សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋសមាជិកUNទទូចឱ្យ​កម្ពុជា​ស្តារលំហ​នយោបាយ​និងសេរីភាពពលរដ្ឋ​ឡើងវិញ និងដោះលែង កឹម សុខា

រូបភាព screenshot បង្ហាញពីតំណាងរដ្ឋសមាជិក អ.ស.ប នៅឯកិច្ចប្រជុំយន្តការត្រួតពិនិត្យជាសាកលតាមកាលកំណត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ។
រូបភាព screenshot បង្ហាញពីតំណាងរដ្ឋសមាជិក អ.ស.ប នៅឯកិច្ចប្រជុំយន្តការត្រួតពិនិត្យជាសាកលតាមកាលកំណត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ។

រដ្ឋជាសមាជិក​អង្គការសហប្រជាជាតិ​មួយចំនួនបានអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារឡើងវិញ​នូវ​លំហ​សេរីភាពពលរដ្ឋ​និងនយោបាយ ព្រមទាំង​សិទ្ធិ​សេរីភាពនៃការបញ្ចេញមតិ ខណៈ​ដែល​មន្ត្រី​កម្ពុជា​ឆ្លើយតបថា ពលរដ្ឋ​ស៊ីវិល​ត្រូវបានអនុញ្ញាត​ឱ្យ​អនុវត្ត​សិទ្ធិ«បញ្ចេញមតិ​ជាសាធារណៈ​ដោយ​គ្មាន​ការរឹតត្បិត» ឡើយ ។

កាលពីថ្ងៃពុធ ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅទីក្រុង​ហ្សឺណែវ បាន​ធ្វើការ​ត្រួតពិនិត្យឡើង​វិញ​ជាសាកលតាមកាលកំណត់​លើកទី៤៦ មកលើ​ប្រទេស​កម្ពុជា ដែល​កិច្ច​ប្រជុំ​នេះ​មានរយៈពេល ៣ម៉ោង ។ សហរដ្ឋ​អាមេរិក​បាន​ទាមទារ​ឱ្យ​កម្ពុជា​ដោះលែង​ជន​ទាំងឡាយ​«ដែល​ត្រូវបានចាប់ដាក់ឃុំឃាំង​ដោយ​អយុត្តិធម៌​ដោយសារ​ការអនុវត្ត​សិទ្ធិ​មនុស្ស​និង​សេរីភាពជាមូលដ្ឋានរបស់ពួកគេ» ក្នុងនោះរាប់បញ្ចូលទាំង​លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​មេធាវី​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ អ្នកនាង សេង ធារី ត្រូវបាន​រក​ឃើញថា​មានទោស​ពីបទ​រួមគំនិតក្បត់​និង​ញុះញង់​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល ។

តំណាង​សហរដ្ឋ​អាមេរិក អ្នកស្រី Kaitlin Sandin បាន​និយាយ​យ៉ាង​ដូច្នេះ៖ «យើង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ឱ្យ​បានពេញលេញ​នូវ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ព្រមទាំង​ស្តារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស» ។

អ្នកស្រីបាន​ស្នើ​សុំ​ឱ្យ​កម្ពុជា​លុបចោលវិញ​នូវ​ច្បាប់វិសោធនកម្ម​ទៅលើ​ច្បាប់​បោះឆ្នោត ដែល​បានរឹតត្បិតការចូលរួម​ផ្នែកនយោបាយ​និង​សេរីភាពបញ្ចេញមតិ សេរីភាព​ក្នុងការប្រមូលផ្ដុំ​គ្នា​ដោយសន្តិវិធី និងសេរីភាព​ក្នុងការបង្កើត​សមាគម ។ អ្នកស្រី​ Sandin បាន​លើកឡើងថា កម្ពុជា​ក៏គួរ​ធានាផងដែរថា សេចក្ដីព្រាងច្បាប់​ដែលកំពុងរង់ចាំការអនុម័ត​ត្រូវបាន​កែសម្រួល​ឱ្យស្របទៅតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​កម្ពុជា នៅមុនពេល​ដែលគេអនុម័ត​ច្បាប់ទាំងនោះ ។ សេចក្ដីព្រាងច្បាប់ទាំងនេះ រួមមាន ច្បាប់ស្ដីពី​ឧក្រិដ្ឋ​កម្ម​នៅលើ​ប្រព័ន្ធអ៊ីនធឺណែត ច្បាប់សន្តិសុខ​នៅលើ​ប្រព័ន្ធអ៊ីនធឺណែត និង​ច្បាប់ស្ដីពីសិទ្ធិ​ទទួល​ព័ត៌មាន ។

ជាការឆ្លើយតប លោក កែវ សុទ្ធិ ប្រធានគណៈប្រតិភូ​និងជាអនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានប្រាប់​អង្គការសហប្រជាជាតិថា កម្ពុជា​ប្ដេជ្ញាចិត្តរឹងមាំក្នុងការ​លើកកម្ពស់​ភាពជាដៃគូ​ពិតប្រាកដ​ជាមួយ​អង្គការសង្គមស៊ីវិលនៅក្នុងគ្រប់​វិស័យ​នៃការអភិវឌ្ឍ​សង្គម និង​បាន​គាំទ្រ​សកម្មភាពរបស់​សកម្មជនសង្គម សកម្មជនសហជីព និង​អ្នកការពារសិទ្ធិ​មនុស្ស ។ លោកបាននិយាយថា៖ «នៅពេល​សកម្មភាពនានាក្លាយជា​បទឧក្រិដ្ឋ និងគំរាមកំហែង​ដល់​សណ្ដាប់ធ្នាប់សង្គម និង​ប៉ះពាល់ដល់​ប្រយោជន៍សាធារណៈ អ្នកប្រព្រឹត្តត្រូវតែចាប់​​ឱ្យ​ទទួល​ខុសត្រូវ ។» លោក​បាន​បន្ថែមថា ពលរដ្ឋ​កម្ពុជា​គ្រប់រូប​មានសិទ្ធិអនុវត្ត​សិទ្ធិ​សេរីភាពរបស់​ខ្លួន។ ប៉ុន្តែ លោកបន្ថែមថា ការអនុវត្ត​សិទ្ធិនិងសេរីភាពនេះ​ត្រូវភ្ជាប់ជាមួយនឹង​ទំនួលខុសត្រូវ ដើម្បី​ធានាថា សកម្មភាពទាំងនោះ​ស្របទៅតាមច្បាប់ ។

លោក សុទ្ធិ បាននិយាយថា៖ «កម្ពុជា​ជឿជាក់យ៉ាងមុតមាំទៅលើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ត្រូវបាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញរបស់​យើង» ។ លោក​បាន​កត់​សម្គាល់ថា ការបោះឆ្នោត​សាកល​ឆ្នាំ២០២៣​ ត្រូវបានធ្វើឡើង​«ដោយ​សេរី ត្រឹមត្រូវ សន្តិវិធី និង​តម្លាភាព» ជាមួយ​នឹង​អត្រា​អ្នកបោះឆ្នោតដល់ទៅ ៨៤,៥% ។

លោក សុទ្ធិ​ បាននិយាយថា៖ «រដ្ឋធម្មនុញ្ញ​យើង​បានចែងពី​សិទ្ធិទាំង​នេះ​នៅក្រោម​មាត្រា ៤១ ដោយធានាសិទ្ធិ​សេរីភាពក្នុងការបញ្ចេញមតិ» ។

លោកបាន​បន្ថែមថា អង្គភាព​សារព័ត៌មាន​ជាង ២០០០អង្គភាព និង​អ្នកសារព័ត៌មាន ១០.០០០នាក់ ក្នុងនោះរួមបញ្ចូលទាំង​អ្នក​ដែលរិះគន់រដ្ឋាភិបាល​ផងដែរ បាននិងកំពុង​«ធ្វើការងារ​ដោយសេរី» នៅក្នុង​ទម្រង់​ប្រពៃណី និងឌីជីថល​ «ដោយ​គ្មាន​ការឃ្លាំមើល នៅក្នុង​ឆ្នាំ២០២៣» ។

លោក សុទ្ធិ បាននិយាយថា កម្ពុជា​មាន​គណនី​បណ្ដាញសង្គម​ដែល​បានចុះឈ្មោះច្រើនជាង ១១លានគណនី ដែលតំណាង​ឱ្យ ៦៥% នៃ​ចំនួន​ប្រជាជន​សរុប ដែលអនុញ្ញាត​ឱ្យប្រជាជន​ទទួលបាន​ព័ត៌មាន​ចម្រុះដ៏សម្បូរបែប ព្រមទាំង​បញ្ចេញ​មតិ​របស់​ពួកគេ​ដោយ​សេរី​និង​គ្មានដែន​កំណត់ ។

រូបភាព screenshot បង្ហាញរូប​លោក កែវ សុទ្ធិ (កណ្ដាល) ប្រធាន​គណៈប្រតិភូ និងជាអនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា កំពុងថ្លែងសុន្ទរកថា​ទៅកាន់​រដ្ឋជាសមាជិក​របស់ អ.ស.ប ក្នុងអំឡុងពេលនៃកិច្ច​ប្រជុំ​ត្រួតពិនិត្យ​ឡើងវិញជាសាកល​តាមកាលកំណត់​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ។

លោក​ក៏បាន​ឆ្លើយតប​ទៅនឹង​អត្ថាធិប្បាយរបស់​សរដ្ឋ​អាមេរិក​ អង់គ្លេស ថៃ មិចស៊ិក និង​ប្រេស៊ីល ដែលទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើបអង្កេត​និង​ផ្ដន្ទាទោស​ជន​ល្មើស​ដែលប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ទាក់ទងនឹង​ប្រតិបត្តិការ​ឆបោក​តាមប្រព័ន្ធ​អ៊ីនធឺណែត

លោកបានបន្តថា៖ «រដ្ឋាភិបាល​យកចិត្តទុកដាក់លើបញ្ហានេះ​យ៉ាងហ្មត់ចត់ ហើយ​យើង​សង្ឃឹមថា សេចក្ដីព្រាងច្បាប់ស្ដីពី​សន្តិសុខ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណែត​នឹងផ្ដល់​លទ្ធភាព​ដល់​យើង​ច្រើន​បន្ថែម​ទៀត​ក្នុងការប្រយុទ្ធប្រឆាំងនឹង​បទឧក្រិដ្ឋ​បែប​នេះ» ។

«ការសម្រេចបានការគោរពសិទ្ធិមនុស្ស​ គឺជាដំណើរមួយ​ដែលបន្ត​រហូត ។ ជានិច្ចកាល យើង​ប្ដេជ្ញាចិត្ត​សម្រេចឱ្យបាន​លទ្ធផល​កាន់តែប្រសើរជាងមុន​ដើម្បី​ប្រជាជន​ ហើយ​យើង​យល់​ពី​ភាពចាំបាច់ដើម្បីបន្ត​ទទួល​បាន​នូវទំនុកចិត្ត​ផ្នែក​នយោបាយ​ពីប្រជាជន​របស់​យើង និង​ពីពិភព​លោក ។»

ប្រធាន​អង្គការ​សិទ្ធិមនុស្ស អាដហុក លោក នី សុខា បាន​គាំទ្រ​មតិ​របស់​សហគមន៍អន្តរជាតិ ដែល​បាន​លើកឡើង​ពី​លំហ​សេរីភាពពលរដ្ឋដែលត្រូវបានរឹតត្បិត និង​ការរំលោភសិទ្ធិមនុស្ស និង​សិទ្ធិក្នុងការចូលរួមក្នុងជីវភាពនយោបាយ ប៉ុន្តែ​រដ្ឋាភិបាល​បានអះអាងថាបញ្ហាទាំងអស់នោះគឺជាការអនុវត្ត​ច្បាប់។

លោកបាននិយាយថា៖ «ខ្ញុំគិតថា អ្វីដែលភាគីពាក់ព័ន្ធ​បាន​លើកឡើង​នឹងប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល ហើយវានឹងធ្វើ​ឱ្យ​វិនិយោគិន​នៃប្រទេសមួយចំនួនដែលគេចង់រកស៊ីក្នុងប្រទេស គេមានការខ្លាចរអា មិនចង់​មករកស៊ី [វិនិយោគនៅកម្ពុជា​ទេ]» ។ ដោយលោកបន្ថែមថា៖ «ប្រសិនបើ​យើង​នៅតែមិន​ស្ដារ​សិទ្ធិមនុស្សឡើងវិញទេ ច្រើន ឬតិច រដ្ឋាភិបាលនឹង​ជួប​ឧបសគ្គ​នៅពេលអនាគត» ។

លោក Wesley Holzer មន្ត្រី​កិច្ចការសាធារណៈ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅកម្ពុជា បាន​និយាយ​នៅក្នុង​សារអ៊ីមែល ថា ឯកអគ្គរដ្ឋទូត​ដែលផុត​អាណត្តិ លោក Patrick Murphy ដែលបាន​ជួប​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បាន​ទាមទារ​​ទៅកាន់អាជ្ញាធរ​កម្ពុជា​​ ឱ្យ​បើក​ឡើងវិញ​នូវ«លំហ​សេរីភាព​ពលរដ្ឋ នយោបាយ និង​សារព័ត៌មានដែលបានរួមតូច» នៅក្នុង​ប្រទេសនេះ ។ 

លោក Wesley បានសរសេរថា៖ «លោក​បាន​បញ្ជូន​សារ​អំពី​ការប្ដេជ្ញាចិត្ត​​មុតមាំ​របស់សហរដ្ឋ​អាមេរិក​ចំពោះ​ប្រជាជន​កម្ពុជា និង​បំណងប្រាថ្នារបស់ពួកគេ​ដែលចង់​ឱ្យ​ប្រទេស​រីកចម្រើន​ មានលទ្ធិប្រជាធិបតេយ្យ​ និង​ឯករាជ្យ ដែល​សំឡេងទាំងអស់​ត្រូវបានស្ដាប់ និងគោរព» ។

លោក Wesley បានបន្ថែមថា៖ «លោក៏បាន​អំពាវនាវ​ឱ្យ​មាន​ស្តង់ដារ​ខ្ពស់​សម្រាប់​សិទ្ធិ​ការងារ ការគោរពសេរីភាព​នៃការបង្កើតសមាគម និង​ដំណើរការ​បោះឆ្នោតមួយ​ដែល​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​រីករាយ​ក្នុងការអនុវត្ត​សិទ្ធិ​នយោបាយរបស់ពួកគេ​»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Restore Civic, Political Space and Release Kem Sokha, UN Member States Urge Cambodia

440 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម