សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

នាយករដ្ឋមន្ត្រីបញ្ជាកុំឱ្យរុះរើផ្ទះគ្រូបង្រៀនសាលាដូងគិរីរម្យ និងបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធចុះពិនិត្យជាបន្ទាន់

សិស្សសាលាដូងភ្នំគិរីរម្យកំពុងតម្រង់ជួរនៅទីធ្លារខាងមុខសាលា ដែលរូបភាពត្រូវបានបង្ហោះលើហ្វេសប៊ុកផេករបស់លោក អ៊ុក វណ្ណដេ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។ ​
សិស្សសាលាដូងភ្នំគិរីរម្យកំពុងតម្រង់ជួរនៅទីធ្លារខាងមុខសាលា ដែលរូបភាពត្រូវបានបង្ហោះលើហ្វេសប៊ុកផេករបស់លោក អ៊ុក វណ្ណដេ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។ ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យលុបចោលគម្រោងរុះរើផ្ទះស្នាក់នៅ​របស់​គ្រូ​បង្រៀន​សាលាដូងនៅគិរីរម្យ និងប្រាប់ឱ្យ​អាជ្ញាធរពាក់ព័ន្ធវាស់វែងដីឱ្យសា្ថបនិកសាលា​នេះខ្ចីដោយឥតកំណត់ពេល ដើម្បីបន្តបណ្តុះបណ្តាលកុមារងាយរងគ្រោះ​ដែលរស់នៅ​តំបន់​នោះ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១ នៅថ្ងៃ​ទី​១៩ ខែសីហា លោក ហ៊ុន ម៉ាណែត អះអាង​ថា លោកបានចេញបទបញ្ជាឱ្យយោធភូមិភាគ​ទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការរុះរើសំណង់នៅភ្នំគិរីរម្យ ដោយត្រូវរក្សា​ស្ថានភាព​ដដែល និងឱ្យសាលាដូងបន្តដំណើរការទៅមុខ ដើម្បីឱ្យគ្រូអាចបន្តស្នាក់នៅផ្ទះ​ដដែល ដើម្បីបង្រៀនសិស្ស។ បន្ថែម​លើនេះ លោកក៏បញ្ជាឱ្យក្រសួងបរិស្ថាន និង​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ចុះពិនិត្យកំណត់ព្រំដី ឱ្យស្ថាបនិកសាលានេះខ្ចីដី ដើម្បីដំណើរការ​សាលា​រៀន​​នេះដោយចីរភាព។

លោកមានប្រសាសន៍ថា៖ «ខ្ញុំបានតេទូរសព្ទទៅមេបញ្ជាការយោធភូមិភាគទី៣ និងតំបន់​ប្រតិបត្តិការ​សឹករង​ខេត្តកំពង់ស្ពឺ ថាឱ្យផ្អាកការ​រុះរើសិន។ កន្លែងផ្ទះគ្រូ ទុកឱ្យគេដំណើរ​រៀន​សូត្រ។ បើគ្រូអត់ផ្ទះនៅ បាននរណាបង្រៀន! ទុកសិនទៅ បើអត់ប្រញាប់ទៅ​ណា​ទេ​»។

លោកបន្តថា៖ «អត់មានការរុះរើទៅណាទេ បន្តរៀនធម្មតា។ ក្រសួងបរិស្ថាន​ ជាមួយ​និង​ខេត្ត នឹងចុះទៅដើម្បីពិនិត្យព្រំឱ្យបានច្បាស់ ដើម្បីសម្រួល ព្រោះឥឡូវគាត់(សាលាដូង)​នៅអត់មានប្លង់រឹងទេ មានតែការអនុញ្ញាតក្រៅផ្លូវការរបស់មន្ត្រីបរិស្ថានតាំងពីឆ្នាំ២០១៧ អ៊ីចឹងគាត់នៅស្រៀវឆ្អឹងខ្នង។ អ៊ីចឹងបានថា កុំឱ្យមានទំនាស់ ចុះពិនិត្យមើលដើម្បីយើង​ដោះស្រាយ ធ្វើម៉េចធានានូវចីរភាព និងនិរត្តរភាពដែលសាលាអាចជួយទៅបាន»។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធកំពុងចុះ​ពិនិត្យ​ស្របតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។ លោកបន្ថែមថា៖ «សាលាដូងអត់​ស្ថិត​ក្នុងគម្រោងនៃការរុះរើទេ។ ក្រៅពីនេះ បើសិនយើងរកឃើញថាគាត់សង់សំណង់​ដែល​​ខុសច្បាប់ អាហ្នឹងបានយើងចាត់វិធានការ។ ឥឡូវខាងអាជ្ញាធរកំពុងតែ​ពិនិត្យ​មើល​»។

លោកនាយករដ្ឋមន្ត្រីមានបទបញ្ជាដូច្នេះ ក្រោយពីការិយាល័យឧទ្យានជាតិគិរីរម្យ តាម​រយៈ​​លិខិតចុះថ្ងៃទី១៣ ខែសីហា បានបញ្ជាឱ្យសាលាដូង និងម្ចាស់សំណង់សរុបចំនួន ២៩​ទីតាំង នៅភ្នំគិរីរម្យ រុះរើសំណង់ចេញពីដីរដ្ឋក្នុងរយៈពេល ១៤ថ្ងៃ ក្រោមហេតុផលថា ជា​ការ​​សាងសង់សំណង់អនាធិបតេយ្យខុសច្បាប់ នៅចំណុចជើងភ្នំអាប៉ែត ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាដែនឧទ្យាន​ជាតិព្រះសុរាម្រឹត កុសមៈ-គិរីរម្យ។ ក្នុង​នោះ​​រួមមានទាំងផ្ទះស្នាក់នៅរបស់គ្រូបង្រៀននៃសាលាដូងផង ដែលត្រូវបាន​រាយការណ៍​​ថា​​បានសង់បិទផ្លូវសាធារណៈ។

មួយថ្ងៃមុនការចេញបញ្ជារបស់លោកនាយករដ្ឋមន្ត្រី គឺនៅថ្ងៃទី១៨ ខែសីហាមេឃុំចំបក់ លោក ជ័យ ហ៊ីម និងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចេញលិខិតបកស្រាយរៀងៗខ្លួនថា វិធានការរុះរើសំណង់របស់ការិយាល័យឧទ្យានជាតិគិរីរម្យ គឺដើម្បីថែរក្សាធនធានធម្មជាតិ និងសណ្តាប់ធ្នាប់ ដោយថាមិនប៉ះពាល់ដល់សាលាដូងនោះទេ។ លោកមេឃុំបន្ថែមថា ទោះ​បី​ជាផ្ទះរបស់គ្រូបង្រៀនត្រូវបញ្ជាឱ្យរុះរើក៏ដោយ ប៉ុន្តែសាលាដូងស្ថិតនៅឆ្ងាយ​ពី​កន្លែង​​ស្នាក់នៅរបស់គ្រូទាំងនោះ។

ក្រៅពីបញ្ជាឱ្យលុបចោលគម្រោងរុះរើ លោក ហ៊ុន ម៉ាណែត ក៏សម្រេចឧបត្ថមថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ជារៀងរាល់ខែដល់សាលាដូង ចាប់ពីខែកញ្ញា ឆ្នាំ២០២៦ នេះ​តទៅ។ លោកក៏ ជំរុញឱ្យមានការពិនិត្យស្ថានភាពជាក់ស្តែងរបស់​សាលាបឋមសិក្សា​គីរីរម្យក្បែរនោះ ដែលមានសិស្សសរុប១០០នាក់ ដើម្បីអាចច្របាច់បញ្ចូលគ្នាជាមួយ​សាលាដូង បណ្តុះបណ្តាលកុមារដែលរស់នៅលើភ្នំ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ ជួបពិភាក្សាអំពីបញ្ហាផ្ទះគ្រូបង្រៀននៅសាលាដូង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ (ហ្វេសប៊ុកផេក ហ៊ុន ម៉ាណែត)

ស្ថាបនិកសាលាដូង លោក អ៊ុក វណ្ណដេ បង្ហាញក្តីរំភើប បន្ទាប់ពីទទួលបានដំណោះស្រាយ​ពី​ប្រមុខរាជរដ្ឋាភិបាល ដោយលោកបញ្ជាក់ថា ផ្ទះស្នាក់នៅរបស់គ្រូបង្រៀន​របស់​សាលា​ដូង​​មិនត្រឹមតែមិនតម្រូវឱ្យរុះរើទេ ថែមទាំងទទួលបានការការពារផ្លូវច្បាប់ និង​សម្រួល​ឱ្យ​ខ្ចីដីរដ្ឋប្រើប្រាស់សម្រាប់ប្រយោជន៍វែងឆ្ងាយទៀតផង។ លោកបន្ថែមថា ផ្អែក​តាម​ការ​ពិភាក្សា​រវាងនាយករដ្ឋមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធកាលពីថ្ងៃទី១៨ ខែសីហា អាជ្ញាធរ​នឹង​ចុះពិនិត្យសំណង់ផ្សេងទៀតនៅតំបន់នោះជាក់ស្តែង។ ក្នុងនោះ ផ្ទះចាស់ៗ​របស់​ពលរដ្ឋ​​ដែលរស់នៅយូរមកហើយអាចនឹងអនុញ្ញាតឱ្យទុក ចំណែកសំណង់ដែល​ទើបចូលកាន់​កាប់​ថ្មី នឹងតម្រូវឱ្យរុះរើចេញ។

លោកបញ្ជាក់ថា៖ «ចំពោះសាលាដូង សម្តេចលោកថានឹងឱ្យ​ក្រុមការងារ​ពិសេស​ចុះ​ទៅ​វាស់​វែង ដើម្បីធ្វើលិខិតកាន់កាប់ខ្ចីដីរដ្ឋប្រើប្រាស់ ក្នុងប្រយោជន៍បម្រើ​ដល់សហគមន៍​ទាំង​មូល​។ [… ] សរុបមកសាលាដូង ផ្ទះលោកគ្រូអ្នកគ្រូ អត់មានការរុះរើទេ ថែមទាំង​មាន​ការការពារយ៉ាងប្រសើរជាងមុនទៅទៀត»។

លោក វណ្ណដេ បន្តថា ប្រមុខរាជរដ្ឋាភិបាលក៏បានណែនាំឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ​បន្ថែម​ការ​យកចិត្តទុកដាក់លើអ្នកដែលរស់នៅលើភ្នំគិរីរម្យផងដែរ។ លោកយល់ថា ដំណោះស្រាយ​នេះ​ជាថ្នាំប៉ូវកម្លាំងសម្រាប់លោក៖ «ជំនួបថ្ងៃនេះ ខ្ញុំអាចកំណត់បានថា វាគឺជាជំនួបឆ្កឹះ​នូវ​ក្តីសង្ឃឹមដែលខ្ញុំសង្ឃឹមយូរហើយ […] ខ្ញុំមានអារម្មណ៍ថាបន្ថែមកម្លាំងឱ្យខ្ញុំធ្វើការនៅ​តំបន់​​ព្រៃភ្នំ ដោយរីករាយ ដោយក្តីសង្ឃឹម ដោយសប្បាយចិត្តទាំងអស់គ្នា»។

សាលាដូងត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៧នៅភ្នំគិរីរម្យ ដើម្បីជួយបណ្តុះបណ្តាល​ដល់កុមារក្រីក្រ និងកំព្រាដែលរស់នៅតំបន់នោះ។ បច្ចុប្បន្នសាលានេះមាន​កុមារកំពុង​សិក្សា​ចំនួន ១៦២នាក់ ក្រោមការបង្ហាត់បង្រៀនរបស់គ្រូ ៦នាក់ និងក្រុមការងារ​បច្ចេកទេស​​កែច្នៃសំរាមចំនួន ៤នាក់។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេត​ឃើញ​ថា សាលាដូងបានឆ្លងកាត់ការខិតខំ និងលះបង់យ៉ាងច្រើន ទម្រាំអាចបង្កើតឱកាស​សិក្សា និងផ្តល់ពន្លឺអនាគតដល់កុមារក្រីក្រ និងកុមារកំព្រារាប់រយនាក់ក្នុងតំបន់នោះ។ លោកគាំទ្រ​ចំពោះការយោគយល់របស់នាយករដ្ឋមន្ត្រី ដោយថាការការពារបរិស្ថាន​ជា​កិច្ចការ​សំខាន់ ប៉ុន្តែអនាគត និងវាសនារបស់កុមារដែលគ្មានទីពឹង រឹតតែខកខានមិនបាន។

លោកមានប្រសាសន៍ថា៖ «ពាក្យថាក្មេងអនាថា ក្មេងក្រីក្រ ក្មេងកំព្រា គឺអត់មាន​លទ្ធភាព​ណាទៅឆ្ងាយទេ គឺគ្នាបានតែជិតៗហ្នឹង។ បើសិនជាសម្តេចនាយករដ្ឋមន្ត្រី​គាត់មានការយោគយល់បែបហ្នឹងជារឿងល្អ នៅក្នុងការជួយជំរុញ និងលើកកម្ពស់​​វិស័យមនុស្សធម៌»។

លោកបន្តថា អ្នកធ្វើការងារមនុស្សធម៌ទាំងអស់គួរតែទទួលបានការជ្រោមជ្រែង និង​លើកទឹកចិត្តជានិច្ច៖ ​«បើសិនឧទាហរណ៍ថាយើងដេញគាត់ចេញ ហើយគាត់ចាកចេញ ចុះវាសនារបស់កុមារអនាថា ក្មេងកំព្រា ឬក៏ក្មេងក្រីក្រនៅម្តុំហ្នឹង ថាតើអនាគត​ទៅជា​យ៉ាងណា! គាត់រំពឹងអី»។

ប្រហាក់ប្រហែលគ្នា មន្ត្រីអង្កេតការជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត លើកឡើងថា ប្រជាពលរដ្ឋដែលមានឆន្ទៈជួយជ្រោមជ្រែង​កុមារ​ក្រីក្រ និងគ្មានទីពឹង គួរត្រូវបានលើកទឹកចិត្ត និងជ្រោមជ្រែង ជំនួសឱ្យការបន្ទុច​​បង្អាក់​។ លោកចង់ឃើញអាជ្ញាធរពង្រីកសោភ័ណភាពសាលាដូងឱ្យកាន់តែល្អប្រសើរ ដើម្បី​បំប្លែងទៅជាគោលដៅទេសចរណ៍បែបច្នៃប្រឌិត និងរួមចំណែកថែរក្សាបរិស្ថានផង។

លោកថ្លែងថា៖ «[អាជ្ញាធរ] គួរតែពង្រីក ឬរៀបចំធ្វើម៉េចឱ្យមានសោភ័ណភាពនៅក្នុង​ទីតាំងសាលាដូងហ្នឹងឱ្យវាល្អប្រសើរជាងបច្ចុប្បន្ន ហើយវាជាតំបន់ទេសចរណ៍មួយ ដែល​​ភ្ញៀវទេសចរអាចចូលទៅមើលបាន»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម