អតិថិជនបុរីពិភពថ្មីកំបូលប្រមាណ១០០នាក់ផ្ទុះការតវ៉ាជាថ្មីនៅថ្ងៃទី៣១ ខែមករា ដើម្បីទាមទារឱ្យក្រុមហ៊ុន បញ្ឈប់ការគំរាមកំហែងរឹបអូស និងព្រមទទួលទិញផ្ទះយកវិញក្នុងតម្លៃ៥០ភាគនៃទឹកប្រាក់ដែលបានបង់ករណីអតិថិជនអស់លទ្ធភាព។
នៅព្រឹកនេះ អតិថិជនបានជួបជុំគ្នានៅបុរីពិភពថ្មីកំបូល៣ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបាន លើកបដាទាមទារលក្ខខណ្ឌទៅក្រុមហ៊ុនព្រមទាំងលើករូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រូបថតអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរូបថតលោកស្រី ប៊ុន រ៉ានី ផងដែរ។
ក្រោយពីការជួបជុំថ្លែងសាររៀបរាប់ពីភាពអយុត្តិធម៌បង្កឡើងដោយម្ចាស់បុរី អតិថិជនទាំងនោះនាំគ្នាដើរជាក្បួនគ្រោងធ្វើដំណើរទៅក្រសួងដែនដីដើម្បីស្នើកិច្ចអន្តរាគមន៍រកដំណោះស្រាយ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចម្រុះប្រមាណ៣០នាក់រារាំង ទើបពួកគេសម្រេចដូរពីការហែក្បួនមកធ្វើដំណើររៀងៗខ្លួនវិញ។
អ្នកស្រី កឹម ពិសិដ្ឋ មុខរបរជាអាជីវករលក់អីវ៉ាន់ឱ្យដឹងថា រូបគាត់បានទិញផ្ទះបុរីពិភពថ្មីនៅខណ្ឌកំបូលដោយបង់រំលស់តាំងពីឆ្នាំ២០១៨ ក្រោយមកជួបការលំបាកខ្លាំងនៅឆ្នាំ២០២១ ក៏ស្នើលក់ឱ្យបុរីវិញតាមកិច្ចសន្យា ប៉ុន្តែខាងបុរីបញ្ជាក់ថា គម្រោងទិញចូលវិញថ្លៃ៥០ ភាគរយនោះបានបញ្ចប់ហើយ ទើបអ្នកស្រីបន្តបង់ទាំងលំបាករហូតដល់ឆ្នាំ២០២៣។
អតិថជនរូបនេះបន្តថា បុរីរំលោភកិច្ចសន្យាព្រោះពេលអ្នកទិញតំណាងផ្នែកលក់ប្រាប់ថា បើអស់លទ្ធភាព ឬចង់លក់វិញខាងបុរីទិញយកក្នុងតម្លៃ៥០ភាគរយនៃចំនួនទឹកប្រាក់ដែលបានបង់ ប៉ុន្តែក្រោយមកថា មិនទិញ ឬទិញឱ្យតែថ្លៃប្រាក់ដើមមិនមែនប្រាក់ដែលបង់សរុបនោះទេ។
អ្នកស្រី កឹម ពិសិដ្ឋ ថ្លែងថា៖«បុរីគាត់លុបគោលការណ៍ដោយមិនបានជូនដំណឹងដល់អតិថិជនជាមុន ហើយអ៊ីចឹងយើងស្នើលក់ យើងអត់មានលទ្ធភាពក្នុងការបង់[បន្តទៀតទេ]។ ដល់ពេលរួច[តំណាង]បុរីថាអត់មានទិញចូលទេ គេផ្អាកការទិញចូលហើយអត់មានគោលការណ៍ហ្នឹងទៀតទេ។ អ៊ីចឹងខ្ញុំផ្ទាល់ខំរកស៊ីលក់សព្វគ្រប់បែបយ៉ាងតាំងពីយានជំនិះម៉ូតូឡានមាសប្រាក់គ្រប់កន្លុកកន្លៀតទាំងអស់ដើម្បីមកបង់បន្តឱ្យបុរី»។
អតិថិនជនបុរីថ្មីម្នាក់ទៀត លោក ម៉ង មាសា ឱ្យដឹងថា មូលហេតុដែលលោកចូលរួមតវ៉ាដោយ សារផ្ទះរបស់លោកទិញ៣ល្វែងនៅក្នុងពិភពថ្មីកួរស្រូវ៣ត្រូវក្រុមហ៊ុនរឹបអូសយក។ លោកបន្តថា ផ្ទះទាំង៣នោះលោកបង់ប្រាក់អស់ប្រមាណ១៣ម៉ឺនដុល្លារ ហើយលោកប្រកាសថា អស់លទ្ធភាពតាំងពីខែមីនាឆ្នាំ២០២៣ ទើបស្នើឱ្យក្រុមហ៊ុនទិញយកវិញ។
លោក ម៉ង មាសា បន្តថា ខាងបុរីមិនព្រមទិញក្នុងតម្លៃ៥០ភាគរយវិញតាមកិច្ចសន្យាទេ គឺប្រគល់លុយឱ្យវិញតែទឹកប្រាក់ប្រមាណ៣ពាន់ដុល្លារប៉ុណ្ណោះ។ លោកចាត់ទុកថា សកម្មភាពនេះ អយុត្តិធម៌បំផុតសម្រាប់រូបលោក។
លោក ម៉ង មាសា លើកឡើងថា៖«បុរីហ្នឹងឱ្យដាក់ពាក្យស្នើសុំ ដល់ពេលខ្ញុំដាក់ទៅបុរីក៏ឆ្លើយមកវិញថាមិនបានទេ គឺអត់មានការទិញចូលវិញទេ»។ លោកបន្តថា៖ «តាំងពីពេលនោះមកតាំងពីពេលខែក្រោយមកសម្តេច[ហ៊ុន សែន] កាលនៅជានាយករដ្ឋមន្ត្រី]លោកមានប្រសាសន៍រឿងហ្នឹង ហើយសម្តេចលោកមានប្រសាសន៍ហ្នឹង គឺវាស្របនឹងអ្វីដែលបុរីបានសន្យាដែលបុរីបានគោរពគោលការណ៍របស់ខ្លួនកន្លងមក។ ត្បិតតែសម្តេចលោកមានប្រសាសន៍មែន ប៉ុន្តែបើពួកខ្ញុំអត់មានពាក់ព័ន្ធប៉ះនឹងរឿងទាំងអស់នេះទេក៏ពួកខ្ញុំមិនធ្វើការតវ៉ាដែរ ប៉ុន្តែវាពាក់ព័ន្ធនឹងរឿងហ្នឹងពិតប្រាដកហើយវាអយុត្តិធម៌បំផុតសម្រាប់ពួកខ្ញុំរឿងហ្នឹង»។

អ្នកស្រី យ៉េន ចាន់នីតា ជាអតិថិជនម្នាក់ទៀតឱ្យដឹងថា អ្នកស្រីធ្វើការក្នុងវិស័យឯកជន រកចំណូលម្នាក់ឯងជួបការលំបាកក្នុងការបង់ប្រាក់ទៅបុរីព្រោះប្តីមានជំងឺ។ អ្នកស្រីបង្ហាញក្តីបារម្ភថា រាល់ថ្ងៃភ័យខ្លាចពេលត្រឡប់ពីការងារវិញក្រុមហ៊ុនបិទសោរផ្ទះមិនឱ្យចូល បើក្រុមហ៊ុនបន្តរឹបអូសមិនគោរពតាមគោលការណ៍ដូចបច្ចុប្បន្ន។
អ្នកស្រី ចាន់នីតា ថ្លែងថា៖«មកដល់ពេលនេះគឺដំណោះស្រាយនៅតែអត់មាន ហើយបុរីនៅតែគឃ្លើនណាបង គឃ្លើនបំពានប្រជាពលរដ្ឋយើងមិនឱ្យរស់នៅស្រួលទេបង។ ហើយដូចខ្ញុំព្រលឹមឡើងបាត់ល្ងាចឡើងបានមកដល់ ស្រាប់តែមកដល់ផ្ទះ ប្រសិនបើថ្ងៃណាមួយមកដល់ផ្ទះទៅគេកិបសោគេអីទៅធ្វើយ៉ាងម៉េចបង? ចាស! យើងបានកន្លែងណាដេក កន្លែងណាស្នាក់នៅសម្រាប់យើង? បើមនុស្សអត់ឈឺអត់អីទេ តែគ្រួសារខ្ញុំគាត់ឈឺ»។
អភិបាលខណ្ឌកំបូលលោក ឃឹម ស៊ុនសូដា ប្រាប់ខេមបូចាយ៉ាងខ្លីថា កំពុងជាប់រវល់ហើយក៏ដាក់ទូរសព្ទចុះទៅ។ ចំណែកអភិបាលរងសាលារាជធានីភ្នំពេញលោក សុខ ពេញវុធ ដែលជាអ្នកធ្លាប់ដឹកនាំកិច្ចប្រជុំរវាងអតិថិជនបុរីពិភពថ្មី និងក្រុមហ៊ុន បានបដិសេធមិនឆ្លើយតបតាមទូរសព្ទដោយឱ្យអ្នកសារព័ត៌មានទៅដល់កន្លែង។
លោក សុខ ពេញវុធ ថ្លែងថា៖ «សូមទោសលោកចង់សួរអីលោកអញ្ជើមមកដាក់សួរត្រឹមត្រូវ ខ្ញុំអត់អាចឆ្លើយតាមនេះបាន អរគុណច្រើន»។
ខេមបូចា ព្យាយាមទាក់ទងលោក ឡៅ ទិព្ធសីហា អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសាកសួរពីដំណោះស្រាយលើករណីនេះ ប៉ុន្តែលោកប្រាប់ថា ជាប់រវល់។
ទោះយ៉ាងអតិថិជនដែលទៅស្វែងរកកិច្ចអន្តរាគមន៍ពីក្រសួងដែនដីនៅថ្ងៃនេះឱ្យដឹងនៅត្រឹមម៉ោង៥ល្ងាចថា ក្រសួងមិនបានសម្រេចលើចំណុចណាមួយទេ គ្រាន់តែប្រាប់ថា នឹងអន្តរាគមន៍ទៅក្រុមហ៊ុនឱ្យបញ្ឈប់ការចេញលិខិតគំរាមរឹបអូសផ្ទះពីអតិថិជន។
មេធាវីតំណាងឱ្យក្រុមហ៊ុនបុរីពិភពថ្មី លោក វង្ស គឹមសាន្ត ថ្លែងថា លោកមិនមានសិទ្ធិផ្តល់យោបល់អ្វីលើដំណោះស្រាយនោះទេគឺបង្វែរឱ្យទៅសួរបុគ្គលិកក្រុមហ៊ុនផ្ទាល់។ ចំណែកលេខទូរសព្ទប្រចាំការរបស់ក្រុមហ៊ុនទាំង២ប្រព័ន្ធមិនអាចទាក់ទងបាន។
របាយការណ៍ផ្សព្វផ្សាយដោយក្រុមហ៊ុនពិភពថ្មីនៅចុងឆ្នាំ២០២៣ បង្ហាញថា ក្រុមហ៊ុនបានទទួល ទិញផ្ទះពីអតិថិជនវិញបានជាង១ពាន់៥រយផ្ទះគឺទិញទៅតាមលក្ខខណ្ឌនានារួមទាំងទិញគិតថ្លៃដើមវិញ ដោយមិនអាចទិញក្នុងតម្លៃ៥០ភាគរយតាមការទាមទារនោះទេព្រោះ អាចធ្វើឱ្យក្រុមហ៊ុនក្ស័យធន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធមានវិធានការឱ្យភាគីក្រុមហ៊ុនគោរពតាមកិច្ចសន្យា កុំឱ្យបញ្ហារាលដាលកាន់តែធំ។
លោក អំ សំអាត ថ្លែងថា៖ «មើលទៅមានបុរីខ្លះដែលយើងមើលទៅកិច្ចសន្យាវាហាក់ដូចមិនស្មើភាពគ្នា មានន័យថាប្រៀបបានទៅខាងក្រុមហ៊ុន ចឹងអតិថិជនហាក់ដូចជាចាញ់ប្រៀបទៅខាងក្រុមហ៊ុន។ អ៊ីចឹងនៅពេលមានវិបត្តិកើតឡើងគឺក្រុមហ៊ុនមានប្រៀបជាងជានិច្ច។ អាហ្នឹងគឺត្រូវពិនិត្យឡើងវិញដែរទៅលើកិច្ចសន្យាព្រោះកិច្ចសន្យាវាត្រូវតែស្មើភាពគ្នា»៕