ខេត្តសៀមរាប៖ នៅក្នុងផ្ទះដំបូលប្រក់ស័ង្កសីដែលស្រូបយកកម្ដៅព្រះអាទិត្យខ្លាំង កូនប្រុសអាយុមួយខួបរបស់ ម៉ី លក្ខណា មិនអាចនៅស្ងៀមទេ។
កាលពីចុងខែមីនា ចំពេលនៃបាតុភូតរលកកម្ដៅជាប្រវត្តិសាស្ត្រនៅកម្ពុជា កុមារតូចម្នាក់នេះបានធ្លាក់ខ្លួនឈឺដោយជំងឺគ្រុនក្ដៅនិងខ្វះជាតិទឹក។ លក្ខណា រស់នៅក្នុងភូមិរុនតាឯកជាតំបន់តាំងទីលំនៅថ្មីសម្រាប់ប្រជាជនដែលជម្លៀសចេញពីឧទ្យានអង្គរ ហើយនៅទីនេះ មានដើមឈើតិចតួចណាស់ ចំណែកឯផ្ទះជាច្រើនមានរាងដូចប្រអប់ដែក ដោយមានដំបូលចងភ្ជាប់ដោយខ្សែលួសដែក។
អ្នកនាងបាននាំកូនទៅកាន់មណ្ឌលសុខភាពនៅក្នុងសហគមន៍ដើម្បីព្យាបាលជំងឺគ្រុនក្តៅ ប៉ុន្តែ កូនប្រុសនាងមានអាការៈជំងឺធ្ងន់ធ្ងរពេក ទើបត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅខេត្តសៀមរាបដើម្បីសម្រាកព្យាបាល ៣យប់នៅទីនោះ។ បូកសរុបរួម អ្នកនាងបានខ្ចីប្រាក់គេ ៣៥០ ០០០រៀលក្នុងអំឡុងពេលដែលកូនឈឺ — ប្រហែល៨៥ដុល្លារ បន្ថែមពីលើបំណុលដែលអ្នកនាងជាប់ជំពាក់គេស្រាប់ចំនួន ៣ ៥០០ដុល្លារ។
នៅរសៀលថ្ងៃមួយក្នុងអំឡុងខែឧសភានេះ នាងបានឈរនៅលើដងផ្លូវមួយក្នុងក្រុងសៀមរាប ដោយស្វែងរកអ្នកចងការប្រាក់ឯកជនថ្មី ដែលនាងបានដំណឹងថា នឹងផ្ដល់កម្ចីដល់រូបនាងក្នុងអត្រាការប្រាក់ទាបជាងអ្នកផ្សេងទៀត១០%។ អ្នកនាងបានព្យាយាមបើកហាងលក់ដូរមួយនៅតំបន់រុនតាឯក ប៉ុន្តែដូចគ្នានឹងអាជីវកម្មរបស់អ្នកជិតខាងដែរ ហាងលក់ដូរនោះបានបរាជ័យដោយសារតែគ្មានអតិថិជន។
អ្នកស្រី លក្ខណា អាយុ ៣៦ឆ្នាំ បាននិយាយថា៖ «តើយើងអាចបន្តរស់នៅបែបនេះទៀត ដូចម្ដេចនឹងកើតទៅ?»
រយៈពេលជាងមួយឆ្នាំក្រោយពីរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមជម្លៀសប្រជាជន ១០ ០០០គ្រួសារចេញពីតំបន់ប្រាសាទអង្គរវត្ត មកកាន់តំបន់តាំងទីលំនៅថ្មី រុនតាឯក អ្នកភូមិដែលរស់នៅក្នុងទីតាំងលំនៅថ្មីនេះ និយាយថា ពួកគេកំពុងរងគ្រោះពីវិបត្តិពីរផ្ទួនគ្នា៖ អាកាសធាតុក្ដៅខ្លាំងក្នុងអំឡុងរដូវប្រាំងនៃឆ្នាំនេះ គួបផ្សំជាមួយនឹងភាពគ្មានការងារធ្វើដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបានបង្ខំឱ្យពួកគេខ្ចីប្រាក់ពីអ្នករកស៊ីចងការប្រាក់ដែលគ្មានច្បាប់ត្រឹមត្រូវ ដែលក្នុងករណីខ្លះ ពួកគេថែមដាក់បណ្ណសមធម៌របស់ប្រជាជនទៀតផង។
ភាពប្រឈមថ្មីៗបំផុតកើតឡើងនៅចំពេលដែលរដ្ឋាភិបាលកម្ពុជាបើកយុទ្ធនាការបង្ហាញថាគម្រោងតាំងទីលំនៅថ្មី រុនតាឯក ទទួលបានជោគជ័យ បន្ទាប់ពីអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអ្នកសារព័ត៌មានឯករាជ្យបានចុះផ្សាយព័ត៌មានពីការបណ្ដេញចេញដោយបង្ខំឱ្យទៅរស់នៅទីតាំងនោះ ដែលចាប់ផ្ដើមកាលពីខែកញ្ញា ឆ្នាំ២០២២ ។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់ UNESCO ត្រូវគេរំពឹងថា នឹងពិភាក្សាអំពីការចោទប្រកាន់ទាំងនេះ ព្រមទាំងការឆ្លើយតបរបស់រដ្ឋាភិបាល នៅឯកិច្ចប្រជុំលើកក្រោយរបស់ខ្លួន នៅខែកក្កដា។
ក្នុងអំឡុងពេលពេញមួយខែមេសា មានប្រជាពលរដ្ឋយ៉ាងហោចណាស់១២នាក់ មកពីតំបន់រុនតាឯក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ដោយសារតែមានជំងឺទាក់ទងនឹងកម្ដៅដោយមានអាការៈគ្រុនក្ដៅ អស់កម្លាំង ខ្វះជាតិទឹក និងឈឺក្បាល ។ នេះបើយោងតាមលោក ឆោម បញ្ញវន្ត ប្រធានមណ្ឌលសុខភាពក្នុងភូមិតានី។
លោក ហ៊ុយ វិន ដែលមានលំនៅដ្ឋាននៅក្រៅភូមិរុនតាឯក និងជាអាចារ្យរៀបចំបុណ្យសពផងដែរនោះ បាននិយាយថា៖ «វាប្រៀបដូចជាកន្លែងដុតពួកគេអ៊ីចឹង»។ លោកបន្តថា៖ «នៅពេលខ្ញុំទៅបុណ្យសព ខ្ញុំមានអារម្មណ៍ថា ខ្ញុំខ្លួនឯងក៏ពិបាកដកដង្ហើមដែរ»។
ខ្ញុំមានអារម្មណ៍ចង់ក្អួត
កាលពីខែមេសា សីតុណ្ហភាពឡើងក្ដៅខ្លាំងដល់កម្រិតជាប្រវត្តិសាស្ត្រនៅទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែដោយសារតែគ្មានម្លប់ពីដើមឈើ និងរុក្ខជាតិផ្សេងៗ ប្រជាជនដែលរស់នៅក្នុងតំបន់រុនតាឯកទទួលរងកម្ដៅយ៉ាងខ្លាំង ដោយសារតែផ្ទះដំបូលប្រក់ស័ង្កសីរបស់ពួកគេប្រែជាកាន់តែក្ដៅខ្លាំង។
មានទីតាំងស្ថិតនៅចម្ងាយប្រហែល២៥គីឡូម៉ែត្រភាគឦសាននៃឧទ្យានអង្គរ តំបន់រុនតាឯកជាតំបន់វាលល្ហល្ហែវគ្មានដើមឈើ ហើយផ្នែកខ្លះធ្លាប់ជាវាលស្រែចម្ការ នៅមុនពេលដែលម្ចាស់ស្រែចម្ការទាំងនោះត្រូវបានបង្ខំឱ្យប្រគល់តំបន់នោះទៅឱ្យរដ្ឋាភិបាល ដើម្បីធ្វើជាកន្លែងតាំងទីលំនៅថ្មីសម្រាប់ប្រជាជនដែលរើចេញពីតំបន់អង្គរ។
លោក ឆាយ សុខេង និងអ្នកស្រី ផាត ផល្លី ជាប្ដីប្រពន្ធវ័យស្របាលៗ៦០ឆ្នាំប្លាយ បានរស់នៅក្នុងខ្ទមតង់ដោយគ្មានភ្លើងអគ្គិសនីក្នុងអំឡុងពេលខែដំបូងៗដែលទើបនឹងរើមកនៅរុនតាឯកថ្មីៗ។ ជារឿយៗ ធូលីប៉ើងចូលមាត់និងភ្នែករបស់ពួកគេពីតំបន់ជិតខាងដែលគេជីករណ្ដៅថ្មីៗ។
ប៉ុន្តែ ឥឡូវនេះ ផ្ទះដែលមានតែមួយបន្ទប់ដែលពួកគេកំពុងរស់នៅមានភាពល្អប្រសើរជាងមុនបន្តិចហើយ។ ជញ្ជាំង និងដំបូលផ្ទះធ្វើពីស័ង្កសីស្រូបកម្ដៅយ៉ាងខ្លាំងដែលបង្កជាភាពស្អុះស្អាប់រហូតដល់ពួកគេពុំអាចដេកលក់កើត រហូតដល់ម៉ោង១ ឬម៉ោង២រំលងអាធ្រាត្រ ទើបអាចដេកលក់ ហើយទន្ទឹមនឹងនេះ ពួកគេក៏ពុំទាន់ទទួលបានប្រព័ន្ធទឹកស្អាតនៅឡើយទេ។
អ្នកស្រី ផល្លី ដែលកំពុងមានជំងឺរ៉ាំរ៉ៃដែរនោះ និយាយយ៉ាងដូច្នេះថា៖ «រៀងរាល់ពេលរសៀល ខ្ញុំមានអារម្មណ៍ដូចចង់ក្អួត»។ អ្នកស្រីបន្តថា៖ «អាកាសធាតុក្ដៅធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលខ្លួន និងឈឺចាប់»។
សារព័ត៌មាន ខេមបូចា បាននិយាយទៅកាន់ប្រជាជន៤នាក់ទៀត ដែលបាននិយាយថា ពួកគេធ្លាប់មានអាការៈឈឺខ្លួនប្រាណដែលទាក់ទងនឹងកម្ដៅ និងស្ថានភាពរស់នៅលំបាកលំបិនរបស់ពួកគេ ។ ស្ត្រីម្នាក់ដែលបានទទួលការព្យាបាលអាការៈអស់កម្លាំងដោយសារអាកាសធាតុក្ដៅខ្លាំងកាលពីខែមេសា បាននិយាយថា ពេញមួយខែមេសា កូនៗទាំងបួននាក់របស់អ្នកស្រីឈឺគ្រប់គ្នា។
មន្ត្រីសុខាភិបាលបានព្រមានថា មនុស្សចាស់ជរា កុមារ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ប្រឈមនឹងហានិភ័យខ្ពស់ពីជំងឺនិងការស្លាប់ដែលទាក់ទងនឹងកម្ដៅក្ដៅខ្លាំង។
ប្រភពពីអាជ្ញាធរមូលដ្ឋាន បាននិយាយថា ប្រជាជនប្រហែល១០នាក់បានស្លាប់នៅក្នុងសង្កាត់រុនតាឯក គិតចាប់តាំងពីខែមករាមក ដោយគេបានបន្ទោសទៅលើមូលហេតុនានា ដូចជា ជំងឺរ៉ាំរ៉ៃ ភាពជរាពាធ និងគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែ អាចារ្យ ហ៊ុយ វិន បាននិយាយថា គាត់ជឿថា អាកាសធាតុក្ដៅខ្លាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពរបស់ប្រជាជន។
អាចារ្យ វិន បានឱ្យដឹងថា៖ «ទីជម្រករបស់ពួកគេ ពិបាករស់នៅណាស់នៅទីនោះ»។ អាចារ្យបន្តថា៖ «វាគ្រាន់តែជាកន្លែងមួយដើម្បីបញ្ចុះជីវិតរបស់ពួកគេ … នៅពេលដែលពួកគេរើទៅរស់នៅទីនោះ វាគ្មានអ្វីសោះ ហើយបើទោះបីមានផ្ទះក៏ដោយ ក៏វាដូចនៅកណ្ដាលថ្ងៃដែរ»។
លោក ម៉ៅ ហេង ស្មៀនសង្កាត់រុនតាឯក បានទទួលស្គាល់ថា៖ «វាមានភាពប្រឈមច្រើនជាងកាលនៅភូមិចាស់ ដោយសារវាគ្មានដើមឈើចាស់ៗ និងគ្មានម្លប់ទេ»។
ការជាប់បំណុលដ៏ច្រើន
ប្រជាជនជាច្រើនគ្រួសារនៅរុនតាឯកបានប្រាប់ ខេមបូចា ថា ពួកគេចង់កែលម្អផ្ទះរបស់ពួកគេឱ្យបានល្អប្រសើរជាងមុន ដើម្បីការពារពីកម្ដៅថ្ងៃ និងទឹកជំនន់ ខណៈដែលឥឡូវនេះភ្លៀងតាមរដូវកាលចាប់ផ្ដើមធ្លាក់មកបណ្ដើរៗ។ ប៉ុន្តែ សូម្បីតែកាលពីមុនមិនទាន់ត្រូវគេជម្លៀសចេញពីឧទ្យានអង្គរ អ្នកភូមិបានជាប់ជំពាក់បំណុលធនាគារនិងមីក្រូហិរញ្ញវត្ថុរួចជាស្រេចហើយ ដែលស្ថាប័នឱ្យកម្ចីទាំងនោះបានអនុញ្ញាតឱ្យពួកគេប្រើប្រាស់ដីរដ្ឋនៅក្នុងឧទ្យានអង្គរធ្វើជាទ្រព្យបញ្ចាំ។
បច្ចុប្បន្ន វិបត្តិបំណុលបានផុងកាន់តែជ្រៅ ខណៈដែលប្រជាជនស្វែងរកមធ្យោបាយដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិតនៅក្នុងសង្កាត់រុនតាឯកនេះ។
អ្នកស្រី រឿម សុភ័រ អាយុ ៣១ឆ្នាំ និងមានកូនប្រាំនាក់ បាននិយាយយ៉ាងដូច្នេះថា៖ «គ្មានការងារធ្វើទេ»។ អ្នកស្រីបន្តថា៖ «នៅទីនេះស្ងាត់ណាស់ … អ្នកខ្លះខ្ចីលុយគេយកមកបើកហាងលក់ដូរ ប៉ុន្តែ អត់មានអ្នកមានលុយទិញ ដូច្នេះ ក៏ដួលរលំទៅ»។
អ្វីៗមិនត្រឹមតែមិនប្រសើរឡើងទេ ប៉ុន្តែ ប្រជាជនបានផុងខ្លួនកាន់តែជ្រៅថែមទៀតទៅក្នុងបំណុលដែលជំពាក់អ្នករកស៊ីឱ្យខ្ចីប្រាក់ដែលគ្មានច្បាប់ត្រឹមត្រូវ ដោយប្រើប្រាស់បណ្ណសមធម៌របស់ពួកគេ — ដែលផ្ដល់លទ្ធភាពប្រើប្រាស់ប្រព័ន្ធសន្តិសុខសង្គមរបស់ប្រទេសកម្ពុជា — ដើម្បីសងបំណុល។ អ្នកភូមិជាង១០នាក់បាននិយាយថា ពួកគេបានប្រគល់បណ្ណសមធម៌ ឬបណ្ណក្រីក្រ សំណៅច្បាប់ដើមទៅឱ្យម្ចាស់បំណុល ដែលប្រើប្រាស់បណ្ណនោះដើម្បីផលប្រយោជន៍របបសន្តិសុខសង្គមដែលរដ្ឋត្រូវបើកឱ្យកូនបំណុល។ ទង្វើបែបនេះគឺខុសច្បាប់។ បើយោងតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
អ្នកស្រី សុភ័រ បាននិយាយថា៖ «ស្ទើរតែគ្រប់គ្នា គេធ្វើបែបនេះ»។ អ្នកស្រីបន្តថា៖ «យើងដាក់អ្វីៗគ្រប់យ៉ាង ៖ ប័ណ្ណក្រីក្រ ប្លង់ដី ។ បើយើងមិនធ្វើបែបនេះទេ យើងធ្វើម៉េចនឹងបានផ្ទះនៅ?»។
អ្នកភូមិបានលើកឡើងថា ពួកគេខ្ចីប្រាក់ពីភ្នាក់ងាររបស់ធនាគារ វីង ពីអ្នកជិតខាងដែលមានលុយ និងពីអ្នករកស៊ីចងការប្រាក់ដែលគ្មានច្បាប់ត្រឹមត្រូវផ្សេងៗទៀតដែលធ្វើប្រតិបត្តិការនៅក្រៅប្រព័ន្ធមីក្រូហិរញ្ញវត្ថុ។ ភ្នាក់ងារ វីង មួយរូបនៅក្នុងឃុំរុនតាឯក ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះនិងអត្តសញ្ញាណ បានប្រាប់ ខេមបូចា ថា ការអនុវត្តរបស់ភ្នាក់ងារ វីង ក្នុងការរក្សាទុកបណ្ណក្រីក្ររបស់អ្នកភូមិសម្រាប់ការសងប្រាក់ គឺជារឿងធម្មតាទៅហើយ ។
ភ្នាក់ងារដដែលបាននិយាយយ៉ាងដូច្នេះថា៖ «មាន[ភ្នាក់ងារ]ដែលធ្វើអ៊ីចឹង ប៉ុន្តែជាអ្នកកាសែត គាត់មិនអាចដើរសួរត្រង់ៗបែបនេះបានទេ ពួកគេនឹងមិនប្រាប់ការពិតឡើយ»។ ភ្នាក់ងារនោះបន្តថា៖ «អង្គុយចាំតែមើលនៅទីនេះ[នៅ វីង]ទៅ ហើយចាំមើលប្រជាជនដែលមកបើកប្រាក់ និងសួរគេទៅ តើពួកគេដាក់បណ្ណក្រីក្ររបស់ពួកគេនៅទីណាដើម្បីធ្វើជាទ្រព្យបញ្ចាំ និងសួរគេទៅតើគេបើកប្រាក់យ៉ាងដូចម្ដេច?»។
លោក ទូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ការធ្វើបែបនេះ គឺខុសច្បាប់។ ក្រុមការងារមួយធ្លាប់បានពិនិត្យលើករណីនៅរុនតាឯក កាលពីពេលមុន ប៉ុន្តែលោកពុំបានដឹងពីរបាយការណ៍ចុងក្រោយនេះទេ។
លោក ចាន់នី ថ្លែងថា៖ «នេះជាអំពើខុសច្បាប់»។ លោកបន្តថា៖ «មិនត្រឹមត្រូវទេ ហើយបណ្ណទាំងនេះមិនអនុញ្ញាតឱ្យលក់ដូរ ឬផ្ទេរ ឬដាក់ជាទ្រព្យបញ្ចាំបានទេ»។
លោកបានបន្ថែមថា៖ «យើងបន្ទោស[អ្នកខ្ចី]មិនកើតទេ ដោយសារស្ថានភាពរបស់ពួកគេលំបាក និងក្រីក្រ ហើយពួកគេត្រូវការលុយជាបន្ទាន់»។
នៅក្នុងសេចក្ដីថ្លែងការណ៍តាមអ៊ីម៉ែលមួយ អគ្គនាយករបស់ធនាគារ វីង លោក Han Peng Kwang បានថ្លែងថា ធនាគារមិនបានដឹងពីស្ថានភាពជាក់លាក់នៅតំបន់រុនតាឯកទេ ប៉ុន្តែថា៖ «យើងដឹងថាការអនុវត្តការផ្ដល់កម្ចីក្រៅប្រព័ន្ធពិតជាកើតមាននៅតាមសហគមន៍នានានៅក្នុងប្រទេសនេះ»។ លោកបានបន្តថា គោលនយោបាយរបស់ធនាគារ គឺទទួលយកតែដីធ្លីនិងអគារ សាច់ប្រាក់ និងបណ្ណបំណុលប៉ុណ្ណោះដើម្បីជាទ្រព្យបញ្ចាំ ចំណែកឯកសារផ្សេងទៀតក្រៅពីនេះ រួមទាំងបណ្ណក្រីក្រ មិនត្រូវបានទទួលយកទេ ។
លោក Han Peng Kwang បានសរសេរថា៖ «ប៉ុន្តែអ្វីដែលសំខាន់ គឺសូមបញ្ជាក់ថា ភ្នាក់ងារ វីង គឺជាស្ថាប័នភាគីទីបី ខុសគ្នា និងដាច់ដោយឡែកពីធនាគារ វីង»។ លោកបានបន្ថែមថា៖ «ភ្នាក់ងារ វីង ក្នុងនាមជាស្ថាប័នឯករាជ្យ គឺប្រតិបត្តិការដោយស្វយ័តហើយសកម្មភាពរបស់ពួកគេមិនមែនតែងតែស្របទៅតាមគោនយោបាយផ្លូវការរបស់យើងជានិច្ចកាលនោះទេ។ យើងបានបង្កើតគោលនយោបាយនិងវិធាននានាដើម្បីរក្សាការគ្រប់គ្រងទៅលើភ្នាក់ងាររបស់យើង។ ប្រសិនបើយើងរកឃើញការរំលោភវិធានណាមួយ យើងនឹងចាត់វិធានការវិន័យស្របទៅតាមគោលនយោបាយរបស់យើង ក្នុងនោះរួមទាំងការបញ្ចប់កិច្ចសន្យាផងដែរ»។
ប្រភពមន្ត្រីខេត្តសៀមរាបចំនួន៤ បានបញ្ជាក់ថា ពួកគេបានដឹងពីការអនុវត្តការផ្ដល់ប្រាក់កម្ចីបែបនេះនៅក្នុងតំបន់រុនតាឯក ។
មេប៉ុស្តិ៍នគរបាល លោក គង់ កេន បាននិយាយថា៖ «អ្នកខ្លះដែលទ័លមែនទែន ត្រូវ[ប្រើប្រាស់បណ្ណសមធម៌បែបនេះ]ដើម្បីដោះស្រាយបញ្ហារបស់ពួកគេ»។ លោកបានកត់សម្គាល់ថា វាក៏បានបង្កបញ្ហារដ្ឋបាលផងដែរ។ លោកបន្តថា៖ «នៅរុនតាឯក ពុំមានមុខរបរអ្វីឱ្យពួកគេធ្វើទេ ដូច្នេះពួកគេធ្វើបែបនោះដើម្បីបានលុយខ្លះ»។
ចាកចេញទៅរកបន្ទប់ជួលវិញ
លោក លី វណ្ណៈ នាយកនិងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តសៀមរាប បានព្រមានអ្នកផ្ដល់កម្ចីមិនឱ្យយកបណ្ណក្រីក្រ ឬបណ្ណសមធម៌របស់ប្រជាជនទេ និងបាននិយាយថា លោក«បារម្ភអំពីភាពប្រឈមផ្នែកសេដ្ឋកិច្ចរបស់[អ្នកខ្ចី]ទៅថ្ងៃអនាគត»។
លោកបន្ថែមថា៖ «យើងនឹងខិតខំកសាងការងារនិងសេដ្ឋកិច្ច…សម្រាប់ការអភិវឌ្ឍនៅលើទីតាំង ដើម្បីជួយដល់ប្រជាជន និងជួយពួកគេឱ្យទទួលបានការងារធ្វើ និងបង្កើតប្រាក់ចំណូលផ្សេងៗទៀត»។
រឿងរ៉ាវទាំងនេះផ្ទុយគ្នាស្រឡះពីការពណ៌នាផ្លូវការរបស់រដ្ឋាភិបាលកម្ពុជាអំពីតំបន់រុនតាឯក ។ កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ បន្ទាប់ពីអង្គការលើកលែងទោសអន្តរជាតិ បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយដែលរកឃើញពីការផ្លាស់ទីលំនៅដោយបង្ខំ និងស្ថានភាពពិបាករស់នៅនៅតំបន់រុនតាឯក រដ្ឋាភិបាលបានការពារតំបន់នេះ និងលើកឡើងថា ការចោទប្រកាន់ទាំងនោះមាន«ចរិតនយោបាយ»។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី អង្គការ UNESCO បានស្នើសុំឱ្យកម្ពុជាពន្លឿនរបាយការណ៍អំពីការអភិរក្សអង្គរដដែល។
របាយការណ៍នាថ្ងៃទី៣០ ខែមករា បានពណ៌នាតំបន់តាំងទីលំនៅថ្មីនេះថាជា«ជោគជ័យ» ដែលមាន«ធនធានធម្មជាតិគ្រប់គ្រាន់»ដែលជា«កន្លែងតាំងលំនៅប្រកបដោយសេចក្ដីថ្លៃថ្នូររបស់មនុស្ស»។ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក គ្រោងនឹងពិភាក្សាអំពីបញ្ហានេះនៅខែកក្កដា ខាងមុខនៅទីក្រុងញូវដេលី។
គិតមកដល់ត្រឹមខែឧសភា នៅតំបន់រុនតាឯក គេឃើញមានផ្ទះធ្វើពីដែកខ្លះមានចាក់សោពីខាងក្រៅ ដោយគ្មានមនុស្សនៅ និងមានដាក់បង្ហាញលេខទូរសព្ទនៅខាងក្រៅផ្ទះ។ មេភូមិតានីនៃសង្កាត់រុនតាឯក លោក អ៊ុន សាលឿត បានប៉ាន់ស្មានថា ប្រជាជនប្រហែលមួយភាគបីបានចាកចេញទៅរកបន្ទប់ជួលនៅក្នុងខេត្តសៀមរាប ឬទៅរស់នៅទីកន្លែងផ្សេងទៀតជាមួយក្រុមគ្រួសារ ។
បុរសជាអ្នករត់តុក-តុក ឈ្មោះ អាង ពិសី អាយុ ៣៨ឆ្នាំ ពុំមានលទ្ធភាពរស់នៅក្នុងតំបន់រុនតាឯក តាំងពីដើមទីមកម្ល៉េះ។ បន្ទាប់ពីបានខ្ចីបំណុលនៅឆ្នាំ២០១៩ ដើម្បីសង់ផ្ទះមួយនៅលើដីកេររបស់ឪពុកម្ដាយនៅក្នុងឧទ្យានអង្គរ លោកត្រូវបានជម្លៀសចេញ និងកំពុងជាប់កាតព្វកិច្ចបង់សងបំណុលវិញ ក្នុងមួយខែៗជិត៣០០ដុល្លារដែលជាបំណុលសម្រាប់ផ្ទះមួយដែលឥឡូវត្រូវបានគេរុះរើចោលអស់ហើយ។
លោក ពិសី បានបន្ថែមថា លោកចង់ធ្វើផ្ទះមួយនៅរុនតាឯក ប៉ុន្តែប្រជាជនកំពុងតែចាកចេញពីតំបន់នោះទៅវិញ ។ លោកបាននិយាយថា៖ «ស្ថានភាពរស់នៅនៅទីនោះពិបាកណាស់»។ លោកបន្តថា៖ «ទឹកភ្លើង ឥឡូវមានហើយ។ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺចំណូល។ ប្រសិនបើអ្នកគ្មានចំណូលទេ តើធ្វើអីកើត?»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ‘How Can We Continue?’ – Run Ta Ek Families Struggle With Extreme Heat, Unregulated Lending