ខេត្តព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអះអាងថា សមត្ថកិច្ចចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់ជាង៣ពាន់កន្លែង និងឃាត់ខ្លួនមនុស្សទាំងជនបរទេស និងខ្មែរជាង១ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃនៅទូទាំងប្រទេសដើម្បីសាកសួរ និងបន្តនីតិវិធី។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ចដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតគ្រប់ល្បែងស៊ីសងខុសច្បាប់ លោក សុខ ផល បានថ្លែងក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃអាទិត្យ ទី១០ ខែមីនា នៅខេត្តព្រះសីហនុ ថា គិតត្រឹមរយៈពេលបីថ្ងៃ ក្នុងសប្តាហ៍កន្លងមកនេះ សមត្ថកិច្ចជំនាញបានចុះបង្ក្រាប និងបិទទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ នៅទូទាំងប្រទេសកម្ពុជា បានជាង៣ពាន់កន្លែង និងឃាត់ខ្លួនទាំងជនបរទេស និងខ្មែរបានជាង១ម៉ឺននាក់ ដើម្បីសាកសួរ និងបន្តអនុវត្តតាមនីតិវិធីច្បាប់។
ការធ្វើសន្និសីទកាសែតនេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ចំនួន២កន្លែង ក្នុងខេត្តព្រះសីហនុ ហើយឃាត់ខ្លួនមនុស្សជាង៤០០នាក់។
ទោះយ៉ាងណា លោក សុខ ផល មិនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានលម្អិតថា ខេត្តណាខ្លះ ដែលសមត្ថកិច្ច រកឃើញមានបើកលេងល្បែងស៊ីសងខុសច្បាប់ ហើយត្រូវសមត្ថកិច្ចចុះបង្ក្រាប មានចំនួនច្រើនជាងគេនោះទេ?។ ប៉ុន្តែលោកបានព្រមានថា អ្នកជាប់ពាក់ព័ន្ធសកម្មភាពបើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទាំងអស់ នឹងត្រូវផ្តន្ទាទោសធ្ងន់ធ្ងរតាមច្បាប់កម្ពុជា និងអំពាវនាវឲ្យបញ្ឈប់សកម្មភាព របស់ខ្លួនជាបន្ទាន់។
លោក សុខ ផល បានបន្តថា ត្រឹមតែរយៈពេលពីរថ្ងៃគត់ គឺថ្ងៃទី៩ និងទី១០ ខែមីនាប៉ុណ្ណោះ សមត្ថកិច្ចជំនាញពាក់ព័ន្ធក៏ដូចជាកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ចំនួន២កន្លែង និងឃាត់ខ្លួនទាំងជនបរទេស និងខ្មែរចំនួនជាង៤០០នាក់។
ផ្តើមពីបញ្ហានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់ ត្រូវដកខ្លួនជាបន្ទាន់ បើពុំដូច្នេះទេ នឹងត្រូវប្រឈមមុខការផ្តន្ទាទោសធ្ងន់ធ្ងរ តាមច្បាប់ជាក់ជាមិនខាន។
លោក សុខ ផល បានបញ្ជាក់ថា៖ «អ្នកជាប់ពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋខ្មែរត្រូវបញ្ឈប់ប្រកប ឬលេងល្បែងស៊ីសងខុសច្បាប់តទៅទៀត ទាំងអ្នករស់នៅខេត្តព្រះសីហនុ និងតាមបណ្តាខេត្តផ្សេងៗ ហើយងាកមកចាប់យកអាជីពស្របច្បាប់ សម្រាប់ចិញ្ចឹមជីវិត ទើបមានសុវត្ថិភាពយូរអង្វែង»។
លោកបន្តថា៖«អ្នកលេងល្បែង ឬក៏បើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ដែលធ្វើសកម្មភាព នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ រាល់ថ្ងៃនេះ គឺភាគច្រើនជាជនបរទេស ឬមកពីក្រៅប្រទេស។ ហើយចំពោះបទល្មើសល្បែងស៊ីសង នៅតាមបណ្តាខេត្តផ្សេងៗ ក៏ត្រូវសមត្ថកិច្ចបង្ក្រាប និងនាំខ្លួនអ្នកជាប់ពាក់ព័ន្ធមកអនុវត្តតាមច្បាប់ដូចគ្នាដែរ។ ដូច្នេះត្រូវបញ្ឈប់សកម្មភាពល្មើសទាំងនេះជាបន្ទាន់»។
នាឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងក្នុងសន្និសីទកាសែតដែរថា ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងអស់ សូមដកខ្លួននៅឲ្យឆ្ងាយអំពីបទល្មើសទាំងនេះ ព្រោះល្បែងស៊ីសងបានធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិធ្ងន់ធ្ងរ។ ដូចនេះដើម្បីជៀសផុតពីសំណាញ់ច្បាប់ គឺមានតែការដកខ្លួនចេញឲ្យឆ្ងាយពីអំពើល្មើសល្បែងស៊ីសងខុសច្បាប់ទាំងនេះ ព្រោះត្រូវប្រឈមនឹងការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោស
ជាងនេះទៀត លោក គួច ចំរើន ក៏ស្នើដល់ប្រជាពលរដ្ឋទាំងអស់ ដែលមកធ្វើការនៅក្នុងក្រុងព្រះសីហនុ ពាក់ព័ន្ធទៅនឹងទីតាំងល្បែងកាស៊ីណូ៖ «មុននឹងចូលធ្វើការត្រូវសាកសួរព័ត៌មានឲ្យបានច្បាស់ជាមុនសិន ថាតើទីតាំងកាស៊ីណូទាំងនោះ មានច្បាប់ហើយឬនៅ? ប្រយោជន៍ដើម្បីជៀសវាង សមត្ថកិច្ច ចុះអនុវត្តនីតិវិធី អាចធ្វើឲ្យប៉ះពាល់ ឬបាត់បង់ការងារ និងកិត្តិយសរបស់ខ្លួន»។ លោកបន្តថា៖«ជាងនេះ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានដឹង ឬមានការសង្ស័យអំពីទីតាំងណាមួយ មានជាប់ពាក់ព័ន្ធអំពើល្មើសច្បាប់ សូមជួយរាយការណ៍មកកាន់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីសមត្ថកិច្ចមានមូលដ្ឋានចុះស៊ើបអង្កេត និងស្រាវជ្រាវ ឈានទៅបង្ក្រាបបទល្មើសទាំងនោះឲ្យមានប្រសិទ្ធភាព»។
តាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ អំពីប្រតិបត្តិការបង្ក្រាបល្បែងអនឡាញខុសច្បាប់រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ ខែមីនា បង្ហាញថា អនុវត្តតាមសារាចរណែនាំរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ និងលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ ក្រុមការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) បានចុះប្រតិបត្តិការនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ចុះបង្ក្រាបទីតាំងទី១ គឺនៅអតីតកាស៊ីណូ ផារ៉ាដាយ អាយលែន (Paradise Island) មានទីតាំងនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រកឃើញជនបរទេសចំនួន១៧២នាក់ (ស្រី៤៣នាក់) មាន៤សញ្ជាតិ (វៀតណាម១០៩នាក់ ស្រី១៧នាក់) (ថៃ៥៤នាក់ ស្រី២៤នាក់) (ចិនតៃវ៉ាន់៨នាក់ ស្រី២នាក់) និងចិន១នាក់។ អ្នកគ្រប់គ្រងចំនួន ៥នាក់ (ស្រី២នាក់) មាន២សញ្ជាតិ ចិនតៃវ៉ាន់៤រូប (ស្រី២នាក់) និងចិន១នាក់។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា ជនសង្ស័យខាងលើនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីឈានទៅកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុចាត់ការតាមនីតិនវិធីច្បាប់។ សម្រាប់ជនបរទេសចំនួន ១៦៧នាក់ (ស្រី៤១នាក់) មាន៣សញ្ជាតិ (វៀតណាម១០៩នាក់ ថៃ៥៤នាក់ ចិនតៃវ៉ាន់ ៤នាក់) ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា។
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ច បានចុះបង្ក្រាបទីតាំងទី២ មិនមានឈ្មោះ ស្ថិតនៅទល់មុខផ្សារក្តាម ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចបានរកឃើញជនជាតិខ្មែរចំនួន២៧៩នាក់ (ស្រី២២៧នាក់) និងជនបរទេសចំនួន២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន២៧នាក់ មីយ៉ាន់ម៉ា១នាក់)។ សម្រាប់ជនបរទេសចំនួន២៨នាក់ (ស្រី៣នាក់) មាន២សញ្ជាតិ (ចិន២៧នាក់ មីយ៉ាន់ម៉ា១នាក់) បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា។
ចំពោះគោលបំណង នៃប្រតិបត្តិការខាងលើនេះ លោក សុខ ផល បញ្ជាក់ថា ដើម្បីឈានទៅលុបបំបាត់ឲ្យអស់នូវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងនៅតាមបណ្តាខេត្តផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា។
ទាក់ទិនយុទ្ធនាការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់នេះ ក៏ទទួលបានការសាទរពី មន្ត្រីសង្គមស៊ីវិល ក៏ដូចជា ប្រជាពលរដ្ឋ និងអាណាព្យាបាលភាគច្រើន មានលំនៅដ្ឋានរស់ នៅក្នុងខេត្តព្រះសីហនុ។
លោក បួន រ៉ាស៊ី ជាអាណាព្យាលបាលម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋច្រើនទៀត រស់នៅក្រុងព្រះសីហនុ បានថ្លែងសរសើរចំពោះសកម្មភាពជាវិជ្ជមាន របស់កម្លាំងសមត្ថកិច្ចជំនាញ ក្រសួងមហាផ្ទៃ ក៏ដូចជាកម្លាំងសមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តព្រះសីហនុ ដែលបានចុះបង្ក្រាបនិងបិទទីតាំងលួចបើកលេងល្បែងស៊ីសងខុសច្បាប់ជាបន្តបន្ទាប់ក្នុងមូលដ្ឋាននេះ។
អាណាព្យាបាលរូបនេះ បានចាត់ទុក ការចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ នៅខេត្តព្រះសីហនុថា៖ «នឹងអាចទប់ស្កាត់ នូវបទល្មើសផ្សេងៗ ដែលបានកើតមានគួរឲ្យព្រួយបារម្ភ និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងព្រះសីហនុ រួមមាន៖ បទល្មើសចាប់ជំរិតមនុស្សធ្វើទារុណកម្មជំរិតទារប្រាក់ បង្កដោយជនជាតិចិន បទល្មើសជួញដូរអាវុធ បទល្មើសជួញដូរគ្រឿងញៀន បទល្មើសចោរកម្ម លួច ឆក់ ប្លន់គ្រប់ប្រភេទ ដែលបានកើតមានជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ហើយដែលកន្លងមក សមត្ថកិច្ចជំនាញខេត្តនេះ បង្ក្រាបមិនទាន់មានប្រសិទ្ធភាព»។
ងាកមក អ្នកស្រី មុំ ចំណាន ជាអាណាព្យាបាលម្នាក់ដែរ រស់នៅក្រុងព្រះសីហនុ អ្នកស្រីគាំទ្រ ចំពោះយុទ្ធនាការរបស់កម្លាំងសមត្ថកិច្ចចម្រុះ ដែលបានចុះបង្ក្រាប និងបិទទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានខេត្តទេសចរណ៍មួយនេះ។
ទន្ទឹមគ្នានេះ អ្នកស្រី ក៏បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ក៏ដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងកម្លាំងចម្រុះគ្រប់ប្រភេទ ឬសមត្ថកិច្ចជំនាញនៃរដ្ឋបាលខេត្តព្រះសីហនុ ត្រូវបន្តអនុវត្តសកម្មភាពចុះបង្ក្រាបទីតាំងមានបើកលេងល្បែងស៊ីសងទាំងនេះ ឲ្យមានប្រសិទ្ធភាពយូរអង្វែង ត្បិតសង្កេតឃើញថា កន្លងមក សម្មភាពចុះបង្ក្រាបនេះ មិនមានប្រសិទ្ធភាពយូរអង្វែងទេ ឬអាចនិយាយបានថា៖ «ចុះបង្ក្រាប ឬបិទទីតាំងល្បែងស៊ីសងមួយចំនួនក្នុងមូលដ្ឋាននេះ បានត្រឹមមួយដង្ហើមចង្រិតតែប៉ុណ្ណោះ បន្ទាប់មក ក៏ស្រាប់តែឃើញទីតាំងទាំងនោះ បានបើកដំណើរការឡើងវិញស្ងាត់ៗ ដោយរលូន ហើយគ្មានសមត្ថកិច្ច មកហាមឃាត់ទៀតទេ»។
ទាក់ទិនបញ្ហានេះដែរ លោក សុខ សុខុម ប្រធានអង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា ឬហៅកាត់ថា ស៊ី អ៊ិន រ៉ូ (CNRO) ដែលមានទីស្នាក់ការនៅក្នុងខេត្តព្រះសីហនុ ក៏គាំទ្រចំពោះយុទ្ធនាការចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់គ្រប់ប្រភេទដែលកំពុងធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុនេះដែរ។
លោក សុខុម រំពឹងថា៖ «យុទ្ធនាការបង្ក្រាបនេះនឹងផ្តល់សេចក្តីសុខ ឬសុវត្ថិភាពក្នុងការប្រកបរបរទទួលទាន ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ កាន់តែប្រសើរថែមទៀតនាថ្ងៃអនាគត។ លោកសូមសំណូមពរដល់កម្លាំងសមត្ថមត្ថកិច្ចចម្រុះគ្រប់ប្រភេទ ត្រូវរួមសហការគ្នា ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ដែលនៅសេសសល់ក្នុងមូលដ្ឋាននេះ ឲ្យមានសកម្មភាព ដូចភ្លៀងរលឹម ដើម្បីឲ្យប្រាកដថា ទីតាំងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នឹងមិនកើតមានទៀតទេ នៅថ្ងៃខាងមុខ»។
នៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃគ្រប់លំដាប់ថ្នាក់ ដែលបានប្តេជ្ញាចិត្ត រួមគ្នាបំពេញបេសកកម្មបម្រើបុព្វហេតុជាតិ និងប្រជាជន ក្នុងរយៈពេល១ឆ្នាំកន្លងទៅ។
ក្នុងពិធីបិទសន្និបាតនោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួនទៀត ជាពិសេសបន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឲ្យបានសកម្មថែមទៀត រួមមាន៖
ត្រូវបន្តយកចិត្តទុកដាក់ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានកាន់តែសកម្មផុលផុសនៅតាមមូលដ្ឋាន និងនៅតាមក្រសួង-ស្ថាប័នរដ្ឋ។
ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានម៉ឺងម៉ាត់ សំដៅកាត់បន្ថយឲ្យបានជាអតិបរមានូវគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងបន្ទុករបស់សង្គម ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍។
ត្រូវបន្តគ្រប់គ្រង ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបឲ្យបានហ្មត់ចត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន សំដៅថែរក្សាសន្តិសុខ និងសុវត្ថិភាព រួមចំណែកលើក កម្ពស់ជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ និងសង្គមជាតិ៕