សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សមត្ថកិច្ចខេត្ដកំពង់ស្ពឺឃាត់ខ្លួនលោក ជួន គន្ធា ពាក់ព័ន្ធករណីទន្ទ្រានយកដីជម្រកសត្វព្រៃភ្នំឱរ៉ាល់

លោក ជួន គន្ធា (បុរសមានសក់វែង ពាក់អាវធំ)កំពុងនៅទីតាំងចែកដីឡូតិ៍ដែលប្រកាសចែកឱ្យពលរដ្ឋមុននឹងការឃាត់ខ្លួន ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
លោក ជួន គន្ធា (បុរសមានសក់វែង ពាក់អាវធំ)កំពុងនៅទីតាំងចែកដីឡូតិ៍ដែលប្រកាសចែកឱ្យពលរដ្ឋមុននឹងការឃាត់ខ្លួន ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សមត្ថកិច្ចខេត្ដកំពង់ស្ពឺឃាត់ខ្លួនលោក ជួន គន្ធា ក្រោយពីតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួន​ពាក់ព័ន្ធនឹងករណី«ប៉ុនប៉ងឆបោក និងញុះញុងឱ្យមានការប្រព្រឹត្ដបទឧក្រឹដ្ឋជាអាទិ៍»​ដោយ​បានទន្រ្ទានដីជម្រសត្វព្រៃភ្នំឱរ៉ាល់៤២០ហិកតាពុះឡូតិ៍ចែកដីឱ្យពលរដ្ឋដែលជាដីតំបន់ការ​ពារដោយអនុក្រឹត្យ។

សាលាដំបូងខេត្ដកំពង់ស្ពឺបានចេញដីកាបញ្ជាឱ្យចូលខ្លួនមួយនៅថ្ងៃទី២៣ ខែមេសានេះ ដោយ​បញ្ជាឱ្យឈ្មោះ ជួន គន្ធា ចូលបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ឱ្យ​មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដើម្បីសាកសួរពាក់ព័ន្ធនឹងករណី«ប៉ុនប៉ងឆបោក និង​ញុះ​ញុង​ឱ្យមានការប្រព្រឹត្ដបទឧក្រឹដ្ឋជាអាទិ៍»ដែលកើតឡើងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅ​ចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្មៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។

តាមការបញ្ជាក់របស់លោក ទិន សុចិត្រា តំណាងអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺថា ក្រោយពីតុលាការចេញដីកាបញ្ជាឱ្យចូលខ្លួននៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ពេល​នេះ​ស្នងការកំពុងសាកសួរ។ លោកបានបញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពី​រកឃើញ​​លោក ជួន គន្ធា នៅទីក្រុងភ្នំពេញ និងបាននាំគ្នាមកសាកសួរនៅស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ។

តំណាងអយ្យការរូបនេះបន្ថែមថា៖ «យើងរកគាត់[ជួន គន្ធា]ឃើញនៅភ្នំពេញ ឥឡូវកំពុង​សាកសួរ​នៅ​ស្នងការខេត្ដ»

ក្រោយពីមានការចុះផ្សាយដោយគេហទំព័រអនឡាញមួយឈ្មោះថា KH Plus News កាល​ពីថ្ងៃ​ទី២០ ខែមេសា ជុំវិញការចែកដីជូនពលរដ្ឋក្នុង១ឡូតិ៍ក្បាល១០ម៉ែត្រ បណ្ដោយ​៣០ម៉ែត្រ​ជាថ្នូរនឹងលុយ៤៥០ដុល្លារ ត្រូវបានអភិបាលខេត្ដកំពង់ស្ពឺបញ្ជាឱ្យ​រដ្ឋបាល​ស្រុកឱរ៉ាល់ចុះ​អន្ដរាគមន៍ភ្លាមៗនៅកន្លែងចែកដីឡូតិ៍ស្ថិតនៅភូមិរោងម៉ាស៊ីន​ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ដោយសំអាងថា ការចែកនេះគឺខុសច្បាប់លើដីតំបន់ការពារដោយអនុក្រឹត្យ។

បើតាមលោក វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ខេមបូចានៅព្រឹកថ្ងៃទី២២ ខែមេសានេះថា ការផ្សព្វផ្សាយចែកដីឡូតិ៍របស់បុគ្គលម្នាក់ឈ្មោះ ជួន គន្ធា ជាសកម្មភាព​ឆបោក​ ព្រោះដីនេះគឺជាដីអនុក្រឹត្យការពារសម្រាប់ជម្រកសត្វព្រៃភ្នំឱរ៉ាល់។ លោកបន្ដថា ក្រោយពីលោកឃើញការផ្សាយផ្ទាល់របស់អ្នកកាសែតអនឡាញម្នាក់(ឈ្មោះហ៊ន)លោកបានបញ្ជាទប់ស្កាត់ជាបន្ទាន់ ខណៈលោកថាជនល្មើសបានរត់គេចខ្លួនក្រោយពីដឹងខ្លួន។

លោកថ្លែងថា៖ «ខ្ញុំឃើញគេឡាយ[ផ្សាយផ្ទាល់]ភ្លាម ខ្ញុំបញ្ជាឱ្យទប់ស្កាត់ភ្លាម​ ព្រោះដីហ្នឹងដី​តំបន់ការពារ។ ខ្ញុំឱ្យគេហៅមកសួររឿងហ្នឹងឥឡូវរត់បាត់។ យើងមិនឱ្យរួចខ្លួនឡើយ»

អភិបាលខេត្ដកំពង់ស្ពឺរូបនេះបន្ដអះអាងថា ការទប់ស្កាត់ទន្ទ្រានដីពីសំណាក់ជនឆ្លៀត​ឱកាស​អាជ្ញាធរតែងតែផ្សព្វផ្សាយ និងយកចិត្ដទុកដាក់ដើម្បីការពារលើតំបន់អស់ហ្នឹង ត្បិតលោកថា​ ការលួចកាប់ទន្ទ្រានដីតែបន្ដកើតមាន តែលោកនឹងបង្កើនវិធានទប់ស្កាត់បន្ថែមទៀត។

លោក សំណាងបន្ថែមថា៖ «យើងនឹងខំប្រឹងការពារ។យើងនឹងចាប់ជនណាលួចទន្រ្ទានមក​ដាក់​ទោស​ឱ្យបាន។ យើងខំថែ ពួកវាខំលួចកាប់ លួចទន្រ្ទាន»

នៅថ្ងៃទី២១ ខែមេសា  រដ្ឋបាលស្រុកឱរ៉ាល់បានបដិសេធចំពោះ​ព័ត៌មាននេះ ហើយ​ថា​ដីដែល​បុគ្គល​ ជួន គន្ធា ​ប្រកាស​ចែក​នោះគឺជា​ដីក្នុង​ដែនជម្រកសត្វ​ព្រៃភ្នំ​ឱរ៉ាល់ត្រូវ​បានការពារ​ដោយ​ច្បាប់ គ្មាន​បុគ្គ​លណា​អាច​កាប់​ឆ្ការ​ ទន្ទ្រាន​ ឬឈូស​ឆា​យ​​លើ​​ដីនោះបានឡើយ។ 

រដ្ឋបាលស្រុកឱរ៉ាល់ ក៏បាន​ឱ្យដឹងទៀតថា ក្នុ​ងករណី​បើ​រដ្ឋចែកដីជូន​ប្រជាពលរដ្ឋ​ក្រីក្រ គឺអនុវត្ត​តាម​គោល​ន​យោ​បាយ​ដី​សម្ប​ទាន​សង្គម​កិច្ច​ដែល​មិនតម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​បង់ប្រាក់ទេ។

លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋបានដាក់លិខិតទៅសាលាដំបូងខេត្ដកំពង់ស្ពឺនៅរសៀលថ្ងៃទី២២ ខែមេសានេះថា ការដាក់លិខិតនេះដោយលោកព្រួយបារម្ភ​ពីគំរាមកំហែង​ដល់តំបន់​ដែល​ចេញដោយអនុក្រឹត្យថានឹងអាចបាត់បង់ក្រោមដៃជនខិលខូចបើគ្មានការទប់ស្កាត់ពីអាជ្ញាធរ។

ក្នុងលិខិតបានចោទប្រកាន់បុគ្គល៤រូបពីបទញុះញង់ពលរដ្ឋទន្រ្ទានដីរដ្ឋលក់ឱ្យឈ្មោះ ជួន គន្ធា ដើម្បីពុះឡូតិ៍៦០០០ឡូតិ៍លើផ្ទៃ៤២០ហិកតា​លក់ឱ្យពលរដ្ឋតម្លៃ៤៥០ដុល្លារ​ដែល​ជា​ដីតំបន់ការពារជម្រកសត្វព្រៃឱរ៉ាល់។ បុគ្គលដែលលោកបានដាក់ពាក្យបណ្ដឹងមានឈ្មោះ ប្រាក់ មូល  ជា សំអឿន ហេង សើ និងឈ្មោះ ទូច ពៅ។

លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំដាក់បណ្ដឹងនេះ ព្រោះខ្ញុំសោកស្ដាយព្រៃឈើ​ដែលការពារ​ដោយ​អនុក្រឹត្យ និងចង់ការពារព្រៃដែលនៅសេសសល់ចុងក្រោយ»

ក្នុងពាក្យបណ្ដឹងក៏បានបញ្ជាក់ពីសកម្មភាពរបស់បុគ្គល៤នាក់ខាងលើបានលក់ដីចំនួន៤២០ហិកតា​ទៅឱ្យបុគ្គលឈ្មោះ ជួន គន្ធា ដោយក្នុង១ហិកតា ៤ ០០០ដុល្លារ ក្នុងគោល​បំណង​ដើម្បីពុះឡូតិ៍ ទោះដឹងថា មានអនុក្រឹត្យក៏ដោយ ប៉ុន្ដែបុគ្គលខាងលើនៅតែព្យាយាមបំពាន។

ចំណែកឯលោក ស៊ឹម ស៊ុយ មេភូមិរោងម៉ាស៊ីនបានឆ្លើយនឹងសំណួរ ខេមបូចា ខណៈ​ក្នុង​លិខិត​មួយ​បានបញ្ជាក់ថា លោកបានចុះហត្ថលេខា ប៉ុន្ដែលោកបានឆ្លើយបដិសេធថា លោក​មិនពាក់ព័ន្ធនឹងសកម្មភាពទាំងនោះទេ និងមិនបានស៊ីញ៉េលើលិខិតទិញលក់។

តែយ៉ាងណាលោកថា៖ «ដីព្រៃនេះគឺជាដីការពារដោយអនុក្រឹត្យ​គ្មានអាជ្ញាធរ​ណាហ៊ាន​ប៉ះ​នោះ​ទេ»

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ អង្គព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ​ដោយបង្កើត​តំបន់​នេះ​ជាតំបន់ជម្រកសត្វព្រៃភ្នំឱរ៉ាល់។ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១០ តំបន់នេះត្រូវ​បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន​ចេញលិខិត​ទៅថ្នាក់ក្រោមដើម្បីការពារតំបន់ទាំងនេះ និងចាប់បុគ្គលណា​ដែល​ហ៊ាន​ទន្ទ្រាន​ដីព្រៃ ឬធ្វើកិច្ចសន្យាទិញលក់ផ្សេងៗត្រូវបានហាមឃាត់។ ដីព្រៃនេះមានចំនួន ១ ១២០​ហិកតា​ស្ថិតនៅឃុំត្រពាំងជោរ និងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ។

ពលរដ្នម្នាក់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះដោយព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនបានលើកឡើងថា ខ្លួនបានមើលការផ្សាយ​អ្នកកាសែតថាមានការចែកដី១០ម៉ែត្រ និងបណ្ដោយ​៣០​ម៉ែត្រ ទើបខ្លួន និងបងប្អូននៅទីរួមខេត្ដកំពង់ស្ពឺ ជាង១០នាក់បាននាំគ្នាទៅ ប៉ុន្ដែពេលចុះទៅ​ដល់​សមត្ថកិច្ចបានហាមឃាត់ និងបណ្ដេញចេញ។

លោកថា៖ «ខ្ញុំចុះទៅដល់សមត្ថកិច្ចគេដេញចេញអត់ឱ្យចូល។ ខ្ញុំឃើញតម្លៃធូរថ្លៃថាចង់ទិញ​ទុក​ទើបនាំគ្នាទៅ»

យោងតាមការបញ្ជាក់របស់ប្រធានអង្គការការពារបរិស្ថានដដែលឱ្យដឹងថា កាលពី២០០៧​មានក្រុមហ៊ុនមួយបានជួលដីពីក្រសួងបរិស្ថានដើម្បីដាំអំពៅ ក្រោយបញ្ចប់កិច្ចសន្យា​ដី​ជាង​២០០ហិកតាត្រូវបានក្រសួងបរិស្ថានដកមកគ្រប់គ្រងវិញនៅឆ្នាំ២០១៧។ ប៉ុន្ដែពលរដ្ឋនៅតំបន់នោះចំនួន២១គ្រួសារដែលបានដឹកនាំដោយបុគ្គល៤រូបក្នុងពាក្យបណ្ដឹងបាននាំទន្រ្ទានដើម្បីចែកគ្នាលក់ក្នុងឆ្នាំ២០២៤នេះមានចំនួន៤២០ហិកតាឱ្យបុគ្គលឈ្មោះ ជួន គន្ធា ដោយអាជ្ញាធរអះអាងថា «មិនស្គាល់»

លោកបន្ដថា ពេលដែលពលរដ្ឋចុះទៅកន្លែងចែកដីឡូតិ៍មានគ្នាជាង១០នាក់ ខណៈអ្នកផ្សេង​ត្រូវ​បានសមត្ថកិច្ចហាមឃាត់។ លោកថា ដីឡូតិ៍មានចំនួន ៦ ០០០ឡូតិ៍ដោយចែកលើផ្ទៃដី​៤២០​ហិកតាស្ថិតនៅភូមិរោងម៉ាស៊ីន និងត្រពាំងធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ដោយក្នុង១ឡូតិ៍មានទទឹង១០ម៉ែត្រ និងបណ្ដោយ៣០ម៉ែត្រ និងលក់ក្នុងតម្លៃ៤៥០ដុល្លារ។

យ៉ាងណាជុំវិញវិធានទប់ស្កាត់លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបានដកដីយកមកនទុកជាសម្បត្ដិរដ្ឋ។ លោកបន្ដថា ក្រសួងនឹងបង្កើនវិធានទប់ស្កាត់ និងចាប់ខ្លួនជនល្មើសដាក់ទោសតាមផ្លូវក្នុងករណីរកឃើញ។

លោកមានប្រសាសន៍ថា៖ «យើងបានចាត់វិធានការឃ្លុំដី[ដីពុះឡូតិ៍ចំនួន៤២០ហិកតា]ហ្នឹងទុកសម្បត្ដិរដ្ឋ​ និងធ្វើការដាំស្ដារព្រៃឈើឡើងវិញ។យើងដាក់វិធានការទៅតុលាការសម្រាប់អ្នកប្រព្រឹត្ដបទល្មើសធនធានធម្មជាតិ»។

រដ្ឋមន្រ្ដីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានបញ្ជាក់លើផេកផ្លូវការក្រសួង​នៅថ្ងៃទី២២ ខែមេសា ថា សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ពីព្រោះទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ ហើយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧​កំពុងយកចិត្តទុកដាក់ និងអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការច្បាប់ ប្រកបដោយ​តម្លាភាព និងប្រសិទ្ធភាព។

ក្នុងនោះដែរលោកបន្ថែមថា៖ «ការលួចដីរបស់រដ្ឋ គឺមិនអាចលាក់បាំងបានទេ សូមបញ្ឈប់​នូវ​ការ​រំលោភបំពានដីព្រៃរបស់រដ្ឋជាបន្ទាន់»។  

ជ្រុងមួយនៃបញ្ហានេះលោក ហេង គឹមហុង​ នាយកសមាគមបណ្តាញយុវជនកម្ពុជា ថ្លែងថា ការបាត់បង់ព្រៃឈើ​នៅតំបន់ការពារដោយអនុក្រឹត្យនេះវាបានបង្ហាញពីសមត្ថភាព​របស់​អាជ្ញាធរគ្មានវិធានការទប់ស្កាត់។ លោកបានសម្ដែងការសោកស្ដាយថា បើអាជ្ញាធរ​នៅតែ​បណ្ដោយ​ទៀតព្រៃឈើនឹងផុតពូជ និងបង្កការគំរាមកំហែងដល់ពលរដ្ឋនៅតំបន់នោះ។

លោកសង្កត់ធ្ងន់ថា៖ «ដែនជម្រកមួយនេះកំពុងស្ថិតក្នុងការគំរាមកំហែងធ្ងន់ធ្ងរ ជាពិសេស​វិបត្ដិដីធ្លី ការទន្ទ្រាន កាប់បំផ្លាញ​​ ការធ្វើអាជីកម្មឈើខុសច្បាប់ និងរងគ្រោះ​ពីដីសម្បទាន​សេដ្ឋកិច្ចដែរ។បើអាជ្ញាធរប្រងើយកន្ដើយមិនអើពើទេ និងមិនមានយន្ដការអាហ្នឹងគឺប្រឈម​នឹងបាត់បង់អស់ យើងព្រួយបារម្ភណាស់»

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្រ្ដី លោក ហ៊ុន សែន ​ បានចេញ​អនុក្រឹត្យ​​កាត់ដីទំហំ៦៤៩ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឃុំក្តុលសែនជ័យ និង​ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបានធ្វើការអនុប្បយោគ​ប្តូរចំណាត់​ថ្នាក់​ពី​ទ្រព្យ​សម្បតិ្តសាធារណៈរបស់រដ្ឋមកជាទ្រព្យសម្បតិ្តឯកជនរបស់រដ្ឋ តាមរយៈការផ្តល់សិទ្ធិ​ជួល​ឱ្យ​ក្រុមហ៊ុនឯកជនមួយឈ្មោះ វ័ន ហ្វេ្រតធើនីធី(One Fraternity Co, LTD)  ដើម្បី​យក​ទៅ​អភិវឌ្ឍន៍​ជាតំបន់ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ។

ក្រុមហ៊ុន វ័ន ហ្វេ្រតធើនីធី (One Fraternity Co, LTD) ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍លើដី​របស់រដ្ឋ(សម្បតិ្តឯកជនរបស់រដ្ឋ)ចំនួន៦៤៩ហិកតានេះ ត្រូវបានគេស្គាល់ថាជា អគ្គនាយិកា​ក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនផលិតមីជាតិ គឺអ្នកឧកញ្ញ៉ា ជឹង សុគន្ធារី។ អ្នកឧកញ៉ា ជឹង សុគន្ធារី គឺជាកូនស្រីរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ មានងារ​ជា​ឧកញ៉ា និងជាអនុប្រធានកាកបាទក្រហមកម្ពុជាផង ហើយក៏ត្រូវជាកូនស្រីរបស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជា៕

1,674 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម