សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អាជ្ញាធរខេត្តកំពង់ធំ​ បានឃាត់ខ្លួនជនសង្ស័យមួយចំនួន ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានក្នុងតំបន់ព្រៃឡង់ នៅដើមឆ្នាំ២០២៦

អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន និងលោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យភូមិសាស្ត្រដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ ស្រុកសំបូរ ខេត្តក្រចេះ។ (រូបភាព៖ ហ្វេសប៊ុក លោក នួន ផារ័ត្ន)
អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន និងលោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យភូមិសាស្ត្រដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ ស្រុកសំបូរ ខេត្តក្រចេះ។ (រូបភាព៖ ហ្វេសប៊ុក លោក នួន ផារ័ត្ន)

គិតត្រឹមដើមឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តកំពង់ធំបានកសាងសំណុំរឿងចំនួន៧ ដោយមានការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានក្នុងតបន់ព្រៃឡង់។ យោងតាមអភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានលើកឡើងក្នុងហ្វេសប៊ុក​របស់លោកនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

លោក ផារ័ត្ន បានបញ្ជាក់ថា ពេលនេះ រដ្ឋបាលខេត្តចាត់វិធានការរដ្ឋបាលបន្ថែមចំនួន២ទៀតសម្រាប់ពេលខាងមុខនេះ ហើយក៏នឹងធ្វើការសហការជាមួយស្ថាប័នតុលាការក្នុងការស៊ើបអង្កេត ស្វែងរកមេក្លោងដែលនៅពីក្រោយខ្នងនៃការកាប់ទន្ទ្រាននេះផងដែរ។

លោកអភិបាលខេត្ត បានថ្លែងថា៖ «គិតត្រឹមដើមឆ្នាំ២០២៦នេះ អាជ្ញាធរបានកសាងសំណុំរឿងចំនួន៧ ដោយមានការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ»។

យោងតាមហ្វេសប៊ុកផេករបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១០​ ខែឧសភា ឆ្នាំ ២០២៦​ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធាន​អចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះទៅត្រួតពិនិត្យភូមិសាស្ត្រដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ ស្រុកសំបូរ ខេត្តក្រចេះ ។

នៅក្នុងឱកាសនោះ កងកម្លាំងចម្រុះបានទៅត្រួតពិនិត្យតំបន់ព្រៃឡង់ ដែលត្រូវរងការកាប់ទន្ទ្រានដោយជនល្មើសក្នុងអំឡុងពេលបុណ្យចូលឆ្នាំកន្លងទៅ មានប្រមាណពី​ ៥​ ទៅ ៦​ហិកតា ស្ថិតនៅក្នុងតំបន់អូរកង់ ភូមិ​សាស្ត្រ​ដែន​ជម្រក​សត្វព្រៃ​ ព្រៃ​ឡង់​ ក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ ស្រុកសំបូរ ខេត្តក្រចេះផងដែរ។

លោក នួន ផារ័ត្ន បានថ្លៃងការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់ព្រៃឡង់ ដែលរងការលួច​កាប់ទន្ទ្រាន​ ក្នុងអំឡុង​ពេលបុណ្យចូលឆ្នាំកន្លងនេះ នឹងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ឱ្យស្ថាប័នបរិស្ថានខេត្តកំពង់ធំ រៀបចំដីកាដកហូតជាន្ទាន់យកមកធ្វើជាសម្បត្តិរដ្ឋ និងបានបញ្ជាឱ្យរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការស្រាវជ្រាវវែករកមុខសញ្ញាជនប្រព្រឹត្តបទល្មើស ដើម្បីផ្ដន្ទាទោស​ឱ្យបានធ្ងន់ធ្ងរបំផុត និងសន្យាផ្ដល់ជូនរង្វាន់ចំពោះជនណាដែលបានផ្ដល់ព័ត៌មានពីមុខសញ្ញាជនដែលបានលួចកាប់​ទន្ទ្រាន​ព្រៃ​ឈើ​ និងអ្នកនៅពីក្រោយខ្នង ដើម្បីចាប់ឃាត់ខ្លួនយកផ្ដន្ទាទោសតាមផ្លូវច្បាប់។

លោក ផារ័ត្ន បានដាក់បទបញ្ជាឲ្យលោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ត្រូវ​សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំកែសម្រួលកម្លាំងចម្រុះដែលប្រចាំការ នៅទីបញ្ជាការស្រាល ឈរជើងក្នុងភូមិសាស្ត្រនោះ ដើម្បីបង្កើនការគ្រប់​គ្រង​នៅតំបន់នេះឲ្យបាន​ ដោយ​មិនឲ្យមានការកាប់ទន្ទ្រានជាថ្មី និងល្បាតឃ្លាំមើល ចាំចាប់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែង ដើម្បីនាំខ្លួនបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។

លោក សោម ស៊ុន បានប្តេជ្ញាចិត្ត គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់លោកអភិបាលខេត្ត និងបន្តសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ រួម​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ ដើម្បីរួមគ្នាក្នុងការការពារធនធានធម្មជាតិរបស់យើងឲ្យនៅគង់វង្ស សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀតឲ្យបាន។

បណ្តាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ ចុះល្បាតរយៈពេល៤ថ្ងៃ ជួបនឹងបទល្មើសកាប់ឈើជាច្រើនករណី ដើមខែឧសភានេះ នៅចំណុចមួយចំនួនក្នុងតំបន់ព្រៃឡង់ ខេត្តព្រះវិហារ។ (រូបភាព៖ បណ្តាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ)

ដោយឡែក យោងតាមបណ្ដាសហគមន៍ព្រៃឡង់ ខេត្ដព្រះវិហារ បានឱ្យដឹងថា ការ​ធ្វើការ​ចុះ​ល្បាតអស់រយៈពេល បីយប់ បួនថ្ងៃ គិតចាប់​ពីថ្ងៃ​ទី៧ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

បណ្ដាញសហគមន៍ព្រៃឡង់ បានជួបប្រទះបទល្មើសជាច្រើនករណីដូចជា៖ គល់ឈើដែលបានកាត់រួចចំនួន ៤១គល់, រណាយន្ដចំនួន ៣ គ្រឿង, អាវុធកែច្នៃចំនួន ៦ ដើម, គោយន្ដ ចំនួន ៦ គ្រឿង និងបានជួបមនុស្ស ២០នាក់ នៅចំណុច ត្រពាំងរាំ វាលក្រៀល ត្រពាំងស្មាច ខ្សាច់ស អូរគោល ជាំប្រមេរ ជាំទូក និងប្រឡាយរលាយ។

ភស្ដុតាងទាំងអស់នោះបណ្ដាញសហគន៍ព្រៃឡង់ ខេត្ដព្រះវិហារ បានប្រគល់ជូនមន្រ្ដីជំនាញដើម្បីរក្សាទុកជាវត្ថុតាង និងចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម