាយវិវាទគម្រោង ជូន​វិស័យឯកជនបានចំនួន៤៤គម្រោង ក្នុងចំណោមគម្រោង និងសំណង់អគារ​ សរុប​ចំនួន​៩៥៤គម្រោង។ ​​

​​លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាសមាជិកម្នាក់នៃក្រុមការងារ​ពិសេស ​ជំរុញ​​ការវិនិយោគ ក្នុងខេត្តព្រះសីហនុ​ មានប្រសាសន៍នៅដើមខែឧសភានេះថា ​ក្រុមការងារ​នេះ កំពុងយកចិត្តទុកដាក់​ជួយ​សម្រួល​ដល់វិស័យឯកជន ទាំងក្នុង និងក្រៅស្រុក ដែល​គម្រោង​​​​​វិនិយោគអគាររបស់ពួកគេបានជាប់គាំង និងមានវិវាទផ្សេងៗ ដើម្បី​បន្តការងារ​សាង​សង់បញ្ចប់គម្រោង ឈានទៅបើកធ្វើអាជីវកម្មឱ្យបានឆាប់បំផុត​។

មន្ត្រីរូបនេះ នៅតែទទូចប្រជាពលរដ្ឋ ក៏ដូចជា អ្នកវិនិយោគទុន ជាតិ-អន្តរជាតិ ដែល​ពាក់​ព័ន្ធ​នឹងគម្រោងខាងលើ​ ត្រូវប្រញាប់ដាក់ពាក្យស្នើសុំមកក្រុមការងារ​ ដើម្បី​ទទួល​បាន​កញ្ចប់​អនុគ្រោះ​​ពិសេសឆ្នាំ​២០២៤ របស់រាជរដ្ឋាភិបាល ឈានដល់បន្តអាជីវកម្មរៀងៗខ្លួ​នឱ្យ​បាន​ឆាប់​។ ត្បិតក្រុមការងារពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កំពុងផ្តោត​ការ​យកចិត្ត​ទុកដាក់ ទៅលើការងារសម្របសម្រួលទាក់ទិនអគារជាប់គាំងនេះ ដោយយកចិត្ត​ទុក​ដាក់​។

លោក ឡុង ឌីម៉ង បញ្ជាក់ថា ចាប់ពីខែកុម្ភៈមកដល់ថ្ងៃទី១ ខែមេសា ឆ្នាំ​២០២៤ សំណើ​ដែល​ក្រុមការងារកម្មវិធីពិសេស ជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ទទួលបាន​សរុប​មាន​៤៤គម្រោង។ ក្នុងនោះរួមមាន៖ គម្រោងដែលទទួលបាន​«លិខិតឆ្លើយ​តបជា​ផ្លូវការ» មាន​ចំនួន​១៣គម្រោង។ គម្រោងដែលបានឆ្លងកាត់ការប្រជុំពិភាក្សា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ​២០២៤ និងទទួលបាន «ការឯកភាពជាគោលការណ៍» មានចំនួន១៤គម្រោង។ គម្រោង​ដែល​បានដាក់ពាក្យស្នើសុំតែមិនទទួលបានការឯកភាពចំនួន១គម្រោង  និងគម្រោងដែលនឹង​ត្រូវ​ចុះ​ពិនិត្យមានចំនួន១៦គម្រោង ដែលក្នុងនោះ៣គម្រោងបានពិនិត្យម្តងហើយ ប៉ុន្តែក្រុម​ការ​ងារ​នឹងត្រូវចុះពិនិត្យ និងវាយតម្លៃម្តងទៀតនៅពេលក្រោយ។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៤ នាទីស្តីការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំ​កិច្ច​ប្រជុំក្រុមការងារពិសេស​ ដើម្បីពិនិត្យលើការស្នើ របស់វិនិយោគិន និង​ធុរជន ក្នុងខេត្ត​ព្រះសីហនុ ដោយ​សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួល​នីតិវិធី និង ការដោះស្រាយវិវាទ ដោយជោគជ័យបានចំនួន ១៤​គម្រោងទៀត។ ហើយបើ​គិតចាប់ពីខែកុម្ភៈ មកដល់បច្ចុប្បន្ននេះ គឺក្រុមការងារនេះ បាន​ដោះស្រាយវិវាទជូន​អ្នក​វិនិយោគិន ឬវិស័យឯកជន ដោយជោគជ័យសរុបបានចំនួន ២៧គម្រោង។

លោក ហ៊ាន សាហ៊ីប ដែលជា​​រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ផងនោះ បាន​បញ្ជាក់​ថា គម្រោងទាំង១៤ ដែលទើបសម្របសម្រួលដោះស្រាយបញ្ចប់​នេះ រួមមាន៖ គម្រោង​ពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន១០គម្រោង និងគម្រោង​ពុំពាក់ព័ន្ធនឹងអគារជាប់គាំង​ចំនួន៤ ដែលដំណើរការបានភ្លាមក្នុងឆ្នាំ​២០២៤ ជាអាទិ៍៖ គម្រោងសណ្ឋាគារផ្កាយ៥ និងកាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និងស្នាក់នៅរួម គម្រោងរោងចក្រលាយបេតុង រោងចក្រផលិតក្រដាស​កេស​កាតុង និង គម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យកម្ម ដែលមានទំហំទុនវិនិយោគសរុបប៉ាន់ប្រមាណ ២១៣លាន​ដុល្លារអាមេរិក​។ ហើយគម្រោងទាំងនេះ ជាគម្រោងចម្រុះដែលមានម្ចាស់ជា​ជនជាតិ​ខ្មែរ និងបរទេស ដោយមានទំហំតូច មធ្យម និងធំ​។

ចំពោះសមាសភាពនៃអ្នកចូលរួមកិច្ចប្រជុំ កាលពីថ្ងៃទី២៩ ខែមេសា គឺមានឋានៈចាប់ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និង មន្ត្រីជំនាញ ដែលជា​សមាជិក​ក្រុមការងារ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងយុត្តិធម៌, ក្រសួង​បរិស្ថាន, ក្រសួងទេសចរណ៍, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, រដ្ឋបាលខេត្តព្រះសីហនុ, អគ្គនាយកដ្ឋានពន្ធដារ, និង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមន្ត្រី និង បុគ្គលិកជំនាញពាក់ព័ន្ធ​។

លោក ហ៊ាន សាហ៊ីប បន្តថា កិច្ចប្រជុំនេះ គឺធ្វើឡើង​​តាមកម្មវិធីពិសេស ជំរុញការ​វិនិយោគ​ក្នុងខេត្តព្រះសីហនុ ឆ្នាំ​២០២៤ ដែល​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស​ដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៤​។ ​លោកបន្តថា តាមរយៈកិច្ច​ប្រជុំ​ជាបន្តបន្ទាប់មកនេះ គឺគិតចាប់ពីខែ​កុម្ភៈ មកដល់​បច្ចុប្បន្ន, ក្រុមការងារបាន​សម្រេច​ជា​គោលការណ៍ ក្នុងការផ្តល់អត្ថប្រយោជន៍​​ពិសេស ដល់​គម្រោងវិនិយោគ និងធុរកិច្ចបានចំនួន ២៧គម្រោង។ ហើយក្នុងពេលដ៏ខ្លីខាងមុខនេះ, ក្រុមការងារនឹងធ្វើការពិនិត្យ​លើការស្នើការ​លើកទឹកចិត្ត​ពិសេស របស់គម្រោងវិនិយោគ និង​ធុរកិច្ចមានចំនួនជាងដប់គម្រោងទៀត​។

មន្ត្រីដដែលបន្តថា​ ក្រុមការងារនេះ ក៏បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបញ្ចប់វិវាទ របស់​គូភាគីចំនួន១​ករណី ក្នុងខេត្តព្រះសីហនុ ​ដើម្បីជំរុញការដោះស្រាយគម្រោង​សាងសង់​អគារជាប់គាំង ឱ្យបានរលូន​ និងឈានទៅបើកធ្វើអាជីវកម្មឆាប់ៗនេះផងដែរ។

ជាងនេះទៀត ក្រុមការងារ ក៏កំពុងអនុវត្តវិធានការនានា ដើម្បីជំរុញសកម្មភាព​វិនិយោគ​ក្នុង​ខេត្ត ដូចជា៖ ការសិក្សា​កំណត់តំបន់អភិវឌ្ឍន៍, ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីទិដ្ឋាការ​ពិសេស​រយៈ​ពេល​​​វែង សម្រាប់ការវិនិយោគ ក្នុងខេត្តព្រះសីហនុ និងការសិក្សារៀបចំ ព្រម​ទាំង​ពង្រឹង​តំបន់​ឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់​។

លោក ហ៊ាន សាហ៊ីប ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ ក្រុមការងារ ក៏បានសម្រប​សម្រួល​ដោះស្រាយវិវាទ តាមរយៈកិច្ចព្រមព្រៀងបញ្ចប់វិវាទរបស់គូភាគី ដែលមានការ​ពាក់​ព័ន្ធនឹង​អគារ​ជាប់គាំង ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគ ១០០​លានដុល្លារអាមេរិក​ផង​ដែរ។

លោកបន្តថា ការផ្តល់ការលើកទឹកចិត្តពិសេស មានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោង​ដែល​ស្នើសុំ និងអនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ​២០២៤ មានគម្រោងធំៗចំនួន ៣​ប្រភេទ មាន​ដូចជា៖

១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាច​ដាក់​​ដំណើរការបានក្នុងឆ្នាំ​២០២៤ និង ៣) ការពង្រីកគម្រោង និងសកម្មភាពធុរកិច្ច​។ លើស​ពីនេះ ក៏មានការលើកទឹកចិត្ត និងការអនុគ្រោះនានា ក៏ផ្តល់ជូនសហគ្រាសមីក្រូ តូច និង មធ្យម​​។ ​ដោយឡែក ចំពោះសហគ្រាស ឬគម្រោងដែលមានស្រាប់ ក៏ទទួលបានការអនុគ្រោះ និងសម្រួលនីតិវិធីលើលិខិតអនុញ្ញាត អាជ្ញាបណ្ណ និង ការតភ្ជាប់ទៅហេដ្ឋា​រចនាសម្ព័ន្ធ​របស់​រដ្ឋ ជាអាទិ៍: ទឹក ភ្លើង ផ្លូវ ជាដើម តាមលក្ខណៈភូមិសាស្ត្រ និងលទ្ធភាពរបស់រដ្ឋ និង​​វិស័យ​ឯកជន​។

​បន្ថែមលើនេះ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ និង​ជា​ប្រធាន​​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏បានអំពាវនាវ និងលើកទឹក​ចិត្ត​ឱ្យធុរជន ឬវិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» សូមអញ្ជើញ​ដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដែលមាន​អាស័យដ្ឋាន​​៖ ផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬនៅ​អគារ​មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី​ភ្នំពេញ និងតាមរយៈលេខទូរសព្ទ ឬតេឡេក្រាម: ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០។

អគារដែលសាងសង់មិនទាន់រួចនៅក្នុងក្រុងព្រះសីហនុ។ រូបថតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ដែន សីមា)

ទាក់ទិនការបង្កើតឲ្យមាន ក្រុមការងារពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខាងលើនេះ គឺទទួលបានការគាំទ្រ​ពី អ្នកវិនិយោគទុន​ទាំងតូចទាំងធំ ដែល​គម្រោងវិនិយោគ​អគារសំណង់ របស់ពួកគេ កំពុងជាប់គាំង និងមាន​បញ្ហា​​ផ្លូវច្បាប់​ជាមួយដៃគូវិនិយោគ ពិបាក​ក្នុងការរកដំណោះស្រាយ ដើម្បីបើកផ្លូវឈាន​ទៅ​បញ្ចប់​គម្រោងសាងសង់សំណង់អគារ របស់ខ្លួនឡើងវិញ។

​លោក​ គាំ សារី ជាពលរដ្ឋម្នាក់ក្នុងចំណោម អាជីវក​រច្រើនទៀត រស់នៅក្រុងព្រះសីហនុ ដែល​មានអគារជាប់គាំង និងមានវិវាទជាមួយដៃគូវិនិយោគរបស់ខ្លួន ​បានឱ្យដឹងថា រូប​លោក​នឹង​ត្រៀម​រៀបចំឯកសារពាក់ព័ន្ធ ដាក់ជូនក្រុមការងារដោះស្រាយវិវាទ​នេះ ក្នុង​ពេល​ដ៏ឆាប់​។ ខណៈ​កន្លងមក រូបគាត់ហាក់មិនសូវមានជំនឿទៅលើក្រុមការងារ​ដោះស្រាយ​វិវាទ នៃ «កម្មវិធីពិសេស​ជំរុញ​ការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ​២០២៤» របស់រាជរដ្ឋាភិបាល ខាងលើនេះទេ។

លោកបន្តថា ​សំណង់អគារមានកម្ពស់ជាង១០ជាន់របស់គាត់ ដែលបានចុះកុងត្រាជាមួយ​ដៃគូវិនិយោគជនជាតិចិនកន្លងមក គឺត្រូវជាប់គាំង តាំងពីឆ្នាំ​២០២០មកម៉្លេះ ដោយសារតែ​ជនជាតិចិនទាំងនោះ បានចាកចេញពីប្រទេសកម្ពុជាអស់គ្មានសល់​។ លោករំពឹងថា បញ្ហា ឬកង្វល់របស់លោកនឹងត្រូវដោះស្រាយរួច ក្រោយ​រូបលោកដាក់ឯកសារជូន ក្រុមការងារ​ពិសេស​ជំរុញ​ការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឱ្យជួយរកដំណោះស្រាយ នៅពេលខាងមុខ។

លោក គាំ សារី បញ្ជាក់បន្ថែមថា«​ពេលនេះ ខ្ញុំមានបំណង​ស្វែងរកដៃគូវិនិយោគថ្មី ដែលមាន​លុយ មកសហការ​បញ្ចប់គម្រោងសំណង់​របស់ខ្ញុំ ដែលជាប់គាំងសង់មិនទាន់រួចនោះ ដើម្បី​ប្រកប​អាជីវកម្មឱ្យបាន​ឆាប់ ប៉ុន្តែបច្ចុប្បន្នេះ នៅមានបញ្ហាផ្លូវច្បាប់​ជាប់​កុងត្រា ជាមួយដៃគូ​វិនិយោគ​ចាស់ មិនទាន់បានដោះស្រាយនៅឡើយ»

​​សម្រាប់ស្ត្រី​សហគ្រិនវ័យក្មេងម្នាក់ផ្សេងទៀត គឺអ្នកស្រី  ឌួង និមល ជា​អ្នក​វិនិយោគ​ទុន​​ផ្នែក​សំណង់សណ្ឋាគារម្នាក់ដែរ ក្នុង​ក្រុងព្រះសីហនុ ក៏គាំទ្រដល់រដ្ឋាភិបាល ដែលបានដាក់ចេញ នូវ«កម្មវិធីពិសេស​ជំរុញ​ការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ​២០២៤» ​ដើម្បី​ជួយសម្រប​សម្រួល​​ដល់វិស័យឯកជន ជាពិសេស​វិស័យសំណង់ អគារ ដែលបច្ចុប្បន្ន កំពុងជាប់គាំង​មិន​អាច​បន្តសកម្មភាព​សាងសង់ ដោយសារ​តែមានវិវាទផ្លូវច្បាប់មិនទាន់ដោះស្រាយចប់ជាមួយ​ដៃគូវិនិយោគជនជាតិចិន​ ហើយពេលនេះ ពួកគេ បានចាកចេញពីកម្ពុជា​អស់ មិនវិលត្រឡប់​មកវិញទេ​។

​អ្នកស្រីបន្តថា «ពេលនេះរូបខ្ញុំ ក៏មានគម្រោងរៀបចំឯកសារ ដាក់ជូន​ក្រុមការងារដោះស្រាយ​វិវាទ​អគារជាប់គាំងរបស់រដ្ឋាភិបាលដែរ ដើម្បីស្នើឱ្យជួយសម្របសម្រួល​បញ្ចប់កុងត្រាជាមួយ​ដៃគូវិនិយោគ​ចាស់ ដែលជាជនជាតិចិន ​ហើយ​ពេលនេះ ជនជាតិចិនទាំងនោះ កំពុងរស់នៅ​ឯប្រទេសចិន មិនវិលចូលមកកម្ពុជា ដើម្បីបន្តសកម្មភាព​សង់សំណង់អគារ ដែលបាន​ព្រម​ព្រៀង​គ្នាកន្លងមកទៀតទេ»

តាមការបញ្ជាក់ របស់ប្រជាពលរដ្ឋខ្មែរមួយចំនួន រស់នៅក្រុងព្រះសីហនុ ឱ្យដឹងថា ចាប់តាំង​ពី​ឆ្នាំ​២០២០មក គឺការងារវិនិយោគលើវិស័យសំណង់ភាគច្រើន របស់គាត់ ជាមួយដៃគូវិនិយោគ​ជនជាតិចិន  ដែលទាក់ទង សង់សំណង់សណ្ឋាគារ និងអគារខុដូ ​មានកម្ពស់ចាប់ពីជាង ១០​ជាន់​​ទៅ គឺដោយពួកគាត់ជាអ្នកផ្តល់ទីតាំង ឬដី ដើម្បីសហការវិនិយោគជាមួយ​អ្នកវិនិយោគ​បរទេស ដោយអ្នកវិនិយោគ​ជនជាតិចិន ជាអ្នកចំណាយលុយទៅលើការងារសាងសង់​​ និង​បំពាក់​គ្រឿងសង្ហារឹមផ្សេងៗ និងមានចុះកុងត្រា​ និងកិច្ចព្រមព្រៀងជាមួយគ្នា​ស្របតាមច្បាប់។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានលើកឡើងថា ចំពោះ​ដី និងអគារសង់មិនទាន់រួច​ ដែលអ្នកវិនិយោគទុនចិន បានចុះកុងត្រាជាមួយពលរដ្ឋខ្មែរ​ជាម្ចាស់​ដី គឺ​នៅពេលអ្នកវិនិយោគទុនចិនទាំងនោះ ​ចាក់ចេញពីក្រុងព្រះសីហនុ អស់ បាន​បន្សល់​​ទុកនូវអគារខ្មោច​សង់មិនទាន់​រួចរាប់រយអគារ​នៅលើដីដែលពលរដ្ឋខ្មែរ​បានជួល​ទៅ​ឱ្យពួកគេ។ ហើយពលរដ្ឋខ្មែរទាំងនោះ មិនអាចប្រើប្រាស់ ឬយកដីទាំងនោះ​ទៅធ្វើអាជីវកម្ម ឬក៏វិនិយោគសាងសង់សំណង់អ្វីទៀតបានទេ។

លោក​បន្តថា៖ «នាថ្ងៃអនាគត ចំពោះសំណង់អគារ ឬខ្មោចអគារដែលសង់មិនទាន់រួច​ នឹង​អាច​​ធ្វើ​ឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់ពលរដ្ឋរស់នៅ​ជុំវិញអគារទាំង​នោះថែម​ទៀតផង ព្រោះ​ម្ចាស់ដី គាត់គ្មានលទ្ធភាព ទៅរុះរើអគារទាំងនោះចេញពីលើដីរបស់គាត់​ទេ»

លោក សន ជ័យ បង្ហាញការគាំទ្រ ចំពោះយន្តការដោះស្រាយវិវាទសំណង់អគារជាប់គាំង ឬសង់មិនទាន់រួចរាល់ ​ក្នុងខេត្តព្រះសីហនុ របស់​រដ្ឋាភិបាល​ ​ដែល​មានវិធានការដោះស្រាយ ជួយដល់ប្រជាពលរដ្ឋ តាមរយៈគ្រប់មធ្យោបាយផ្សេងៗ​ដូចបានអនុវត្តខាងលើនេះ។ លោក​បន្តថា សកម្មភាព​វិនិយោគរបស់ជនជាតិចិនទៅលើវិស័យសំណង់ជាប់គាំង ​ក្នុងក្រុង​ព្រះសីហនុ ក៏អាចនាំឱ្យខូចមុខមាត់ដល់អ្នកវិនិយោគទុនចិន ដទៃទៀតនាថ្ងៃខាងមុខ​ ព្រោះ​អាចត្រូវប្រជាពលរដ្ឋខ្មែរ​បាត់បង់ជំនឿ។

លោក សន ជ័យ ​សង្កត់ធ្ងន់ថា៖ «មេរៀនពីអគារខ្មោច ឬ​អគារសង់មិនរួច របស់​អ្នក​វិនិយោគ​ទុន​ចិន នៅក្នុងក្រុងព្រះសីហនុនេះ​ គឺជាមេរៀន​មួយ ដែលរដ្ឋាភិបាល ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់ ចំពោះលំហូរវិនិយោគវិស័យសំណង់​យ៉ាងគំហុកបែបនេះ។ តើរដ្ឋាភិបាលគួរមាន​វិធានការ​​អ្វី​ទៅ​លើក្រុមអ្នកវិនិយោគទុនទាំងនោះរបៀបណា ដើម្បីកុំឱ្យរឿងដដែលកើត​មាន​នៅលើ​ទឹកដី​ខេត្តព្រះសីហនុ នាថ្ងៃអនាគតទៀត»

​​លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ​ចំពោះគម្រោងវិនិយោគអគារជាប់គាំង ឬ​អគារ​​សង់​មិន​ទាន់ចប់ និងអគារ​​សង់រួច ប៉ុន្តែមិនទាន់ដំណើរការ​ នៅក្នុងក្រុងព្រះសីហនុ ភាគច្រើន គឺម្ចាស់​ដីជាជនជាតិខ្មែរ រីឯម្ចាស់អគារ ឬម្ចាស់វិនិយោគវិ​សំណង់ គឺជាជនបរទេស (ជនជាតិចិន)។

យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញតារាងប៉ាន់ស្មាន​ទុន​វិនិយោគ​​​គម្រោង និងសំណង់អគារ ក្នុងខេត្តព្រះសីហនុ ឆ្នាំ​២០២៤ បញ្ជាក់ថា ​គម្រោង​វិនិយោគ និងអគារ ដែលបានសាងសង់រួច និងកំពុងជាប់គាំង នៅក្នុងខេត្តព្រះសីហនុ រួម​មាន៖ គម្រោងផ្អាកការ​សាងសង់​មាន​ចំនួន ៣៣៩គម្រោង ឬស្មើ ៣៦២អគារ។ គម្រោងកំពុង​ដំណើរ​ការសាងសង់​មានចំនួន ២៩គម្រោង ឬស្មើ៥៣អគារ។ គម្រោងសាងសង់រួច និងពុំ​ទាន់​ដំណើរការប្រើប្រាស់ មានចំនួន ១៦០គម្រោង ឬស្មើ១៧៦អគារ។

គម្រោងសាងសង់រួច និង​កំពុង​ប្រកបអាជីវកម្ម​មាន​ចំនួន ៤២៦គម្រោង ឬស្មើ ៤៦៩អគារ។ សរុបគម្រោង និងសំណង់អគារទាំងអស់មាន​​ចំនួន៩៥៤គម្រោង ឬស្មើ ១ ០៦០អគារ និងមាន​ផ្ទៃ​ក្រឡាសំណង់សរុប ៨ ៩៥៦ ៨០២។ សរុបទុនវិនិយោគ ចំណាយលើការ​សាង​សង់​អគារ​មាន​ចំនួន ៤ ២១៣ ០៥៩ ១៣២ដុល្លារអាមេរិក និង​តម្រូវ​ការ​ទុនវិនិយោគបន្ថែមលើ​គម្រោង​សាង​​សង់​​​អគារបន្តសរុប​ចំនួន ១ ១៦១ ០២២ ២៩៨​ដុល្លារអាមេរិក៕

1,570 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម