សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

គម្រោងថាមពលដើរដោយខ្យល់ដំបូងរបស់កម្ពុជា បង្កភាពតានតឹងដល់សហគមន៍ជនជាតិដើមភាគតិច

អ្នកស្រី ភ្លឹក ភីរម្យ និងស្ត្រីជនជាតិដើមភាគតិចពូនងផ្សេងទៀតពីភូមិឡៅកា អង្គុយនៅមុខដើមឈើដែលត្រូវកាប់រំលំ និងសំណល់ទីសក្ការៈមួយក្នុងភូមិ ដែលពួកគេនិយាយថាត្រូវបានឈូសឆាយសម្រាប់យកដីប្រើប្រាស់ក្នុងគម្រោងថាមពលអគ្គិសនីដើរដោយខ្យល់។ រូបថតថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/Coby Hobbs)
អ្នកស្រី ភ្លឹក ភីរម្យ និងស្ត្រីជនជាតិដើមភាគតិចពូនងផ្សេងទៀតពីភូមិឡៅកា អង្គុយនៅមុខដើមឈើដែលត្រូវកាប់រំលំ និងសំណល់ទីសក្ការៈមួយក្នុងភូមិ ដែលពួកគេនិយាយថាត្រូវបានឈូសឆាយសម្រាប់យកដីប្រើប្រាស់ក្នុងគម្រោងថាមពលអគ្គិសនីដើរដោយខ្យល់។ រូបថតថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/Coby Hobbs)
សង្ខេប៖
  • កម្ពុជាកំពុងដាក់ឱ្យអនុវត្តគម្រោងថាមពលដើរដោយខ្យល់ខ្នាតធំជាលើកដំបូងនៅខេត្តមណ្ឌលគិរី ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកថាមពលកកើតឡើងវិញ និងឆ្លើយតបទៅនឹងតម្រូវការអគ្គិសនីកើនឡើង។
  • សហគមន៍ជនជាតិដើមភាគតិចពូនងអះអាងថា សកម្មភាពឈូសឆាយដី និងគម្រោងបានចាប់ផ្តើមដោយមានការពិគ្រោះយោបល់តិចតួចបានបង្កការព្រួយបារម្ភពីអនាគតដីដូនតា ជីវភាព និងទីតាំងវប្បធម៌។
  • អ្នកអភិវឌ្ឍន៍ពាក់ព័ន្ធនឹងគម្រោងទាំងនេះមានប្រវត្តិជាប់ទាក់ទងនឹងគម្រោងថាមពលមុនៗ ដែលបណ្តាលឱ្យមានការផ្លាស់ទីលំនៅ ដែលបង្កើតឱ្យមានការព្រួយបារម្ភជាថ្មីក្នុងចំណោមប្រជាសហគមន៍មួយចំនួន។​
  • កង្វះបណ្ណកម្មសិទ្ធិដីសមូហភាព និងការបង្ហាញព័ត៌មានសាធារណៈមានកម្រិត ធ្វើឱ្យប្រជាពលរដ្ឋមិនច្បាស់ពីវិសាលភាព និងផលប៉ះពាល់នៃគម្រោង។

មណ្ឌលគិរី៖ នៅតំបន់ភ្នំហ៊ុំព័ទ្ធដោយព្រៃឈើក្នុងខេត្តមណ្ឌលគិរី ដែលជាទីលំនៅរបស់ជនជាតិដើមភាគតិចច្រើនជាងគេនៅកម្ពុជា ភ្លឹក ភីរម្យ អង្គុយក្បែរគំនរឈើដែលត្រូវបានកាប់រំលំ និងសំណល់ទីសក្ការៈក្នុងភូមិដែលត្រូវបានឈូសឆាយកាលពីខែមករា ដើម្បីបើកផ្លូវឱ្យគម្រោងថាមពលដើរដោយខ្យល់អនុវត្តទៅមុនបាន។​

អ្នកស្រី ភីរម្យ ដែលជាសមាជិកជនជាតិដើមភាគតិចពូនងពីភូមិឡៅកា បាននិយាយថាគ្រឿងចក្របានបំផ្លាញទីសក្ការៈមុនពេលប្រជាពលរដ្ឋទទួលបានការជូនដំណឹង ឬសំណង។ អ្នកស្រី និងអ្នកភូមិដទៃទៀតបានអះអាងថា ពួកគេទទួលបានប្រាក់សំណងជាង ៣ ៥០០ ដុល្លារ ពីក្រុមហ៊ុនមួយដែលមិនបង្ហាញឈ្មោះ តាមរយៈអាជ្ញាធរខេត្ត។

សាន លេប ជាជនជាតិដើមភាគតិចពូនងម្នាក់ទៀត បាននិយាយថា ដីចម្ការចេកវិលជុំរបស់អ្នកស្រី ក៏ត្រូវបានបញ្ចូលក្នុងគម្រោងសាងសង់អគ្គិសនីថាមពលដើរដោយខ្យល់កម្លាំង ១៥០ មេហ្គាវ៉ាត់ ដែលជាផ្នែកមួយនៃគម្រោងដ៏ធំមួយដែលមានសមត្ថភាពផលិតអគ្គិសនីសរុប ៩០០ មេហ្គាវ៉ាត់សម្រាប់ខេត្តនេះ។

ប្រជាពលរដ្ឋបាននិយាយថា ដីមួយចំនួនដែលកំពុងត្រូវបានឈូសឆាយជុំវិញភូមិ ដែលជាលំនៅឋានរបស់ជនជាតិដើមភាគតិចពូនងជាង៤០គ្រួសារ ជាដីកេរ្តិ៍ដំណែលដែលបន្សល់ទុកមកពីដូនតាជាច្រើនជំនាន់ ប៉ុន្តែមិនទាន់មានបណ្ណកម្មសិទ្ធិផ្លូវការឡើយ ទោះបីបានដាក់ពាក្យស្នើសុំជាយូរមកហើយក៏ដោយ។

អ្នកស្រី ភីរម្យ បានមានប្រសាសន៍ថា៖ «យើងប្រឈមមុខនឹងការបាត់បង់ដី ហើយពេលបាត់បង់ដី វាមានន័យថាបាត់បង់ប្រពៃណី និងវប្បធម៌របស់យើង»។

សហគមន៍រស់នៅជិតទីរួមខេត្តនាក្រុងសែនមនោរម្យ បាននិយាយថា ពួកគេមិនទទួលបានព័ត៌មានលម្អិតគ្រប់គ្រាន់ពីគម្រោងថាមពលដើរដោយខ្យល់ចំនួន៦នៅក្នុងខេត្តរបស់ខ្លួន បន្ទាប់ពីគម្រោងត្រូវបានអនុម័តដោយរដ្ឋសភាកាលពីខែឧសភាឆ្នាំមុនឡើយ។

ការដំឡើងតួប៊ីនជាង១០០ គ្រឿង ជាជំហានដំបូងរបស់កម្ពុជាក្នុងវិស័យថាមពលដើរដោយខ្យល់ ដែលជាផ្នែកមួយនៃការបំពេញតម្រូវការថាមពល និងពង្រីកប្រភពថាមពលកកើតឡើងវិញ។

ប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនងនៅភូមិឡៅកា សាងសង់ឡើងវិញនូវ«រោងអារក្ស» បន្ទាប់ពីទីតាំងមួយផ្សេងទៀតត្រូវបានឈូយឆាយកាលពីខែមករា។ រូបថតថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/Coby Hobbs)

អាជ្ញាធរបាននិយាយថា ការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងសង្គម ត្រូវបានអនុវត្តលើ ក្រុមហ៊ុនបរទេសយ៉ាងហោចណាស់ចំនួន៣ ដែលកំពុងសាងសង់ផ្លូវចូល និងគ្រឹះតួប៊ីន។ គម្រោងសាងសង់រំពឹងថានឹងបញ្ចប់នៅឆ្នាំក្រោយ។

ទោះយ៉ាងណា ព័ត៌មានសំខាន់ៗអំពីវិសាលភាពគម្រោងនៅតែមិនច្បាស់។ ប្រជាពលរដ្ឋបាននិយាយថា ពួកគេមិនដឹងថា គម្រោងនេះនឹងប៉ះពាល់ដល់ដីកសិកម្ម ឬទីតាំងវប្បធម៌ដូចជាទីតាំងបញ្ចុះសពយ៉ាងណាខ្លះឡើយ។

អង្គការអភិរក្សបានអំពាវនាវឱ្យមានការពិគ្រោះយោបល់ដែលមានអត្ថន័យមួយដោយគោរពសិទ្ធិជនជាតិដើមភាគតិច និងការពារជីវភាព វប្បធម៌ និងជីវចម្រុះក្នុងតំបន់។

ផ្តល់ថាមពលដល់បណ្តាញអគ្គិសនី ប៉ុន្តែស្ថិតក្រោមស្រមោលនៃការផ្លាស់ទីលំនៅពីអតីតកាល

ភីរម្យបានលើកឡើងថា នៅខែមករា និងកុម្ភៈ កម្មករជនជាតិចិនបានវាស់វែងដីនៅភូមិឡៅកា ប៉ុន្តែមិនបានបញ្ជាក់ពីក្រុមហ៊ុនដែលពួកគេធ្វើការឱ្យនោះឡើយ។

នៅពេលអ្នកសារព័ត៌មានទៅដល់ភូមិនេះកាលពីខែមីនា គ្រឿងចក្រដែលមានស្លាកឈ្មោះក្រុមហ៊ុន PowerChina ដែលជាក្រុមហ៊ុនវិស្វកម្មរដ្ឋធំមួយរបស់ចិន កំពុងឈូសឆាយផ្លូវចូលនៅក្បែរនោះ។

PowerChina ធ្វើការក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងថាមពល នៅទូទាំងពិភពលោក ហើយជាញឹកញាប់ត្រូវបានភ្ជាប់នឹងគំនិតផ្ដួចផ្ដើម «ខ្សែក្រវ៉ាត់ និងផ្លូវ» (Belt and Road Initiative) របស់ចិន។ បុគ្គលិកម្នាក់ដែលត្រួតពិនិត្យការឈូសឆាយ ហើយអះអាងថា ទីប្រឹក្សាគម្រោងក្នុងស្រុក ប៉ុន្តែមិនបង្ហាញឈ្មោះ បាននិយាយថា PowerChina កំពុងអភិវឌ្ឍគម្រោងថាមពលខ្យល់នេះក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការធំមួយ។

ទង់សញ្ញាសម្គាល់របស់ក្រុមហ៊ុនចិនមួយ ដែលកំពុងសាងសង់គម្រោងថាមពលដើរដោយខ្យល់ និងផ្លូវចូល ត្រូវបានដាក់នៅជិតភូមិឡៅកា។ រូបថតថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/Coby Hobbs)

ស្លាកសញ្ញាដែលសរសេរជាភាសាចិន នៅតំបន់ស្នាក់នៅរបស់កម្មករ ដែលមានចម្ងាយប្រហែល១គីឡូម៉ែត្រពីភូមិ បង្ហាញថា ក្រុមហ៊ុននេះមានដៃគូជាមួយក្រុមហ៊ុនរដ្ឋចិនមួយទៀត គឺ China Huadian Corporation។

ស្លាកមួយដែលអ្នកសារព័ត៌មានបានឃើញសរសេរថា ក្រុមហ៊ុន China Huadian បាន «ចូលរួមយ៉ាងច្រើនក្នុងវិស័យថាមពលកម្ពុជារយៈពេល១៥ឆ្នាំមកហើយ»។ ខ្លឹមសារក្នុងស្លាកដដែលបានយោងលើគម្រោងធំៗ ដូចជា ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង និងរោងចក្រថាមពលដើរដោយធ្យូងថ្មមានថាមពល៧០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ។ តួនាទីរបស់ក្រុមហ៊ុននេះនៅក្នុងគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ មិនធ្លាប់ត្រូវបានបង្ហាញឱ្យលម្អិតឡើយ។ នៅពេលសាងសង់ គេបានរាយការណ៍ថា ក្រុមហ៊ុនចិនធំមួយផ្សេងទៀត គឺ China Huaneng កាន់កាប់ភាគហ៊ុនធំបំផុត។

ទំនប់វារីអគ្គិសនីសេសានក្រោម២ដែលបានបញ្ចប់នៅឆ្នាំ២០១៨ បានបណ្តាលឱ្យពលរដ្ឋគ្រួសារជាច្រើនត្រូវផ្លាស់ទីលំនៅ និងរងផលប៉ះពាល់ដល់ជីវភាព។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានពិពណ៌នាថា ជា «មហន្តរាយសិទ្ធិមនុស្ស» ខណៈអ្នកអភិរក្សបរិស្ថានបានភ្ជាប់ផលប៉ះពាល់នៃគម្រោងនេះជាមួយនឹងការធ្លាក់ចុះជាង ៩% នៃធនធានត្រីនៅទន្លេមេគង្គ។

PowerChina ក៏ជាដៃគូបច្ចេកទេសក្នុងគម្រោងទំនប់វារីអគ្គិសនីកម្លាំង ៣៧៦ មេហ្គាវ៉ាត់ នៅលើដងទន្លេមួយដែលជាដៃនៃមេគង្គ។ គម្រោងនេះត្រូវបានគេព្យាករណ៍ថានឹងបណ្តាលឱ្យពលរដ្ឋរាប់ពាន់គ្រួសារនៅខេត្តមណ្ឌលគិរី និងរតនគិរី ត្រូវផ្លាស់ទីលំនៅ។ សហគមន៍ដែលរងផលប៉ះពាល់បានអះអាងថា ពួកគេត្រូវបានបង្ខំឱ្យទទួលសំណងមិនសមរម្យ។

ប្រវត្តិគម្រោងទាំងនេះ បានបង្ហាញពីហានិភ័យសម្រាប់សហគមន៍នៅជិតគម្រោងថាមពលដើរដោយខ្យល់ ដែលប្រជាពលរដ្ឋខ្លះក៏ព្រួយបារម្ភថានឹងបាត់បង់ដីដូនតារបស់ខ្លួន។

ទីតាំងសាងសង់គម្រោងថាមពលដើរដោយខ្យល់មួយ នៅជិតភូមិឡៅកា ក្នុងសង្កាត់សុខដុម ខេត្តមណ្ឌលគិរី។ រូបថតថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ (ខេមបូចា/ទ្រី ថានី)

អាជ្ញាធរខេត្តបានបញ្ជាក់ថា ដើមឡើយមានក្រុមហ៊ុនបរទេសចំនួន៦ត្រូវបានអនុញ្ញាតឱ្យអភិវឌ្ឍគម្រោងនៅខេត្តនេះ។ ក្រុមហ៊ុនទាំងនេះរួមមាន Indochina Wind Power, Beijing Fengguang, Leader Wind Energy, HK Oasis Power Energy, SchneiTec Co. និង ក្រុមហ៊ុន Kouprey Windfarm។ គម្រោងរួមរវាងក្រុមហ៊ុន PowerChina និង China Huadian ក៏មាន Indochina Wind Power ជាដៃគូផងដែរ។

ក្រុមហ៊ុនមួយត្រូវបានដកហូតអាជ្ញាបណ្ណរួចទៅហើយ តាមការបញ្ជាក់របស់អភិបាលរងខេត្តមណ្ឌលគិរី លោក នាង វណ្ណៈ ប៉ុន្តែមិនបានបញ្ជាក់ថា ជាក្រុមហ៊ុនណា ឬផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

គម្រោងសំខាន់ដែលរំពឹងថានឹងដំឡើងតួប៊ីន រាប់រយគ្រឿងនៅតាមជើងភ្នំក្នុងខេត្ត ជាផ្នែកមូលដ្ឋាននៃផែនការរដ្ឋាភិបាល ក្នុងការបង្កើនភាគរយថាមពលកកើតឡើងវិញក្នុងសមត្ថភាពផលិតអគ្គិសនីសរុបឲ្យដល់ ៧០% នៅឆ្នាំ២០៣០ ខណៈប្រហែល ៦៣% នៅបច្ចុប្បន្ន។

អ៊ុត សុខផល្គុន អ្នកគ្រប់គ្រងគោលនយោបាយថាមពលនៅ EnergyLab អង្គការមួយមានមូលដ្ឋាននៅភ្នំពេញ ដែលផ្តោតលើការកសាងសមត្ថភាពសម្រាប់ការផ្លាស់ប្តូរទៅថាមពលកកើតឡើងវិញនៅក្នុងតំបន់ បានលើកឡើងថា៖​ «កម្ពុជាមានធនធានថាមពលពន្លឺព្រះអាទិត្យ និងវារីអគ្គិសនីយ៉ាងសម្បូរបែប ហើយអាចប្រើប្រាស់រួមគ្នា ដើម្បីផ្គត់ផ្គង់ថាមពលភាគច្រើនសម្រាប់ប្រទេស»។

សុខផល្គុន​​ បានបន្ថែមថា៖ «បន្ថែមពីនេះ កម្ពុជាក៏មានសក្តានុពលថាមពលដើរដោយខ្យល់ ដែលអាចជួយបំពេញនៅពេលដែលពន្លឺព្រះអាទិត្យមិនមានពន្លឺគ្រប់គ្រាន់»។

សក្តានុពលថាមពលដើរដោយខ្យល់របស់កម្ពុជាត្រូវបានប៉ាន់ប្រមាណមានប្រហែល ៦ជីហ្គាវ៉ាត់ ខណៈថាមពលពន្លឺព្រះអាទិត្យអាចមានដល់ ៤៤ ជីហ្គាវ៉ាត់។ អ្នកជំនាញថាមពលបានបញ្ជាក់ថា ប្រភពទាំងពីរនេះអាចបំពេញគ្នាទៅវិញទៅមក និងជួយធានាស្ថិរភាពនៃការផ្គត់ផ្គង់ ប្រសិនបើមានការពង្រីកសមត្ថភាពបច្ចេកទេស។

បើទោះបីអត្ថប្រយោជន៍ផ្នែកថាមពលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក៏ដោយ សហគមន៍នៅតំបន់គម្រោងបាននិយាយថាពួកគេមិនត្រូវបានជូនដំណឹង ឬពិគ្រោះយោបល់ជាមុនពីការអភិវឌ្ឍនេះឡើយ។ ទោះជាយ៉ាងណា ពួកគេនៅតែគាំទ្រគម្រោងតាមគោលការណ៍ ប៉ុន្តែពួកគេចង់ឃើញមានការពិគ្រោះយោបល់ឱ្យបានច្បាស់លាស់ និងអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់សហគមន៍មូលដ្ឋាន។

បង្គោលវាស់ល្បឿនខ្យល់មួយ ត្រូវបានដំឡើងនៅឃុំដាក់ដាំ ជាផ្នែកមួយនៃការវាយតម្លៃមុនពេលសាងសង់គម្រោងថាមពលដើរដោយខ្យល់ តាមការបញ្ជាក់របស់មេដឹកនាំជនជាតិដើមភាគតិចក្នុងតំបន់។ រូបថតថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/Coby Hobbs)

ការពិគ្រោះយោបល់មានកម្រិតបង្កភាពមិនច្បាស់លាស់

ប្រជាពលរដ្ឋនៅភូមិឡៅកា និងតំបន់ជិតខាងក្នុងឃុំដាក់ដាំ ពឹងផ្អែកយ៉ាងខ្លាំងលើព្រៃឈើជុំវិញសម្រាប់ជីវភាពរស់នៅ។ ពួកគេអនុវត្តកសិកម្មវិលជុំ ដោយដាំដំណាំដូចជា ដំឡូងមី កាហ្វេ ចេក និងស្វាយចន្ទី។ សមាជិកសហគមន៍បាននិយាយថា «ព្រៃអារក្ស» នៅជិតនោះ ក៏ត្រូវបានប្រើប្រាស់សម្រាប់គោរពដូនតាផងដែរ។

ក្រាវ  ឆ្វា អាយុ ២៣ឆ្នាំ ជាស្ត្រីជនជាតិដើមភាគតិចពូនង មកពីភូមិពូលេះ  ក្នុងឃុំដាក់ដាំ បានប្រាប់ថា ក្រុមហ៊ុន Beijing Fengguang បានដំឡើងបង្គោលវាស់ល្បឿនខ្យល់លើដីដំឡូងមីរបស់អ្នកស្រីទំហំមួយហិកតា កាលពីខែមិថុនា ឆ្នាំ២០២៥ ដោយគ្មានការពិគ្រោះ ឬផ្តល់ព័ត៌មានច្បាស់លាស់អំពីគម្រោងជាមុនឡើយ។

ក្រោយមក អ្នកស្រី បានយល់ព្រមឱ្យក្រុមហ៊ុននោះជួលដីរយៈពេល ១៨ខែ ក្នុងតម្លៃ ៥០០ ដុល្លារ ប៉ុន្តែអ្នកស្រីបានប្រាប់ថាការដំឡើងបង្គោលនោះធ្វើឱ្យអ្នកស្រីមិនអាចបន្តដាំដំណាំលើដីនោះបានទៀតទេ។

អ្នកស្រី បានលើកឡើងថា៖ «បើខ្ញុំដាំដំឡូងមី ដីមួយហិកតាអាចរកចំណូលបានជិត ១ ០០០ ដុល្លារ ក្នុងមួយឆ្នាំ អាស្រ័យលើតម្លៃទីផ្សារ។ ប៉ុន្តែពេលដីត្រូវប្រើសម្រាប់ដាក់បង្គោលបែបនេះ ខ្ញុំទទួលបានតែ ៥០០ដុល្លារប៉ុណ្ណោះ»។

ក្រាវ ឆ្វា ប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនង នៅឃុំដាក់ដាំ កំពុងបុកគ្រឿងផ្សំសម្រាប់ម្ហូបប្រពៃណីមួយ។ អ្នកស្រីបាននិយាយថា ដីកសិកម្មរបស់គាត់ត្រូវបានប្រើសម្រាប់ដំឡើងបង្គោលវាស់ល្បឿនខ្យល់ ក្នុងការសិក្សារបស់ក្រុមហ៊ុន Beijing Fengguang មុនពេលអនុវត្តគម្រោងថាមពលដើរដោយខ្យល់។ រូបថតថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ (CamboJA/Coby Hobbs)

លោក ហ៊ឹម ឧត្តម នាយកក្រុមហ៊ុន BS41 Green Energy Investment ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Beijing Fengguang និងកំពុងដឹកនាំគម្រោងនេះ បានបដិសេធការលើកឡើងរបស់អ្នកស្រី ក្រាវ ឆ្វា ដោយអះអាងថា ក្រុមហ៊ុនបានពិគ្រោះជាមួយប្រជាពលរដ្ឋ និងបានអនុវត្តការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមរួចរាល់ហើយ។

លោកបានបញ្ជាក់ថា៖ «យើងបានជួបពិភាក្សាជាមួយប្រជាពលរដ្ឋ ហើយការប្រើប្រាស់ដីគឺសម្រាប់ដំឡើងបង្គោលប៉ុណ្ណោះ។ មិនច្រើនដូចគម្រោងទំនប់វារីអគ្គិសនីទេ»។

លោក ឧត្តម  បានបន្ថែមថា គម្រោងសាងសង់តួប៊ីនប្រហែល៣០  នៅឃុំដាក់ដាំ គ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧ និងបញ្ចប់នៅឆ្នាំ២០២៩ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ពីទំហំដីដែលត្រូវប្រើ ឬថាតើវានឹងប៉ះពាល់ដល់ដីកសិកម្មវិលជុំ ឬអត់ឡើយ។

ឆ្វា ក៏មានការព្រួយបារម្ភថា គម្រោងនេះប្រហែលជាមិននឹងនាំមកនូវឱកាសការងារសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានបានច្រើនឡើយ។

មិនមានទិន្នន័យផ្លូវការអំពីទំហំវិនិយោគសរុបនៃគម្រោងទាំង៦ឡើយ។ ទោះជាយ៉ាងណាសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយដោយបានប៉ាន់ប្រមាណថា គម្រោងមួយដែលមានសមត្ថភាពផលិតអគ្គិសនីបាន ១៥០ម៉េហ្គាវ៉ាត់ (ដែលផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុនម៉ាឡេស៊ីមួយមិនបញ្ចេញឈ្មោះ) អាចមានតម្លៃប្រហែល ២០០លានដុល្លារ និងបង្កើតការងារប្រហែល ៤២កន្លែង។

សុខផល្គុន បានប្រាប់ថា៖ «នៅពេលមានការសាងសង់ក្រុមតួប៊ីនខ្យល់ថ្មីៗ ក្រុមហ៊ុនគួរត្រូវផ្តល់អាទិភាពដល់ការជួលកម្លាំងការងារក្នុងស្រុក ដើម្បីឱ្យប្រជាជនកម្ពុជាទទួលបានបទពិសោធន៍ពិតប្រាកដ ជាជាងការពឹងផ្អែកតែទៅលើអ្នកជំនាញបរទេស»។

អ្នកស្រី តុប ស្រីនិច ប្រជាពលរដ្ឋនៅភូមិពូត្រែង ក្នុងឃុំដាក់ដាំ បានលើកឡើងពីការព្រួយបារម្ភស្រដៀងគ្នាពីការខ្វះខាតក្នុងការបង្ហាញព័ត៌មានជាសាធារណៈ។

អ្នកស្រីបាននិយាយថា៖ «តាមអ្វីដែលខ្ញុំបានឮ គម្រោងនេះគ្រោងធ្វើលើផ្ទៃដីសរុបប្រហែល ៦ ០០០ ហិកតា»។

នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក វណ្ណៈ បានបញ្ជាក់ថា ទំហំដីពិតប្រាកដតិចជាងចំនួននេះ ហើយក្រុមហ៊ុននីមួយៗនឹងប្រើប្រាស់ប្រហែល ១០០ ទៅ ២០០ ហិកតាប៉ុណ្ណោះ។ ទោះជាយ៉ាងណា សារព័ត៌មានខេមបូចា មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើទំហំសរុបនៃគម្រោងទាំងអស់បានឡើយ។

ចម្ការវិលជុំដែលប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនងនៅភូមិឡៅកា ប្រើសម្រាប់ដាំចេក និងដំណាំផ្សេងៗ ដែលពួកគេបានអះអាងថាត្រូវបានឈូយឆាយដោយគ្មានការជូនដំណឹង ឬការពិគ្រោះយោបល់ជាមុនឡើយ។ រូបថតថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/Coby Hobbs)

ឯកសារពីក្រសួងបរិស្ថាន ដែល សារព័ត៌មានខេមបូចា ទទួលបាន បង្ហាញថា គម្រោង Kouprey Windfarm ដែលជាក្រុមហ៊ុនគម្រោងមួយ បង្កើតឡើងដោយក្រុមហ៊ុន The Blue Circle មានមូលដ្ឋាននៅប្រទេសសិង្ហបុរី គ្រោងអភិវឌ្ឍតួប៊ីនចំនួន២៤ លើផ្ទៃជាង៥០ហិកតា។

តួប៊ីនមួយចំនួនត្រូវបានគេមើលឃើញថា អាចនឹងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃកែវសីមា ដែលទាំងពីរនេះស្ថិតនៅក្នុងឃុំពូជ្រៃ។

ឯកសារទាំងនេះក៏បង្ហាញថា ដីប្រហែល២៤ហិកតានៃតំបន់គម្រោង មានការជាន់គ្នាជាមួយព្រៃសហគមន៍ការពាររបស់ភូមិឡៅកា ដែលត្រូវបានរាយការណ៍ថាបានចុះបញ្ជីតាំងពីឆ្នាំ ២០១៤។

ស្លាកសញ្ញាមួយនៅជិតភូមិឡៅកា បញ្ជាក់ថា តួប៊ីនចំនួន២៤ របស់ក្រុមហ៊ុន PowerChina នឹងលាតសន្ធឹងលើចម្ងាយប្រមាណ៦៤គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។

ខណៈប្រជាពលរដ្ឋមួយចំនួននៅភូមិឡៅកា និងឃុំដាក់ដាំ និយាយថា ពួកគេមិនសូវដឹងច្បាស់​អំពីទិសដៅនៃគម្រោង ឬផលប៉ះពាល់របស់វាក៏ដោយ ក៏យ៉ាងហោចណាស់មានតំណាងសហគមន៍ម្នាក់ ដូចជា កិ ង៉ែវ មកពីភូមិឡៅកា ដែលបានជួបពិភាក្សាជាមួយអាជ្ញាធរនៅរាជធានីភ្នំពេញ អំពីគម្រោងនេះ កាលពីថ្ងៃទី ១១ ខែមីនា ថ្មីៗនេះ។

ប៉ុន្តែលោកក៏បាននិយាយថា លោកមិនទាន់ដឹងលម្អិតអំពីលទ្ធផលនៃការវាយតម្លៃផលប៉ះពាល់នោះទេ ហើយក៏មិនច្បាស់ថា នឹងមានការកំណត់តំបន់ការពារឬអត់ដែរ។

លោកបាននិយាយថា៖ «គម្រោងអភិវឌ្ឍន៍នេះប៉ះពាល់ដល់តំបន់ខ្លះៗ ប៉ុន្តែក្រុមហ៊ុនបានសន្យាថានឹងជួយសាងសង់សាលារៀន និងផ្លូវ ហើយការសម្រេចចុងក្រោយនឹងអាស្រ័យលើរដ្ឋាភិបាល»។

ការវាយតម្លៃផលប៉ះពាល់ និងការពារជីវចម្រុះ

នៅពេលត្រូវបានទាក់ទងទៅកាលពីខែមីនា លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថាន និង លោក លឹម ចាន់សុភី ​ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តមណ្ឌលគិរី និងបានឱ្យដឹងថាការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ដែលតម្រូវដោយច្បាប់ ត្រូវបានបញ្ចប់រួចរាល់សម្រាប់ក្រុមហ៊ុនចំនួនបី ដែលមិនត្រូវបានបង្ហាញឈ្មោះឡើយ ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងនោះកំពុងសាងសង់ផ្លូវចូល និងឈូយឆាយដី។

នៅពេលត្រូវបានសួរថា តើអាចចែករំលែកឯកសារសិក្សាទាំងនោះបានដែរឬទេ មន្ត្រីទាំងពីរបាននិយាយថា ត្រូវការការយល់ព្រមពីថ្នាក់ជាតិជាមុនសិន។ ពួកគេមិនបានបញ្ជាក់ថា ការបង្ហាញព័ត៌មានទាំងនោះនឹងត្រូវអនុញ្ញាតមុនពេលអត្ថបទនេះត្រូវបានផ្សព្វផ្សាយ ឬអត់ឡើយ​។

លោក វិបុល បានទទួលស្គាល់ថា គម្រោងទាំងនេះអាចប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិច តំបន់ការពារ និងដីកសិកម្ម ប៉ុន្តែបានបញ្ជាក់ថាអាទិភាពរបស់រដ្ឋាភិបាលគឺធានាការផ្គត់ផ្គង់អគ្គិសនីក្នុងស្រុក។ លោកបានបន្ថែមថា អាជ្ញាធរ និងក្រុមហ៊ុនបានផ្តល់សំណង ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន «នៅតែមិនពេញចិត្ត»។

ប្រជាពលរដ្ឋម្នាក់នៅភូមិឡៅកា ថតរូបទីតាំងសាងសង់តួប៊ីនថាមពលដើរដោយខ្យល់នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ (ខេមបូចា/ទ្រី​​ ថានី) 

បន្ថែមពីនេះ ក៏មានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានលើជីវចម្រុះផងដែរ។

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានលើកឡើងនាពេលកន្លងទៅថា គម្រោងមួយមានការត្រួតគ្នាទៅក្នុងតំបន់អភិរក្សនៅដែនជម្រកសត្វព្រៃកែវសីមា ដែលជាទីជម្រកសត្វស្លាបដែលកំពុងរងគ្រោះ។

អ្នកនាំពាក្យរបស់អង្គការនេះបាននិយាយតាមអ៊ីម៉ែលថា៖ «WCS គាំទ្រគម្រោងថាមពលកកើតឡើងវិញ ដែលជួយលើកកម្ពស់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា បើសិនជាគម្រោងទាំងនោះគោរពតាមស្តង់ដារខ្ពស់ក្នុងការការពារជីវចម្រុះ និងគោរពសិទ្ធិសហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិច»។​ អង្គការនេះបានបន្ថែមថា តួនាទីរបស់ខ្លួនក្នុងគម្រោងមួយដែលមិនបានបង្ហាញឈ្មោះ គឺមានកម្រិតត្រឹមតែ «ការផ្តល់ដំបូន្មានវិទ្យាសាស្ត្រដោយឯករាជ្យ» ប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធនឹងការអនុម័ត ឬការអនុវត្តគម្រោងឡើយ។

WCS ក៏បានលើកឡើងពីវិធានការកាត់បន្ថយហានិភ័យដល់សត្វព្រៃ ដូចជា ការប្រើឧបករណ៍បណ្តេញប្រចៀវដោយរលកសំឡេងខ្ពស់ ការលាបពណ៌ស្លាបទួរប៊ីនឱ្យងាយមើលឃើញ និងការបិទដំណើរការបណ្តោះអាសន្ននៅពេលរដូវសត្វផ្លាស់ទី។ អង្គការនេះបានបញ្ជាក់ថា តាមការវាយតម្លៃរបស់ខ្លួន ហានិភ័យចំពោះប្រភេទបក្សីសំខាន់ៗ ហាក់មានកម្រិតទាប ប្រសិនបើតួប៊ីនត្រូវបានដាក់នៅទីតាំងសមស្រប និងអនុវត្តវិធានការការពារដែលបានណែនាំ។

ចន្លោះប្រហោងក្នុងការចុះបញ្ជីដីធ្លី បង្កហានិភ័យដល់សហគមន៍ជនជាតិដើមភាគតិច

ខណៈពេលការអភិវឌ្ឍថាមពលដើរដោយខ្យល់កំពុងបន្តទៅមុខ អវត្តមានប័ណ្ណកម្មសិទ្ធិដីសមូហភាពផ្លូវការ នៅតែជាមូលហេតុសំខាន់នៃភាពតានតឹងនៅខេត្តមណ្ឌលគិរី។

ភីរម្យ និងសមាជិកផ្សេងទៀតក្នុងសហគមន៍របស់អ្នកស្រី បាននិយាយថា ពួកគេបានចំណាយ​ពេលជាច្រើនឆ្នាំ ក្នុងការខិតខំស្វែងរកការទទួលស្គាល់សិទ្ធិកម្មសិទ្ធិដីធ្លីរបស់ពួកគេតាមផ្លូវច្បាប់ ស្របពេលដែលជាមួយគ្នានេះពួកគេក៏ត្រូវទប់ស្កាត់ការលុកលុយពីក្រុមហ៊ុនឯកជនលើដីដែលពួកគេអះអាងថា បានបន្តមកពីបុព្វបុរសជាច្រើនជំនាន់មកហើយ។

លោក សុភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចចំនួន ២៧ នៅក្នុងខេត្ត មានតែ៨សហគមន៍ប៉ុណ្ណោះ ដែលបានបញ្ចប់ការចុះបញ្ជីដីសហគមន៍ជាសមូហភាព។

តាមអង្គការការពារសិទ្ធិជនជាតិដើមភាគតិច ដំណើរការនេះមានភាពស្មុគស្មាញ និងជាញឹកញាប់ត្រូវបានពន្យារពេល ឬជាប់គាំង។

ផ្ទះមួយខ្នងរបស់ជនជាតិដើមភាគតិចពូនង សាងសង់ទាបជិតដី ដែលមានដំបូលប្រក់ស្លឹក និងជញ្ជាំងធ្វើពីឫស្សី។ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ (ខេមបូចា/Coby Hobbs)

លោក ណាន់ សុខុន មន្ត្រីគម្រោងនៃអង្គការជនជាតិដើមភាគតិចកម្ពុជា(CIPO) បាននិយាយថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចពូនង នៅភូមិឡៅកា បានដាក់ពាក្យស្នើសុំចុះបញ្ជីដីសមូហភាពចុងក្រោយបង្អស់នៅឆ្នាំ២០២៣ ហើយបច្ចុប្បន្នកំពុងស្ថិតនៅដំណាក់កាលកំណត់អត្តសញ្ញាណ ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់ពីនេះដំណើរការនឹងបន្តទៅក្រសួងមហាផ្ទៃ ដើម្បីទទួលស្គាល់ជាសហគមន៍ជនជាតិដើមភាគតិចតាមផ្លូវច្បាប់ មុននឹងបញ្ជូនទៅក្រសួងដែនដី ដើម្បីចុះបញ្ជីកម្មសិទ្ធិដីជាសហគមន៍​។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលអនុវត្តបានទាបជាងគោលដៅឆ្នាំ ២០១៧យ៉ាងច្រើន ដែលមានបំណងផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចចំនួន១០ក្នុងមួយឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនាឱកាសទិវាជនជាតិដើមភាគតិចពិភពលោក ឆ្នាំ២០២៤ អង្គការនេះបានបញ្ជាក់ថា ចន្លោះឆ្នាំ២០១១ ដល់ ឆ្នាំ២០២៤ មានតែ៤៣ ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចចំនួន ៤៥៨ ប៉ុណ្ណោះ ដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី។

បុគ្គលិកម្នាក់ពីក្រុមហ៊ុន PowerChina ដែលមិនបានបញ្ជាក់ឈ្មោះ បាននិយាយថា សំណងនឹងផ្តល់ជូនតែចំពោះប្រជាពលរដ្ឋដែលអាចបង្ហាញឯកសារផ្លូវការ ដើម្បីបញ្ជាក់ពីភាពជាម្ចាស់លើដីធ្លីនោះប៉ុណ្ណោះ។

អ្នកសារព័ត៌មានខេមបូចា បានព្យាយាមទាក់ទងក្រុមហ៊ុន China Huadian និងក្រុមហ៊ុនទាំងប្រាំមួយដែលទទួលអាជ្ញាបណ្ណគម្រោង ដោយប្រើព័ត៌មានទំនាក់ទំនងដែលមានក្នុងបញ្ជីចុះឈ្មោះអាជីវកម្ម និងគេហទំព័ររបស់ក្រុមហ៊ុន។ ប៉ុន្តែភាគច្រើនក្រុមហ៊ុនទាំងនោះមិនបានឆ្លើយតបឡើយ។ ចំណែកឯការឆ្លើយតបពី PowerChina គឺទទួលបានតាមរយៈការសន្ទនាជាមួយបុគ្គលិកនៅទីតាំងការដ្ឋានជីកដី។

ខណៈដែលគ្រឹះតួប៊ីនកំពុងត្រូវបានចាក់បេតុងរួចរាល់មួយចំនួនហើយ វាក៏នៅតែមិនច្បាស់ថា សហគមន៍ដែលរងផលប៉ះពាល់ នឹងអាចទទួលបានការទទួលស្គាល់តាមផ្លូវច្បាប់លើដីដែលពួកគេកាន់កាប់បន្តពីជំនាន់មួយទៅជំនាន់មួយ មុនពេលការអភិវឌ្ឍបំប្លែងដីទាំងនោះឬអត់៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia’s First Wind Projects Stir Tensions in Indigenous Communities

ព័ត៌មានថ្មី

អត្ថបទពេញនិយម