លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងអប់រំបន្ថែមម៉ោងសិក្សាបន្ថែមដល់ សាលាបឋមសិក្សាចំនួន៥០នៅកម្ពជាដើម្បីពង្រឹងមូលដ្ឋានគ្រឹះដល់កុមារ និងជំនាញទន់ដែលត្រូវពង្រឹងតាំងពីថ្នាក់មូលដ្ឋានគ្រឹះនៅកម្រិតបឋម។
ថ្លែងក្នុងពិធីបិទសន្និបាទប្រចាំឆ្នាំ២០២២-២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមខែមេសា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជានឹងអនុវត្តផែនការដំណាក់កាលដំបូងសម្រាប់កម្រិតបឋមសិក្សាចំនួន៥០ សាលានោះដោយបន្ថែមម៉ោងសិក្សាចំនួន២ម៉ោងបន្ថែម សម្រាប់ការបង្រៀន និងរៀនពេញមួយថ្ងៃ។
លោកលើកឡើងថា៖ «ក្នុងដំណាក់កាលដំបូងផ្តោតលើសាលាបឋមសិក្សាប្រមាណ៥០ និងផ្តល់នូវការគាំទ្រការចុះជួយផ្នែកជំនាញទន់ ដើម្បីឱ្យនាយកសាលា គ្រូបង្រៀន និង សហគមន៍ ចូលរួមការរៀបចំកម្មវិធីក្រៅម៉ោងសិក្សាយ៉ាងហោចណាស់២ម៉ោងក្នុងមួយថ្ងៃដើម្បីឱ្យសិស្សបានមករៀននៅសាលា និងទទួលបានការបំប៉នមេរៀនបន្ថែមទៅលើការសិក្សាក្នុងម៉ោងផ្លូវការភាសាអង់គ្លេស កុំព្យួទ័រ និងសកម្មភាពផ្សេងៗដូចជា ការអានជាក្រុម ការអានក្នុងបណ្ណាល័យ ការធ្វើលំហាត់បន្ថែម សកម្មភាពសង្គម ការអប់រំសីលធម៌ និងលេងកីឡា»។
លោកថ្លែងថា គោលបំណង គឺការរៀបចំសកម្មភាពសិក្សាបន្ថែមនេះក៏មានគោលដៅកាត់បន្ថយម៉ោងទំនេរ និងប្រែក្លាយម៉ោងទំនេររបស់យុវជន និងកុមារដែលអាចយកទៅធ្វើសម្មភាពអសកម្មមួយចំនួននោះឱ្យក្លាយទៅជាម៉ោងសម្រាប់អភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ ដើម្បីលើកកម្ពស់ និងបង្កើនឱកាសការសិក្សាវែងឆ្ងាយ ស្របតាមការស្ទង់មតិនេះតាមការចង់បានរបស់ពលរដ្ឋដែលអាចផ្តល់ពេលវេលាដល់អាណាព្យាបាលមានពេលគ្រប់គ្រាន់ក្នុងការប្រកបរបរចិញ្ចឹមជិវិតហើយកុមារមិនសូវមានពេលទំនេរច្រើន។
លោកនាយករដ្ឋមន្ត្រីបន្តថា៖ «វាជួយកាត់បន្ថយម៉ោងទំនេររបស់សិស្ស ដែលឪពុកម្តាយ ខ្លះថា កូនទំនេរច្រើខ្លាចវាខូច គាត់ចង់ឱ្យកូនរៀនច្រើន មានវិនយ័និងគុណភាព។ហើយការអប់រំវាមិនមែនមួយថ្ងៃ ១២ឆ្នាំ រឺ១៦ឆ្នាំ ២០ឆ្នាំ នោះទេ គឺយើងត្រូវការអប់រំបណ្តុះ បណ្តាលពេញមួយជីវិត គ្រូបង្រៀនក៏ត្រូវតែរៀន សូម្បីតែខ្ញុំជានាយករដ្ឋមន្រ្តីក៏ត្រូតែរៀនសូត្ររាល់ថ្ងៃដែរ ដើម្បីពង្រឹងការអប់រំដែលជាមូលដ្ឋានគ្រឹះសម្រាប់ធនធានរបស់យើង[កម្ពុជា]ជាពិសេសពង្រឹងមូលដ្ឋាន គឺជាកិច្ចការសំខាន់»។
អ្នកនាំពាក្រសួងអបរំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា មានប្រសាសន៍ថា ក្រសួងបានដាក់សាកល្បងចំនួន២០សាលាម្តងរួចមកហើយ។ លោកស្រីបន្តថា ក្រសួងបានសាកល្បងកន្លងមកចំនួន២០សាលាទៅលើការអនុវត្តសិក្សាពេញមួយថ្ងៃនឹងទទួលបានជោគជ័យដោយបានប្រើប្រាស់ថវិកាសមធម៌របស់សាលារៀន។
លោកស្រីឱ្យដឹងថា សម្រាប់សាលាទាំង៥០នោះក្រសួងនឹងជ្រើសរើសដោយគោរពតាមផែនការដែលបានដាក់ចេញ ប៉ុន្តែពេលនេះក្រសួងមិនទាន់អាចបញ្ជាក់បាននៅឡើយទេថានឹងជ្រើសរើសនៅខេត្តណា និងតំបន់ណាខ្លះនៅឡើយទេ។
លោកស្រីអ្នកនាំពាក្យថ្លែងថា៖ «ការជ្រើសរើសសាលាទាំងនោះដោយស្របតាមផែនការរបស់ក្រសួងអប់រំ ហើយខ្ញុំមិនទាន់អាចប្រាប់បាននៅឡើយទេថានៅតំបន់ និងខេត្តណា ដោយក្រសួងកំពុងពិនិត្យ និងកំណត់សាលាគោលដៅ»។
លោកស្រី វិច្ឆិកា បន្ថែមថា ដើម្បីសម្រេចផែនការដែលបានដាក់ចេញនោះទាមទារការចូលរួមពីអ្នកពាក់ព័ន្ធ«ការងារនេះសម្រេចទៅបានវាទាមទារការចូលរួមពីសហគមន៍ អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធផ្សេងទៀតទើបអាចសម្រេចបាន មិនមែនសម្រាប់តែក្រសួងអប់រំម្នាក់ឯងនោះទេ»។
លោកស្រីបន្ថែមថា សាលានៅភ្នំពេញមានសាលាបឋមសិក្សាព្រៃស្ពឺ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ដោយសារប្រទេសជិតខាងគេរៀនពេញមួយថ្ងៃបើកម្ពុជារៀនតែមួយវេនមិនអាចប្រកួតប្រជែងនោះទេ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ដូចដែលបានដឹងហើយថាប្រទេសជិតខាងកម្ពុជា គឺគេសិក្សាពេញមួយថ្ងៃ ហេតុនេះបើកម្ពុជារៀនតែមួយវេននឹងធ្វើឱ្យគុណភាពនៃការអប់រំមិនអាចប្រណាំងប្រជែងជាមួយប្រទេសជិតខាងបានឡើយ។ ហើយការសិក្សាពេញមួយថ្ងៃនេះទៀតសោត ជួយបណ្តុះឆន្ទៈឱ្យកុមារស្រឡាញ់ការសិក្សាពេញមួយជីវិត មិនតែប៉ុណ្ណោះលោកគ្រូអ្នកគ្រូអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងយល់ពីសិស្ស និងផ្តោតការយកចិត្តទុកដាក់បានល្អជាងមុន»។
លោករដ្ឋមន្រ្តីបន្ថែមថា កុមារនឹងទទួលបានអាហាររូបត្ថម្ភពេញលេញដែលជាកត្តាជួយដល់កុមារមករៀនបានទៀងទាត់ជាងមុន។
លោកបន្ថែមថា៖ «ដោយការអនុវត្តសាកល្បងកន្លងមកយើងសង្កេតឃើញថា ក្មេងចង់មករៀនជាងមុននិងបានមករៀនទៀងទាត់ ហើយការផ្តល់អាហារូបត្ថម្ភវាជួយផ្នែករាងកាយនិងប្រាជ្ញាស្មារតី ពួកគេមានពេលក្នុងការអភិវឌ្ឍបំណិនជីវិត និងការហាត់កីឡាដែលជៀសវាងយកពេលវេលាដែលទំនេរទៅប្រព្រឹត្តអំពើអបាយមុខ»។
អាណាព្យាបាលរស់នៅរាជធានីភ្នំពេញម្នាក់គឺអ្នកស្រី កែវ សុម៉ាលី បានលើកឡើងពីការគាំទ្ររដ្ឋាភិបាល និងក្រសួងអប់រំថា” នេះជាដំណឹងល្អ ហើយខ្ញុំគាំទ្រ ព្រោះនៅពេលដែលក្មេងៗមានម៉ោងរៀនច្រើន គាត់មិនសូវបានលេខទូរសព្ទ័ច្រើន ដែលវាជាក្តីកង្វល់របស់អាណាព្យាបាលទៀតហើយ ដោយសារយើងដឹងហើយថាពេលគាត់រៀនតែមួយពេល គឺពួកគាត់សល់ម៉ោងទំនេរច្រើន»។
អ្នកស្រី សុម៉ាលី បន្ថែមថា អ្នកស្រីមានកូនចំនួន ៣នាក់ ហើយកូនទីពីររបស់អ្នកស្រីរៀនថ្នាក់បឋមសិក្សា និងកូនពៅអាយុពីរឆ្នាំម្នាក់ទៀតដែលនឹងត្រៀមចូលរៀននៅពេលគ្រប់អាយុ។
អ្នកស្រីឱ្យដឹងថា៖ «ខ្ញុំមានកូន៣នាក់ ម្នាក់រៀនថ្នាក់បឋមសិក្សា ហើយម្នាក់ទៀតអាយុ២ឆ្នាំដែលនឹងត្រៀមចូលរៀនថ្នាក់បឋមសិក្សាឆាប់ៗនេះដែរពេលគាត់គ្រប់អាយុចូលរៀន វាជារឿងដែលគួរឱ្យរីករាយព្រោះពួកគេមានពេលរៀនបានច្រើនជាងមុន ដោយសារកន្លងមកកូនទីពីររបស់ខ្ញុំក្រៅពីការរៀនមួយវេន គាត់ក៏មានរៀនគួរបន្ថែមតែ១ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ»។
អ្នកស្រី សុម៉ាលី បន្តថា ការបន្ថែមម៉ោងសិក្សារយៈពេល២ម៉ោងបន្ថែមនេះនឹងជួយឱ្យកុមារបានអនុវត្តមេរៀនបានច្រើនជាងមុននិងមានគ្រឹះរឹងមាំ។
អ្នកស្រីបន្ថែមថា៖ «ការរៀនពេញមួយថ្ងៃចាប់ពីសាលាបឋមសិក្សានេះវាជួយឪ្យក្មេងមានការចងចាំបានល្អ និងមានពេលក្នុងការអនុវត្តច្រើនសម្រាប់ការសិក្សាដែលជួយសិស្សឱ្យមានវិន័យ និងមានមូលដ្ឋានគ្រឹះរឹងមាំ»។
លោក ហែម ឡេ អាយុ៣៣ឆ្នាំ ជានាយកសាលាបឋមសិក្សាកំពង់ប្រាក់ ស្ថិតក្នុងខេត្តពោធិ៍សាត់មានប្រសាសន៍ថា លោកសាទរចំពោះការដាក់ចេញផែនការថ្មីរបស់រដ្ឋាភិបាល និងក្រសួងអប់រំ ហើយលោកក៏បានលើកឡើងពីក្តីបារម្ភមួយចំនួន។
លោក ហែម ឡេ និយាយថា៖ «វាជាដំណឹងល្អ ហើយខ្ញុំគាំទ្រនិងសារទចំពោះផែនការថ្មីរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំដែលជាឱកាសល្អសម្រាប់សិស្សទទួលបានការសិក្សាអប់រំពេញលេញព្រោះពួកគាត់មានពេលរៀនបានច្រើនជាងមុន ស្របពេលគ្នានេះដែរ វាអាចនឹងប៉ះពាល់ដល់ជីវភាពរបស់គ្រួសាររបស់ពួកគាត់ ព្រោះតែជីវភាពក្នុងការស់នៅក្មេងៗនៅតំបន់ដាច់ស្រយាលពួកគាត់ចាំបាច់ត្រូវយកពេលទំនេរជួយការងារឱពុកម្តាយរបស់ពួកគាត់»។
លោកបន្ថែមថា លោកចាប់អាជីពជាគ្រូបង្រៀនរយៈពេល១១ឆ្នាំមកហើយ នឹងសង្កេតឃើញថា កុមារដែលរស់នៅតំបន់ដាច់ស្រយាលមិនសូវមានពេលវេលាដើម្បីស្វយ័សិក្សានៅផ្ទះច្រើននោះទេ ភាគច្រើនបានរៀនតែជាមួយគ្រូតាមវេនព្រឹករឺថ្ងៃតាមវេននីមួយៗ ហើយពួកគេយកពេលដែលនៅសល់ជួយគ្រួសារ។
លោកបន្តថា៖ «ខ្ញុំសង្កេតឃើញថា កុមារមករៀនមិនសូវបានទៀងទាត់នោះទេ ជាពិសេសនាពេលដល់រដូវប្រមូលផល កុមារតែងតែឈប់រៀនរយៈពេល៣ថ្ងៃទៅ១សប្តាហ៍ និងមានពេលខ្លះគាត់ឈប់រហូតដល់កន្លះខែក៏មានដើម្បីយលពេលជួយគ្រួសារនាពេលប្រមូលផលម្តងៗ»។
ទោះជាយ៉ាងណាលោកថា ប្រសិនបើមានការចូលរួមពីអាណាព្យាបាលជាកត្តាសំខាន់«នៅពេលពួកគេរៀនពេញមួយថ្ងៃវាអាចនឹងប៉ះពាល់តិច រឺច្រើនតាមជីវភាពគ្រួសាររបស់សិស្ស វាអាចស្ថិតក្នុងរយៈពេលខ្លីនៃការប៉ះពាល់តែវាមានផលល្អក្នុងរយៈពេលវែងសម្រាប់សិស្ស និងទាមទារការគាំទ្រពីអាណាព្យាបាល ដែលជាកត្តាសំខាន់»។
លោក ហែម ឡេ បន្តថា លោកស្នើឱ្យក្រសួងអប់រំជួយបន្ថែមប្រាក់ឧបត្ថម្ភ ដល់សិស្ស និងគ្រូបង្រៀនដែលនៅតំបន់ដាច់ស្រយាលបន្ថែមទៀតដោយលោកលើកឡើងថា សាលាបឋមសិក្សាកំពង់ប្រាក់ ដែលជាសាលាលើទឹកមានគ្រូសរុប៤នាក់ប៉ុណ្ណោះប្រុសទាំងអស់ គ្រូកិច្ចសន្យាចំនួន៣នាក់ និងគ្រូពេញសិទ្ធិម្នាក់ សិស្សសរុប៧៤នាក់ ស្រី៣១ ហើយសិស្សដែលទទួលបានអាហារូបករណ៍មានចំនួន១៣នាក់ប៉ុណ្ណោះខណៈសិស្សជាច្រើនមានជីវភាពខ្សត់ខ្សោយច្រើន។
លោក ហែម ឡេ បញ្ជាក់ថា៖ «ខ្ញុំសុំស្នើឱ្យក្រសួងផ្តល់ប្រាក់ឧបត្ថម្ភ និង អាហារូបករណ៍បន្ថែមទៀតដល់សិស្សនៅតំបន់ដាច់ស្រយាលព្រោះពួកគាត់ខ្វះខាតជីវភាពខ្លាំង និងប្រាក់លើកទឹកចិត្តបន្ថែមដល់គ្រូបង្រៀនដែលមកបង្រៀននៅតំបន់ដាច់ស្រយាល»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ការបង្រៀន និងរៀនពេញមួយថ្ងៃគួរតែបន្ថែមប្រាក់ប្រចាំខែដល់គ្រូបង្រៀន។
លោកស្រីបន្តថា៖ «ការបង្រៀនពេញមួយថ្ងៃនេះរដ្ឋាភិបាលគួរតែបន្ថែមប្រាក់ខែនិងការលើកទឹកចិត្តបន្ថែមដល់គ្រូបង្រៀន ដើម្បីឱ្យពួកគាត់អាចមានលទ្ធភាពសមរម្យនិងអាចបោះបង់មុខរបរទី២ និងទី៣ ដែលពួកគាត់រកចំណូលបន្ថែមបានពីមុនដូចជាការលក់នំចំណីជាដើម មកផ្តោតលើមុខរបរជាគ្រូបង្រៀនតែម្យ៉ាងបាន។»
អ្នកស្រី ឆាយ៉ាវី បន្ថែមថា ការសិក្សាអប់រំទទួលបានគុណភាពល្អ ទាមទារការចូលរួមពីរដ្ឋាភិបាល និងអ្នកពាក់ពន្ធ័ក្នុងសហគមន៍រួមគ្នាបំបាត់អំពើពុករលួយនៅក្នុងសង្គម។
លោកស្រីបញ្ជក់ថា៖ «ដើម្បីធានាឱ្យការសិក្សាអប់រំទទួលបានគុណភាពខ្ពស់ រដ្ឋាភិបាល និងអាជ្ញាធររួមទាំងអ្នកពាក់ពន្ធ័មួយចំនួនទៀតគួរតែរួមគ្នាក្នុងការលុបបំបាត់អំពើរពុករលួយជាប្រពន្ធ័នៅក្នុងសង្គម ដែលកត្តានេះនឹងជួយឱ្យសង្គមមានសុវត្តិភាពនិងការរីកចម្រើនផ្នែកធនធានមនុស្សបន្ថែមទៀត»។ដោយអ្នកស្រីបន្តថានៅពេលដែលសង្គមមានសុវត្តិភាពពេញលេញវាបានរួមចំណែកឱ្យស្រ្តីទទួលបានឱកាសស្មើគ្នានឹងបុរស «ពេលសង្គមមានសុវត្ថិភាព វាជួយលើកម្ពស់សមភាពយេនឌ័រនិងជម្នះគំនាបសង្គម ជាពិសេសទៅបង្រៀននៅតំបន់ដាច់ស្រយាល ហេតុនេះគួរតែលើកទឹកចិត្តនិងជំរុញបន្ថែមទៀតព្រោះស្រ្តីមានបញ្ហាប្រឈមច្រើនជាងបុរសជាពិសេសនៅពេលជាប់ឈ្មោះចុះទៅបង្រៀននៅតំបន់ដាច់ស្រយាល»។
យោងតាមឯកសាររបស់ក្រសួងអប់រំយុវជននិងកីឡានៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ សាលាទូទៅនិងមត្តេយ្យសិក្សាមានចំនួន ១៩ ៣៤១កន្លែង ក្នុងនោះសាលាមត្តេយ្យគ្រប់រូបភាពមាន ៨ ៨៩១កន្លែង សាលាបឋមសិក្សា ៨ ២៥២ (ឯកជន៨៥៤) អនុវិទ្យាលយ័ ១ ៣៤២ (ឯកជន៩៩ ) និងវិទ្យាលយ័៨៩៧ (ឯកជន៣១៦)៕