ខណៈពេលដែលពិធីបុណ្យចូលឆ្នាំខ្មែរនឹងមកដល់នាពេលឆាប់ៗនេះ សាលារៀន និងទីសាធារណៈនៅទូទាំងប្រទេសបាននិងកំពុងរៀបចំកម្មវិធីមុនចូលឆ្នាំខ្មែរ ដែលគេហៅថា «សង្ក្រាន្ត» ចាប់តាំងពីដើមខែនេះ។
ប្រទេសកម្ពុជាកំពុងរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៤ ដែលធ្វើឡើងនៅចន្លោះថ្ងៃទី១៣ និង១៦ ខែមេសា ដែលជាព្រឹត្តិការណ៍ប្រពៃណីដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋក្នុងស្រុក និងទេសចរចូលរួមអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ។
តាមជំនឿនៅឆ្នាំនេះ «ទេវតា» ព្រះនាមមហោទរាទេវី នឹងយាងចុះមកភពផែនដីនៅម៉ោង១០ និង២៤នាទីយប់នៅថ្ងៃទី១៣ ខែមេសា។ ជាបុត្រីទី៧របស់កបិលមហាព្រហ្ម ហើយទ្រង់សោយសាច់ទ្រាយ (ពពួកស្រដៀងសត្វឈ្លូស)។
មួយសប្តាហ៍មុនពិធីបុណ្យចូលឆ្នាំខ្មែរ សាកលវិទ្យាល័យមួយចំនួនដូចជាសាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលារៀននានា បានចាប់ផ្តើមប្រារព្ធកម្មវិធីរួចទៅហើយ ដោយរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តសាកលវិទ្យាល័យ»។
ស្របពេលជាមួយគ្នានេះ សាលារាជធានីភ្នំពេញបាននិងកំពុងរៀបចំរូបសំណាកនាគធ្វើពីដើមឫស្សីលាបពណ៌មាសដាក់តាំនៅឧទ្យានប្រវត្តិសាស្ត្រវត្តភ្នំ និងគ្រឿងតុបតែងផ្សេងៗទៀតនៅតាមដងផ្លូវក្នុងតំបន់នោះ និងតាមទីតាំងទេសចរណ៍នានា ដើម្បីទាក់ទាញទេសចរនៅថ្ងៃនោះ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា៖ «យើងនឹងរៀបចំសង្ក្រាន្តនៅវត្តភ្នំ ដោយមានរបាំប្រពៃណី និងល្បែងប្រជាប្រិយ ល្ខោនបាសាក់ និងការប្រគុំតន្ត្រី ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី និងលើកតម្កើងមរតកវប្បធម៌របស់យើង»។
លោករំពឹងថា ភ្ញៀវទេសចរប្រហែលមួយលាននាក់នឹងចូលរួមព្រឹត្តិការណ៍សង្ក្រាន្តនៅវត្តភ្នំ។

លោក លាង វាសនា ជាអភិបាលរងក្រុងបាត់ដំបងបានប្រាប់ ខេមបូចា ថា រដ្ឋបាលខេត្តកំពុងរៀបចំសង្ក្រាន្តបាត់ដំបង ដែលមានការប្រគុំតន្ត្រី ភូមិវប្បធម៌ និងល្បែងប្រជាប្រិយខ្មែរ។
លោក វាសនា បានមានប្រសាសន៍ថា៖ «លើសពីនេះ តាមវត្តទាំងអស់នៅក្នុងខេត្តបាត់ដំបង និងសាលារៀនជាច្រើនកំពុងរៀបចំសង្ក្រាន្ត ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី»។
ឆ្នាំនេះ ខេត្តបានរៀបចំកន្លែងសម្រាប់ប្រជាពលរដ្ឋលេងទឹកដោយមិនបង្កការរំខាន និងអាចធានាសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងរៀបចំពាងទឹកធំចំនួន១០០ផងដែរ។ លោកបានបន្តថា៖ «ហាមមិនឲ្យជះទឹកបែបអនាធិបតេយ្យ ប៉ុន្តែគេអាចលេងចាក់ទឹកតាមបែបប្រពៃណីបាន»។
លោក វាសនា មានប្រសាសន៍ថា៖ «ខ្ញុំជឿថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងមកទស្សនាសង្ក្រាន្តបាត់ដំបងឆ្នាំ២០២៤ និងតំបន់រមណីយដ្ឋានផ្សេងៗទៀតទូទាំងខេត្តបាត់ដំបង។ យើងរំពឹងថា នឹងមានមនុស្សមកលេងមិនតិចជាងមួយលាននាក់ទេ»។ ក្នុងមួយឆ្នាំៗ មានមនុស្សពី៩០ម៉ឺនទៅ១លាននាក់មកលេងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
ទោះបីជាមិនមានការប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្តទ្រង់ទ្រាយធំនៅខេត្តសៀមរាប ដោយសារខ្វះខាតធនធានក៏ដោយ ក៏លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាបបានប្រាប់ ខេមបូចា ថា រដ្ឋបាលខេត្តកំពុងរៀបចំទីក្រុងសម្រាប់ភ្ញៀវទេសចរ។ លោកបានបានបញ្ជាក់ថា នឹងមានព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបនៅតាមតំបន់ខ្លះក្នុងទីក្រុង។
ក្នុងឱកាសត្រៀមខ្លួនអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រឹត្តិការណ៍សង្ក្រាន្តសកលវិទ្យាល័យបានប្រមូលផ្តុំនិស្សិតជាច្រើនដែលចូលចិត្ត និងលេងល្បែងប្រជាប្រិយ ដូចជា លាក់កន្សែង ដណ្តើមស្លឹកឈើ និងទាញព្រ័ត្រ។

និស្សិតយល់ឃើញថា ការលេងល្បែងលាក់កន្សែងសប្បាយ ព្រោះអ្នកលេងត្រូវរត់ដេញគ្នាពីរជុំ ដោយលាក់កន្សែងពីក្រោយខ្នងអ្នកណាដែលខ្លួនចង់លេងជាមួយ។ មនុស្សម្នាក់ចាប់ផ្តើមដើរជុំវិញក្រុមមនុស្សដែលអង្គុយជារង្វង់ ហើយជ្រើសរើសមនុស្សម្នាក់ដែលខ្លួនចង់លេងជាមួយ ហើយទម្លាក់កន្សែងនៅពីក្រោយខ្នងពួកគេ។ នៅពេលដែលអ្នកលេងម្នាក់នោះដឹងថា កន្សែងត្រូវបាន«លាក់»នៅពីក្រោយខ្នងរបស់ខ្លួន ម្នាក់នោះត្រូវតែរត់ដេញតាម«អ្នកដែលលាក់កន្សែងនោះ»ហើយយកកន្សែងនោះដេញវាយ។
ល្បែងទាញព្រ័ត្រតម្រូវឱ្យក្រុមទាំងពីរប្រមូលផ្តុំកម្លាំងទាញ ដើម្បីយកឈ្នះលើក្រុមម្ខាងទៀត ចំណែកដណ្តើមស្លឹកឈើតម្រូវឲ្យមនុស្សម្នាក់មកពីក្រុមទាំងពីរមកប្រកួតគ្នា ដោយព្យាយាមដណ្តើមយកមែកឈើដែលដាក់ក្នុងរង្វង់។ អ្នកចាញ់ត្រូវចូលរួមជាមួយក្រុមដែលជាគូប្រជែង ហើយមិនអាចលេងបន្តទៀតបានទេ។
កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់ក្នុងការថែរក្សាប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់សាសនា។ លោកបានកត់សម្គាល់ថា គួរមានការរៀបចំឱ្យបានច្រើនសម្រាប់ការលេងល្បែងប្រជាប្រិយដោយរៀបចំទីកន្លែង និងសម្ភារ ដោយលោកលើកទឹកចិត្តឲ្យយុវជនចូលរួមលេងល្បែងប្រជាប្រិយ។
កញ្ញា សាក់ ស្រីនិច និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ ខេមបូចា ថា នាងមានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តសកលវិទ្យាល័យ ដោយសារនាងអាចជួបមិត្តចាស់ៗ និងបានទស្សនាការលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
កញ្ញា ស្រីនិច ឱ្យដឹងថា៖ «ខ្ញុំគិតថា វាជារឿងល្អ [ការខិតខំ] ព្រោះវាជួយរក្សាវប្បធម៌របស់យើង។ បើយើងមិនបង្កើតព្រឹត្តិការណ៍បែបនេះទេ យើងប្រហែលជាភ្លេច [ល្បែងប្រជាប្រិយ]»។

ទឹម ធារ៉ា ជាសមាជិកកាយរឹទ្ធិកម្ពុជានៅសកលវិទ្យាល័យជាមួយគ្នានេះដែរបាននិយាយថា និស្សិតជាច្រើនបានចូលរួមលេងល្បែងប្រជាប្រិយ ដែលលោកជឿថា បានជួយឲ្យនិសិ្សតចងចាំ និងថែរក្សាវប្បធម៌។
លោកបន្តថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ពេលឃើញយុវជនលេងល្បែងប្រជាប្រិយ និងរាំរបាំប្រពៃណីខ្មែរ។ វាគឺជាអត្តសញ្ញាណរបស់យើង យើងគួរថែរក្សានូវអ្វីដែលដូនតាយើងបានបន្សល់ទុកឲ្យយើង»។
រៀម ច័ន្ទរដ្ឋា និស្សិតឆ្នាំទី១ ជំនាញគណនេយ្យមកពីវិទ្យាស្ថានវ៉ាន់ដា យល់ថា ការប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តនៅតាមសកលវិទ្យាល័យ បង្កើតភាពសប្បាយរីករាយ ដោយសារនិស្សិតបានចូលរួមលេងល្បែងប្រជាប្រិយ ដែលលើកស្ទួយវប្បធម៌ខ្មែរ។
ទោះបីជាយ៉ាងណាក៏ដោយ កញ្ញាក៏បារម្ភពីសុវត្ថិភាពរបស់កញ្ញាដែរ។ ច័ន្ទរដ្ឋា បានបញ្ជាក់ថា៖ «របស់របរជាច្រើនបានបាត់នៅក្នុងសកលវិទ្យាល័យ ដោយសារមានមនុស្សច្រើន។ ការគ្រប់គ្រង [ព្រឹត្តិការណ៍] មិនទាន់បានល្អនៅឡើយទេ» ដោយនាងបានទទូចឱ្យអ្នកទទួលបន្ទុករៀបចំព្រឹត្តិការណ៍នេះ បង្កើនសុវត្ថិភាព និងអនាម័យ។
កាលពីពេលថ្មីៗនេះ សកលវិទ្យាល័យកម្ពុជា បានប្រារព្ធរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ជាមួយសាស្រ្តាចារ្យ គណៈគ្រប់គ្រង និងនិស្សិត។ ការប្រារព្ធពិធីនេះ ចែកចេញជាបីផ្នែក។ នៅពេលព្រឹកមានកម្មវិធីសាសនា ក៏ដូចជាការលេងល្បែងប្រជាប្រិយខ្មែរ អមដោយល្បែងជាច្រើនទៀតនៅពេលរសៀល និងការប្រគុំតន្ត្រីបញ្ចប់នៅពេលល្ងាចជាមួយនឹងការសម្តែងរបស់តារាខ្មែរ។
ណម ស៊ីណាត ជាប្រធានផ្នែកធនធានមនុស្សនៅសកលវិទ្យាល័យកម្ពុជានិយាយថា៖ «សរុបមក មនុស្សជាង២០០០នាក់ត្រូវប៉ាន់ប្រមាណថា បានចូលរួម។ ប៉ុន្តែបើផ្អែកលើអ្វីដែលយើងបានឃើញ វាអាចមានច្រើនជាងនេះ។ សកលវិទ្យាល័យកម្ពុជាប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំ ដើម្បីថែរក្សានូវវប្បធម៌របស់យើង ដែលបានបន្សល់ទុកដោយដូនតាយើង ហើយវាក៏ជួយលើកស្ទួយបេតិកភណ្ឌវប្បធម៌របស់យើងផងដែរ»។

ទាក់ទងនឹងសុវត្ថិភាព សកលវិទ្យាល័យបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ។ មានរថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យ និងនគរបាលពី៤០ទៅ៥០នាក់ដែលប្រចាំការ។ ស៊ីណាត បានប្រាប់ថា និស្សិតមិនត្រូវបានអនុញ្ញាតឱ្យយកដបម្សៅ អាវុធ ឬសារធាតុខុសច្បាប់ចូលទៅក្នុងបរិវេណសកលវិទ្យាល័យនោះទេ។
លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ប្រជាពលរដ្ឋទូទាំងប្រទេសធ្វើដំណើរទៅខេត្តរៀងៗខ្លួន ខណៈយុវជនប្រារព្ធពិធីបុណ្យនេះតាមមធ្យោបាយរៀងៗខ្លួន។
លោក ស៊ុំ ម៉ាប់ ថ្លែងថា៖ «រដ្ឋាភិបាលបានស្នើឱ្យអាជ្ញាធរមូលដ្ឋានធានាសុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋ ដូច្នេះពួកគាត់អាចលេងសប្បាយ» ដោយកត់សម្គាល់ថា អាជ្ញាធរពាក់ព័ន្ធបានដាក់វិធានការសុវត្ថិភាពរួចហើយ។
លោក ប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) មានប្រសាសន៍ថា វាពិតជាអស្ចារ្យណាស់ដែលសាលា និងស្ថាប័នជាច្រើនប្រារព្ធពិធីសង្ក្រាន្ត ដែលមានន័យថា ពួកគាត់កំពុងបន្តប្រពៃណី និងវប្បធម៌។
លោក ប៉ា ចាន់រឿន បានលើកឡើងថា៖ «តាមការសង្កេតមើលរបស់ខ្ញុំ ការប្រារព្ធពិធីអបអរសង្ក្រាន្ត ឬអបអរសាទរនៃបុណ្យចូលឆ្នាំថ្មីថ្មី ប្រពៃណីជាតិ គឺជារឿងល្អ។ ទី១ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងទី២ បង្កើតបរិយាកាសរីករាយ និងការកសាងនូវសាមគ្គីភាពក្នុងចំណោមពលរដ្ឋខ្មែរ និងជាតិសាសន៍ដទៃ»។
ទោះជាយ៉ាងណា លោកមិនគាំទ្រសកម្មភាពណាដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ឬសកម្មភាពដែលផ្សព្វផ្សាយគ្រឿងស្រវឹងនោះទេ។
អំឡុងពិធីសង្ក្រាន្តនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី កាលពីដើមខែនេះ យុវជនរួមទាំងសិស្សានុសិស្សក្នុងសាលា និងមកពីសាលាផ្សេងទៀតបានប្រព្រឹត្តទង្វើមិនសមរម្យ លេងកុំទឹក និងប៉ាតម្សៅ បៀតបៀនស្ត្រី និងជិះម៉ូតូជាក្រុមៗ។
ពាក់ព័ន្ធសុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា សាលារាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការគ្រប់គ្រងសន្តិសុខ ដើម្បីឲ្យប្រជាពលរដ្ឋបានប្រារព្ធពិធីនេះយ៉ាងសប្បាយរីករាយ។
លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានប្រាប់ខេមបូចាថា អាជ្ញាធរបានដាក់ចេញនូវការណែនាំដល់គ្រប់ខេត្តទាំងអស់ ឱ្យរៀបចំផែនការការពារសន្តិសុខសម្រាប់ឆ្នាំថ្មី និងវិធានការទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋលេងកុំទឹក និងប៉ាតម្សៅ។
លោកបានមានប្រសាសន៍ថា៖ «ផែនការទាំងអស់នេះត្រូវបានដាក់ឲ្យអនុវត្តរួចហើយ ដើម្បីធានាសន្តិសុខសម្រាប់ថ្ងៃចូលឆ្នាំទាំងមូល ជាពិសេសនៅកន្លែងកម្សាន្ត វត្តអារាម និងទីតាំងដែលមានរៀបចំសង្ក្រាន្ត»។
លោកមានប្រសាសន៍ថា៖ «ចំពោះវិធានការបង្ការ ដើម្បីទប់ស្កាត់ការលេងកុំទឹក និងប៉ាតម្សៅ យើងបានណែនាំដល់ស្នងការឲ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអប់រំប្រជាពលរដ្ឋ ជាពិសេសយុវជន ជៀសវាងការលេងល្បែងណាដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Schools, Tourist Sites, Provinces Hold Sankranta to Ring in Khmer New Year