សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការថៃនឹងបើកសវនាការលើបណ្ដឹងពលរដ្ឋក្នុងខេត្ត​ឧត្តរមានជ័យ​​ដែលបានប្តឹងក្រុមហ៊ុនផលិតស្ករសលំដាប់ពិភពលោកមួយ

អាជ្ញាធរខេត្តរមានជ័យបានដុតផ្ទះប្រជាពលរដ្ឋកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ នៅចំណុចអូរបាត់មាន់ ក្នុងភូមិបុស្ស ឃុំកូនគ្រៀល ស្រុងសំរោង ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុន Mitr Phol ដាំអំពៅ។ (រូបភាពផ្តល់ឱ្យ)
អាជ្ញាធរខេត្តរមានជ័យបានដុតផ្ទះប្រជាពលរដ្ឋកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ នៅចំណុចអូរបាត់មាន់ ក្នុងភូមិបុស្ស ឃុំកូនគ្រៀល ស្រុងសំរោង ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុន Mitr Phol ដាំអំពៅ។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋ​កម្ពុជា​បី​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​​កាល​ពី​ថ្ងៃ​ទី២៧ ខែមីនា​ ដើម្បី​ប្រគល់​ឯកសារមួយចំនួនទៅ​តុលាការ​ថៃ​​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ផលិត​ស្ករស​ដ៏​ធំ​មួយ​ក្នុង​ពិភព​លោក ដែល​ក្រុម​ហ៊ុន​នោះ​មាន​ម្ចាស់ជា​ជន​ជាតិ​ថៃ និង​មាន​ឈ្មោះ​ថា Mitr Phol Sugar Co Ltd។

អ្នក​ភូមិ​ដែល​ជា​ដើម​បណ្ដឹង និង​ភាគី​ក្រុម​ហ៊ុន​ Mitr Phol ត្រូវ​ដាក់ឯកសារពាក់ព័ន្ធនឹង​ភស្តុតាង​ទាំងឡាយ ​នៅ​ថ្ងៃទី​២៧ ខែមីនា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី Sor Rattanamanee Polkla មេធាវីជនជាតិ​ថៃ ​តំណាង​ឲ្យ​អ្នក​ភូមិ ដែលជាដើមបណ្ដឹង​ទាំង​បី​រូប​។ អ្នកស្រី​ក៏​ជា​អ្នក​សម្រប​សម្រួល​​កិច្ច​​ប្រតិបត្តិការ​របស់​​មូលនិធិមជ្ឈមណ្ឌលធនធាន​សហគមន៍​ (Community Resource Centre Foundation ) ផង​ដែរ។​

អ្នកស្រី​ប្រាប់ ​ខេមបូចា ថា៖ «ថ្ងៃព្រហស្បតិ៍ ជា​ថ្ងៃ​ពិនិត្យ​ភស្តុតាង​ដែល​ភាគី​ទាំង​ពីរដាក់​ទៅ​កាន់​តុលាការ។ ភាគីទាំង​ពីរ​ក៏​ត្រូវ​ពិនិត្យ​លើ​ឯកសារ​ទាំង​នោះដែរ»

អ្នកស្រី​បន្ត​ថា ភាគីទាំង​ពីរ​បាន​ស្នើ​សុំ​ពេល​វេលា​ពិនិត្យ​ឯកសារ និង​ថា​តុលាការ​បាន​កំណត់​យក​ថ្ងៃទី​៩ ខែឧសភា ជាថ្ងៃ​បើកសវនាការ​លើ​សំណុំ​រឿង​នេះ។

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា ដើម​បណ្ដឹង​ជា​ធម្មតា​​តែង​មាន​វត្ត​មាន​នៅ​ពេល​ដំណើរ​ការ​សាក​សួរ​ក្នុង​សវនាការ បើ​ទោះ​បី​ជា​ពួក​គាត់​បាន​ត្រឹម​អង្គុយ​ស្ដាប់​សិន​ក៏​ដោយ។ អ្នកស្រី​ថា នេះ​ជា​វិធី​ដែល​អាច​ជួយ​ឲ្យ​ដើម​បណ្ដឹង​យល់​ពី​ដំណើរ​ការ​នៃ​សំណុំ​រឿង​ និង​ជា​ផ្នែក​មួយ​នៃ​សំណុំ​រឿង​នៅ​គ្រប់ដំណាក់​កាល​។​

លោក ម៉ា អ៊ុកជឿន ជា​ជនរងគ្រោះ​ម្នាក់​មកពី​ខេត្ត​ឧត្តរមានជ័យប្រាប់ ​ខេមបូចា ​ថា សហគមន៍​របស់​លោក​បាន​រង​ផល​ប៉ះពាល់​ពីសកម្ម​ភាព​របស់​ក្រុម​ហ៊ុន Mitr Phol និង​ថា​ពេល​នេះ​ខាង​សហគមន៏​របស់លោក​បាននឹងកំពុង​ស្វែង​រក​ជំនួយ​ពី​អង្គការ​ក្នុង​ស្រុក​ និង​អន្តរជាតិ ក្នុងការ​​រៀប​ចំ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ថៃ និង​ក្រៅ​ប្រទេស​ថៃផងដែរ​។​

លោក​ថា​ការ​ដាក់ពាក្យ​បណ្ដឹង​នេះ គឺ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ហ៊ុន​ឲ្យ​ផ្ដល់​សំណង​សមរម្យ​​ដល់​អ្នក​ភូមិ​ជាង​៧០០​គ្រួសារ ដែល​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ និងផ្ទះ​របស់​ពួក​គាត់​ត្រូវ​ដុត​បំផ្លាញ​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។​

លោក​បានបញ្ជាក់​ថា៖ «ខ្ញុំ​មិន​អាច​សន្និដ្ឋាន​បាន​ទេថា​សំណុំ​រឿង​នៅ​តុលាការ​ថៃ​បាន​លទ្ធផល​យ៉ាងម៉េច​នោះទេ ប៉ុន្តែ​យើង​ត្រូវ​ដាក់​ឯកសារទាំង​អស់​ឲ្យខាងតុលាការថៃធ្វើការសម្រាប់​ត្រួត​ពិនិត្យសិន»។​

លោក​បន្តថា៖ «យើង​បាន​ប្រមូល​ឯកសារ​ពាក់ព័ន្ធ និង​បាន​ដាក់​ទៅ​តុលាការ​ដើម្បី​ជំរុញ​ឲ្យតុលារពន្លឿនការជំនុំជម្រះរឿងក្ដីដល់​សម្រាប់​សហគមន៍ឲ្យបានឆាប់រហ័ស»​។​

លោក អ៊ុកជឿន ត្រូវ​បាន​តុលាការខេត្ត​សៀម​រាប​កាត់ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​ចំនួន​ពីរ​ឆ្នាំ​ក្រោម​បទ​ចោទ​ថា​បាន​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុស​ច្បាប់ តែ​លោកបាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ក្នុង​ឆ្នាំ​២០០៩។  ជាមួយ​នឹង​ការ​ជួយ​ជ្រោម​ជ្រែង​ពីអង្គការ​ក្នុង​ស្រុកមួយ លោកក៏​បាន​​ផ្លាស់​ពីឧត្តរមានជ័យ​មក​រស់នៅ​ខេត្ត​សៀម​រាប​វិញ​។​

​លោក​ថា លោក​ចង់​ឲ្យ​ពិភព​លោក​បាន​ដឹង​ទុក្ខលំបាក​របស់​​ប្រជា​ជន​កម្ពុជា​ដែល​រង​គ្រោះ​ពី​ភាព​អយុត្តិ​ធម៌នៅ​លើ​ដី​របស់​ខ្លួន ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​​ទាំង​នោះ​ជា​ដី​សម្បទាន​សេដកិច្ច​​ទៅ​ឲ្យ​ក្រុម​ហ៊ុន​បី​ជា​បុត្រសម្ព័ន្ធ​របស់ក្រុម​ហ៊ុន​ Mitr Phol កាលពី​ខែមករា ឆ្នាំ​២០០៨​។​

លោក​បន្តទៀត​ថា៖ «​វា​គឺ​ជា​សំណុំ​រឿង​ដ៏​សំខាន់​មួយ​ដែល​យើង​ស្វែង​រក​យុត្តិធម៌ជា​សមូហភាព​សម្រាប់គ្រួសារ​រងគ្រោះ មិន​មែន​តែ​យុត្តិធម៌​សម្រាប់អ្នកណា​ម្នាក់​ទេ​។ វា​នឹង​បង្ហាញ​ទៅ​ពិភព​លោក​ថា ​យើង​រងទុក្ខ​បែប​ណា​ដោយសារ​តែ​ក្រុម​ហ៊ុន​នេះ។​ ខ្ញុំ​សង្ឃឹម​ថា​តុលាការ​ថៃ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពួក​យើង»​។​

លោក​ក៏​សង្កេត​ឃើញ​ដែរ​ថា ហេតុ​ការណ៍​ប្រហាក់ប្រហែល​គ្នា​នេះ​កើត​មាន​នៅ​ខេត្ត​ព្រះ​វិហារ​ដែរ ដែល​អ្នកភូមិ​ត្រូវអាជ្ញាធរបណ្ដេញចេញ​ពី​លំនៅ​ដ្ឋាន​​ដោយ​បង្ខំ បន្ទាប់​ពី​ក្រុម​ហ៊ុន​បាន​ទទួល​​ដី​សម្បទាន​សេដ្ឋកិច្ច​។ លោកបន្ថែមថា៖ «​វា​ជា​រឿង​គួរ​ឲ្យ​សង្វែក​ណាស់ ជា​ពិសេស​ក្នុង​ប្រទេស​មួយ​ដែល​មាន​ច្បាប រដ្ឋធម្មនុញ្ញ និង​អធិបតេយ្យ​ភាព​ច្បាស់​លាក់»។​

​ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​២០០៩ ប្រជា​ពល​រដ្ឋជាង​៧០០​គ្រួសារ​មក​ពី​២៦​ភូមិ ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ដោយ​បង្ខំ បន្ទាប់​ពី​​រដ្ឋាភិបាល​ផ្ដល់​ដី​សប្បទាន ​៩ ៤០០​ហិកតា​ទៅ​ឲ្យ​ក្រុម​ហ៊ុន​។ នេះ​បើ​តាម​របាយការណ៍​របស់​ Inclusive Development International (IDI)។ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុម​ហ៊ុន​​ដាំ​អំពៅ​ចូល​ប្រើ​ប្រាស់​ដី​នោះ​បាន «គ្រួសារ​ទាំង​នោះ​ត្រូវ​គេបណ្ដេញ​ចេញ​ដោយ​បង្ខំ និង​ហិង្សា» ពី​ដី​ និង​ផ្ទះ​របស់​ពួកគាត់ ខណៈ​ដែល​ដំណាំ​ផ្សេង​ៗ​ត្រូវ​បំផ្លាញ​។​

នៅ​ឆ្នាំ​២០១៥ ក្រុម​ហ៊ុន​ Mitr Phol យល់ព្រម​លុប​ចោល​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ខ្លួន​ទទួល​បាន និង​បាន​ដក​ខ្លួន​ចេញ​ពី​កម្ពុជា ព្រម​ទាំង​ប្រគល់​ដី​ឲ្យ​មក​រដ្ឋ​វិញ​។ នៅ​ពេល​ដែល​មិន​បាន​ទទួល​សំណង ក្រុម​គ្រួសារ​ទាំង​នេះបាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ទៅ​តុលាការ​​ថៃ​​ក្នុង​ឆ្នាំ​២០១៨​។ ជាមួយ​គ្នា​នេះ​ដែរ អង្គការ​ក្នុង​ស្រុក និងអន្តរជាតិ​បាន​បន្ត​ដាក់​សម្ពាធ​ទៅ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ឲ្យ​ទទួល​ខុស​ត្រូវ និង​​ស្ដារ​ជីវភាព​ប្រជា​ពល​រដ្ឋ​ទាំង​នោះ​ឡើង​វិញ​។​

​គិត​ពី​ឆ្នាំ​២០០៨ ពេល​ដែល​ក្រុម​ហ៊ុន​ Mitr Phol បាន​ទទួល​សិទ្ធិ​លើ​ដី​សម្បទាន​សេដ្ឋ​កិច្ច ក្រុម​ហ៊ុន​បាន​សន្យា​វិនិយោគ​ជា​ច្រើន​លាន​ដុល្លារ និង​បង្កើត​ការងារ​ច្រើន​ពាន់​កន្លែង​។ ជំនួស​មក​វិញ អ្នក​ភូមិ​បែរ​ជា​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ មានការបំផ្លាញ​បរិស្ថាន និង​ថែម​ទាំងធ្វើ​ឲ្យ​ជីវភាព​ប្រជា​ពល​រដ្ឋ​ធ្លាក់ចុះ ខណៈ​ដែល​ព្រៃ​ឈើ​ត្រូវ​បាន​បំផ្លាញ ដើម្បី​យក​ដី​ដាំ​អំពៅបែបឧស្សាហកម្ម​។ នេះ​បើ​តាម​របាយការណ៍ Oxfarm​។

ក្នុង​ឆ្នាំ​២០១៤ អ្នកភូមិ​​ដែល​គាំ​ទ្រ​ដោយ​អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​ លីកាដូ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័នគណៈកម្មការ​សិទ្ធិ​មនុស្ស​ថៃ ឲ្យ​ស៊ើប​អង្កេត​លើ​ករណី​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ឧត្តរមានជ័យ​។​

នៅ​ពេល​ចុង​បញ្ចប់​នៃ​ដំណើរ​ការ​ស៊ើប​អង្កេត គណៈកម្មការ​បាន​រក​ឃើញ​ថា ​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជា​ច្រើនករណី​ពី​សំណាក់​ក្រុម​ហ៊ុន​ Mitr Phol ​ដោយ​បាន​ធ្វើ​ឲ្យ​ប្រជា​ជន​ធ្លាក់​ក្នុង​ភាព​ក្រី​ក្រ និង​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​មួយ​នេះ​សង​ការ​ខូច​ខាត​ដល់​ប្រជា​ពល​រដ្ឋ​វិញ​។

ក្រុម​ហ៊ុន​ Mitr Phol មិន​បាន​ឆ្លើយ​តប​ការ​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​តាម​អ៊ីម៉ែល​នោះទេ​។​

លោក អំ សំអាត នាយកចាត់ការទូទៅនៃ​អង្គការ លីកាដូ​ មាន​ប្រសាសន៍​ថា សហគមន៍​បាន​ស្វែង​រក​ការ​គាំទ្រ​ពី​អង្គការ​ជា​ច្រើន ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ថៃ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ទាក់​ទង​នឹង​ការ​​រំលោភ​ពំពាន​សិទ្ធិ​មនុស្ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះ​។ លោកបន្ត​ថា ​ពួក​គេ​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​​ពី​ក្រុមហ៊ុន ដែល​នេះ​ជាករណី​ផ្លូវ​ច្បាប់​លើក​ទី​មួយ​ធ្វើ​ឡើង​ដោយ​​ប្រជា​ពល​រដ្ឋ​កម្ពុជា​។​

លោក​បន្ត​ថា៖ «សហគមន៍​បា​ន​ប្រមូល​ឯកសារ​ដោយ​ខ្លួន​ពូក​គាត់​ផ្ទាល់ គ្រាន់តែ​មាន​អង្គការ​មួយ​ចំនួន​បាន​ជួយគាំទ្រ​ពួកគាត់ពីក្រោយ ទាក់ទងទៅនឹងការរៀបចំឯកសារជាដើម​​។ វា​ជា​សំណុំ​រឿង​ដ៏សំខាន់​មួយ ​ដែល​ខាងសហគមន៍​ក្នុង​ប្រទេស​កម្ពុជា​បាន​នាំ​ប្ដឹងដល់តុលាការ​ថៃ​»។​

លោក​ អំ សំអាត ឲ្យ​ដឹង​ទៀត​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មការ​សិទ្ធិ​មនុស្ស​ជាតិ​បាន​បើក​ការ​ស៊ើប​អង្កេត​ទាក់ទង​នឹងរឹបអូស​ដីធ្លី និង​ករណីរំលោភសិទ្ធិ​មនុស្ស​នៅ​ខេត្ត​ឧត្តរមានជ័យ ដោយ​បាន​ឃើញ​ថា ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ថៃ​។​

មុន​មានការ​ប្រកាស​ឲ្យ​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០១២ ​ដីសម្បទានដែល​បាន​ផ្ដល់​​​ទៅ​ក្រុម​ហ៊ុន​ឯកជន​ភាគ​ច្រើន​ មិន​បាន​ធ្វើ​ការ​សិក្សា​លើ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​នោះទេ​។​​

លោក​បន្ថែមថា៖ «ជា​លទ្ធផលនៃ​ដីសម្បទាន​ទាំងនេះ ធ្វើ​ឲ្យ​ប្រជា​ជន​បាត់ដីកសិកម្ម ដែល​ដី​ទាំង​នោះ​ជាន់គ្នា​ជាមួយ​ដីដែល​ត្រូវ​ផ្តល់​ជា​ដីសម្បទានសេដ្ឋកិច្ច»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖Thai Court Fixes May 9 Hearing for Oddar Meanchey Villagers Versus Global Sugar Producer Case

1,123 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម