ខេត្តស្ទឹងត្រែង និងក្រចេះ ប្រទេសកម្ពុជា៖ ទន្លេមេគង្គ ជាទន្លេដ៏សំខាន់ដែលមនុស្សរាប់លាននាក់ពឹងអាស្រ័យនៅអាស៊ីអាគ្នេយ៍ កំពុងប្រឈមនឹងវិបត្តិអេកូឡូស៊ី។ កម្រិតទឹកដែលមិនអាចទាយទុកបានជាមុន ការថយចុះនៃបរិមាណត្រី និងការបាត់បង់សត្វផ្សោត គឺគំរាមកំហែងដល់ការរស់នៅ និងប្រពៃណីរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេ។
ទន្លេដ៏មានអានុភាពបានហូរកាត់ខេត្តស្ទឹងត្រែងភាគខាងជើងរបស់ប្រទេសកម្ពុជា ជាប់ព្រំដែនប្រទេសឡាវ។ អន្លង់ទឹកជ្រៅរបស់វាជាជម្រកសត្វក្នុងទឹកដ៏ពិសេសមួយ រួមទាំងត្រីបបែលយក្សផងដែរ។ ពលរដ្ឋបានពឹងផ្អែកលើធនធានទឹកទន្លេជាយូរមកហើយ ដោយបាននេសាទដាក់មង ដើម្បីចិញ្ចឹមជីវិត និងរកប្រាក់ចំណូល។
លោក ផយ វណ្ណា អាយុ៥៨ឆ្នាំ បានឃើញផ្ទាល់នឹងភ្នែកពីការផ្លាស់ប្តូរទន្លេមេគង្គ។ សមាជិកសហគមន៍អេកូទេសចរណ៍ព្រះរំកិលបានចង្អុលបង្ហាញពីការប្រែប្រួលឡើងចុះនៃកម្រិតទឹកដែលបណ្ដាលមកពីការសាងសង់ទំនប់វារីអគ្គិសនី និងការប្រែប្រួលអាកាសធាតុថាជាការគំរាមកំហែងដ៏ធំ។
លោកពន្យល់ប្រាប់ខេមបូចាថា៖ «ការផ្លាស់ប្តូរទាំងនេះកំពុងបំផ្លិចបំផ្លាញព្រៃលិចទឹកដែលមានសារៈសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេ»។
ទោះបីជាជួបប្រទះការលំបាកយ៉ាងណាក៏ដោយ ក៏លោកវណ្ណានៅតែស្រឡាញ់សម្រស់ធម្មជាតិទន្លេមេគង្គដែរ។ លោកនិយាយថា៖ «ទឹកជ្រោះ កោះ សត្វព្រៃចម្រុះ គឺទាំងនេះតែងតែជាកំណប់ទ្រព្យរបស់យើង ។ តែគួរឲ្យសោកស្ដាយ ការបាត់បង់សត្វផ្សោត ដែលជាការទាក់ទាញភ្ញៀវទេសចរដ៏ធំ គឺបានបង្កឲ្យខូចប្រយោជន៍»។ លោកបន្តនិយាយទាំងសោកស្ដាយថា៖ «ទំនប់វារីអគ្គិសនី និងការប្រែប្រួលអាកាសធាតុបានធ្វើឲ្យសត្វទាំងនេះបាត់បង់ ហើយក៏បាត់ចំណូលពីវិស័យទេសចរណ៍ជាច្រើនរបស់យើងដែរ»។
ផលវិបាក គឺធ្ងន់ធ្ងរ។ លោកវណ្ណា និយាយថា៖ «គ្រួសារដែលនេសាទត្រីរាប់ជំនាន់មកហើយមិនអាចរកអង្ករច្រកឆ្នាំងបានទេ។ ចំនួនត្រីកំពុងថយចុះ ដោយសារទំនប់វារីអគ្គិសនី ការនេសាទខុសច្បាប់ និងលំនាំទន្លេត្រូវរាំងស្ទះ។ អ្នកភូមិខ្លះគ្មានជម្រើសអ្វីក្រៅពីចាកចេញទៅរកការងារធ្វើនៅកន្លែងផ្សេងទេ»។
ការធ្លាក់ចុះទិន្នផលត្រីរបស់ប្រទេសកម្ពុជាបង្ហាញនូវស្ថានភាពមិនល្អ។ រដ្ឋបាលជលផលបានរាយការណ៍ពីការធ្លាក់ចុះទិន្នផលត្រី ១៣,៧១% ពីឆ្នាំ២០១៩ ដល់ ២០២០ ជាមួយនឹងការធ្លាក់ចុះ ៧,៣% បន្ថែមទៀតនៅឆ្នាំ២០២១។
លោក ផយ វណ្ណា លើកឡើងពីការថយចុះទិន្នផលត្រីនេះទៅនឹងទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ។ លោកអះអាងថា៖ «ការសាងសង់ទំនប់នេះគំរាមកំហែងដល់សត្វផ្សោត និងប្រព័ន្ធអេកូឡូស៊ីទាំងមូល។ យើងបានដាក់ញត្តិសុំឲ្យមានវិធានការ ប៉ុន្តែពួកគេបានបំផ្ទុះថ្មដោយមានការបំពុលទឹក ដែលបង្កគ្រោះថ្នាក់ដល់សត្វព្រៃ និងមនុស្សដូចៗគ្នា»។
លោកវណ្ណាចាត់ទុកភាពអសកម្មរបស់រដ្ឋាភិបាលថា ជាកត្តារួមផ្សំ។ លោកថា៖ «[អាជ្ញាធរ] មិនអើពើនឹងការព្រួយបារម្ភ ហើយក៏មិនអនុវត្តច្បាប់ដែរ។ ពួកគេធ្វេសប្រហែសនឹងកាតព្វកិច្ចរបស់ខ្លួន ឯប្រជាជនកំពុងរងទុក្ខ»។
កិច្ចសម្ភាសន៍ជាមួយអ្នកភូមិ ពួកគេក៏មានការវាយតម្លៃដូចលោក វណ្ណា ដែរ។ អ្នកភូមិម្នាក់ត្អូញត្អែរថា សត្វផ្សោតលែងមាននៅក្នុងអន្លង់ឈើទាលតាំងពីឆ្នាំ២០២២ មកម្ល៉េះ។ ទេសចរណ៍កំពុងធ្លាក់ចុះ ដំណាំក៏ខូច ហើយទឹកក៏ខ្វះខាត។ វាពិបាកចិញ្ចឹមជីវិតណាស់»។
ការប្រែប្រួលអាកាសធាតុ និងទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ
ទំនប់វារីអគ្គិសនីដនសាហុង នៅចម្ងាយតិចជាង២គីឡូម៉ែត្រពីព្រំដែនកម្ពុជានៅភាគខាងត្បូងប្រទេសឡាវបានស្ថិតនៅលើទន្លេមេគង្គអស់រយៈពេលជាង៣ឆ្នាំមកហើយ។ អ្នកវិទ្យាសាស្ត្របានកំណត់តំបន់នេះជាច្រកដ៏សំខាន់សម្រាប់ចរាចរត្រីពាសពេញអាងទន្លេមេគង្គក្រោម។
គម្រោងនេះ គឺជាការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន មេហ្កា ហ្វើស ខរភឺរេសិន ប៊ឺហាដ (Mega First Corporation Berhad) របស់ប្រទេសម៉ាឡេស៊ី និងរដ្ឋាភិបាលឡាវ។ ការសិក្សាពីសមិទ្ធិលទ្ធផលដែលបានធ្វើឡើងក្នុងឆ្នាំ ២០០៦ បាននាំឱ្យមានចុះកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដើម្បីសាងសង់ និងបើកដំណើរការវារីអគ្គិសនីនេះ ដោយប្រតិបត្តិការចាប់ផ្តើមនៅឆ្នាំ២០២០។
គម្រោងវារីអគ្គិសនីដនសាហុង ផលិតថាមពលអគ្គិសនីបាន២៦០មេហ្គាវ៉ាត់ ហើយនឹងស្ថិតនៅលើបណ្តាញផ្លូវទឹកមួយក្នុងចំណោមបណ្តាញផ្លូវទឹកប្រទាក់ក្រឡាគ្នាក្នុងតំបន់ប្រជុំកោះនៃទន្លេមេគង្គ ភាគខាងត្បូងប្រទេសឡាវ។ គម្រោងនេះប្រើប្រាស់ទឹកទន្លេ ១៥% នៃរំហូរទន្លេមេគង្គសរុប។
យោងតាមអង្គការ អើសរ៉ាយស៍ អ៊ិនធឺណេសិនណល (Earthrights International) ដែលជាអង្គការសិទ្ធិមនុស្ស និងបរិស្ថានមិនស្វែងរកប្រាក់ចំណេញឲ្យដឹងថា ទំនប់វារីអគ្គិសនីដនសាហុង គឺបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជលផលពាណិជ្ជកម្ម និងលក្ខណៈគ្រួសាររបស់អាងទន្លេមេគង្គក្រោម។
បន្ថែមលើនេះទៀត វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបកម្ពុជា បានរកឃើញនៅក្នុងការសិក្សាឆ្នាំ២០១២ ថា ទំនប់វារីអគ្គិសនីស្ទឹងត្រែង នឹងកាត់បន្ថយទិន្នផលអាហារក្នុងជលផល ដោយការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងត្រែង ដែលគេព្យាករថានឹងកាត់បន្ថយទិន្នផលត្រី និងសត្វក្នុងទឹកផ្សេងទៀតបានពី ៦% ដល់ ២៤% ឬ ៣៤ ០០០ដល់១៤៥ ០០០ តោន នៅឆ្នាំ២០៣០។
សម្រាប់អ្នកដែលហៅទន្លេនេះថាជាផ្ទះ
អ្នកស្រី ហម អាយុ៤០ឆ្នាំ ជាស្ត្រីមានកូនបួននាក់មកពីកោះឈើទាលធំ សង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ទន្លេមេគង្គនៅក្នុងសហគមន៍របស់អ្នកស្រី។ អ្នកស្រីបញ្ជាក់ថា៖ «មានទន្លេ គឺមានអ្វីគ្រប់យ៉ាង»។ អ្នកស្រីបានកត់សម្គាល់ពីការផ្លាស់ប្តូរអេកូឡូស៊ីថ្មីៗ គឺរួមមានកម្រិតទឹកប្រែប្រួលឡើងចុះ កំដៅថ្ងៃកើនឡើង បន្លែលិចទឹក និងការធ្លាក់ចុះចំនួនត្រី និងការមើលឃើញផ្សោតកាន់តែតិច។
អ្នកស្រី ហម សំដៅការផ្លាស់ប្តូរទាំងនេះទៅនឹងការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដោយអះអាងថា វាធ្វើឲ្យទិន្នផលនេសាទធ្លាក់ចុះ និងពិបាកដាំដុះដំណាំតាមច្រាំងទន្លេ។ អ្នកស្រីពន្យល់ថា៖ «មិនអាចដាំបន្លែបន្លុកនៅក្បែរច្រាំងទន្លេបានទេ។ ជូនកាល ពួកគេបញ្ចេញទឹក ហើយបង្កជាទឹកជំនន់។ ខ្ញុំត្រូវទិញគ្រាប់ពូជមកដាំឡើងវិញ គឺពិបាកណាស់»។
អ្នកស្រីក៏ព្រួយបារម្ភអំពីសុខភាពដែរ ដោយរៀបរាប់ពីករណីដែលទឹកទន្លេប្រែពណ៌សស្គុស បន្ទាប់ពីដាំពុះ ដែលធ្វើឱ្យកូនអ្នកស្រីក្អក។ អ្នកស្រីពឹងអាស្រ័យលើទន្លេ ប៉ុន្តែអ្នកស្រីបារម្ភចំពោះសុខភាពគ្រួសាររបស់អ្នកស្រី នៅពេលគុណភាពទឹកមិនអាចគ្រប់គ្រងបាន។ អ្នកស្រីថា៖ «ខ្ញុំខ្លាចថា ខ្ញុំប្រហែលគ្មានលុយព្យាបាលទេ បើធ្លាក់ខ្លួនឈឺ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិនិយោគទំនប់វារីអគ្គិសនីបានចេញរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) ដោយបញ្ជាក់ថា គម្រោងវារីអគ្គិសនីដនសាហុងនឹងមានផលប៉ះពាល់តិចតួចបំផុតទៅលើលំហូរទឹកខាងក្រោមនៅកម្ពុជា ឬដីសណ្ដមេគង្គ។ នេះបង្ហាញថា គម្រោងនេះនឹងមិនប៉ះពាល់ដល់អេកូឡូស៊ី និងសេដ្ឋកិច្ចរបស់បឹងទន្លេសាប ឬមានអត្រាការហូរចូលទឹកសមុទ្រនៅក្នុងតំបន់ដីសណ្តនោះទេ។
គ្មានសត្វណារួចខ្លួនទេ
លោក អ៊ាម សំអ៊ុន ប្រធានផ្នែកស្រាវជ្រាវជីវៈចម្រុះនៃមូលនិធិសត្វព្រៃពិភពលោក (WWF) សង្កេតមើលពីផលប៉ះពាល់ដ៏ធំទូលាយនៃការប្រែប្រួលអាកាសធាតុ។ ទាំងនេះរួមមានការកើនឡើងសីតុណ្ហភាពសកល ការប្រែប្រួលអាកាសធាតុ និងការប្រែប្រួលលំហូរទឹកទន្លេមេគង្គ។ លោកកត់សម្គាល់ថា ការផ្លាស់ប្តូរទាំងនេះប៉ះពាល់ផ្ទាល់ដល់ការបន្តពូជត្រី ការធ្វើចរាចរ និងការរកចំណី។
លោក សំអ៊ុន ពន្យល់ថា៖ «យើងបានឃើញការផ្លាស់ប្តូរយ៉ាងគំហុកនៅក្នុងកម្រិតទឹក និងលំហូរទន្លេមេគង្គ»។
លោកបន្តថា៖ «នេះបានធ្វើឱ្យមានផ្នែករាក់ៗ ការកើនឡើងសីតុណ្ហភាពទឹក និងការរំខានទូទៅដល់ត្រី សត្វផ្សោត និងជីវៈចម្រុះផ្សេងទៀតដែលពឹងផ្អែកលើទន្លេ»។
លោក សំអ៊ុន បញ្ជាក់ថា ខណៈដែលការប្រែប្រួលអាកាសធាតុទំនងជាប៉ះពាល់ចំនួនសត្វផ្សោត ក៏នៅមិនទាន់មានការសិក្សាជាក់លាក់នៅឡើយទេ។ លោកនិយាយថា វិធីនេសាទខុសច្បាប់ រួមទាំងការរាយមង និងឧបករណ៍ឆក់ គឺបង្កការគំរាមកំហែងខ្លាំងបំផុតដល់សត្វផ្សោត។
លោក សំអ៊ុន និយាយថា៖ «ការពិនិត្យសាកសពសត្វផ្សោតបង្ហាញថា ការនេសាទខុសច្បាប់ទាំងនេះជាមូលហេតុចម្បងនៃការស្លាប់»។
រស់នៅក្រោមការគំរាមកំហែង
តំបន់មហាទន្លេមេគង្គពឹងផ្អែកយ៉ាងខ្លាំងលើទន្លេមេគង្គ ដែលជាមណ្ឌលជីវៈចម្រុះប្រភេទថ្មីជាងមួយពាន់ប្រភេទដែលត្រូវបានគេរកឃើញក្នុងរយៈពេលត្រឹមតែ១០ឆ្នាំប៉ុណ្ណោះ។ ទន្លេនេះគឺជាជម្រកសត្វចម្លែកៗ និងប្លែកជាច្រើនប្រភេទ រួមមាន ត្រីរាជ ត្រីបបែលទឹកសាបដ៏ធំ កន្ធាយក្បាលកង្កែប និងសត្វផ្សោត។
សិក្ខាសាលាអនឡាញឆ្នាំ២០២២ បានរៀបរាប់លម្អិតអំពីផលប៉ះពាល់ដ៏អាក្រក់នៃទំនប់វារីអគ្គិសនីខ្សែទឹកខាងលើក្នុងប្រទេសចិន និងឡាវ។ ទំនប់ទាំងនេះរំខានដល់វដ្តធម្មជាតិរបស់ទន្លេមេគង្គ ដោយផ្លាស់ប្តូររយៈពេលស្ងួតដ៏សំខាន់សម្រាប់ព្រៃលិចទឹក និងប៉ះពាល់ដល់ប្រភេទសត្វផ្សេងៗ។
លោក កិ វ៉ាន់សៃ អាយុ៧៣ឆ្នាំ មេភូមិឈើទាលធំ បានសោកស្តាយពីការបាត់បង់ត្រី និងផ្សោតពីអន្លង់ទឹកព្រះរំកិល។ ការធ្លាក់ចុះនៃអេកូឡូស៊ីនេះបានកាត់បន្ថយទេសចរណ៍យ៉ាងគំហុក និងនាំឱ្យមានការលំបាកផ្នែកសេដ្ឋកិច្ច ដោយបង្ខំឱ្យអ្នកភូមិប្រហែល៤០% ធ្វើចំណាកស្រុកដើម្បីរកការងារធ្វើ។
លោក វ៉ាន់សៃ បានចោទថា មានការឃុបឃិតគ្នារវាងអ្នកនេសាទខុសច្បាប់ និងមន្ត្រីមូលដ្ឋាន។ លោកបញ្ជាក់ថា៖ «ប្រជាពលរដ្ឋនេសាទខុសច្បាប់ដោយសារមានទំនាក់ទំនងជាមួយអាជ្ញាធរ។ បើគេលុបបំបាត់បញ្ហានេះ គ្មាននរណាម្នាក់ហ៊ានធ្វើទេ។ ខ្ញុំមិនបន្ទោសអ្នកណាទេ ប៉ុន្តែវាជាការពិត»។
លោក យ៉ាន់ ស៊ុនតាក់ អាយុ៦៩ឆ្នាំ មេភូមិព្រះរំកិល សម្តែងការសោកស្ដាយចំពោះការបាត់បង់សត្វផ្សោតនៅអន្លង់ឈើទាល។ លោកសង្កេតឃើញការងាប់ដើមឈើលិចទឹកធំៗ ដោយសារតែការប្រែប្រួលមិនទៀងទាត់នៃទន្លេមេគង្គ ដោយកត់សម្គាល់ពីរបៀបដែលការផ្លាស់ប្តូរកម្រិតទឹករារាំងការលូតលាស់ឫស និងនាំឱ្យដើមឈើងាប់តែម្តង។
តើអ្នកណាត្រូវស្តីបន្ទោស?
លោក អ៊ាន ប៊ឺត (Ian Baird) សាស្ត្រាចារ្យភូមិសាស្ត្រនៅសាកលវិទ្យាល័យ វិនស្កុនសិន ម៉ាឌីសុន (Wisconsin-Madison) ក្នុងសហរដ្ឋអាមេរិកបានប្រាប់ខេមបូចាថា អ្វីដែលកំពុងកើតឡើងចំពោះទន្លេក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ គឺថាទំនប់វារីអគ្គិសនីនៅក្នុងប្រទេសចិនកំពុងស្តុកទឹកនៅរដូវវស្សា ហើយបញ្ចេញវានៅរដូវប្រាំង ដែលនាំឱ្យទឹកទន្លេមេគង្គកាន់តែច្រើននៅរដូវប្រាំង។
ទឹកដែលកើនឡើងនេះកំពុងបំផ្លាញប្រព័ន្ធអេកូឡូស៊ីនៃទន្លេមេគង្គក្នុងប្រទេសកម្ពុជា ដោយបណ្តាលឱ្យប៉ះពាល់ដល់ព្រៃលិចទឹកតាមរដូវនៅចន្លោះព្រំដែនកម្ពុជា-ឡាវ រហូតដល់ខេត្តស្ទឹងត្រែង នៅភាគឦសាននៃប្រទេសកម្ពុជា។
លោក ប៊ឺត បាននិយាយថា៖ «វាជះឥទ្ធិពលអវិជ្ជមានដល់ប្រភេទសត្វក្នុងទឹកជាច្រើន ក៏ដូចជាការរស់នៅរបស់ប្រជាជនក្នុងតំបន់ផងដែរ»។
លោក ប៊ឺត លើកឡើងថា ទំនប់វារីអគ្គិសនីដនសាហុង មិនប៉ះពាល់ជាចម្បងដល់ទន្លេខ្សែទឹកខាងក្រោម ឬជន់លិចដើមឈើទេ។ ចំពោះទំនប់វារីអគ្គិសនីទាំង១៣នៅភាគខាងត្បូងនៃប្រទេសចិន គឺមានតែពីរប៉ុណ្ណោះដែលមានអាងស្តុកទឹកធំៗដែលអាចស្តុកទឹកបានក្នុងរដូវវស្សា ហើយបញ្ចេញនៅរដូវប្រាំង។
លោក ប៊ឺត បញ្ជាក់ថា៖ «ទំនប់វារីអគ្គិសនីដនសាហុង មានអាងតូចមួយ ហើយវាមិនអាចស្តុកទឹកក្នុងរដូវវស្សា ហើយបញ្ចេញនៅរដូវប្រាំងបានទេ។ វាអាចបណ្តាលឱ្យមានការប្រែប្រួលទឹកប្រចាំថ្ងៃ ប៉ុន្តែវាមិនអាចផ្លាស់ប្តូរកម្រិតទឹកតាមរដូវកាលបានទេ»។
លោក ប៊ឺត ព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមានខ្សែទឹកខាងក្រោមពីទំនប់វារីអគ្គិសនីខ្សែទឹកខាងលើទៅលើកម្រិតទឹកក្នុងរដូវប្រាំងក្នុងទន្លេមេគង្គនៅប្រទេសកម្ពុជា។ លំហូរកើនឡើងទាំងនេះកំពុងជះឥទ្ធិពលអវិជ្ជមានដល់អេកូឡូស៊ីនៃទន្លេ និងជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើវា។
លោក ប៊ឺត បានបន្ថែមថា៖ «មធ្យោបាយដ៏ល្អបំផុត ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ទាំងនេះ គឺសម្រាប់ទំនប់វារីអគ្គិសនីខ្សែទឹកខាងលើ ត្រូវបញ្ចេញទឹកចុះក្រោមតាមរបៀបមួយដែលហូរតាមលំហូរធម្មជាតិ»។
អ្នកស្រី ពុន ច័ន្ទធីតា សមាជិកសកម្មនៃសហគមន៍ព្រះរំកិល សង្កេតឃើញការថយចុះព្រៃឈើកាន់តែច្រើន និងការថយចុះត្រីគួរឲ្យកត់សម្គាល់។ អ្នកស្រីសន្មតថា នេះបណ្តាលមកពីលំហូរទឹកកើនឡើង និងទឹកជំនន់អូសបន្លាយយូរ ដែលកត្តាទាំងពីរនេះរារាំងការលូតលាស់ឫសរបស់ដើមឈើ។
អ្នកស្រីបន្តថា៖ «មូលហេតុដែលព្រៃត្រូវជន់លិច គឺដោយសារតែទឹកហូរខ្លាំងជាងមុន។ ទី២ ដើមឈើត្រាំទឹករយៈពេល៥ឆ្នាំ ហើយទឹកទន្លេមិនស្រក ដូច្នេះទើបដើមឈើមិនចាក់ឬស»។
គណៈកម្មការទន្លេមេគង្គ និងអ្នកនាំពាក្យក្រសួងបរិស្ថាន មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយរបស់ខេមបូចាទេ។
យោងតាមការស្ទង់ឆ្នាំ ២០២០ លោក អ៊ាម សំអ៊ុន រាយការណ៍ពីចំនួនថេរនៃសត្វផ្សោតចំនួន ៨៩ក្បាល។ លោកកត់សម្គាល់ការថយចុះជាប្រវត្តិសាស្ត្រទាំងចំនួនក្បាល និងជួរភូមិសាស្ត្រ។
លោក សំអ៊ុន សង្កត់ធ្ងន់លើតួនាទីរបស់សត្វផ្សោតជាប្រភេទសត្វតំណាង និងជាសូចនាករនៃសុខភាពប្រព័ន្ធអេកូឡូស៊ី។ លោកសង្កត់ធ្ងន់ថា ការខិតខំប្រឹងប្រែងអភិរក្សផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ីទន្លេទាំងមូល។
សត្វផ្សោតមានសារៈសំខាន់ផ្នែកសេដ្ឋកិច្ច ដោយទេសចរណ៍ជាប្រភពចំណូលដ៏សំខាន់សម្រាប់សហគមន៍មូលដ្ឋាន។
វិស័យទេសចរណ៍បានធ្លាក់ចុះ៧០% នៅព្រះរំកិល ដោយសារតែការងាប់សត្វផ្សោត ទោះបីជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់អ្វីទាក់ទាញផ្សេងទៀត គឺបង្ហាញថានឹងបានជោគជ័យក៏ដោយ។
លោក វណ្ណា មើលគ្រោងឆ្អឹងសត្វផ្សោត ដែលដាក់តាំងនៅការិយាល័យទេសចរណ៍ព្រះរំកិល។ គ្រោងឆ្អឹងទាំងនេះ គឺជាសក្ខីភាពដ៏សោះកក្រោះចំពោះការបាត់បង់ប្រព័ន្ធអេកូឡូស៊ី ដែលជាហេតុការណ៍ស្រដៀងគ្នាដ៏គួរឱ្យខ្លាចនៃអ្វីដែលធ្លាប់សម្បូរពាសពេញទឹកទន្លេនេះ។
លោក វណ្ណា និយាយថា៖ «នេះជាអ្វីដែលនៅសល់សម្រាប់ភ្ញៀវទេសចរ និងសម្រាប់កូនចៅរបស់យើងដែលអាចស្រមៃមើលឃើញផ្សោតរស់»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Dams And Climate Change Choke The Mekong: Livelihoods And Ecosystems Are At Stake