លោក ម៉ម រិទ្ធី មេដឹកនាំសហជីពត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃអង្គារ បន្ទាប់ពីបានកាត់ទោសពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ក្រោយពីមានបណ្តឹងពីក្រុមហ៊ុន ជីនប៉ី គ្រុប ដែលជាកម្មសិទ្ធិរបស់ជនជាតិចិន ហើយត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស ទីដែលលោកនឹងអនុវត្តទោសរយៈពេល១៨ខែ។
លោក សំ វិច្ឆិកា ជាអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញមានប្រសាសន៍ថា លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពនិយោជិតវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា (CTSWF) និងជាអនុប្រធានសហភាពការងារកម្ពុជា (CLC) និងមន្ត្រីសហជីពពីររូបផ្សេងទៀតត្រូវបាននាំខ្លួនពីការិយាល័យនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។ ទោះបីជាយ៉ាងណា មន្ត្រីទាំងពីរនាក់នោះត្រូវបានដោះលែងវិញនៅពេលបន្ទាប់។
លោកមានប្រសាសន៍ថា៖ «តុលាការបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនគាត់ [រិទ្ធី] នៅពន្ធនាគារព្រៃសកាលពីម្សិលមិញ [ថ្ងៃអង្គារ]»។
សហភាពការងារកម្ពុជា (CLC) បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសការកាត់ទោសលោក ម៉ម រិទ្ធី ដោយកំបាំងមុខ ដោយហៅការកាត់ទោសនេះថា «មិនសមហេតុផល»និងជា »សកម្មភាពបំភិតបំភ័យ» និងយាយីដល់សិទ្ធិរបស់តំណាងកម្មករនិយោជិត។ កន្លងមក លោក រិទ្ធី បានបញ្ចេញមតិយោបល់របស់លោកតាមបណ្ដាញសង្គមហ្វេសប៊ុកថា លោក «បាត់បង់ជំនឿលើការសម្រេចរបស់តុលាការ» បន្ទាប់ពីបុគ្គលិកកាស៊ីណូម្នាក់ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តបទល្មើសកាលពីឆ្នាំ២០២២។
យោងតាម CLC បានឲ្យដឹងថា លោក រិទ្ធី បានបញ្ចេញមតិយោបល់របស់លោកតាមបណ្ដាញសង្គមហ្វេសប៊ុកទាក់ទងនឹងវិវាទការងារជាមួយក្រុមហ៊ុនជីនប៉ី គ្រុប ឯ.ក.នៅពេលនោះ។
កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ លោក រិទ្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកំបាំងមុខ តាមមាត្រា ៤៩៤ ៤៩៥ និង ៥២៣ នៃក្រមព្រហ្មទណ្ឌ ។ លោកត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឲ្យបាត់បង់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ និងពិន័យជាប្រាក់ពីរលានរៀល (៥០០ដុល្លារ)។
សាលក្រមតុលាការបង្ហាញថា លោក រិទ្ធី បានប្រព្រឹត្តបទល្មើសតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ លោក រិទ្ធី តាមចោទថា បានឡាយតាមហ្វេសប៊ុករិះគន់កាស៊ីណូ ជីនប៉ី ២ ដោយសារក្រុមហ៊ុននេះបានចោទប្រកាន់បុគ្គលិកម្នាក់ឈ្មោះ ម៉ម ស្រីល័ក្ខណ ថា បានជួយភ្ញៀវបន្លំឈ្នះប្រាក់ប្រមាណ១៨ ០០០ដុល្លារ ហើយភ្ញៀវនោះលែងមកលេងកាស៊ីណូទៀត។
លោក រិទ្ធី បាននិយាយនៅពេលនោះថា៖«អ្នកឯងយកក្មេងស្រីម្នាក់ យកប្អូនស្រីម្នាក់ទៅដាក់ក្នុងបន្ទប់ ហើយអ្នកឯងសម្លុតសួរចម្លើយ […] គ្នាប្រកែកថាគ្នាអត់បានធ្វើអ្នកឯងនៅតែបង្ខំគ្នាទៀត» ដោយបានបន្ថែមថា អ្នកគ្រប់គ្រង ជីនប៉ី ២ ហៅ ម៉ម ស្រីល័ក្ខណ តែម្នាក់គត់ចូលក្នុងបន្ទប់ ដែលមានជនបរទេស និងជនជាតិខ្មែរ ដែលបង្ខំគាត់ឱ្យសារភាព។
លោក រិទ្ធី ក៏បានរិះគន់តុលាការផងដែរ ចំពោះការឃុំខ្លួន ម៉ម ស្រីល័ក្ខណ ដោយគ្មានភស្តុតាង និងបានស្នើឱ្យតុលាការបញ្ចេញវីដេអូដែលតុលាការយកមកចោទប្រកាន់លើនាង។
លោក រិទ្ធី បាននិយាយតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកកាលពីឆ្នាំ២០២២ ថា៖ «ខ្ញុំសួរថា តុលាការចោទប្រកាន់នេះ មើលវីដេអូមើលថាម៉េច? មើលយល់អត់? ឬមួយក៏ស្តាប់ក្រុមហ៊ុននិយាយថាគាត់ខុសហើយចោទប្រកាន់យកតែម្តង? ពីព្រោះរឿងនេះក្រុមហ៊ុនជាអ្នកចោទប្រកាន់»។
លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករទេសចរណ៍កម្ពុជាទទូចឲ្យតុលាការដោះលែងលោក ម៉ម រិទ្ធី ព្រោះការចាប់ខ្លួននេះប៉ះពាល់ដល់សេរីភាពសហជីពកម្ពុជា។
លោកមានប្រសាសន៍ថា៖ «[គាត់]គ្រាន់តែបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងភាពអយុត្តិធម៌ដែលកើតឡើងចំពោះកម្មករ ហើយគាត់ត្រូវបានគេចាប់ខ្លួន អ៊ីចឹងធ្វើឱ្យថ្នាក់ដឹកនាំសហជីពដទែទៀតគាត់មិនហ៊ានបញ្ចេញមតិយោបល់ កាលណាមិនហ៊ានបញ្ចេញមតិយោបល់ វាធ្វើឱ្យរឿងអយុត្តិធម៌វាកាន់តែកើនឡើង»។
លោកបានបន្ថែមថា ការចាប់ខ្លួននេះបង្ហាញថា សិទ្ធិនិងសេរីភាពនៅកម្ពុជាបានធ្លាក់ចុះ។ លោក កុសល បានស្នើឲ្យតុលាការដោះលែងលោក ម៉ម រិទ្ធី ព្រោះលោកគ្រាន់តែអនុវត្តសិទ្ធិរបស់លោក ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
លោក សំ ចំរើន ជាមេធាវីការពារឲ្យលោក រិទ្ធី បញ្ជាក់ថា ក្រុមហ៊ុនជីនប៉ី គ្រុប ជាអ្នកប្តឹង។ លោកបដិសេធធ្វើអត្ថាធិប្បាយបន្ថែមទេ។
លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនបានឆ្លើយតបនឹងសំណួរនោះទេ ខណៈដែលក្រុមហ៊ុន ជីនប៉ី គ្រុប ក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Union Leader Morm Rithy Convicted for Criticizing Chinese-owned Jin Bei Casino Two Years Ago