សមាគមស្ករត្នោតកំពង់ស្ពឺប្រឈមកង្វះកម្លាំងពលកម្មជាយុវជនផលិតស្ករត្នោតនាំទៅក្រៅប្រទេសខណៈក្រសួងកសិកម្មជំរុញឱ្យមានការអភិរក្សដើមត្នោតបន្ថែមទៀត។
ស្ករត្នោតកម្ពុជាត្រូវបានកែច្នៃសម្រាប់នាំចេញទៅសហគមន៍អឺរ៉ុប និងនាំចេញទៅកាន់ប្រទេសអាស៊ីមួយចំនួនទៀតដោយសមាគមស្ករត្នោតកំពង់ស្ពឺ។ ប៉ុន្តែសមាគមមួយនេះកំពុងប្រឈមនឹងកង្វះកម្លាំងពលកម្មឡើងត្នោតពិសេសកម្លាំងពលកម្មជាយុវជន។ នេះបើតាមសមាគមស្ករត្នោតកំពង់ស្ពឺ។
បញ្ហានេះក៏មិនខុសអីពីលោក ជុំ សំបាន ដែលគ្រួសាររបស់លោកប្រកបរបរឡើងត្នោតនៅក្នុងសមាគមដែរ តែលោកមិនបានចាប់យកអាជីពនេះឡើយហើយលោកបានទៅធ្វើជាកម្មកររោងចក្រកាត់ដេរវិញ។
លោក សំបាន ដែលមានវ័យ២៥ឆ្នាំ និងមានលំនៅក្នុងភូមិត្រពាំងកំប៉ោះ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានប្រាប់ថា មិនថាតែនៅក្នុងភូមិរបស់លោកទេសូម្បីតែភូមិដទៃទៀតនៅក្នុងសហគមន៍ឃុំភ្នំតូចមានយុវជនតិចណាស់ដែលនៅជួយការងារឡើងត្នោតឱពុកម្តាយក្រៅពីនោះពួកគេទៅធ្វើការរោងចក្រកាត់ដេរឬរកការងារផ្សេងធ្វើ។ព្រោះយល់ថារបរឡើងត្នោតអាចរកលុយបានតែពី៥ទៅ៦ខែប៉ុណ្ណោះហើយបើចំពោះការងារផ្សេងគឺអាចធ្វើបានពេញៗ១ឆ្នាំនិងមិនហត់ដូចរបរឡើងត្នោតទៀតផង។
លោក សំបាន ឱ្យដឹងថា៖ «ខ្ញុំជាយុវជនជាអ្នកបន្តវេនពីឪពុកខ្ញុំធ្វើត្នោត ប៉ុន្តែខ្ញុំមិនចាប់អាជីពនេះទេ។ ព្រោះវាពិបាកតាំងពីឡើងដើមត្រងទឹកត្នោតរហូតរម្ងាស់បានជាស្ករ ហេតុនេះខ្ញុំរកការងារផ្សេងធ្វើវិញស្រួលជាង»។
ដោយឡែកយុវជនឈ្មោះ ធឿន សុផានិត ជានិស្សិតឆ្នាំទី២ ដេប៉ាត់តឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍(DMC)បានយល់ឃើញថា សម្រាប់យុវជនមួយចំនួនដែលរស់នៅតាមសហគមន៍សម្បូរដើមត្នោតហើយ ពួកគាត់មិនសូវបានរៀនសូត្រតែបើពួកគាត់អាចអនុវត្តបាន គឺមិនគួរចំណាកស្រុកដើម្បីស្វែងរកការងារធ្វើនៅក្រៅប្រទេស ឬធ្វើចំណាកស្រុកមកខេត្តផ្សេងទេ។ ពីព្រោះការធ្វើចំណាកស្រុកវាក៏អាចប្រឈមនឹងបញ្ហាច្រើនដែរដូចជាការចំណាយច្រើនលើការហូបចុក និងសេវាផ្សេងៗទៀត ហើយបើការធ្វើចំណាកស្រុកនោះខុសច្បាប់ គឺវាកាន់តែមានបញ្ហាផ្លូវច្បាប់ទៀតផង។
លោកបន្តថា របរឡើងត្នោតជារបរដែលមានស្រាប់នៅក្នុងសហគមន៍។ អ៊ីចឹងលោកគិតថា របរនេះអាចជួយរកកម្រៃបំពេញបន្ថែមក្នុងគ្រួសារហើយតាមដែលលោកដឹង គឺរបរឡើងត្នោតមានតែ៦ខែទេ[ខែវិច្ឆិកាដល់ខែមេសា]។ ដូច្នេះនៅសល់៦ខែទៀត គឺពួកគាត់អាចរកមុខរបរ ឬការងារផ្សេងទៀតធ្វើ ឬក៏ការងារទាក់ទងនឹងដើមត្នោតដដែលក៏បាន។ ព្រោះអីបើគាត់រស់នៅក្នុងសហគមន៍របស់គាត់ប្រាកដជាដឹងហើយថាដើមត្នោតវាមានប្រយោជន៍ច្រើនយ៉ាង ដែលអាចយកទៅកែច្នៃជាវត្ថុបានច្រើនយ៉ាងក្រៅតែពីយកទឹកត្នោតធ្វើស្ករ។ ដូចជាស្លឹកត្នោតគេដេរធ្វើស្លឹកកណ្តបសម្រាប់ប្រក់ផ្ទះ ឬធ្វើជាជញ្ជាំងផ្ទះ និងដើមត្នោតគេយកមកកែច្នៃជាគ្រឿងសង្ហារិមផ្សេងៗ។
យុវនិស្សិតវ័យ២១ឆ្នាំដែលមកពីសង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបងរូបនេះបញ្ជាក់ថា៖ «របរឡើងត្នោតអាចរកកម្រៃបានសមល្មមសម្រាប់ផ្គត់ផ្គង់ជីវភាពបន្ថែមក្នុងគ្រួសារ។ ប៉ុន្តែបើយើងធ្វើចំណាកស្រុកខណៈរបរមានស្រាប់[ធ្វើត្នោត]ហើយបែរជាចំណាកស្រុក គឺវាប្រឈមបញ្ហាច្រើន។ បើយុវជនយើងខ្លះចាប់យករបរឡើងត្នោត គឺវានឹងមានសុវត្ថិភាពសម្រាប់ពួកគាត់»។
លោក ហោ ហួត ជាសមាជិកម្នាក់ក្នុងចំណោមសមាជិក១៥៥គ្រួសារដែលផលិតស្ករត្នោតនៃសមាគមស្ករត្នោតកំពង់ស្ពឺបានប្រាប់ថា លោកមានដើមត្នោតចំនួន៤៦ដើមសម្រាប់ឡើងយកទឹកផលិតជាស្ករត្នោតម្សៅដើម្បីលក់ឱ្យក្រុមហ៊ុនដែលក្នុង១គីក្រាមថ្លៃ ៧ ៥០០រៀលខណៈស្ករត្នោតលើទីផ្សារថ្លៃ៧ពាន់រៀលក្នុង១គីឡូក្រាម។ ចំពោះរបរធ្វើត្នោតនេះបានជួយផ្គត់ផ្គង់ដល់ជីវភាពគ្រួសាររបស់លោកបានមួយផ្នែកធំតែក៏ជារបរមួយលំបាកដែរបើគ្មានការតស៊ូគឺមិនអាចធ្វើបានឡើយ។
លោកបន្តថា ទឹកត្នោតត្រូវចាក់រម្ងាស់ក្នុងខ្ទះឱ្យទៅជាស្ករបន្ទាប់មកលោកនិងប្រពន្ធជាមួយកូនៗត្រូវកូរវឹកវាឱ្យកើតជាស្ករម្សៅ។ បញ្ហាលំបាកមួយទៀត គឺអុសសម្រាប់ដុតរម្ងាស់ទឹកត្នោតដែលលោកត្រូវចំណាយលើការទិញអុសជិត២លានរៀលទៀតផង សម្រាប់ទុកដុតរម្ងាស់ស្កររយៈពេល៦ខែ។ របរឡើងត្នោតកសិករធ្វើបានតែចាប់ពីខែវិច្ឆិកាដល់ខែមេសាប៉ុណ្ណោះ ព្រោះក្នុងអំឡុងពេលនេះទឹកត្នោតសុទ្ធល្អគ្មានទឹកភ្លៀងចូល។ រយៈពេលនេះដែរ គឺលោកអាចផលិតកែច្នៃជាស្ករម្សៅបានប្រមាណ៣តោនកន្លះសម្រាប់លក់ឱ្យក្រុមហ៊ុន និងបានប្រាក់ជាង២០លានរៀលដែលកាត់កងទៅគឺលោកនៅសល់ចំណេញប្រហែល៧លានរៀលដែរ។
លោក ហោ ហួត អាយុ៤១ឆ្នាំដែលមានលំនៅភូមិក្រាំងច្រេស ឃុំយុទ្ធសាមគ្គីមុនីជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងបើទោះជាលោកមានកូនប្រុស៣នាក់ក្តីតែលោកថាកូនប្រុសរបស់លោកមិនចាប់អារម្មណ៍នឹងរបរឡើងត្នោតដូចលោកទេហើយពួកគេបែរជានាំគ្នាទៅធ្វើជាកម្មកររោងចក្រកាត់ដេរទៅវិញ។
លោកថ្លែងថា៖ «ក្មេងៗឥឡូវមិនថាជាកូនខ្ញុំ ឬកូនគេទេ គឺមិនចេះឡើងត្នោតឡើយ។ របរនេះបើអស់ពីវ័យជំនាន់ខ្ញុំទៅប្រហែលជាអស់អ្នកបន្តវេនហើយដោយសារតែក្មេងៗគេថាធ្វើការរោងចក្រវិញមិនហត់នឿយ»។
លោក សំ សារឿន ប្រធានសមាគមស្ករត្នោតកំពង់ស្ពឺបានប្រាប់ថា បច្ចុប្បន្នសមាគមមានសមាជិកចំនួន១៥៥គ្រួសារនៅក្នុងស្រុកអង្គស្នួល ស្រុកសំរោងទង ស្រុកសាមគ្គីមុនីជ័យ និង ក្រុងឧដុង្គម៉ែជ័យ។ សមាគមមានតួនាទីរកទីផ្សារ និងធ្វើជាអ្នកផ្សព្វផ្សាយឱ្យសមាជិកក្នុងសមាគមដើម្បីលក់ស្ករទៅឱ្យក្រុមហ៊ុននាំចេញទៅប្រទេសអឺរ៉ុប។ ក្នុងនោះមានប្រទេសបារាំង អង់គ្លេស អាមេរិក ចិន ឥណ្ឌា កូរ៉េខាងត្បូង រួមនិងប្រទេសអាស៊ានមួយចំនួនទៀត។ បច្ចុប្បន្នស្ករត្នោតដែលនាំចេញទៅបរទេសជាប្រភេទស្ករត្នោតម្សៅ។
ទោះជាយ៉ាងណា លោក បានត្អួញត្អែរថា កន្លងមកក៏ដូចជាបច្ចុប្បន្នដែរ មិនមានយុវជនចាប់អារម្មណ៍នឹងរបរឡើងត្នោតឡើយហើយមានតែ៥ភាគរយប៉ុណ្ណោះជាកម្លាំងពលកម្មស្ថិតក្នុងវ័យជាយុវជន។ ក្រៅពីនេះអ្នកដែលមានអាយុ៤០ឆ្នាំឡើងរហូតដល់អាយុ៦០ឆ្នាំ។ លោកសារឿនថ្លែងថា៖ «ចំពោះកម្លាំងយុវជនដែលនៅមាន៥ភាគរយនេះដោយសារឪពុកម្តាយពួកគេពន្យល់ណែនាំអំពីគុណប្រយោជន៍នៃរបរធ្វើស្ករត្នោត។ ខ្ញុំតែងតែជំរុញ និងលើកទឹកចិត្តដល់ក្រុមយុវជនឱ្យងាកមកការងារឡើងត្នោតវិញតែពួកគេនៅតែមិនចាប់អារម្មណ៍»។
លោកបន្តទៀតថា ចំពោះដើមត្នោតដែលអាចគាបយកទឹកត្នោតផលិតជាស្ករបានលុះត្រាតែដើមត្នោតនោះគិតពីគល់ដល់ក្រោមដី៨តឹកមានដីខ្សាច់ហើយនៅក្រោមដីខ្សាច់ប្រវែង៨តឹកទៀតមានដីក្រួសក្រហមទើបកំណត់ថាដើមត្នោតនោះស្ថិតក្នុងតំបន់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GEOGRAPHICAL INDICATION (GI)។
បើតាមលោក សារឿន របរឡើងត្នោត និងធ្វើស្ករត្នោតកសិករធ្វើតែ៦ខែទេ គឺអាចរកចំណូលបានចន្លោះពី៦ទៅ៨ពាន់ដុល្លារ។ សមាគមស្ករត្នោតកំពង់ស្ពឺមានក្រុមហ៊ុនធំៗចំនួន៥ជាដៃគូសហការទិញ គឺក្រុមហ៊ុនConfirel ក្រុមហ៊ុន FARM.Link ក្រុមហ៊ុន HESED ក្រុមនៅប្រទេសបារាំង និងក្រុមហ៊ុន១ទៀតនៅឥណ្ឌា។កាលពីឆ្មាំឆ្នាំ២០២៣ ស្ករត្នោតម្សៅត្រូវបាននាំចេញ៦៦តោនហើយនៅឆ្នាំ២០២៤នេះគ្រោងនាំចេញ៨០តោនទៀត។
ពាក់ព័ន្ធបញ្ហាការរក្សាឬដាំដើមត្នោតយ៉ាងណានោះត្រូវបានលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ ខេមបូចា ថា ខេត្តកំពង់ស្ពឺ មានសមាគមផលិតកែច្នៃស្ករត្នោតតែសម្រាប់ខេត្តមួយនេះគ្មានគម្រោងណាមួយដាំដើមត្នោតនោះទេ។ ម៉្យាងបើយកដីដាំដើមត្នោត គឺវានឹងចង្អៀតដីគ្មានដីសម្រាប់បង្កបង្កើនផលស្រូវដំណាំអ្វីបានទេហើយបើខាងក្រសួងកសិកម្មលោកគ្រោងនឹងដាំកូនត្នោតយ៉ាងណានោះសម្រាប់ខេត្តកំពង់ស្ពឺមិនមានគម្រោងទុកដីដាំដែរ។
លោកថ្លែងថា៖ «បើយើងយកដីដាំត្នោត គឺនឹងគ្មានដីសម្រាប់បង្កបង្កើនផល និងខ្វះដីធ្វើជាតំបន់ឧស្សាហកម្ម។ ប៉ុន្តែគ្រាន់តែយើងចេះថែរក្សាកូនត្នោតដែលជ្រុះផ្លែមកដុះពេញវាលទៅបានហើយ។ ម៉្យាងវិញទៀតកុំតែនាំគ្នាកាប់ដើមមានស្រាប់ទៅ គឺមិនខ្វះទេដើមត្នោតសម្រាប់ផលិតស្ករ»។
ពាក់ព័ន្ធផលិតផលស្ករត្នោតត្រូវបានលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឱ្យ ខេមបូចា ដឹងថា ផលិតផលស្ករត្នោតនេះជាប្រភេទGIបានន័យថាជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GEOGRAPHICAL INDICATION (GI)។ ស្ករត្នោតប្រភេទ(GI)នេះមានតម្លៃពិសេសហើយក៏ជាផលិតផលធម្មជាតិហើយនិងតំណាងឱ្យជាតិកម្ពុជាផងដែរ។
លោក ហ្វីណង់ បន្តថា បើទោះបីជាផលិតផលស្ករត្នោតនេះវាមិនទាន់មានលក្ខណៈសេដ្ឋកិច្ចជាទ្រង់ទ្រាយធំ។ ក៏ប៉ុន្តែប្រជាកសិករខ្មែរមួយចំនួនក៏អាចរកចំណូលបានសម្រាប់ចិញ្ចឹមជីវភាពបានគួរសមដែរចំពោះអ្នកប្រកបមុខរបរឡើងត្នោតធ្វើស្ករត្នោតនេះ។
លោកថ្លែងថា៖ «ចំពោះថាតើក្រសួងកសិកម្មនឹងអភិរក្សដើមត្នោតដែរឬទេ ខ្ញុំយល់ថាយើងត្រូវតែអភិរក្សដើមត្នោតនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យខាងរដ្ឋបាលព្រៃឈើរកផ្ទៃដីជាច្រើនហិកតាដើម្បីដាំដើមត្នោតហ្នឹងតែម្តងដែលជាយុទ្ធនាការមួយក្នុងការរក្សាផងហើយជំរុញការដាំដុះបន្ថែមផងដើម្បីរក្សានូវអត្តសញ្ញាណដើមត្នោតនេះសម្រាប់ប្រទេសកម្ពុជា»៕