អង្គការមិនមែនរដ្ឋាភិបាល និងសកម្មជនបានអំពាវនាវឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតឡើងវិញទៅលើសំណុំរឿងរបស់សកម្មជនប្រឆាំងការកាប់បំផ្លាញព្រៃឈើ លោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់ស្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
សកម្មជនប្រមាណ២០នាក់ បានដើរក្បួនពីទីតាំងផ្សាររាត្រីក្បែរវត្តភ្នំ ទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីប្រគល់ញត្តិមួយដែលអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយទៅលើឃាតកម្មលើរូបលោក វុទ្ធី ស្របពេលនឹងការប្រារព្ធខួបលើកទី១២នៃមរណភាពរបស់លោក។ ពិធីបែបព្រះពុទ្ធសាសនាមួយបានរៀបចំឡើងដោយអង្គការ CCHR ដែលអង្គការនេះបានចេញលិខិតចំហមួយដើម្បីអំពាវនាវឱ្យមានការស៊ើបអង្កេតឡើងវិញ។ សកម្មជនទាំងនេះជំរុញឱ្យរដ្ឋាភិបាលវែកមុខ«អ្នកញុះញង់» និងជនផ្សេងទៀតដែលពាក់ព័ន្ធ ។
យោងតាមរបាយការណ៍ លោក វុទ្ធី បាននិងកំពុងធ្វើដំណើរជាមួយអ្នកសារព័ត៌មានមកពីអតីតកាសែត ឌឹ ខេមបូឌា ដេលី នៅក្នុងតំបន់ជួរភ្នំក្រវាញ នៅខេត្តកោះកុង ដើម្បីស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់នៅក្នុងតំបន់នោះ នៅគ្រាដែលលោកត្រូវបានកម្លាំងរាជអាវុធហត្ថមួយរូបបាញ់ឱ្យស្លាប់កាលពីឆ្នាំ២០១២ ។
ការបាញ់សម្លាប់នោះបានកើតឡើងបន្ទាប់ពីឆ្មាំសន្តិសុខមួយរូបនៅក្រុមហ៊ុនកាប់ឈើ ឈ្មោះ Timber Green ដែលអមដោយកម្លាំងកងរាជអាវុធហត្ថ និងទាហាន បានរឹបអូសម៉ាស៊ីនកាមេរ៉ារបស់ទាំងលោក វុទ្ធី និងទាំងអ្នកសារព័ត៌មាន ។
ការស៊ើបអង្កេតផ្លូវការទៅលើការស្លាប់របស់លោកត្រូវបានបិទបញ្ចប់ក្នុងពេលមិនដល់ពីរសប្ដាហ៍ផងទេ ហើយ៦ខែក្រោយមកទៀត បុគ្គលឈ្មោះ រ៉ាន់ បូរ័ត្ន ដែលជាបុគ្គលិកសន្តិសុខឯកជនសម្រាប់ក្រុមហ៊ុនកាប់ឈើ ត្រូវបានតុលាការកាត់ទោសពីបទមានតួនាទីពាក់ព័ន្ធនៅក្នុងការស្លាប់របស់លោក វុទ្ធី ។ ប៉ុន្តែ ទោសជាប់ពន្ធនាគារពីរឆ្នាំរបស់បុគ្គលិកសន្តិសុខរូបនេះត្រូវបានព្យួរ។
រដ្ឋាភិបាលបានអះអាងថា លោក វុទ្ធី ត្រូវបានបាញ់ស្លាប់ដោយអចេតនាដោយមន្ត្រីកងរាជអាវុធហត្ថមួយរូប ឈ្មោះ អ៊ិន រតនា ដែលបានបាញ់ខ្លួនឯងស្លាប់នៅក្នុងអំឡុងពេលប្រទាញប្រទង់ដណ្ដើមអាវុធដែលពាក់ព័ន្ធនឹងឃាតកម្មជាមួយនឹង បូរ័ត្ន ។
សកម្មជនបរិស្ថាន អ្នកនាង មាន លីហ្សា បាននិយាយថា ពេលវេលាកន្លងទៅជាងមួយទសវត្សរ៍ហើយ ប៉ុន្តែ ក្រសួងពុំទាន់បានរកយុត្តិធម៌ឱ្យលោក វុទ្ធី នៅឡើយទេ ដែលលោកត្រូវបានគេធ្វើឃាតនៅក្នុងព្រៃ។ អ្នកនាងបាននិយាយថា គោលបំណងនៃញត្តិរបស់ពួកគេ គឺដើម្បីរកយុត្តិធម៌ជូនលោក វុទ្ធី ដែលពួកគេចាត់ទុកជាវីរបុរស ។
អ្នកនាង លីហ្សា បាននិយាយថា៖ «យើងចង់ដឹងថាហេតុអ្វីពួកគេសម្លាប់គាត់។ តើអ្នកណានៅពីក្រោយការបាញ់សម្លាប់នោះ?»។ អ្នកនាងបាននិយាយថា យុវជនបរិស្ថាននឹងប្រារព្ធពិធីរំឭកខួបមរណភាពរបស់លោក វុទ្ធី ជារៀងរាល់ឆ្នាំ ដើម្បីជាការរំឭកទៅកាន់ប្រជាជនខ្មែរ និងអ្នកផ្សេងទៀតថា កម្ពុជា«ពុំមានសន្តិភាពពិតប្រាកដទេ»។
សកម្មជនមួយរូបទៀត ឈ្មោះ នុត ធិ បាននិយាយថា សកម្មជនបរិស្ថានជំនាន់ក្រោយៗនឹងបន្តដំណើររបស់លោក ឈុត វុទ្ធី ដើម្បីការពារធនធានជាតិនិងព្រៃឈើ ។
អ្នកនាងនិយាយយ៉ាងដូច្នេះថា៖ «ច៎ាស ពិតណាស់ គ្រប់គ្នាខ្លាច ប៉ុន្តែ ប្រសិនបើយើងមិនបន្តដំណើរនេះទៅមុខទៀតទេ តើនឹងមានអ្វីកើតឡើងចំពោះព្រៃឈើរបស់យើង»។
កញ្ញា ធី បាននិយាយថា៖ «ឥឡូវនេះ យើងកំពុងតែនិយាយ យើងកំពុងតែស្រែករកយុត្តិធម៌ សេរីភាពរបស់យើងត្រូវបានរឹតត្បិត។ ប្រសិនបើយើងបញ្ឈប់ការបញ្ចេញមតិរបស់យើង តើសិទ្ធិសេរីភាព[នៃការបញ្ចេញមតិ]របស់យើងធ្លាក់កម្រិតណា?»។
នៅក្នុងការឆ្លើយតបមួយមកកាន់ ខេមបូចា ព័ត៌មាន តាមរយៈបណ្ដាញសង្គម កូនប្រុសរបស់លោក វុទ្ធី លោក ឆឺយ ឧត្ដមរស្មី បាននិយាយថា ១២ឆ្នាំកន្លងផុតទៅ គ្រួសាររបស់លោកនៅពុំទាន់ទទួលបានយុត្តិធម៌នៅឡើយ ដោយលោកកត់សម្គាល់ថា ប្រជាជនកម្ពុជាតែងតែគោរពលោក ឈុត វុទ្ធី ជាអ្នកការពារព្រៃឈើមួយរូប ។
លោក ឧត្ដមរស្មី និយាយពីសហរដ្ឋអាមេរិកមកថា៖ «ខ្ញុំគិតថា អ្នកដែលបញ្ជាឱ្យសម្លាប់ឪពុករបស់ខ្ញុំគឺជា[មន្ត្រី]ជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាល។ ខ្ញុំគ្មានសង្ឃឹមទេថា តុលាការកម្ពុជានឹងរកយុត្តិធម៌ឱ្យគាត់»។ លោកចោទប្រកាន់ថា៖ «តុលាការស្ថិតក្រោមឥទ្ធិពលរបស់រដ្ឋាភិបាល»។
លោកបានបន្ថែមយ៉ាងដូច្នេះថា៖ «[រតនា]គ្រាន់តែជាមន្ត្រីកងរាជអាវុធហត្ថមួយរូប។ គាត់គ្មានសិទ្ធិសម្រេចចិត្តសម្លាប់ឪពុករបស់ខ្ញុំទេ។ ខ្ញុំជឿជាក់ថា គេមានគម្រោងផែនការសម្លាប់គាត់ [លោក វុទ្ធី]»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានមានប្រសាសន៍ថា ជាគោលការណ៍ សំណុំរឿងនេះបានបិទបញ្ចប់រួចហើយ ដោយសារតែជនល្មើសបានត្រូវកាត់ទោសរួចហើយ ។
លោកបាថ្លែងថា៖ «ចំពោះភាគីណាដែលយល់ថា នៅតែគ្មានយុត្តិធម៌ ឬមួយក៏ជនដៃដល់អ្នកពាក់ព័ន្ធពិតរប្រាកដមិនទាន់ត្រូវបានកាត់ទោស សូមសហការ[ជាមួយក្រសួង] ដើម្បីផ្ដល់ភ័ស្តុតាងរឹងមាំ ឬសក្ខីកម្មថ្មី ដើម្បីឈាន[បើក]ការស៊ើបអង្កេត»។
លោក ម៉ាលីន បានបន្ថែមថា៖ «ប៉ុន្តែគ្រាន់តែចេញញត្តិមួយ ការរិះគន់ និងការបញ្ចេញមតិដែលគ្មានមូលដ្ឋានច្បាស់លាស់ គឺវាមិនអាចជាមូលដ្ឋានឱ្យមានការស៊ើបអង្កេតដោយនគរបាលទេ […] ករណីនេះបានបិទបញ្ចប់រួចទៅហើយតាមផ្លូវច្បាប់»។
លោក នី សុខា ប្រធានអង្គការសិទ្ធិមនុស្ស អាដហុក បាននិយាយថា សាធារណជនមានមន្ទិលសង្ស័យជុំវិញការស៊ើបអង្កេតទៅលើការស្លាប់របស់លោក ឈុត វុទ្ធី ។
លោកបានលើកឡើងថា៖ «ប្រសិនបើគ្មានការស៊ើបអង្កេតច្បាស់លាស់ និងគ្មានតម្លាភាពទេ ហើយ[រដ្ឋាភិបាល]ជៀសវាងការរិះគន់ [វាបង្ហាញថា] ប្រព័ន្ធយុត្តិធម៌យើងមិនឯករាជ្យទេ»។
លោក សុខា ថ្លែងយ៉ាងដូច្នេះថា៖ «សាធារណជនមានមន្ទិលសង្ស័យ[យូរហើយ]ថា ពុំមែនមានតែជនប៉ុណ្ណឹងទេ [មន្ត្រីកងរាជអាវុធហត្ថ និងបុគ្គលិកសន្តិសុខ]ទេ ដែលជាប់ពាក់ព័ន្ធនៅក្នុងរឿងហ្នឹង។ អាចនឹងមានមនុស្សផ្សេងទៀតនៅពីក្រោយករណីនេះ ដែលមូលហេតុនេះហើយ ទើបបានជាយើងស្នើសុំឱ្យមានការស៊ើបអង្កេតជាថ្មីម្ដងទៀត» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ No Closure Yet for Slain Anti-Logging Fighter Chut Wutty After 12 Years, Activists Call For Reinvestigation