សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាសហគមន៍នៅបឹងទន្លេសាបបារម្ភ​ពីការបាត់បង់ព្រៃលិចទឹកដោយ​សារ​តែភ្លើងឆេះព្រៃ និងការកាប់ទន្ទ្រានដោយខុសច្បាប់

ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប ចុះផ្ទៀងផ្ទាត់និយាមកា កំណត់ដែនព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប នៅដើមខែឧសភានេះ។ (រូបថត៖ អាជ្ញាធរទន្លេសាប)
ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប ចុះផ្ទៀងផ្ទាត់និយាមកា កំណត់ដែនព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប នៅដើមខែឧសភានេះ។ (រូបថត៖ អាជ្ញាធរទន្លេសាប)

បើ​ទោះ​បីជាអាជ្ញាធរ​បាន​អះអាង​ពីការ​ទប់ស្កាត់​បាន​​នូវ​ការកាប់​រុករាន​ដីព្រៃ​លិច​ទឹក​ ហើយ​អាជ្ញាធរ​ទន្លេ​សាប​ក៏​កំពុង​បន្ត​ចុះ​ផ្ទៀង​ផ្ទាត់​និយាម​កាកំណត់​ដែន​ព្រៃលិច​ទឹក​តំបន់​​៣ក្តី​ ក៏ប្រជា​សហគមន៍​នៅតែ​មាន​ការ​បារម្ភ​ពីការ​បាត់បង់​ព្រៃលិច​ទឹក​ដោយ​សារ​តែ​មាន​ករណី​ភ្លើង​ឆេះព្រៃ និងការកាប់ទន្ទ្រានដីព្រៃលិចទឹក​នៅតែ​កើត​ឡើង​ជាបន្ត​បន្ទាប់​។

ភ្លើង​ឆេះព្រៃ​​លិចទឹក​បាន​កើត​ឡើង​ជាហូរហែ​នៅក្នុង​រដូវ​ប្រាំង​ បូករួម​ទាំង​ការ​កាប់​រុករាន​ដី​ព្រៃ​​លិច​ទឹក​នាពេល​​​កន្លង​មក​​បាន​ធ្វើឱ្យវិសាល​ភាព​នៃព្រៃលិចទឹកនៅ​បឹង​ទន្លេសាប​ដែល​ជា​ជម្រក​ត្រីពង​កូន​​បាន​រួមតូច​ជាង​មុន​។​​

ព្រៃលិច​ទឹក​រួម​តូចជាង​មុន បូករួមនិង​ការ​នៅ​តែ​បន្ត​កើត​មាន​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​​​​ខុសច្បាប់​ត្រូវ​បាន​​ប្រជា​សហគមន៍​នៅ​បឹង​ទន្លេសាប លើកឡើង​ថា គឺ​ជាដើម​ហេតុ​ដែល​ធ្វើឱ្យធន​ធាន​ត្រីថយ​ចុះ។ ​នៅពេល​ដែល​ធន​ធាន​ត្រី​​ថយចុះគឺ​​ធ្វើឱ្យប្រជា​នេសាទ​​ជួប​ការលំបាក​ខាង​ជីវភាព​ ខណៈ​​ដែល​ផល​ដំណាំ​ដែល​​ពួកគាត់​ដាំក៏ពិបាក​រកទីផ្សារ​​ថែមទៀត​​។

លោក ​សួន សុផល ជាប្រជា​ពលរដ្ឋ​រស់នៅ​សង្កាត់​ចុង​ឃ្នាស ក្រុង​សៀម​រាប​ ខេត្ត​សៀម​រាប ដែល​ជា​អ្នក​ប្រកប​របរ​បើក​បរ​ទូកស្មាច់​ដឹកភ្ញៀវ​ទេសចរ​ទស្សនា​បឹងទន្លេសាបបាន​ត្អូញត្អែរ​ថា បច្ចុប្បន្ន​មុខ​របរ​របស់​លោក​កាន់​តែលំបាក​ទៅៗ​ដោយ​សារ​​មិនសូវ​មានភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​បឹង​ទន្លេសាប​ដូច​មុន​នោះ​ទេ។

បុរស​ដែល​មាន​កូន៥​នាក់​ក្នុង​បន្ទុក​រូប​នេះ​​បាន​ថ្លែង​ប្រាប់ ខេ​មបូចា ​នៅថ្ងៃ​ទី១០​​ខែ​ឧសភា​ថា៖ «កាលពី​ឆ្នាំ​មុន​មានភ្ញៀវ​ទេសចរ​ច្រើន​គួរ​សម​មក​ទស្សនា​បឹង​ទន្លេសាប​ ធ្វើឱ្យខ្ញុំ​អាចរក​ប្រាក់​បាន​គួរសម។ ប៉ុន្តែ​ចូល​ដល់​ឆ្នាំ​នេះ មិនសូវ​មាន​ភ្ញៀវទេសចរ​មក​ជួលទូកខ្ញុំជិះ​ទស្សនា​បឹង​ទន្លេ​សាប​ទេ»។ លោក សុផល​ បន្តថា៖«ឥឡូវ​ជួន​កាល​១​អាទិត្យ​ដឹកភ្ញៀវ​បាន​តែ២ជើង​ទេ ខណៈ​កាលពីមុន​១ថ្ងៃ​បាន​២ជើង​៣ជើង​ក៏មាន ដូច្នេះ​ធ្វើឱ្យ​គ្រួសារ​ខ្ញុំ​ជួប​ការ​លំបាក​ខាង​ជីវភាព​ពីព្រោះ​ខ្ញុំមាន​កូន​៥​នាក់​​សុទ្ធ​តែ​នៅរៀន»

មិន​មែន​តែលោក ​សួន សុផល ​នោះ​ទេ​ដែល​ជួប​ការលំបាក​ខាង​ជីវភាព អ្នក​ភូមិ​ផ្សេង​ទៀត​ក្នុង​ឃុំ​ចុង​ឃ្នាស​ដែល​​ភាគច្រើន​ប្រកប​របរនេសាទ​ក៏ជួប​ការលំបាក​ផងដែរ​ដោយ​សារ​តែការ​នេ​សាទត្រី​មិនសូវ​បាន​ដូច​កាល​ពីមុន។

បុរស​អ្នក​បើកបរ​ទូកស្មាច់​ដឹកភ្ញៀវ​រូបនេះ​និយាយ​ថា៖«ឥឡូវ​បឹង​ទន្លេសាប​យើង​មិនសូវ​មាន​ត្រី​ច្រើន​ដូចកាលពី​មុន​ទេ គឺពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​ត្រីកាន់​តែខ្សត់​ទៅៗ ហើយ​ការ​នេសាទ​ត្រីមិនសូវ​បាន​នេះ​ហើយ​ជាមូលហេតុ​ដែល​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាជន​យើង​កាន់​តែជួប​ការ​លំបាក»

អ្នកស្រី ​ជា ស្រីដា ពលរដ្ឋ​រស់នៅ​សង្កាត់​ចុង​ឃ្នាសម្នាក់​ទៀត​​ ដែល​ប្រកប​របរ​នេសាទ​ត្រី​ជាមួយប្តី​បាន​​ត្អូញ​ត្អែរ​ថា បច្ចុប្បន្ន​នៅបឹង​ទន្លេសាប​គឺ​​ពុំ​សូវ​មាន​ត្រី​នោះ​ទេ។

អ្នក​ស្រីលើក​ឡើង​ថា កាលពី​៣​-៤ឆ្នាំមុន ពួកគាត់​ធ្លាប់តែ​នេសាទ​​ត្រី​​បាន​រាប់ស៊ឹប​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ មាន​ថ្ងៃខ្លះ​នេសាទ​បាន​ដល់ជាង​១គីឡូក្រាម​ក៏មាន។ ស្ត្រី​ដែល​មាន​កូន​៣នាក់​ក្នុង​បន្ទុក​រូប​នេះ​និយាយ​ថា៖«ឥឡូវ​ជាមធ្យម​ក្នុង​១ថ្ងៃ​ធ្វើការ​នេសាទ​ត្រី​មិនបាន​១០​គីឡូ​ផង ដូច្នេះ​កាន់​តែ​ធ្វើ​ឱ្យ​មានការ​លំបាក​ខ្លាំងឡើង​ខាង​ជីវភាព​»

អ្នក​ស្រី ជា ស្រីដា និង​លោក​ សួន សុផល ​បាន​លើកឡើង​ដូចគ្នាថា ការ​ថយ​ចុះយ៉ាង​គំហុក​​​នៃទិន្នផល​ត្រីនៅ​បឹងទន្លេសាប​នេះ គឺ​បណ្តាល​មក​ពីនៅ​តែបន្ត​កើតមាន​ការប្រើ​ឧបករ​ណ៍​នេ​សាទ​ខុសច្បាប់​​និង​ការ​កាន់តែរួម​តូចទៅ​នៃ​ព្រៃ​លិច​ទឹក​ដែល​ជាជ​ម្រក​សម្រាប់​​ត្រីពង​កូន។អ្នក​ទាំង២លើកឡើង​ថា ការរួម​តូច​នៃព្រៃលិចទឹក​គឺ​ដោយ​សារ​តែ​មានការ​កាប់​រុក​រាន​យ៉ាង​ច្រើននាពេល​កន្លង​មក និង​មានភ្លើង​ឆេះព្រៃ​ ដែល​បាន​កើតឡើង​ជាបន្ត​បន្ទាប់។

ជាមួយ​គ្នា​នេះ​លោក ​សួន សុផល​ បានឱ្យដឹង​ថា បច្ចុប្បន្ន​មិន​ឃើញ​មាន​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិចទឹក​ទៀតទេ ប៉ុន្តែ​ការកើត​ឡើង​ជាហូរ​ហែនូវ​ភ្លើងឆេះព្រៃក្នុង​ទ្រង់​ទ្រាយធំ ក៏​ជារឿង​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ផង​ដែរ​ពី​ការ​បាត់​បង់​ព្រៃ​លិចទឹក​។

លោក​និយាយ​ថា៖ «​កាល​ពី២ថ្ងៃ​មុន(ថ្ងៃ​ទី៨​ខែឧសភា)មាន​ករណីភ្លើង​ឆេះព្រៃដ៏ធំមួយ​នៅក្នុង​តំបន់​ចុង​ឃ្នាស​បណ្តាល​ឱ្យឆេះ​អស់​ព្រៃ​ជាច្រើន។ ខ្ញុំ​និងអ្នក​ភូមិផ្សេង​ទៀត​ក៏បាន​ទៅចូលរួម​ជួយ​ពន្លត់​ផង​ដែរ​​ហើយក្រោយ​មក​ក៏មានឡានទឹក​មកពី​ក្រុង​សៀមរាប​បាន​មក​បាញ់ទឹក​ពន្លត់​ ប៉ុន្តែកន្លែង​ខ្លះ​ឡាន​ទឹកចូល​ទៅ​អត់ដល់​វាពិបាក។ កាលពីសប្តាហ៍​មុន​ក៏​មាន​​ភ្លើង​ឆេះព្រៃ​​ផងដែរ»

លោក សួន សុផល ​បាន​អះអាង​ថា ការកើត​មាន​ភ្លើង​ឆេះ​ព្រៃនេះ​គឺ​បណ្តាល​មកពីកក្តា​ធម្ម​ជាតិ​​មិនមានអ្នក​ណា​ទៅដុត​នោះ​ទេ។

លោក​និយាយ​ថា៖ «នៅក្នុង​ព្រៃហ្នឹង​វាមាន​អំបែង​ដប អំបែង​កែវ ដល់​ពេល​កំដៅថ្ងៃ​វាក្តៅ​ខ្លាំង​​វាធ្វើឱ្យមាន​ចំណាំង​ផ្លាត​ចាំង​ទៅ​ចំស្លឹកឈើ​​ឬស្មៅ​ដែល​ងាប់​ក្រៀម​ហើយ​ក៏​វា​ឆេះ​ចេញជា​អណ្តាត​ភ្លើង​ឆាប​ឆេះរាល​ដាល​សន្ធោ​សន្ធៅទៅ»

ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប ចុះផ្ទៀងផ្ទាត់និយាមកា កំណត់ដែន​ព្រៃ​លិច​ទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប នៅដើម​ខែ​ឧសភា​នេះ។ (រូបថត៖ អាជ្ញាធរទន្លេសាប)

លោក នួន ពុទ្ធារ៉ា អភិបាល​ក្រុង​​សៀមរាប​បាន​ប្រាប់​ខេមបូចា នៅថ្ងៃទី១១​ខែ​ឧសភាថា ពិត​​​ជាមាន​ករណី​ភ្លើង​ឆេះព្រៃ​មែនកាលពីថ្ងៃ​ទី​៧​ទី៨​ខែ​ឧសភា គឺ​ឆេះ​​រយៈ​ពេល​២ថ្ងៃ ដោយ​​​ឆេះ​អស់​ព្រៃ​ប្រមាណ​ជាង​២០​ហិកតា។ ភ្លើង​បាន​រលត់​ទៅ​វិញ​បន្ទាប់ពីអាជ្ញាធរខេត្ត​​សៀមរាប​បាន​ប្រើឡាន​ទឹក៥គ្រឿង​និង​មាន​ការ​ចូលរួម​ជួយពន្លត់​ពីអាជ្ញាធរ​ពាក់ព័ន្ធ​និង​ពីប្រជា​ពលរដ្ឋ​។

លោក​មាន​ប្រសាសន៍ថា៖ «យើង​ខិត​ខំទប់​ស្កាត់​មិនឱ្យមានភ្លើង​ឆេះព្រៃ។ វាមានមូលហេតុ​ច្រើន​រឿង​ដែល​បណ្តាល​ឱ្យកើត​មានភ្លើង​ឆេះព្រៃ មាន​ដោយ​សារ​អាកាស​ធាតុក្តៅ​ផង ហើយ​​ពេល​ខ្លះ​ប្រជាពលរដ្ឋ​គាត់ទៅ​រកឃ្មុំ។ ហីព្រៃ​នោះមែនទែនទៅ​ចូលអត់ចុះទេ។ ដំបូង​យើង​ប្រើម៉ា​ស៊ីនបូមទឹក​បាញ់ពន្លត់​ទេ ទាល់តែ​ចាំ​បាច់​ណាស់បានយើង​ប្រើឡាន​ ប្រើឡាន​ទាល់តែ​ឈូស​ដើម្បី​យើង​កាត់កុំឱ្យ​រីករាល​ដាល​ ឆ្នាំនេះក្តៅខ្លាំង។ យ៉ាងណា​កន្លង​មកបើ​ទោះបីមាន​ឆេះ​យើងទប់ស្កាត់​មិន​ឱ្យរីករាល​ដាល​ធំទេ»

អាជ្ញាធរ​ខេត្ត​សៀមរាប​​មិនមានគម្រោង​ដាំដុះកូនឈើ​ឡើង​វិញនៅកន្លែង​ព្រៃលិច​ទឹកដែល​ឆេះនោះទេ ដោយលោក នួន ពុទ្ធារ៉ា ពន្យល់ថា​ ព្រៃ​លិចទឹក​ក្រាស់​ណាស់ វាឆេះតែ​ផ្នែក​ខាងលើ​ទេ ហើយ​ជាធម្មតា​ក្នុង​រយៈពេល​តែ២ឬ៣ឆ្នាំទេ​វាដុះក្រាស់​ឡើង​វិញហើយ។

​បន្ថែមពីនេះលោក​អភិបាល​ក្រុង​​សៀមរាប​បាន​អះអាង​ថា រហូត​មកដល់​ពេល​នេះ​ពុំ​មាន​ករណី​លួច​កាប់​ឈូសឆាយ​ដីព្រៃ​លិចទឹកទៀតទេ ពីព្រោះ​សូម្បី​កាលពី១សប្តាហ៍មុន​មាន​ប្រជាពលរដ្ឋ​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​យកផ្លូវ​ទឹក​ក៏អាជ្ញាធរ​បាន​ទប់ស្កាត់ទាន់ពេល​ដែរ​ដោយ​សារ​តែអាជ្ញាធរ​បារម្ភ​ខ្លាចមានការ​ចាប់ផ្តើម​កាប់​រុក​រាន​ទន្ទ្រានយកដីព្រៃ​ដោយ​ខុសច្បាប់គឺ​អត់បាន​ដាច់ខាត។

លោក ពុទ្ធារ៉ា បានលើកឡើង​ទៀតថា៖ «​ព្រៃលិចទឹក​សំខាន់​ណាស់។ ទី១​វាពាក់ព័ន្ធ​ទៅនឹង​ជីវៈ​ចម្រុះនៅបឹង​ទន្លេ​សាបហ្នឹង​វាជា​រឿង១​ហើយ។ រឿង​១ទៀត​ព្រៃលិច​ទឹកនៅបឹង​ទន្លេសាប​ ​នេះ​វាពាក់ព័ន្ធ​ទៅនឹង​ព្រៃនៅភ្នំ​គូលែនឯណោះ ពីព្រោះយើង​ដឹង​ហើយ​ថា វាមាន​​ប្រឡាយ​​​ស្ទឹង​ពីភ្នំគូលែនកាត់មក​អង្គរ​យើង​ហើយចុះទៅ​ក្រោម​ហើយ​ខ្សែទឹកនិង​ព្រៃលិច​ទឹកនោះ​​បានធ្វើឱ្យមាន​លំនឹង​តំបន់​អង្គរ»។ លោកបន្តថា៖«នេះ​បើតាមខ្ញុំស្តាប់អ្នក​ជំនាញ​ហើយថា ប្រព័ន្ធ​ទឹកភ្លៀង​ក៏វាមាន​ពាក់ព័ន្ធ​ជាមួយព្រៃ​នៅខាងលើ និងព្រៃនៅខាង​ក្រោមនេះដែរ»

លោកអភិបាលក្រុង​រៀមរាប​ក៏បាន​លើកឡើង​ដែរ​ថា៖«ដូចលោក​បានដឹង​ហើយ​​សម្តេច​ធិបតី​ហ៊ុន ម៉ាណែត​បាន​ដាក់​បទបញ្ជាដាច់ខាតគឺ​ត្រូវ​តែការ​ពារឱ្យបាន​ព្រៃលិច​ទឹកតំបន់​៣នេះ។

សូម​បញ្ជាក់​ថា មាន​ខេត្ត​ចំនួន៦​ដែល​ស្ថិត​នៅជុំវិញបឹងទន្លេសាប​ក្នុង​នោះ​មាន​ខេត្ត​​សៀមរាប បន្ទាយ​មានជ័យ បាត់​ដំបង ពោធិ៍សាត់​ កំពង់​ឆ្នាំង​ និងខេត្ត​កំពង់​ធំ។អ្នកស្រី រឿន ចន្ថា តំណាង​ក្រុមស្ត្រីស​ហគមន៍នេសាទអន្លង់តាអួរ ក្នុង​ឃុំកោះជីវាំង ស្រុកឯក​ភ្នំ ខេត្ត​បាត់ដំបង​​​បាន​ប្រាប់​ខេមបូចា​នៅថ្ងៃទី១០​ខែ​ឧសភា​ថា បច្ចុប្បន្ន​ធន​ធានត្រី​នៅបឹង​ទន្លេ​សាប​មាន​ការ​ថយ​ចុះ​ដោយ​សារ​កក្តាមួយចំនួន។

អ្នក​ស្រីបញ្ជាក់​ថា៖ «ការ​ប្រើឧបករណ៍​នេសាទ​ខុសច្បាប់​ផ្សេងៗ​​ជាពិសេស​ឧបករណ៍ឆក់ និង​ការ​កាប់​ទន្ទ្រាន​ដីព្រៃ​លិចទឹក​​ដែល​ជាជម្រក​ត្រី​ពង​កូននៅតាម​តំបន់​មួយ​ចំនួននៃ​បឹង​ទន្លេសាប​​រួម​ទាំង​ការនេសាទ​ច្រើន​ហួស​ប្រមាណ​ដោយ​សារ​តែ​កំណើន​ប្រជាជន​គឺ​ជា​មូល​ហេតុ​ដែល​ធ្វើឱ្យធ​នធាន​ត្រីថយចុះ»

បន្ថែម​ពីនេះ អ្នក​ស្រីលើកឡើងឡើង​ថា ​ការប្រែប្រួល​អាកាស​ធាតុដែល​ធ្វើឱ្យ​ទឹក​ឡើង​ស្រក​​​ខុសរដូវ​និង​ការ​គោករីង​នៅតំបន់​ខ្លះ​ក៏​បាន​រួម​ចំណែក​ធ្វើឱ្យធន​ធាន​ត្រីថយ​ចុះផង​ដែរ ខណៈ​ប្រភេទ​ត្រីមួយ​ចំនួន​​ជាពិសេស​អន្ទង់​លែង​ឃើញ​មាន​តែម្តង។

អ្នក​ស្រីនិយាយ​ថា ការថយ​ចុះធនធាន​ត្រី​បាន​ធ្វើឱ្យ​ជីវភាព​រស់នៅ​​របស់​ប្រជាពល​រដ្ឋ​ដែល​ពឹង​អាស្រ័យ​ទៅលើ​ការ​នេសាទ​ជួប​ការលំបាក​ខាង​ជីវភាពដោយ​សារ​ធ្វើ​ការ​នេសាទ​មិន​សូវ​​​បាន។

ដោយ​សារ​តែ​មើលឃើញ​ពីសារ​សំខាន់​នៃ​ព្រៃលិចទឹក​នៅបឹងទន្លេ​សាប​ដែល​ជាជម្រកត្រី​ពង​កូន ក្រុម​ការងារ​មន្រ្តី​បច្ចេកទេស​អគ្គលេខាធិការ​ដ្ឋាននៃអាជ្ញាធរ​ទន្លេសាប ​​បាន​និង​កំពុង​​​​បន្តចុះ​ផ្ទៀង​ផ្ទាត់និយាមកា​កំណត់​ដែនព្រៃ​លិចទឹកតំបន់៣។

ក្រុមការ​ងារ​នេះ​បាន​បញ្ចប់​សក​ម្ម​ភាព​ចុះផ្ទៀង​ផ្ទាត់​និ​យា​មកា​កំណ​ត់​ដែន​ព្រៃ​លិច​ទឹ​ក​តំបន់ ៣ នៅក្នុង​សប្តាហ៍​ទី១​នៃ​ខែឧសភា ក្នុងភូមិ​សាស្រ្ត​ខេត្តពោធិ៍​សាត់​ ចំនួន១៤៦ចំ​ណុច​ និ​​ង​ខេ​ត្ត​បាត់​ដំបង ចំនួន១៧១ចំណុច ខេត្ត​​បន្ទាយ​មានជ័យ ចំនួន៤៧​ចំណុច និងខេត្ត​សៀម​រាប​បាន​ចំនួន២៩៩ចំណុច។

ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប ចុះផ្ទៀងផ្ទាត់និយាមកា កំណត់ដែន​ព្រៃ​លិច​ទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប នៅដើម​ខែ​ឧសភា​នេះ។ (រូបថត៖ អាជ្ញាធរទន្លេសាប)

ខេមបូ​ចា បាន​ផ្ញើសារ​ និង​បាន​ព្យា​យាម​ទាក់ទង​ស្នើ​សុំការ​អត្ថាធិប្បាយ​បន្ថែម​ពីថ្នា​ក់​ដឹក​នាំ​អា​​ជ្ញាធ​រ​ទន្លេ​សា​ប​​លើ​ដំ​ណើ​រការ​និង​គោល​បំណង​​នៃ​​កា​រ​ចុះ​​ផ្ទៀ​ង​ផ្ទា​ត់និ​យា​ម​កាកំ​ណ​ត់​​ដែនព្រៃ​លិ​ច​ទឹ​កតំ​ប​ន់៣​​នៅ​បឹង​ទន្លេសាប​នេះ​កាលពី​ថ្ងៃទី​១​០ ​ខែឧសភា ​​ប៉ុ​ន្តែ​ពុំមាន​ការ​ឆ្លើយ​​​ត​ប​​នោះទេ​​ដោ​យ​​មន្ត្រី​ដែល​ទទួល​ទូ​រស​ព្ទ​របស់ស្ថាប័ន​នេះ​បាន​ប្រាប់ថា លោក​គ្រាន់​តែ​ជាមន្ត្រី​ខាង​ផ្នែករដ្ឋ​បាល​ប៉ុណ្ណោះ មិន​មែន​ជាមន្ត្រីបច្ចេកទេស​​ដែល​អាចធ្វើ​អត្ថាធិប្បាយ​​​​លើ​បញ្ហា​នេះបាន​ទេ។ទោះយ៉ាងណា​លោក​ថ្លែង​ថា ចាំលោកផ្តល់​ព័ត៌​មាន​នេះ​ទៅ​ថ្នាក់​ដឹក​នាំ​​ដើម្បី​ពិភាក្សា​លើ​សំណើរ​ស្នើសុំ​ព័ត៌​មាន​នេះដោយ​លោកថា នៅពេល​នេះ​អាជ្ញាធរ​​ទន្លេ​សាប​មិនទាន់​មានការ​តែង​តាំង​មន្ត្រី​អ្នកនាំពាក្យ​នៅឡើយ​ទេ​។ រហូត​មកដល់​ម៉ោង​ចុះ​ផ្សាយ​​ព័ត៌មាន​នេះ ខេមបូចា​នៅ​ពុំទាន់​ទទួលបាន​ការឆ្លើយ​តប​ពីអាជ្ញាធរ​ទន្លេ​សាប​នៅ​ឡើយ​​ទេ។

យ៉ាងណាក្តី លោក មិញ ប៊ុនលី ប្រធាន​​សម្របសម្រួលគម្រោង​ទន្លេសាបនៃ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) បាន​ប្រាប់ ខេមបូចា នៅថ្ងៃទី១៤​ខែ​ឧសភាថា មិន​មែន​តែប្រជាសហគមន៍​នោះទេ អង្គការ​ជាតិ​ អន្តរជាតិនានា រួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ រដ្ឋបាល​ជលផល​ក៏​ដូចជារដ្ឋាភិបាលក៏​មានកង្វល់ខ្លាំង​ណាស់​ដែរ​ចំពោះ​ការ​បន្ត​បាត់បង់​ព្រៃ​លិចទឹក​នៅជុំវិញបឹងទន្លេសាប។

លោកបញ្ជាក់​ថា៖ «ព្រៃលិចទឹកជាប្រភពជីវៈចម្រុះ មានព្រៃលិចទឹក​មានត្រីមានជីវៈចម្រុះ អស់ព្រៃលិចទឹក​អស់ជីវៈចម្រុះ​អស់​ត្រី ហើយ​នៅពេល​អស់ត្រី​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅជុំវិញបឹង​ទន្លេសាប​ដែល​ពឹង​អាស្រ័យ​ទៅលើការនេសាទ​ក៏ធ្លាក់ចុះដែរ»។

លោកបន្តថា ដោយសារ​តែមើល​ឃើញ​ពី​​សារៈសំខាន់យ៉ាងខ្លាំង​នៃ​ព្រៃលិចទឹក​នៅបឹង​​ទន្លេសាប ​ទើប​អង្គការជាតិ និងអន្តរជាតិ អាជ្ញាធរ​មូលដ្ឋាន រដ្ឋបាល​ជលផល និង​រដ្ឋាភិបាល​​បាន​​រួមគ្នា​ធ្វើ​ការងារ​ជាច្រើន ​ដើម្បីទប់​ស្កាត់​ការ​បំផ្លាញ​ព្រៃ​លិចទឹក ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វើ​ការអនុវត្តច្បាប់​យ៉ាង​តឹងតែងក្នុង​ការ​ទប់​ស្កាត់​ការ​កាប់រានឈូស​ឆាយ​ទោះក្នុងករណី​តូចតាចក៏ដោយ។

លោក ប៊ុនលី បានលើកឡើង​ថា៖ «គ្រឿង​ចក្រ​ដែលធ្វើការ​ឈូសឆាយ​ត្រូវបានរឹបអូស ហើយ​​ជនល្មើស​ត្រូវបាន​ចាប់ខ្លួនបញ្ជូនទៅតុលាការ។ ក្រៅពី​នេះ អង្គការពាក់ព័ន្ធ ​និង​អាជ្ញាធរ​ដែល​ទទួល​បានថវិកា​ពីប្រភពផ្សេងៗ​ក៏​បាន​ចុះធ្វើការ​អប់រំប្រជាពលរដ្ឋ​នៅជុំវិញ​បឹង​ទន្លេសាប​ពីវិធានការទប់ស្កាត់ភ្លើង​ឆេះព្រៃផងដែរ»។

យ៉ាងណាក្តី​លោក មិញ ប៊ុនលី មិនមានតួលេខ​ពីចំនួន​ព្រៃលិចទឹក​ដែល​ត្រូវ​បានភ្លើងឆេះ​នោះ​ទេ ប៉ុន្តែលោកថា ដោយ​សារ​តែមានកិច្ចសហប្រតិបត្តិការល្អនិង​មានការ​យកចិត្ត​ទុក​ដាក់​​ពីរដ្ឋាភិបាល​ក្នុង​ការ​ការពារព្រៃលិចទឹកបាន​ធ្វើឱ្យមានការថយចុះករណីភ្លើង​ឆេះព្រៃ​បើទោះបី​ជារដូវប្រាំង​ឆ្នាំនេះអាកាសធាតុបានឡើង​កំដៅ​យ៉ាងខ្លាំង​ក៏ដោយ។​

លោកឱ្យដឹងទៀតថា បន្ថែមពីនេះ​អង្គការ​ពាក់​ព័ន្ធ​ និង​អាជ្ញាធរ​ក៏​បាន​សហការបង្កើតថ្នាល​បណ្តុះ​កូនឈើ​ដើម្បី​យក​ទៅ​ដាំឡើង​វិញ​នៅកន្លែង​ព្រៃលិចទឹកដែល​ត្រូវបាន​ភ្លើង​ឆេះ ​ឬក៏​ត្រូវ​​​បានឈូសឆាយ​កាលពី​ពេលកន្លងមកផងដែរ។​

លោក ខ្វៃ អាទិត្យា ​អ្នក​នាំពាក្យក្រសួង​បរិស្ថាន​មិនបាន​ឆ្លើយ​តប​ទៅនឹង​សំណើរ​សុំធ្វើ​​អត្ថាធិប្បាយ​លើ​បញ្ហានេះទេ កាលពីថ្ងៃទី១៤ ខែឧសភា។

ប៉ុន្តែរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅក្នុងសន្និសីទសារព័ត៌មាន នៅក្នុង​ដំណើរទស្សនកិច្ច​​នៃគណៈប្រតិភូ​ក្រសួងបរិស្ថាន និងសហភាពអឺរ៉ុបនៅបឹងទន្លេសាប​នៃ​ភូមិសាស្រ្តខេត្តបាត់ដំបង កាលពី​ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤ ​បានលើកឡើង​ថា មានការ​រក​ឃើញ​បញ្ហាប្រឈម​ចំនួន៣ ដែលកំពុង​បំផ្លិច​​បំផ្លាញ​ដល់បឹងទន្លេសាប។​

លោករដ្ឋមន្ត្រីមាន​ប្រសាសន៍ថា​ បញ្ហាប្រឈម​ខ្លាំងដែលបង្កជាហានិភ័យដល់បឹងទន្លេសាប គឺបញ្ហាភ្លើងឆេះ​ព្រៃ ការទន្ទ្រាន​ព្រៃ​យកដី និង​បម្រែបម្រួលអាកាសធាតុ។ លោក អ៊ាង សុផល្លែត បានថ្លែង​នៅពេល​នោះ​ថា ដំណើរ​ទស្សនកិច្ច នាពេលនេះ ក្នុងគោលបំណង​ដើម្បី​​​សិក្សា​ស្វែងយល់​​អំពីបឹងទន្លេ​សាប ដោយ​ធ្វើ​យ៉ាងណាធានាកិច្ចការពារបរិស្ថានផង អភិរក្ស​ធនធានធម្មជាតិផង​ និង​សំដៅ​ជួយដល់​ប្រជាសហគមន៍នៅជុំវិញបឹងទន្លេសាប​ ធ្វើយ៉ាង​ណា​ឱ្យពួកគាត់​មានជីវភាពល្អ​ប្រសើរ​ប្រកបដោយនិរន្តភាព។

ក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប ចុះផ្ទៀងផ្ទាត់និយាមកា កំណត់ដែន​ព្រៃ​លិច​ទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប នៅដើម​ខែ​ឧសភា​នេះ។ (រូបថត៖ អាជ្ញាធរទន្លេសាប)

យោង​តាម​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ទន្លេសាប​បានឱ្យដឹង​ថា​ នៅក្នុង​សប្តាហ៍ទី២​នៃ​ខែ​ឧសភា​នេះ ក្រុម​មន្ត្រី​បច្ចេកទេស​កំពុង​បន្តចុះផ្ទៀងផ្ទាត់​​​និ​យា​ម​កាកំ​ណ​ត់​​ដែនព្រៃ​លិ​ច​ទឹ​កតំ​ប​ន់៣ក្នុងភូមិ​សាស្រ្ត​​ខេត្ត​កំពង់ធំ ចំនួន៣៤៦​ចំណុច និងខេត្តកំពង់​ឆ្នាំងចំនួន២១៥​ចំណុច។

បើតាមអាជ្ញាធរទន្លេសាប សកម្ម​ភា​ពចុះ​ផ្ទៀ​ងផ្ទា​ត់​និយា​ម​កាកំ​ណ​​ត់ដែ​ន​ព្រៃ​លិច​ទឹ​កតំ​​ប​ន់​៣​​ដែ​ល​បាន​​និ​ង​កំពុងចុះ​អនុវត្ត​​​តាមប​ណ្តា​ខេត្ត​ទាំ​ង​ ៦ ជុំវិញបឹ​ង​ទន្លេ​សា​ប​​គឺជា​ជំ​ហា​ន​ស​ក​ម្ម​ភាព​ពិ​និ​ត្យ​ទី​តាំ​ង​ជា​ក់ស្តែង​ក្នុងការ​​ផ្ទៀ​ង​ផ្ទា​ត់ប​ញ្ជា​ក់​ភា​ព​ត្រឹម​ត្រូ​វ ​និ​ង​បញ្ចៀស​នូ​វ​រាល់​ទំ​នា​ស់​ផ្សេង​ៗ ​ប​ន្ទាប់​ពីមន្រ្តី​ប​ច្ចេក​ទេ​ស​ផែន​ទី​​នៃ​អគ្គ​លេ​ខាធិ​កា​រ​ដ្ឋាន​អា​ជ្ញា​ធរ​ទ​ន្លេសា​ប​​​បា​ន​សិក្សា​​វិ​ភា​គ​លើ​ទិន្ន័​យ​ព័​ត៌មាន​ដែ​ល​មាន​ស្រាប់​​និង​បាន​​​កំណត់ដៅ​តា​ម​Satellite Ima​g​es​​ក្រោ​យ​ពីធ្វើ​ប​ច្ចុ​ប្ប​ន្ន​ភាព​ផែ​ន​ទី​កំណ​ត់ដែន​ព្រៃ​លិច​ទឹ​កតំ​ប​ន់​៣ឡើងវិញ​​បន្ទា​ប់​ពី​រាជ​រ​ដ្ឋា​ភិ​បា​ល​បា​នធ្វើ​កា​រ​កា​ត់ឆ្វៀ​ល​ជូ​នប្រ​ជាពល​រ​ដ្ឋ​កាល​ពីឆ្នាំ​២​០​២​២-​២០២៣ សម្រាប់លំនៅដ្ឋា​ន​ អាស្រ័យ​​ផ​ល ​និ​ងទុ​កជា​តំ​បន់​ទ្រ​នាប់​កា​រ​ពារ។​

​អ្នក​ស្រី​ រឿន ចន្ថា មាន​ជំនឿ​ថា បន្ទាប់​ពីអាជ្ញាធរ​ទ​ន្លេសា​ប​​បា​ន​កំ​ណ​ត់ដែ​នព្រៃ​លិ​ច​ទឹក​​តំបន់​៣​បាន​ត្រឹមត្រូវ​និង​អាច​​​ទប់​ស្កាត់​​បាន​នូវ​ការ​កាប់ទន្ទ្រាន​ដីព្រៃលិច​ទឹក​ឱ្យមាន​ប្រសិទ្ធ​ភាព បន្ត​ធ្វើ​​ការ​ដាំកូនឈើឡើង​វិញ រួម​ទាំង​ការ​បន្ត​ធ្វើ​ការ​បង្ក្រាប​បទ​ល្មើសនេសាទ​ខុស​ច្បាប់​​ឱ្យ​បាន​ជាប់​ជាប្រចាំ​នោះ​ធន​ធាន​ត្រី​នៅក្នុង​បឹង​ទន្លេ​សាប​នឹង​មាន​កំណើន​ឡើង​វិញ។

ស្ត្រី​តំណាង​សហ​គមន៍​នេសាទ​អន្លង់តាអួរ​រូប​នេះ បានឱ្យដឹង​ទៀត​ថា បច្ចុប្បន្ន​នៅក្នុង​សហ​គមន៍​របស់អ្នកស្រី​មិនមាន​ការ​កាប់​ទន្ទ្រាន​ដីព្រៃលិច​ទឹក​ទៀ​ត​ទេ ហើយ​​ការប្រើ​ប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​​ក៏​មានការ​ថយចុះដែរ​ដោយ​សារ​ប្រជាជនក្នុង​មូលដ្ឋាន​មាន​ការ​​យល់​ដឹង​ច្រើន​អំពីផលប៉ះពាល់​នៃការ​​កាប់​រុករាន​ដីព្រៃលិចទឹក និង​ការប្រើ​ប្រា​ស់​​ឧបករណ៍​​នេសាទ​ខុសច្បា​ប់​។

អ្នកស្រី​និយាយ​បន្តថា៖«ក្រៅពីប្រ​ជាពលរដ្ឋ​មានការ​យល់​ដឹង​ក៏ឃើញ​មាន​មន្ត្រី​បរិស្ថាន​និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់​ព័ន្ធ​ក៏​បាន​រួមសហការគ្នា​​ដាក់ប៉ុស្តិ៍យាម​និង​ប្រើ​កម្លាំង​ចុះល្បាត​និង​ចុះ​​ប​ង្ក្រា​ប​ញឹក​ញាប់​នៅ​តា​ម​តំប​ន់​ព្រៃ​លិចទឹក​ និង​នៅតាម​តំបន់​នេសាទ​​ជាប់ជា​ប្រចាំ​ផង​ដែរ»

នៅ​ពេល​ផល​នៃការ​នេសាទ​ត្រីមានការ​ថយចុះ ប្រជាពលរដ្ឋ​នៅក្នុង​​ឃុំកោះ​ជីវាំង ស្រុក​ឯកភ្នំ​​ ក៏​បានដាំដំណាំ​និងបន្លែ​ផ្សេងៗ​នៅ​រដូវទឹកស្រក និង​ក៏បាន​កែច្នៃ​ទិដ្ឋផលត្រី​ដែល​​នេសាទ​បាន​ធ្វើ​ជាប្រហុក​ផ្អក​លក់​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ផង​ដែរ​។ ប៉ុន្តែ​ទោះយ៉ាង​ណា​អ្នកស្រី រឿន ចន្ថា​និយាយ​ថា ការដាំដំណាំ​និង​ការកែច្នៃ​ត្រី​ដែល​នេសាទបាន​ធ្វើជា​ប្រហុក​ផ្អកលក់​របស់​អ្នក​ភូមិ​មិន​សូវ​ទទួល​បាន​ប្រាក់កម្រៃ​ច្រើនទេ​ដោយ​សារ​តែ​អត់​មាន​ទីផ្សារ។

អ្នកស្រី​បញ្ជាក់​ថា៖«​ផល​ដំណាំ​ផ្សេងៗ​ដែល​អ្នកភូមិ​យើង​ដាំបាន​ជាពិសេស​ត្រឡាច ត្រសក់ ត្រប់ គឺ​គ្មាន​ឈ្មួញ​​​ចុះ​មក​ទិញទេ ដោយ​សារ​តែផល​ដំណាំ​យើង​មាន​ចំនួន​តិច ហើយ​បើ​យើង​ដឹកឡើង​ទៅលក់​នៅឯ​ផ្សារធំ គ្រាន់​តែថ្លៃធ្វើ​ដំណើរ​អស់​បាត់​ទៅ​ហើយ»

អាជ្ញាធរ​ទន្លេ​សាប​បាន​ដកស្រង់​ការ​ចុះផ្សាយ​​របស់ Alpha Water & Electric Supply ​កាល​ពីថ្ងៃទី​១៩​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ថាវិសាល​ភាពបឹងទន្លេ​សាប មានការ​ប្រែ​ប្រួ​​ល​តាម​រដូ​វកា​ល ដោយ​នៅ​ក្នុង​​រដូវប្រាំងទឹក​បឹងទន្លេសាប​មាន​ជម្រៅពី១ម៉ែត្រ​ទៅ​២ម៉ែត្រ មាន​ផ្ទៃក្រឡា​ប្រ​មាណ​ ២​៥​០ ០០០ហិកតា និងនៅ​រដូវវស្សា​មាន​ជម្រៅ​ពី​៨ម៉ែត្រទៅ​១១ម៉ែ​ត្រមាន​​ផ្ទៃ​ក្រ​ឡា​ប្រ​មា​ណ ១ ៥០០ ០០០ហិកតា ។

ទំហំ​ទឹកបឹង​ទន្លេសាប​ប្រែ​ប្រួល​ប្រ​មាណ​ពី ​៤​ ៥​០០លានម៉ែត្រគូប នៅ​រ​ដូវ​ប្រាំង​​ទៅ ​១៣​៥​ ០​០​០​លា​ន​ម៉ែត្រគូប ​នៅ​រដូ​វ​វស្សា​។ទឹក​ក្នុ​ងបឹ​ង​ទន្លេ​សាប​​នៅ​រដូ​វ​វ​ស្សា​បា​នម​ក​​ពីទ​ន្លេ​មេ​គង្គ​ ៦២% និង៣៨​% ទៀ​តបា​ន​ម​កពី​ប​ណ្តា​ស្ទឹង​ធំៗទាំ​ង​ ១​១​ ជុំ​វិ​ញ​បឹង​ទ​ន្លេសាប ។

ទឹក​ជំ​នន់​ម​ក​ពីទ​ន្លេ​មេគ​ង្គ​ មា​ន​ឥទ្ធិ​ព​លទាំ​ងបរិមា​ណ ​និ​ង​គុណ​ភាព​ទឹ​ក ​ដោ​យ​​​ហូរ​ចា​ក់​ទៅ​ក្នុង​បឹ​ង​ទ​ន្លេសា​ប​ បា​ននាំ​ម​កនូ​វ​ដី​ល្បាប់​ភ​ក់ផ្ត​ល់​នូ​វជី​ជា​តិ​យ៉ាង​ស​ម្បូ​របែ​ប​​ស​ម្រា​ប់វា​ល​​ទំនាប​​ព្រៃលិ​ច​ទឹ​កជុំ​វិញ​បឹ​ង​ទន្លេ​សា​ប ​ដែ​ល​ជាជ​ម្រ​ក​ត្រី​ពងកូន ​និ​ង​ប​ង្ក​ជា​ចំណី​ដ​ល់​ជីវៈ​​ចម្រុះគ្រ​ប់​ប្រ​ភេទ​​ព្រម​ជា​មួយ​ធ​នធាន​ជ​ល​ផល​ផ្សេ​ង​ៗ​ទៀត​ផងដែរ៕

421 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម