កិច្ចប្រជុំត្រីភាគីលើកទីមួយ ក្នុងចំណោមក្រសួងចំនួនបី រួមមាន ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក បានធ្វើឡើងនៅដើមខែឧសភា ដើម្បីពិភាក្សាអំពីបញ្ហា និងដំណោះស្រាយ ចំពេលមានវិបត្តិទឹក។ យ៉ាងណាក៏ដោយ កសិករបានស្នើឲ្យក្រសួងពាណិជ្ជកម្ម ចូលរួមការពិភាក្សាផងដែរ ដើម្បីដោះស្រាយបញ្ហាទីផ្សារ។
សម្រាប់ការចាប់ផ្តើម ក្រសួងទាំងបីនឹងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីជួយលើកកម្ពស់ជីវភាពកសិករ និងធានាបាននូវអត្ថប្រយោជន៍ខ្ពស់ ដោយបានឯកភាពលើចំណុចសំខាន់ៗ រួមមានការកំណត់គោលដៅ យុទ្ធសាស្ត្រ ការពិគ្រោះយោបល់ ការផ្សារភ្ជាប់គម្រោងរវាងក្រសួងទាំងបី និងការបង្កើតក្រុមការងារអន្តរក្រសួង។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្ម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បាននិយាយថា៖ «កិច្ចប្រជុំមានសារៈសំខាន់ណាស់ ដើម្បីឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជំនាញនៃក្រសួងទាំងបី បានយល់ពីយុទ្ធសាស្ត្រ និងការងារអាទិភាពរបស់ក្រសួងនីមួយៗ និងប្រមូលផ្តុំធនធាន និងបច្ចេកទេស សម្រាប់អនុវត្តការងារ បម្រើប្រជាជនឱ្យបានលទ្ធផលកាន់តែប្រសើរ»។
លោក ឃឹម ហ្វីណង់អ្នកនាំពាក្យក្រសួងកសិកម្មបានប្រាប់ខេមបូចា ថា កិច្ចសហការនេះឆ្លុះបញ្ចាំងពីបណ្តុំធនធាន និងអាទិភាពដែលត្រូវគ្នាដើម្បីបង្កើតជាមុំបីនៃវិស័យកសិកម្មក្រោមប្រព័ន្ធ «ប្រពន្ធ័តួអង្គតែមួយ» ជាក់លាក់បន្ថែមទៀត ដើម្បីដោះស្រាយបញ្ហា។ វានឹងជួយទម្លុះភាពរាំងស្ទះនៅថ្នាក់មូលដ្ឋានឲ្យបានលឿនជាងមុន។
ក្រសួងទាំងបីមានគម្រោងបន្តបន្ទាប់ទៀត ដូចជាផែនការអាទិភាពរួម ដែលជាការសម្របសម្រួលក្នុងចំណោមកម្មវិធីគោលនយោបាយសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម ជាមួយសហគមន៍កសិករទឹករបស់ក្រសួងធនធានទឹក និងឧតុនិយម និងកម្មវិធីភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ទោះបីជាក្រសួងបាននិងកំពុងធ្វើការជាមួយគ្នាក៏ដោយ ក៏កិច្ចប្រជុំត្រីភាគីនាពេលនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការដោយផ្ទាល់ និងជាប់លាប់ជាងមុន។ លោក ហ្វីណង់បាននិយាយថា៖ «កិច្ចសហប្រតិបត្តិការនេះមិនមែនជារឿងថ្មីទេ គ្រាន់តែក្រសួងទាំងបីនឹងបង្កើនកិច្ចសហប្រតិបត្តិការ ជួបប្រជុំទល់មុខគ្នា និងពិភាក្សាឱ្យបានញឹកញាប់ជាងមុនប៉ុណ្ណោះ»។
តម្លៃទីផ្សារបន្តរងការប៉ះពាល់
លោក អ៊ុំ សុភា ប្រធានសហគមន៍កសិករសាមគ្គីតំបែរ បាននិយាយថា លោកមិនទាន់បានដឹងពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងបីនេះក្នុងដោះស្រាយបញ្ហាកសិករនៅឡើយទេ។
តែលោកជឿជាក់ថា កសិករប្រមាណជាង ៧០% នៅក្នុងសហគមន៍របស់លោកបានយល់ដឹងពីបច្ចេកទេសដាំដុះ ដើម្បីបង្កើនទិន្នផលហើយ ប៉ុន្តែកង្វះទឹក និងទីផ្សារនៅតែជាបញ្ហាដដែលសម្រាប់កសិករ។
ឆ្នាំនេះ តម្លៃស្វាយមានភាពប្រសើរបន្តិច ដោយទទួលបានតម្លៃចន្លោះពី២០០រៀលទៅ៣០០រៀលក្នុងមួយគីឡូក្រាម បើធៀបនឹង១០០រៀលទៅ១៥០រៀលក្នុង១គីឡូក្រាមកាលពីឆ្នាំមុន ។ ប៉ុន្តែតម្លៃនៅឆ្នាំនេះនៅតែជាតម្លៃដែលទាបបំផុត។
លោកថា៖ «វានៅតែជាបញ្ហាសម្រាប់កសិករ។ តម្លៃដែលអាចទទួលយកបាន គឺចន្លោះពី ៨០០ រៀល ទៅ ១០០០ រៀលក្នុងមួយគីឡូ»។
លោកបានបន្តថា ចំពោះស្រូវប្រាំងនៅតែជួបប្រទះនឹងបញ្ហាខ្វះទឹក ជាពិសេសនៅតំបន់របស់លោកកំពុងប៉ះពាល់ដល់កសិករ។ ទោះបីកសិករបូមទឹកពីទន្លេមកដាក់ប្រឡាយក៏ដោយ ក៏វាមិនគ្រប់គ្រាន់ដែរ ដោយសារមានម៉ាស៊ីនបូមទឹកពីទន្លេមកប្រឡាយមានតែ ២ គ្រឿងប៉ុណ្ណោះ ប៉ុន្តែកសិករប្រមាណ ៦០ នាក់បូមទឹកពីប្រឡាយចូលស្រែ។
លោកបន្ថែមថា ទោះបីវាជាការល្អសម្រាប់កសិករក្នុងការបង្កើតសហគមន៍ក៏ដោយ ក៏ពួកគេមិនអាចដោះស្រាយបញ្ហាទីផ្សារ និងកង្វះទឹកបានដែរ។ ប៉ុន្តែលោកជឿជាក់ថា ប្រសិនបើក្រសួងសហការជាមួយក្រសួងពាណិជ្ជកម្ម នោះវាកាន់តែប្រសើរ។
លោក សុភា បាននិយាយថា បច្ចុប្បន្ននេះ មន្ត្រីកសិកម្មបានចុះទៅតាមភូមិនានា ដើម្បីបង្រៀនកសិករអំពីបច្ចេកទេសក្នុងការផលិតកសិផលល្អ ប៉ុន្តែវាមិនមានន័យថាមានកំណើនប្រាក់ចំណូលទេ ព្រោះតែតម្លៃទីផ្សារមិនល្អ។
លោកបានបន្តថា៖ «ខ្ញុំស្នើឲ្យក្រសួងពាណិជ្ជកម្មចូលរួមក្នុងកិច្ចសហប្រតិបត្តិការនេះព្រោះក្រសួងនេះដើរតួនាទីសំខាន់ក្នុងតម្លៃសង្វាក់ផ្គត់ផ្គង់ផលិតផលកសិករ។ ប្រសិនបើគាត់ (ក្រសួងពាណិជ្ជកម្ម) មិនជួយរកទីផ្សារយ៉ាងផុសផុលទេ អ្វីដែលយើងដាំនឹងមានតម្លៃថោក»។
លោក ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មមិនបានឆ្លើយតបនឹងសំណួរអំពីដំណោះស្រាយទីផ្សារសម្រាប់កសិករទេ។
ការពិនិត្យមើលស្ថានភាពទូទៅ
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ្ត បានប្រាប់ខេមបូចាព័ត៌មាន ថា ក្រសួងទាំងបីកំពុងធ្វើការរួមគ្នាក្នុងដំណាក់កាលផលិតកម្ម ដែលពួកគេត្រូវផ្តល់ទឹក និងជំនួយបច្ចេកទេសដល់កសិករ។
លោកថា បញ្ហារកបានទីផ្សារមិនមែនដោយសារក្រសួងរបស់លោកមិនបានចូលរួមកិច្ចប្រជុំនោះទេ ប៉ុន្តែដោយសារប្រទេសដែលកម្ពុជានាំចេញកសិផល គឺមានកំណត់ស្តង់ដារ ដែលធ្វើឲ្យរាំងស្ទះដល់ការនាំចេញផលិតផលដូចជាស្វាយ ឬស្វាយចន្ទីជាដើម។
លោកបាននិយាយថា៖ «ប៉ុន្តែសម្រាប់ក្រសួង ទោះបីជាយើងមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬអនុស្សារណៈនៃការយោគយល់គ្នាណាមួយក៏ដោយ ក៏យើងបាននឹងកំពុងនាំចូលទៅកាន់ប្រទេសចិន និងបណ្តាប្រទេសភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែរ ។ ដូច្នេះបញ្ហានេះមិនទាក់ទងនឹងការស្វែងរកទីផ្សារទេ គឺទាក់ទងនឹងគុណភាពផលិតផលកសិកម្ម និងតម្រូវការទីផ្សារតែប៉ុណ្ណោះ»។
បើចាំបាច់ លោកស្នើឲ្យបង្កើតសហគមន៍អ្នកលក់ផលិតផលកសិកម្ម ដូចជាសមូហភាព ដោយអាស្រ័យលើផលិតផល ដូចជាស្វាយជាដើម។ សមូហភាពអាចប្រមូលផលរបស់កសិករ ដើម្បីលក់ទៅឱ្យឈ្មួញកណ្តាល។
ជាមួយគ្នានេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ខេមបូចាថា កិច្ចសហការត្រីភាគី គឺបង្កើតការងារថ្មី។
លោកថា ដំបូងក្រសួងនីមួយៗធ្លាប់ធ្វើការដោយឯករាជ្យ។ យ៉ាងណាក៏ដោយ ឥឡូវនេះក្រសួងបានសហការគ្នាពិនិត្យមើលស្ថានភាពរួម និងកំណត់តំបន់ដែលពួកគេអាចធ្វើការជាមួយគ្នាបាន។
លោក យុត្ថា បន្តថា ក្រសួងនឹងប្រើប្រាស់ធនធានបច្ចេកទេស និងរង់ចាំការសម្រេចចិត្តនយោបាយដែលធ្វើឡើងដោយរដ្ឋមន្ត្រីទាំងបី ខណៈដែលស្វែងរកថវិការួមគ្នា។ ក្រសួងអាចជ្រើសរើសអភិវឌ្ឍន៍តំបន់រួមគ្នា និងប្រមូលធនធានមនុស្ស។
លោកថា៖ «ប្រសិនបើយើងអភិវឌ្ឍន៍យ៉ាងលឿន ជីវិតពលរដ្ឋនឹងប្រសើរឡើង។ យើងអាចអនុវត្តគោលនយោបាយ និងអភិវឌ្ឍទូទាំងប្រទេស»។
នៅពេលដែលខេមបូចាសួរថា តើក្រសួងទាំងបីមានបំណងក្នុងការដោះស្រាយបញ្ហាប្រព័ន្ធធារាសាស្ត្របែបណានោះ លោកមិនបានឆ្លើយតបដោយផ្ទាល់ទេ ប៉ុន្តែលោកបានបង្ហាញអ្នកយកព័ត៌មានទៅលើសេចក្តីថ្លែងការណ៍របស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលថាការផ្គត់ផ្គង់ទឹកសម្រាប់កសិកម្ម គឺជាអាទិភាពរបស់ក្រសួង។
លោក ជេដ្ឋា ថ្លែងថា៖ «ក្រសួងធនធានទឹក និងឧតុនិយម នឹងធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដោះស្រាយបញ្ហាទឹកដល់ប្រជាកសិករ តាមរយៈការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនៅតាមភូមិសាស្រ្តដែលប្រឈមនឹងការខ្វះទឹក និងរងគ្រោះដោយទឹកជំនន់ជាប់ជាប្រចាំ»។
ស្រែរីងស្ងួតទឹក
នៅដើមឆ្នាំនេះ កសិករជាច្រើនប្រឈមនឹងការខ្វះទឹកសម្រាប់ធ្វើស្រូវប្រាំង។ យ៉ាងហោចណាស់ស្រូវប្រាំងចំនួន ៧៦០,០០០ ហិកតាដែលបានដាំនៅក្នុងខេត្តមួយចំនួនរងការប៉ះពាល់ដោយសារការខ្វះទឹក។
លោក សែម ចំណាន កសិករស្រែប្រាំងនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បាននិយាយថា ធាតុអាកាសក្តៅ គួបផ្សំនឹងមិនមានប្រព័ន្ធធារាសាស្រ្តគ្រប់គ្រាន់បានធ្វើឲ្យស្រូវងាប់អស់។
លោកថា៖ «ខ្វះទឹកខ្លាំង ហើយអណ្ដូងក៏រីងអស់។ មានប្រឡាយតែមួយ តែមានអ្នកប្រើច្រើន ចឹងមិនគ្រប់គ្រាន់ទេ»។
តាមធម្មតា បើមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពលើផ្ទៃដីស្រែមួយហិកតា កសិករនឹងទទួលបានស្រូវជាងបួនតោន ប៉ុន្តែបើមិនមានទឹកគ្រប់គ្រាន់ទេ ជាឧទាហរណ៍ ឆ្នាំនេះទទួលបានតែពីរតោនប៉ុណ្ណោះ។
លោកថា៖ «វាប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋខ្លំាង ដោយសារត្រូវទិញជី និងជួលគេឲ្យភ្ជួរស្រែ។ អ៊ីចឹងនៅពេលបានផលតិច ពួកគាត់ងាយនឹងជំពាក់បំណុល»។
លោកបន្តថា ដោយសារគ្មានប្រព័ន្ធធារាសាស្ត្រ កសិករក្នុងសហគមន៍របស់លោកភាគច្រើនជីកអណ្តូង និងស្រះសម្រាប់ធ្វើស្រូវប្រាំងដោយខ្លួនឯង។ ទោះជាយ៉ាងណា បើមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ វានឹងជួយពលរដ្ឋធ្វើស្រូវប្រាំង ប៉ុន្តែលោកមិនដែលឃើញមន្ត្រីណាម្នាក់ចុះមកមើលស្រែប្រាំង ឬជជែកជាមួយកសិករទេ។
កសិកររូបនេះបន្តថា លោកនឹងសប្បាយចិត្ត ប្រសិនបើក្រសួងទាំងបីសហការគ្នាដោះស្រាយបញ្ហាទឹក។
លោកថា៖ «ប្រសិនបើពួកគាត់អាចធ្វើការជាមួយគ្នាដូចដែលពួកគាត់បាននិយាយនោះ វាជាការល្អសម្រាប់កសិករ»។
ការគាំទ្រវិស័យក្នុងស្រុក
លោក ពិត ករុណា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់ខេមបូចាថា ក្រសួងបានពិភាក្សាអំពីតួនាទីសក្តានុពលរបស់ខ្លួនក្នុងការបម្រើសហគមន៍ជនបទ ហើយបានបង្កើតក្រុមការងារអន្តរក្រសួងដែលនឹងជួបគ្នារៀងរាល់បីខែម្តង។
លោកបន្តថា ក្រសួងបានភ្ជាប់គោលនយោបាយទាក់ទងនឹងការអភិវឌ្ឍជនបទ ដូចជាគម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទជាដើម។
គម្រោងភូមិគំរូនេះ មានគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការផ្តល់ការបណ្តុះបណ្តាលជំនាញបន្ថែមលើការធ្វើកសិកម្ម ដែលនឹងជួយបង្កើតការងារបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋអាចបង្កើនប្រាក់ចំណូល។
គួរកត់សម្គាល់ដែរថា មកទល់នឹងពេលនេះ ក្រសួងបានរៀបចំភូមិគំរូចំនួន ៣០ នៅខេត្តតាកែវ កំពង់ស្ពឺ និងត្បូងឃ្មុំ ដោយមានជំនួយពីប្រទេសកូរ៉េខាងត្បូង។ ក្នុងខេត្តនីមួយៗមាន១០ភូមិ។
ក្រសួងកំពុងវាយតម្លៃគម្រោងភូមិគំរូក្នុងខេត្តផ្សេងទៀត ដោយមានគម្រោងអភិវឌ្ឍភូមិគំរូក្នុងមួយឆ្នាំចន្លោះពី ៣០ ទៅ ៥០ ភូមិ។
លោក ហ៊ុន សៀងហុន នាយកប្រតិបត្តិនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា យល់ឃើញថា កិច្ចសហការនេះក៏ទាមទារឱ្យមានការចូលរួមពីក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធផ្សេងទៀត។
កសិករបានប្រឈមនឹងបញ្ហាជាច្រើនដូចជាការខ្វះទឹក និងការប្រែប្រួលអាកាសធាតុ ហើយទីផ្សារក៏នៅមានកម្រិតដែរ។
លោកបានប្រាប់ខេមបូចាថា បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩មក កសិករជួបការលំបាកខ្លាំង ដោយពួកគេមួយចំនួនធំជំពាក់បំណុលគេ ដែលធ្វើឲ្យពួកគេខូចឈ្មោះ។
លោកថា៖ «ភាគីពាក់ព័ន្ធគួរតែគាំទ្រវិស័យកសិកម្ម។ ខ្ញុំមិនត្រឹមតែសំដៅលើថ្នាក់ដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន និងប្រជាជនគួរជួយដល់វិស័យក្នុងស្រុកផងដែរ ដើម្បីឲ្យអ្នកផលិត [កសិករ] មានកម្លាំងចិត្តផលិត»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Three Ministries To Solve Farmers’ Water, Yield Issues, As Farmers Hope For Market Resolution