ប្រជាពលរដ្ឋ១២គ្រួសាររស់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ប្រឈមនឹងការបាត់បង់ដីស្រែតំបន់២ដែលរដ្ឋកាត់ឆ្វៀលរួច៦៤ហិកតា ដោយពួកគាត់អះអាងថា មានស្នងការរងម្នាក់បាននាំ មន្រ្តីវាស់វែងដីធ្លីចុះវាស់វែងយកដីនោះនៅចំណុចកើតលូ គោកស្បូវ ភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ស្គមស្តើងសម្បុរស្រអែម លោក ឌី ក្រុញ ដែលមានកូន៦នាក់ បានចង្អុលបង្ហាញវាលស្រែរបស់គាត់៥ហិកតាដែលសល់ពីរដ្ឋកាត់ឆ្វៀល ដែលស្ថិតក្រោមកំដៅថ្ងៃក្តៅហួតហែង។ យកដៃជូតញើសបណ្តើរ ឌី ក្រុញ ពោលបណ្តើរថា ដីស្រែនេះគាត់ខំកាប់គាស់រុករានឆ្ការព្រៃធ្វើស្រែតាំងពីឆ្នាំ២០០៩មក រហូតដល់បច្ចុប្បន្នមិនដែលខាន តែប៉ុន្មានថ្ងៃមុនមានស្នងការរងម្នាក់នាំមន្រ្តីមកវាស់វែងរំលោភយកដីគាត់ និងអ្នកភូមិផ្សេងទៀត។
ប្រជាពលរដ្ឋខាងលើបានបន្តថា៖ «កាលពីសប្តាហ៍មុនឃើញមន្រ្តីមកវាស់ដីឱ្យខ្ញុំហើយ តែគេដកទៅវិញខ្ញុំសួរទៅគេថា មេគេឱ្យដកសិន ប៉ុន្តែស្អែកឡើងឃើញលោក ម៉ារ៉ា សក្តា ស្នងការរងនាំមន្រ្តីមកវាស់ជាន់លើដីខ្ញុំទៀត ខ្ញុំមកអត់ទាន់មកដល់ស្រែគេវាស់ហើយចេញទៅបាត់»។
ប្រជាពលរដ្ឋលោក យ៉ែម ប៊ុន វ័យ៦០ឆ្នាំ ក្នុងចំណោមប្រជាពលរដ្ឋ១២គ្រួសារបាននិយាយថា កាលដើមឡើយដីស្រែនេះ គឺជាដីព្រៃសុទ្ធពួកគាត់ខំកាប់គាស់រុករាន និងជួលគ្រឿងចាក់ ត្រាក់ទ័រភ្ជួររាស់ឈូសឆាយលើផ្ទៃដី១០ហិកតាបានរាបស្មើ ដោយបានដាក់ប្លង់ដីភូមិ១ម៉ឺនដុល្លារ និងលក់ម៉ូតូមួយគ្រឿងទៀតយកមកធ្វើតាំងពីឆ្នាំ២០០៩មកដល់បច្ចុប្បន្ន។
ប្រជាពលរដ្ឋខាងលើបន្ថែមថា ក្រោយមករាជរដ្ឋាភិបាលបានប្រកាសដកហូតដីតំបន់៣ទាំង អស់ និងឱ្យអ្នកពាក់ព័ន្ធចេញមុខសារភាពប្រគល់ដីជូនរដ្ឋវិញ ពេលនោះក្រុមប្រជាពលរដ្ឋ បានចេញមុខប្រគល់ដីជូនរដ្ឋវិញដោយមិនឃើញមានមុខស្នងការរងខាងលើ រឺបុគ្គលណា ផ្សេងចេញមុខមកសារភាពប្រគល់ដីខាងលើជូនរដ្ឋនោះទេ។
ប្រជាពលរដ្ឋលោក យ៉ែម ប៊ុន បញ្ជាក់ថា ក្រោយមករដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលតំបន់៣មកជាដីតំបន់២ឱ្យប្រជាពលរដ្ឋណាដែលកាន់កាប់ និងអាស្រ័យផលជាក់ស្តែង ពេលនោះ លោកនឹងប្រជាពលរដ្ឋផ្សេងទៀតបានសម្តែងក្តីត្រេកអរជាខ្លាំងដែលបានទទួលដីវិញ ខណៈដី របស់គាត់១០ហិកតាកាត់ឆ្វៀលរួចសល់៦ហិកតា និងប្រជាពលរដ្ឋ១១គ្រួសារផ្សេង ទៀតសល់ដីស្រែ៥៨ហិកតា។
លោក យ៉ែម ប៊ុន ឱ្យដឹងថា៖ «ក្រោយដកហូតរដ្ឋាភិបាលបានកាត់ឆ្វៀលជូនពលរដ្ឋវិញ! ឆ្នាំទៅ ក្រោយបោះឆ្នោតហើយអាជ្ញាធរឱ្យពួកខ្ញុំចូលធ្វើស្រែវិញ ប៉ុន្តែហាមលូតទៅមុខទៀត ពួកខ្ញុំមិនហ៊ានលូតទេតែឆ្នាំនេះច្រូតហើយប៉ុន្មានថ្ងៃមុននេះ ស្រាប់តែឃើញលោក សក្តា នាំមន្រ្តីមកវាស់វែងជាន់លើដីពួកខ្ញុំ ពួកខ្ញុំឆ្ងល់ និងស្រឡាំងកាំង កាលពីផ្តិតមេដៃប្រគល់ដីជូនរដ្ឋអត់ដែលឃើញមុខផង ស្រាប់តែឃើញមុខមកវាស់ដីយកតែម្តង»។
ប្រជាពលរដ្ឋខាងលើបានបញ្ជាក់ថា ក្រោយពីឃើញអ្នកមានអំណាចនាំមន្រ្តីមកវាស់វែងរំលោភលើដីស្រែរបស់ពួកគាត់ឆៅៗពួកគាត់បាននាំគ្នាផ្តិតមេដៃធ្វើពាក្យបណ្តឹងប្តឹងលោក ម៉ារ៉ា សក្តា ស្នងការរងនគបាលខេត្តបាត់ដំបងទៅប្រធានក្រុមការងារវាស់វែងដីធ្លីចុះបញ្ជីលក្ខណៈជាប្រព័ន្ធដីតំបន់២ និងអាជ្ញាធរពាក់ព័ន្ធ។
ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលមានចុះហត្ថលេខាពីលោកមេភូមិដូនទ្រីផងកាលពីថ្ងៃទី១៣ ខែមីនា ដែលបានបញ្ជាក់ថាប្រជាពលរដ្ឋ១២គ្រួសារនេះពិតជាអាស្រ័យផលលើដីស្រែខាងលើពិតប្រាកដមែន។ ប្រជាពលរដ្ឋឱ្យដឹងថាការដាក់បណ្តឹងនេះបំណងដើម្បីទប់ស្កាត់ដល់មន្រ្តីពាក់ព័ន្ធកុំឱ្យចុះបញ្ជីដីធ្លីធ្វើប្លង់កម្មសិទ្ធិលើដីរបស់ពួកគាត់ឱ្យបុគ្គលផ្សេងក្រៅពីប្រជាពលរដ្ឋដែលខំអាស្រ័យផលជាក់ស្តែង។
ជុំវិញការចោទប្រកាន់នេះ លោក ម៉ារ៉ា សក្តា ស្នងការរងនគបាលខេត្តបាត់ដំបងបានបដិសេធដោយលោកបញ្ជាក់ថា មិនបាននាំមន្រ្តីទៅវាស់វែងលើដីពលរដ្ឋខាងលើនោះទេ ដោយលោកគ្រាន់តែជូនអ្នកតំណាងម្ចាស់ដីទៅមើលព្រំដីជាមួយមន្រ្តីជំនាញប៉ុណ្ណោះ។
លោកស្នងការរងរូបនេះបានចេញលិខិតបំភ្លឺមួយច្បាប់គោរពជូនឯកឧត្តមអភិបាលខេត្តបាត់ដំបង នាថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៤ ថា ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋខាងលើ គឺជាការបំភ្លើស ក្នុងចេតនាទម្លាក់កំហុសលើរូបលោក ដោយគ្មានមូលដ្ឋានសំអាងច្បាស់លាស់។ សេចក្តីបំភ្លឺបញ្ជាក់ថា លោកមិនមានកម្មសិទ្ធិដីធ្លី ឬមានការពាក់ព័ន្ធអ្វីនៅលើដីទីតាំងខាងលើនោះទេ ហើយក៏មិនមានវិវាទជាមួយប្រជាពលរដ្ឋទាំង១២គ្រួសារខាងលើដែរ និងមិនមានបំណងណាមួយចូលទៅគ្រប់គ្រង កាន់កាប់ប្រើប្រាស់អាស្រ័យផល រឺបង្កវិវាទជាមួយប្រជាពលរដ្ឋខាងលើដែរ។
លោកស្នងការរងខាងលើក៏បានបញ្ជាក់ថា វិវាទខាងលើនេះទុកឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងទៀតដោះស្រាយគ្នាដោយសន្តិវិធីតាមរយៈអាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធមាន សមត្ថកិច្ច តាមឋានានុក្រមដោយមិនមានការពាក់ព័ន្ធនឹងរូបលោកឡើយ។
ថ្វីត្បិតតែលោកស្នងការរងបដិសេធ និងព្យាយាមដកខ្លួនចេញពីករណីវិវាទខាងលើក្តី ក៏លោក ឈី រ៉ាបូ ប្រធានគ្រប់គ្រងតំបន់វិន្និច្ឆ័យតំបន់២ ឃុំជ្រៃ បានបញ្ជាក់ថា មន្រ្តីលោក ពិតជាទៅវាស់វែងដីខាងលើមែនតាមការចង្អុលបង្ហាញរបស់លោក ម៉ារ៉ា សក្តា ដែលបានចង្អុលបង្ហាញ ផ្ទាល់ដល់មន្រ្តីលោកថា ជាដីរបស់គាត់ ហើយដីនេះបានវាស់វែងជូនគាត់រួចហើយ។
ទោះបីយ៉ាងណាលោកបញ្ជាក់ថា ទោះបីវាស់វែងរួចហើយក៏ដោយ នៅពេលមានពាក្យបណ្តឹង ដូច្នេះលោកមិនចុះបញ្ជីជូននោះទេរង់ចាំធ្វើការដោះស្រាយវិវាទចប់សិនដោយលោកនឹង រាយការណ៍ទៅគណៈកម្មាការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តបន្ត។
លោក ឈី បូរ៉ា បានបន្ថែមថា៖ «លោកសក្តាគាត់ថាដីរបស់គាត់ ដីហ្នឹងប្រហែល១០០ហិកតា រឺជាង១០០ហិកតាដឹងយើងមិនទាន់បានគណនាផ្ទៃផង គេចង្អុលត្រង់ណា!យើងទៅវាស់ត្រង់ ហ្នឹង! ហើយយើងមិនមែនទៅតែយើងឯណា យើងវាស់ជាបីក្រុមមានចាស់ព្រឹទ្ធាចារ្យមាន មេភូមិទៅជាមួយ»។ លោកបន្តថា៖ «ប៉ុន្តែយើងវាស់រួចហើយមានស្អី នៅពេលមានបញ្ហាយើង ក៏មិនធ្វើអីឱ្យដែរទុកសិនទៅ» ។
ទោះបីយ៉ាងណា ក្រោយពីប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងរួច លោក ថាន់ ស៊ៀន មេឃុំជ្រៃ បានបញ្ជាក់ថា លោកបានកោះហៅប្រជាពលរដ្ឋ១២គ្រួសារខាងលើមកធ្វើការសម្របសម្រួល ជាមួយភាគីតំណាងម្ចាស់ដី គឺលោក ជន ផល្លា ដើម្បីធ្វើការដោះស្រាយគ្នាតាមការស្នើសុំរបស់លោក ម៉ារ៉ា សក្តា ស្នងការរងខេត្តបាត់ដំបង។
លោកមេឃុំជ្រៃបន្ថែមថា ការសម្របសម្រួលជំហានដំបូងនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅ សាលាឃុំជ្រៃ ភាគីតំណាងម្ចាស់ដីអះអាងថា ខ្លួនបានទិញដីព្រៃពីប្រជាពលរដ្ឋ មានអាជ្ញាធរ ដឹងលឺតាំងពីឆ្នាំ២០០៨ ប៉ុន្តែទុកចោលមិនបានអាស្រ័យផលនោះទេ ដោយទាមទារចំណែក៦០ភាគរយ និងប្រគល់ឱ្យប្រជាពលរដ្ឋដែលអះអាងថាជាអ្នកកាប់រុករានអាស្រ័យ ផលរហូតមកយក៤០ភាគរយ។ លោកបន្ថែមថា ការសម្របសម្រួលនេះមិនបានសម្រេចនោះទេដោយប្រជាពលរដ្ឋទាមទាយកដីទាំង៦៤ហិកតានេះទាំងអស់។
ទោះបីយ៉ាងណាលោក ថាន់ ស៊ៀន មេឃុំជ្រៃបន្ថែមថា៖ «បើតាមសេចក្តីប្រកាសរបស់ក្រសួងដែនដី គឺអ្នកកំពុងអាស្រ័យផលត្រូវទទួលបានដីការពិតវាត្រូវអញ្ចឹង! ដោយសារមាត្រា៤ហ្នឹងចែងច្បាស់ថា ចុះបញ្ជីក្បាលដីទៅលើប្រជាពលរដ្ឋ រឺសហគមន៍ណាដែលបានអាស្រ័យផលយូរមកហើយ អ៊ីចឹង!កន្លែងហ្នឹងចង់បញ្ជាក់ថា អ្នកដែលទិញលក់យូរហើយតែមិនដែលស្គាល់ដីផងមិនត្រូវបានទេ!»។
ទាក់ទងវិវាទនេះ លោក ជន ផល្លា ដែលអះអាងថា ជាតំណាងម្ចាស់ដីដែលចូលមកសម្របសម្រួលបានឱ្យដឹងថា ដីខាងលើមិនមែនជាដីរបស់លោក ម៉ារ៉ា សក្តា ស្នងការរងនគបាលខេត្តបាត់ដំបងនោះទេ គឺជាដីដែលចូលហ៊ុនគ្នាពីរម្ចាស់របស់លោក ឈាង សុវណ្ណ រស់នៅភ្នំពេញ និងឈ្មោះ ឃួន ជន ជាឪពុករបស់លោកដែលបានស្លាប់ទៅ ពួកគាត់បានទិញពីប្រជាពលរដ្ឋ រួមគ្នាទាំងតំបន់៣និងតំបន់២ចំនួន១០៥ហិកតា។
លោកបន្ថែមថា ម្ចាស់ដីបានទៅទិញដីព្រៃនៅភូមិដូនទ្រីខាងលើនេះពីប្រជាពលរដ្ឋដែលមាន ឈ្មោះពិតប្រាដក និងមានអាជ្ញាធរដឹងលឺនៅឆ្នាំ២០០៨។ ប៉ុន្តែលោកបានទទួលស្គាល់ថា ម្ចាស់ដីក្រោយពីទិញដីព្រៃរួចមិនបានអាស្រ័យផលនោះទេ គឺទុកដីចោល ហើយនៅពេល ដែលរាជរដ្ឋាភិបាលប្រកាសដកហូតដីក៏មិនបានចូលរួមបង្ហាញមុខ និងប្រគល់ដីដែរ។
លោក ជន ផល្លា បន្ថែមថា៖ «ដំណោះស្រាយខ្ញុំចង់និយាយថាយើងអាចចែករំលែកគ្នាបាន រឺមិនបាន! ខាងខ្ញុំបានតែខាងប្រជាពលរដ្ឋអត់ទទួលយកបាន! ចឹងខ្ញុំមកនេះមកតំណាងថា ត្រូវតែបាន រឺយ៉ាងណាទេចាំគិតទៅមុខទៀត!»។ លោកបន្ថែមថា៖ «ខ្ញុំយល់ថា ប្រជាពលរដ្ឋគាត់អត់ ប៉ុន្តែគួរតែគិតថាយើងចែករំលែកគ្នាយ៉ាងម៉េចឱ្យវាបានសុខទាំងអស់គ្នាកុំគិតថាខាងនោះតិច ខាងនេះច្រើន យើងចែកគ្នាទៅព្រោះខាងនោះក៏គាត់ចំណាយលុយទិញច្រើន»។
ជុំវិញករណីនេះ លោក សួន សុភា ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបាត់ដំបងបានឱ្យដឹងថា លោកបានទទួលព័ត៌មាននេះហើយអាជ្ញាធរពាក់ព័ន្ធកំពុងដោះស្រាយ។
លោក សួន សុភា បន្ថែមថា៖ «ខ្ញុំបានទទួលព័ត៌មាននេះដែរ ហើយខ្ញុំបានទទួលលិខិតបំភ្លឺ របស់លោកសក្តាថា គាត់មិនពាក់ព័ន្ធទេ បងសួរលោកអភិបាលស្រុកគាត់ដឹងច្បាស់! ការងាររបស់វាលនេះគេមានក្រុមរបស់គេដោះស្រាយមួយ អានេះខាងរងបណ្តឹងថាគាត់អត់ជាប់ពាក់ព័ន្ធ អ៊ីចឹង!យើងកំពុងពិនិត្យមើលថាតើមានរឿងអីពីលើហ្នឹងទៀត!»។
ចំណែកលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យខេត្ត បានឆ្លើយតប តាមសារអេឡិចត្រូនិកតេឡេក្រាមនារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ យ៉ាងខ្លីថា៖ «ខ្ញុំបានទទួល និងបានបញ្ជូនទៅអភិបាលរងទទួលបន្ទុកដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។
ជុំវិញវិវាទនេះដែរលោក ទេព ហន អភិបាលស្រុកមោងឬស្សីឱ្យដឹងថាមន្រ្តីជំនាញនិង អាជ្ញាធរស្រុកបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋហើយ។ លោកបញ្ជាក់ថាករណីវិវាទ ខាងលើនេះរង់ចាំការសម្របសម្រួលពីគណៈកម្មាការរដ្ឋបាលដើម្បីធ្វើការសម្របសម្រួល បន្តទៀតសិន។
លោក ទេព ហន បន្ថែមថា៖ «ឥឡូវនេះឱ្យគណៈកម្មាការរដ្ឋបាលធ្វើការសម្របសម្រួលសិន គណៈកម្មការរដ្ឋបាលនេះមានអភិបាលខេត្តជាប្រធាន សមាជិកមានទាំងស្រុក មានព្រឹទ្ធាចារ្យ ចាស់ទុំ មេភូមិ មេឃុំអីក៏ជាសមាជិកដែរ ខាងជំនាញវាស់វែងអញ្ជើញពួកគាត់មកសម្របសម្រួលសិន! យើងបានធ្វើ១ជំហ៊ានហើយ»។
យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបងកាលពីខែធ្នូ ឆ្នាំ២០២១ គឺបានបញ្ឈប់ជាបន្ទាន់ និងមោឃភាពរាល់ការចុះហត្ថលេខាការបញ្ជាក់ទទួលស្គាល់ លើលិខិតផ្ទេរសិទ្ធិ លិខិតទិញលក់ ជួលបញ្ចាំ ពាក្យស្នើសុំកាន់កាប់ដីធ្លី ឬពាក្យស្នើសុំប្រើប្រាស់ដីធ្លីលិខិតទិញលក់ដោយខ្លួនឯងរវាងបុគ្គលអ្នកលក់ និងបុគ្គលអ្នកទិញ និងការបញ្ជាក់ប្លង់ទីតាំងនៅលើដីព្រៃលិចទឹកតំបន់៣ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
សេចក្តីប្រកាសមួយទៀតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រង់ជំពូក២ ប្រការ៤ ការចុះបញ្ជី និងការផ្តល់បណ្ណសម្គាល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើដីក្នុង តំបន់២អនុវត្តន៍ចំពោះប្រជាជនដែលបានធ្វើស្រែចម្ការ និងបង្កបង្កើនផលយូរមកហើយជា លក្ខណៈគ្រួសារ រឺសហគមន៍ដែលមានការដឹងលឺ និងទទួលស្គាល់ច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋាន។
លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ បានស្នើថា ប្រជាពលរដ្ឋអាស្រ័យផលលើដីខាងលើតាំងពីឆ្នាំ២០០៩មកអាជ្ញាធរគួរពិចារណាផ្តល់កម្មសិទ្ធិដល់ពួកគាត់។ លោកបន្ថែមថាដោយឡែកលោកស្នងការរងដែលបានសេចក្តីបំភ្លឺដោយដកខ្លួនចេញមិនមានការពាក់ព័ន្ធថាមានដីនៅតំបន់នោះ ដូច្នេះមិនមានមន្ទិលអីទៀតនោះទេគួរតែវាស់វែងជូនដល់ពលរដ្ឋ។
លោក គង់ជិត លើកឡើងថា៖ «អាជ្ញាធរខេត្ត ស្រុក ឃុំ គួរតែឱ្យមន្រ្តីសូរិយោដីចុះវាស់វែងជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែង និងយូរមកហើយដែលរាជរដ្ឋាភិបាលបានចេញអនុក្រិតកាត់ឆ្វៀលពីតំបន់បីមកតំបន់២កាលពីខែឧសភាឆ្នាំ២០២២នោះបានកាន់កាប់ស្របច្បាប់ និងបានអាស្រ័យផលបង្កើនជីវភាពរបស់ពួកគាត់បានប្រសើរឡើង»។
លោកបន្ថែមថា៖ «បើសិនអាជ្ញាធរបានវាស់វែងជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលនោះ គឺពួកគាត់នឹងអបអរសារទរនិងមានភាពកក់ក្តៅ មានជំនឿទុកចិត្តជាមួយរាជរដ្ឋាភិបាល ខណៈដែលពួកគាត់ទាំងនោះធ្លាប់បង្កបង្កើនផលកន្លងមកមានការភ័យខ្លាច និងអសុវត្ថិភាព»។
ត្រឡប់មកប្រជាពលរដ្ឋ លោក ឌី ក្រុញ បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំង១២គ្រួសារនៅតែ ប្រកាន់ជំហរមិនប្រគល់ដីឱ្យអ្នកផ្សេងដែលទើបមកអះអាងថាជាម្ចាស់ដី និងទើបឃើញលេចមុខប៉ុន្មានថ្ងៃនេះនោះទេ ព្រោះពួកខ្លួនបានខំកាប់គាស់រុករានតាំងពីព្រៃរហូតដល់ដីវាល និងអាស្រ័យផល១៥ឆ្នាំមកហើយមិនដែលខាន។
លោក ឌី ក្រុញ បានបន្ថែមថា៖ «សំណូមពរដល់រាជរដ្ឋាភិបាលចុះអន្តរាគមន៍ជួយដល់ ប្រជាពលរដ្ឋក្រីក្រ ល្ងិតល្ងង់ផង ព្រោះមានអ្នកមានអំណាចមកចង់ធ្វើប្លង់រំលោភយកដី ប្រជាពលរដ្ឋទន់ខ្សោយ»៕