បាត់ដំបង៖ ប្រជាពលរដ្ឋតំណាងឱ្យពលរដ្ឋជាង ៣០០គ្រួសារ រស់នៅភូមិរាំងកេសី និងភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង បានសម្តែងការមិនសុខចិត្ត ខណៈមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានស្នើឱ្យរារាំងការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ ដោយលើកឡើងថា ប៉ះពាល់ដីអាងទឹករបស់រដ្ឋ។ ការរារាំងនេះ បានកើតឡើងបន្ទាប់ពីមន្រ្តីសូរិយោដីបានចុះវាស់វែងដីធ្លីជាប្រព័ន្ធ និងបានចេញបង្កាន់ដៃជូនពលរដ្ឋ រហូតដល់ដំណាក់កាលបិទផ្សាយឯកសារ ដើម្បីឱ្យផ្ទៀងផ្ទាត់ទិន្នន័យរួចទៅហើយនោះ។
ក្រោយប្រជាពលរដ្ឋសម្តែងការព្រួយបារម្ភ និងតវ៉ា អាជ្ញាធរភូមិទាំងពីររួមជាមួយមេឃុំរាំងកេសី កំពុងប្រមូលស្នាមមេដៃប្រជាពលរដ្ឋជាលើកទីពីរ ដើម្បីដាក់សំណើសុំទៅថ្នាក់លើតាមលំដាប់ថ្នាក់ រហូតដល់រាជរដ្ឋាភិបាល ដើម្បីជួយអន្តរាគមន៍ និងដោះស្រាយជូនពួកគាត់។
ឈរនៅពីមុខគោមេមួយក្បាល ក្បែររោងចម្បើង លោក ផាត់ កុសល អាយុជាង ៤០ឆ្នាំ រស់នៅភូមិវត្តកណ្តាល ឃុំរាំងកេសី ជាមួយនឹងទឹកមុខក្រៀមក្រំ បានសម្តែងក្តីអស់សង្ឃឹមយ៉ាងខ្លាំង នៅពេលដឹងថាដីស្រែចំនួន ៣ហិកតា របស់លោក ដែលបានអាស្រ័យផល ៣ជំនាន់មកហើយ តាំងពីឆ្នាំ១៩៨០ (តាំងពីជីតា បន្តមកឪពុក និងចែកបន្តមកលោក) បែរជាមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អះអាងថា ជាដីអាងទឹករបស់រដ្ឋ និងរារាំងមិនឱ្យចេញបណ្ណកម្មសិទ្ធិស្របច្បាប់ទៅវិញ។
លោកត្អូញត្អែរថា៖ «បច្ចុប្បន្នខ្ញុំមានកូន ៣នាក់ មានតែរបរធ្វើស្រែនេះឯងគ្រាន់បានចិញ្ចឹមជីវិតប្រចាំថ្ងៃ និងឱ្យពួកគេបានរៀនសូត្រ។ ដីនេះគ្រួសារខ្ញុំធ្វើ ៣ជំនាន់ហើយ… បច្ចុប្បន្នដីស្រែនេះនៅជំពាក់ធនាគារជាង ៧០លានរៀល ដោយសារទិញដីស្រែថែមពីរបីឆ្នាំមុន! អ្នកភូមិនេះជាប់បំណុលធនាគារស្ទើរទាំងអស់ហ្នឹង! ដល់ពេលរដ្ឋថាចឹង តើបានអីសងគេ?»
ពលរដ្ឋម្នាក់ទៀត លោក ចាន់ ធី អាយុជាង ៦០ឆ្នាំ មានកូន ៨នាក់ក្នុងបន្ទុក ឈរជាមួយអ្នកភូមិផ្សេងទៀត ដៃម្ខាងចង្អុលទៅស្រែមួយហិកតាដែលគាត់ធ្វើរាល់ឆ្នាំ បានរៀបរាប់ថា លោកបានរស់នៅ និងធ្វើស្រែនៅទីនេះច្រើនជំនាន់មកហើយ តាំងពីឆ្នាំ១៩៨០ ដែលកាលណោះគ្មានផ្លូវធ្វើដំណើរទេ មានតែផ្លូវរទេះគោ និងសព្វសត្វព្រៃ ទម្រាំកាប់ឆ្ការបានដីធ្វើស្រែ។
លោកបន្តថា ដោយសារមានដីស្រែតិចតួច លោកបានដាំដុះដំណាំបន្ថែមនៅជុំវិញផ្ទះ ដើម្បីបង្កើនប្រាក់ចំណូលចិញ្ចឹមគ្រួសារ។ ដោយសារជីវភាពខ្វះខាត កូនម្នាក់បានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ តែមិនទាន់បានត្រឡប់មកវិញ ហើយកូនខ្លះទៀតទៅធ្វើការសំណង់។
លោកលើកឡើងថា កាលពីខែឧសភា ឆ្នាំ២០២៦ មានមន្រ្តីសូរិយោដីចុះមកចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដើម្បីឱ្យប្រជាពលរដ្ឋបានកាន់កាប់ដីធ្លីស្របច្បាប់ អ្នកស្រុកម្នាក់ៗសប្បាយចិត្តយ៉ាងខ្លាំង។ ប៉ុន្តែស្រាប់តែនៅចុងខែសីហា ឆ្នាំ២០២៦ នេះ មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម បានមកស្នើឱ្យផ្អាកការផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទៅវិញ ដោយសំអាងថាដីមួយចំនួនជាប់ជាដីអាងរបស់រដ្ឋ។
លោក ចាន់ ធី បន្ថែមថា៖ «និយាយរួមគ្មានអាងបុរាណអីទេ អាងនេះធ្វើនៅសម័យអាពតសោះ! ខ្ញុំធ្វើតពីរម៉ែឪ តាំងពីឆ្នាំ៨០-៨១ មករស់នៅភូមិចាស់ តពីដូនតាពីមុនៗមក។ ផ្លូវថ្នល់កៅស៊ូ និងក្រួសក្រហមកើតមានសព្វថ្ងៃនេះ ពីមុនជាថ្នល់រទេះទេ»។
លោកបន្តទៀតថា៖ «បច្ចុប្បន្ននៅជំពាក់ធនាគារ ដោយដាក់ប្លង់ទន់បញ្ជាក់ពីភូមិឃុំ។ ខ្ញុំមានដីស្រែតែ ១ហិកតា ជំពាក់គេ ៧ ០០០ ដុល្លារ យកមកធ្វើស្រែផង និងចិញ្ចឹមកូនចៅផង! បើគេដកហូត បានអីសងគេ និងចិញ្ចឹមកូន? ខ្ញុំសំណូមពររាជរដ្ឋាភិបាលជួយប្រជាពលរដ្ឋផង កាត់ឆ្វៀលចោលទៅ កុំឱ្យដាក់ឈ្មោះថាអាងបុរាណអី»។
បើតាមអាជ្ញាធរភូមិបានឱ្យដឹងថា ប្រជាពលរដ្ឋ ២ភូមិ គឺភូមិវត្តកណ្តាល និងភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ប្រមាណជាង ៣០០គ្រួសារ លើផ្ទៃដីស្រែ និងដីភូមិសរុបជាង ៧០០ហិកតា បានអាស្រ័យផល និងកាន់កាប់ខ្លះតាំងពីឆ្នាំ១៩៨០ ហើយខ្លះទៀតបានទិញតៗគ្នាពីអ្នកភូមិ។

អ្នកស្រី តិ សារ៉ាយ សមាជិកប្រជាការពារភូមិកណ្តាល បានអះអាងថា អ្នកស្រីបានមករស់នៅភូមិនេះតាំងពីឆ្នាំ១៩៨២ មកម៉្លេះ ពោលគឺតាំងពីមិនទាន់មានប្រឡាយទឹក និងផ្លូវធ្វើដំណើរ ហើយតំបន់នេះសុទ្ធសឹងជាព្រៃ។ កាលដើមឡើយ ឪពុករបស់អ្នកស្រី និងប្រជាជនបានខិតខំកាប់ឆ្ការព្រៃ និងកាយដំបូកធ្វើស្រែទាំងលំបាក ហើយមុនពេលឪពុកចែកឋាន គាត់បានចែកដីនេះបន្តមកឱ្យអ្នកស្រី។
អ្នកស្រីរំលឹកថា ប្រជាពលរដ្ឋខំប្រឹងប្រែងតាំងពីបាតដៃទទេ។ ក្នុងសម័យសង្គ្រាម តំបន់នេះត្រូវបានខ្មែរក្រហមចាត់ទុកជា «ភូមិផេះ» ដែលត្រូវតែវាយយកឱ្យបាន។ ពេលនោះ គ្រាប់ផ្លោងធ្លាក់ចូលក្នុងភូមិស្ទើរលួសថ្ងៃ ប៉ុន្តែអ្នកភូមិ ឪពុក និងប្អូនរបស់អ្នកស្រី បានតស៊ូប្រយុទ្ធដើម្បីការពារភូមិ។
អ្នកស្រីបន្តថា៖ «កាលណោះ ប្អូនប្រុសបង្កើត និងបងជីដូនមួយរបស់ខ្ញុំបានស្លាប់ដោយសារត្រូវគ្រាប់ខ្មែរក្រហម។ ចំណែកបងប្រុសបង្កើតត្រូវកំបុតជើង ហើយជីដូនគាត់ពិការដៃជើងរស់ដល់សព្វថ្ងៃ ដោយសារតែនៅការពារភូមិហ្នឹង!»។
អ្នកស្រីបានបន្តទៀតថា ក្រោយមកក្រសួងពាក់ព័ន្ធបានចុះមកអភិវឌ្ឍន៍ប្រព័ន្ធទឹក ដោយមានប្រឡាយអាចឱ្យធ្វើស្រែបាន ២ដងក្នុងមួយឆ្នាំ និងមានផ្លូវខ្វាត់ខ្វែងសម្រាប់ធ្វើដំណើរ និងដឹកជញ្ជូនកសិផលរហូតមកដល់បច្ចុប្បន្ន។
សមាជិកភូមិរូបនេះបន្ថែមថា នៅខែឧសភា ឆ្នាំ២០២៦ មន្រ្តីសូរិយោដីបានចុះមកវាស់វែងដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋ រហូតដល់ដំណាក់កាលវាស់វែង ចេញកន្ទុយបណ្ណ បង្ហាញទំហំដី និងបិទប្រកាសផ្ទៀងផ្ទាត់ទិន្នន័យ ដែលធ្វើឱ្យអ្នកស្រុកសង្ឃឹមថានឹងបានប្លង់កម្មសិទ្ធិស្របច្បាប់ដើម្បីដោះស្រាយជីវភាព។ ប៉ុន្តែបែរជាមន្ទីរធនធានទឹក អះអាងថាដីជាង ៧០០ហិកតានោះ ជាដីអាងទឹករបស់រដ្ឋទៅវិញ កាលពីចុងខែសីហាកន្លងទៅ។
អ្នកស្រី តិ សារ៉ាយ បន្ថែមថា៖ «សូម្បីដីអត់ប្លង់រឹង ក៏ដីទាំងនេះរបស់អ្នកភូមិនៅជាប់ធនាគារស្ទើរទាំងអស់ដែរ ដោយប្រើប្លង់បណ្តោះអាសន្នចេញពីភូមិឃុំ។ ខ្ញុំផ្ទាល់ក៏ដាក់ធនាគារតាំងពីឆ្នាំ២០១៥-២០១៦ ម្ល៉េះ។ ក្នុង ១០គ្រួសារ មានអត់តែ ១គ្រួសារប៉ុណ្ណោះដែលមិនបានខ្ចីធនាគារ ដើម្បីយកលុយមកជួលគ្រឿងចក្រកាយដំបូក ធ្វើភ្លឺ និងធ្វើស្រែ»។
ទោះជាយ៉ាងណា អ្នកស្រីបញ្ជាក់ថា លោកមេឃុំបានចុះមកប្រជុំជាមួយប្រជាពលរដ្ឋនៅភូមិវត្តកណ្តាល កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា នេះ ខណៈពេលព្រឹកថ្ងៃដដែលបានប្រជុំនៅភូមិរាំងកេសី ដើម្បីប្រមូលស្នាមមេដៃប្រជាពលរដ្ឋជាលើកទីពីរ ក្នុងគោលបំណងដាក់សំណើសុំឱ្យរាជរដ្ឋាភិបាល ជួយអន្តរាគមន៍ទៅក្រសួងធនធានទឹក ឱ្យលុបពាក្យថាជា “ដីអាង” ដើម្បីផ្តល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលបានអាស្រ័យផល និងកាន់កាប់យូរឆ្នាំមកហើយ។
រៀបរាប់ទាំងអួលដើមក និងស្រក់ទឹកភ្នែកដោយក្តីអាណិតដល់អ្នកភូមិ អ្នកស្រី តិ សារ៉ាយ បានពោលថា៖ «ខ្ញុំអួលដើមក ទប់ទឹកភ្នែកមិនបានទេ… ខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលនឹងផ្តល់សិទ្ធិកាន់កាប់ដីធ្លីហ្នឹងជូនប្រជាពលរដ្ឋ។ ពួកខ្ញុំស្លាប់ទៅក៏មិនស្តាយក្រោយដែរ ២០ឆ្នាំទៀតខ្ញុំ៨០ឆ្នាំជាងហើយ តែសូមទុកឱ្យកូនចៅតទៅទៀតឱ្យគ្នាមានប្លង់ហ្នឹងទៅ។ យាយចែកឱ្យឪពុក ឪពុកចែកឱ្យកូន ពេលខ្វះខាតលុយកាក់បានដាក់ប្លង់ធនាគារចិញ្ចឹមកូន ឱ្យកូនបានរៀន និងដោះស្រាយជីវភាព»។
ចំណែកលោក សាមុត រស្មី មេភូមិរាំងកេសី បានឱ្យដឹងដែរថា នៅក្នុងភូមិរបស់លោក មានប្រជាជនរស់នៅប្រមាណ ១៧១គ្រួសារ លើផ្ទៃដីជាង ៣០០ហិកតា ដែលមន្ទីរធនធានទឹកថាប៉ះពាល់ដីអាង ហើយមិនព្រមឱ្យចេញបណ្ណកម្មសិទ្ធិ។ បច្ចុប្បន្ន អាជ្ញាធរភូមិ និងឃុំកំពុងប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលឱ្យជួយដោះស្រាយ។
លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំកំពុងសម្របសម្រួល ដោយប្រមូលបានប្រជាជនជាង ១០០គ្រួសារហើយ។ យើងកំពុងធ្វើការជាមួយលោកមេឃុំ សុំឱ្យរាជរដ្ឋាភិបាលជួយសម្រួលដល់ប្រជាពលរដ្ឋ ដោយផ្តិតមេដៃធ្វើតាមរចនាសម្ព័ន្ធ ភូមិ ឃុំ ស្រុក ខេត្ត រហូតដល់រាជរដ្ឋាភិបាល»។
លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ បានឆ្លើយតបនឹងសំណួរជុំវិញបញ្ហានេះយ៉ាងខ្លីថា៖ «អាជ្ញាធរកំពុងរៀបចំសំណើទៅថ្នាក់លើហើយ ចំនួន [ប្រជាពលរដ្ឋ និងទំហំដី] កំពុងស្រង់នៅឡើយ»។
ជុំវិញករណីនេះ សារព័ត៌មានខេមបូចា មិនអាចទំនាក់ទំនងប្រធានមន្ទីរ និងប្រធានរដ្ឋបាលមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង រួមទាំងលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំការបំភ្លឺបានទេ គិតត្រឹមម៉ោងចេញផ្សាយនេះ។

ដោយឡែក លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា ដីស្រែ និងដីភូមិខាងលើនេះ គឺស្ថិតក្នុងទីតាំងអាងទឹក រាំងកេសី ដែលបានកសាងឡើងតាំងពីសម័យប៉ុលពត ហើយបងប្អូនប្រជាជនរស់នៅតំបន់នោះសុទ្ធតែបានដឹងទាំងអស់គ្នា។
លោកបញ្ជាក់ថា អាងទឹករាំងកេសីនេះ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសារពើភ័ណ្ឌរបស់មន្ទីរ ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម តាំងពីយូរណាស់មកហើយ។
លោកបន្ថែមថា៖ «[រដ្ឋ] ឱ្យប្រជាជននៅតំបន់នោះអាស្រ័យផលយូរហើយ! បើនិយាយពីការអាស្រ័យផលក្នុងអាងទឹក ក្នុងខេត្តបាត់ដំបង ក៏ដូចជាទូទាំងប្រទេសដែរ គឺមានគ្រប់អាង សូម្បីអាងទឹកកំពីងពួយក៏មានដែរ»។
លោកប្រធានមន្ទីរមិនបានបញ្ជាក់ថា ផ្ទៃអាងមានទំហំប៉ុន្មានហិកតានោះទេ ប៉ុន្តែលោកថាអាងទឹកនេះមានភ្លឺព័ទ្ធជុំវិញ។ ចំពោះបញ្ហានេះ ខាងរដ្ឋបាលស្រុកបានចុះដោះស្រាយមួយជំហានហើយ ហើយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង មិនមានសិទ្ធិក្នុងការសម្រេចយ៉ាងណានោះឡើយ។
សារព័ត៌មានខេមបូចា ក៏មិនអាចទំនាក់ទំនងលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ដើម្បីសុំការបំភ្លឺបន្ថែមបានដែរ គិតត្រឹមម៉ោងចេញផ្សាយនេះ។
ទោះជាយ៉ាងណាក៏ដោយ លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំតំបន់ បានលើកឡើងថា ក្នុងករណីនេះ ខាងក្រសួងធនធានទឹកគួរតែមានការលះបង់ចំណែកដីខ្លះឱ្យប្រជាពលរដ្ឋ ដោយហេតុផលថាពួកគាត់បានអាស្រ័យផលជាយូរណាស់មកហើយ។ ក្នុងនាមសង្គមស៊ីវិល លោកស្នើសុំឱ្យឯកឧត្តមអភិបាលខេត្ត បង្កើតក្រុមការងារមួយចុះអង្កេតស្រាវជ្រាវឱ្យបានច្បាស់លាស់ ថាមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលធ្លាប់អាស្រ័យផល និងទំហំផ្ទៃដីប៉ះពាល់មានចំនួនប៉ុន្មានពិតប្រាកដ។
លោក អ៊ិន គង់ជិត បានបន្ថែមថា៖ «គួរតែមានការស្រាវជ្រាវឱ្យបានច្បាស់លាស់ ព្រោះដីខ្លះវានៅបម្រើប្រយោជន៍សាធារណៈ ប៉ុន្តែដីខ្លះប្រជាពលរដ្ឋបានអាស្រ័យផលចិញ្ចឹមជីវិតយូរឆ្នាំមកហើយ! បើសិនជាដកហូតយករបស់ពួកគាត់ទៀត នឹងធ្វើឱ្យគាត់គ្មានផ្ទៃដីផលិតស្បៀងទ្រទ្រង់គ្រួសារឡើយ។ ត្រង់នេះ អាជ្ញាធរខេត្តគួរពិចារណាឱ្យបានល្អិតល្អន់ ដោយពិនិត្យលើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះបានពន្យល់ថា ផ្អែកតាមមាត្រា៣៨ នៃច្បាប់ភូមិបាល ដើម្បីក្លាយជាកម្មសិទ្ធិករលើអចលនវត្ថុ លុះត្រាតែភោគៈនោះត្រូវបានកាន់កាប់ដោយពិតប្រាកដ គ្មានអំពើហិង្សា ដឹងឮជាសាធារណៈ គ្មានការអាក់ខាន និងកាន់កាប់ដោយសុចរិត។ បើផ្អែកតាមមាត្រាច្បាប់នេះ ប្រជាពលរដ្ឋខាងលើគឺជាភោគីស្របច្បាប់ ដោយសារពួកគាត់បានបំពេញលក្ខខណ្ឌទាំង ៥ ខាងលើរួចរាល់ហើយ។
លោកបានបន្ថែមទៀតថា៖ «ព្រោះអីពួកគាត់កាន់កាប់ និងអាស្រ័យផលកន្លងមក… បើសិនជាស្ថាប័នធនធានទឹក តម្រូវឱ្យគាត់ធ្វើកិច្ចសន្យាមួយជាការខ្ចី ឬសុំប្រើប្រាស់ អាហ្នឹងបានន័យថាគាត់អាស្រ័យលើដីឯកជនរបស់រដ្ឋ។ ប៉ុន្តែកន្លងមក ពួកគាត់មិនដែលបានធ្វើ [កិច្ចសន្យា] បែបហ្នឹងនោះទេ»។
លោក ផាត់ កុសល អាយុជាង ៤០ឆ្នាំ រស់នៅភូមិកណ្តាល ដែលមានដីស្រែ ៣ហិកតា សម្រាប់បង្កបង្កើនផលចិញ្ចឹមកូន ៣នាក់ក្នុងបន្ទុក បានសម្តែងក្តីសង្ឃឹមថា ប្រមុខរាជរដ្ឋាភិបាលនឹងជួយដោះស្រាយផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំង២ភូមិ ជាង ៣០០គ្រួសារ ឱ្យបានកាន់កាប់ដីស្រែ និងដីភូមិដោយស្របច្បាប់ ព្រោះបើពិតជារដ្ឋដកហូតមែននោះ ប្រជាពលរដ្ឋមុខជាជួបការលំបាកយ៉ាងខ្លាំង។
លោក កុសល បានបន្ថែមថា៖ «ខ្ញុំសំណូមពរឱ្យក្រសួងជួយដោះស្រាយ ធ្វើម៉េចឱ្យប្រជាពលរដ្ឋបានប្លង់រឹងមក! បើគ្មានប្លង់ទេគឺពិបាកណាស់ ហើយខាងធនាគារគេថា តំបន់នេះជាតំបន់ក្រហម មិនឱ្យខ្ចីលុយទៀតទេ។ បើអស់ដី មិនដឹងទៅរកស៊ីអីចិញ្ចឹមប្រពន្ធកូន មានតែទៅធ្វើការរោងចក្រ ឬចំណាកស្រុកប៉ុណ្ណោះ»៕










