ស្រ្តីម្នាក់រស់នៅក្រុងបាត់ដំបងមានមុខរបរធ្វើសម្បកលតបោះឱ្យម៉ូយក្នុងផ្សារ និងតាមម្ហូបការមានការព្រួយបារម្ភខ្លាចអាជ្ញាធរបណ្តេញចេញពីកន្លែងរស់នៅបច្ចុប្បន្នដោយសារតំបន់នេះស្ថិតក្នុងតំបន់សំណង់មិនរៀបរយក្នុងសហគមន៍វាសនាអមតៈ។
ស្រ្តីរូបនេះឈ្មោះថា អ្នកស្រី ហួ សម្ផស្ស មានកូនពីរនាក់ បានឱ្យដឹងថា គាត់មករស់នៅទីនេះជាមួយប្តីជាង១០ឆ្នាំមកហើយថ្វីត្បិតតែទីនេះរស់នៅមិនសូវមានសុវត្ថិភាពប៉ុន្តែវាជិតទីផ្សារអាចរកស៊ីចិញ្ចឹមជីវិតបាន និងកូនអាចទៅរៀនសាលាជិតផ្ទះ។
អ្នកស្រី សម្ផស្ស បញ្ជាក់ថា៖ «ខ្ញុំដេកព្រួយបារម្ភស្ទើររាល់យប់ គេប្រជុំលើកមុនលឺគេថាប្រហែលឆ្នាំខាងមុខអី មានដំណឹងថា គេនឹងឱ្យរុះរើផ្ទះ បានទឹកគេលែងតឱ្យយើងប្រើ លឺល្ហៀងៗគេថា ខ្លះទៅនៅឡឥដ្ឋ គ្រាន់តែលឺតៗគ្នា! សហគមន៍ខ្លះគេបញ្ជូនទៅហ្នឹងអស់ហើយ!» ។
ស្ថិតនៅក្នុងផ្ទះឈើដំបូលប្រក់សង្ក័សីតូចមួយគ្មានទ្វារបង្អួចដោយយកក្រណាត់បាំងធ្វើជញ្ជាំង សម្បុរស្រអែម រាងស្តើងអ្នកស្រី សម្ផស្ស បានលើកសម្បកលតបង្ហាញអ្នកសារព័ត៌មានយើងដោយញញឹមតិចៗ បាននិយាយថា រាល់ថ្ងៃគាត់រស់ដោយសាររបរធ្វើសម្បកលតនេះ ដែលបច្ចុប្បន្នអាចរកចំណូលចម្លោះពីពីរម៉ឺនទៅបួនម៉ឺនរៀលក្នុងមួយថ្ងៃគ្រាន់ចិញ្ចឹមគ្រួសារ និងកូនទៅរៀនដែរ។
អ្នកស្រី សម្ផស្ស បន្តថា៖ «ពីរឆ្នាំនេះរកស៊ីតឹងខ្លាំងពីមុនអាចរកបាន១ថ្ងៃខ្លះ១០ម៉ឺនអី តែបច្ចុប្បន្នម្ហូបការមិនសូវកម្មង់ដោយសារមិនសូវមានការច្រើន និងមានអ្នករករបរនេះច្រើនខ្ញុំអាចរកបានតែ១ថ្ងៃ២ម៉ឺនទៅ៤ម៉ឺនរៀលប៉ុណ្ណោះ»។
ស្រ្តីខាងលើបានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយក្នុងសហគមន៍វាសនាអមតៈនេះ មិនសូវមានសុវត្ថិភាពប៉ុន្មានទេ លំបាកណាស់ដោយសារមានក្មេងប្រើប្រាស់ថ្នាំញៀន ចោរកម្ម និងមានអំពើហិង្សាក្នុងគ្រួសារស្ទើររាល់យប់បង្កការរំខានដល់ការរស់នៅ។ អ្នកស្រីបន្តថា ទីនេះប្រជាពលរដ្ឋពាក់កណ្តាលប៉ុណ្ណោះដែលមានទឹកភ្លើងដែលតពីរដ្ឋប្រើប្រាស់ដោយសារអាជ្ញាធរបានឈប់តឱ្យតាំងពីឆ្នាំទៅ ដោយលឺថា គេបម្រុងនឹងឱ្យពួក គាត់ចាកចេញពីទីនេះទៅនៅកន្លែងផ្សេង។
អ្នកស្រីបន្ថែមថា៖ «គេលែងតទឹករដ្ឋឱ្យប្រើ ខ្លះបានសុំតទឹកតភ្លើងពីគ្នាដើម្បីប្រើ ខ្លះទិញទឹកឡានប្រើ… ខ្ញុំព្រួយបារម្ភខ្លាចអាជ្ញាធរឱ្យចេញពីទីនេះទៅនៅកន្លែងផ្សេងដែលឆ្ងាយពី ទីផ្សារពិបាករកមុខរបររកស៊ីចិញ្ចឹមកូន និងឆ្ងាយពីសាលារៀន»។
ប្រជាពលរដ្ឋក្នុងសហគមន៍វាសនាអមតៈម្នាក់ទៀតអ្នកស្រី ហូវ ស៊ុម វ័យ៤២ឆ្នាំមានកូនបីនាក់ក្នុងបន្ទុក មានមុខរបរលក់គុយទាវតាមរទេះបាននិយាយថាគាត់រស់នៅទីនេះ ជិតផ្សារអាច លក់ដូរនឹងងាយរកការងារធ្វើដើម្បីចិញ្ចឹមជីវិតបាន ។ទោះបីយ៉ាងណាអ្នកស្រីសម្តែងក្តីព្រួយ បារម្ភខ្លាចក្រែងថ្ងៃមុខអាជ្ញាធរដេញពួកគាត់ឱ្យទៅនៅតំបន់ឆ្ងាយ គ្មានហេដ្ឋារចនាសម្ព័ន្ធនិង គ្មានលំនៅដ្ឋានរស់នៅសមរម្យ ពួកគាត់ប្រាកដជាជួបការលំបាកខ្លាំងជាមិនខាន។
អ្នកស្រីបន្ថែមថា៖ «សព្វថ្ងៃព្រួយបារម្ភខ្លាចគេដេញទៅនៅឆ្ងាយ លឺតែគេថាដេញៗ តាមគ្នា! លឺរាល់តែឆ្នាំតែមិនទាន់ឃើញអីផង យើងចេះតែរស់នៅមួយឆ្នាំហើយមួយឆ្នាំទៀត ចេះតែ ចាំមើល ចិត្តខ្ញុំចង់អភិវឌ្ឍន៍នៅកន្លែងមិនចង់ចេញទេ»។
ក្នុងខ្លឹមសារសិទ្ធិដែលមានលំនៅដ្ឋានសមរម្យ បោះពុម្ពផ្សាយដោយការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបញ្ជាក់ថា លំនៅដ្ឋានសមរម្យ ត្រូវតែមានច្រើនជាង ការគ្រាន់តែមានជញ្ជាំង៤ផ្ទាំង និងដំបូល១។
ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅលើលំនៅដ្ឋានសមរម្យទៅបានលុះត្រាតែបំពេញលក្ខណៈវិនិច្ឆ័យជាអប្បបរមាដូចជា ១/សុវត្ថិភាពក្នុងការកាន់កាប់ដែលធានាដល់ការការពារតាមផ្លូវច្បាប់ប្រឆាំងការបណ្តេញដោយបំពាន ការយាយីរំខាននិងការគំរាមកំហែងដទៃទៀត ២/ភាពទទួល បានសេវាកម្ម សម្ភារៈ អាគារ ឬកន្លែងផ្តល់សេវា និងហេដ្ឋារចនាសម្ព័ន្ធ ៣/ភាពអាចលៃលកបាន គឺមិនមានការគំរាមកំហែង ឬបង្កឧបសគ្គដល់អ្នកកាន់កាប់ ក្នុងការប្រើប្រាស់សិទ្ធិ មនុស្សផ្សេងទៀត ៤/លំនៅដ្ឋាននោះមានសុវត្ថិភាព លើរូបកាយ មានទីធ្លាធំទូលាយគ្រប់គ្រាន់ ព្រមទាំងការការពារ ទប់ទល់នឹងអាកាសធាតុជាដើម ៥/ភាពអាចប្រើប្រាស់បាន គឺសេចក្តីត្រូវការជាក់លាក់របស់ក្រុមងាយរងគ្រោះ និងទីទាល់ក្របំផុត ត្រូវបានគិតគូដល់ពួកគាត់ ៦/ទីតាំងរស់នៅមានផ្សារភ្ជាប់ឱកាសការងារ សេវាថែទាំសុខភាព សាលារៀន មជ្ឈមណ្ឌលគាំពារកុមារ និងសេវាសង្គមផ្សេងៗ និងមិនស្ថិតក្នុងតំបន់គ្រោះថ្នាក់ និងការ បំពុលបរិស្ថាន ៧/ នឹងមានការគោរពនិងគិតគូរពី វប្បធម៌ប្រពៃណីជាដើម។ បន្ថែមពីនោះសិទ្ធិមានលំនៅឋានសមរម្យក៏ត្រូវបានរាប់បញ្ចូលនូវសិទ្ធិ និងសេរីភាពផ្សេងៗទៀតផងដែរ។
សហគមន៍វាសនាអមតៈស្ថិតក្នុងភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោងក្រុងបាត់ដំបង ដែលមានប្រជាពលរដ្ឋក្រីក្រមកពីទីកន្លែងនានាតាំងទីលំនៅរស់នៅទីនេះខ្លះតាំងពីឆ្នាំ១៩៩២ ១៩៩៣ និងខ្លះ១៩៩៩ មានប្រជាពលរដ្ឋរស់នៅបច្ចុប្បន្នចំនួន៨២ខ្នងផ្ទះ ក្នុងនោះមនុស្សមានចំនួន៣៧០នាក់ នេះបើតាមតំណាងសហគមន៍នេះបញ្ជាក់។
អ្នកស្រី សំរិទ្ធ គី វ័យ៧០ឆ្នាំ ជាអនុប្រធានសមគមន៍វាសនាអមតៈ បានបន្ថែមថា ប្រជាពលរដ្ឋ ក្នុងសហគមន៍នេះ មានមុខរបរភាគច្រើនជាកម្មករសំណង់ កម្មករសម្អាតមន្ទីរពេទ្យ លក់ដូរ រត់ម៉ូតូឌុប និងរើសអេដចាយ ជាដើម ដែលគ្រួសារពួកគាត់ភាគច្រើនសុទ្ធសឹងមានការខ្វះខាត ក្នុងជីវភាព។
អ្នកស្រីបន្តថាប្រជាពលរដ្ឋក្នុងសហគមន៍តែងតែដេកភ័យ ដេកព្រួយបារម្ភមិនដឹងគេ ដេញនៅ ពេលណា? ឱ្យទៅរស់នៅតំបន់ណា?តំបន់នោះគួរឱ្យយើងរស់នៅបានរឺអត់ ?មានសុវត្ថិភាពរឺ អត់? សំនួរនេះអ្នកស្រីតែងតែលើកឡើង នៅពេលដែលបានជួបប្រជុំជាមួយសហគមន៍ ផ្សេងៗ អាជ្ញាធរនិងអង្គការដៃគូនានាប៉ុន្តែនៅមិនទាន់មានចម្លើយនៅឡើយ។
អ្នកស្រីសំរិទ្ធគី បន្ថែមថា៖«ខ្ញុំតែងតែសួរ តែ អាជ្ញាធរគេថាមិនដឹងថ្ងៃណានោះទេ? ខ្ញុំនៅតែ ព្រួយបារម្ភហ្នឹង! ព្រោះអាជ្ញាធរទូកគាត់ខ្លី យើងប្រជាពលរដ្ឋវាវែង ទំរាំបត់បាន ម្តងៗមិនងាយ ទេ រាល់ថ្ងៃយើងប្រឈមណាស់ រឿងដោះដូរហ្នឹង! ខ្ញុំទៅប្រជុំជាមួយអង្គការអីចេះតែលើក ឡើងទៅ »។
អ្នកស្រីបានបញ្ជាក់បន្ថែមថា តំណាងសហគមន៍ពួកគាត់បានទៅដកស្រង់បទពិសោធន៍ នៅសហគមន៍មួយចំនួនដែលត្រូវបានដោះដូរឱ្យទៅនៅកន្លែងផ្សេងនៅតាមបណ្តាខេត្តឃើញថាភាគច្រើនពួកគាត់មិនទទួលបានលំនៅដ្ឋានសមរម្យដើម្បីរស់នៅនោះទេ កន្លែងខ្លះឱ្យតែដី សង់ផ្ទះខ្លួនឯង ទីតាំងឆ្ងាយ ខ្វះហេដ្ឋារចនាសម្ព័ន្ធ និងសេវាផ្សេងៗជាដើម មើលទៅលំបាក ណាស់។ បញ្ហានេះហើយដែលអ្នកស្រី និងប្រជាពលរដ្ឋក្នុងសហគមន៍ មានការព្រួយបារម្ភ ខ្លាចក្រែងមានវាសនាដូចសហគមន៍មួយចំនួនមុនៗដែលបានដោះដូររួច។
ទោះបីយ៉ាងណាអ្នកស្រីបានសំណូមពរដល់រាជរដ្ឋាភិបាលនិងអាជ្ញាធរសុំអភិវឌ្ឍន៍នៅនឹងកន្លែង និងសុំធ្វើប្លង់រួមធ្វើបែបនេះគឺប្រជាជនមិនអាចលក់ដូរបានទេ តែបើសិនមានការដោះដូរ សុំទទួលបានលំនៅដ្ឋានសមរម្យទើបពួកគាត់ព្រមចាកចេញ។
អ្នកស្រី សំរិទ្ធ បន្ថែមថា៖ «បើអាជ្ញាធរបណ្តេញចេញត្រូវមានការដោះដូរដល់ប្រជាពលរដ្ឋគឺខ្ញុំសុំ៧ចំណុច ត្រូវឱ្យមានផ្ទះ មានផ្លូវ មានផ្សា សាលារៀន មានទឹក មានភ្លើង និងមានមន្ទីរ ពេទ្យជាដើម»។
លោក ឡោ ជេត្ថា មេភូមិចម្ការសំរោង២បានឱ្យដឹងថាក្នុងភូមិរបស់គាត់មានពីរសហគមន៍គឺ សហគមន៍វាសនាអមតៈ និងវាលស្រែមួយពាន់សហគមន៍ទាំងពីរនេះអាជ្ញាធរមិនទាន់មាន ផែនការក្នុងការដោះដូរពួកគាត់ឱ្យទៅរស់នៅកន្លែងផ្សេងនៅឡើយទេ។
លោក ឡោ ជេត្ថា ឱ្យដឹងថា៖ «ប្រជាពលរដ្ឋចេះតែរស់នៅធម្មតាសិនទៅ! អាហ្នឹងទាល់ថ្នាក់ ខេត្តគេដោះស្រាយ បានខ្ញុំហ៊ានថា ខ្ញុំមិនទាន់បានដំណឹងពីថ្នាក់លើផង!»។
ទោះបីយ៉ាងណាលោកបញ្ជាក់ថា អាជ្ញាធរនិងអង្គការដៃគូតែងតែជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដែលមានការខ្វះខាតផ្សេងៗជាបន្តបន្ទាប់ដែរ បើសិនជាប្រជាពលរដ្ឋជួបបញ្ហាអសន្តិសុខផ្សេងៗ លោកឱ្យប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរដើម្បីជួយអន្តរាគមន៍បានទាន់ពេល។
ជុំវិញការព្រួយបារម្ភរបស់ប្រជាពលរដ្ឋខាងលើខេមបូចាមិនអាចទំនាក់ទំនងលោក លាង វាសនា អភិបាលក្រុងបាត់ដំបងដើម្បីបញ្ជាក់បន្ថែមបានទេតាមសារអេឡិចត្រូនិកតេឡេក្រាម ដោយលោកចូលមើលហើយមិនមានការឆ្លើយតប។
ទោះបីយ៉ាងណាលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យខេត្តបាត់ដំបង បាន ឆ្លើយតបតាមសារអេឡិកត្រូនិកតេឡេក្រាមថា សំណង់មិនរាបរយត្រូវបានកំណត់ថាជា សំណង់គ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ មិនទាន់សុវត្ថិភាព ដីធ្លីនិងសុវត្ថិភាពលំនៅឋាន គ្មានប្លង់ កម្មសិទ្ធិ ដោយមានត្រឹមសិទ្ធិផលុបភោគ និងមិនមានសិទ្ធិលក់ដូរ មិនអនុញ្ញាតឱ្យសាងសង់ សំណង់រឹងមាំឡើយ ដែលករណីនេះធ្វើឱ្យសំណង់មិនរៀបរយប្រឈមនូវកង្ខះខាតការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរួមមានផ្លូវថ្នល់ អគ្គិសនី ទឹកស្អាត អនាម័យបរិស្ថាន លំហទីធ្លាជាដើម។
លោកបន្ថែមថា រាជរដ្ឋាភិបាលបានខិតខំរៀបចំចងក្រងតាក់តែងច្បាប់និងឯកសារគតិយុត្តនានាជាច្រើនដើម្បីចូលរួមដោះស្រាយបញ្ហាទាំងនេះឈរលើគោលការណ៍គោរពសិទ្ធមនុស្ស ដោយយោងតាមមាត្រា៣១នៃរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជាដែលជាច្បាប់កំពូលរបស់ជាតិ។
លោកសឿមប៊ុនរិទ្ធបានបន្ថែមថា៖ «បើយោងតាមទិន្នន័យឆ្នាំ២០១៩ ប្រជាពលរដ្ឋរស់នៅលើសំណង់មិនរៀបរយ នៅក្រុងបាត់ដំបងមានចំនួន៦១សហគមន៍ ដែលមាន៣៣៣៩ខ្នងផ្ទះស្មើ៣៨៦៥គ្រួសារមនុសុ្សរាយ ១៦ ៣៥៥នាក់ស្មើ១១ភាគរយនៃប្រជាជនរស់នៅសរុបក្នុងក្រុងបាត់ដំបង»។
លោកបានបញ្ជាក់ថាជាសាវតាដោយសារសង្គ្រាមផ្ទៃក្នុងប្រទេសប្រជាជនខាងលើបានបំលាស់ទីចូលទីប្រជុំជនរួមទាំងបងប្អូនដែលបានភៀសខ្លួនទៅប្រទេសជិតខាងបានធ្វើមាតុភូមិនិវត្តន៍និងបាននាំគ្នាមកជ្រកកោណស្នាក់នៅនិងបានចូលកាន់កាប់លើដីនិងអាគារសាធារណៈរបស់ រដ្ឋដូចជាដីចំណីស្ទឹង ដីចំណីផ្លូវ ដីតាមរបងវត្ត របងអាគារគ្រឹស្ថានសាធារណៈ ចំណីប្រឡាយ រួមទាំងប្រឡាយទឹកកង្វក់ និងដីគ្រោងសួនជាដើម។ ពួកគាត់ក៏មានការទិញលក់ដោះដូរ បន្តគ្នាដោយមិនស្របតាមនីតិវិធីច្បាប់ផងដែរ។
អ្នកនាំពាក្យខេត្តរូបនេះបានបន្ថែមថា ដោយផ្អែកលើសារាចរលេខ០៣(២០១០)ស្តីពីការដោះស្រាយសំណង់បណ្តោះអាសន្នលើដីរបស់រដ្ឋដែលត្រូវបានទន្រ្ទានកាន់កាប់តាមរាជធានី ទីក្រុង និងទីប្រជុំជនរដ្ឋបាលខេត្តបាត់ដំបងបានធ្វើការដោះស្រាយជាបន្តបន្ទាប់ទៅតាម លទ្ធភាពដោយមានសហប្រតិបត្តិការជាមួយដៃគូ ក្រុមការងារដោះស្រាយផលប៉ះពាល់អន្តរក្រសួងចំពោះគម្រោងអភិវឌ្ឍន៍នានា។
លោកបន្ថែមថា៖ «ដែលជាលទ្ធផលដល់បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានដោះស្រាយបានចំនួន ១៥ទីតាំងក្នុង១៤ភូមិ ៧សង្កាត់ ស្មើនឹង ១ ០៥៥គ្រួសារ ដែលក្នុងនោះ៦៣៨គ្រួសារ ដោះស្រាយដោយផ្តល់សិទ្ធិអភិវឌ្ឍន៍នៅនឹងកន្លែង ២០៨គ្រួសារដោះស្រាយដោយផ្លាស់ប្តូរទីតាំងថ្មី និង២០៩គ្រួសារទៀតដោះស្រាយគោលនយោបាយស្របតាមគោលការណ៍ និង នីតិវិធីច្បាប់»។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើកទិសដៅបន្តឆ្នាំ២០២៤របស់រដ្ឋបាលខេត្តថ្មីៗនេះ បានថ្លែងថា ការដោះស្រាយសំណង់មិនរៀបរយនេះ រដ្ឋបាលខេត្តក៏មានបញ្ហាប្រឈមជាច្រើនក្នុងការដោះស្រាយដែរដោយទំហំធនធាននៅមានកម្រិតមិនទាន់អាចឆ្លើយតបទំហំតាមតម្រូវការដ៏ធំធេងនេះ។ ទោះបីយ៉ាងណាលោកបញ្ជាក់ថារដ្ឋបាលខេត្តនឹងខិតខំដោះស្រាយបញ្ហានេះ ដោយខិតខំការកៀគរធនធានពីដៃគូនានារួមទាំងផ្នែកឯកជនពាក់ព័ន្ធដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរួមគ្នាបន្តដោះស្រាយ។
លោក សុខ លូ បន្ថែមថា៖ «បញ្ហានេះដែរអង្គសន្និបាតឯកភាពគ្នា១៤ស្រុកក្រុងធ្វើម៉េចគ្រប់គ្រងស្ថិតិសំណង់មិនរៀបរយឱ្យបានច្បាស់លាស់ដើម្បីឈានទៅរកការដោះស្រាយជាបន្តបន្ទាប់ដោយមិនអនុញ្ញាតមិនឱ្យមានសំណង់មិនរៀបរយកើនឡើងថ្មីបន្ថែមទៀតនោះទេ»។
យ៉ាងណាក៏ដោយលោក យិន ម៉េងលី មន្រ្តីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្ត បាត់ដំបងបានឱ្យដឹងថា អាជ្ញាធរត្រូវធ្វើការញែកឱ្យច្បាស់ពីសំណង់មិនរៀបរយថាតើសំណង់ ធ្វើលើដីប្រភេទណា? បើសំណង់ធ្វើលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋពេលគាត់សាងសង់ត្រូវសុំច្បាប់សាងសង់តាមផ្លូវច្បាប់។ ប៉ុន្តែបើសំណង់មិនរៀបរយហើយសាងសង់លើដីសាធារណៈរបស់រដ្ឋដូចជាចំណីផ្លូវ ជាដើមជាគោលការណ៍មិនទទួលបានលទ្ធកម្មជាកម្មសិទ្ធិទេ ទោះបីប្រជាពលរដ្ឋកាន់កាប់តកូនចៅយ៉ាងម៉េចក៏ដោយលុះត្រាតែរដ្ឋធ្វើអនុប្រយោគឱ្យដីហ្នឹងក្លាយជាដីឯកជនរបស់រដ្ឋទើបអាចឱ្យប្រជាពលរដ្ឋទទួលបានកម្មសិទ្ធិ។
លោក ម៉េងលី បានកត់សម្គាល់ថា ដោយងឿងឆ្ងល់ថាហេតុអ្វីពេលប្រជាពលរដ្ឋគាត់មកតាំងទីលំនៅលើដីសាធារណៈរបស់រដ្ឋដំបូង អាជ្ញាធរភូមិឃុំស្រុកមានគ្រប់លំដាប់ថ្នាក់មិន ធ្វើការទប់ស្កាត់កុំឱ្យគាត់សង់ បើសិនទប់ស្កាត់ តាំងពីពេលនោះប្រហែលជាគាត់មានលទ្ធភាពទៅរកតាំងទីលំនៅថ្មីសមរម្យបាត់ហើយ វាមិនបង្កការលំបាកដល់បច្ចុប្បន្ន។
លោក ម៉េងលី បន្ថែមថា៖ «អាជ្ញាធរគួរសិក្សាពីកង្វល់របស់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ជួបជាមួយគាត់ និងភាគីពាក់ព័ន្ធស្វែងរកដំណោះស្រាយរួមមួយដើម្បីឱ្យប្រជាពលរដ្ឋទទួលបានផលពីការអភិវឌ្ឍ»។
លោកបន្តថា៖ «រដ្ឋាភិបាលគាត់ត្រូវការអភិវឌ្ឍដើម្បីរៀបចំក្រុង ប៉ុន្តែប្រជាពលរដ្ឋក៏គាត់ ត្រូវការមានលំនៅដ្ឋានដើម្បីរស់នៅសមរម្យដែរ ចំណុចសំខាន់សុំឱ្យមានការយោគយល់ អាធ្យាស្រ័យគ្នាហើយធ្វើយ៉ាងម៉េចជៀសវៀងនូវការប្រើប្រាស់ហិង្សាប្រើប្រាស់កងកម្លាំង ប្រដាប់អាវុធទៅគំរាមកំហែង រឺក៏ដុតបំផ្លាញផ្ទះសម្បែងរបស់គាត់វាមិនមែនជាដំណោះ ស្រាយល្អនោះទេ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាតិស្តីពីលំនៅដ្ឋានដែលទទួលបានឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ ក្នុងចំណុច៤.៥បញ្ជាក់ថា ដើម្បីអនុវត្តយុទ្ធសាស្រ្តនៃគោលនយោបាយជាតិស្តីពីលំឋានគួរបង្កើតក្របខ័ណ្ឌគតិយុត្តដែលផ្តល់ជម្រើស៩ចំណុចសម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមងាយរងគ្រោះអាចទទួលបានលំនៅឋានសមរម្យ។
ចំណោមជម្រើស៩ខាងលើនេះក្នុងជម្រើសទី៦បញ្ជាក់ថាការប្តូរទីតាំងទៅកាន់កន្លែងថ្មីអាចត្រូវអនុវត្តចំពោះគ្រួសារដែលចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ នៅលើចំណីផ្លូវ ដីចំណីផ្លូវរថភ្លើង ដីចំណីទន្លេ ដីសាលារៀន មន្ទីរពេទ្យ សួនសាធារណៈ តំបន់រងគ្រោះ ដីតំបន់ហាមឃាត់ លើទីតាំងហេដ្ឋារចនាសម្ព័ន្ធនានានិងនៅលើដីកម្មសិទ្ធិឯកជន រឺដីដែលឯកជនបានទទួលសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់។
ការតាំងលំនៅជាថ្មីគួររៀបចំនៅកន្លែងជិតទីប្រជុំជន ដែលអាចមានហេដ្ឋារចនសម្ព័ន្ធ និងសេវានានាជាមូលដ្ឋាន អាចមានលក្ខខណ្ឌងាយស្រួលក្នុងការរកការងារធ្វើ និងធានាបាននូវសុវត្ថិភាពលំនៅឋាន។
ចំណែកចំណុចជម្រើសទី៧បញ្ជាក់ថាការអភិវឌ្ឍន៍នៅនឹងកន្លែងរដ្ឋ ដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិ ភ្នាក់ងារអភិវឌ្ឍន៍នានា សង្គមស៊ីវិល ផ្នែកឯកជន និងសហគមន៍ត្រូវចូលរួមធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនសម្ព័ន្ធនិងសេវាផ្សេងៗ។ ប៉ុន្តែប្រជាពលរដ្ឋជាអ្នកទទួលខុសត្រូវក្នុងការកែលម្អលំនៅដ្ឋានផ្ទាល់ខ្លួនដែលអាចផ្សារភ្ជាប់ទៅនឹងការខិតខំជួយខ្លួនឯងតាមរយៈប្រាក់សន្សំនិងប្រាក់កម្ចីដែលផ្តល់ដោយសហគមន៍។
ទោះបីយ៉ាងណាអ្នកស្រី ហួ សម្ផស្ស ប្រជាពលរដ្ឋសហគមន៍វាសនាអមតៈនៅតែសម្តែង នៅក្តីព្រួយបារម្ភខ្លាចក្រែងអាជ្ញាធរបណ្តេញចេញដោយបង្ខំក្នុងពេលណាមួយដោយមិនទទួលបានសំណងសមរម្យ និងមិនអាចរករបរចិញ្ចឹមជីវិតដើម្បីរស់នៅបាន។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាលពួកខ្ញុំជាប្រជាជនចង់អភិវឌ្ឍន៍នៅនឹងកន្លែងព្រោះគ្មានថវិការ ដើម្បីសាងសង់ផ្ទះថ្មីនោះទេ តែបើដេញចេញត្រូវមាន សំណង សមរម្យ មានផ្ទះ ទឹកភ្លើង មានផ្សារ សាលារៀន កន្លែងរកស៊ីដើម្បីចីញ្ចឹមជីវិតផង»! ៕