អ្នកស្រី ហ៊ិន សំអឿន អាយុ៥១ឆ្នាំ រស់នៅបុរីកម្មករ បាននិយាយថា ផ្ទះរបស់គាត់ត្រូវបាន បំផ្លាញទាំងស្រុង នៅក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងគ្រាប់កាលពីរសៀលថ្ងៃសៅរ៍ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ អ្នកស្រីបាននិយាយថា ការខូចខាតប្រហែលជាត្រូវចំណាយអស់ ៣០ ០០០ដុល្លារ ឬ៤០ ០០០ដុល្លារដើម្បីជួសជុល។
ប៉ុន្តែនេះមិនមែនជាអ្វីដែលធ្វើឱ្យអ្នកស្រីគេងមិនលក់កាលពីយប់ថ្ងៃសៅរ៍នោះទេ។ រាល់ពេលដែលអ្នកស្រីបិទភ្នែក អ្នកស្រីបាននិយាយថា អ្នកស្រីឃើញជនរងគ្រោះនៃការផ្ទុះគ្រាប់ដែលធ្វើឲ្យមន្ត្រីយោធាចំនួន២០នាក់ពលីជីវិត និងអ្នករងរបួសច្រើននាក់ផ្សេងទៀតដែលមិនទាន់ប្រកាសជាផ្លូវការ។
អ្នកស្រីបាននិយាយថា៖ «ពេលណាដែលខ្ញុំនិយាយពីរឿងនេះ ខ្ញុំយំ។ ខ្ញុំបាត់បង់ផ្ទះរបស់ខ្ញុំ ហើយអ្វីៗនៅក្នុងផ្ទះរបស់ខ្ញុំខ្ទេចអស់។ ខ្ញុំមិនអាចហៅថា ផ្ទះទៀតទេ។ ខ្ញុំសង្ឃឹមថា សម្តេចនឹងផ្តល់សំណង»។
យោធភូមិភាគទី៣ បានរៀបចំពិធីបុណ្យសពពេញមួយថ្ងៃអាទិត្យ ខណៈក្រុមមន្ត្រីព្យាយាមរើសបំណែកបាក់បែក បន្ទាប់ពីការផ្ទុះដ៏ខ្លាំងបានធ្វើឲ្យយោធិន២០នាក់ស្លាប់ និងធ្វើឲ្យរញ្ជួយសង្កាត់ច្បារមន ក្រុងច្បារមន កាលពីថ្ងៃសៅរ៍វេលាម៉ោងប្រហែល២និង២៥នាទីរសៀល។ ក្រុមគ្រួសាររបស់យោធិន និងមន្ត្រីរដ្ឋាភិបាលបានមកចូលរួមរំលែកទុក្ខចំពោះយោធិនដែលបានពលី ប៉ុន្តែរដ្ឋាភិបាលមិនទាន់បង្ហាញពីមូលហេតុនៃការផ្ទុះគ្រាប់ ឬទំហំនៃការខូចខាតនៅឡើយទេ។
លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានប្រាប់ ខេមបូចា ថា៖ «ថ្នាក់ដឹកនាំកំពុងប្រជុំ ដើម្បីរកមូលហេតុ» ហើយបានបង្វែរទៅរបាយការណ៍របស់កងយោធពលខេមរភូមិន្ទ ដែលបញ្ជាក់ថា នាយទាហាន២០នាក់បានពលី ក្នុងនោះមាននាយទាហាន១៥នាក់មកពីខេត្តកោះកុង និងនាយទាហាន៥នាក់មកពីយោធភូមិភាគទី៣។
របាយការណ៍នេះបានបន្ថែមថា អគារចំនួន៤ ដែលបីខ្នងជាឃ្លាំងអាវុធគ្រាប់ និងមួយខ្នងជាអាគារស្នាក់នៅរងការខូចខាត ខណៈរថយន្តយោធាចំនួន៥គ្រឿង ដែលផ្ទុកដោយអាវុធពេញមកពីខេត្តកោះកុងរងការខូចខាត ព្រមទាំងផ្ទះរបស់អ្នកភូមិចំនួន២៥ខ្នងផងដែរ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) មានប្រសាសន៍ថា មន្ត្រីរបស់លោកបានចុះពិនិត្យទីតាំងផ្ទុះ ប៉ុន្តែការស៊ើបអង្កេតកំពុងដំណើរការ ដូច្នេះលោកមិនអាចបង្ហាញព័ត៌មានបន្ថែមទៀតបានទេ។
លោកមានប្រសាសន៍ថា៖ «[យើង] កំពុងធ្វើការ ហើយខ្ញុំមិនមានព័ត៌មាន” អំពីមូលហេតុនៃការផ្ទុះនេះទេ។ “យើងនៅតែពិភាក្សាគ្នា ដូច្នេះមិនអាចផ្សព្វផ្សាយជាសាធារណៈបាននៅឡើយទេ»។
ការផ្ទុះនេះបានធ្វើឱ្យផ្ទះយ៉ាងហោចណាស់២៥ខ្នងនៅភូមិបុរីកម្មករជាប់នឹងឃ្លាំងគ្រាប់រងការខូចខាត។ ជញ្ជាំងប្រេះស្រាំ កញ្ចក់បែក ហើយដំបូលប៉ើងពីលើក្បាលអ្នកស្រុក។ ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្ទះមួយចំនួនត្រូវភ្លើងឆាបឆេះដោយសារកម្លាំងផ្ទុះ។
ប្រជាពលរដ្ឋនៅបុរីកម្មករបាននិយាយថា ពួកគាត់មានការតក់ស្លុត ដោយបន្ថែមថា ពួកគាត់មិនដែលជួបប្រទះនូវឧបទ្ទវហេតុបែបនេះពីមុនមកទេ ខណៈពេលរស់នៅក្បែរបន្ទាយកងទ័ព។
ខណៈដែលប្រជាពលរដ្ឋប្រមូលទ្រព្យសម្បត្តិពីផ្ទះដែលបាក់បែកនោះ មន្ត្រីស៊ីម៉ាក់ និងក្រុមគ្រូពេទ្យបានរើសបំណែកបាក់បែក និងបំណែកនៃសាកសពរបស់អ្នកដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុផ្ទុះនេះ។
បើតាមអ្នកភូមិ ពួកគាត់មិនបានដឹងទេថា មានរថយន្តដឹកគ្រាប់រំសេវមកឃ្លាំងគ្រាប់ មុនពេលមានករណីផ្ទុះនេះ ហើយពួកគាត់អះអាងថា នេះជាលើកទីមួយហើយដែលមានសោកនាដកម្មបែបនេះ បានកើតឡើង។
អ្នកស្រី សំ ណាវី អាយុ៥៧ឆ្នាំ រស់នៅចម្ងាយ៣០ម៉ែត្រពីឃ្លាំងគ្រាប់ បានប្រាប់ ខេមបូចាថា ពេលគ្រាប់បែកផ្ទុះ អ្នកស្រីបានរត់ទៅរកចៅស្រី និងកូនៗរបស់គាត់ ដែលកំពុងតែដេកនៅក្នុងផ្ទះ ដោយបារម្ភពីសុវត្ថិភាពរបស់ពួកគេ។ អ្នកស្រីបានរំឭកថា ការផ្ទុះនេះកើតឡើងនៅម៉ោងប្រហែល២រសៀល ដែលអាកាសធាតុក្ដៅខ្លាំង។
អ្នកស្រី ណាវី និយាយថា៖ «ខ្ញុំភ័យពេកក៏រត់ទៅរកចៅនិងកូនរបស់ខ្ញុំ។ ខ្ញុំដួល ហើយខ្ញុំស្រែកប្រាប់ពួកគេ ហើយរត់ពីផ្ទះខ្ញុំទៅផ្ទះអ្នកភូមិម្នាក់ទៀត។ កូនស្រីខ្ញុំសំណាងណាស់ ព្រោះបើនាងនៅមុខផ្ទះ នាងនឹងមិនរស់ទេ»។
អ្នកស្រី ណាវី បានចំណាយពេលថ្ងៃអាទិត្យ ដើម្បីរើទ្រព្យសម្បត្តិរបស់អ្នកស្រីយកទៅទុកនៅទីធ្លាផ្ទះរបស់អ្នកជិតខាង ដោយសារគ្រួសាររបស់អ្នកស្រីមិនអាចស្នាក់នៅក្នុងផ្ទះរបស់ពួកគេបានទេ បន្ទាប់ពីរងការខូចខាត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសតាមហ្វេសប៊ុកថា លោកនឹងឧបត្ថម្ភថវិកាគ្រួសារយោធិនពលីចំនួន២ម៉ឺនដុល្លារ ប៉ុន្តែមកដល់ថ្ងៃអាទិត្យនេះ អ្នកស្រី ណាវី មិនដឹងថា តើអ្នកស្រីនឹងទទួលបានសំណងសម្រាប់ការបាត់បង់ផ្ទះរបស់អ្នកស្រី ឬយ៉ាងណានោះទេ។ អ្នកស្រីបាននិយាយថា អ្នកស្រីកំពុងរង់ចាំព័ត៌មានបន្ថែម ហើយអ្នកស្រីមានការតក់ស្លុតចំពោះសោកនាដកម្មនេះ។
អ្នកស្រីបាននិយាយថា៖ «គ្មានអ្នកនៅរស់ទេ ហើយយើងមិនដឹងថា ហេតុអ្វីបានជាវាផ្ទុះនោះទេ ព្រោះគ្រប់គ្នាដែលនៅកន្លែងកើតហេតុបានស្លាប់អស់ហើយ”។ ឧបទ្ទវហេតុនេះសាហាវណាស់ ហើយខ្ញុំមិនដែលជួប [រឿងបែបនេះ] ពីមុនមកទេ»។
ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ កែវ សារ៉េត អាយុ៦២ឆ្នាំ បាននិយាយថា សាកសពទាហានទាំងនោះបានខ្ទេចទាំងស្រុង។ លោកបន្ថែមថា ឃ្លាំងគ្រាប់នេះនៅមានយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលត្រូវការឲ្យអ្នកជំនាញយកចេញ។
លោក កែវ សារ៉េត និយាយថា៖ «ទាហានបានប្រាប់ខ្ញុំថា មានគ្រាប់កាំភ្លើងច្រើនគ្រាប់នៅខាងក្នុងអគារ ហើយមូលហេតុនៃការផ្ទុះអាចមកពីបញ្ហាបច្ចេកទេស ហើយទាល់តែអ្នកជំនាញទើបអាចពន្យល់បាន»។
លាជាលើកចុងក្រោយ
ជំនួសឱ្យការឱបមនុស្សជាទីស្រឡាញ់របស់ពួកគេ ក្រុមគ្រួសារនៃទាហានដែលបានពលីបានឱបមឈូសដែលគ្របពីលើដោយទង់ជាតិកម្ពុជានៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធកាលពីថ្ងៃអាទិត្យ។
ស្ត្រីម្នាក់បានឱបកូនប្រុសពេញវ័យរបស់គាត់ ដែលបានដើរចូលទៅក្នុងរោងរំឭកវិញ្ញាណក្ខន្ធ ដោយកាន់ទៀន និងធូប សមាជិកគ្រួសារទាំងពីរនាក់ស្រែកយំ។ ពេលដែលពួកគាត់ដើរទ្រេតទ្រោតជាមួយគ្នា ស្ត្រីរូបនោះបានស្រែកថា ប្តីរបស់គាត់បានសន្យាថា នឹងត្រឡប់មកវិញនៅយប់នោះ បន្ទាប់ពីធ្វើការមួយថ្ងៃ។
អ្នកស្រីនិយាយទាំងទឹកភ្នែកថា៖ «ខ្ញុំមកយកបងទៅផ្ទះយើងវិញ។ បងឯងប្រាប់ខ្ញុំថាមកធ្វើការតែមួយថ្ងៃប៉ុណ្ណោះ ហើយនឹងទៅផ្ទះវិញ ប៉ុន្តែឥឡូវនេះ ហេតុអ្វី [កើតរឿងនេះ]!»។
សមាជិកគ្រួសារទាហានភាគច្រើនបានធ្វើដំណើរមកពីខេត្តកោះកុង ខណៈដែលទាហាន១៥នាក់ក្នុងចំណោមទាហាន២០នាក់ដែលបានពលីនោះ ដឹកជញ្ជូនគ្រាប់រំសេវពីខេត្តកោះកុងមកខេត្តកំពង់ស្ពឺ។
អ្នកស្រី អ៊ិន សុម៉ាលី បានប្រាប់ខេមបូចាថា អ្នកស្រីបានធ្វើដំណើរមកពីខេត្តតាកែវ ដើម្បីយកសពបងថ្លៃរបស់គាត់ ប៉ុន្តែពួកគាត់បានយកដីចេញពីកន្លែងផ្ទុះជំនួសវិញ ដោយសាររកមិនឃើញសាកសព។
គេឮសូរអ្នកដែលកំពុងបន់ស្រន់និយាយលានិងសុំជាលើកចុងក្រោយថា៖ «សូមឲ្យព្រលឹងឯងត្រឡប់ទៅផ្ទះយើងវិញ ហើយសូមកើតម្ដងទៀតមានអាយុវែង…»។
អ្នកស្រី សុម៉ាលី បានឱ្យដឹងបន្ថែមថា អ្នកស្រីមិនអាចចែករំលែកព័ត៌មានបានច្រើនទេនៅពេលនេះ ហើយបាននិយាយថា ពួកគាត់នឹងរង់ចាំរហូតដល់ចប់ពិធីបុណ្យសព ដើម្បីស្វែងរកដំណោះស្រាយសម្រាប់គ្រួសារជនរងគ្រោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។ ក្រៅពីការឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារដល់គ្រួសារសពទាំង២០នាក់ អ្នករងរបួសនឹងទទួលបានថវិកា២០លានរៀល (ជិត៥ពាន់ដុល្លារ)។
សាររបស់លោកនាយករដ្ឋមន្ត្រីបានសរសេរថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួសក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ»។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីថ្ងៃអាទិត្យ ទោះបីជាយ៉ាងណាលោកបានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា លោកនឹងមិនធ្វើអត្ថាធិប្បាយទេ ព្រោះឧបទ្ទវហេតុនេះ គឺជាបញ្ហាសន្តិសុខជាតិ។ ចំណែកលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយបានបង្វែរសំណួរទៅកាន់នាយកដ្ឋានកងទ័ព។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានបង្វែរសំណួរទៅកាន់លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ខណៈលោក ឈុំ សុជាតិ និងលោក ម៉ៅ ផល្លា អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
លោក អ៊ិត សារ៉ាត់ មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយនិយាយថា លោកជាប់រវល់ប្រជុំ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Military Officials Are Investigating Munitions Warehouse Blast That Killed 20 Soldiers, Wounded Several Others