អង្គការ និងសមាគមក្រៅរដ្ឋាភិបាលជាង២០ស្ថាប័នជំរុញឱ្យរដ្ឋាភិបាលពន្លឿនការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ដោយរកឃើញថាការដែលមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង នឹងបញ្ចៀសការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងវិបត្តិសង្គមផ្សេងៗ។
នៅថ្ងៃទី១៨ ខែកុម្ភៈ អង្គការ និងសមាគមក្រៅរដ្ឋាភិបាលចំនួន២៣បានដាក់ចេញសេចក្តីថ្លែងការណ៍មួយស្តីពីការស្នើសុំរាជរដ្ឋាភិបាលកម្ពុជាឱ្យពន្លឿនការបង្កើតច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដោយយកទីតាំងវត្តសំពៅមាស ដែលស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ជាកន្លែងផ្សព្វផ្សាយ ហើយមានមនុស្សចូលរួមប្រមាណ២០០នាក់។
តាមរយៈសេចក្តីថ្លែងការណ៍នោះ ស្ថាប័នក្រៅរដ្ឋាភិបាលទាំង២៣បានបង្ហាញការព្រួយបារម្ភជុំវិញផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងសន្តិសុខសង្គម ដោយសារតែភាពសម្បូរសប្បាយនៃគ្រឿងស្រវឹង។ ជាពិសេសការកើតឡើងនៃបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ ដែលស្ថាប័នទាំងនេះទទូចឱ្យរដ្ឋាភិបាលពន្លឿនការបង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដោយគួរបញ្ចូលការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការដំឡើងពន្ធ និងការដាក់កម្រិតភាពងាយរកបាននៃគ្រឿងស្រវឹង។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា គ្រឿងស្រវឹងបាននិងកំពុងបន្សល់នូវសោកនាដកម្មជាច្រើនដល់សង្គមកម្ពុជា ដែលរួមមានជំងឺធ្ងន់ធ្ងរជាច្រើនមុខ រួមនិងវិបត្តិនៃគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃដែរ។ លោកបន្តថា កម្ពុជាត្រូវការជាចាំបាច់នូវច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដើម្បីកាត់បន្ថយហានិភ័យសង្គម និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «មានសោកនាដកម្មជាច្រើនកន្លងមក ដែលបង្កឡើងដោយគ្រឿងស្រវឹង។ ហើយពួកយើងមើលឃើញថាសោកនាដកម្មទាំងអស់នោះវាអាចកើតឡើងដោយសារតែកង្វះច្បាប់នៅក្នុងការគ្រប់គ្រងគ្រឿងស្រវឹង ហើយទី២យើងក៏មើលឃើញថាកម្ពុជាបច្ចុប្បន្នចាំបាច់ត្រូវមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ពីព្រោះវាមិនត្រឹមតែជួយកាត់បន្ថយហានិភ័យ និងមហន្តរាយដែលកើតឡើងដោយសារតែគ្រឿងស្រវឹង ក៏ដូចជាការបើកបរក្រោមឥទ្ធិពលស្រវឹងទេ ក៏ប៉ុន្តែវាក៏ជួយរដ្ឋាភិបាលថ្មីនៅក្នុងអាណត្តិទី៧នេះ សម្រេចនៅក្នុងការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ដែលលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាពលរដ្ឋផងដែរ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង បានមានប្រសាសន៍ថា បញ្ហាគ្រឿងស្រវឹងជាបញ្ហាសំខាន់ដែលរដ្ឋាភិបាលត្រូវដាក់ចេញនូវច្បាប់គ្រប់គ្រងជាបន្ទាន់ បើពុំដូច្នេះទេ លោកថាគ្រឿងស្រវឹងនឹងបន្តញាំញីសង្គមកម្ពុជា ហើយសូម្បីរដ្ឋាភិបាលក៏ពិបាកក្នុងការដោះស្រាយដែរ។
លោកបញ្ជាកថា៖ «បញ្ហាគ្រឿងស្រវឹងនេះ គឺជារឿងសំខាន់ដែលត្រូវដោះស្រាយ បើមិនអ៊ីចឹងទេ គឺគ្រោះថ្នាក់ចរាចរណ៍វាកាន់តែអាក្រក់។ រូបភាព ទំហំករណីនៃគ្រោះថ្នាក់ វានឹងកាន់តែធំឡើង ហើយនិងកាន់តែអាក្រក់។ ហើយបើសិនជាអត់ដោះស្រាយទេ គឺផលប៉ះពាល់ខាងសង្គមនឹងធំ ដែលរដ្ឋាភិបាលនឹងពិបាកក្នុងការគ្រប់គ្រងហានិភ័យដែលកើតឡើងដោយសារគ្រឿងស្រវឹងនេះ»។
ជាមួយគ្នា លោកថាបើរដ្ឋាភិបាលគិតពីចំណូលដែលបានមកពីគ្រឿងស្រវឹង នោះក៏គួរតែថ្លឹងថ្លែងពីគ្រោះថ្នាក់ដែរ ថាតើចំណូលដែលចូលពីក្រុមហ៊ុនគ្រឿងស្រវឹងទាំងនោះអាចទូទាត់នឹងគ្រោះថ្នាក់ សោកនាដកម្ម និងការខាតបង់ថវិកាពលរដ្ឋបានដែរឬទេ? លោកបន្ថែមថា រដ្ឋាភិបាលគួរពឹងអាស្រ័យលើការអភិវឌ្ឍធនធានមនុស្ស ជាជាងពឹងអាស្រ័យលើចំណូលពីគ្រឿងស្រវឹងដើម្បីការអភិវឌ្ឍ។
លោកថ្លែងថា៖ «បើសិនជារដ្ឋាភិបាលពឹងទៅលើគ្រឿងស្រវឹងនៅក្នុងការអភិវឌ្ឍប្រទេស រដ្ឋាភិបាលនឹងទទួលនូវការខាតបង់យ៉ាងធំសម្រាប់នៅថ្ងៃអនាគត ប៉ុន្តែបើរដ្ឋាភិបាលពឹងទៅលើការអភិវឌ្ឍធនធានមនុស្ស ពឹងទៅលើការធ្វើយ៉ាងណាឱ្យសុខុមាលភាពសង្គម សុខុមាលភាពមនុស្ស មានភាពល្អប្រសើរ នោះគឺនឹងជំរុញការអភិវឌ្ឍហ្នឹងបានលឿន ហើយនិងធ្វើឱ្យសង្គមនោះមានចីរភាព មានការអភិវឌ្ឍ ហើយប្រកបដោយនិរន្តរភាពតទៅទៀត»។
បើតាមលោក គិមអេង បានឱ្យដឹងថា តាមរយៈការស្ទង់មតិជាមួយប្រជាពលរដ្ឋនៅក្នុងខេត្ត-ក្រុងចំនួន៥បានបង្ហាញថា ប្រជាពលរដ្ឋជិត៩៦ភាគរយ គាំទ្រឱ្យមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ខណៈ៩៨ភាគរយជំរុញឱ្យរដ្ឋាភិបាលអនុម័តច្បាប់នេះ។
ម្តាយជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២០ ខែមករា ដែលបង្កឡើងដោយមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបើកបរក្រោមឥទ្ធិពលស្រវឹង លោក នាង សំអូន គឺអ្នកស្រី យ៉ែម ស្រីនាង បាននិយាយដោយសំឡេងអួលដើមកថា គ្រឿងស្រវឹងបានធ្វើឱ្យកូនប្រុសរបស់អ្នកស្រីវ័យ២០ឆ្នាំបាត់បង់ជីវិតដោយអយុត្តិធម៌ ហើយបន្សល់ទុកនូវការឈឺចាប់ដល់ក្រុមគ្រួសារ។
អ្នកស្រីរៀបរាប់ដោយអួលដើមកថា៖ «គ្រឿងស្រវឹងធ្វើឱ្យគ្រួសារខ្ញុំបែកបាក់កូន។ ខ្ញុំមានអារម្មណ៍ថាទប់អត់បានទេ រាល់ថ្ងៃខ្ញុំនៅតែយំអាណិតកូន មិនសមសោះ»។
អ្នកស្រីទទូចឱ្យរដ្ឋាភិបាលបង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដោយថាមិនចង់ឃើញពលរដ្ឋខ្មែរបន្តរស់នៅក្នុងសោកនាដកម្មនៃគ្រឿងស្រវឹងទៀតឡើយ។
អ្នកស្រីថ្លែងថា៖ «គ្រឿងស្រវឹងវាប៉ះពាល់ដល់ប្រជាពលរដ្ឋយើង ដូចថាកូនខ្ញុំស្លូតត្រង់ វាអត់មានរឿងអីសោះ គេស្រវឹងបើកបរបុកអ៊ីចឹង។ ខ្ញុំចង់សំណូមពរឱ្យរាជរដ្ឋាភិបាលដោះស្រាយរឿងស្រា»។
ពលរដ្ឋម្នាក់ទៀត វ័យ៨៣ឆ្នាំរស់នៅស្រុកបាធាយ ខេត្តកំពង់ចាម អ្នកស្រី យន់ ស៊ុន ក៏ជំរុញឱ្យរដ្ឋាភិបាលឱ្យបង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនេះដែរ ដោយថា អ្នកស្រីក៏ជាជនរងគ្រោះដោយសារកូនរបស់គាត់ញៀននឹងគ្រឿងស្រវឹង។
អ្នកស្រីឱ្យដឹងថា៖ «យាយសប្បាយចិត្តណាស់ចៅហ្អើយ! សប្បាយចិត្តណាស់ បើគេគ្រប់គ្រងកុំឱ្យលក់អាហ្នឹង យាយសប្បាយចិត្តណាស់។ បើវា(កូនប្រុស)មានអាហ្នឹងដឹងតែមានរឿងហើយចៅ ឱ្យតែស្រាចូលក្នុងពោះកាលណា វារករឿងកាលហ្នឹង»។
ការអះអាងដូច្នេះ ដោយស្ត្រីប្រកបរបរបេះស្លឹកអំពិល និងត្រកួនលក់រូបនេះថា កូនប្រុសរបស់គាត់ម្នាក់អាយុ៤៣ឆ្នាំ បានរងគ្រោះធ្ងន់ធ្ងរដោយសារសេពគ្រឿងស្រវឹងប្រមាណ២០ឆ្នាំមកនេះ ដែលបង្កឱ្យបាត់បង់សតិ និងបានបែកបាក់គ្រួសារចំនួន២នាក់ផ្សេងគ្នា ហើយបច្ចុប្បន្នត្រូវបានអាជ្ញាធរបញ្ជូនទៅមណ្ឌលកែប្រែ។
ស្ត្រីវ័យ៨៣ឆ្នាំរូបនេះរម្លឹកថា គ្រឿងស្រវឹងបានបំផ្លាញទ្រព្យសម្បត្តិ និងសុភមង្គលគ្រួសារគាត់យ៉ាងខ្លាំង ដោយថានៅមុនអាជ្ញាធរបញ្ជូនកូនប្រុសទៅមណ្ឌលកែប្រែ គឺតែងតែប្រើហិង្សាលើឪពុកម្តាយ និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់។
អ្នកស្រីបន្តថា៖ «មួយថ្ងៃៗរកតែរឿង ឱ្យតែស្រាដល់ក្បាលដឹងតែរករឿងយាយ(ម្តាយ) រករឿងតា(ឪពុក)អ៊ីចឹងរហូត[..] ធ្វើបាបយាយរាល់យប់ រាល់ពេល រាល់វេលា អត់មានឈប់ស្រាកស្រាន្តទេ។ ស្រាផឹកស្រវឹងខ្លាំងហើយ នៅមាន២ដបច្រកនៅហោប៉ៅទៀត»។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លោក រស់ សុដ្ឋា យល់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងវិបត្តិនាពេលកន្លងមក នឹងក្លាយជាទល្ហីករក្នុងការជំរុញរដ្ឋាភិបាលឱ្យគិតគូរដល់ការអនុម័តច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនេះ ព្រោះលោកថាគ្រឿងស្រវឹងជាបញ្ហាមួយដ៏ធំដែលរាំងស្ទះដល់ការអភិវឌ្ឍ។
លោកមានប្រសាសន៍ថា៖ «វាមានសភាពធ្ងន់ធ្ងរណាស់! វាប៉ះពាល់ជាប្រព័ន្ធតែម្តង។ ទី១ ពាក់ព័ន្ធប៉ះពាល់សុខភាព ទី២ បញ្ហាសន្តិសុខជាតិ។ ទី៣ គឺកម្លាំងអភិវឌ្ឍន៍ត្រូវចុះខ្សោយ ជាពិសេសក្នុងចំណោមយុវជន ព្រោះយើងអភិវឌ្ឍយើងត្រូវការពង្រឹងធនធានមនុស្សទាំងកម្លាំង ទាំងបញ្ហា ហើយសុរានេះវាបំផ្លាញទាំងពីរ»។
មន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សដដែលបានគូសបញ្ជាក់ថា ប្រសិនបើមិនមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង នោះកម្ពុជានឹងកាន់តែមានសោកនាដកម្មខ្លាំងៗទៅ ហើយជីវភាពពលរដ្ឋក៏កាន់តែធ្លាក់ចុះ។ ប៉ុន្តែលោកថាបើមានច្បាប់ នោះកម្ពុជានឹងចំណេញថវិការាប់លានដុល្លារក្នុងមួយឆ្នាំៗ ដែលសល់ពីការព្យាបាលជំងឺ និងសេវាថែទាំសង្គមផ្សេងទៀត។
លោកថ្លែងថា៖ «ផលចំណេញ គឺទី១ ប្រជាពលរដ្ឋខ្លួនឯងលែងចំណាយផ្តេសផ្តាសទៅលើរឿងឥតប្រយោជន៍ តែបង្វែរថវិការាប់លានដុល្លារក្នុងមួយឆ្នាំៗ ទៅលើវិស័យផ្សេងៗទៀតដែលមានប្រយោជន៍។ ទី២ចំណេញលើប្រជាពលរដ្ឋនឹងយកសុខភាពល្អរបស់ខ្លួនទៅបម្រើសេដ្ឋកិច្ចគ្រួសារ ហើយរក្សានូវភាពសុខដុមរមនា សុភមង្គល សេចក្តីសុខក្នុងគ្រួសារ និងនៅក្នុងសង្គមជាតិ»។
ជាការឆ្លើយតប អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា សង្គមស៊ីវិលហាក់មើលឃើញតែមួយជ្រុង ប៉ុន្តែរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងក្នុងការរិះរកវិធីក្នុងការធ្វើយ៉ាងណាអាចគ្រប់គ្រងនូវការផ្សាយពាណិជ្ជកម្ម ឬសារជាតិស្រវឹង។ លោកបន្តថា ការពិភាក្សាបង្កើតសេចក្ដីព្រាងច្បាប់ដើម្បីត្រួតពិនិត្យគ្រឿងស្រវឹងនោះ គឺវាត្រូវការចំណាយពេលវេលា ដោយសារមានភាគីពាក់ព័ន្ធច្រើនដែលត្រូវសិក្សាយកចំណុចរួមជាមុនសិន ដោយមិនអាចបោះបង់ភាគីណាមួយបានឡើយ។
លោកមានប្រសាសន៍ថា៖ «សង្គមស៊ីវិលធម្មតាគាត់មើលឃើញតែមួយជ្រុងទេ គាត់គិតជ្រុងណា គាត់រុញទៅជ្រុងហ្នឹង គាត់ចង់បានអីគាត់ចង់បានភ្លាមៗ ប៉ុន្តែរដ្ឋាភិបាលគិតគ្រប់ជ្រុងទាំងអស់។ ជ្រុងសុខភាព ជ្រុងសុខុមាលភាព សុវត្ថិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងអស់ហ្នឹងយកមកដាក់លើតុ»។
លោក បូណា បន្ថែមថា ទោះបីជាច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងមិនទាន់ចេញជារូបរាងក៏ដោយ ប៉ុន្តែរដ្ឋាភិបាលក៏មិននៅស្ងៀមដែរ ដោយថាមានចេញជាសារាចរណែនាំនានា ដើម្បីគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ចំណែកឯអាជ្ញាធរមានសមត្ថកិច្ចវិញ បានដាក់ត្រួតពិនិត្យលើអ្នកបើកបរដែលមានសារធាតុស្រវឹងក្នុងខ្លួន។
អ្នកនាំពាក្យរដ្ឋាភិបាលដដែលបន្តទៀតថា កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានណែនាំទៅដល់ក្រសួងព័ត៌មាន ក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ឱ្យរៀបចំនូវក្រមប្រតិបត្តិមួយច្បាស់លាស់ក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ លោកលើកឡើងថា ក្រសួងទាំង៣កំពុងតែមមាញឹកក្នុងការធ្វើការរៀបចំក្រមប្រតិបត្តិដើម្បីធានាឱ្យបានថាការផ្សព្វផ្សាយគ្រឿងស្រវឹងមានតុល្យភាព និងសមហេតុផលដើម្បីកាត់បន្ថយហានិភ័យ។
លោកបន្ថែមថា៖ «សរុបមកវិញសេចក្ដីព្រាងច្បាប់ហ្នឹង! ក៏យើងនៅតែពិភាក្សា ហើយចំណែកឯវិធានការផ្សេងៗយើងនៅតែបន្តអនុវត្ត ដើម្បីធ្វើយ៉ាងណាយកចិត្តទុកដាក់ការពារបងប្អូនប្រជាពលរដ្ឋយើង»។
កាលពីពេលថ្មីៗនេះ ឧស្សាហកម្មភេសជ្ជៈមានជាតិសុរានៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការពិសារគ្រឿងស្រវឹងដោយការទទួលខុសត្រូវ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងស្រវឹង។ ឧស្សាហកម្មភេសជ្ជៈមានជាតិសុរានៅកម្ពុជាបានបញ្ជាក់ថា បណ្តាក្រុមហ៊ុនហត្ថលេខី បាននិងកំពុងបន្តជជែកពិភាក្សាអំពីការការពារអនីតិជនមានអាយុក្រោម១៨ឆ្នាំពីការចូលពាក់ព័ន្ធនឹងផលិតផលគ្រឿងស្រវឹងនៅកម្ពុជា។
របាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងបង្កឱ្យមានជំងឺប្រមាណជាង ២០០មុខ ដូចជាជំងឺមហារីកបំពង់អាហារ មហារីកថ្លើម លើសសម្ពាធឈាម ស្ទះសរសៃឈាមបេះដូង-ខួរក្បាល ក្រិនថ្លើម រលាកលំពែង វិកលចរិតជាដើម។
ដោយឡែក របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាក់ថា តួលេខគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២៣ មានអ្នកស្លាប់ជិត២ពាន់នាក់។ លោកបន្តថា ប្រសិនបើនៅឆ្នាំ២០២៤នេះគ្រប់ភាគីពាក់ព័ន្ធមិនបានបង្កើនការគោរព និងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនទេនោះ អត្រាអ្នកស្លាប់ដោយឃាតកលើដងផ្លូវ នឹងបន្តកើនឡើងលើសពីចំនួន២០០០នាក់ពុំខានឡើយ។ បើតាមការបញ្ជាក់របស់លោក ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលធ្វើឡើងនៅខេត្តរតនគិរី កាលពីថ្ងៃទី១៨ ខែមករា។
លោកគូសបញ្ជាក់ថា អត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងហក់ឡើង ក្នុងអត្រាខ្ពស់គួរឱ្យព្រួយបារម្ភ ដែលការណ៍នេះមិនរាប់បញ្ចូលប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការ ដែលក្លាយជាបន្ទុកគ្រួសារ និងរដ្ឋាភិបាល។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបានបង្ហាញការព្រួយបារម្ភថា ប្រសិនបើស្ថានភាពគ្រោះថ្នាក់ចរាចណ៍ មិនត្រូវបានដោះស្រាយ គោលដៅទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ របស់កម្ពុជា ក៏ទំនងនឹងមិនអាចសម្រេចបានជោគជ័យនោះដែរ ហើយកម្ពុជានឹងបន្តខាតបង់ទាំងធនធានមនុស្ស និងថវិកា ជារៀងរាល់ឆ្នាំ ដោយសារបញ្ហាមួយនេះ៕