សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ការ​​​​​លះបង់នៅ​ពីក្រោយ​ក្តី​ស្រឡាញ់ ចំពោះ​​​សកម្មជន​បរិស្ថាន​នៅ​​​កម្ពុជា​

ដីព្រៃ​ត្រូវ​បាន​រាន​សម្រាប់ការ​ធ្វើ​ដំណាំ​តែមួយ​ប្រភេទ​នៅខេត្ត​កោះ​កុង​ ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​បរិស្ថាន​ដែល​អង្គការ​មាតាធម្មជាតិកម្ពុជា​បា​ន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​ប្រមូល​ព័ត៌មាន​។ (រូប​ភាព​៖ លូក ដាកហ្គើល​ប៊ី​/Redux)
ដីព្រៃ​ត្រូវ​បាន​រាន​សម្រាប់ការ​ធ្វើ​ដំណាំ​តែមួយ​ប្រភេទ​នៅខេត្ត​កោះ​កុង​ ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​បរិស្ថាន​ដែល​អង្គការ​មាតាធម្មជាតិកម្ពុជា​បា​ន​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​ប្រមូល​ព័ត៌មាន​។ (រូប​ភាព​៖ លូក ដាកហ្គើល​ប៊ី​/Redux)

សកម្មជន​អង្គការមាតាធម្មជាតិកម្ពុជា​៥រូប​កំពុង​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​រហូត​ដល់​៨​ឆ្នាំ​នៅ​​កម្ពុជា​។ បើទោះបីជា​គ្មានការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ក៏ដោយ ក៏​ទណ្ឌកម្ម​បាន​កើត​មាន​រួច​ទៅហើយ​ស​ម្រាប់ក្រុម​គ្រួសារ​របស់​សកម្មជនទាំង​៥​រូបនេះ។​

រាល់ពេលដែលកូនប្រុសរបស់​អ្នក​ស្រី​សួរថា “តើ​ប៉ាប៉ានៅឯណា?” អ្នក​ស្រី ប៉ាត រស្មី ពិត​ជា​ពិបាក​ឆ្លើយ។

អ្នក​ស្រី​ប្រាប់កូន​ប្រុស​ថា ឪពុក​របស់​គេ​​​​រវល់​​សិក្សា។ អ្វី​ដែល​អ្នកស្រី​​មិន​អាច​បង្ខំខ្លួន​ឯង​ឱ្យ​និយាយ​បាន​នោះ គឺថា ​លោក ថុ​ន រដ្ឋា សកម្មជន​បរិស្ថាន​ដែល​បាន​ចំ​ណាយ​ពេល​ជាច្រើន​ឆ្នាំ ​ដើម្បី​ការពារ​ព្រៃឈើ និង​ទន្លេ​នៅ​ប្រទេស​កម្ពុជានោះ កំពុង​​ជាប់​​ពន្ធនាគារ។

កាល​ពី​ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង​រាជធានី​ភ្នំពេញបានកាត់ទោសលោក ​និង​សមាជិក៤នាក់ទៀត នៃអង្គការមាតាធម្មជាតិ ពីបទរួម​គំនិត​ក្បត់​។ លោក​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​​​៦​​ឆ្នាំ។ កូនពៅរបស់អ្នក​ទាំង​ពីរ​មិនទាន់កើត​​នៅឡើយ​ទេ នៅ​ពេលលោក​ ថុន រដ្ឋា ត្រូវ​បាន​ចាប់ខ្លួន​។​

ក្រុមសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សទូទាំងពិភពលោកបានថ្កោលទោសសា​ល​ក្រមនេះ។ អង្គការមាតាធម្មជាតិកម្ពុជា ដែលជាចលនាបរិស្ថានដឹកនាំដោយយុវជនដែលបង្កើតឡើងក្នុងឆ្នាំ២០១២ បានច្រានចោលការចោទប្រកាន់នេះ។ ក្រុម​អ្នក​គាំ​​ទ្រ​បាន​និយាយ​ថា សកម្មជន​ទាំង​នោះ​មិន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​ប្រមូល​ព័ត៌មាន​អំពី​ការ​បំផ្លាញ​បរិស្ថាន​នៅ​កម្ពុជានោះទេ​។

រយៈ​ពេលជិត​ពីរ​ឆ្នាំ​មក​ហើយ សវនាការបណ្តឹង​​ឧទ្ធរណ៍​ដែល​គេ​​ទន្ទឹង​រង់ចាំ​ជា​យូរ​និង​​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២ ខែ​មិថុនានោះ​ ត្រូវ​បាន​ពន្យារពេល​ភ្លាមៗ។ កាលពីសប្តាហ៍មុន អង្គការសង្គមស៊ីវិលចំនួន៧០​​​នៅទូទាំងពិភពលោក បានអំពាវនាវឱ្យមានការ​​​ដោះលែងសកម្មជនទាំង​​៥​នាក់ជាបន្ទាន់។ សម្រាប់អ្នកស្រី ប៉ាត ​រស្មី និង​ក្រុម​គ្រួសារ​ផ្សេង​ទៀត វា​គឺ​សម្ពា​ធ​ថ្មី​​មួយ​ទៀត។

អ្នកស្រី​បានប្រាប់ HaRDstories តាមទូរសព្ទថា៖​ «កូនទាំងបីរបស់ខ្ញុំមិនបានទទួលភាពកក់ក្តៅ ឬការណែនាំពីឪពុករបស់ពួកគេទេ»។

ភាគច្រើន​ អ្នកស្រី​ចិញ្ចឹមពួកគេដោយខ្លួនឯង ដែល​មាន​អាយុប្រាំមួយឆ្នាំ ពីរឆ្នាំ និងអាយុ ១​ឆ្នាំ ដោយ​រស់នៅជាមួយម្តាយរបស់អ្នក​ស្រី​នៅខេត្ត ទី​ដែល​អ្នក​ស្រី​បើកហាងលក់គ្រឿងទេសតូចមួយ។ កូនពៅ​ទាំង​ពីររបស់អ្នក​ស្រី​ស្ទើរតែមិន​​ស្គាល់​ឪពុករបស់ពួកគេ​​។

នៅពេលលោក ថុន រដ្ឋា ត្រូវបានចាប់ខ្លួនលើ​ក​ដំបូង កូនប្រុសច្បងរបស់ពួក​គេមានអាយុប្រាំមួយខែ។ នៅពេលលោក ថុន រដ្ឋា ​ត្រូវបានចាប់ខ្លួនម្តងទៀត កូនប្រុសទីពីររបស់ពួកគេមានអាយុ ៦ខែ​ដែរ​ ហើយអ្នក​ស្រី ប៉ាត រស្មី ​ក៏​មានផ្ទៃពោះ​​​កូនស្រី​​​​រួចហើយ ប៉ុន្តែ​អ្នក​ស្រី​​មិនទាន់​​ដឹងនៅឡើយ​ទេ​ពេល​​នោះ​។

អ្នក​ស្រី​​បាន​និយាយ​ថា​៖ «ខ្ញុំ​រវល់​តែ​រឿង​ក្តី​តុលាការ​របស់​គាត់ខ្លាំង​ពេក​​ រហូត​ដល់​ខ្ញុំ​​មិនបាន​​​ដឹង» ។

សកម្មជន​ចលនា​មាតាធម្មជាតិ​រួម​ទាំង​លោក​ ថុន រដ្ឋា (​រូបទី​២​ ខាងស្តាំ) កំពុង​បី​កូន​ប្រុស​របស់​គាត់​ និយាយ​លា​ទៅកាន់​អ្នក​គាំទ្រ​នៅក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤​។ (រូបភាព៖​ ជឺរ៉ាល់ ហ្វ្លីន/ Mongabay)

ការងារដ៏​គ្រោះថ្នាក់

អង្គការ​មាតាធម្មជាតិ គឺជាចលនាបរិស្ថានមួយក្នុងចំណោមចលនាបរិស្ថានដ៏​លេច​​ធ្លោ​បំផុត​នៅ​កម្ពុជា។ ចាប់តាំងពីឆ្នាំ២០១២ មក​​ ចលនា​បរិស្ថាន​នេះបានផ្តោតលើការការពារធនធានធម្មជាតិរបស់ប្រទេស ការ​លាតត្រដាងអំពី​ការបំផ្លិចបំផ្លាញបរិស្ថាន និងការប្រមូលផ្តុំសហគមន៍។

យុទ្ធនាការរបស់អង្គការ​នេះ បានទាក់ទាញចំណាប់អារម្មណ៍ និងទទួល​បាន​លទ្ធផល​​។ ទំ​ន​ប់​​វារីអគ្គិសនីដែលបានស្នើឡើងនៅតំបន់អារ៉ែង ដែលនឹងធ្វើឱ្យសហគមន៍ជនជាតិដើមភាគតិចនៅតំបន់ភ្នំក្រវាញត្រូវ​ផ្លាស់ទីលំនៅនោះ​ ត្រូវបានបោះ​​​បង់ចោលវិញ​។ ប្រតិបត្តិការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ​ក៏​បាន​បញ្ឈប់​សកម្ម​ភាពផងដែរ​​​​។

ការ​រួមបញ្ចូលគ្នារវាងការរៀបចំចលនា​នៅ​ថ្នាក់​​មូលដ្ឋាន និងភាព​ប៉ិន​ប្រសប់​ក្នុង​ការ​​ប្រើ​ប្រាស់​បណ្តាញ​សង្គម​បានជួយ​ឱ្យ​ចលនា​មាតាធម្មជាតិ​ទទួល​បាន​ការ​​គាំទ្រ​នៅ​ក្រៅ​ប្រទេស​ផងដែរ​​។

នៅឆ្នាំ២០២៣ អង្គការមាតាធម្មជាតិបានទទួលពានរង្វាន់​ Right Livelihood Award ។ ពាន​រង្វាន់​ ដែលជួនកាលគេហៅថា Alternative Nobel Prize គឺជាការទទួលស្គាល់ជាសកលសម្រាប់អង្គការ​ ដែលបានប្រតិបត្តិការក្រោមការគំរាមកំ​ហែងនៅក្នុង​ប្រទេស​របស់ខ្លួន​យូរ​មក​ហើយ​។

សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិត​សិន ជា​ស្ថាបនិក​នៃចលនា​នេះ​ ត្រូវបានបណ្តេញ​ចេញពីប្រទេសកម្ពុជាកាល​ពី​​ខែកុម្ភៈ ឆ្នាំ២០១៥​ បន្ទាប់ពីដឹកនាំយុទ្ធនាការប្រឆាំងនឹងគម្រោងទំនប់វារីអគ្គិសនីនៅ​តំបន់អារ៉ែង។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​និង​ថ្វាយ​ញត្តិ​ទៅ​ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា​ព្រះបាទសម្តេច ​ព្រះបរម​នាថ​ នរោត្តម សី​ហមុនី​ ប៉ុន្តែ​កិច្ច​ប្រឹងប្រែង​ទាំងពីរនេះ​មិន​​បាន​លទ្ធផល​អ្វីឡើយ​។

​យុទ្ធនាការនៅតែ​បន្ត។ កិច្ច​ប្រឹង​ប្រែង​របស់ចលនា​មាតាធម្មជាតិ​ប្រឆាំងនឹងការ​បូម​​ខ្សាច់នៅតំបន់មាត់សមុទ្រនៃ​ប្រទេសកម្ពុជា​ នៅទីបំផុតបានធ្វើ​ឱ្យរដ្ឋាភិបាលបញ្ចប់ការនាំចេញខ្សាច់ទៅកាន់ប្រទេសសិង្ហបុរី ជាជោគជ័យ​ដ៏ធំធេង​មួយ ​​ប៉ុន្តែការ​ប្រឈម​មុខ​កាន់តែគ្រោះថ្នាក់ខ្លាំងជាង​មុន​។

នៅក្នុង​ឆ្នាំ២០២០ កញ្ញា ឡុង​ គន្ធា  កញ្ញា ភួន កែវរស្មី និងលោក​ ថុន​ រដ្ឋា ត្រូវបាន​ចាប់ខ្លួនពីបទរៀប​ចំដើរ​ក្បួនតវ៉ាដោយសន្តិវិធីទៅកាន់គេហដ្ឋានរបស់លោក ហ៊ុន សែន ដែល​ពេល​នោះ​ជា​នាយករដ្ឋមន្ត្រី ដើម្បីតវ៉ាចំពោះការចាក់ដី​លុប​បឹងតាមោក ជាបឹងធំបំផុ​ត​នៅរាជធានីភ្នំពេញ​។ បន្ទាប់​ពី​ត្រូវបានកាត់ទោសពីបទញុះញង់ក្នុងឆ្នាំ២០​២១ ពួកគេត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្រោមលក្ខខណ្ឌតឹង​រ៉ឹង​។

កាល​ពី​ខែកក្កដា ឆ្នាំ២០២៤ តុលាការក្រុងភ្នំពេញបានចេញសាលក្រម​ផ្តន្ទា​ទោ​ស​​​សកម្មជន​បរិស្ថាន​ចំនួន១០​នាក់ ដែលត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងរួម​គំនិត​ក្បត់​។ ប្រាំនាក់ក្នុងចំណោម​នោះ គឺជា​សមាជិក​របស់​អង្គការ​មាតាធម្មជាតិ។

លោក ថុន រដ្ឋា លោក លី ចាន់​ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោ​ក​ យឹម លាងហ៊ី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី៦ ទៅ៨ឆ្នាំ។ លោក លាងហ៊ី ទទួល​ទោស​​បន្ថែម​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ។

លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន ដើរ​កាត់​វាល​ស្មៅ​នៅតំបន់​អារ៉ែង កាល​ពីខែ​វិច្ឆិកា​ ឆ្នាំ​២០១២​។​ តំបន់​អារ៉ែង​នឹង​ត្រូវ​ជន់​​លិច ប្រសិនបើ​ទំនប់​វារីអគ្គិសនីដែលគេបាន​ស្នើ​នោះ​ ​ត្រូវ​បាន​កសាង​ឡើង​មែន​។ បីឆ្នាំ​ក្រោយ​មក លោក​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​​​។ (រូបភាព៖ លូក ដាក់ហ្គើល​ប៊ី / Redux)

ផល​ប៉ះពាល់​ដ៏គួរ​ឱ្យ​ភ័យ​ខ្លាច​

សម្រាប់គ្រួសាររបស់​ពួកគេ​ ការចោទប្រកាន់ទាំង​នោះ គឺ​ច្បាស់​លាស់​រួច​ទៅ​ហើ​យថា មាន​គោលដៅ​អ្វី​​។ សកម្មជនទាំងនេះ បានចំណាយពេលជាច្រើនឆ្នាំក្នុងការ​​ផ្តិ​ត​យក​រូបភាព​នូវ​អ្វីដែលអ្នកមានអំណាចមិនចង់​ឱ្យ​គេ​ឃើញ ដូចជាការបូមខ្សាច់ខុសច្បាប់ ការ​ចាក់​ដី​លុប​បឹង ការ​រាន​ព្រៃ ដើម្បីផលប្រយោជន៍ឯកជន។ ឥឡូវ​នេះ ​ពួក​គេ​៥​​នាក់​ត្រូវ​បាន​ជាប់​ពន្ធនាគារដោយសារ​ការ​ងារ​នេះ​។

អ្នកស្រី ប៉ាត រស្មី បាននិយាយថា៖ «វីដេអូទាំងអស់ ដែលពួកគាត់​បាន​ផលិត គឺនិយា​យអំពីការការពារបរិស្ថាន និងបង្ហាញពីអំពើពុករលួយរបស់អ្នកកាន់អំ​ណាច​​។ ពិភពលោក​បាន​ផ្តល់​រង្វាន់​ដល់​ពួកគាត់​ ប៉ុន្តែ​តុលាការ​កម្ពុជា​បាន​ចាប់​ពួក​គាត់​​ដាក់​ពន្ធនាគារ។ វា​អយុត្តិធម៌ខ្លាំង​​ណាស់»។

ឡុង សុខលីន ជា​ប្អូនស្រីរបស់ ឡុង គន្ធា ដែល​ស្ថិត​​ក្នុងចំណោមអ្នកជាប់ពន្ធ​នា​គារ ក៏បានចាត់ទុក​ការចោទប្រកាន់នេះ​ថា មិន​ត្រឹម​ត្រូវដែរ​​។ កញ្ញា​បាននិយា​យថា៖ «គ្មាន​ភស្តុតាងណាមួយ ដែលបង្ហាញថា បង​ស្រីរបស់ខ្ញុំប្រឆាំង ឬផ្តួល​រំលំរដ្ឋា​ភិបាលនោះទេ។ ហេតុអ្វីបានជាចោទប្រកាន់គាត់​បែបនេះទៅវិញ​?»។

សុខលីន បាន​បន្តថា គន្ធា ​តែងតែ​ស៊ូទ្រាំនឹង​ការ​លំបាក​ដោយ​ខ្លួន​ឯង​​។ មាន​ចរិត​ស្ងាត់ស្ងៀម​ពីកំណើត​ ឡុង គន្ធា ​មិន​ធ្វើ​ឱ្យ​ម្តាយរបស់នាងដែល​ជា​ស្ត្រី​មេ​ម៉ាយ​ព្រួយបារម្ភទេ​ ហើយមិនដែលនិយាយអំពីគ្រោះថ្នាក់ដែល​នាង​ប្រឈម​ដោយ​សារការងារឡើយ​។ ក្នុង​នាម​ជា​កូន​ស្រី​ច្បង គន្ធា ​បាន​ទទួល​ខុស​ត្រូវ​បន្ទុក​គ្រួ​សារ​​តែ​​ម្នាក់​ឯង។

ឥឡូវនេះ បន្ទុកទាំងនោះបានប្រែ​ប្រួល​។ ពីរនាក់​ក្នុង​ចំណោម​បងប្អូនបង្កើត​របស់ សុខលីន បានបោះបង់ការសិក្សា ដែលយ៉ាងហោចណាស់ មួយផ្នែកគឺដោយ សារ គន្ធា ជាប់ពន្ធនាគារ​។ ប្អូន​ស្រី​ពៅ​របស់​ពួក​គេ​កំពុង​បន្ត​ការ​​សិក្សា​នៅ​ឡើយ ដែល​បច្ចុប្បន្ន​កំពុង​រៀន​ថ្នាក់​​ទី១០។

ការ​ចាប់​ខ្លួន​នេះ​មិន​មែន​​​ប៉ះពាល់​​ត្រឹមតែ​​គ្រួសារ​សកម្មជន​ទាំង​ប្រាំនាក់​នេះ​ទេ​​​។ លោក ម៉ើ​ ចាន់តារា ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​បាន​ថ្លែង​ថា ​ការ​ផ្តន្ទាទោ​ស​នេះ ​បាន​ផ្ញើ​​សារ​យ៉ាង​ច្បាស់ទៅ​​​ដល់​អ្នក​ដែល​នឹង​ត្រូវ​ក្លាយ​ជាសកម្ម​ជន​នាពេល​អនាគតផងដែរ​​។

លោក​បានបញ្ជាក់​​ថា៖​ «ការ​ចាប់​ខ្លួន​ពួក​គេ​បាន​បំបាក់​ទឹក​ចិត្ត​សកម្មជន​ផ្សេង​ទៀត និង​​ជា​គំរូ​អាក្រក់​ ដោយ​​​ព្យាយាម​បំបិទ​សំឡេងអ្នក​​ដែល​មាន​ទស្សនៈផ្ទុយ​»។

កញ្ញា​ ហេង គឹមសួ មន្ត្រី​គោល​នយោបាយ និង​តស៊ូ​មតិ​​ នៃអង្គការភាពជាដៃគូសម្រាប់បរិស្ថាន និងអភិវឌ្ឍន៍ លើកឡើង​ថា ករណីនេះបានបង្ហាញ​នូវស្តង់ដារពីរ​យ៉ាងច្បាស់​ក្រឡែត​។

កញ្ញា​​ គឹមសួ ថ្លែង​ថា​៖ «ពួកគេ​បាន​ស្រាវជ្រាវ​ឧក្រិដ្ឋកម្ម​ធនធានធម្មជាតិ និង​លាតត្រដាងអំពី​​​អ្នក​កាន់​អំណាច​ដែល​កេងប្រវ័ញ្ច​ធនធាន​ទាំងនេះ ​ដើម្បី​ផលប្រ​យោជន៍​ផ្ទាល់ខ្លួន​​។ ទោះបី​ជា​​យ៉ាងណា គ្មាន​​​ការ​ស៊ើប​អង្កេត ឬ​ចាប់​ខ្លួន​ជន​ដៃ​ដល់ទាំង​នោះ​​ទេ។ ផ្ទុយ​ទៅ​វិញ ក្រុម​យុវជន​ត្រូវ​បាន​គេ​ចាប់​ដាក់ពន្ធនាគារ​»។

កញ្ញា ឡុង គន្ធា  កញ្ញា ភួន កែវរស្មី និង​លោក លី ចាន់ដារ៉ាវុត​ ឈរនៅតំបន់​បឹងជើង​ឯក ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១។ (រូបភាព៖ អែនឌី បល)

រដ្ឋធម្មនុញ្ញ​​របស់​ប្រទេស​កម្ពុជា​ផ្តល់​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​កិច្ចការបម្រើ​​ជាតិ។ ប៉ុន្តែ​កញ្ញា​ គឹមសួ ​បានបន្ត​ថា ​នៅក្នុង​ការ​អនុវត្តជាក់​ស្តែង​ ការ​ធានា​នេះ​ ​មិនសូវ​មាន​ប្រសិទ្ធភាព​ទេ​។

កញ្ញា​​បានបន្ថែម​​ថា​៖ «មាត្រា៣៥ ធានា​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​ក្នុង​គ្រប់​វិស័យ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​​​ប្រឈម​នឹង​ការ​ចាប់​ខ្លួន ​ដោយ​សារ​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំ​ពី​​បញ្ហា​បរិស្ថាន»។

តើ​ការឃុំ​ខ្លួន​នៅពន្ធនាគារផ្សេង​គ្នា​ ​គឺ​ជាទណ្ឌកម្ម ឬយ៉ាងណា​?

អ្នក​ស្រី ប៉ាត រស្មី ចំណាយ​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ដើម្បី​ទៅសួរ​សុខ​ទុក្ខ​​ស្វា​​មី​។ អ្នកស្រី​ត្រូវ​ធ្វើ​ដំណើរ​ពី​ខេត្ត​កណ្តាល​ទៅ​​ខេត្ត​ត្បូងឃ្មុំ ទី​​ដែ​លលោក​​ ថុន រដ្ឋា ​កំពុង​អនុវត្ត​ទោស​​រយៈពេល​៦​ឆ្នាំ នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ដោយ​នាំ​យក​អា​ហា​រ និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​​ឲ្យគាត់​។

អាជ្ញាធរបានឃុំ​ខ្លួន​សកម្មជនទាំងប្រាំនាក់នៅក្នុងពន្ធនាគារដាច់ដោយឡែកពីគ្នានៅ​ទូទាំងប្រទេសកម្ពុជា។​ លោក ថុន​ រដ្ឋា ឃុំ​ខ្លួន​នៅមណ្ឌលអប់រំកែប្រែទី៣ ក្នុងខេត្តត្បូងឃ្មុំ លោក លី ចាន់​ដារ៉ា​វុត នៅពន្ធនាគារខេត្ត​កណ្តាល កញ្ញា ភួន កែវ​រស្មី នៅពន្ធនាគារខេត្តពោធិ៍សាត់ លោក យឹម លាងហ៊ី នៅពន្ធនាគារខេត្ត​កំ​ពង់ស្ពឺ និងកញ្ញា ឡុង គន្ធា នៅពន្ធនាគារខេត្ត​ព្រះវិហារ។

សុខលីន ជាប្អូនស្រីរបស់ ឡុង គន្ធា និងក្រុមគ្រួសារអាចមកសួរសុខទុក្ខ គន្ធា បានតែ១ដងប៉ុណ្ណោះក្នុងមួយខែ ខណៈពេល គន្ធា កំពុងអនុវត្ត​ទោស​ជាប់ពន្ធ​នាគារនៅខេត្ត​ព្រះវិហារ។ ពេលទៅសួរសុខទុក្ខ គ្រួសារត្រូវចំណាយច្រើន រួម​ទាំងការធ្វើដំណើរ ការស្នាក់នៅមួយយប់នៅ​ខេត្តព្រះវិហារ និងទិញសម្ភារៈប្រើ​ប្រាស់ និងទុកប្រាក់ខ្លះសម្រាប់ឱ្យ​ គន្ធា ប្រើប្រាស់ក្នុងពន្ធនាគារ។

សុខលីន ​និយាយ​ថា​៖ «យើង​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ ដូច្នេះ​យើង​មិន​មាន​លទ្ធភាព​​​ទៅ​សួរ​សុខ​ទុក្ខ​​គាត់​​ញឹកញាប់​តាម​ដែល​យើង​ចង់​​នោះ​ទេ»។

ពួកគេត្រូវ​បានឃុំ​ខ្លួន​ដាច់ដោយឡែក​ពីគ្នា​រយៈ​ពេល ៦៦២ថ្ងៃហើយ​ ដែលធ្វើ​ឱ្យ​សមា​​ជិក​គ្រួសារ និងមេធាវីពិបាក​ក្នុងការទៅសួរសុខទុក្ខពួកគេ និងការ​ទទួលបាន​សេវា​ថែទាំសុខភាព និងការគាំទ្រផ្នែកច្បាប់មាន​កម្រិត​។

អង្គការសិទ្ធិមនុស្សលីកាដូបានរិះគន់ការសម្រេចឃុំ​ខ្លួន​សកម្មជនទាំងនោះដាច់​ដោយ​ឡែក​ពីគ្នា​ ដោយ​​ចាត់ទុក​ថា ជាការដាក់ទណ្ឌកម្មដ៏ឃោរឃៅ មិនធម្មតា ​និង​មិនធ្លាប់មានពីមុនមកនៅកម្ពុជា។

អង្គការ ​លីកាដូ​ បាន​កត់​សម្គាល់​ថា ការ​ផ្ទេរ​ពួកគេ​ទៅពន្ធនាគារផ្សេងៗ​គ្នា​​នេះ ​ទំ​នង​​ជា​បំ​ពាន​​គោល​នយោបាយ​ឃុំ​ខ្លួន​ឆ្នាំ២០២២ របស់​ក្រសួង​មហាផ្ទៃ។ ក្រោមគោល​ការណ៍​ណែនាំនោះ មណ្ឌលអប់រំកែប្រែទី៣ គឺ​សម្រាប់ឃុំ​ខ្លួន​អ្នក​ទោស​ដែលជាប់​ពន្ធនាគាររយៈពេល​ពី១៥ឆ្នាំ ដល់មួយជីវិត ខណៈលោក​ ថុន​ រដ្ឋា ត្រូវបានកាត់ទោសត្រឹម​តែ៦ឆ្នាំប៉ុណ្ណោះ។

ក្រុម​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ការ​បំបែក​ពួកគេ​ពីគ្នា​​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បីឱ្យ​​សកម្មជនទាំងនេះ​នៅ​ដាច់​​ពី​គ្នា​ និង​ដាក់​ឲ្យ​នៅ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ​។

លោក ថុន រដ្ឋា កាន់បដា​សរសេរថា «យុត្តិធម៌ស្លាប់ហើយ» ខណៈក្រុម​សកម្មជន​ចលនា​មាតាធម្មជាតិ​ដើរ​ក្បួន​ទៅ​កាន់តុលាការ កាល​ពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៤។ (រូបភាព៖ លីកាដូ)​

«សម្លាប់មួយ​ គំរាម​មួយ​ពាន់​»

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ លោក ឈុត វុទ្ធី សកម្មជន​ការពារ​ព្រៃ​ឈើត្រូវ​បាន​គេ​បាញ់​សម្លាប់ ខណៈ​ចុះ​អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​កោះកុង​។ ជាង​មួយ​ទសវត្សរ៍​ក្រោយ​មក គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​​ដាក់​ឱ្យ​ទទួល​ខុស​ត្រូវ​​ឡើយ។

មនុស្ស​ជា​ច្រើន​បាន​ចាត់ទុក​ករណីរបស់លោក ឈុត វុទ្ធី ជា​ចំណុច​​កត់​សម្គាល់ នៅពេលនិយាយ​ដល់​​​ការ​លះបង់​របស់​សកម្មជ​ន​បរិស្ថាននៅកម្ពុជា។ ក្រុម​គ្រួ​សា​រ​​របស់​លោក​ ឈុត វុទ្ធី​ និងក្រុម​អង្គការ​​សិទ្ធិ​មនុស្ស​​នៅ​តែ​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​មួយ​ ដែលអាចជឿ​ជាក់​បាន​។

លោក ម៉ើ​ ចាន់តារា ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​បាន​ថ្លែង​​ថា សកម្មជន​នៅ​ទី​នេះ ​ជាទូទៅ​​ជួបនូវ​​ជោគ​វាសនា​មួយ​ក្នុង​ចំណោម​ជោគវាសនា​បី​។

លោក​បានបន្ថែមថា​៖ «ការ​ធ្វើ​ឃាត​ដូច​ករណី​លោក ឈុត វុទ្ធី ការ​និរទេស​ខ្លួន​ដូច​ករណី​របស់​លោក អ៊ូច ឡេង និង​ការ​ចាប់​ខ្លួន​ដូច​ករណី​ចលនា​មាតា​ធម្មជាតិ»។

លោក អ៊ូច ឡេង ជា​ម្ចាស់ពាន​រង្វាន់វីរជន​បរិស្ថាន​ Goldman​ Prize Winner ស្ថិតក្នុងចំ​ណោមសកម្មជនចំនួនប្រាំមួយនាក់ដែលត្រូវបានឃុំខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០​២៤ ខណៈពេល​កំពុងស៊ើបអង្កេតករណី​កាប់ឈើខុសច្បាប់នៅក្នុងឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាង។ ពួកគេត្រូវបានដោះលែងដោយគ្មាន​ការ​ចោទ​ប្រកាន់​។ អ្នក​ផ្សេង​​ទៀត​មិន​បាន​រង់​ចាំ​មើល​ថា ​នឹង​មាន​អ្វី​កើត​ឡើង​បន្ទាប់ទៀត​នោះ​ទេ ហើយ​ខ្លះទៀត​​បាន​ចាក​ចេញ​ទៅ​ក្រៅ​​ប្រទេស​​​ហើយ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មជនបរិស្ថានប្រាំមួយនាក់ រួមទាំងលោក អ៊ូច ឡេង ត្រូវបានឃុំខ្លួន ខណៈកំពុងស៊ើបអង្កេតការកាប់ឈើខុសច្បាប់នៅក្នុងឧទ្យានជាតិវឿនសៃ-សៀមប៉ាង​។ ក្រោយ​មក ពួក​គេ​ត្រូវ​បាន​ដោះលែង​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​ បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ថា បាន​​ចូលឧទ្យាន​ជាតិ​​ដោយ​គ្មាន​ការ​អនុញ្ញាត។

លោក ហេង ស្រស់ គឺជាមនុស្ស​ម្នាក់ក្នុងចំណោមពួកគេ។ បច្ចុប្បន្ន​ ​កំពុងរស់​នៅ​និរទេ​ស​ខ្លួន លោក​បានប្រាប់ HaRDstories ថា ប្រព័ន្ធច្បាប់ដាក់ទោសមនុស្សខុស​​។

លោក​បន្ត​ថា​៖ «សកម្មជន​ដែល​ការពារ​ធនធាន​ធម្មជាតិ​ប្រឈម​នឹង​ការធ្វើ​ទុក្ខ​​​បុកម្នេញ​ ការ​តតាំង​​តាម​ផ្លូវ​ច្បាប់ និង​ទម្រង់​​គាប​សង្កត់ផ្សេងទៀត​ ​ដោយ​សារ​គ្មាន​ច្បាប់​សម្រាប់​ការពារ​ពួកគេ។ ​ប្រសិន​បើ​តុលាការ​មិន​លម្អៀង​ទៅ​ខាង​​រដ្ឋា​ភិបាល និង​បក្ស​កាន់​អំណាច​ទេ នោះ​ពួកគេ​នឹង​ទទួល​បាន​យុត្តិធម៌»។

កញ្ញា​ ហេង គឹមសួ មក​ពី​​អង្គការ​​ភាព​ជា​ដៃគូ​ ដើម្បី​បរិស្ថាន​ និង​ការ​អភិវឌ្ឍ​បាន​និយាយ​​ថា ​យុទ្ធសាស្ត្រ​នេះ​មាន​ចេតនា ​ហើយ​ត្រូវ​បាន​គេ​ដឹង​​យ៉ាង​ច្បាស់។

កញ្ញា ហេង គឹមសួ ​បាន​បន្ថែមទៀត​ថា​៖ «នេះ​ គឺ​ជា​វិធីសាស្ត្រ ‘សម្លាប់​មួយ គំរាម​មួយ​ពាន់‘ ។ តាមរយៈការដាក់ទណ្ឌកម្មសកម្មជនមួយចំនួនជាសាធារណៈ អាជ្ញាធរ​បង្កើតការភ័យខ្លាចក្នុងចំណោមយុវជន​ដទៃទៀត និងបំបាក់ទឹកចិត្តពួកគេមិន​ឱ្យ​ចូលរួមក្នុងការងារសង្គម»។

អ្នក​កាន់​ទុក្ខ​កាន់រូបថត​របស់​លោក ឈុត វុទ្ធី នៅក្នុង​ពិធី​បុណ្យ​សព​របស់​លោក​ នៅ​ខេត្ត​កណ្តាល​ កាល​ពីថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១២ រយៈ​ពេល​ ៤ថ្ងៃ ​ក្រោយ​ពី​សកម្មជន​ព្រៃឈើ​រូប​នេះ ត្រូវ​បាន​គេបាញ់​សម្លាប់​ អំឡុង​ពេល​ស៊ើប​អង្កេត​ករណីកាប់​ឈើខុស​ច្បាប់​នៅ​ខេត្ត​កោះ​កុង​​។ (រូបភាព៖ វីល បេកទ័រ​)

កាលពីខែមីនា តុលាការកំពូលបានបដិសេធសំណើសុំដោះលែងសកម្មជនមាតាធម្មជាតិទាំងប្រាំនាក់។ ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ថា សេចក្តី​សម្រេច​នេះ​ជា​ការ​បង្ហាញ​ពី​ឯករាជ្យភាព​របស់​តុលាការ​ ដែល​​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា ប៉ុន្តែ​​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​យល់​ឃើញ​​ផ្សេងពីនេះ​។

អ្នកស្រី ប៉ាត រស្មី ​មិន​និយាយច្រើន​អំ​​ពី​អនាគត​​របស់​អ្នក​ស្រី​ទេ ដោយសារ​អ្នក​ស្រី​ត្រូវ​ចិញ្ចឹម​​​កូន​​បី​នាក់​ មើលការ​ខុសត្រូវ​​តូប​​លក់​គ្រឿងទេស​ និងត្រូវ​សន្សំប្រាក់​​សម្រាប់​ទៅ​សួរសុខទុក្ខ​ប្តី​​​ក្នុងពន្ធនាគារ​។​ ជីវិត​ប្រចាំ​ថ្ងៃរបស់​អ្នក​ស្រី គឺរវល់​គ្រប់​គ្រាន់ហើយ។

ប៉ុន្តែអ្នក​ស្រី​មិនបានបោះបង់ចោលការ​ព្យាយាម​ទេ។ អ្នក​ស្រី​បានរៀបការជាមួយលោក ថុន រដ្ឋា នៅឆ្នាំ២០១៩ ដោយដឹង​ពី​ហានិភ័យ​នៃ​ការ​ងារ​ដែល​​ប្តី​របស់​អ្នក​ស្រី​​កំពុង​ធ្វើ។

អ្នក​ស្រី​​និយាយ​ថា​៖ «ខ្ញុំ​បាន​ដឹង​ពី​គ្រោះថ្នាក់​។ ប៉ុន្តែ​ខ្ញុំ​ស្រឡាញ់​ការងារ​របស់​គាត់ វា​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​។ យើង​បាន​សម្រេច​ចិត្ត​រៀបការ​និង​ប្រឈម​​​នឹង​គ្រោះ​ថ្នាក់​នេះ ​ជា​មួយ​គ្នា»។

ខណៈ​ពេលកូនៗធំឡើងដោយមិនស្គាល់ឪពុក អ្នកស្រីនៅតែសង្ឃឹមថា យុត្តិធម៌នឹងកើតមាន ហើយ​មិនមែនសម្រាប់តែលោក ថុន រដ្ឋា ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពលរដ្ឋ​ខ្មែរគ្រប់រូប ដែលហ៊ានការពារព្រៃឈើ ទន្លេ និងដីធ្លីរបស់ប្រទេស​៕

អត្ថបទបកប្រែនេះត្រូវបានស្នើសុំចុះផ្សាយពីអ្នកសរសេរ ដែលបកប្រែសម្រួលពីសារព័ត៌មាន HARDSTORIES៖ Cambodia Mother Nature Activists Prison Families

ព័ត៌មានថ្មី

អត្ថបទពេញនិយម