សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋខេត្តព្រះសីហនុជិត១៦០​គ្រួសារ​ទទូច​ឱ្យ​អាជ្ញាធរដោះស្រាយ​ករណីឧកញ៉ាម្នាក់កាន់បណ្ណដីធ្លីត្រួត​លើដីពួកគាត់

ពលរដ្ឋឃុំបិតត្រាំងប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខសាលាឃុំកាលពីថ្ងៃទី១១ ខែមីនា ទាមទារឱ្យ អាជ្ញាធរដោះស្រាយករណីឧកញ៉ាមួយរូបមានបណ្ណកាន់កាប់ដីធ្លីត្រួតលើដីភូមិរបស់ពួកគាត់។ (រូបភាពផ្តល់ឱ្យ)
ពលរដ្ឋឃុំបិតត្រាំងប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខសាលាឃុំកាលពីថ្ងៃទី១១ ខែមីនា ទាមទារឱ្យ អាជ្ញាធរដោះស្រាយករណីឧកញ៉ាមួយរូបមានបណ្ណកាន់កាប់ដីធ្លីត្រួតលើដីភូមិរបស់ពួកគាត់។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជិត១៦០​គ្រួសារ​ទទូចឱ្យអាជ្ងាធរ​ដោះស្រាយ​ករណី​វិវាទ​​ដីធ្លី​ជាមួយឧកញ៉ាមួយរូប ដែលកំពុងកាន់​បណ្ណកម្មសិទ្ធិ​ជាន់លើដីភូមិ​របស់ពួកគាត់​យ៉ាង​ហោចណាស់៥ហិកតាដែលសុទ្ធតែ​ជាដី​មាន​ការ​ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។

ប្រជាពលរដ្ឋប្រមាណ១០០នាក់តំណាងឱ្យពលរដ្ឋ១៥៧គ្រួសាររស់នៅក្នុងភូមិពូធឿង ឃុំ​បិតត្រាំង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានផ្ទុះការតវ៉ានៅមុខសាលាឃុំ និងសាលាខេត្ត ដោយទាមទារឱ្យអាជ្ងាធរមូលដ្ឋាន និងរដ្ឋបាលខេត្តដោះស្រាយករណីឧកញ៉ាម្នាក់ឈ្មោះ ឡាញ់ ភារ៉ា វាស់វែងធ្វើប្លង់ព័ទ្ធយកដីឡូតិ៍ទើបទិញថ្មីៗ និងដីផ្ទះរបស់ពួកគាត់​ដែលកាន់កាប់​តជំនាន់​យូរមកហើយ ដែលមានបណ្ណកាន់កាប់ទទួលស្គាល់ដោយអាជ្ញាធរភូមិ-ឃុំ។

ពលរដ្ឋដែលបានចូលរួមការតវ៉ាម្នាក់ អ្នកស្រី អឿន គន្ធា បានឱ្យដឹងថា អ្នកស្រីបាន​ទិញដី​ទំហំ​៣ឡូតិ៍ដែលស្ថិតក្នុងតំបន់ខាងលើកាលពីឆ្នាំ២០២១ ដោយកាលនោះអ្នកស្រីថា មិនទាន់​មាន​ប្លង់​កម្មសិទ្ធិឡើយ ដោយសារមិនទាន់មានការចុះវាស់វែងជាប្លង់រឹង។ ប៉ុន្តែអ្នកស្រីថា ក្នុង​លិខិត​​ទិញ-លក់ គឺមានការទទួលស្គាល់ និងចុះហត្ថលេខាពីសំណាក់អាជ្ញាធរថា​ជាដីស្រប​ច្បាប់​។

យ៉ាងណា ពលរដ្ឋរូបនេះថាក្រោយមន្ត្រីសុរិយោដីចុះវាស់វែងរួច ស្រាប់តែរកឃើញថា​ដី​របស់​គាត់ និងពលរដ្ឋជិត១៦០គ្រួសារផ្សេងទៀត ស្ថិតនៅក្រោមបណ្ណកាន់កាប់ដីធ្លីរបស់លោក ឡាញ់ ភារ៉ា ដែលធ្វើឱ្យមន្ត្រីសូរិយោដីមិនបានចេញចុងសន្លឹកវាស់វែងឱ្យពួកគាត់ ហើយ​បង្កើត​ឱ្យមានការតវ៉ាទាមទាររកដំណោះស្រាយ។

អ្នកស្រីថ្លែងថា៖ «គោលបំណងស្នើសុំឱ្យឧកញ៉ាកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ មូលហេតុ​ដោយ​សារ​យើងធ្វើប្លង់អត់បាន ដោយសារគងបណ្ណ(កាន់កាប់ដី)ជាមួយនឹងឧកញ៉ា(លោក ឡាញ់ ភារ៉ា)។ ហើយ​ក៏ស្នើសុំឱ្យស្ថាប័នដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ជួយដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋផង»

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បាន​កំណត់​យកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃចាប់ផ្តើមកំណត់តំបន់វិនិច្ឆ័យនៅភូមិចំនួន៣ រួម​មាន ភូមិចំណោតរាម ភូមិគគីរ និងភូមិពូធឿង ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់។ ដោយ​ឡែក នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បានប្រកាសពីការបិទ​បញ្ចប់​ការវាស់វែង និងការប្រមូលទិន្នន័យចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ​នៅក្នុងមូលដ្ឋាន​ភូមិ​ខាងលើត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រជាពលរដ្ឋឈរលើបដានៅខាងមុខសាលាឃុំបិតត្រាំងកាលពីថ្ងៃទី១១ ខែមីនា ដើម្បី​ទាមទារឱ្យអាជ្ញាធរដោះស្រាយករណីឧកញ៉ាមួយរូបមានបណ្ណ​កាន់កាប់​ដីធ្លី​ត្រួត​លើ​ដី​ភូមិរបស់ពួកគាត់។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋម្នាក់ទៀត លោក ឯក សុផាត ដែលបានទិញដីទំហំ២ឡូតិ៍កាលពីឆ្នាំ២០២៣កន្លងទៅ បានលើកឡើងថា ជារឿងអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋដែលបានចំណាយលុយ​រាប់ម៉ឺន​ដុល្លារ ដើម្បីទិញដី ប៉ុន្តែបែរជាមន្ត្រីសូរិយោដីមិនបានចេញចុងសន្លឹកវាស់វែងឱ្យ ដោយសារ​តែ​ដីជាន់គ្នាជាមួយអ្នកមានលុយ។ លោកបន្ថែមថា ពលរដ្ឋនឹងបន្តស្វែងរកការ​អន្តរាគមន៍​ពី​រដ្ឋបាលខេត្ត និងក្រសួងពាក់ព័ន្ធបន្ថែមទៀត បើនៅតែពុំមានដំណោះស្រាយ។

លោកមានប្រសាសន៍ថា៖ «វាមិនសមស្រប វាមិនយុត្តិធម៌ទេ យើងនិយាយឱ្យសមរម្យទៅ ព្រោះ​ធម្មតាប្រជាពលរដ្ឋគាត់មិនបានទៅទន្រ្ទានយកដីព្រៃអីឯណា[..]ពួកខ្ញុំម៉េចនឹងព្រមពួក​ខ្ញុំ​នៅតែតវ៉ា ហើយមិនមែនតវ៉ាត្រឹមឃុំហ្នឹងទេ ទៅមុខទៀត ទៅលើទៀត។ ម៉េចនឹងព្រម ពួក​យើង​ឱ្យគេយកទៅទទេៗយ៉ាងម៉េច។ ចង់និយាយថាដីយើងទិញសុទ្ធតែទៅខ្ចីលុយគេ ចងការ បង់ចុង(ការប្រាក់)គេរហូត»។

ទោះជាយ៉ាងណាក្តី ប៉ុន្តែលោកថាអាជ្ញាធរឃុំមិនបានចេញមុខអន្តរាគមន៍ឡើយ ខណៈ​លោក​បញ្ជាក់​ថា ការសម្រេចចិត្តទិញដី២ឡូតិ៍ក្នុងតម្លៃ ១៥ ០០០ដុល្លារនេះ ដោយសារជឿ​ជាក់​លើ​អាជ្ញាធរមូលដ្ឋាន ដែលបានទទួលស្គាល់លិខិតស្នាមត្រឹមត្រូវ។

លោកសង្កត់ធ្ងន់ថា៖ «សំខាន់ប្រជាពលរដ្ឋទុកចិត្តលើមេភូមិ-មេឃុំ ជាឪពុកម្តាយ​របស់​ពួកគាត់​ហើយ។ ដល់ពេលដែលគាត់បោះត្រាឱ្យ មិនថាពីណាទេ តែគាត់​(អាជ្ញាធមូលដ្ឋាន)​ចុះ​ហត្ថលេខា​​​ឱ្យពលរដ្ឋទិញហើយ ពលរដ្ឋឱ្យលុយគេហើយ ទាំងខ្ញុំទាំងគេ»។

ចំណែកម្ចាស់ដីឡូតិ៍ដែលបានលក់ដីឱ្យប្រជាពលរដ្ឋ លោក ង៉ែត លី បានលើកឡើងថា គិតមកទល់ពេលនេះ លោកមិនទាន់អាចក្តោបបាននៅឡើយទេ ថាអតិថិជនប៉ុន្មាននាក់​កំពុងមានបញ្ហាត្រួតបណ្ណនេះ។ ប៉ុន្តែម្ចាស់ដីឡូតិ៍រូបនេះអះអាងថា នឹងជួបជាមួយ​ភាគី​ម្ខាង​ទៀត គឺលោក ឡាញ់ ភារ៉ា ដើម្បីដោះស្រាយបញ្ហានេះឱ្យ​ដាច់ស្រេចជូនប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ដែរថា មិនបានដឹងពីប្រវត្តិដីនេះឡើយ ដោយថាដីដែលលោក​បានពុះជា​ដីឡូតិ៍​​លក់នេះ គឺលោកបានទិញពីប្រជាពលរដ្ឋដែលកាន់កាប់យូរឆ្នាំមកហើយ។ លោក​បន្ថែម​ថាប្រសិនបើដឹងពីប្រវត្តិដីនេះ លោកក៏មិនទិញដែរ ព្រោះបានធ្វើឱ្យ​លោក​ខាត​បង់​ប្រាក់​ក្នុង​ការ​ដោះស្រាយបញ្ហាជាបន្តបន្ទាប់។

លោកថ្លែងថា៖ «ខ្ញុំទិញពីអ្នកកាន់កាប់នៅទីហ្នឹងយូរហើយ ដោយសារខ្ញុំដឹងថា​ម្ចាស់គេហ្នឹង​គ្រប់​គ្រងនៅហ្នឹង គាត់ធ្វើស្រែចំការ បានខ្ញុំហ៊ានទិញ។ បើសិនណាពីមុនមក ខ្ញុំដឹង​ប្រវត្តិ​ក៏​ខ្ញុំ​មិន​ទិញដែរ[..]ខ្ញុំមិនដឹងថាគេធ្វើម៉េចអីម៉េចទេ បានជាជាន់ដីប្រជាពលរដ្ឋអ៊ីចឹង»។

លោកបន្ថែមថា៖ «និយាយទៅខ្ញុំរងគ្រោះដល់កតែម្តង និយាយរួមអស់លុយអស់កាក់ ដោយ​សារ​​តែរឿង! អស់លុយរលីង។ និយាយរួមខ្ញុំចង់ចៀសឱ្យផុតពីរឿង ចុងក្រោយ​នៅតែ​រឿង​ដល់តែបាន»

ចំណែក មេឃុំបិតត្រាំង លោក មាច ចាន់ បានពន្យល់ថា ករណីបណ្ណកាន់កាប់ដីជាន់គ្នានេះ ដោយថាដំបូងឡើយ លោក ឡាញ់ ភារ៉ា បានចេញលិខិតមេធាវីកាត់ដីមួយចំនួនទូទាត់ទៅឱ្យ លោក ង៉ែត លី។ បន្ទាប់មក លោក ង៉ែត លី បានពុះដីនោះជាដីឡូតិ៍ ដើម្បីលក់ទៅឱ្យ​ប្រជាពលរដ្ឋ ខណៈដីនោះមិនទាន់កាត់ចេញពីបណ្ណ​កាន់កាប់ជាផ្លូវការនៅឡើយ ទើបបាន​ជា​មាន​ការត្រួតលើគ្នាបែបនេះ។

លោកអះអាងថា នឹងរៀបចំឱ្យមានជំនួបរវាងប្រជាពលរដ្ឋ និងលោក ឡាញ់ ភារ៉ា ដើម្បី​ពន្លឿន​​​ដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយលោកនឹងធ្វើជាសាក្សី ដើម្បីឱ្យឆាប់​បាន​បង្កាន់​ដៃកាន់កាប់ដីធ្លីនោះ។

លោកថ្លែងថា៖ «យើងអាជ្ញាធរនៅតែមានឆន្ទៈក្នុងការសម្របសម្រួលជាមួយ​អ្នកឧកញ៉ា​(លោក ឡាញ់ ភារ៉ា)អ៊ីចឹង។ ទាំងអស់គ្នានៅតែបន្តធ្វើការងារថា តើចាំមើល​ខ្ញុំមានពេល​វេលា​មួយ ដែលខ្ញុំអាចអញ្ជើញគាត់មក ឬមិនមកអីក៏ដោយ ក៏ខ្ញុំធ្វើការស្នើសុំ ដើម្បីគាត់ចូលមក ដើម្បីធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋ»។

មេឃុំរូបនេះបានគូសបញ្ជាក់ថា មន្ត្រីសូរិយោបានប្រាប់អាជ្ញាធរថា ប្រសិនបើលោក ឡាញ់ ភារ៉ា យល់ព្រមផ្តល់លិខិតស្មាមឱ្យពួកគាត់អនុវត្ត នោះពួកគាត់នឹងវាស់វែង​ដីជូន​ប្រជាពលរដ្ឋ​ភា្លម។

លោកមានប្រសាសន៍៖ «ឱ្យតែលោកឧកញ៉ាគាត់មានកំណត់ហេតុមួយប្រគល់ថាឱ្យសូរិយោដី​ចេញ​ទៅឱ្យប្រជាពលរដ្ឋទៅ គាត់(សូរិយោដី)នឹងចេញទៅឱ្យប្រជាពលរដ្ឋហើយ គាត់​(សូរិយោដី)​​មិនមាន​ជំទាស់​អីទេ ព្រោះដីហ្នឹងឈ្មោះរបស់ឧកញ៉ា»។

តំណាងប្រជាពលរដ្ឋបានចូលទៅជួបមន្ត្រីអន្តរវិស័យនៃរដ្ឋបាលខេត្តព្រះសីហនុ ដើម្បី​ត្រៀម​រៀបចំឯកសារជូនរដ្ឋបាលខេត្តដោះស្រាយករណី​បណ្ណកាន់កាប់ដីធ្លី​ជាន់គ្នា​ជាមួយឧកញ៉ា។ (រូបភាពផ្តល់ឱ្យ)

ខេមបូចា មិនអាចសុំការបកស្រាយពីលោក ឡាញ់ ភារ៉ា បាននៅឡើយទេ ដោយទូរសព្ទចូល​ជា​ច្រើនដង ប៉ុន្តែពុំមានអ្នកទទួល។

យ៉ាងណា តាមរយៈលិខិតចុះថ្ងៃទី០៧ ខែមីនានេះ លោក ឡាញ់ ភារ៉ា បានបញ្ជាក់ថា លោក​នៅ​​តែ​​មានឆន្ទៈក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយផ្អែកលើឯកសារ និងការកាន់​កាប់​របស់ប្រជាពលរដ្ឋជាក់ស្តែង។ ប៉ុន្តែលោកថា មិនទាន់អាចដោះស្រាយ​ជាមួយពលរដ្ឋ​បាន​ទាន់​ពេល​វេលាឡើយ ដោយសារលោកកំពុងមានវិវាទដីធ្លីជាមួយភាគីផ្សេងទៀត ហើយថា​នឹង​​បំបែក​ក្បាលដីឱ្យពលរដ្ឋ ក្រោយលោកទទួលបានការចុះបញ្ជីដីធ្លីជាផ្លូវការ។

លិខិតសរសេរថា៖ «ខ្ញុំនឹងបំបែកក្បាលដីផ្ទេរកម្មសិទ្ធិជូនបងប្អូនផ្អែកតាមឯកសារ និងការកាន់​កាប់​ជាក់ស្តែង នៅពេលដែលខ្ញុំទទួលបានវិញ្ញាបនបត្រសំគាល់ម្ចាស់​អចលនវត្ថុ​(អិលមាប)​រួចរាល់»។

អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា ទីចាត់ការ​អន្តរវិស័យ​នៃ​រដ្ឋបាលខេត្តបានណែនាំឱ្យតំណាងប្រជាពលរដ្ឋឱ្យរៀបចំឯកសារពាក់ព័ន្ធ និងពាក្យស្នើ​សុំ​ការអន្តរាគមន៍ ដើម្បីឱ្យអាជ្ញាធរខេត្តដោះស្រាយដោយសន្តិវិធី ចៀសវាងការប្រមូលផ្តុំគ្នាតវ៉ា។ យ៉ាងណាលោកថា រដ្ឋបាលខេត្តពុំទាន់បានទទួលឯកសារពីប្រជាពលរដ្ឋឡើយ គិតត្រឹមល្ងាច​ថ្ងៃទី១២ ខែមីនា។

លោកថ្លែងថា៖ «ក្រោយពីយើងបានពន្យល់ពួកគាត់រួច ពួកគាត់បានត្រឡប់ទៅវិញ ដល់ហើយ​គាត់នឹងរៀបចំឯកសារ ដើម្បីយកមកដាក់ឱ្យបានត្រឹមត្រូវ មិនមែនមកតវ៉ា មកអីទេ យើងស្នើ​សុំ​ឱ្យគាត់កុំបាច់អញ្ជើញមកតវ៉ា ប្រមូលផ្តុំអីទេ។​ គាត់មានសិទ្ធិពេញទី ក្នុងការរៀបចំ​ឯកសារ​ណាឱ្យច្បាស់លាស់មក ដើម្បីយើងពិនិត្យដោះស្រាយ»

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) អ្នកស្រី ជៀប សុធារី បាន​លើកឡើងថា វិវាទដីធ្លីមួយចំនួននៅក្នុងឃុំបិតត្រាំង នៃខេត្តព្រះសីហនុបានកើតឡើង ក្រោយ​ពី​រដ្ឋបាល​ខេត្ត​ចាប់ផ្តើមអនុវត្តនីតិវិធីកំណត់តំបន់វិនិច្ឆ័យ។ ក្នុងនោះអ្នកស្រី​មានប្រសាសន៍​ថា ទំនាស់ភាគច្រើនកើតឡើងរវាងពលរដ្ឋ ជាមួយក្រុមហ៊ុនឯកជន ឬឧកញ៉ា ដែលមានបណ្ណ​កាន់​កាប់​ត្រួតគ្នាជាដើម។

បញ្ហានេះ អ្នកស្រី សុធារី យល់ថាដោយសារតែពីមុនមក ការធ្វើបណ្ណកាន់កាប់ដីធ្លី គឺមិនមាន​ការ​ផ្សព្វផ្សាយទូលំទូលាយជាសាធារណៈ ហើយក៏មិនមានម្ចាស់ព្រំដីម្ខាងទៀតមកផ្តិត​មេ​ដាយ​​​ដូចនីតិវិធីបច្ចុប្បន្ននេះដែរ។​ ដូច្នេះដើម្បីដោះស្រាយករណីខាងលើនេះ អ្នកស្រីស្នើឱ្យ​អាជ្ញាធរពាក់ព័ន្ធ​ចុះវាស់វែង​ឱ្យបាន​ត្រឹម​ត្រូវ ដើម្បីស្វែងរកចំនួនក្បាលដីដែលជាន់គ្នា​ពិត​ប្រាកដ ដើម្បីងាយស្រួលដោះស្រាយ ចៀសវាងការមើលដោយភ្នែកទទេ។

អ្នកស្រីថ្លែងថា៖ «វិធីដោះស្រាយ គឺត្រូវតែធ្វើការវាស់វែង បានដឹងថាក្នុងចំណោមបណ្ណ​ទាំងប៉ុន្មានរបស់ឧកញ៉ា ឡាញ់ ភារ៉ា វាជាន់ក្បាលដីណាខ្លះរបស់ប្រជាពលរដ្ឋ»

842 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម