សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កសិករបូមទឹកអាងកំពីងពួយដាក់ស្រែប្រាំង ខណៈមន្ទីរធនធានទឹកចុះហាមឃាត់ព្រោះទឹកអាងស្រកខ្លាំង

ប្រជាពលរដ្ឋនាំគ្នាយកគោយន្តបូមទឹកពីទំនប់កំពីងពួយដើម្បីស្រោចស្រពស្រូវប្រាំងរបស់ពួកគាត់នៅក្រោមអាង។ រូបថតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)
ប្រជាពលរដ្ឋនាំគ្នាយកគោយន្តបូមទឹកពីទំនប់កំពីងពួយដើម្បីស្រោចស្រពស្រូវប្រាំងរបស់ពួកគាត់នៅក្រោមអាង។ រូបថតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

កសិករជាច្រើននាក់បានញាប់ដៃញាប់ជើងដោយប្រើប្រាស់ម៉ាស៊ីនគោយន្តរាប់សិបគ្រឿង​តម្រៀប​គ្នាបូមទឹកចេញពីអាងកំពីងពួយស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ទម្លាក់​ទៅប្រឡាយក្បែរនោះនឹងបន្តបូមបញ្ចូលស្រែប្រាំងរបស់ពួកគាត់ខ្ទង់ពាន់ហិកតា ​ខណៈ​ដែល​បរិមាណទឹកក្នុងអាងបានរីង​ស្រកខ្លាំង កន្លែងខ្លះស្រកដល់បាតទៅហើយ។

ក្រោមរលកកម្តៅថ្ងៃ៤១អង្សារ កំពុងយកដីល្បាប់បិទទប់ទំនប់កុំឱ្យធ្លាយទឹកដែលបូមចេញ​ពីអាង​ចូលទៅប្រឡាយកាលពីចុងសប្តាហ៍មុន លោក វ៉ាត ឃីម ជាកសិករម្នាក់ក្នុងចំណោម​កសិករ​ច្រើននាក់ទៀតបាន និយាយថា ដោយសារតែឆ្នាំនេះទឹកអាងរីងខ្លាំងស្ទើរដល់បាត មិនអាច​បើក​ទ្វារបង្ហូរទឹកចូលប្រឡាយបាននោះទេ ទើបកសិករនាំគ្នាដាក់ម៉ាស៊ីនគោយន្តតម្រៀបគ្នាបូមបីតង់ទំរាំបានដល់ស្រែនៅប៉ែកខាងក្រោមៗអាង។

លោក វ៉ាត ឃីម បន្តថា គាត់និងអ្នកភូមិបានសម្រុកបូមទឹកកន្លះខែមកហើយដើម្បីសង្គ្រោះស្រូវប្រាំង​ពួកគាត់​ដែលដាំដុះជាង១ខែ ដែលកំពុងត្រូវការទឹកខ្លាំងដើម្បីលូតលាស់។ លោកថា ស្រូវ​របស់​​គាត់៨ហិកតាបាន ចំណាយប្រេងបូមកន្លះខែមកនេះអស់១៤ប៊ីដុងទៅហើយ ដែលមួយ​ប៊ីដុងជាង១៣ម៉ឺនរៀល​នឹងត្រូវការបូមយូរថ្ងៃទៀតបើសិនជាគ្មានភ្លៀងធ្លាក់។

លោក វ៉ាត ឃីម បញ្ជាក់ថា៖ «ធ្វើស្រែលើកនេះមិនរួចថ្លៃដើមនោះទេ ព្រោះចំណាយថ្លៃជី ថ្លៃ​ភ្ជួរ​រាស់​ និងថ្លៃប្រេងបូមទឹកបីតង់ ទំរាំដល់ស្រែ ពួកខ្ញុំជ្រុលខ្លួនហើយមានតែ​បន្តបូមទឹកដាក់​ស្រែទៀត ខ្លាចតែអ្នកគ្រប់គ្រងអាងលែងឱ្យបូម ស្រូវងាប់អស់ខាតធ្ងន់ហើយ»

កសិករមួយរូបទៀតលោក ឆាត ឈីត ដែលកំពុងបូមទឹកបន្តពីប្រឡាយមួយ​ទម្លាក់ទៅ​ប្រឡាយ​​មួយទៀត ដើម្បីបញ្ចូលទៅស្រែរបស់គាត់ដែលមានចម្ងាយជិត២គីឡូពីអាង បាន​និយាយថា កន្លងទៅនេះអាជ្ញាធរ និងមន្រ្តីជំនាញបានហាមឃាត់​មិនឱ្យពួកគាត់ធ្វើស្រែ​ប្រាំង​បន្តទៀតដែរ ដោយសារខ្លាចខ្វះខាតទឹក។

លោកបន្តថា ដោយសារពួកគាត់គ្មានការងារអ្វីក្រៅពីធ្វើស្រែដើម្បីចិញ្ចឹមជីវិតក៏នាំគ្នាបន្ត​ធ្វើ​ស្រែ​តាមគ្នាដោយ​មិនបានស្តាប់អាជ្ញាធរនោះទេ ដោយសង្ឃឹមថា ក្រែងមានភ្លៀង​ធ្លាក់​បន្ត​បន្ទាប់​​អាចមាន ទឹកសង្គ្រោះស្រូវពួកគាត់បាន ប៉ុន្តែមិនដូចការរំពឹងទុកនោះទេ មេឃ​អត់​ឃើញភ្លៀង ហើយកម្តៅថ្ងៃ ក្តៅខ្លាំងទៀត។

លោក ឆាត ឈីត បន្ថែមថា៖ «អាជ្ញាធរហាមដែរតែ ក្រៅពីស្រែពួកខ្ញុំមិនដឹងធ្វើអី ពួកខ្ញុំ​ពី​ដើម​ដៃ​ធ្វើស្រែ ១ហិកតាបាន៤តោនដែរ ​១តោនលក់បានតម្លៃ៩០ម៉ឺនរៀល​ ចំណេញមួយហិកតា​១​លាន​អីដែរ តែ​លើកនេះមិនរួច​ខ្លួនទេតាមមើលព្រោះ​ចំណាយលើប្រេងបូមចេញ​ពីអាងច្រើន​ខ្ញុំអស់ប្រេង៦ប៊ីដុងហើយ ខ្ញុំចេះតែដេកចាំមើលភ្លៀងមិនឃើញធ្លាក់សោះ»

លោក នៃ ពៅ ​មេឃុំតាគ្រាម បានថ្លែងថា អាជ្ញាធរនិងមន្រ្តីជំនាញបាន​បើកទ្វារទឹកស្រោច​ស្រព​​ស្រូវប្រជាពលរដ្ឋបីជំហានមកហើយ ប៉ុន្តែរដូវប្រាំងនេះជាជំហានទីបួន គឺមិនអាច​បើក​ទ្វារ​​ទឹក​បង្ហូរ ចេញពីអាងចូលទៅប្រឡាយបានទេ ដោយសារតែទឹករីងខ្លាំងផុតទ្វារ​ទឹកទៅ​ហើយ។

លោកបន្តថា ស្រូវប្រាំងប្រជាពលរដ្ឋអាចនឹងប្រឈមខ្វះខាតទឹកនាពេលខាងមុខ ដោយសារ​តែ​ចំនួននៃ ការធ្វើស្រែប្រាំងលើសផែនការកំណត់ មន្ទីរណែនាំឱ្យធ្វើតែជាង១៦០០ហិកតា​ប៉ុណ្ណោះ​នៅឃុំតាគ្រាម ស្រុកបាណន់និងឃុំអន្លង់រុនស្រុកថ្មគោល ប៉ុន្តែពួកគាត់ធ្វើ​លើស​ផែនការ​ខ្ទង់ពាន់ហិកតា។

លោកមេឃុំបន្ថែមថា៖ «គាត់នាំគ្នាធ្វើស្រែលើសលប់យើងឱ្យធ្វើប៉ុណ្ណេះគាត់ធ្វើប៉ុណ្ណោះ​ ឃើញ​មានទឹក គាត់ចេះតែនាំគ្នាធ្វើ​​ ដូច្នេះវាប៉ះពាល់ទាំងអស់គ្នា យើងចេះតែហាមគាត់ដែរ តែគាត់​និយាយថា ចេះតែធ្វើទៅបើខូចចោលទៅ ផ្សងព្រេង តែបើគាត់ធ្វើបាន​ផលគាត់​ត្រេកអរ តែ​មិន​បានផលគាត់បន្ទោសយើង»

លោកមេឃុំបន្តថា លោកកំពុងឱ្យស្រង់ស្ថិតិតាមភូមិផ្នែកខាងក្រោម គឺមិនទាន់មានខ្វះខាតទឹក ប្រើប្រាស់សម្រាប់មនុស្សនោះទេ ប៉ុន្តែមានខ្វះខាតទឹកសម្រាប់សត្វពាហនៈនឹងកំពុងស្រង់ទិន្នន័យ​ភូមិប៉ែកខាងលើទៀត។

លោកមេឃុំបញ្ជាក់ថា៖ «ទឹកអាងកំពីងពួយនេះមិនអាចឱ្យបូមទាល់តែរីងនោះទេ គឺត្រូវ​ត្រៀ​ម​ទុកសម្រាប់ប្រើប្រាស់មនុស្សសត្វប្រចាំថ្ងៃ និងដើម្បីកុំឱ្យត្រីជាច្រើនក្នុងទឹកវាងាប់អស់»

លោក ឈឹម វិជ្ជារា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានថ្លែងថា ស្រូវប្រាំងខេត្តបាត់ដំបង​ខែ​នេះ អស់ហើយមិនមានទៀតនោះទេ លើកលែងតែតំបន់អាងទឹកកំពីងពួយដែលបងប្អូន ប្រជាពលរដ្ឋ ធ្វើការដាំដុះប្រមាណជាង ២ ០០០ហិកតា​នៅតំបន់ដែលមន្រ្តីជំនាញ​បានហាម​ឃាត់។ ទាក់ទងនឹងការបូមទឹកអាងកំពីងពួយដើម្បីស្រោចស្រពស្រូវប្រាំងខាងលើនេះ​ លោក​រុញ​ឱ្យសួរមន្ទីរធនធានទឹក ប៉ុន្តែលោកបញ្ជាក់ខ្លីថា ប៉ុន្មានថ្ងៃមុននេះខាង​មន្ទីរធនធាន​ទឹកបាន​ចុះទៅពិនិត្យនិងណែនាំឱ្យរក្សាទឹកអាងទុកប្រើប្រាស់ដែរ។

លោក វិជ្ជារ៉ា បញ្ជាក់ថា៖ «បងសួរទៅខាងមន្ទីរធនធានទឹកបន្ថែម»

លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង មិនអាចសុំការ​អត្ថាធិប្បាយបាននោះទេ។

ទោះបីយ៉ាងណាមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់លើផេកផ្លូវការ​របស់ខ្លួនកាលពីចុងសប្តាហ៍មុនថា អាងកំពីងពួយមានលទ្ធភាពស្តុកទឹកសរុប២០០លាន​ម៉ែត្រ​គូប តែបច្ចុប្បន្ននេះទឹកសល់ប្រមាណ១០លានម៉ែត្រគូប​ប៉ុណ្ណោះសម្រាប់​ពលរដ្ឋ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ។ មន្ទីរបន្ថែមថា បច្ចុប្បន្ន​ប្រជាកសិករកំពុងធ្វើស្រូវប្រាំងក្នុងអាងទឹកចំនួន ២ ៥០០ហិកតា(ក្រៅផែនការ) និង ១ ៧០០ហិកតា(ក្នុងផែនការ)ដែលកំពុងប្រើប្រាស់ទឹកក្នុង​អាង​ដើម្បីស្រោចស្រព។

ប្រភពខាងលើបន្ថែមថា មន្រ្តីជំនាញនិងអាជ្ញាធរ បានចុះហាមឃាត់​ប្រជាពលរដ្ឋ​មិនឱ្យ​ធ្វើ​ស្រែ​ប្រាំងជាច្រើនដងដើម្បីសន្សំសំចៃទឹកទុកប្រើប្រាស់ ប៉ុន្តែប្រជាពលរដ្ឋមិនស្តាប់ ព្រមទាំង​លើក​ទំនប់កាយប្រឡាយក្នុងអាងកំពីងពួយ​ មិនស្តាប់ការណែនាំពីការប្រឈមនានាឡើយ។

មន្ទីរធនធានទឹកបន្ថែមថា៖ «ការធ្វើស្រូវប្រាំងក្នុងអាងចំនួន ២ ៥៥០ហិកតា ដោយគ្មានការ​អនុញ្ញាត​ច្បាប់ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តទេ ក្រោយពីការចុះពិនិត្យ​ក្រុមការងារ​សម្រេច៖ ទី១ មិនអនុញ្ញាតបន្តបូមទឹកពីអាងកំពីងពួយទេ ទី២ ត្រូវលុបប្រឡាយដែលបាន​កាយរួច​ឲ្យដូចស្ថានភាពដើមវិញ»

ក្នុងរដូវក្តៅឆ្នាំនេះមិនមែនតែតំបន់អាងទឹកកំពីងពួយមួយដែលប្រឈមនឹងទឹកប្រើប្រាស់នោះទេប្រជាពលរដ្ឋនៅបណ្តាស្រុកមួយចំនួនក៏ប្រឈមនឹងកង្វះខាតទឹកស្អាតប្រើប្រាស់ផងដែរ បើសិនជាមិនមានភ្លៀងធ្លាក់អូសបន្លាយយូរថ្ងៃទៀតនោះ នេះបើតាមអាជ្ញាធរ​មូលដ្ឋាន។

ប្រជាពលរដ្ឋនាំគ្នាយកគោយន្តបូមទឹកចេញពីទំនប់កំពីងពួយដើម្បី​ស្រោចស្រព​ស្រូវប្រាំង​របស់ពួកគាត់នៅក្រោមអាង។ រូបថតនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

លោក ទេព ហន អភិបាលស្រុកមោងឫស្សី បានថ្លែងថា ស្រុកមោង​មិនត្រូវការទឹកស្រោច​ស្រព​​ស្រែប្រាំងទៀតនោះទេ ដោយសារកសិករលែងដាំដុះហើយខែនេះ ប៉ុន្តែនៅចំពោះមុខ​ប្រជាពលរដ្ឋប្រឈមនឹង ការខ្វះខាតទឹកស្អាតប្រើប្រាស់បើសិនជាមិនមានភ្លៀងធ្លាក់​បន្ថែម​ហើយ​កម្តៅថ្ងៃចេះតែក្តៅខ្លាំងរយៈពេល​យូរទៀត។

លោកថ្លែងថា៖ «មោងមានភ្លៀងធ្លាក់បួនដងដែរប៉ុន្តែវាគ្រាន់តែសើមដី វាអត់ទាន់​ហូរចូល​ស្ទឹង​នោះទេ តែបានត្រជាក់តិច ដំណាំមួយចំនួនអាចរស់ខ្លះ»។ លោកបន្តថា៖ «ភូមិខ្លះក៏ខ្វះខាត​ទឹក ដោយសារអណ្តូងបុកអត់ចេញកន្លែងខ្លះ ស្រះមួយចំនួនរីង មួយថ្ងៃៗចាំមើលតែ​មេឃ​ហ្នឹង​​ហើយ ឧតុនិយមព្យាករថា ភ្លៀងទាល់តែខែ៦បានធ្លាក់ ងាប់ហើយមិនមែនងាប់តែ​មោង​ទេគ្រប់កន្លែង»

លោកអភិបាលស្រុកបន្ថែមថាបច្ចុប្បន្នស្ទឹងមោងរីងស្ងួតអាជ្ញាធរធ្លាប់បានស្នើសុំទៅមន្ទីរ ជំនាញ  និងខេត្តអន្តារគមន៍បើកទ្វារទឹកទម្លាក់មកពីទំបន់ ពហុបំណងដែលមាន​ចម្ងាយ​ប្រហែល​១០០គីឡូម៉ែត្រ ដើម្បីឱ្យប្រជាពលរដ្ឋនៅទីប្រជុំជនមានទឹកប្រើប្រាស់បានមួយរយៈ ប៉ុន្តែពេលនេះទឹក នៅទីនោះធ្លាក់ទាបផុតទ្វារទឹកមិនអាចបង្ហូរទម្លាក់មកស្ទឹងមោង​ទៀតបាន​នោះទេ។

លោក ទេពហន បានបន្ថែមថា៖ «ឥឡូវនេះសម្រាប់ទឹក​ស្អាតប្រើប្រាស់ទីប្រជុំជន​យើងបង្ហូរ​ពីស្ទឹងបាសាក់ចម្ងាយ៣០ទៅ៤០គីឡូ គឺបូមពីរតង់ ពិបាកតិចហើយ កាលមុនយើងបង្ហូរ​ពី​ទំនប់កង្ហត​មក១០០គីឡូដែរ តែឥឡូវវាអស់ ឥឡូវយើងចែកគ្នាសង្រេង​ចេញពីស្ទឹងបាសាក់​៤ទៅ៥ថ្ងៃហើយម៉ាស៊ីនធំ២ និង​ម៉ាស៊ីនកាឡេថង៤»

ដោយឡែកនៅខេត្តបន្ទាយមានជ័យវិញស្រុកមួយចំនួនក៏ប្រឈមនឹងការខ្វះខាតទឹកប្រើ​ប្រាស់ផងដែរ បើសិនជាគ្មានភ្លៀងធ្លាក់ហើយរលកកម្តៅចេះតែក្តៅខ្លាំងធ្វើឱ្យបឹងបួរ អូរមួយ​ចំនួនរីងស្ងួត។

អភិបាលស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ លោក​ កែវ រស្មី ថ្លែងថា ក្នុងមួយសប្តាហ៍​ទៅ​មុខ​ទៀត​នេះមិនទាន់​មានការខ្វះខាតទឹកប្រើប្រាស់នោះទេ ប៉ុន្តែបើសិនជារាំងស្ងួតអូសបន្លាយ​ទៅសប្តាហ៍ក្រោយៗទៀត​ឃុំខ្លះអាចប្រឈមនឹងការខ្វះខាតទឹក។

លោកបន្ថែមថា​ ប្រភពទឹកស្រុកអូរជ្រៅមានប្រភពទឹកធម្មជាតិ និងស្រះ អណ្តូង អាចធានា​ការ​ផ្កត់ផ្គង់​​​មួយ​សប្តាហ៍នេះប៉ុណ្ណោះ បើលើសពីសប្តាហ៍នេះឃុំខ្លះអាចមានការខ្វះខាតទឹកប្រើ​ប្រាស់​​អាជ្ញាធរ ប៉ុន្តែលោកបានត្រៀម​រថយន្តដើម្បីដឹកជញ្ជូនទឹកផ្គត់ផ្គង់នៅទីតាំងដែល​ខ្វះ​ខាត​​​ហើយ ។

លោក កែវ រស្មី បន្តថា៖ «ឃុំសង្ហាមានអណ្តូង និងស្រះខាងត្បូងឃុំកូបមានស្រះច្រើន ទឹក​ស្អាត​​មិនទាន់ខ្វះខាតប្រើប្រាស់ អូរបីជាន់មានអណ្តូង  ចំណែកឃុំសូភីមិនអាច​បុក​អណ្តូង​បានទេដោយសារ អណ្តូង​មានជាតិអាសូនិក តែជីកស្រះប្រើបាន វាធានាបាន១​សប្តាហ៍​ទៀតទេ»

ចំណែកអភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ ថ្លែងឱ្យដឹងដែរថា មកទល់ពេលនេះ​ស្រុកមង្គលបូរី និង ស្រុកមួយចំនួនទៀត​មិនទាន់ទទួលព័ត៌មាន​ខ្វះខាតទឹកប្រើប្រាស់​នៅ​ឡើយទេ​នៅក្នុងគ្រូបខេត្ត។ លោកបញ្ជាក់ថា ស្រុកមង្គលបូរីមានស្ថាននីយទឹកស្អាតចំនួន៤​ក្រុមហ៊ុនកំពុងដំណើរការផ្តល់ទឹកស្អាតដល់ប្រជាជននៅទីប្រជុំជនប្រើប្រាស់ មិនទាន់​មាន​ការ​ខ្វះខាតនៅឡើយទេ ដោយក្រុមហ៊ុន និងអាជ្ញាធរ បានទំនាក់ទំនងទៅស្រុកបវេល ខេត្តបាត់ដំបង ឱ្យទម្លាក់ទឹកបង្ហូរមករក្សាទុកនៅទីប្រជុំជនដើម្បី ផលិតទឹកស្អាតសម្រាប់​ផ្គត់​ផ្គង់​ប្រជាពលរដ្ឋប្រើប្រាស់។

លោកអភិបាលស្រុកបន្ថែមថា៖ «ប៉ុន្តែបើរាំងស្ងួតបន្តទៀតរហូតដល់ចុងខែឧសភានេះ ខ្ញុំព្រួយបារម្ភ នឹងខ្វះខាតទឹកប្រើប្រាស់ហើយ»

ដោយឡែកតំបន់មួយចំនួននៅស្រុកវាលវែង ខេត្តពោធិ៍សាត់ វិញក៏មានការខ្វះខាតទឹកប្រើ​ប្រាស់​ដែរ បើទោះជាមានភ្លៀងធ្លាក់ខ្លះក៏ដោយកាលពីប៉ុន្មានថ្ងៃមុននេះ។

ប្រជាពលរដ្ឋភូមិកំប៉ង ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក ក្រឹប បាននិយាយថា តំបន់គាត់តែងតែខ្វះទឹកប្រើប្រាស់នៅពេលរដូវប្រាំង តែឆ្នាំនេះខ្វះខាតខ្លាំងជាងរាល់ឆ្នាំ ដោយ​សារ​តែមេឃក្តៅហួតហែងខ្លាំង។

លោកបញ្ជាក់ថា ក្នុងភូមិលោកមានអណ្តូងរួម៣ដែរតែប្រជាពលរដ្ឋនៅឆ្ងាយៗពិបាកក្នុងការ​ទៅដឹកជញ្ជូនខ្លះទៅទិញទឹកឡានដែលគេដឹកលក់ និងខ្លះទៅដឹកនៅអូរដែលមាន​ទឹកតិចៗ និងស្ទឹងប្រើប្រាស់។លោកបន្តថាដោយផ្ទះលោកឆ្ងាយពីអណ្តូងរួមក្នុងភូមិ គាត់បាន​ចំណាយ​លុយច្រើនទិញទឹកឡានដែលគេដឹកលក់សម្រាប់គោចិញ្ចឹម៥ក្បាលនិងប្រើប្រាស់ក្នុងគ្រួសារ​របស់លោក១សប្តាហ៍៤ពាង ដែលទឹកក្នុងមួយពាងតម្លៃ១៥០០០រៀល។

លោកក្រឹបបន្ថែមថា៖ «ទឹកដល់ខែនេះខ្វះខាតរាល់ឆ្នាំតែឆ្នាំនេះក្តៅផងអីផងខ្វះខ្លាំង ខ្ញុំធ្លាប់​១ឆ្នាំ​ទិញទឹក២ដងអីគ្រប់ ម្តង៤ពាង តែឆ្នាំនេះទិញទឹក៥ដងហើយ អាចបន្តទិញទៀត​បើមិន​មានភ្លៀងធ្លាក់»

លោក វង្ស្ អេង អភិបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ បានថ្លែងថា ស្រុកវាលវែង មិន​ទាន់​មាន​ប្រឈមខ្វះខាតទឹកខ្លាំងនៅឡើយទេដោយសារតែមានភ្លៀងធ្លាក់បណ្តើរៗដែរ ប៉ុន្តែ​ក៏​មាន​ប្រជាពលរដ្ឋនៅភូមិមួយចំនួនដែលផ្ទះនៅឆ្ងាយពីប្រភពទឹកដូចជាអណ្តូង ស្ទឹង​ ជាដើម​មានការខ្វះខាតមួយតំបន់៥ទៅ៦គ្រួសារប៉ុណ្ណោះ។ លោកបន្តថា ពលរដ្ឋដែលខ្វះខាត​ទឹកនេះ ខ្លះដឹកទឹកពីកន្លែងឆ្ងាយទៅប្រើប្រាស់ និងខ្លះទៀតទិញទឹកដែលគេដឹកលក់តាមរថយន្ត​ដូចជា​នៅចំណុច អណ្តូងស្រុក  កំប៉ងនិងប្រម៉ោយជាដើម។

លោកអភិបាលស្រុកបន្ថែមថា៖ «ដូចជានៅប្រម៉ោយទឹកស្អាតអត់ទៅដល់ អ្នកភូមិខ្លះ​គាត់​ដឹក​ខ្លួ​នឯងរហូតទាំងប្រាំង និងវស្សា បើសិនជារាំងស្ងួតអូសបន្លាយទៀត​នឹងមានការប្រឈម​ និង​ខ្វះខាត ប៉ុន្តែតាមគោលការណ៍ថ្នាក់ដឹកនាំយើងត្រៀមរថយន្តខាងកងកម្លាំង​ដើម្បីដឹកជូន​ប្រជាពលរដ្ឋ​​ហើយបើខ្វះខាត»

ខេមបូចាមិនអាចទំនាក់ទំនងលោក ខូយ លីដា អភិបាលខេត្តពោធិសាត់ បានទេ​ដោយ​លោក​បញ្ជាក់​ថាកំពុងជាប់រវល់នារសៀលថ្ងៃទី០៤ខែឧសភា។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមមានមានថ្លែងថា រដូវវស្សា​ឆ្នាំនេះអាចអូសបន្លាយ ពេលវេលាដល់សប្តាហ៍ទី៤ ខែឧសភា នេះ វាយឺតជាងរាល់​ឆ្នាំ១​សប្តាហ៍​ទៅ១០ថ្ងៃ ដែលចូលរដូវវស្សានៅថ្ងៃទី១៥ ខែឧសភា។ លោកបន្ថែមថា ថ្វីត្បិតតែ​ប្រទេស​កម្ពុជាទទួលរង​នៅរលកកម្តៅតែមិនទាន់មានតួលេខ​នៃការស្លាប់មនុស្ស រឺសត្វនៅ​ឡើយទេ បើធៀបទៅប្រទេសជិតខាងមានការស្លាប់បាត់បង់ជីវិត​ប្រជាជន​ដោយសារ​រលក​កម្តៅ។

អ្នកនាំពាក្យខាងលើបញ្ជាក់ថា ថ្វីត្បិតតែមិនមានចំនួនមនុស្សស្លាប់ដោយរលកកម្តៅ ប៉ុន្តែ​កន្លង​មកតំបន់ខ្លះមានការខ្វះខាតទឹកប្រើប្រាស់ ប៉ុន្តែអាជ្ញាធរអាចឆ្លើយតបបាន ហើយមាន​តំបន់មួយចំនួន ត្រៀមប្រឈមខ្វះខាតទឹក ប៉ុន្តែមានភ្លៀងធ្លាក់មកវាធូរស្រាលវិញ។

លោក ចាន់ យុត្ថា បន្ថែមថាបច្ចុប្បន្នស្ថានភាពរលកកម្តៅបានធូរស្រាលហើយ ដោយសារ​មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើរទូទាំងប្រទេស កន្លែងខ្លះភ្លៀងតិច ខ្លះភ្លៀងមធ្យម ខ្លះបង្គួរ​និងខេត្តខ្លះមានភ្លៀងធ្លាក់ច្រើន។

លោក ចាន់ យុត្ថា បន្តថា៖ «យប់មិញ(ថ្ងៃទី០៣ខែឧសភា)ភ្លៀងធ្លាក់ច្រើនមាន រាជធានីភ្នំពេញ ត្បូងឃ្មុំកំពង់ចាម ព្រៃវែង ស្ទឹងត្រែង ក្រចេះ ភ្លៀងច្រើនកន្លែង​ខ្លះមាន​កម្ពស់​ជាង​១០០​មីលីម៉ែត្រ​ក៏មានដែរ កម្រិតភ្លៀងខ្លាំងនេះបើខែវស្សាអីប៉ុណ្ណឹង​នឹងកើតជំនន់ទឹកភ្លៀង​វាសឹង​គ្រប់​កន្លែង»។ លោកបន្តថា៖ «ប៉ុន្តែដោយសាររដូវប្រាំងហួតហែងរាំងស្ងួត៥ខែទៅ៦ខែ វាមិន​មានបញ្ហាអីទេ គ្រាន់តែវាប៉ះពាល់ខ្លះដោយសារខ្យល់កន្រ្តាក់​ប៉ះពាល់​ដល់ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ ប៉ើងដំបូល និងកុដិលោកអីអញ្ចឹងទៅ»

អ្នកនាំពាក្យខាងលើបន្ថែមថា ក្រសួងធនធានទឹកបានត្រៀមលក្ខណៈបន្តបន្ទាប់ដើម្បី​ឆ្លើយ​តប​នូវស្ថានភាពចំពោះមុខ ក៏ដូចជាស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដោយលោកលើក​ឧទាហរណ៍​​ថាតំបន់ «ក» ជាតំបន់ដាច់ស្រយាលអត់ប្រភពទឹក យើងធ្វើយ៉ាងណា​បង្កើត​ប្រភព​ទឹក​នៅកន្លែងហ្នឹងទៅតាមស្ថានភាពភូមិសាស្រ្ត។

លោក ចាន់ យុត្ថា បន្ថែមថា៖ «បើមួយឃុំមានប្រជាជន២០០០គ្រួសារ យើងគិតគូរក្នុង​រដូវ​ប្រាំង​៤ទៅ៥ខែបន្ទាប់ពីដាច់ភ្លៀងទៅតើពួកគាត់ត្រូវការទឹកប៉ុន្មានប្រើប្រាស់ប្រចាំថ្ងៃ យើង​អាចជីកស្រះសហគមន៍ចន្លោះប៉ុន្មាន រឺធ្វើអ្វីដើម្បីបង្កើតប្រភពទឹក​បំពេញតម្រូវការ​តំបន់​នីមួយៗ យើងនឹងដាក់ចេញផែនការផ្សេងៗទៀតតាមស្ថានភាពជាក់ស្តែង​នៃភូមិសាស្រ្ត​នីមួយៗ»

1,172 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម