ខេត្តបាត់ដំបង៖ កសិករមួយក្រុមក្នុងឃុំឫស្សីក្រាំង ស្រុកមោងឫស្សី កំពុងអង្គុយត្រមោងក្បាលជង្គង់ ទាំងទឹកមុខក្រៀមក្រំ ជជែកគ្នាពីរឿងមេឃរាំងភ្លៀងអស់ជាច្រើនខែ។ វិបត្តិអាកាសធាតុនេះបានធ្វើឱ្យស្រូវពង្រោះដើមដៃរបស់ពួកគាត់ ដែលបានព្រោះតាំងពីខែឧសភា (ជាង៣ខែមកហើយ) បែរជាក្រៀមស្វិត ហើយកន្លែងខ្លះលូតលាស់មិនទាន់បានមួយចង្អាមផង។ ប៉ុន្តែតំបន់ខ្លះក្នុងខេត្តនេះបែរជាជួបគ្រោះទឹកជំនន់ទៅវិញ។
លោក ឃឹម អាន អាយុ ៥០ឆ្នាំផ្លាយ មានកូន៤នាក់ក្នុងបន្ទុក រស់នៅភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ដោយសារការពិបាកចិត្តរឿងជីវភាពខ្វះខាតខ្លាំង លោកក៏មានជំងឺប្រចាំកាយជាប់ខ្លួនផងដែរ។ លោកត្អូញត្អែរថា ដីស្រែ៣ហិកតារបស់លោកដែលបានព្រោះតាំងពីខែឧសភា តាមធម្មតាបើដល់ខែនេះត្រូវប្រមូលផលហើយ ប៉ុន្តែឆ្នាំនេះស្រូវដុះបានត្រឹមមួយចង្អាម ឆេះខ្លោចងាប់អស់ដោយសារគ្មានភ្លៀងធ្លាក់ច្រើនខែ ពោលគឺមានភ្លៀងធ្លាក់ដែរតែតិចតួចប៉ុណ្ណោះ។
លោក ឃឹម អាន បានរៀបរាប់ទាំងទឹកមុខស្រពោនថា៖ «ដើមឆ្នាំនេះ ខ្ញុំសង្ឃឹមថាធ្វើស្រែដើមដៃបានផលសងបំណុលគេ ៣លានរៀល ដែលជំពាក់កាលពីធ្វើស្រែខាតឆ្នាំមុន។ តែឥឡូវស្រូវងាប់អស់បែបនេះ ជំពាក់គេកាន់តែច្រើនថែមទៀត មិនដឹងបានអីសងគេទេ! ពិបាកចិត្តណាស់ ខ្ញុំមានជំងឺជាប់ខ្លួន ធ្វើអីក៏មិនកើតទៀត»។
លោកបន្ថែមថា អ្នកភូមិរបស់លោកត្រូវស្រូវងាប់ស្ទើរតែទាំងអស់។ អ្នកខ្លះមានស្រូវសល់ក្នុងជង្រុកគ្រាន់បានដាំបាយហូប ចំណែកអ្នកដែលគ្មានស្រូវសល់ នាំគ្នាទៅធ្វើការកំប៉ិកំប៉ុកក្នុងភូមិ ដូចជាស៊ីឈ្នួលសំណង់ជាដើម ដោយមួយខែបានអង្ករប្រហែល ៥០គីឡូក្រាមគ្រាន់បានហូប ព្រោះការងារក្នុងភូមិក៏មិនសម្បូរដែរ។ រីឯអ្នកខ្លះទៀត បានសម្រេចចិត្តចាកចេញទៅធ្វើការសំណង់ក្រៅស្រុក ដើម្បីរកប្រាក់មកផ្គត់ផ្គង់គ្រួសារ។
កសិកររូបនេះរំលឹកថា ប្រជាពលរដ្ឋរងគ្រោះដោយសាររាំងស្ងួតជាប់ៗគ្នាច្រើនឆ្នាំមកហើយ។ នៅឆ្នាំ២០១៩ ជួបគ្រោះរាំងស្ងួតម្តង, ដល់ឆ្នាំ២០២៣ និង២០២៤ ស្រូវស្កកចុងដៃពីរឆ្នាំជាប់គ្នា, លុះដល់ឆ្នាំ២០២៥ មានទឹកធ្វើស្រែបាន តែស្រូវថោកខ្លាំង គិតទៅមិនខុសពីស្រូវស្កកនោះទេ ចំណែកឆ្នាំ២០២៦នេះ គ្មានភ្លៀងធ្លាក់ ធ្វើឱ្យស្រូវងាប់អស់ទៀត។
លោក ឃឹម អាន បានបញ្ជាក់ថា៖ «ឥឡូវនេះខ្ញុំមិនទាន់សម្រេចចិត្តភ្ជួររាស់ព្រោះស្រូវឡើងវិញទេ ព្រោះមិនដឹងថាមេឃមានភ្លៀងឬអត់។ បើធ្វើពីឥឡូវទៅ យើងគ្មានដើមទុន ត្រូវជំពាក់គេទៀត ហើយក៏គ្មានលុយទិញពូជដែរ»។
ថ្វីត្បិតតែតំបន់ខាងលើគ្មានភ្លៀង ធ្វើឱ្យស្រូវប៉ះពាល់រាប់ម៉ឺនហិកតា ប៉ុន្តែបែរជាតំបន់ខ្លះនៅខេត្តបាត់ដំបងបានរងផលប៉ះពាល់ដោយសារទឹកជំនន់ទៅវិញ។ ជាក់ស្តែង ដូចជាស្រុកសំឡូតមានភ្លៀងធ្លាក់ជាប់ៗគ្នា បង្កជាទឹកជំនន់ធ្លាក់មកស្ទឹងសង្កែ និងជន់លិចលើផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ចំនួន៤ឃុំ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ។
តាមអាជ្ញាធរស្រុកឯកភ្នំ ជំនន់លើកទីពីរនេះបានលិចចូលខ្នងផ្ទះប្រជាពលរដ្ឋសរុបចំនួន ១ ៤៦៧ខ្នងផ្ទះ ប៉ះពាល់ដំណាំស្រូវសរុបចំនួន ១ ១៤១ហិកតា និងជន់លិចផ្លូវថ្នល់សរុបចំនួន ៤៨ទីតាំង ស្មើនឹង ២២ ៦៣៥ម៉ែត្រការ៉េ និងផលដំណាំមួយចំនួន។
កសិករម្នាក់ទៀតគឺលោក ឆាយ ឈន រស់នៅឃុំឫស្សីក្រាំង បានធ្វើស្រែប្រភេទស្រូវ OM ចំនួន៤ហិកតា។ ដោយសារគ្មានភ្លៀង និងគ្មានប្រឡាយទឹកសម្រាប់ស្រោចស្រព ស្រូវរបស់លោកបានក្រៀមស្វិតងាប់អស់ដូចគ្នា។
លោក ឆាយ ឈន និយាយថា៖ «កាលចាប់ផ្តើមធ្វើដើមដៃ ខ្ញុំសង្ឃឹមលើទឹកភ្លៀង ព្រោះគ្មានប្រឡាយទឹកទេ។ មិនដឹងយ៉ាងម៉េចឆ្នាំនេះរាំងស្ងួតខ្លាំងម្ល៉េះ! នៅក្នុងភូមិខ្ញុំ ស្រូវខូចខាតប្រមាណ ៨០ភាគរយ ហើយ ១០ទៅ២០ភាគរយទៀត គឺអ្នកមានថវិកាជីកអណ្តូងបូមទឹកសង្គ្រោះបានខ្លះ»។
លោកបញ្ជាក់ថា កសិករខ្លះដែលមានលទ្ធភាព បាននាំគ្នារៃអង្គាសប្រាក់កាយប្រឡាយចាស់ដែលរាក់ ដើម្បីបូមទឹកពីស្ទឹងស្វាយដូនកែវ ខេត្តពោធិ៍សាត់ (ដែលជាប់ព្រំប្រទល់គ្នា) ដោយប្រើម៉ាស៊ីនបូមបន្តគ្នារហូតដល់ ៤ទៅ៥គ្រឿង ទើបទឹកមកដល់ស្រែ ដែលត្រូវចំណាយប្រេងម៉ាស៊ូតអស់ច្រើន ហើយឥឡូវនេះ ទឹកស្ទឹងក៏រីងស្ងួតទៀត។
កសិកររូបនេះបន្ថែមថា៖ «ខ្ញុំមិនទាន់ហ៊ាននិយាយថាត្រូវភ្ជួរព្រោះសារថ្មី ឬយ៉ាងណានោះទេ។ បើសិនជាមានភ្លៀងធ្លាក់មកបណ្តើរៗ ឬមានទឹកឡើងពីទន្លេ យើងអាចធ្វើស្រែបណ្តេញទឹកនៅខែ១០ ឬខែ១១ ប៉ុន្តែបើទឹកស្រកទៅវិញលឿន ស្រូវនឹងស្កកខូចដដែល»។
លោកបានរំលឹកថា តម្លៃស្រូវប្រភេទ OM កាលពីឆ្នាំមុន ទទួលបាន ៧៤០រៀល ក្នុងមួយគីឡូក្រាម ដោយលោកធ្វើបាន ៤តោន ក្នុងមួយហិកតា ចំណេញបានប្រហែល ៥០ម៉ឺនរៀល ក្នុងមួយហិកតា ប៉ុន្តែមិនទាន់បានគិតគូរកម្លាំងពលកម្មខ្លួនឯងដែលត្រូវចំណាយពេលធ្វើចំនួន ៣ខែនោះទេ។
លោក ឆាយ ឈន លើកឡើងទៀតថា៖ «កាលមុនស្រូវថ្លៃ ទំនិញថោក ឥឡូវស្រូវថោក ទំនិញឡើងថ្លៃ មិនដឹងមានបញ្ហាអីទេ។ រឿងប្រេងម៉ាស៊ូតថ្លៃជាទូទៅទៅហើយ ចុះជីផលិតក្នុងស្រុក ហេតុអ្វីថ្លៃប្រហាក់ប្រហែលជីនាំចូលពីក្រៅ? ធ្លាប់តែមួយការ៉ុង ១៣ទៅ១៥ម៉ឺនរៀល ឥឡូវឡើងដល់ ១៨ទៅ១៩ម៉ឺនរៀល ប៉ុន្តែស្រូវនៅតែថោករហូត»។

យោងតាមរបាយការណ៍បឋមរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ផ្ទៃដីស្រូវរបស់កសិករក្នុងស្រុកចំនួនពីរ បានរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតសរុប ៣៩ ៣៤២ ហិកតា។
ក្នុងនោះ រួមមានស្រុកមោងឫស្សី ប៉ះពាល់ ៣២ ៩៧៨ ហិកតា ស្មើនឹង ៦ឃុំ (ឃុំឫស្សីក្រាំង ឃុំព្រៃស្វាយ ឃុំគារ ឃុំមោង ឃុំជ្រៃ និងឃុំរបស់មង្គល) ស្រុកបវេល ប៉ះពាល់ ៦ ៣៦៤ ហិកតា ស្មើនឹង ២ឃុំ (ឃុំក្តុលតាហែន និងឃុំឃ្លាំងមាស)។
របាយការណ៍ដដែលបញ្ជាក់ថា ស្រូវជិត៤ម៉ឺនហិកតាដែលរងផលប៉ះពាល់នោះ រួមមាន ស្រូវស្រាល ១៨ ៩០២ ហិកតា (ក្នុងដំណាក់កាលផើម), ស្រូវកណ្តាល ១៤ ៤១២ ហិកតា និងស្រូវធ្ងន់ ៦ ០២៩ ហិកតា (ក្នុងដំណាក់កាលលូតលាស់)។
លោក គា ហៀង អាយុ៤១ឆ្នាំ កសិករនៅស្រុកមោងឫស្សី បានឱ្យដឹងថា ឆ្នាំនេះលោកធ្វើស្រូវស្រង៉ែចំនួន ១០ហិកតា ដោយខូចខាតអស់ ៦ហិកតា។ ចំណែក ៤ហិកតាទៀតដែលកំពុងចេញផ្កា លោកបានបូមទឹកពីស្ទឹងស្វាយដូនកែវ (ដែលមានចម្ងាយជាង ១គីឡូម៉ែត្រ ដោយប្រើម៉ាស៊ីន ២គ្រឿងបូមបណ្តាក់គ្នា) ទើបសង្គ្រោះបានប្រមាណ ៧០ទៅ៨០ភាគរយ ប៉ុន្តែពេលនេះទឹកស្ទឹងបានរីងស្ងួតអស់ហើយ។
កសិកររូបនេះពោលថា៖ «ស្រូវ៤ហិកតាដែលខ្ញុំសង្គ្រោះបានខ្លះនោះ ដោយសារដីនៅសើម បើមានភ្លៀងធ្លាក់បន្ថែម អាចប្រមូលផលបាន ៨០ភាគរយដែរ។ ប៉ុន្តែឆ្នាំនេះមិនដឹងជាលក់បានរួចដើមឬអត់ទេ ព្រោះចំណាយដើមទុនអស់ច្រើន គ្រាន់តែថ្លៃពូជអស់ ១ ០០០ ដុល្លារ ជី២៤ការ៉ុង ព្រមទាំងថ្លៃថ្នាំ និងប្រេងម៉ាស៊ូតឡើងថ្លៃទៀត»។
លោកបញ្ជាក់ថា លោកបានចូលជាសមាជិកសហគមន៍កសិកម្មបានពីរលើកហើយ។ កាលពីឆ្នាំមុន ការលក់ស្រូវក្នុងសហគមន៍បានថ្លៃជាង ៨០០រៀល ក្នុងមួយគីឡូក្រាម ដោយសារមានកិច្ចសន្យាទិញមុន ខណៈអ្នកក្រៅសហគមន៍លក់បានត្រឹម ជាង៧០០រៀលប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោកត្អូញត្អែរថា ការលក់ជូនសហគមន៍បានថ្លៃជាងបន្តិចមែន ប៉ុន្តែរោងម៉ាស៊ីនដែលដឹកស្រូវទៅ ត្រូវរង់ចាំប្រហែលកន្លះខែទើបបានប្រាក់ ហើយបើខ្ចីទុនមុនគឺកាត់យកទាំងអស់ពេលលក់ស្រូវ។
ជុំវិញបញ្ហាស្រូវខូចខាតដោយសារគ្រោះរាំងស្ងួតនេះ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានឱ្យដឹងថា នៅស្រុកមោងឫស្សី ឃុំដែលប៉ះពាល់ខ្លាំងជាងគេគឺ ឃុំព្រៃស្វាយ និងឃុំឫស្សីក្រាំង ដោយសារទីតាំងភូមិសាស្ត្រនៅឆ្ងាយ គ្មានប្រភពទឹក និងប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់។ លោកបន្តថា កន្លងមកកសិករឃុំឫស្សីក្រាំងខ្លះ ពឹងផ្អែកលើស្ទឹងស្វាយដូនកែវ ប៉ុន្តែពេលនេះស្ទឹងនេះគ្មានទឹកទេ ដោយសារស្ទឹងនេះទាញទឹកចេញពីស្ទឹងពោធិ៍សាត់ តាមរយៈសំណង់ដំណាក់អំពិល ដែលនៅភាគខាងនោះក៏គ្មានទឹកដូចគ្នា។
លោកប្រធានមន្ទីរបន្ថែមថា៖ «កន្លែងខ្លះស្រូវប៉ះពាល់មិនទាន់ដល់ថ្នាក់ងាប់ទេ ហើយកន្លែងខ្លះត្រូវភ្ជួរចោលដើមដាំដុះថ្មី។ នៅខាងស្រុកបវេល មានការប៉ះពាល់ខ្លះដែរនៅឃុំក្តុលតាហែន និងឃុំអំពិលប្រាំដើម ប៉ុន្តែតិចជាងស្រុកមោងឫស្សី»។
លោក ខៃ សុដា បន្តថា កន្លងមក មន្ទីរធនធានទឹក និងឧតុនិយម បានជួយសង្គ្រោះស្រូវកសិករបានច្រើនម៉ឺនហិកតា តាមរយៈប្រភពទឹកនៃប្រព័ន្ធស្រោចស្រពកង្ហត និងប្រព័ន្ធស្រោចស្រពសាលាតាអន នៃស្ទឹងសង្កែ ដែលមានទឹកជំនន់ហូរមកពីខាងលើមកជួយបានទាំងស្រុង ព្រមទាំងប្រព័ន្ធទំនប់កំពីងពួយ ដែលនាំទឹកមកពីស្ទឹងបវេលផងដែរ។ លោកបន្តថា ប្រព័ន្ធស្រោចស្រពបវេលក៏បានជួយសង្គ្រោះស្រូវបានមួយផ្នែក ប៉ុន្តែមិនបានទាំងស្រុងនោះទេ។

ចំណែក លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា ចំពោះស្រូវដែលរងផលប៉ះពាល់ជិត ៤ម៉ឺនហិកតា នៅស្រុកមោងឫស្សី និងស្រុកបវេល មន្ត្រីជំនាញកំពុងសហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត មន្ត្រីជំនាញស្រុក និងមន្ត្រីកសិកម្មឃុំ ដើម្បីចុះតាមដាន និងវាយតម្លៃផ្ទាល់។ លោករំពឹងថា នៅថ្ងៃទី១១ និង១២ ខែកញ្ញានេះ ប្រសិនបើមានភ្លៀងធ្លាក់ យើងអាចសង្គ្រោះស្រូវបានខ្លះ ដោយផ្អែកលើព័ត៌មានឧតុនិយមពីក្រសួងធនធានទឹក និងឧតុនិយម ដែលព្យាករថាអាចមានភ្លៀងធ្លាក់គ្របដណ្តប់តំបន់ទំនាបកណ្តាលនៃខេត្តបាត់ដំបងប្រហែល ៤៥ភាគរយ ដែលអាចជះឥទ្ធិពលដល់តំបន់រងផលប៉ះពាល់ទាំងនោះ។
លោកបន្ថែមថា៖ «ក្នុងករណីបាតុភូតអែលនីញ៉ូ (El Niño) នៅតែបន្តប៉ះពាល់ និងបង្កឱ្យមានការខូចខាតនៅតំបន់ដែលគ្មានប្រព័ន្ធស្រោចស្រព យើងនឹងស្រង់ទិន្នន័យទាំងនោះបញ្ជូនទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីស្នើសុំទៅប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្នុងការផ្តល់ជាស្បៀងអាហារដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះ»។
លោកបានបញ្ជាក់ទៀតថា ចំពោះតំបន់ដែលរងផលប៉ះពាល់ ឬខូចខាត ប្រសិនជាមានប្រភពទឹកដែលអាចស្តារឡើងវិញបាន មន្ត្រីជំនាញនឹងបន្តសហការវាយតម្លៃជាក់ស្តែងជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ស្រុក និងខេត្ត ដើម្បីដាក់សំណើទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំគ្រាប់ពូជស្រូវ និងដំណាំបន្លែជូនពួកគាត់។
ជុំវិញការខ្វះខាតប្រព័ន្ធទឹកស្រោចស្រពស្រូវខាងលើ «សារព័ត៌មានខេមបូចា» មិនទាន់អាចទំនាក់ទំនង លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម តាមប្រព័ន្ធតេឡេក្រាម បាននៅឡើយទេគិតត្រឹមថ្ងៃចេញផ្សាយ។
ទោះជាយ៉ាងណា យោងតាមក្រសួងធនធានទឹក និងឧតុនិយម លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងឱ្យ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ និងមន្ត្រីជំនាញ បានចុះពិនិត្យស្ថានភាពទឹក និងគ្រោះរាំងស្ងួតផ្ទាល់ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ជាពិសេសឥទ្ធិពលបាតុភូតអែលនីញ៉ូ (El Niño)។
ក្រុមការងារបានចុះពិនិត្យទីតាំងសំខាន់ៗចំនួន ៣កន្លែង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង រួមមានភូមិជ្រៃរុន ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ចុះពិនិត្យការរាំងស្ងួតខ្វះទឹកលើផ្ទៃដីស្រូវចំនួន ៦ ៣២៥ ហិកតា ដោយសារគ្មានប្រភពទឹក និងខ្វះប្រព័ន្ធធារាសាស្ត្រ (សរុបក្នុងស្រុកនេះ មានផលប៉ះពាល់ចំនួន ៥ឃុំ លើផ្ទៃដី ៣២ ៩៧៨ ហិកតា)។
ក្រសួងបានបញ្ជាក់ថា៖ «ទោះជាយ៉ាងណា បន្ទាប់ពីមានភ្លៀងធ្លាក់កាលពីយប់ថ្ងៃទី៩ ខែកញ្ញា ស្ថានភាពដំណាំស្រូវវស្សាក្នុងតំបន់នេះ បានចាប់ផ្តើមល្អប្រសើរឡើងវិញជាបណ្តើរៗហើយ»។
ក្រុមការងារក្រសួងក៏ចុះពិនិត្យប្រឡាយនាំទឹកនាងល័ក្ខ ឃុំក្តុលតាហែន ស្រុកបវេល ដើម្បីពិនិត្យការបូមទឹកសង្គ្រោះស្រូវដែលរងផលប៉ះពាល់សរុបចំនួន ៦ ៣៦៤ ហិកតា នៅក្នុងឃុំឃ្លាំងមាស និងឃុំក្តុលតាហែន។ និងបន្តទៅក្បាលទ្វារអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ចុះពិនិត្យការនាំទឹកពីស្ទឹងមង្គលបូរី បញ្ចូលទៅក្នុងអាងទឹកកំពីងពួយ។
លោក ឈា ប៊ុនរិទ្ធ និងក្រុមការងារ ក៏បានបន្តចុះពិនិត្យប្រព័ន្ធធារាសាស្ត្រអូរដូនតា និងផ្ទះស្បូវ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ផងដែរ។ បច្ចុប្បន្ន ប្រព័ន្ធទាំងពីរនេះកំពុងរីងស្ងួតខ្វះទឹកស្រោចស្រព ដោយសារតំបន់ផ្ទៃរងទឹកភ្លៀងអូរដូនតាមិនសូវមានភ្លៀង និងមិនអាចបង្វែរទឹកពីស្ទឹងមកបញ្ចូលបាន ដែលធ្វើឱ្យស្រូវវស្សាក្នុងតំបន់នេះប្រឈមនឹងផលប៉ះពាល់ជាលើកទី២ ប្រសិនបើគ្មានភ្លៀងធ្លាក់បន្ថែមទាន់ពេលវេលា។
នៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការ បានណែនាំដល់មន្ទីរជំនាញ ត្រូវសហការជាមួយខេត្តជិតខាងដើម្បីស្វះស្វែងរកប្រភពទឹក និងរៀបចំសំណើសុំការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រមកក្រសួង។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់តាមដានបាតុភូត El Niño និងបង្កើនការផ្សព្វផ្សាយពីស្ថានភាពទឹក និងការប្រែប្រួលអាកាសធាតុជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រមទាំងត្រៀមលក្ខណៈបង្វែរប្រភពទឹក និងបូមទឹកអន្តរាគមន៍ ដើម្បីសង្គ្រោះស្រូវវស្សារបស់ប្រជាកសិករឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ត្រឡប់មកលោក ឃឹម អាន ដែលដីស្រែ៣ហិកតារបស់លោកត្រូវខូចខាតទាំងស្រុងនោះ បានសំណូមពរដល់រាជរដ្ឋាភិបាល សុំជួយផ្តល់ពូជស្រូវឱ្យពួកគាត់បានដាំដុះឡើងវិញ ត្រឹមតែ១ហិកតាម្នាក់ក៏បានដែរ ដោយលោកត្រូវការ ពូជស្រូវប្រមាណ ២៥០គីឡូក្រាម ដើម្បីបានទុន និងមានអង្ករហូបបន្តទៅឆ្នាំបន្ទាប់។ បន្ថែមពីនេះ លោកបានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយតម្លៃស្រូវជូនកសិករឱ្យបានសមរម្យ ស្របតាមតម្លៃជី ថ្នាំ និងប្រេងនៅលើទីផ្សារបច្ចុប្បន្ន។
កសិកររូបនេះពោលពាក្យបន្ថែមថា៖ «កាលពីឆ្នាំមុន ស្រូវដើមដៃ ១តោនថ្លៃ ៦០ម៉ឺនរៀល ដល់ខែ១ ខែ២ ឡើងដល់ ៧០ទៅ៨០ម៉ឺនរៀល។ ស្រែ៣ហិកតារបស់ខ្ញុំ ធ្វើបាន ៧ទៅ៨តោនដែរ ប៉ុន្តែបើទូទាត់ថ្លៃចំណាយចុងក្រោយលើម៉ាស៊ីនច្រូត និងការ៉ុងច្រកស្រូវ គឺមិនសល់អីទេ។ បើរដ្ឋជួយអន្តរាគមន៍លក់បាន ៩០០ ទៅ ១ ០០០ រៀល ក្នុងមួយគីឡូក្រាម គឺគ្រាន់បើណាស់ទៅហើយ»៕









