ការផ្គត់ផ្គង់ទឹកស្អាតដោយស្ថានីយ៍ទឹកស្អាតវាលពង់ត្រូវបានអាក់ខាន ខណៈទឹកស្ទឹងនៅភូមិស្នាមពុក ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរីងស្ងួតជាលើកដំបូងចាប់តាំងពីស្ថានីយ៍ទឹកស្អាតនេះដំណើរការបានរយៈពេលបួនឆ្នាំ។
ស្ថានីយ៍ទឹកស្អាតនេះបានបង្ហោះសារតាមរយៈហ្វេសប៊ុកកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដើម្បីជូនដំណឹងដល់អតិថិជនអំពីស្ថានភាពទឹកស្ទឹង និងថា មិនមានទឹកគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ដូចធម្មតាទេ។ ទឹកស្ទឹងនេះផ្គត់ផ្គង់ទឹកដល់ឃុំចំនួនពីរ គឺឃុំវាលពង់ និងឃុំព្រះស្រែ ដែលមាន៣០ភូមិ។
ស្ថានីយ៍ទឹកស្អាតនេះមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ថា ពេលណាការផ្គត់ផ្គង់ទឹកនឹងត្រលប់មកធម្មតាវិញនោះទេ។ ទោះបីជាយ៉ាងណា ស្ថានីយ៍ទឹកស្អាតបានលើកឡើងថា នៅពេលរកបានប្រភពទឹកដែលអាចផ្គត់ផ្គង់គ្រប់គ្រាន់ឬមានភ្លៀងធ្លាក់មានទឹកគ្រប់គ្រាន់ ស្ថានីយ៍នឹងធ្វើការផ្គត់ផ្គង់តាមធម្មតាវិញ។
លោក ប៉ែន ចន្ថា តំណាងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតវាលពង់ មានប្រសាសន៍ថា ស្ថានីយ៍កំពុងជួបការលំបាក ព្រោះនេះជាលើកទីមួយហើយដែលស្ថានីយ៍នេះជួបប្រទះនឹងកង្វះទឹកផ្គត់ផ្គង់។ លោកជឿថា បញ្ហានេះបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការធ្វើស្រែប្រាំងនៅតំបន់នោះ។
លោកបាននិយាយថា៖ «ក្នុងនាមស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាត ក្រុមការងាររបស់ខ្ញុំកំពុងប្រឈមមុខនឹងបញ្ហា ព្រោះនេះជាលើកទីមួយហើយដែលយើងខ្វះទឹក។ យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីរកដំណោះស្រាយជូនអតិថិជន»។
លោក ចន្ថា បាននិយាយថា អង្គភាពរដ្ឋករទឹកខេត្តបានអនុញ្ញាតឱ្យស្ថានីយ៍ប្រើប្រាស់ប្រភពទឹកផ្សេងៗ ប៉ុន្តែវានៅឆ្ងាយពីស្ថានីយ៍ទឹកស្អាតវាលពង់។ លោកបន្តថា៖ «វាចំណាយពេលពី៣ ទៅ៧ថ្ងៃ ដើម្បីធ្វើឲ្យការផ្គត់ផ្គង់ទឹកត្រឡប់មកធម្មតាវិញ ប្រសិនបើយើងបូមទឹកពីតំបន់នោះ។ យើងក៏ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ និងកិច្ចសហការពីអាជ្ញាធរពាក់ព័ន្ធផងដែរ»។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ វ៉ន សាវី បានប្រាប់ខេមបូចានៅថ្ងៃទី០៣ ខែឧសភា ថា ការផ្គត់ផ្គង់ទឹកមិនមានស្ថិរភាពរយៈពេលមួយសប្តាហ៍មកហើយ ដែលកត្តានេះធ្វើឲ្យកាន់តែមានសភាពធ្ងន់ធ្ងរដោយសារអាកាសធាតុក្តៅ។ អ្នកស្រី សាវី បាននិយាយថា៖ «វាពិតជាពិបាកសម្រាប់ខ្ញុំ និងអ្នកស្រុកផ្សេងទៀត ដោយសារយើងកំពុងជួបប្រទះអាកាសធាតុក្តៅ ជាពិសេសឆ្នាំនេះ វាក្តៅខ្លាំងណាស់។ ទន្ទឹមនឹងនេះ យើងមិនមានទឹកស្អាតគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។ វាប៉ះពាល់ដល់ការងារ និងជីវភាពរបស់ខ្ញុំ។ ពេលខ្លះ ខ្ញុំត្រូវចាំដល់យប់ទើបមានទឹកប្រើ» ។
ការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់មិនត្រឹមតែប៉ះពាល់ដល់មនុស្សចាស់ក្នុងរដូវក្ដៅប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងក្មេងផងដែរ។ «សូម្បីតែមនុស្សចាស់ក៏គិតថា ក្តៅហើយពិបាកទ្រាំដែរ។ ចុះក្មេងៗវិញ? ពួកគេក៏ត្រូវការទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងពេលទៅសាលា» អ្នកស្រីបានបន្ថែម។
លើសពីនេះទៀត ប្រាក់ចំណូលរបស់អ្នកស្រី សាវី និងប្រាក់ចំណូលម្ដាយរបស់អ្នកស្រីក៏ប៉ះពាល់ដែរ ដោយសារពួកគាត់ត្រូវការទឹកសម្រាប់ធ្វើអាជីវកម្ម។ អ្នកស្រី សាវី និយាយថា៖ «ម្តាយរបស់ខ្ញុំជាអ្នកបោកខោអាវ ហើយខ្ញុំបើកហាងផាត់មុខ។ ខ្ញុំត្រូវប្រាប់អតិថិជនរបស់ខ្ញុំថា យើងគ្មានទឹកប្រើទេ ហើយបញ្ហានេះប៉ះពាល់ដល់ប្រាក់ចំណូលរបស់ខ្ញុំ» ដោយអ្នកស្រីទទូចឱ្យភាគីពាក់ព័ន្ធ និងអាជ្ញាធរដោះស្រាយបញ្ហាទឹកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
អ្នកស្រី តាន់ សុនត្រា មេភូមិដំណាក់ស្មាច់ ឃុំវាលពង់ មានប្រសាសន៍ថា អ្នកស្រីបានដឹងពីបញ្ហាទឹកដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាលើកដំបូង ដោយសារការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ពួកគាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
មេភូមិវ័យ៦៤ឆ្នាំរូបនេះបានសង្កេតឃើញថា៖ «ខ្ញុំគិតថា អាកាសធាតុក្ដៅខ្លាំងនៅឆ្នាំនេះ ដោយសារគ្រោះរាំងស្ងួត និងការប្រែប្រួលអាកាសធាតុ ហេតុនេះហើយបានជាយើងមិនមានទឹកប្រើប្រាស់គ្រប់គ្រាន់។ យើងត្រូវតែទទួលយករឿងនេះព្រោះការប្រែប្រួលអាកាសធាតុជាវិបត្តិពិភពលោក មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ»។
អ្នកស្រី សុនត្រា បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន អ្នកស្រីដឹងថា អ្នកស្រុកកំពុងប្រឈមមុខនឹងបញ្ហាជីវភាព។ «ពួកគាត់ត្រូវចំណាយប្រាក់ដើម្បីទិញទឹកសម្រាប់ប្រើប្រាស់។ ទោះវាថ្លៃក៏ត្រូវទិញដែរ ព្រោះពួកគាត់គ្មានជម្រើស។ ជាធម្មតា យើងប្រើប្រាស់ទឹកសម្រាប់ងូត ចម្អិនអាហារ និងបោកគក់។ ពួកគាត់ប្រើប្រាស់ទឹកស្អាតពីស្ថានីយ៍ ហើយជួនកាល ប្រើប្រាស់ទឹកពីប្រឡាយ អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់» អ្នកស្រីបានបន្ថែម។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានមានប្រសាសន៍ថា ចំណូលរបស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈរងផលប៉ះពាល់ដោយសារការខ្វះទឹកប្រើប្រាស់ ជាពិសេសអំឡុងរដូវក្តៅ។
លោកបានមានប្រសាសន៍ថា៖ «បញ្ហានេះនឹងប៉ះពាល់ដល់ជីវភាពរស់នៅ សុខុមាលភាព និងសុខភាពសាធារណៈរបស់ពួកគាត់ ដោយសារមនុស្សត្រូវការទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដាំដំណាំ និងដើម្បីរស់រាន» ។
លោកបានទទូចឲ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធជួយដោះស្រាយឲ្យបានឆាប់ដល់ប្រជាពលរដ្ឋ។ «ជាពិសេស កសិករត្រូវការទឹកសម្រាប់ធ្វើកសិកម្ម» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thirty Villages in Kampong Speu Lack Clean Water After Stream Dries Up