សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហជីព CATU អំពាវនាវ​ទៅកាន់​តុលាការខេត្តកំពង់ស្ពឺ​ឲ្យដោះលែង​​​ ជា ចាន់ មេដឹកនាំ​សហជីព​នៅរោងចក្រ​ វីងស្តារស៊ូ

សមាជិកនៃសហព័ន្ធសហជីពកម្ពុជា (CATU) ប្រមូលផ្ដុំគ្នានៅខាងមុខសាលាដំបូងខេត្តកំពង់ស្ពឺ ជាមួយនឹងបដាទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់លើរូបលោក ជា ចាន់ ។ (រូបភាពផ្ដល់ឲ្យ)
សមាជិកនៃសហព័ន្ធសហជីពកម្ពុជា (CATU) ប្រមូលផ្ដុំគ្នានៅខាងមុខសាលាដំបូងខេត្តកំពង់ស្ពឺ ជាមួយនឹងបដាទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់លើរូបលោក ជា ចាន់ ។ (រូបភាពផ្ដល់ឲ្យ)

សហព័ន្ធ​សហជីព​កម្ពុជា ហៅកាត់ CATU បានទាមទារ​ឱ្យ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ទម្លាក់​បទចោទប្រកាន់​ប្រឆាំងនឹងលោក ជា ចាន់ ប្រធានសហជីព​នៅ​រោងចក្រ​ វីងស្តារស៊ូ (Wing Star Shoes) និង​ដោះលែងរូបលោក​ឱ្យមានសេរីភាពវិញ ។ CATU បានអះអាងថា ការចាប់ខ្លួន​​លោក ជា ចាន់ ជាប់ពាក់ព័ន្ធនឹងការរំលោភ​បំពានអំណាចរបស់​ប្រព័ន្ធតុលាការ ដើម្បី​រឹតត្បិតទៅលើ​សេរីភាព​ក្នុងការបង្កើត​សហជីពរបស់លោក ។

សំណុំរឿងរបស់​លោក ចាន់ គ្រោងនឹងត្រូវបើក​សវនាការនៅថ្ងៃទី២៩ ខែមេសា ប៉ុន្តែ ត្រូវបាន​លើកពេលទៅក្នុងខែឧសភា និងមិនទាន់មានការកំណត់កាលបរិច្ឆេទនៅឡើយ ។ ការពន្យាពេលដោយសារ សាក្សីខាងអយ្យការ​មិនបង្ហាញខ្លួន​នៅចំពោះមុខតុលាការទេ ។

ប៉ុន្តែ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភ័ណ បាន​ប្រាប់​ ខេមបូចា ថា មេធាវីរបស់​លោក ចាន់ បានស្នើសុំ​ឱ្យ​លើកពេល​សវនាការ ប៉ុន្តែទោះយ៉ាងណា ចៅក្រម​ពុំទាន់​បាន​កំណត់កាលបរិច្ឆេទ​ថ្មីនៅឡើយទេ សម្រាប់​ខែ​ឧសភានេះ ។

លោក ចាន់ បានត្រូវចោទប្រកាន់ពីបទ​សមគំនិត​ក្នុងអំពើលួច បន្ទាប់ពី​លោក​ត្រូវបាន​កម្មករ​និយោជិត​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ជ្រើសរើសជា​ប្រធានសហជីព​ប្រចាំរោងចក្រ វីងស្តារ​ស៊ូ ប៉ុន្តែ បន្ទាប់ពី​បំពេញ​ការងារ​បាន​ប៉ុន្មានសប្ដាហ៍ក្រោយមក លោកត្រូវបាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ចាប់ឃុំ​ខ្លួន ។ មានការអះអាងថា អាជ្ញាធរ​ពុំបាន​បង្ហាញ​ដីកា ឬ​ភ័ស្តុតាងណាមួយ​ដើម្បី​គាំទ្រ​ការចាប់ខ្លួន​នេះ​ឡើយ ។​

នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ សមាជិក​សហជីព​ប្រមាណ ៤០នាក់ ប្រដាប់ដោយ​បដា​ បានប្រមូលផ្ដុំ​គ្នា​នៅមុខ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ចូលរួម​សវនការ ។ បដាមួយបាន​សរសេរ​ថា «ជា ចាន់ គ្មានកំហុសដូចការចោទប្រកាន់របស់ក្រុមហ៊ុនទេ ។ ចូរបញ្ឈប់​ការចាប់ខ្លួននិងឃុំ​ខ្លួន​តាមអំពើចិត្ត»។

ប្រធាន​សហព័ន្ធសហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ បានចោទប្រកាន់ថា សំណុំ​រឿង​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​លោក ចាន់ អាចជា«ការរៀបចំទុកជាមុន រវាង​និយោជកនិងអាជ្ញាធរ» ដើម្បី​ដក​សហជីព​មូលដ្ឋានរបស់ CATU ពីរោងចក្រ ។

អ្នកស្រីបាននិយាយថា នៅមុនពេលក្រុមហ៊ុនដាក់ពាក្យបណ្ដឹង អ្នកស្រីនិងលោក ចាន់ បានទទួល​ការគំរាមកំហែង​តាមទូរសព្ទ​ពី​បុគ្គល​ដែលមិនស្គាល់អត្តសញ្ញាណ ដែលព្រមានពួកគេ«​មិន​ឱ្យ​បង្កើត​សហជីព​នៅក្នុងរោងចក្រ ។»  អ្នកស្រី សុភ័ណ្ឌ ចាត់ទុក​ការគំរាមកំហែងទាំងនេះ​ថា​ជា​ការបំភិតបំភ័យ​និងការរើសអើងប្រឆាំងសហជីព CATU និងជាទម្រង់មួយនៃការបៀតបៀន ដែលជាការរំលោភ​ធ្ងន់ធ្ងរទៅលើ​សិទ្ធិការងាររបស់ពួកគេ​នៅក្រោម​ច្បាប់​ជាតិ​និង​អន្តរជាតិ ។

អ្នកស្រីបានមានប្រសាសន៍ថា៖ «កម្មករនិយោជិត​មានសិទ្ធិ​បង្កើត​សហជីព ប៉ុន្តែ នៅពេល​កម្មករ​និយោជិត​អនុវត្ត​សិទ្ធិ​របស់ខ្លួនដើម្បី​បង្កើត​សហជីព គឺតែងតែមានចលនា​នៃការរើសអើង»។ អ្នកស្រីបានបន្ថែមថា៖ «សេរីភាពជាមូលដ្ឋានរបស់​កម្មករនិយោជិត​ត្រូវបានរឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ ។ច្បាប់របស់យើងល្អ ប៉ុន្តែ ការអនុវត្ត​បែរជា​ផ្ទុយពីច្បាប់របស់​យើង​ទៅវិញ»។

អ្នកស្រី សុភ័ណ្ឌ ក៏បានសម្ដែងការសោកស្ដាយ​ចំពោះ​ការលើកពេលសវនាការ​លើ​សំណុំរឿងនេះ ។ «ខ្ញុំ​គិតថា តុលាការ​មានសិទ្ធិ​បន្ត​បើកសវនាការ​ដោយសារតែការលើកពេល​នឹង​នាំ​ឱ្យ​ជនរងគ្រោះ​កាន់តែរងគ្រោះថែមទៀត» ។

សមាជិក​នៃសហព័ន្ធ​សហជីពកម្ពុជា (CATU) ប្រមូលផ្ដុំ​គ្នា​នៅខាងមុខ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ដើម្បីចូលរួម​សវនាការ​លើសំណុំរឿងរបស់​លោក ជា ចាន់ និង​លើក​ទឹកចិត្ត​ដល់​​រូបលោកក្នុងអំឡុងពេលសវនាការ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។ (រូបភាព​ផ្ដល់​ដោយប្រភព)

គិតមកដល់ឥឡូវនេះ គឺ ៥៥ថ្ងៃហើយ ដែល​លោក ជា ចាន់ ត្រូវបានចាប់ខ្លួននិងឃុំ​ខ្លួន ។ ភរិយារបស់​លោក ឈ្មោះ ឆែ ចាន់រ៉ា អាយុ ៣៥ឆ្នាំ បានទទូច​សុំ​ឱ្យ​តុលាការ​ផ្ដល់​យុត្តិធម៌ ដោយ​ទម្លាក់ការចោទប្រកាន់​ប្រឆាំងនឹងស្វាមីរបស់អ្នកស្រី៖ «ប្ដីខ្ញុំ​មិនបាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វីទេ»។

អ្នកស្រី ចាន់រ៉ា ក៏ព្រួយបារម្ភ​អំពីសុខភាពរបស់ប្ដី​អ្នកស្រីផងដែរ ដោយសារ​លោក​មាន​ជំងឺប្រចាំកាយ និងមានអាការៈកាន់តែស្គមស្គាំង ។ អ្នកស្រី ចាន់រ៉ា បាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំបាន​ស្នើសុំ​ឱ្យតុលាការ​ដោះលែងរូបគាត់ដើម្បីគាត់អាចមករួមរស់ជួបជុំជាមួយ​យើង​វិញ ។ ប្ដីរបស់ខ្ញុំ​ពុំមានកំហុសទេ [ប៉ុន្តែ] គាត់ត្រូវគេបានគេចាប់ខ្លួន​ទាំងបំពាន»។

អ្នកស្រីបានប្រាប់ ខេមបូចា ថា អ្នកស្រីបានលក់រថយន្ត​របស់អ្នកស្រី ដោយសារតែ​គ្មានចំណូល បន្ទាប់ពី​លោក ចាន់ ត្រូវបានចាប់ខ្លួន ។ លោកគឺជាមេគ្រួសារតែម្នាក់គត់ ។ លុយដែលបានពីការលក់រថយន្ត​​ត្រូវបានប្រើ​ដើម្បី​យកទៅ​សងបំណុលធនាគារ និង​រ៉ាប់រង​ចំណាយប្រចាំថ្ងៃ ជាពិសេស ចំណាយ​ក្នុងការធ្វើដំណើរទៅមក​ជាប្រចាំទៅកាន់ពន្ធនាគារ ។

អ្នកស្រីបាននិយាយថា៖ «មានការចំណាយ​ច្រើនណាស់​នៅក្នុង​ពន្ធនាគារ ដោយសារតែទំនិញ​ថ្លៃជាងនៅខាងក្រៅ។ ស្វាមីរបស់ខ្ញុំ​ចំណាយប្រហែល ១សែនរៀល (ប្រមាណ ២៥ដុល្លារ)ក្នុង​មួយសប្ដាហ៍ ។ ប្រសិន​បើ​គាត់​ទិញ​អាហារ គាត់ត្រូវចាយ ២៥ម៉ឺនរៀល (ប្រហែល​ ៦២ដុល្លារ) ក្នុង​មួយខែ និង​ខ្ញុំចាយអស់ ៧ម៉ឺនរៀល​រាល់​លើក​ដែល​ខ្ញុំ​ទៅ​សួរសុខទុក្ខគាត់​នៅពន្ធនាគារ»។

សមាជិកសហជីព CATU លោក ម៉េត សម្ផស្ស អាយុ ៤០ឆ្នាំ បាន​និយាយថា លោក​បាន​ធ្វើដំណើរការ​មក​តុលាការដើម្បីគាំទ្រ​លោក ចាន់ និង​តាមដានសវនាការលើ​រូបលោក ដោយ​សង្កត់ធ្ងន់ថា ករណីនេះ​គឺជាការរំលោភ​លើ​សិទ្ធិ​ការងារ និងថា​រោងចក្រ​មានការរើសអើងចំពោះ​សហជីព​ឯករាជ្យ ។

លោក សម្ផស្ស បានស្នើសុំ​ឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចាត់វិធានការ​ប្រឆាំងនឹង​រោងចក្រនានាដែល​រំលោភសិទ្ធិជាមូលដ្ឋានរបស់សហជីព ។

លោកបាននិយាយ​យ៉ាងដូច្នេះថា៖ «យើងមានច្បាប់​ដែលអនុញ្ញាត[ឱ្យបង្កើត]សហជីព​ស្របទៅតាម​រដ្ឋធម្មនុញ្ញ ប៉ុន្តែ ក្រុមហ៊ុនមានលេស​[ដើម្បី​បន្ទច់បង្អាក់រឿងនេះ] ហើយក្រសួង​និង​មន្ទីរ​ការងារ​មិនខ្វល់អំពីរឿងនេះឡើយ»។ ដោយលោកបានបន្ថែថា៖ «ដូច្នេះ ខ្ញុំស្នើសុំ​ឱ្យក្រសួងការងារ​សូម​ផ្ដល់​ការយកចិត្តទុកដាក់​លើរឿងនេះផង ។ ប្រសិនបើ​វាបន្តយ៉ាងដូច្នេះ កម្មករនិយោជិត​នឹងបាត់បង់សិទ្ធិរបស់​ពួកគេ»។

អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន បានអះអាងថា ករណីរបស់​លោក ចាន់ គឺ​ជា«ករណី​ព្រហ្មទណ្ឌ» និងថា វាហួសពី«ដែនសមត្ថកិច្ច​របស់​នគរបាល»។

លោកបាននិយាយថា៖ «វាមិនស្ថិតក្រោម​សិទ្ធិ​អំណាចរបស់​អាជ្ញាធរទេ ប៉ុន្តែ ក្នុងករណីដែល​សហជីពត្រូវការមេធាវី ក្រសួងអាច​ជួយ​បាន»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ “Release Wing Star Shoes Union Leader Chea Chan”, CATU Pleads With Kampong Speu Court

301 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម