សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអគ្គិសនី ដើរដោយខ្យល់រងការស៊ើបអង្កេតជុំវិញការ​ឈូស​ឆាយក្នុងដែនជម្រកសត្វព្រៃនៅមណ្ឌលគិរី

ទីតាំងមួយក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដែលត្រូវបានឈូសឆាយ បន្ទាប់​ពី​​ក្រុមហ៊ុន​​អភិវឌ្ឍគម្រោងថាមពលអគ្គិសនី ដើរដោយខ្យល់មួយបានកាប់ ព្រៃឈើ​នៅ​ទី​នោះ​។ អាជ្ញាធរ​កំពុងបើក​ការស៊ើបអង្កេត ដើម្បីកំណត់ថា ការឈូសឆាយនេះ​បានធ្វើ​ឡើង​នៅ​​ក្នុង​តំបន់​ដែល​ទទួលបានការអនុញ្ញាតសម្រាប់គម្រោង ឬយ៉ាងណា។ រូបថតថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ (ខេមបូចា/ទ្រី ថានី)
ទីតាំងមួយក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដែលត្រូវបានឈូសឆាយ បន្ទាប់​ពី​​ក្រុមហ៊ុន​​អភិវឌ្ឍគម្រោងថាមពលអគ្គិសនី ដើរដោយខ្យល់មួយបានកាប់ ព្រៃឈើ​នៅ​ទី​នោះ​។ អាជ្ញាធរ​កំពុងបើក​ការស៊ើបអង្កេត ដើម្បីកំណត់ថា ការឈូសឆាយនេះ​បានធ្វើ​ឡើង​នៅ​​ក្នុង​តំបន់​ដែល​ទទួលបានការអនុញ្ញាតសម្រាប់គម្រោង ឬយ៉ាងណា។ រូបថតថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ (ខេមបូចា/ទ្រី ថានី)

មន្ត្រីខេត្តមណ្ឌលគិរីម្នាក់បានឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងថាមពលអគ្គិសនីដើរ​ដោយ​ខ្យល់​​ដំបូង​​គេនៅកម្ពុជា អាចបាន​ឈូសឆាយចូលក្នុងដែន​ជម្រកសត្វព្រៃដោយខុសពីទីតាំង​ដែល​ទទួល​បានការអនុញ្ញាត ខណៈគម្រោងនេះកំពុងរងការ​រិះគន់​ពី​សហគមន៍ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​នេះផងដែរ។

លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការឈូសឆាយដី​បាន​កើត​ឡើងនៅតាមព្រំប្រទល់រវាងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វ​ព្រៃកែវ​សីមា ចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា។ លោកបញ្ជាក់ថា ក្រុមហ៊ុន SchneiTec Co. បាន «ឈូសឆាយខុសទីតាំង»។

លោក វិបុល មានប្រសាសន៍ថា៖ «ខ្ញុំមិនអាចអះអាងបាន១០០ភាគរយទេ ប៉ុន្តែមន្ត្រីជំនាញ​កំពុង​​ធ្វើការសិក្សាថា តើទីតាំងដែលត្រូវបាន​ឈូសឆាយនោះ ជាទីតាំងដែលទទួល​បានការ​អនុញ្ញាត ឬអត់»។ លោកបន្តថា អាជ្ញាធរបានបញ្ជាឱ្យផ្អាកសកម្មភាពឈូសឆាយ​ជា​បណ្ដោះ​អាសន្ន ខណៈការស៊ើបអង្កេតកំពុងបន្ត ហើយក៏បានកោះហៅក្រុមហ៊ុនឱ្យចូលបំភ្លឺ​ផង​ដែរ។

លោក វិបុល បានឱ្យដឹងថា ផ្ទៃដីដែលត្រូវបានឈូសឆាយមានទំហំប្រមាណកន្លះហិកតា រួមទាំងផ្លូវចូល​មួយ​ខ្សែ​ដែលមានប្រវែងប្រហែល១៤២ម៉ែត្រ។ ប៉ុន្តែអ្នកសារព័ត៌មានខេមបូចា ដែលបានចុះដល់​ទី​តាំង​នោះ​​កាលពីថ្ងៃទី១៩ ខែកក្កដា បានសង្កេតឃើញថា មានផ្លូវជាច្រើន​ខ្សែ​ត្រូវ​បាន​បើក​ក្នុងតំបន់​នោះ ដែលបើគិតបញ្ចូលគ្នាមានប្រវែងលើសពីតួលេខនេះ ហើយ​ផ្ទៃ​ដី​ដែលត្រូវបានឈូស​ឆាយក៏​ហាក់​មានទំហំធំជាងកន្លះហិកតាផងដែរ។

សារព័ត៌មានខេមបូចា មិនទទួលបានការឆ្លើយតបណាមួយពី​ក្រុមហ៊ុន SchneiTec ចំពោះ​សំណើ​សុំការបំភ្លឺជុំវិញករណីនេះនោះទេ។

ក្រុមហ៊ុន SchneiTec គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើន ដែលកំពុងអភិវឌ្ឍន៍​គម្រោង​​ថាមពលអគ្គិសនី​​ដើរដោយខ្យល់​ទំហំ៩០០មេហ្គាវ៉ាត់ (MW) នៅខេត្តមណ្ឌលគិរី។ គម្រោងនេះ​ជាផ្នែកមួយនៃផែនការរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកការប្រើប្រាស់​ថាមពល​កកើតឡើងវិញ និងឆ្លើយតបទៅនឹងតម្រូវការអគ្គិសនីដែលកំពុងកើនឡើង។

សហគមន៍ជនជាតិដើមភាគតិចពូនង ដែលរស់នៅក្នុងតំបន់ បានលើកឡើងថា ការឈូស​ឆាយ​ដី និង​សកម្មភាព​អភិវឌ្ឍន៍គម្រោងបានចាប់ផ្តើមឡើងដោយមានការពិគ្រោះជាមួយ​សហគមន៍​​នៅមាន​កម្រិត​។ ពួកគេបង្ហាញការព្រួយបារម្ភថា គម្រោងនេះអាចប៉ះពាល់ដល់ការ​ចូលប្រើ​ប្រាស់​ដីដូនតា ជីវភាព​រស់​នៅ និងទីកន្លែងដែលមានសារៈសំខាន់ផ្នែកវប្បធម៌។ ក្រុមហ៊ុន​​មួយ​ចំនួន​​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ ក៏ធ្លាប់ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​​ផ្សេង​ទៀត ដែលត្រូវ​បានគេភ្ជាប់​ទៅ​នឹង​ការផ្លាស់ប្តូរទីលំនៅដោយបង្ខំ​របស់​សហគមន៍​​​នាពេល​កន្លង​មក។

លោក វិបុល មានប្រសាសន៍ថា៖ «ទីតាំងដែលយើងអនុម័តឱ្យពួកគេអភិវឌ្ឍ គឺស្ថិតនៅ​ក្បែរ​នោះ ដូច្នេះវាអាចជាកំហុសផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន។ យើងត្រូវពិនិត្យឡើងវិញ។ ប្រសិន​បើរក​ឃើញ​ថា​ក្រុមហ៊ុនមានកំហុស ពួកគេនឹងត្រូវទទួលខុសត្រូវ»។

គ្រឿងចក្រមួយគ្រឿងឈូសឆាយរំលំដើមឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ដើម្បី​រៀបចំទីតាំងសម្រាប់គម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ ប៉ុន្តែបាន​ផ្អាកសកម្មភាពឈូស​ឆាយ​ ក្រោយអ្នកសារព័ត៌មាន និងប្រជាសហគមន៍ទៅដល់ទីតាំងនោះ។ រូបថតថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ (ខេមបូចា/ទ្រី ថានី)

ក្រុមហ៊ុន SchneiTec គ្រោងដំឡើងតួប៊ីនខ្យល់ចំនួន ៤៩គ្រឿង លើផ្ទៃដីជិត ៤០ហិកតា នេះបើយោងតាមរបាយការណ៍វាយតម្លៃ​ផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA) ដែលសារព័ត៌មាន​​ខេមបូចា​ទទួលបាន។ របាយការណ៍បង្ហាញថាតួប៊ីនស្ទើរតែទាំងអស់នឹងត្រូវសាងសង់​នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខណៈតួប៊ីនមួយគ្រឿងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ​ភ្នំព្រេច​។

អង្គការអភិរក្សធម្មជាតិបានលើកឡើងថា ពួកគេគាំទ្រគម្រោងទាំងនេះ ប្រសិនបើមាន​វិធានការ​កាត់​បន្ថយហានិភ័យចំពោះសត្វព្រៃ និងគោរពសិទ្ធិរបស់សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច។

ក្រុមហ៊ុន SchneiTec បានបញ្ជាក់នៅក្នុងរបាយការណ៍វាយតម្លៃផលប៉ះពាល់ថា៖ «គម្រោង​នេះ​នឹង​ផ្តល់ប្រភពអគ្គិសនីជំនួសឥន្ធនៈ​ហ្វូស៊ីល កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន និង​ការ​​បំពុល​ខ្យល់ ព្រមទាំងរួមចំណែកដល់ការការពារបរិស្ថាន និងការកាត់បន្ថយផល​ប៉ះ​ពាល់​​ពីការ​ប្រែប្រួលអាកាស​ធាតុ»។ ក្រុមហ៊ុនក៏បានអះអាងថា គម្រោងនេះនឹងផ្តល់​អត្ថ​ប្រយោជន៍​សង្គម និងសេដ្ឋកិច្ច ហើយការ​ពិគ្រោះ​យោបល់ជាមួយសហគមន៍​ដែលរង​ផល​ប៉ះ​ពាល់​ត្រូវបានអនុវត្តរួចហើយ។

របាយការណ៍វាយតម្លៃផលប៉ះពាល់បានបញ្ជាក់ថា គម្រោងនេះមានតម្លៃវិនិយោគ​ជាង​១៨៥​លាន​​ដុល្លារ​ នឹងបង្កើតការងារសំណង់ជាង១០០កន្លែង ព្រមទាំងការងារអចិន្ត្រៃយ៍​ប្រមាណ​ជាង​​១០​កន្លែងផងដែរ។ របាយការណ៍ដដែលក៏បានឱ្យដឹងថា ផ្ទៃដីទាំងមូលដែលក្រុមហ៊ុន​បាន​ជួល​ពី​រដ្ឋ​ សម្រាប់​គម្រោងនេះមានទំហំជាង ៦​ ៩០០ ហិកតាដែលជាទំហំដីខុសគ្នា​យ៉ាង​ខ្លាំង​ បើប្រៀបធៀប​ទៅនឹងក្បាលដីតូចៗដែលសហគមន៍មូលដ្ឋានជាច្រើននៅតែ​ពិបាកទទួល​បានបណ្ណកម្មសិទ្ធិស្របច្បាប់។

ទំហំទុនវិនិយោគសរុបសម្រាប់គម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ទាំងមូល ដែល​មាន​សមត្ថភាព​​​ផលិតអគ្គិសនី ៩០០មេហ្គាវ៉ាត់ នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។

អ្នកស្រី សាន ឡេប ជាជនជាតិដើមភាគតិចពូនង រស់នៅភូមិឡៅកា បានបង្ហាញក្តីព្រួយបារម្ភ​ចំពោះការឈូស​ឆាយដីថ្មីៗនៅក្នុងដែនជម្រកសត្វព្រៃ។

អ្នកស្រីបានលើកឡើងថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយខ្លាំងណាស់។ ចាស់ទុំរបស់យើង​តែង​​តែ​​ប្រាប់​​ថា តំបន់នេះជាព្រៃបុរាណ ដែលជាជម្រករបស់សត្វព្រៃជាច្រើនប្រភេទ។ ពីមុន យើងធ្លាប់មាន​បំណង​​អភិវឌ្ឍទីនេះជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីបង្កើតប្រាក់​ចំណូល​សម្រាប់​សហគមន៍»។

ប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ ភ្លឹក ណាវី បាននិយាយថា អ្នកភូមិតែងចូលទៅប្រមូល​អនុផល​ព្រៃ​ឈើ​នៅក្នុងតំបន់នេះ ហើយបារម្ភ​ថា​ការអភិវឌ្ឍអាចរារាំងការចូលទៅរកអនុផល​ព្រៃ​ឈើ​នាពេល​អនាគត និងនាំឱ្យមានការឈូសឆាយព្រៃឈើបន្ថែមទៀត។

លោក ទី សុផល ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការសាងសង់​គម្រោង​អគ្គិសនីដើរដោយថាមពលខ្យល់របស់ក្រុមហ៊ុន SchneiTec និង​គម្រោងរបស់​ក្រុមហ៊ុន​​មួយទៀត គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៧។

លោកបានបន្តថា កម្ពុជាត្រូវការប្រភពថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែក​លើការ​នាំ​ចូល​​អគ្គិសនីពីប្រទេសជិតខាង និងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អគ្គិសនី​ក្នុង​ស្រុក​ដែល​កំពុង​​កើនឡើង។

លោក សុផល បានបញ្ជាក់ថា៖ «ការអភិវឌ្ឍតែងតែចៀសមិនផុតពីផលប៉ះពាល់។ មុននឹង​អនុវត្ត​​គម្រោងក្រសួងបានពិចារណាយ៉ាង​យក​ចិត្តទុកដាក់លើផលប៉ះពាល់​ផ្នែកបរិស្ថាន និង​​សង្គម។ យើង​បានវាយតម្លៃថា ផលប៉ះពាល់ទាំងនោះមិនស្ថិតក្នុងកម្រិតដែលអាច​រារាំងការ​អភិវឌ្ឍ​គម្រោង​នោះទេ​»​។

ភាពចម្រូងចម្រាសជុំវិញគម្រោងនេះ កើតឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំណត់​គោល​ដៅ​បង្កើនថាមពលកកើតឡើងវិញក្នុងសមត្ថភាពផលិតអគ្គិសនី​សរុបឱ្យកើនដល់៧០​ភាគ​រយ នៅត្រឹមឆ្នាំ២០៣០ ដែលកើនពី៦៣ភាគរយនាពេលបច្ចុប្បន្ន៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Wind Power Developer Faces Probe Over Land Clearing in Mondulkiri Wildlife Sanctuaries

ព័ត៌មានថ្មី

អត្ថបទពេញនិយម