កាលពីព្រឹកថ្ងៃព្រហស្បតិ៍ កងកម្លាំងអាជ្ញាធររាជធានីភ្នំពេញបានចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ (NPP) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈលោកត្រឡប់មកពីប្រទេសជប៉ុន។ សមាជិកគណបក្សរបស់លោកបានឃើញការចាប់ខ្លួននេះដោយផ្ទាល់ភ្នែក។
លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងខ្លីនៅពេលស្នើសុំការបំភ្លឺជុំវិញការចាប់ខ្លួនលោក ចន្ធី មុនពេលប្រាប់អ្នកសារព័ត៌មានឲ្យសួរទៅអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញវិញ។ លោក និយាយថា៖ «យើងអនុវត្តតាមដីកាចាប់ខ្លួន។ សូមទាក់ទងទៅអ្នកនាំពាក្យរបស់ខ្ញុំ»។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបញ្ជាឲ្យចូលខ្លួន លោក ចន្ធី កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមរយៈការផ្សព្វផ្សាយព័ត៌មាននៅលើបណ្តាញសង្គម»។ ដីកានោះបានបញ្ជាឲ្យ លោក ស៊ុន ចន្ធី ត្រូវបង្ហាញខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញ នៅមុនថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដើម្បីសាកសួរ ប៉ុន្តែលោកត្រូវបានចាប់ខ្លួនមុនថ្ងៃកំណត់។
ទោះបីជាយ៉ាងណា លោក សំ វិច្ឆិកា មិនបានបញ្ជាក់ពីឈ្មោះគណនីបណ្ដាញសង្គម ដែលបង្ហោះព័ត៌មាននេះ ឬនៅទីណា ហើយបទល្មើសនេះប្រព្រឹត្តនៅពេលណា និងកន្លែងណានោះទេ។
លោក សំ វិច្ឆិកា បានមានប្រសាសន៍ថា «បុគ្គលឈ្មោះ ស៊ុន ចន្ធី នេះ រងការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម តាមរយៈការបង្ហោះផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម ក្នុងចេតនាញុះញង់បំភ័យព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រលំ បង្កឱ្យកើតមានភាពវឹកវរក្នុងសង្គម»។
លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ ខេមបូចា ឱ្យទាក់ទងទៅព្រះរាជអាជ្ញា ដោយសារសំណុំរឿងនេះមិនទាន់បានបញ្ជូនមកតុលាការនៅឡើយ។ លោកបន្តថា ព្រះរាជអាជ្ញាទើបជាអ្នកចេញដីកានេះ។ ទោះបីជាយ៉ាងណា នៅពេលទាក់ទងតាមតេឡេក្រាម ព្រះរាជអាជ្ញារង ប្លង់ សុផល មានចម្ងល់អំពីដីកាចាប់ខ្លួននោះ ដោយសួរថា តើដីកានោះចេញដោយព្រះរាជអាជ្ញា ឬដោយចៅក្រម។ លោកមិនបានឆ្លើយតបនឹងសំណួរបន្ថែមនោះទេ។
ស្របពេលជាមួយគ្នានេះ លោក ជា មុនី អ្នកនាំពាក្យគណបក្សកម្លាំងជាតិ មានប្រសាសន៍ថា លោក និងលោក ចន្ធី ទើបតែត្រឡប់មកដល់អាកាសយានដ្ឋានពីប្រទេសជប៉ុននៅម៉ោងប្រហែល៩ព្រឹក ស្រាប់តែមានមន្ត្រីនគរបាលស្លៀកស៊ីវិលពីរនាក់បាននាំ លោកចន្ធី ចូលទៅក្នុងរថយន្ត។
លោកមានប្រសាសន៍ថា៖ «យើងកំពុងស្រាវជ្រាវមើល ថា ការចាប់ខ្លួននេះពាក់ព័ន្ធនឹងរឿងអ្វី។ ខ្ញុំមើលជាទ្រង់ទ្រាយទៅគឺជាការចាប់ខ្លួនជារឿងនយោបាយ ច្រើនជាងចាប់ខ្លួនដោយប្រការផ្សេងៗ»។
លោក បញ្ជាក់ថា លោកមិនដឹងពីមូលហេតុពិតប្រាកដនៃការចាប់ខ្លួននោះទេ ព្រោះសំណុំរឿងរបស់លោក ចន្ធី ពាក់ព័ន្ធនឹងបម្រាមធ្វើនយោបាយរយៈពេល៥ឆ្នាំនោះ បានចប់ហើយ។ កន្លងមក លោក ចន្ធី ត្រូវបានមន្ត្រីគណបក្សភ្លើងទៀនប្តឹងពាក់ព័ន្ធករណីឆបោកប្រាក់ជាង ១២លានរៀល (ប្រមាណ ២ ៩០០ដុល្លារ) នៅខេត្តកំពង់ធំ ក្នុងឆ្នាំ២០២៣។
លោក ជា មុនី មានប្រសាសន៍ថា ទោះបីជាយ៉ាងណា សំណុំរឿងនេះមិនបណ្តាលឲ្យមានការចាប់ខ្លួនទេ ដោយសារលោក ចន្ធី បានចូលខ្លួនបំភ្លឺនៅតុលាការកាលពីថ្ងៃទី១៤ ខែមីនា។ ចំពោះសកម្មភាពរបស់លោក ចន្ធី នៅប្រទេសជប៉ុនវិញ លោក មុនី បានចែករំលែកថា លោក ចន្ធី និយាយតែអំពីការបើកសាខាគណបក្សកម្លាំងជាតិនៅទីនោះ រួមទាំងស្ថានភាពរបស់គណបក្សភ្លើងទៀននិងប្រវត្តិនៃការបង្កើត NPPប៉ុណ្ណោះ។
វីដេអូឃ្លីបមួយដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់គណបក្សកម្លាំងជាតិនិងទំព័រហ្វេសប៊ុករបស់លោក ចន្ធី កាលពីថ្ងៃទី៧ ខែឧសភា បានបង្ហាញអំពី លោក ចន្ធី និយាយទៅកាន់អ្នកគាំទ្រនៅប្រទេសជប៉ុន ដែលលោកបានថ្លែងថា៖ «ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ប្រជាជនជំពាក់ធនាគារ និងនាំឱ្យមានពលរដ្ឋតាមភូមិធ្វើចំណាកស្រុក» ហើយទុកឱ្យមនុស្សចាស់មើលថែកុមារតូចៗ។ លោកមានប្រសាសន៍ថា៖ «ជារឿងធម្មតាក្នុងសម័យសន្តិភាព»។
លោក ចន្ធី ក៏បានលើកឡើងផងដែរថា៖ «បំណុលនៅស្រុកខ្មែរក្នុងចំណោម ១០ផ្ទះ មាន៩ផ្ទះជំពាក់បំណុលធនាគារ» ហើយថា ប្រជាពលរដ្ឋខ្មែរជំពាក់បំណុលគេពីរ «បំណុលមួយ គឺបំណុលផ្ទាល់ខ្លួន និងបំណុលមួយទៀត គឺជាបំណុលសាធារណៈ ដែលមានប្រហែល១០ពាន់លានដុល្លារឥឡូវនេះ។ បំណុលសារធារណៈនេះនឹងត្រូវសងតាមរយៈការបង់ពន្ធ»។
នៅក្នុងវីដេអូនេះ លោក ចន្ធី ក៏បានចែករំលែកគោលនយោបាយរបស់គណបក្សកម្លាំងជាតិផងដែរ ហើយថា គណបក្សរបស់លោកក៏នឹងធានាឲ្យប្រជាពលរដ្ឋ «ពន្យារពេលការសងប្រាក់កម្ចីធនាគារយ៉ាងតិចប្រាំឆ្នាំ»។
លោក ចន្ធី បានថ្លែងថា៖ «សម័យសន្តិភាពអ្នកណាអត់ជំពាក់លុយគេអ្នកហ្នឹង ចម្លែកមែនទែនហើយ សម័យសន្តិភាពបើគ្មានអ្នកចំណាកស្រុកអាហ្នឹងកាន់តែចម្លែកមែនទែនហើយបងប្អូន»។ នេះបើតាមការលើកឡើងរបស់លោក ចន្ធី អំឡុងពេលថ្លែងទៅកាន់អ្នកគាំទ្រ។
លោកក៏បានរិះគន់ការបោះឆ្នោតនៅកម្ពុជាផងដែរ ដែល «គ្មានសេរីភាព និងយុត្តិធម៌» ហើយថា ការរំលាយគណបក្សសង្គ្រោះជាតិនាំឲ្យមានការរិះគន់ពីអន្តរជាតិ។ ការណ៍នេះបានបណ្តាលឱ្យមានការដកចេញផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធរបស់សហភាពអឺរ៉ុប នាំឱ្យរោងចក្រជាច្រើនត្រូវបិទទ្វារ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករ។
ខណៈពេលអ្នកសារព័ត៌មានសរសេរអត្ថបទនេះ គឺនៅមិនទាន់ច្បាស់ថា តើការចាប់ខ្លួននេះបណ្តាលមកពីមូលហេតុអ្វីនោះទេ ដោយសារការព្យាយាមមិនបានសម្រេចក្នុងការផ្ទៀងផ្ទាត់ជាមួយមន្ត្រីនគរបាលដើម្បីឲ្យដឹងថា តើមានការពាក់ព័ន្ធនឹងការនិយាយរបស់លោក ចន្ធី នៅក្នុងប្រទេសជប៉ុនឬយ៉ាងណា។
លោក ចន្ធី បានបង្ហាញក្តីសង្ឃឹមថា ប្រទេសកម្ពុជានឹងមាន «លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងឯកភាពជាតិ» បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២៧-២០២៨។
នៅយប់ថ្ងៃទី០៩ ខែឧសភា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍មួយពាក់ព័ន្ធនឹងការចាប់ខ្លួន លោក ចន្ធី។ សេចក្ដីថ្លែងការណ៍នោះ ឱ្យដឹងថា លោក ចន្ធី កាលពីថ្ងៃទី០៥ ខែឧសភា បានបង្ហាញសកម្មភាពស្ដីពីការជួបជុំអ្នកគាំទ្រ នៅខេត្ត អ៊ីបារ៉ាគិ ប្រទេសជប៉ុន ហើយបានបង្ហោះព័ត៌មានលើបណ្ដាញសង្គមដោយទម្លាក់កំហុសលើរាជរដ្ឋាភិបាល ចំពោះការចែកបណ្ណក្រីក្រ ថា មានការរើសអើង និងលម្អៀងជូនពលរដ្ឋ និងមូលបង្កាច់អំពីការអភិវឌ្ឍប្រទេស ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យពលរដ្ឋមានការភ័នច្រឡំ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងសណ្ដាប់ធ្នាប់សាធារណៈ។ អ្នកនាំពាក្យអយ្យការ ថា នឹងចាត់ការសំណុំរឿងនេះ តាមនីតិវិធីច្បាប់។
សូមរំលឹកថា លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនត្រូវបានប្តឹង ដោយមេធាវីរដ្ឋាភិបាល។ បណ្ដឹងនេះបានចោទប្រកាន់លោក វណ្ណុល ថា «ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រមុខរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា» តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia របស់ជប៉ុន កាលពីដើមខែកុម្ភៈ។
នៅរសៀលថ្ងៃព្រហស្បតិ៍នេះ គណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសការចាប់ខ្លួនប្រធានគណបក្សខ្លួន ដែលគណបក្សនេះហៅថា ជា «ការគំរាមកំហែង ការបំភិតបំភ័យ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរ» មកលើគណបក្សកម្លាំងជាតិ ហើយថា ការចាប់ខ្លួននេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
គណបក្សនេះបានអំពាវនាវឱ្យរដ្ឋាភិបាលដោះលែងលោក ចន្ធី ដោយគ្មានលក្ខខណ្ឌ និងអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិអនុវត្តសិទ្ធិនយោបាយ និងសេរីភាព របស់ខ្លួនដោយសេរី ដើម្បីខ្លួនអាចចូលរួមចំណែកដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ឆ្លើយតបចំណោះការថ្កោលទោសរបស់គណបក្សកម្លាំងជាតិ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្ដីថ្លែងការណ៍មួយ ថា ការចាប់ខ្លួន លោក ចន្ធី គឺជាការអនុវត្តច្បាប់។ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា មិនអាចទទួលយកបានឡើយ ចំពោះការប្រើពាក្យ «ថ្កោលទោស» របស់បក្សកម្លាំងជាតិ ជុំវិញការចាប់ខ្លួន លោក ចន្ធី ហើយថា បក្សកម្លាំងជាតិគប្បីពិចារណាពិនិត្យឡើងវិញ។
ស្របពេលជាមួយគ្នានេះ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការចោទប្រកាន់របស់អ្នកវិភាគ និងគណបក្សប្រឆាំងដែលថា ការចាប់ខ្លួនសកម្មជន និងមេដឹកនាំនយោបាយគឺជារឿងនយោបាយនោះ «មិនមានភស្តុតាងបែបវិទ្យាសាស្ត្រទេ»។
លោកមានប្រសាសន៍ថា វាជារឿងធម្មតាសម្រាប់ពួកគេ ដែលបង្វែរសំណុំរឿងព្រហ្មទណ្ឌទៅជារឿងនយោបាយ ដើម្បីសម្រាលស្ថានការណ៍ និងដាក់បន្ទុកមកលើរដ្ឋាភិបាលកម្ពុជា។
លោកមានប្រសាសន៍ថា៖ «សូមកុំផ្សាភ្ជាប់ក្នុងន័យអវិជ្ជមាន ដើម្បីសម្រាលបន្ទុកខ្លួន ដើម្បីទម្លាក់បន្ទុកមកលើតួអង្គ រាជរដ្ឋាភិបាល ឬក៏សមត្ថកិច្ច ឬក៏តុលាការ ធ្វើឱ្យមានការភ័នច្រលំ គួរតែទទួលស្គាល់នូវអ្វីដែលយើងធ្វើសកម្មភាពឈានចូលទៅកម្រិតនៃបទល្មើសព្រហ្មទណ្ឌ»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានមានប្រសាសន៍ថា តាមការសង្កេតរបស់ក្រុមអង្គការសង្គមស៊ីវិល ការចាប់ខ្លួន និងឃុំខ្លួនសកម្មជននយោបាយ និងសហជីពច្រើនតែកើតឡើងមុនការបោះឆ្នោត។ លោកសង្ឃឹមថា អ្នកនយោបាយនឹងទុកផលប្រយោជន៍ជាតិជាធំ ហើយនឹងមានដំណោះស្រាយតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបានអនុម័ត។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំយល់ថា យើងជាអង្គការសង្គមស៊ីវិល ចង់ឃើញអ្នកនយោបាយទាំងអស់តម្កល់នូវឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ពលរដ្ឋជាធំ យើងដោះស្រាយគ្នាតាមបែបសន្តិវិធី ហើយឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលកម្ពុជាបានទទួលយក» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Authorities Nab NPP President Sun Chanthy at Phnom Penh Airport Upon His Return from Japan