សាលាដំបូងខេត្តបាត់ដំបងបានប្រកាសសាលក្រមផ្តន្ទាទោសលើអគ្គនាយកទូរទស្សន៍អនឡាញTNM ពីបទបរិហាកេរ្តិ៍ ដោយពិន័យជាទឹកប្រាក់៤លានរៀលចូលរដ្ឋ នៅថ្ងៃទី៩ ខែឧសភា បន្ទាប់ពីអ្នកកាសែតរូបនេះរងបណ្តឹងរបស់លោកអភិបាលស្រុកឯកភ្នំពីបទបរិហាកេរ្តិ៍។
លោក អ៊ុក សុភាព ក្រឡាបញ្ជីសវនាការក្នុងសំណុំរឿងនេះ បានថ្លែងថា សាលាដំបូងខេត្តបាត់ដំបងបានសម្រេចតម្កល់សាលក្រមកំបាំងមុខទុកជាបានការដដែលនៅថ្ងៃទី៩ ខែឧសភា លើអគ្គនាយកទូរទស្សន៍អនឡាញTNM លោក សែម បូរ៉ា ពីបទបរិហាកេរ្តិ៍ ។
លោក អ៊ុក សុភាព បញ្ជាក់ថា៖ «សាលក្រមនៅដដែលតើ! តម្កល់សាលាក្រមមុនទុកជាបានការ ទុកពេលឱ្យមួយខែគិតពីថ្ងៃប្រកាស ហើយមិនមានភាគីណាមកផង អត់អីទេគេអត់មកជាសិទ្ធិរបស់គេ តែប្រកាសសាលក្រមនៅចំពោះមុខដដែល»។
សាលក្រមកំបាំងមុខរបស់សាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោស លោក សែម បូរ៉ា ដែលមានទីលំនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានតួនាទីជាអគ្គនាយកទូរទស្សន៍អនឡាញTNM ដោយពិន័យជាទឹកប្រាក់៤លានរៀលចូលថវិការដ្ឋ។
លោក សែម បូរ៉ា ត្រូវបានចោទប្រកាន់ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បទល្មើសដែលមានចែងឱ្យ ផ្តន្ទាទោសតាមបញ្ញត្តិច្បាប់មាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ ដែលមានដើមចោទលោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ ក្រោយពីអ្នកកាសែតរូបនេះបានចុះផ្សាយរឿងទំនាស់ដីធ្លីនៅចំណុចអាងភាស។
ការប្រកាសសាលក្រមជាថ្មីនេះ ក្រោយពីលោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញTNM បានប្តឹងជំទាស់ទៅនឹងការ ប្រកាសសាលក្រមកំបាំងមុខរបស់សាលាដំបូងខេត្តបាត់ដំបងខាងលើ ដែលបានប្រកាសនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយអវត្តមានជនជាប់ចោទលោក សែម បូរ៉ា និងកំបាំងមុខដើមបណ្តឹងរដ្ឋប្បវេណីលោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ និងបានជំនុំជម្រះជាថ្មីកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
លោក អ៊ុន ចាន់ថុល មេធាវីការពារក្តីឱ្យលោក សែម បូរ៉ា បានឱ្យដឹងថា លោកទទួលព័ត៌មានថាតុលាការសម្រេចតម្កល់សាលក្រមទុកជាបានការដដែលលើកូនក្តីរបស់ខ្លួន។ លោកបញ្ជាក់ថា នឹងពិភាក្សាជាមួយកូនក្តីរបស់លោកថាតើគាត់ចង់ប្តឹងបន្តទៅសាលាឧទ្ធរណ៍ទៀត រឺយ៉ាងណា? ព្រោះតុលាការទុកពេលឱ្យមួយខែចាប់ពីថ្ងៃប្រកាសសាលក្រម។
លោកមេធាវីបានបន្ថែមថា៖ «គ្រាន់តែរឿងអ្នកកាសែតបទល្មើសអញ្ចឹង! តាមពិតគ្រាន់តែកែតម្រូវទៅវាហើយៗ បង្គាប់ឱ្យកែតម្រូវទៅវាចប់ហើយ ប៉ុន្តែវាពិបាកណាស់ ដៃម្ខាងនេះ ដៃម្ខាងនោះអញ្ចឹងវាពិបាកណាស់ បើគិតBalance គេដៃធ្ងន់ យើងដៃស្រាល អត់អីទេខ្ញុំឱ្យប្តឹងឧទ្ធរណ៍ទៀត»។
លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញTNMបានយល់ថា ពិតមែនតែការសម្រេចសាលក្រមខាងលើជាឆន្ទានុសិទ្ធិរបស់តុលាការ ប៉ុន្តែលោកបានសម្តែងការសោកស្តាយនៅពេលដែលតុលាការមិនប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានមកកាត់ក្តីសំណុំរឿងរបស់លោកដែលជាអ្នកកាសែត ដែលមានតួនាទីនាំសារពីពលរដ្ឋទៅថ្នាក់ដឹកនាំ និងនាំសារពីថ្នាក់ដឹកនាំមកកាន់ប្រជាពលរដ្ឋ។
ទោះបីយ៉ាងណាលោកបញ្ជាក់ថា បានត្រៀមខ្លួនជាស្រេចហើយក្នុងការប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីតតាំងរឿងក្តីរបស់លោកជាមួយលោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំបន្តទៀត ។ ដោយលោកអះអាងថាលោកមានឯកសារគ្រប់គ្រាន់មានប្រភពប្រជាពលរដ្ឋត្រឹមត្រូវ មានច្បាប់សារព័ត៌មាន និងមានមេធាវីការពារក្តីដើម្បីតស៊ូផ្លូវច្បាប់។
លោក សែម បូរ៉ា បន្ថែមថា៖ «ខ្ញុំសំណូមពររាជរដ្ឋាភិបាលជួយក្រឡេកមកប្រព័ន្ធច្បាប់ឡើងវិញកុំឱ្យគាត់ចេះតែមានឆន្ទានុសិទ្ធិ តាពីសតាពាស ធ្វើឱ្យប្រជាពលរដ្ឋពិសេសអ្នកសារព័ត៌មានមួយចំនួនមិនហ៊ានផ្សាយនូវព័ត៌មានពិតនោះទេ»។
ចំណែកលោក ហួន វិទ្យា មេធាវីការពារក្តីឱ្យដើមបណ្តឹងលោក ម៉ឹល សុផល បានបញ្ជាក់ថា លោកមិនបានចូលរួមស្តាប់ការប្រកាសសាលក្រមជាថ្មីនោះទេដោយផ្តល់សិទ្ធិឱ្យមេធាវីម្នាក់ទៀត។ ចំពោះសំនួរសួរថាការប្រកាសសាលក្រមជាថ្មីនេះតុលាការសម្រេចតម្កល់សាលក្រមនៅដដែលលោកមានប្រតិកម្មអ្វីទេ? លោកមេធាវីឆ្លើយបញ្ជាក់ថា លោកមិនមានប្រតិកម្មអ្វីទៅនឹងការសម្រេចសាលក្រមរបស់តុលាការនោះទេ គឺភាគីដើមបណ្តឹងព្រមទទួលយកហើយ។
ទាក់ទងសំណុំរឿងខាងលើនេះលោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបាត់ដំបង និងបន្ទាយមានជ័យបានកត់សម្គាល់ថាការប្រកាសសាលក្រមផ្តន្ទោទោសលើអ្នកកាសែតខាងលើនេះ វាការពិន័យធ្ងន់ធ្ងរចំពោះអ្នកសារព័ត៌មានដែលមិនមានប្រាក់ខែ ហើយគាត់ស្ម័គ្រចិត្តផ្សាយព័ត៌មានជួយប្រជាពលរដ្ឋ និងរួមចំណែកជួយដល់សង្គម។
លោកបន្តថា នៅពេលដែលអ្នកកាសែតគាត់អនុវត្តវិជ្ជាជីវៈសារព័ត៌មាន អាជ្ញាធរស្រុកឯកភ្នំ គួរតែផ្តល់ឱកាសឱ្យគាត់កែតម្រូវព័ត៌មានទៅតាមអ្វីដែលមានចែងក្នុងច្បាប់របបសារព័ត៌មាន តែបែរជាចាប់ផ្តើមប្តឹងទៅតុលាការ ដូច្នេះ ដូចបំបាក់ស្មារតីរបស់អ្នកសារព័ត៌មានធ្វើឱ្យគាត់មិនហ៊ានផ្សាយព័ត៌មានពិតក្នុងសង្គមបន្តទៀត។ លោកថាការអនុវត្តនេះហាក់ដើរផ្ទុយពីអនុសាសន៍របស់ប្រមុខរដ្ឋាភិបាលដែលលោកតែងតែលើកតម្កើងវិស័យសារព័ត៌មាន ហើយចាត់ទុកអ្នកសារព័ត៌មានជាដៃគូរជួយអភិវឌ្ឍន៍សង្គម និងជួយជាកញ្ចក់ឆ្លុះបញ្ចាំងជាដើម។
លោក អ៊ិន គង់ជិត បន្ថែមថា៖ «គោលបំណងរបស់គាត់រាយការណ៍ព័ត៌មានទៅអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនឹងទៅប្រមុខរដ្ឋាភិបាលដែលជាអាណាព្យាបាលប្រជាពលរដ្ឋ បានដឹងហើយដោះស្រាយវាជាគោលបំណងរបស់គាត់! គាត់អត់មានបំណងបរិហាកេរ្តិ៍ទេ ហើយដើមបណ្តឹងគួរអនុវត្តន៍ច្បាប់សារព័ត៌មាន គាត់មានសិទ្ធិស្នើឱ្យកែតម្រូវឡើងវិញ បើគាត់មិនព្រមកែជាកំហុសរបស់អ្នកសារព័ត៌មាន»។
ក្នុងឆ្នាំ២០២៣ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានកត់ត្រាថាមានការយាយីលើអ្នកសារព័ត៌មានយ៉ាងតិចចំនួន៣២ករណីលើអ្នកសារព័ត៌មានចំនួន៥៩រូប ដែលតួលេខនេះថយចុះ៨,៦ភាគរយ បើធៀបនឹងឆ្នាំ២០២២ ប៉ុន្តែថាចំនួនអ្នកសារព័ត៌មានដែលទទួលរងអំពើនេះមានការកើនឡើង៩,៣ភាគរយ។ វិធានការផ្លូវច្បាប់ ឬការគំរាមកំហែងប្រឆាំងអ្នកសារព័ត៌មានបានកើនឡើងពីប្រាំពីរករណីក្នុងឆ្នាំ២០២២ ទៅ១៥ករណីក្នុងឆ្នាំ២០២៣ នេះបើតាមទិន្ន័យរបស់ខេមបូចា។
នាយកប្រតិបត្តិខេមបូចា លោក ណុប វី បានមានប្រសាសន៍ថា មន្រ្តីសាធារណៈគួរតែប្រើប្រាស់ច្បាប់របបសារព័ត៌មានលើអ្នកកាសែត គេមិនគួរយកច្បាប់បរិហាកេរ្តិ៍មកប្តឹងអ្នកកាសែតនោះទេ លោកចោទជាសំនួរថាបើមន្រ្តីសាធារណៈគេផ្សាយប៉ះមិនបានតើទៅធ្វើមន្រ្តីសាធារណៈដើម្បីអ្វី?
លោកបន្ថែមថាអ្នកសារព័ត៌មានគាត់ជាអ្នកសរសេពីបញ្ហាផ្សេងៗក្នុងសង្គមបែរជាមន្រ្តីសាធារណៈទៅប្តឹងគាត់ពីបទបរិហារកេរិ៍្តវាជាគំរូមិនល្អមួយដែលធ្វើឱ្យអ្នកសារព័ត៌មានផ្សេងទៀតមានការភ័យខ្លាច ធ្វើឱ្យគាត់មិនហ៊ានសរសេរប៉ះពាល់ដល់មន្រ្តីសាធារណៈទៀត។
លោក ណុប វី ថ្លែងថា៖ «យើងដឹងហើយថាមន្រ្តីរាជការសាធារណៈជាអ្នកបម្រើសេវាឱ្យប្រជាពលរដ្ឋ ក្នុងការបម្រើសេវាតែងតែមានមតិរិះគន់កែលម្អផ្សេងៗដែលផ្តល់មតិពីប្រជាពលរដ្ឋ ហើយពលរដ្ឋគាត់ផ្តល់តាមរយៈការបញ្ចេញមតិរបស់គាត់ទៅអ្នកសារព័ត៌មានហ្នឹងឯង»។
លោកបញ្ជាក់ថា៖ «ហើយអ្នកសារព័ត៌មានលើកយកមតិផ្សេងៗទាក់ទងបញ្ហាសង្គមហ្នឹងមកផ្សាយ ហើយបែរជាយកបញ្ហានឹងមកប្តឹងគាត់ពីបទរហាកេរ្តិ៍ សំនួរសួរថាវាលើកទឹកចិត្តឱ្យមានមតិរិះគន់កែលម្អសេវារបស់មន្រ្តីសាធារណៈរឺអត់ ? វាជាផលប៉ះពាល់ធ្ងន់ធ្ងរណាស់ធ្វើឱ្យរាំងស្ទះដល់ដំណើរការធ្វើឱ្យប្រសើរឡើងក្នុងការបម្រើសង្គមទូទៅ»។
លោក ណុប វី បានកត់សម្គាល់ថា បច្ចុប្បន្ននេះឃើញអ្នកសារព័ត៌មានអនឡាញគាត់កំពុងប្រើប្រាស់វិជ្ជាជីវៈរបស់ខ្លួនពិនិត្យមើលបញ្ហាសង្គមផ្សេងៗ ដោយគាត់ប្រើប្រព័ន្ធអនឡាញផ្សព្វផ្សាយទូលាយ ដែលពេលខ្លះគាត់ទៅផ្សាយផ្ទាល់នៅនឹងកន្លែង ដើម្បីបង្ហាញទៅសាធារណៈជនមើលឃើញពីទិដ្ឋភាពជាក់ស្តែង។ ទាំងអស់នេះជាចំណែកមួយដែលអាចឱ្យគាត់រងនូវការប្តឹងចោទប្រកាន់កាន់តែច្រើនឡើងពីបទបរិហាកេរ្តិ៍ ដូចករណីក្នុងខេត្តបាត់ដំបងខាងលើ។
លោកថ្លែងបន្តថា៖ «បញ្ហានេះមិនមែនប៉ះពាល់តែអ្នកសារព័ត៌មានទេ វាប៉ះពាល់ដល់សង្គមព្រោះអ្នកសារព័ត៌មានគ្រាន់តែជាភ្នាក់ងារមួយជំរុញឱ្យមានការផ្លាស់ប្តូរ និងជំរុញធ្វើឱ្យមានភាពល្អប្រសើរឡើងក្នុងសង្គមទេ»។ លោកបន្តថា៖ «បើសិនជាយើងប្តឹងលើភ្នាក់ងារដែលជួយចម្លងព័ត៌មាន ជួយបង្ហាញចំណុចខ្សោយក្នុងសង្គមវានឹងមានផលអវិជ្ជមានដល់សង្គមរាំងស្ទះដល់ការរីកចំរើនក្នុងសង្គម នឹងមានបញ្ហាជាច្រើនធ្វើឱ្យប្រជាពលរដ្ឋមិនពេញចិត្តលើសេវាសាធារណៈ»។
ក្រសួងព័ត៌មានក៏បានបង្ហាញរបាយការណ៍អំពីស្ថានភាពសេរីភាពសារព័ត៌មានរបស់ខ្លួនមួយដែរ ដោយថា៧៩,៨ភាគរយនៃអ្នកសារព័ត៌មាន៣៤១នាក់ដែលបានចូលរួមក្នុងការស្ទង់មតិបានដាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាថា «ល្អប្រសើរ»។ អ្នកទាំងនោះបានអះអាងថាអ្នកសារព័ត៌មាននៅកម្ពុជាមាន«សេរីភាពពេញលេញ» ដើម្បីបំពេញការងារ ខណៈ៩៥ភាគរយបានយល់ស្របថាប្រព័ន្ធផ្សព្វផ្សាយសម្បូរបែបនៅកម្ពុជាបច្ចុប្បន្នបានរួមចំណែកលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងក្នុងពិធីសម្ពោធរបាយការណ៍កាលពីថ្ងៃទី៣០ ខែមេសា ថា៖ «វាជាមោទនភាពសម្រាប់ប្រទេសយើងដែលមានរបាយការណ៍វាយតម្លៃពីស្ថានភាពសេរីភាពសារព័ត៌មានដោយខ្លួនឯង ដែលមិនមែនជាការនិយាយរបស់បរទេសជំនួសឲ្យប្រជាជនកម្ពុជា ដែលជាអ្នកបានដឹងពីស្ថានភាពសេរីភាពសារព័ត៌មានក្នុងប្រទេសខ្លួនឯង»។
លោកអះអាងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺ«មិនមានអ្នកសារព័ត៌មានស្លាប់បាត់បង់ជីវិតដោយសារតែការបំពេញការងាររបស់ខ្លួននោះទេ» ឬក៏មិនមានអ្នកសារព័ត៌មានណាត្រូវ«ជាប់ពន្ធនាគារដោយសារតែការអនុវត្តកិច្ចការងារប្រកបដោយវិជ្ជាជីវៈនោះដែរ»។
បច្ចុប្បន្ននៅកម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយបានចុះបញ្ជីសរុបប្រហែល២០០០ស្ថាប័នក្នុងនោះមានចំនួន ១ ០០០ស្ថាប័នជាវេបសាយ ទូរទស្សន៍អនឡាញ និងមានអ្នកសារព័ត៌មានប្រហែល ១០ ០០០នាក់៕