សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមន្រ្តីបក្សប្រឆាំង៣រូបនិងប្រធានសមាគមម្នាក់ជាបណ្ដោះ​អាសន្ន

លោក កើត សារ៉ាយ យកញត្តិទៅដាក់នៅព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
លោក កើត សារ៉ាយ យកញត្តិទៅដាក់នៅព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនសមាជិកគណបក្សប្រឆាំងចំនួន៣នាក់ និង​ប្រធាន​សមាគមមួយរូប ជាបណ្ដោះអាសន្ន កាលពីថ្ងៃអាទិត្យ ក្រោមបទចោទផ្សេងៗគ្នា ខណៈបក្ស​ប្រឆាំង និងអង្គការសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាល​បើកលម្ហសិទ្ធិសេរីភាព​ជាមូលដ្ឋាន និង​ដោះលែងអ្នកទាំងបួន។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍ថា សមាជិកគណបក្ស​ភ្លើងទៀន​ចំនួន៣រូប ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ PJ កាល​ពី​ថ្ងៃអាទិត្យម្សិលមិញ។

លោកបន្ថែមថា តុលាការបានសម្រេចចោទប្រកាន់ លោក ដាង ប៊ុនហាក់ និង លោក គឹម ថាយមុន្នី ពាក់ព័ន្ធនឹងបទ «ក្លែងបន្លំឯកសារសាធារណៈ» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកុម្ភៈ និងទី២៥ ខែមីនា ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខណៈលោក គឹម ហុង ត្រូវបានចោទពីបទ «សុំឱ្យផ្ដល់ឯកសារដោយទុច្ចរិត» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកបញ្ជាក់ថា៖ «សម្រេចឃុំខ្លួនគាត់បណ្ដោះអាសន្ន»

ចំណែក លោក​ កើត សារ៉ាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន​បណ្ដោះ​អាសន្ន ​និងចោទប្រកាន់ពីបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីផ្ដន្ទាទោសបទមជ្ឈិម និង​បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»  តាមបញ្ញតិ្តមាត្រា៨៨ មាត្រា​៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

តុលាការបានចោទ ​លោក សារ៉ាយ និងគូកន ថា បានរៀបចំផែនការ អូសទាញ​ប្រជាពលរដ្ឋ​ឱ្យប្រព្រឹត្តអំពើកាប់ទន្រ្ទានកាន់កាប់ដីខុសច្បាប់​ និងចេញតតាំងប្រឆាំង​ដោយ​ហិង្សា​ជាមួយ​អាជ្ញាធរ និងបំផុសឱ្យពលរដ្ឋមានការភ័យខ្លាចហើយរត់ភៀសខ្លួនចូលព្រៃ កាលពីខែមុន ដោយ​ទីតាំងកើតហេតុស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

តុលាការបន្តថា ក្រុមលោកសារ៉ាយ បានផ្សព្វផ្សាយជាសាធារណៈដោយបំភ្លៃព័ត៌មានមិនពិត​ក្នុង​ចេតនា​បញ្ឆេះកំហឹងពលរដ្ឋឱ្យមានការថ្នាំងថ្នាក់ជាមួយរដ្ឋាភិបាល។

លោក ថន ស័កិ្តដា អគ្គលេខាធិការសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ថ្លែងថា ការលើកឡើង​របស់លោក សារ៉ាយ គ្រាន់តែជាការបង្ហាញអំពីស្ថានភាពប្រជាពលរដ្ឋ​ជាក់ស្ដែងដែល​រងគ្រោះ​ក្នុងវិវាទដីធ្លីនៅខេត្តព្រះវិហារប៉ុណ្ណោះ។

លោកអះអាងថា ការចាប់ខ្លួនប្រធានសមាគមរបស់លោក នឹងនាំឱ្យមានការប៉ះទង្គិចផ្លូវចិត្ត​ដល់​អ្នកធ្វើការ​ផ្នែកសិទ្ធិមនុស្សដទៃទៀត។

លោកថ្លែងថា៖ «ចំពោះរឿងនេះ គ្រាន់តែគាត់និយាយអ្វីដែលជាស្ថានភាពជាក់ស្ដែង ឬក៏​ទិដ្ឋភាព​ពិតនៅក្នុងទីតាំងដែលពលរដ្ឋរងគ្រោះប៉ុណ្ណឹងទេ»

មួយថ្ងៃបន្ទាប់ពីការចោទប្រកាន់របស់តុលាការ ពោលគឺនៅថ្ងៃចន្ទនេះ សហជីព សមាគម ក្រុមយុវជន សហគមន៍មូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៥៤ស្ថាប័ន បានចេញ​សេចក្ដី​ថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យតុលាការទម្លាក់បទចោទ និងដោះលែង លោក សារ៉ាយ ជាបន្ទាន់ដោយឥតលក្ខខណ្ឌ។

ក្រុមអង្គការសង្គមស៊ីវិល បានចាត់ទុកការចាប់ខ្លួន និងឃុំខ្លួន លោក សារ៉ាយ ជាការបន្ត​បិទ​សំឡេង និងសេរីភាពបញ្ចេញមតិ ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ​លើសិទ្ធិសេរីភាព​ជា​មូលដ្ឋាន​ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។

យោងតាមសេចក្ដីថ្លែងការណ៍ខាងលើ អង្គការសង្គមស៊ីវិលទាំងនោះ ក៏បានទទូចឱ្យ​រដ្ឋាភិបាល ធ្វើការគោរពសិទ្ធិមនុស្ស គោរពសិទ្ធិអ្នកការពារសិទ្ធិមនុស្ស និងបើកលម្ហ​សេរីភាព​ដល់អង្គការ សមាគម រួមទាំងលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិដើម្បី​ចូលរួម​ស្ថាបនា​ប្រទេស​ជាតិ។

អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ ក៏ស្នើឱ្យរដ្ឋាភិបាលដោះលែង​សកម្មជន​នយោបាយ និងសង្គម ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានានូវបរិយាកាស​ប្រជាធិបតេយ្យ​​មានភាពល្អប្រសើរនៅមុនពេលបោះឆ្នោតក្រុមប្រឹក្សា​នៅខែឧសភា ខាងមុខ​ចូលមកដល់។

លោកថ្លែងថា៖ «លើសពីនេះក៏ស្នើឲ្យរាជរដ្ឋាភិបាលបើកលម្ហសេរីភាព និងនយោបាយ​ឱ្យ​ទូលាយ ដើម្បីធានានូវបរិយាកាសប្រជាធិបតេយ្យមុនពេលការបោះឆ្នោតអសកលខាងមុខ និងដើម្បីបង្ហាញថាកម្ពុជាបាននិងកំពុងអនុវត្ត ស្តារនិងពង្រឹងលទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​​បញ្ចេញមតិ»។

កាលពីសប្ដាហ៍មុន សមត្ថកិច្ចក្រុងភ្នំពេញ បានចាប់ខ្លួនមន្ត្រីបក្សប្រឆាំងបីរូប និង​ប្រធាន​សមាគម​ម្នាក់។ ក្នុងនោះមាន លោក ដាង ប៊ុនហាក់ បេក្ខជនពេញសិទ្ធិលេខរៀងទី១ គណបក្សឆន្ទៈខ្មែរ នៅមណ្ឌលរាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា, លោក គឹម ថាយមុន្នី ចៅសង្កាត់រងទី២ នៅ​សង្កាត់​ស្ទឹងមានជ័យ​ និងលោក គឹម ហុង ចៅសង្កាត់រងទី២ សង្កាត់ផ្សារអូរឫស្សីទី៤​ កូតា​បក្សភ្លើងទៀន រួមទាំងប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ។

ភ្លាមៗក្រោយការចាប់ខ្លួន គណបក្សភ្លើងទៀន តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន បានធ្វើ​ការថ្កោលទោសសមត្ថកិច្ចចំពោះការចាប់ខ្លួនសមាជិករបស់ខ្លួនជាបន្តបន្ទាប់។ បក្ស​ភ្លើងទៀន បានចាត់ទុកទង្វើនេះ ជាការគំរាមកំហែងមកលើខ្លួន ចំពេលការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាខិតជិតមកដល់។

បក្សប្រឆាំងនេះ ក៏បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការដោះលែងសមាជិករបស់ខ្លួន​ទាំងបីរូបនេះ ឱ្យមានសេរីភាពឡើងវិញ ក៏ដើម្បីឱ្យពួកគេអាចចូលរួម​សកម្មភាព​នយោបាយ​របខ្លួនបានសាជាថ្មីស្របតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងដើម្បីធានាដល់ការបោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា នាខែឧសភាខាងមុខប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ទន្ទឹមនេះ អ្នកនាំពាក្យស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដី​ប្រកាស​មួយ​ថា ការចាប់ខ្លួន លោក ដាង ប៊ុនហាក់ និង លោក គឹម ថាយមុន្នី ធ្វើឡើងក្រោយ​សមត្ថកិច្ច​ទទួល​​បានពាក្យបណ្ដឹងពីឈ្មោះ ម៉ែន ស្រីទូច និងទូច សំអុល ដោយប្ដឹងអ្នកទាំងពីរ​ពី​បទ​ក្លែង​បន្លំឯកសារសាធារណៈ ពាក់ព័ន្ធនឹងការយកឈ្មោះរបស់គេទៅឈរឈ្មោះ​ជា​បេក្ខជន​បម្រុង​សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៤ ដោយ​មិន​មានការ​យល់​ព្រមពីសាមីខ្លួន។

បើតាមរបាយការណ៍ពី លោក លី សុធារ៉ាយុទ្ធ ឱ្យដឹងថា​ ចាប់ពីដើមឆ្នាំ២០២៣ រហូតដល់​ខែមេសា ឆ្នាំ២០២៤ មានមន្រ្តីគណបក្សភ្លើងទៀន ចំនួន១៧នាក់ត្រូវបានចាប់ខ្លួន និង​ឃុំខ្លួននៅពន្ធនាគារ។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបញ្ចេញមតិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែពួកគេមិនមានសិទ្ធិរំលោភលើសិទ្ធិអ្នកដទៃទេ។

លោក​បន្តថា ការ​ប៉ុនប៉ង​របស់​បក្ស​ប្រឆាំង​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ពួកគេ និង​ប្រើ​ព្រឹត្តិការណ៍​នេះ​វាយប្រហារ​រដ្ឋាភិបាល និង​ជំរុញ​ឲ្យ​បរទេស​ដាក់​សម្ពាធ​លើ​កម្ពុជា។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា រដ្ឋាភិបាលគួរពិចារណាស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ ដើម្បីទទួលបាននូវប្រជាប្រិយភាពក្នុងការបោះឆ្នោតខាងមុខ។

លោក​យល់​ឃើញ​ថា​ព័ត៌មាន​ដែល​លោក ​សារ៉ាយ ​បាន​ចែក​រំលែក ​និង​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​គឺ​ស្រប​តាម​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ៕

396 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម