សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពលរដ្ឋម្នាក់ និងអ្នកបើក​ឡានទឹកម្នាក់ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»

អាជ្ញាធរកំពុងអន្ដរាគមន៍លើពលរដ្ឋកំពុងតវ៉ាទាមទារនៅបុរីពិភពថ្មីកួរស្រូវ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ (រូបថតផ្ដល់ឱ្យ)
អាជ្ញាធរកំពុងអន្ដរាគមន៍លើពលរដ្ឋកំពុងតវ៉ាទាមទារនៅបុរីពិភពថ្មីកួរស្រូវ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ (រូបថតផ្ដល់ឱ្យ)

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពលរដ្ឋម្នាក់ និងអ្នកបើកឡានទឹកម្នាក់​បណ្ដោះ​អាសន្ន​​ពីបទ«ហិង្សាដោយចេតនាមានស្ថាន​ទម្ងន់ទោស»កាលពីសប្តាហ៍មុន ក្រោយ​ពី​ផ្ទុះ​ការតវ៉ាទ្រង់ទ្រាយធំនៅបុរីពិភពថ្មីកួរស្រូវ២ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។

បើតាមលោក អ៊ី រិន្ទ  អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃអង្គារទី១៦ ខែមេសា ថា ជនជាប់ចោទត្រូវបានចៅក្រម​ស៊ើប​សួរ​សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ ពីបទ«ហិង្សាដោយចេតនាមាន​ស្ថាន​​ទម្ងន់​ទោស» កាលពីថ្ងៃទី១០ ខែមេសា។

លោកថ្លែងថា៖ «ជនត្រូវចោទឈ្មោះ អេង ប្រុស ភេទប្រុស ត្រូវបានចៅក្រមស៊ើបសួរ​សម្រេច​ឃុំខ្លួនបណ្តោះអាសន្ននៅ PJ ពីបទ​ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ សម្រេច​ឃុំ​ខ្លួន​​កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤»

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះអតិថិជនបុរីពិភពថ្មីកួរស្រូវ២ជាង២០នាក់បាននាំគ្នាផ្ទុះការតវ៉ានៅមុខការិយាល័យក្រុមហ៊ុនដើម្បីទាម​ទារ​ឱ្យខាងបុរីដោះស្រាយបញ្ហាឱ្យពួកគេ ខណៈពួកគេ​បាន​អះអាង​ថា ភាគីបុរីបានផ្សារទា្វរផ្ទះបិទ និងផ្ទះខ្លះទៀតក្រុមហ៊ុនបានដកទ្វារចេញដោយ​មិន​ឱ្យពលរដ្ឋរុះរើសម្ភារៈចេញទាន់នោះទេ។

ពលរដ្ឋបន្ដថា ការទាមទាររបស់ពួកគេហាក់មិនមានការឆ្លើយតប ទើបពួកគេនាំគ្នាដុត​កង់​ឡាន កង់ម៉ូតូ រហូតខាងបុរីយកឡានទឹកមក​បើកបុកពួកគេអំឡុងពេលតវ៉ា។ ពលរដ្ឋបន្ដថា ការតវ៉ានេះខាងសមត្ថកិច្ចខណ្ឌដង្កោបានចុះមកអន្ដរាគមន៍រហូតមានការនាំខ្លួនជនបង្កទៅអធិការខណ្ឌដើម្បីបន្ដនីតិវិធី ដោយពលរដ្ឋ២នាក់បានដាក់ពាក្យបណ្ដឹងលើជនបង្ក ប៉ុន្ដែសមត្ថកិច្ច​បែរជាឃាត់ខ្លួនពលរដ្ឋម្នាក់ក្នុងចំណោម​ពលរដ្ឋ២ដែលបានដាក់ពាក្យបណ្ដឹងទៅវិញដោយចោទ​ថា បង្កអំពើហិង្សា។

បើតាមអ្នកនាំពាក្យស្នងការរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានថ្លែងនៅ​ព្រឹកថ្ងៃទី៩ ខែមេសា​ថា ស្នងការបានបញ្ជូនអតិថិជនម្នាក់ និងជនបង្កម្នាក់ទៅតុលាការរួចហើយ។ លោក​បន្ដ​ថា ការ​បញ្ជូននេះពាក់ព័ន្ធអំពើហិង្សាសុទ្ធសាធ ខណៈលោកថា មិនពាក់ព័ន្ធ​រឿងជម្លោះ​រឿង​បុរី​នោះទេ។ យ៉ាងណាលោកជំរុញឱ្យគ្រប់ភាគីទាំងអស់​កុំយកហិង្សាមកដោះស្រាយ​បញ្ហាគួរ​រក​ដំណោះស្រាយសមស្របចៀសវាងការប្រើហិង្សា។

លោកថ្លែងថា៖ «បញ្ជូនទៅតុលាការហើយរឿងហិង្សា អត់ពាក់ព័ន្ធរឿងបុរីទេ។ អតិថិជនម្នាក់ អ្នកបើកឡានម្នាក់ រឿងបង្កហិង្សាទេ។ ខ្ញុំឱ្យបងប្អូនកុំយកហិង្សាមកដោះស្រាយបញ្ហា​អីវាអត់​ចំណេញទេ»

បើតាមលោក ម៉ង មាសា ជាអតិថិជនម្នាក់ដែលបានទៅដាក់ពាក្យបណ្ដឹង​នៅសាលា​ខណ្ឌ​ដង្កោ ​​ជាមួយលោក អេង ប្រុស ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន បាន​បញ្ជាក់​ប្រាប់តាម​ប្រព័ន្ធ​តេឡេក្រាម​ថា កាលពីថ្ងៃកើតហេតុនៃការតវ៉ា​របស់​អតិថិជន​​បុរីពិភពថ្មី​កួរស្រូវ២​ដើម្បី​ឱ្យ​ភាគី​បុរី​គោរពតាមកិច្ចសន្យា​ ខណៈផ្ទះមួយចំនួន​ត្រូវខាង​បុរីចាក់​សោ និងផ្សារទា្វរ​មិនឱ្យចូលផ្ទះ​ទាំងមិនឱ្យម្ចាស់ផ្ទះរុះរើចេញរហូតផ្ទុះការតវ៉ា។

លោកបន្ដថា អំឡុងពេលតវ៉ាដោយអតិថិជននាំគ្នាដុតកង់ឡាននៅមុខការិយាល័យបុរី​ដើម្បី​ឱ្យ​ម្ចាស់បុរីចេញមុខដោះស្រាយ។ លោកឱ្យដឹងទៀតថា ក្រោយពីប៉ះទង្គិចគ្នាលោក និងលោក អេង ប្រុស នាំគ្នាទៅដាក់ពាក្យបណ្ដឹងពីជនបង្កបើកឡានដឹកទឹកបុកពលរដ្ឋ បែរជា​សមត្ថកិច្ច​ឱ្យលោកផ្ដិតមេដៃ តែលោកមិនព្រមផ្ដិតតាមការចង់បានរបស់សមត្ថកិច្ច។

លោកនិយាយថា៖ «ខ្ញុំទៅដាក់ពាក្យបណ្ដឹងស្រាប់តែគេ[សមត្ថកិច្ចខណ្ឌដង្កោ]ឱ្យខ្ញុំផ្ដិតមេដៃ​លើ​របាយការណ៍ ខ្ញុំឃើញថាវាខុសខ្ញុំមិនព្រម ខ្ញុំក៏ដើរចេញមក។​ ខ្ញុំមិនដឹងគេបញ្ជូន​គាត់​ទៅ​ណាទេពេលនេះ»

ជុំវិញរឿងឃាត់ខ្លួននេះលោក ជឹម ស៊ីថា​ អធិការនគរបាលខណ្ឌដង្កោបានថ្លែងថា លោកមិន​អាច​ឆ្លើយបានទេដោយលោកថា រឿងនេះផុតដៃលោកហើយ។ យ៉ាងណាលោកថា ការឃាត់​ខ្លួននេះខាងនគរបាលកម្រិតស្រាលជាឃាត់ខ្លួន និងជាអ្នកបញ្ជូនទៅស្នងការ។

លោកថ្លែងថា៖ «ពូឆ្លើយអត់បានទេផុតដៃពូហើយ។ខាងកម្រិតស្រាលអ្នកឃាត់។ ពូហ៊ានតែ​និយាយខុស»

បើយោងតាមការបញ្ជាក់ពីសន្ដិសុខបុរីពិភពថ្មីកួរស្រូវ២សុំមិនបញ្ចេញឈ្មោះឱ្យខេមបូចាដឹងដោយ​ផ្ទាល់នៅព្រឹកនេះថា អ្នកបើកឡាន​ដឹកបុកប្រជាពលរដ្ឋ​ជាបុគ្គលិក​ក្រុមហ៊ុន​ផ្នែក​អនាម័យ និងបានបើកឡានដឹកទឹកក្នុងគោលបំណងពន្លត់ភ្លើង​ដែលប្រជាពលរដ្ឋបាន​ដុត​អំឡុង​ពេលតវ៉ា។ តែយ៉ាងណាលោកមិនអាចបំភ្លឺបានលើសពីហ្នឹងឡើយ ទោះ​ខេមបូចា ព្យាយាម​សួរយ៉ាងណាក៏ដោយ។

លោកថា៖ «ខ្ញុំអត់ស្គាល់ឈ្មោះទេ មិនដឹងគាត់[អ្នកបើកឡានដឹកទឹក]ឈ្មោះអី។ គាត់បើកទៅពន្លត់ភ្លើងតើ គ្មានចេតនាបុកអ្នកតវ៉ាទេ»

អតិថិជនបុរីពិភពថ្មីលើកបដាទាមទារឱ្យក្រុមហ៊ុនទិញចូលតាមកិច្ចសន្យា៥០ភាគរយ ប៉ុន្ដែ​ក្រុមហ៊ុន​​មិនអនុវត្ដតាមការទាមទាររហូតកើតហិង្សានៅទីតាំងបុរីពិភពថ្មីកួរស្រូវ២ ស្ថិត​នៅ​​ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦​ ខែមេសា ឆ្នាំ២០២៤ (រូបថតផ្ដល់ឱ្យ)

អតិថិជនរបស់បុរីពិភពថ្មីជាង៥០នាក់បានប្រមូលផ្ដុំគ្នា​ជាថ្មីនៅបុរីពិភពថ្មីកំបូល៣ ខណ្ឌ​កំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ​ទី១៥ ខែមីនា ​បន្ទាប់ពីពួកគេមិនព្រមទទួលការ​សម្រប​​សម្រួល​​របស់​ក្រសួងរៀបចំដែនដី​ដោយ​​គូស​​បញ្ជាក់ថា ការសម្របសម្រួលនេះ​មិន​តាម​លក្ខខណ្ឌ​​ដែល​​ពួកគេទាមទារ និង​ចង់​បាន។

ជ្រុងមួយនៃបញ្ហានេះលោក ហេង តារា តំណាងពលរដ្ឋបានឱ្យដឹងថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន និងបាន​បញ្ជូនទៅស្នងការក្រុង។ លោកបានចាត់ទុកសកម្មភាពនេះ​គឺជាការរំលោភសិទ្ធិ​មនុស្ស​​ធ្ងន់ធ្ងរដោយសំអាងថា សមត្ថកិច្ច​មានចេតនាងាកគាំទ្រម្ចាស់បុរី និងបន្ដធ្វើ​ទុក​បុកម្នេញ​លើពលរដ្ឋ។ លោកជំរុញ​ឱ្យក្រសួងរៀបដែនដីពន្លឿនការដោះស្រាយ និងដាក់បន្ទុក​លើម្ចាស់បុរីដោយបញ្ជាក់ថា ពលរដ្ឋតែងតែអនុវត្ដតាមសេចក្ដីណែនាំរបស់អាជ្ញាធរ ប៉ុន្ដែ​ភាគី​បុរីនៅតែបន្ដយាយី​ពលរដ្ឋ​ទៅវិញ។

លោកសង្កត់ធ្ងន់ថា៖ «គេចាប់ខ្លួនគាត់បញ្ជូនទៅស្នងការហើយ។ ពួកខ្ញុំតែងតែគោរពសេចក្ដី​ណែនាំ​របស់អាជ្ញាធរណាស់ ប៉ុន្ដែខាងបុរីតែងតែព្យាយាមរំលោភលើពួកខ្ញុំ ដូចផ្សារទ្វារ​មិន​ឱ្យ​ចូលផ្ទះ ដោះទ្វារចេញ។ ខ្ញុំស្នើដល់ក្រសួងមេត្ដាពន្លឿនឱ្យពួកខ្ញុំផង»

ថ្ងៃទី១៤ ខែមីនា ក្រសួងរៀបចំដែនដី បានលើកឡើង​ពីការសម្របសម្រួល​រវាង​ក្រសួង និង​បុរីពិភពថ្មីដែលអតិថិជនរបស់ខ្លួនបានចេញតវ៉ា និងបានដាក់​លិខិត​អន្ដរាគមន៍​ទៅ​ក្រសួង​ដើម្បី​​ស្វែងរកដំណោះស្រាយ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​បញ្ជាក់​ថា ក្រោយជួបពិភាក្សាជាមួយក្រសួងរៀបចំដែនដីរួចមក ក្រុមហ៊ុនបុរីពិភពថ្មី បាន​សម្រេច​ចេញ​នូវគោលការណ៍សម្រួលដល់អតិថិជនដែលកំពុងបង់រំលស់មានការយឺតយ៉ាវ​ដោយ​មាន​៣ចំណុច។

ក្នុងនោះរួមមាន អតិថិជនអាចបង់តែការប្រាក់រហូតដល់រយៈពេល៣ឆ្នាំ និងការប្រាក់ដែល​អតិថិជនបានជំពាក់កន្លងមក(មិនគិតពិន័យ)​ទុកសម្រាប់ទូទាត់ក្រោយរយៈពេល៣ឆ្នាំ ឬក៏​អតិថិជន​អាចរៀបចំឥណទានសារឡើងវិញ និងទី៣ អតិថិជនអាចប្ដូររយៈបង់រំលស់រហូត​ដល់​​៣០ឆ្នាំ។

កាលនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤កន្លងទៅ អតិថិជនបុរីពិភពថ្មីកំបូលប្រមាណ១០០នាក់​ផ្ទុះការ​តវ៉ាជាថ្មី ដើម្បីទាមទារឱ្យ​ក្រុមហ៊ុន បញ្ឈប់ការគំរាមកំហែងរឹបអូស និងព្រម​ទទួលទិញ​ផ្ទះយកវិញក្នុងតម្លៃ៥០ភាគ​នៃទឹក​ប្រាក់ដែលបានបង់ករណីអតិថិជនអស់លទ្ធភាព។

ជុំវិញវិវាទរ៉ាំរ៉ៃនេះលោក នី សុខា ប្រធានសមាគមអាដហុក ហាក់ស្ដីបន្ទោសថា​ ការប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​បញ្ចប់​ជម្លោះគឺមិនអាចទៅរួចទេ។ លោកគូសបញ្ជាក់ថា​ អាជ្ញាធរគួរប្រើយន្ដការ​ផ្សេង ជាពិសេស​​​ការឈរលើគោលការណ៍តម្លាភាពដោយផ្អែកលើកិច្ចសន្យា​រវាងអតិថិជន និង​ក្រុមហ៊ុនមកដោះស្រាយទើបអាចបញ្ចប់បាន។

លោក សុខាថ្លែងថា៖ «អាជ្ញាធរមិនគួរយកការឃុំខ្លួនមកដោះស្រាយទេនឹងធ្វើឱ្យបញ្ហានេះ​កាន់​តែ​ធំ។ អាជ្ញាធរត្រូវពន្លឿនការដោះស្រាយ​ឱ្យទាន់ពេលមុននឹងឈានដល់​មាន​អំពើ​ហិង្សា​បន្ដ​ទៀត។កុំយកប្រព័ន្ធតុលាការមកដោះស្រាយអី រឿងណាលើកលែងបានគួរលើកលែង»

កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅអង្គការសមាគមធាងត្នោតបានរកឃើញថា ពលរដ្ឋ​៣​ខេត្ដ​រងគ្រោះដោយបណ្ដេញចេញទាំងបង្ខំ និងមិនទទួលបាននូវសំណងសមរម្យ​១២ករណី ខណៈសង្គមស៊ីវិលផ្សេងទៀតថា ការចេញរបាយការណ៍នេះគឺជាការរួមចំណែកមួយ​ក្នុងការ​ជំរុញដល់រដ្ឋាភិបាលថ្មីងាកមកគិតគូរពីបញ្ហាសិទ្ធិមនុស្សកាន់តែខ្លាំង។

ក្នុងរបាយការណ៍របស់អង្គការសមាគមធាងត្នោត បានចេញស្ដីពីការបណ្ដេញទាំងបង្ខំ២០២៣​ថា ការបណ្ដេញមាន១២ករណីនៅរាជធានី​ភ្នំពេញ ខេត្ដតាកែវ និងខេត្ដកណ្ដាល ចន្លោះពីឆ្នាំ​២០១៩​ដល់២០២៣ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងរបាយការណ៍ដដែល​បង្ហាញ​​ថា ការបណ្ដេញចេញទាំងនេះ ត្រូវបានចាត់ទុកថា ជាការរំលោភលើច្បាប់សិទ្ធិមនុស្ស​អន្ដរជាតិ ជាពិសេសសិទ្ធិទទួលបានលំនៅឋានសមរម្យ។

លោក ស៊ាង មួយឡៃ ប្រធានគម្រោងសិទ្ធិលំនៅឋានទីក្រុងនៃសមាគមធាងតោ្នត បានចាត់​ទុក​ថា អាជ្ញាធរហាក់មិនបង្ហាញពីតម្លាភាពឱ្យពលរដ្ឋក្នុងការដោះស្រាយបញ្ហាទេ​ បែរជាបន្ដ​គាំទ្រសកម្មភាពខុសច្បាប់របស់អ្នកមានអំណាចទាំងដឹងថាមិនគោរពតាមកិច្ចសន្យា។ លោក​ជំរុញ​ឱ្យក្រសួងសាមីពិនិត្យ និងដោះសា្រយឱ្យទាន់ពេលវេលាដើម្បីអាចបញ្ចៀស​ការបង្ក​ហិង្សា​​ណា​មួយ។

លោកថ្លែងថា៖ «ក្រសួងគួរពន្លឿនការដោះស្រាយឱ្យទាន់ពេលដើម្បីកុំឱ្យបញ្ហានេះកាន់ធំ»

2,046 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម