សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

គម្រោងព្រែក​ជីក​ហ្វូណន​តេជោ​ដ៏​​មហិច្ឆតា​​របស់​កម្ពុជា បង្កក្តី​កង្វល់​ដល់​​​ពល​​​រដ្ឋ​

អ្នកនេសាទកំពុងរកត្រីតាមដងទន្លេមេគង្គក្បែរព្រែកតាកែវ ដែលនឹងរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
អ្នកនេសាទកំពុងរកត្រីតាមដងទន្លេមេគង្គក្បែរព្រែកតាកែវ ដែលនឹងរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

អ្នក​ស្រី ហៀង ណាំង​​អេង អាយុ ៦០ឆ្នាំ មានការព្រួយបារម្ភ នៅពេលអ្នក​​ស្រី​បាន​​ឮ​​ពាក្យចចាមអារ៉ាមលើក​ដំបូង​អំពីគម្រោងព្រែក​ជីក​ដែល​នឹងប៉ះពាល់​ដល់​ព្រែក​តាហ៊ីង​ដែលនៅជិតកន្លែង​អ្នក​ស្រី​រស់​នៅ។

អ្នកស្រី​បាន​និយាយ​​ថា​៖ «​អ្នក​​ខ្លះ​មាន​​ដី​ច្រើន ចឹង (អ៊ីចឹង) ទោះគេ​រង​ផល​ប៉ះពាល់​​ពី​គម្រោង​នេះ​ ក៏​គេ​នៅ​តែ​អាច​​រើ​ផ្ទះ​​​បាន​ដែរ​។ ប៉ុន្តែ​ខ្ញុំ​​មិន​មាន​ដី​ផ្សេង​ទេ។ ពេល​បង​ប្អូន​ខ្ញុំ​​មក​​​លេង គេ​​​បើក​ទូរសព្ទ​​ស្ដាប់​ព័ត៌មាន​អំពី​ព្រែក​​​ហ្នឹង ខ្ញុំ​​ប្រាប់​គេ​ថា​កុំ​ឲ្យ​​ស្តាប់​អី​»។

អ្នក​​​ស្រី​រស់នៅលើ​ដីតូច​​មួយក្បែរព្រែក​ ស្ទើរតែពេញមួយជីវិតរបស់អ្នក​ស្រី​ទៅ​ហើយ​។ ប្រសិន​បើ​រដ្ឋាភិបាល​ចាប់​ផ្តើម​​​អនុវត្ត​គម្រោង​ជីក​ព្រែក​​នេះ អ្នក​ស្រី​​បារម្ភ​ថា​ អ្នក​ស្រី​​នឹង​បាត់​បង់​ផ្ទះសម្បែង​ ហើយ​​​មិន​​ដឹង​ថា​​នឹង​​រើ​ទៅ​​​​រស់​នៅ​កន្លែង​ណា​​ទេ​។

កម្ពុជា​គ្រោងនឹ​ងចាប់ផ្តើម​បើក​ការដ្ឋានសាងសង់ព្រែក​ជីក​ហ្វូណនតេជោ ដែល​ចំណាយ​​​ថវិកា​​ជា​ទឹក​ប្រាក់​ ១,៧ ពាន់លានដុល្លារ ​នៅឆ្នាំនេះ និង​​បញ្ចប់​ការសាងសង់នៅឆ្នាំ ២០​២៨។ គម្រោងនេះ​គ្រោង​ជីក​​ព្រែក​​ប្រវែង ១៨០ គីឡូម៉ែត្រ តភ្ជាប់ពីរាជ​ធានីភ្នំពេញទៅខេត្ត​កែប ដែលនឹងឆ្លងកាត់ខេត្តចំនួន៤គឺ ខេត្តកណ្តាល តាកែ​វ កំ​ពត និង​ខេត្តកែប​។

សេចក្តី​ថ្លែងការណ៍របស់រដ្ឋាភិបាលធា​នា​ថា ព្រែក​ជីក​​នេះនឹងធ្វើឱ្យប្រសើរឡើងដល់​សេដ្ឋកិច្ចរបស់​ប្រទេស ក៏ដូច​ជាបណ្តាញផ្លូវទឹកក្នុងតំបន់នៅក្នុងទន្លេមេគង្គ។ ប៉ុន្តែ​អ្នក​ភូមិ​បារម្ភ​​ពី​ការ​បាត់​បង់​​ផ្ទះ​​សម្បែង និង​​ជីវភាព​របស់​​ពួក​​គេ​។ គម្រោង​នេះ​​ក៏​នឹង​​កាត់​​បន្ថយ​ការ​ពឹងផ្អែក​របស់​កម្ពុជា​ទៅ​​លើ​ផ្លូវ​ទឹក​របស់​វៀតណាម​សម្រាប់​ធ្វើ​​ពាណិជ្ជកម្ម ​​ដែល​មាន​​ការ​ជាប់​ពាក់​ព័ន្ធ​ផ្នែក​​​​ភូមិសាស្ត្រ​នយោបាយ​​​សម្រាប់​​ទំនាក់ទំនង​​របស់​កម្ពុជា​​ជាមួយ​ចិន​និង​វៀតណាម។  

អ្នក​ស្រី ណាំង​អេង​បាន​និយាយ​ថា៖ «គ្រប់​គ្នា​​ព្រួយ​បារម្ភ ​ព្រោះ​យើង​​រស់​នៅ​កន្លែង​​ហ្នឹង។ ពេល​គេ​រុះរើ យើង​​នឹង​ត្រូវ​​ចំណាយ​​លុយ​​ច្រើន​»។ ក្តី​បារ​ម្ភ​​របស់​​អ្នក​ស្រី​ចំពោះ​​គម្រោង​​នេះ​ក៏​​​ដូច​​គ្នា​នឹង​​​អ្នក​​ភូមិ​​ជាង​​១០នាក់​​​ទៀត​​ដែល​​បាន​​​និយាយ​​ប្រាប់​ខេម​បូចា​ដែរ​​។

ពលរដ្ឋនៅក្បែរ​ព្រែកតាហ៊ីង ក្នុងស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

«មិនមានព័ត៌មាន»

លោក ម៉ូវ សារិន អ្នករត់ម៉ូតូឌុប និងជាអតីតទាហាន ដែលរស់នៅក្បែរ​ព្រែកតាកែវ ស្រុកកៀនស្វាយ ខេត្តកណ្តាល អស់រយៈពេលជាងបីទសវត្សរ៍​មក​ហើយ​ បាន​និយាយថា៖ «មិន​ទាន់មានព័ត៌មាន​ទេ ហើយវាកាន់តែកៀកដល់ពេលដែលការសាងសង់នឹងចាប់ផ្តើម​ហើយ។ បើមាន​សំណង​សមរម្យនោះ​ យើង​អាចទទួល​យក​បាន។ ប៉ុន្តែ​យើង​​ចង់​ដឹង​​ច្បាស់​​ថា តើ​ព្រែក​ជីក​​នេះ​​នឹង​​មាន​ប្រវែងប៉ុន្មាន»។

លោក សារិន ព្រួយ​ចិត្ត​នៅពេលដែល​លោក​បានដឹងជាលើកដំបូងអំពីគម្រោងអភិវឌ្ឍន៍​នេះ​ ដោយបារម្ភថា​ជោគវាសនារបស់លោក​នឹង​ដូចគ្នា​ទៅនឹង​អ្នករស់​នៅ​​តាម​​បឹងតាមោកដែលកំពុងតែជួបប្រទះ។ លោក​​បានឃើញនូវអ្វីដែលលោក​សង្ស័យថាជា​អ្នកវិនិយោគ​ចិនដែលជាប់ពាក់ព័ន្ធក្នុងគម្រោង គឺ​បាន​​បើក​រថយន្ត​​មក​មើល​​ទី​តាំង​​នៅព្រែកតាកែវ ដែលធ្វើឲ្យ​លោក​ព្រួយបារម្ភ ព្រោះ​ថា​លោក​មិនដឹងថា ពួកគេកំពុ​ងធ្វើអ្វី​ទេ ខណៈ​ដែល​អ្នក​ភូមិ​​នៅតែរង់ចាំ​ច​ម្លើយ​។ ក្រុម​ហ៊ុន​សាជីវកម្ម​សាង​សង់​ផ្លូវ និងស្ពានចិន​ដែលគ្រប់គ្រងដោយ​រដ្ឋរបស់ប្រទេស​ចិន បាន​ទទួល​កិច្ច​សន្យា​​ធ្វើការសិក្សាពី​សមិទ្ធិ​លទ្ធផល​​នៃគម្រោង​​នេះ​។

លោក​ ជ័យ សំអាន មេឃុំសំរោងធំ ស្រុកកៀនស្វាយ មិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីរដ្ឋាភិបាលអំពីផលប៉ះពាល់ព្រែក​ជីក​មកលើឃុំរបស់លោកនៅឡើយ​ទេ។

លោក​បាន​និយាយ​ថា៖ «យើង​មិន​ដឹង​ថា ​គេ​នឹង​ត្រូវ​សាងសង់​​នៅ​ត្រង់​​ណា​​ទេ។ អា​ជ្ញាធរ​មិន​ដឹង​ថា​ព្រែក​ជីក​​នេះ​ធំ​ប៉ុន​​ណា​​ទេ ហើយ​​ត្រូវ​ប្រើ​ពេល​​ប៉ុន្មាន​​​ដែរ​»។

លោក​​ថា៖ «[គ្រួសារ] នឹង​​រង​ផល​ប៉ះ​ពាល់ ប៉ុន្តែ​យើង [រដ្ឋាភិបាល] អាច​ផ្ដល់​​សំណង»។ លោក​បា​ន​​បន្ត​ថា ​នឹង​​មិន​​មាន​បញ្ហា​ទេ «កុំឱ្យតែ​យើង​​យក [ដី] របស់​ពួក​គេ​ដោយ​មិន​បាន​ផ្ដល់សំណង​​ឲ្យ​ពួក​គេ​​»។

ផ្ទះ​ប្រក់​ស័ង្កសី​របស់​លោក ម៉ូវ សារិន ដែល​ស្ថិត​នៅ​មាត់​ទន្លេ​មេគង្គ នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២៤។ តំបន់​នេះ​ស្ថិត​នៅ​ចំណុច​ចាប់​ផ្តើម​គម្រោង​ព្រែក​ជីក​​ហ្វូណន​តេជោ តាម​ដង​​​ព្រែកតាកែវ ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ (ខេមបូចា/ព្រីង សំរាំង)

អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា មិន​ផ្តល់ព័ត៌មានជាក់លាក់នោះទេ នៅពេ​លសួរ​អំពីកាល​បរិច្ឆេទចាប់ផ្តើមនៃ​គម្រោងព្រែក​ជីក​នេះ និងប្រភេទ​សំណងបែបណាដែល​នឹងត្រូវ​ផ្តល់ដល់​​ពលរដ្ឋក្នុងតំបន់ដែលរងផលប៉ះពាល់។ លោក​​បាន​​និយាយ​​ថា រដ្ឋាភិបាល​​នឹង​ជូន​ដំណឹង​ដល់​អ្នក​ភូមិ​ «តាម​កាលវិភាគ» របស់​រដ្ឋាភិបាល​។

លោក អំ សំអាត នាយក​​ទទួល​បន្ទុក​​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​និយាយ​ថា៖ «ប្រសិនបើពួកគេ [រដ្ឋាភិបាល] មិនទាន់បានសិក្សាពី​ចំនួនប្រជាជន [ដែលនឹងរងផលប៉ះពាល់] គួរតែសិក្សារឿងនេះឲ្យបាន​លឿន ហើយនិយាយជាមួយអ្នក​ភូមិ​ដើម្បីស្វែងរកដំណោះស្រាយជាមុនសិន​ ហើយកុំធ្វើឱ្យ​ពលរដ្ឋ​ព្រួយបារម្ភ​»។

មិន​មែន​មាន​តែ​អ្នក​ភូមិ​​​ទេ​ដែល​​មើលឃើញ​​​ផល​ប៉ះពាល់​​ដែល​អាច​កើត​មាន​​ពី​ព្រែក​ជីក​នេះ។ លោក រឹម សុខវី អ្នកស្រាវជ្រាវឯក​រាជ្យដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញបាន​និយាយ​ថា គម្រោងនេះនឹងមាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំងទៅលើទំនាក់​ទំនងរបស់​កម្ពុជាជាមួយ​វៀតណាម។

លោក​បាន​បន្ត​ថា​៖ «​វៀតណាម​ពិតជា​មាន​ការ​ព្រួយបារម្ភ​ចំពោះ​គម្រោង​នេះ​។ នៅពេលដែលព្រែក​ជីក​ហ្វូណនតេជោទទួលបានជោគ​ជ័យ កម្ពុជាអាចប្រើប្រាស់វាសម្រាប់ឆ្លងកាត់កំពង់ផែរបស់ខ្លួន ដែលជាក្តីកង្វល់របស់វៀតណាម ព្រោះវៀតណាម​នឹង​បាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច និងបាត់បង់ឥទ្ធិពលនយោបាយនៅកម្ពុជា​ផង​ដែរ»​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

យោងតាមអ៊ីមែលដែលបានផ្ញើជូន​ខេមបូចា គណៈកម្មការទន្លេមេគង្គ ដែលជាអង្គការអន្តររដ្ឋាភិបាលដែលគ្រប់គ្រងធនធានទឹក​រួមគ្នានៃប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម «បាន​ស្នើសុំ និងកំពុងរង់ចាំព័ត៌មានលម្អិតបន្ថែមទៀតនៃគម្រោង​ពីកម្ពុជា»។

គណៈកម្មការទន្លេមេគង្គ​បាននិយាយថា៖ «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជូនដំណឹង (កម្ពុជា) ដើម្បីទទួលបាន​ព័ត៌មានលម្អិតបន្ថែមទៀត» ។

កំពង់ផែស្វយ័តភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

លោក ប្រាយអេន អ៊ីល័រ (Brian Eyler) នាយកនៅមជ្ឈមណ្ឌលស្ទីមសុន និយាយ​ថា នៅពេលដែលប្រទេសកម្ពុជាបានជូនដំណឹងដល់គណៈកម្មការទន្លេមេគង្គ អំពីគម្រោងនេះកាលពីខែសីហា កម្ពុជាបានចាត់ថ្នាក់មិនត្រឹមត្រូវនៃព្រែក​ជីក​ថា​ជា​គម្រោងនៃ​​ដៃទន្លេ ជាជាងគម្រោងទន្លេមេ។ គម្រោងទន្លេមេ​តម្រូវ​ឱ្យមាន​ការពិ​គ្រោះយោបល់ជាសាធារណៈថ្នាក់​តំបន់​ជាមួយ​បណ្តាប្រទេស​ជាសមាជិក ការត្រួតពិនិត្យ​របស់​អ្នកជំនាញបច្ចេកទេស និង​ការបង្ហាញជាសាធារណៈនូវឯកសារពាក់ព័ន្ធ។

បច្ចុប្បន្ន ឯក​សារ​ដែល​មានតែមួយ​គត់ទាក់​ទង​នឹងផែន​ការសម្រាប់គម្រោងនេះ គឺឯកសារ​កាល​ពី​ខែសីហាពីគណៈកម្មាធិការជាតិមេគង្គ​កម្ពុជាជូនដំណឹងដល់​គណៈកម្មការទន្លេមេគង្គ អំពី​គម្រោង​នេះ។ ឯកសារ​​​អះអាង​ថា​នឹង​មិន​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​លំហូរ​​ប្រចាំថ្ងៃ និង​បរិមាណ​លំហូរ​ប្រចាំឆ្នាំ​របស់​ប្រព័ន្ធ​ទន្លេមេគង្គ​ទេ ហើយមាន​​ផល​ប៉ះពាល់​​​សង្គម និង​បរិស្ថាន​តិច​តួច​​បំផុត​។

លោក​បាន​​និយាយ​​ថា៖ «ប៉ុន្តែ​មិន​មាន​ការ​ពិភាក្សា​អំពី​ផល​ប៉ះ​ពាល់​បរិស្ថាន​ជាក់​ស្តែង​ចំពោះ​ទន្លេ​មេគង្គ និង​តំបន់​ទឹក​ជំនន់​ឆ្លង​​ដែន​ក្នុង​ឯកសារ​នោះ​ទេ។ ឯកសារនេះក៏ខ្វះការវិភាគលើការចំណាយ និងអត្ថប្រយោជន៍ និងការពិភាក្សាអំពីរបៀបដែលផលប្រយោជន៍សេដ្ឋកិច្ចនឹង​ហុច​ផល​ឲ្យ​ប្រជាជនកម្ពុជា​ដែរ​»។

លោកអ៊ីល័រ បាន​និយាយ​​ថា គម្រោងនេះអាចបណ្តាលឱ្យតំបន់​ដីសើមបឹងព្រែកល្ពៅ​រីង​ស្ងួត ក៏​ដូច​ជាប៉ះពាល់ដល់កសិកម្ម និងជម្រក​នៃប្រភេទសត្វជិតផុតពូជផង​ដែរ។ ដោយ​​មាន​ផល​ប៉ះ​ពាល់​បរិស្ថាន​ដ៏​សំខាន់​ លោក​​ជឿ​​ជាក់​ថា​​ត្រូវ​ការ​ការ​ពិនិត្យ​​បច្ចេកទេស​ពេញ​លេញ​សម្រាប់​គម្រោង​នេះ​។

វិបត្តិ​លុយកាក់

កាល​ពី​ដើម​ខែ​នេះ នៅតូប​តូច​មួយ​តាម​ដង​​ព្រែក​តា​ហ៊ីង ស្រុក​កោះធំ ខេត្ត​កណ្តាល ស្ត្រី​មួយ​​ក្រុម​មាន​​គ្នា​៥​នាក់​អង្គុយ​ដេរប៉ាក់​បណ្តើរ​ និងជជែក​គ្នា​បណ្តើរ​។ ពួក​គេបានប្រាប់អ្នកយកព័ត៌មាន​ខេមបូចា ថា ពួកគេបាន​ឮ​ពាក្យចចាមអារ៉ាមថា អាជ្ញាធរគ្រោងនឹងចុះមក​តំបន់នេះ ដើម្បី​វាស់វែង​នៅក្នុងខែ​មេសា ដើម្បី​ត្រៀម​ជីក​ព្រែក​។ ស្ត្រី​ទាំង​នោះ​​ខ្លាច​បាត់បង់​ដី និង​​ផ្ទះ​សម្បែង​របស់​ពួក​គេ ប្រសិន​បើ​ព្រែក​​​​ត្រូវ​ជីក​​​នៅ​តំបន់​នេះ។

ទោះបីជាមានការសន្យាថានឹងផ្តល់សំណងក៏ដោយ ក៏ពួកគេព្រួយ​បារម្ភ​ថា ការ​ចំណាយ​អាច​លើសផ្ទះ​ដែល​មាន​ស្រាប់។ លើស​ពីនេះ ការ​ចំណាយ​​លើ​ការ​​ការសាងសង់​ផ្ទះថ្មីនៅកន្លែង​ផ្សេងទៀត​អាច​ច្រើន​លើស​លុប​។

ពលរដ្ឋនៅក្បែរ​ព្រែកតាហ៊ីង ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង​ សំរាំង​)

កសិករ និងអ្នកលក់ត្រីដែល​​ខេមបូចា​បាន​សម្ភាស បាន​និយាយ​ថា ពួកគេ​ប្រើប្រាស់ទឹកពីព្រែក​ដើម្បីចិញ្ចឹម​ជីវិត ហើយបារម្ភថាពួកគេ​នឹងមិនអាច​ប្រើ​ទឹក​ព្រែក​នេះ​បាន​ទេ​​ពេល​គេ​សាងសង់ព្រែកជីករួច​។

លោក ស៊ូ ថន ប្រជាពលរដ្ឋ​ឃុំ​ព្រែកតាឯក ស្រុក​ស្អាង ខេត្ត​កណ្តាល ដែល​​មាន​មុខ​របរ​លក់​ត្រី​ ​បាន​និយាយ​ថា៖ «​បើ​យើង​ដឹង​​ថាបាន​ប្រាក់​សំណង​ យើង​អាច​ទៅ​រស់​នៅ​កន្លែង​ថ្មី​»។

លោក​​បន្ត​ថា​៖ «​​រាល់​ថ្ងៃ​យើង​មិន​សប្បាយ​ចិត្ត​ទេ​ ​ព្រោះ​យើង​មិន​ដឹង​ថា​ពេល​ណា​គេឱ្យ​​សំណង​។ តើ​យើង​អាច​ទៅ​​នៅ​ឯ​ណា បើយើង​​គ្មាន​លុយ? នេះ​ជា​អ្វី​ដែល​យើង​ពិត​ជា​ចង់​​ដឹង»។

លោក ស៊ូ ថន ដែលរស់នៅក្បែរ​ព្រែកតាឯក ក្នុងស្រុកស្អាង ខេត្តកណ្តាល ចង្អុលទៅតំបន់ដែលប្រជាពលរដ្ឋប្រើប្រាស់ធ្វើកសិកម្ម នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បាននិយាយក្នុងសារតេលេ​ក្រាម ថា ក្រសួង​បានធ្វើការ​សិក្សាបឋម​អំពីផលប៉ះពាល់របស់គម្រោងលើមនុស្ស បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច ហើយបន្តសិក្សាពីកត្តាទាំងនេះឱ្យបានលម្អិតបន្ថែមទៀត។

លោក​ថា៖ «ក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏នឹងវាយតម្លៃផលប៉ះពាល់លើអ្នកភូមិ​ «នាពេលខាងមុខ​ដែរ»។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក បូណា បាន​និយាយ​ថា៖ «ប្រជាពលរដ្ឋគាត់អត់មានព្រួយបារម្ភ​​ទេ។ គាត់​សប្បាយរីករាយ​​នៅ​ពេលដែល​​បាន​ដឹង​​ដំណឹងពី​ [​ព្រែក​ជីក​] ​ទូទាំង​​ប្រទេស មិន​មែន​ត្រឹមតែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទេ​ ព្រោះ​ជាផល​​ប្រយោជន៍​​របស់​​ប្រទេស​ទាំង​​មូល​»។

ការ​ខ្លាច​ប្រឆាំង​នឹង​​រដ្ឋាភិបាល

លោក ឡឹង វេង មេ​ភូមិ​លេខបួន ស្រុក​​​ស្អាង បាន​​និយាយ​​​ថា មាន​​​​ពល​រដ្ឋ​​ប្រ​មាណ ៤០០​​គ្រួសារ​​រស់នៅ​តាម​ដង​​ព្រែក​តាឯក ក្នុង​​ភូមិ​របស់​លោក​។

លោក​បាន​បន្ត​ថា​៖ «​សម្រាប់​ប្រជាជន​ដែល​រស់នៅ​ឆ្ងាយ​ពី​ភូមិ​នេះ គេ​សប្បាយចិត្ត​ពេល​​ឃើញ​ការ​អភិវឌ្ឍ ប៉ុន្តែ​អ្នក​រស់​នៅ​ទីនេះ​មិន​សប្បាយ​ចិត្ត​ទេ​​។ ​ទោះ​ផ្ទះ​គេ​តូច​ ​ក៏​គេ​មិន​ចង់​ចាក​ចេញ​ដែរ​។ ប៉ុន្តែ​នេះ​ជា​គម្រោង​របស់​រដ្ឋាភិបាល ហើយ​យើង​មិន​​អាច​ប្រឆាំង​បាន​​ទេ​»។

លោក ស៊ូ ថន អ្នកលក់ត្រី​​ ស្ទាក់ស្ទើរ​ក្នុងការ​ជំទាស់នឹងការអភិវឌ្ឍព្រែកជីក​នេះ​ ទោះបី​ជាមាន​ការ​បារម្ភពីសហគមន៍របស់លោក​ក៏ដោយ។

លោក​ថា៖ «យើងមិន​អាចប្រឆាំង​បាន​ទេ។ ដូច្នេះ​អ្វី​ដែល​សំខាន់​គឺ​មាន​សំណង​សមរម្យ ​ដើម្បី​​អាច​​រក​កន្លែង​​ថ្មី​បាន​»។

ពលរដ្ឋ​នៅ​ក្បែរ​​​ព្រែក​តា​​ឯក ស្ថិត​ក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ខេមបូចា/ព្រីង សំរាំង)

​លោក អូន ឆេងប៉រ អ្នក​ស្រាវជ្រាវ​នៅ​វេទិកា​អនាគត​​បាន​និយាយ​​ថា ការ​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​ គឺ​ជា​ផ្នែក​មួយ​នៃ​គោលដៅ​ចុងក្រោយ​របស់​គម្រោង។ លោកបាន​និយាយ​នៅក្នុងសារតេលេក្រាម​ថា ព្រែកជីកគឺជាមធ្យោបាយមួយសម្រាប់គណបក្សប្រជាជនកម្ពុជា ​ដែលកំពុងកាន់អំណាច​ក្នុងការ​លើកតម្កើង​​​ជាតិ​និយមក្នុងប្រទេស ក្នុងកិច្ចខិតខំប្រឹង​ប្រែងដើម្បីស្ដារឡើងវិញ​នូវភាព​រុងរឿង​ពីអតីតកា​ល​របស់​កម្ពុជា​​។ ប្រសិន​​បើ​​​គម្រោង​​នេះ​ទទួល​បាន​ជោគ​ជ័យ លោក​និយាយ​​ថា វា​អាច​ជួយ​ពង្រឹង​ការ​គាំទ្រ​បន្ថែម​​ទៀត​​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​ថ្មី​របស់​​កម្ពុជា​​។ 

លោក​ថា៖ «ដោយ​គម្រោងមាន​ដំណើរ​ការ​ទៅ​មុខ​ វាគឺជាការបញ្ជាក់ឡើងវិញដោយស្ងៀម​ស្ងាត់​អំ​ពីការប៉ុនប៉ង​របស់កម្ពុជាក្នុងការស្វែងរក​ស្វ័យភាពកាន់តែច្រើន​​ជាមួយ​ប្រទេស​ជិតខាងភាគខាង​កើត ដោយ​មាន​​ការ​ជ្រោម​ជ្រែង​ពីប្រទេស​​ចិន​។ ចំពោះ​​គណបក្ស​​ប្រជាជន​កម្ពុជា ទំនាក់​ទំនង​ជាមួយ​វៀត​​ណាម និង​​ចិន ​គឺ​មាន​សារៈ​សំខាន់ស្មើ​គ្នា​ និង​សំខាន់​​ជា​យុទ្ធសាស្ត្រ​»។

ប៉ុន្តែទោះជា​មាន​គោលដៅគោលនយោបាយការបរទេសរបស់កម្ពុជាសម្រាប់គម្រោងនេះ​យ៉ាង​ណា​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ដូចជា អ្នក​ស្រី ឌឿ សៀង នៅ​ស្រុក​គៀនស្វាយ ខេត្តកណ្តាល នៅតែចង់ដឹងថា​តើព្រែក​ជីក​នេះនឹង​ប៉ះពាល់ដល់​ផ្ទះរបស់ពួកគេ​យ៉ាងដូចម្តេច។ អ្នក​ស្រី សៀង អាយុ ៦៥ ឆ្នាំ បានរស់នៅតាមដងព្រែកតាកែវ តាំងពីឆ្នាំ ១៩៧៩ ហើយបាននិយាយថា ព័ត៌មានតែមួយគត់ដែលអ្នក​ស្រី​បានទទួល​អំពី​គម្រោងនេះ គឺបាន​មកពីហ្វេសប៊ុក​។

ប្រជាពលរដ្ឋនៅជិតព្រែកតាកែវ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

អ្នក​ស្រី​រស់​​នៅ​​ដោយ​​ភ័យ​ខ្លាច​បាត់បង់​ផ្ទះសម្បែង​ និង​ដីធ្លី​ ហើយ​សង្កត់​ធ្ងន់​ថា អ្នក​ស្រី​ និង​អ្នក​​ជិត​​ខាង​​ត្រូវ​ការ​​​សំណង​​​គ្រប់គ្រាន់។ ពល​រដ្ឋ​មាន​​បញ្ហា​លុយ​កាក់​​រួច​​ទៅ​ហើយ ​ដោយ​សារ​ «គ្រប់​​គ្នា​ជំពាក់​​ធនាគារ​»។

អ្នកស្រី​បាន​និយាយ​ថា៖ «ពល​រដ្ឋ​​ព្រួយ​​បារម្ភណាស់​។ ​​មិន​ដឹង​ថា​​នឹង​ទៅ​រក​ស៊ី​​នៅ​ឯណា​ទេ។ «[គម្រោង​​នេះ] ជា​​អ្វី​ដែល​រដ្ឋ​​ត្រូវ​ការ ដូច្នេះ​រឿង​សំខាន់ ​គឺ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​ពល​រដ្ឋ»​៕

ប្រជាពលរដ្ឋនៅក្បែរព្រែកតាហ៊ីង ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ Cambodia’s Ambitious Funan Techo Canal Project Sparks Concerns Near and Far

ព័ត៌មានថ្មី

អត្ថបទពេញនិយម