សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមមេធាវីទទូចឱ្យតុលាការកំពូលសម្រេចដោយយុត្តិធម៌លើសំណុំ​រឿងរបស់ ឈឹម ស៊ីថរ និងសមាជិកសហជីពណាហ្គាវើលដ៍ដទៃទៀត

សមាជិកសហជីពណាហ្គាវើលដ៍ប្រមូលផ្តុំគ្នានៅមុខតុលាការកំពូល ដើម្បីគាំទ្រសហសេវិករបស់ពួកគេ ដែលត្រូវជំនុំជម្រះក្តី រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
សមាជិកសហជីពណាហ្គាវើលដ៍ប្រមូលផ្តុំគ្នានៅមុខតុលាការកំពូល ដើម្បីគាំទ្រសហសេវិករបស់ពួកគេ ដែលត្រូវជំនុំជម្រះក្តី រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុម​មេធាវីការពារ​របស់កញ្ញា​ ឈឹម ស៊ីថរ និងសមាជិកសហជីពចំនួនប្រាំបីនាក់ផ្សេង​ទៀត​នៃ​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) បានស្នើ​ឲ្យ​តុលាការកំពូលទម្លាក់ចោលការចោទប្រកាន់លើ​កូន​ក្តី​​​​ដោយសំ​អាងថា ការសម្រេច​របស់​តុលាការ​​ថ្នាក់ទាបគឺ «មិនស្របនឹងច្បាប់» និង«មិនសមហេតុផល»

ចៅក្រម​ចំនួន​ប្រាំ​នាក់នៅ​​ក្នុង​អង្គ​ជំនុំ​ជម្រះ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​នេះ ដោយ​មាន​ព្រះរាជអាជ្ញា​មួយរូប​ និង​មេធាវី​ការពារ​ក្តី​ចំនួន​ប្រាំមួយ​រូប​តំណាង​ឱ្យ​សមាជិក​សហជីព។ កញ្ញា​ ឈឹម ស៊ីថរ ក្នុង​សម្លៀកបំពាក់​​​ពណ៌​ទឹកក្រូច​អង្គុយ​លើ​​កៅអី​ដោយ​​មាន​មន្ត្រីពន្ធនាគារ​​ពីរ​រូប​អម​​សងខាង​​។ អនុប្រធាន និងសមាជិករបស់​សហជីព LRSU ក៏មានវត្តមាននៅក្នុង​សវនាការ​នេះ​ផងដែរ។

កញ្ញា ស៊ីថរ បានទទួលពានរង្វាន់ Per Anger Award ២០២៤ កាលពីថ្ងៃទី១៩ ខែមេសា ដែល​ទទួលស្គាល់ការលះបង់របស់នាងក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការពារសិទ្ធិ​មនុស្ស​នៅក្នុងប្រទេសកម្ពុជា ទោះបីជានាង​កំពុង​អនុវត្ត​ទោស​​ជាប់​ពន្ធ​នា​គារក៏ដោយ។ វាគឺ​ជា​ពានរង្វាន់អន្តរជាតិទីពីររបស់នាង បន្ទាប់ពី​ទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិកកាលពីឆ្នាំមុន។

អំឡុង​សវនាការ លោក ប៉ែន សារ៉ាត មហាអយ្យការអមតុលាការ​កំពូល​បានស្នើឱ្យក្រុមប្រឹក្សា​ជំនុំជម្រះ តម្កល់សាលដីការបស់សាលាឧទ្ធរណ៍លើសំណុំរឿង​របស់​កញ្ញា​ ឈឹម ស៊ីថរ និង​សហសេវិក​របស់​នាង​ ខណៈមេធាវីការពារក្តីទាំងប្រាំមួយរូប ស្នើឱ្យតុលាការកំពូល​ទម្លាក់​បទចោទ និងដោះលែងកញ្ញា​ ស៊ីថរ និងអ្នកផ្សេងទៀត។

លោក សំ ចំរើន មេធាវីការពារក្តីម្នាក់ក្នុងចំណោមមេធាវីទាំងប្រាំមួយរូបបាន​ពន្យល់ថា សាល​ក្រម​របស់សាលាដំបូងរាជធានីភ្នំពេញ ដែលតម្កល់ដោយសា​លា​ឧទ្ធរណ៍នោះ «មិន​ពេញ​លេញ» ត្រង់​បីចំណុច គឺការវិភាគ និងការបំភ្លឺមិនច្បាស់លាស់ ហើយគ្មាន​សំអាង​ហេតុ។

លោក ចំរើន បានលើកឡើង​ថា មន្ត្រីនគរបាលយុត្តិធម៌បានឆ្មក់ចូលការិយាល័យសហជីព និងរឹបអូសកុំព្យូទ័រ និងទូរស័ព្ទ ហើយរកឃើញថា សហជីព LRSU បាន​កោះប្រជុំតាមរយៈ Zoom ខណៈចោទប្រកាន់កូនក្តីរបស់លោកថា បាន​ប្រើ​ពាក្យ​សម្តី​​ញុះញង់បង្ក​ចលាចល​ក្នុង​សង្គម។

លោកបានបន្ត​ថា តាមពិត កិច្ចប្រជុំតាម​ Zoom ធ្វើឡើងជាមួយសមាជិកសហជីព ដើម្បីស្វែង​រក​ដំណោះស្រាយចំពោះវិវាទការងាររបស់ពួកគេ ហើយវាមិន​មែន​បើកចំហជា​សាធារណៈ​នោះ​ទេ។

លោក សំ ចំរើន បានថ្លែង​ថា៖ «តើ​មូលដ្ឋាន​នៃ​អង្គហេតុ​ចម្បង​ត្រឹមត្រូវ​ប៉ុណ្ណា​ព្រោះ​ [នគរបាល​យុត្តិធម៌​] បាន​ចូលទៅ​ថត​ចម្លង​ [ការប្រជុំ​] តាម​​កុំព្យូទ័រ​នៅពេល​​ពួកគាត់ចូល​​ឆែក​​ការិយាល័យ​សហជីព។ យោងតាមមាត្រា៤៩៤ [នៃក្រមព្រហ្មទណ្ឌ] រាល់សកម្មភាពញុះញង់​ត្រូវបាន​ចាត់​ទុក​​ជាសកម្មភាពជាក់ស្តែង​ គឺពាក់​ព័ន្ធ​ទី​កន្លែងសាធារណៈ ប៉ុន្តែយើងមិនឃើញសកម្មភាព [របស់ LRSU] ជាការញុះញង់ [ជាសាធារណៈ] នោះទេ»។ 

លោកបានបន្ថែមថា តុលាការជាន់ទាបសម្រេច​ចោទ​ប្រកាន់កូនក្តីរបស់លោក គឺផ្អែក​លើ​ភស្តុតាង​មិនពេញលេញ ដោយលោកកត់សម្គាល់ថា មិនមាន​ភស្តុតាង​ពិត​ជាក់ស្តែង​​ ដើម្បី​បញ្ជាក់​ថា មានការញុះញង់នៅទី​សាធារណៈនោះទេ។ «តុ​លា​ការ​គ្រាន់​តែ​សន្មត់ [បញ្ហា] ហើយ​បាន​សម្រេច​ដោយ​មិន​សម​ហេតុផល»។

លោក ចំរើន មានប្រសាសន៍ថា៖ «ខ្ញុំស្នើសុំ​ឱ្យតុលាការពិចារណាចំណុចមួយចំនួន ដើម្បី​ទម្លាក់​បទ​ចោទ​ ព្រោះតុលាការជាន់ទាបគ្រាន់តែសន្មត ខណៈសកម្មភាពកូដ​កម្មគឺ​ស្រប​តាមច្បាប់ការងារ ហើយវា​ពិតប្រាកដ​»

លោក​អះអាង​ថា កូដកម្ម​គឺ​ជា​មធ្យោបាយ​ដោះស្រាយ​វិវាទ​ការងារ មិន​មែន​ជា​ការ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទេ។

លោកស្រី​ សាម​ សុគន្ធា មេធាវីការពារក្តីម្នាក់ទៀត មានប្រសាសន៍ថា តុលាការគួរ​តែផ្ទៀង​ផ្ទាត់​ប្រព័ន្ធច្បាប់ឲ្យ​ស្របតាមនីតិវិធីច្បាប់ រួមទាំង​រដ្ឋ​ធម្មនុញ្ញផងដែរ។

លោក​ស្រី​បាន​បន្ត​ថា ប្រភព​ថវិកា​របស់​សហជីព ​គឺ​ស្រប​ច្បាប់។ វាក៏ជួយ​ដល់​កូដករដែល​សម្រាល​កូន អំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ដោយកត់សម្គាល់​ថា សហជីពធ្លាប់​បានស្វះ​ស្វែង​រកមូលនិធិពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ឌី សុចិត្រា មេធាវីម្នាក់ទៀត​​នៃ​ក្រុម​មេធាវី​ការពារ​ក្តី​បាន​ថ្លែង​ថា ​ការ​សម្រេច​​របស់​តុលាការ​ជាន់​ទាប គឺខុស​ពីការ​ពិត​ ​​ដោយសារ​ការ​តវ៉ា​របស់​កូនក្តី​ពួកគេ​គឺ​ជា​វិវាទ​ការងារ​រួម​មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ។

លោក សុចិត្រា បានបញ្ជាក់ថា៖ «កូនក្តីរបស់ខ្ញុំត្រូវបានក្រុមហ៊ុនបណ្តេញចេញពីការងារ ដោយ​សារក្រុម​ហ៊ុន​រើសអើងគាត់​។ គាត់​គឺ​​ជា​មេ​ដឹក​នាំ ហើយ​អ្នក​ផ្សេង​ទៀតគឺ​​ជា​សមាជិក​សហជីព។ ការ​ចរចា​មិន​បាន​សម្រេច​ដោយ​សារ​ក្រុមហ៊ុន​មិន​ទទួល​យក​ដំណោះស្រាយ​របស់​ពួកគេ»

បន្ទាប់ពីការទាញហេតុ​ផល​របស់​មេធាវីការពារក្តី ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​សួរ​ទៅ​កញ្ញា​ ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀតថា តើ​ពួកគេយល់ស្របតាម​ការលើក​ឡើង​របស់មេធាវីខ្លួន​​ដែរឬយ៉ាងណា ពួកគេបានយល់​ស្រប​។

តុលាការកំពូល​នឹងប្រកាស​​សាលក្រម​​នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា។

មេដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៍ មកដល់តុលាការកំពូល​ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

កាលពីឆ្នាំមុន សាលាដំបូង​រាជធានី​ភ្នំពេញបានកាត់ទោសឲ្យ​កញ្ញា ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ LRSU ជាប់​ពន្ធនាគាររយៈពេលពីរឆ្នាំ បន្ទាប់ពីត្រូវបានចោទប្រ​កាន់​ពីបទញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម ដោយសារ​ដឹកនាំធ្វើកូដកម្ម ដែលបានបន្តធ្វើ​ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

កញ្ញា ស៊ីថរ​ ត្រូវ​បាន​ចាប់​ខ្លួន​ជា​ថ្មី​កាល​ពី​ខែ​វិច្ឆិកា ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​ដែល​តាម​ចោទ​ថា បាន​​រំលោភ​លើ​លក្ខខណ្ឌ​នៃការ​ដោះលែងឱ្យ​នៅ​​ក្រៅ​ឃុំបណ្តោះអាសន្ន​។ នាង​ត្រូវ​បាន​ឃុំ​ខ្លួន​រយៈ​ពេល៨ខែ ​មុន​ពេល​តុលាការ​សម្រេច​ផ្តន្ទា​​ទោស​ ដែល​ពេលវេលា​នេះ​នឹង​ត្រូវ​ចាត់​ចូល​​ជា​ពេល​វេលានៃការ​អនុវត្ត​ទោស​។

អ្នកស្រី ឈឹម សុខន អនុប្រធានសហជីព​ LRSU និងជាចុងចោទម្នាក់​ក្នុងចំណោមជន​ជាប់​ចោទ​ផងដែរនោះ​បានប្រាប់ ខេមបូចា ​ថា ការសម្រេចរបស់តុលាការ​ក្រុង និងសាលាឧទ្ធរណ៍ គឺអយុត្តិធម៌។ អ្នកស្រីនិយាយ​ថា បំណង​នៃ​ការ​ធ្វើ​កូដកម្ម​នេះ គឺ​ដើម្បី​រក​ដំណោះស្រាយ​ពី​ណាហ្គាវើលដ៏ និង​ក្រសួង។

ការ​ធ្វើ​កូដកម្ម​នេះ​ គឺ​ស្រប​តាម​ច្បាប់​ការងារ ដែល​សិទ្ធិ​របស់​ពួក​គេ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​តុលាការ​បាន​ចោទ​ប្រកាន់​ពួកគេ​តាម​ច្បាប់​ព្រហ្មទណ្ឌ។

អ្នកស្រី ឈឹម សុខន បាន​និយាយថា៖ «យើង​មិន​ទទួល​យក​ការ​ចោទ​ប្រកាន់ទាំង​នេះ​​ទេ។ តុលាការ​​បាន​បំភ្លៃ​​ការពិត។ ការពិតគឺថា កូដកម្មរបស់យើងត្រូវបានអនុញ្ញាតក្រោម​ច្បាប់​ការងារ ប៉ុន្តែតុលាការបានចោទប្រកាន់យើងពីបទញុះញង់ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​។ យើង​មិន​ទទួល​យក​អ្វី​ដែល​តុលាការ​ក្រុង និង​សាលា​ឧទ្ធរណ៍​បាន​និយាយនោះ​ទេ»

អ្នក​ស្រី​ ឈឹម​ សុខន បាន​លើកឡើងថា គ្មាន​ភស្តុតាងណាមួយបញ្ជាក់ថា ក្រុមកូ​ដ​ករ​ញុះញង់​អ្នកណាម្នាក់នោះទេ។ អ្នកស្រី​​មិន​បាន​បញ្ជា​អ្នក​ណា​ម្នាក់​ឱ្យ​ញុះ​ញង់ ឬ​បង្កើត​ភាព​វឹកវរ​ក្នុង​សង្គម​​នោះ​ទេ។ អ្នក​ស្រី​បាន​បន្ថែម​ថា ពួក​គេ​បាន​ជួប​ប្រ​ជុំ​តាម Zoom ជាមួយ​សមាជិក​របស់​ខ្លួន​​សម្រាប់​តែ​ការងារ​សហជីព​ប៉ុណ្ណោះ។

ស្របពេល​សង្ឃឹមថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់សហជីព​ LRSU តាមច្បាប់ អ្នកស្រី សុខន ​និយាយថា៖ «កិច្ចប្រជុំតាម Zoom គឺដើម្បីស្វែងរកដំណោះស្រាយជាមួយ​សមាជិក​របស់​យើង ថាតើត្រូវធ្វើកូដកម្ម ឬប្តឹងទៅតុលាការ។ សមាជិករបស់យើងបានជ្រើសរើសយក​ធ្វើកូដកម្ម»។

លោក អំ សំអាត នាយកចាត់ការទូទៅនៃ​អង្គការ ​លីកាដូ ​មាន​ប្រសាសន៍​​ថា លោក​​បាន​ឃើញ​វិវាទ​ការងារ​​នៅ​ណាហ្គាវើលដ៏​ជា​យូរ​មក​ហើយ។ បញ្ហាគួរតែត្រូវបានដោះស្រាយ​តាមរយៈ​វិវាទ​​ការងារ ដោយគ្មានការកាត់ទោសព្រហ្មទណ្ឌ បើមិនដូច្នេះទេ វិវាទនឹងមិនអាចបញ្ចប់​បាន​ទេ។ 

លោក​មាន​ប្រសាសន៍​​ថា៖​ «ករណី​នេះ​នឹង​មិន​​ចប់​ទេ។ យើង​ឃើញ​ច្រើន​ឆ្នាំ​មក​ហើយ ​វា​នៅ​តែ​មិន​ចប់​។ ប្រសិនបើវិវាទការងារមិនត្រូវបានដោះស្រាយទេ ករណីនេះក៏នឹងមិនបញ្ចប់ដែរ។ ការ​ចោទ​ប្រកាន់​ពី​បទព្រហ្មទណ្ឌ​​ដោយសារ​ការ​ធ្វើ​​កូដកម្ម​ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​ការងារ គឺ​មិន​ត្រឹម​ត្រូវ​ទេ»។ 

លោក កត្តា អ៊ន​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ ​មាន​ប្រសាសន៍​​ថា នៅ​សល់​​​​អតី​ត​បុគ្គលិក​ណាហ្គាវើលដ៍​​តែ​៨០​នាក់​ប៉ុណ្ណោះ​ដែល​នៅ​មិន​ទាន់​ទទួលយកដំណោះស្រាយវិវាទការងារ​​​។

លោក កត្តា អ៊ន បាន​បញ្ជាក់ថា ក្រសួង​បាន​អនុវត្ត​ភារកិច្ច​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ស្រប​តាម​នីតិវិធី​នៃ​ការ​ដោះស្រាយ​វិវាទ​ដោយ​បន្ថែម​ថា ​ករណី​នេះ​ផុត​ពី​យុត្តាធិការ​របស់​ក្រសួង​ហើយ​​នៅ​ពេល​នេះ។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏មិនពាក់ព័ន្ធនឹងរឿងនេះដែរ។ លោក កត្តា អ៊​ន បាន​បន្ថែមថា៖​ «ជា​ដំណោះស្រាយ ភាគី​ទាំង​ពីរ​​ត្រូវ​ប្រើ​យន្តការ​​តុលាការ​ ដើម្បី​ដោះស្រាយ​ករណី​នេះ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NagaWorld Union Lawyers Urge Supreme Court To Decide Fairly on Chhim Sithar, LRSU Members

507 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម