ប្រជាពលរដ្ឋរាប់រយគ្រួសារនៅខេត្តព្រះវិហារកំពុងទាមទារឱ្យក្រុមហ៊ុន Global Green (Cambodia) Energy Development Co Ltd ប្រគល់ដីរបស់ពួកគេមកវិញ។ ពួកគេបានចោទប្រកាន់ក្រុមហ៊ុនថា បានឈូសឆាយកសិដ្ឋានរបស់ពួកគេ និងបង្ខំឱ្យប្រជាពលរដ្ឋមួយចំនួនទទួលយកសំណង ទោះបីជាបុគ្គលិកក្រុមហ៊ុនម្នាក់បានបដិសេធថាមិនបានប្រើកម្លាំងណាមួយលើពួកគេក៏ដោយ។
មនុស្សប្រហែល៩០នាក់បានធ្វើបាតុកម្ម និងដាក់ញត្តិទៅសាលាខេត្តព្រះវិហារនៅថ្ងៃទី២១ ខែមេសា តំណាងឱ្យគ្រួសារចំនួន១៤៦ ដែលកំពុងទាមទារដីរបស់ពួកគេ ដែលមានទំហំសរុប ៩៨៤ ហិកតា។ ពួកគេបានចោទប្រកាន់ថាក្រុមហ៊ុន Global Green បានឈូសឆាយដីព្រៃឈើ ដែលពួកគេកំពុងទទួលផល ហើយបានហាមឃាត់ពួកគេមិនឱ្យចូលទៅក្នុងទីតាំងនៅក្នុងស្រុករវៀង ដែលជាតំបន់ដែលពួកគេបានតវ៉ានៅដើមឆ្នាំ២០២៤។
តំណាងអ្នកភូមិ លោក ឡុំ សៃ បាននិយាយថា អាជ្ញាធរបានទទួលយកញត្តិរបស់ពួកគេ ហើយបានជូនដំណឹងដល់ពួកគេថា ពួកគេនឹងទទួលបានការឆ្លើយតបនៅសប្តាហ៍ក្រោយ។
កាលពីខែតុលាឆ្នាំមុន សារព័ត៌មានខេមបូចា បានរាយការណ៍ថា ក្រុមហ៊ុន Global Green មានទំនាក់ទំនងជាមួយឧកញ៉ា ទ្រី ភាព ដែលត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្រោមច្បាប់ Global Magnitsky Act។
លោក សៃ បានឱ្យដឹងថា៖ «យើងចង់បានដីរបស់យើងមកវិញ។ យើងត្រូវបានបង្ខំឱ្យទទួលយកសំណង»។
លោក សៃ បានបញ្ជាក់ដោយបន្ទរអារម្មណ៍ពីមនុស្សជាច្រើននៅក្នុងភូមិថា៖ «ខ្ញុំបានទទួលប្រាក់ខ្លះ ប៉ុន្តែខ្ញុំមិនពេញចិត្តទេ ព្រោះយើងត្រូវបានបង្ខំឱ្យទទួលយកវា»។ លោកបានបន្តថា៖ «ក្រុមហ៊ុនបានប្រាប់យើងថា ពួកគេនឹងយកដីនោះ មិនថាយើងទទួលយកសំណង ឬអត់នោះទេ»។
លោកបានបន្ថែមថា៖ «យើងគ្មានជម្រើសទេ។ ទោះបីជាយើងបដិសេធសំណងក៏ដោយ ដីនោះនៅតែត្រូវបានយក»។
លោក សៃ បានទទួលប្រាក់ចំនួន ៩ ៧០០ ដុល្លារសម្រាប់ដីទំហំបីហិកតានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលដីទំហំបីហិកតាទៀតមិនទាន់ទទួលបានសំណងនៅឡើយទេ។ គាត់បានទទួលមរតកដីពីឪពុកម្តាយរបស់គាត់ក្នុងឆ្នាំ២០០៩ ហើយបានដាំដំណាំស្វាយចន្ទី ស្រូវ និងដំឡូងមី។
យោងតាមលោក សៃ ក្រុមហ៊ុនបានឈូសឆាយដំណាំដែលដាំដុះដោយអ្នកភូមិរួចហើយ មុនពេលពួកគេទទួលបានសំណង។
អ្នកស្រុកម្នាក់ទៀតឈ្មោះ នុត សុខឿន បាននិយាយថា គាត់ក៏ត្រូវបានបង្ខំឱ្យទទួលយកសំណងប្រហែល ៧ ០០០ ដុល្លារសម្រាប់ដីរបស់គាត់ដែលមានទំហំប្រហែលបួនហិកតាផងដែរ។
អ្នកស្រីបានឱ្យដឹងថា៖ «ប្រសិនបើខ្ញុំមិនយកវាទេ ពួកគេនិយាយថា យើងនឹងមិនទទួលបានអ្វីទាំងអស់ ព្រោះដីនេះជារបស់រដ្ឋ»។ អ្នកស្រីបន្តថា៖ «ខ្ញុំមិនពេញចិត្តទេ […] វាមិនគ្រប់គ្រាន់ទេ ខ្ញុំចង់បានដីរបស់ខ្ញុំមកវិញ»។
បុគ្គលិកក្រុមហ៊ុនម្នាក់ដែលបដិសេធមិនបញ្ចេញឈ្មោះ មិនបានបង្ហាញព័ត៌មានច្រើនទេ នៅពេលដែលត្រូវបានទាក់ទងដោយអ្នកយកព័ត៌មានខេមបូចា ដោយប្រើលេខទូរសព្ទដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម។ លោកបានលើកឡើងថា ក្រុមហ៊ុនបានផ្តល់សំណងស្របតាមកិច្ចព្រមព្រៀង ដោយបានបញ្ជូនសំណួរទៅអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក យិន ម៉េងលី បានជំរុញឱ្យអាជ្ញាធរពិនិត្យឡើងវិញយ៉ាងហ្មត់ចត់នូវករណីគ្រួសារដែលទទួលបានសំណង ដើម្បីកំណត់ថាតើពួកគេយល់ព្រមដោយស្ម័គ្រចិត្ត ឬត្រូវបានបង្ខំឱ្យទទួលយកវា។ លោកបានសង្កត់ធ្ងន់ថា សំណងត្រូវតែផ្អែកលើការព្រមព្រៀងដោយស្ម័គ្រចិត្ត។
លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើសំណងមិនគ្រប់គ្រាន់ទេ អ្នកភូមិនឹងមិនអាចស្វែងរកដីផ្សេងទៀតសម្រាប់ដាំដុះបានទេ។ ការចរចាសំណងមិនគួរពាក់ព័ន្ធនឹងសម្ពាធនោះទេ»។
លោកបានបន្ថែមថា ការដោះស្រាយជម្លោះនៅទីបំផុតអាចតម្រូវឱ្យមានអន្តរាគមន៍នៅកម្រិតជាតិ ដោយកត់សម្គាល់ថា Global Green ហាក់ដូចជាមាន «ឥទ្ធិពលគួរឱ្យកត់សម្គាល់» ដែលធ្វើឱ្យអាជ្ញាធរមូលដ្ឋានពិបាកដោះស្រាយបញ្ហានេះ។
អ្នកនាំពាក្យខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Preah Vihear Villagers Protest, Submit Petition for Return of Farmland from Global Green Mining Firm









