សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលករខ្មែរធ្វើការនៅថៃប្រមាណជាពីរសែននាន់នឹងផុតទិដ្ឋាការការងារនៅត្រឹមចុងខែមេសា ឆ្នាំ២០២៤

ប្រជាពលរដ្ឋខ្មែរព្យាយាមលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃតាមច្រកព្រំដែនស្រុកម៉ាឡៃ និងត្រូវឃាត់បានដោយកម្លាំងសមត្ថកិច្ចកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ)
ប្រជាពលរដ្ឋខ្មែរព្យាយាមលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃតាមច្រកព្រំដែនស្រុកម៉ាឡៃ និងត្រូវឃាត់បានដោយកម្លាំងសមត្ថកិច្ចកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ (រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ)

ពល​ករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​​ប្រហែល​ពីរ​សែន​នាក់​នឹង​ត្រូវ​ផុត​ទិដ្ឋាការ​ការងារ​នៅ​ចុង​ខែ​មេសា ខណៈ​អាជ្ញាធរ​ថៃ​បានព្រមាន​ពលករ​ខ្មែរ និង​ពល​ករ​បរទេស​ផ្សេង​ទៀត​ដូច​ជា​ឡាវ និង​មីយ៉ាន់​ម៉ា​ឲ្យស្នើសុំ​ទិដ្ឋាការ​ថ្មី​មុន​ទិដ្ឋាការ​ចាស់​ផុត​កំណត់​។​

អនុប្រធាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថៃ​លោក Kharom Polpornklang មាន​ប្រសាសន៍​ថា អនុស្សារណៈនៃការយោគយល់គ្នា​ពហុ​ភាគី(MoU)​ស្ដីពីកិច្ច​សហប្រតិបត្តិការ​ការងារ ដែល​នាំ​ឲ្យ​មាន​ពល​ករ​បរទេស​ជា​ច្រើន​បាន​ទទួល​ការងារ​នៅ​ប្រទេស​ថៃ នឹង​ត្រូវ​ចប់​ត្រឹម​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៤​។ ដូច​នេះ លោក​ថា​ពល​ករ​បរទេស​ទាំង​នោះ​ត្រូវ​ចាក​ចេញពី​ប្រទេស​ថៃ​មុន​កាល​កំណត់​មក​ដល់ ឬ​អាច​​ប្រឈម​នឹង​វិធាន​ការ​ផ្លូវ​ច្បាប់​។​​

រដ្ឋាភិបាល​ថៃ​បាន​សម្រេច​ពន្យារ​បណ្ណការងារ​​មាន​រយៈ​ពេល​បួន​ឆ្នាំ​​ដែល​ត្រូវ​ផុត​សុពល​ភាព​តាំង​ពី​ខែ​មករា មក​ដល់​ចុង​ខែ​មេសាវិញ​ និង​បាន​ជំរុញ​ដល់​ក្រុម​ហ៊ុន​ដែល​ចង់​បាន​ពល​ករ​សម្រាប់​ការងារ​ខ្លួន​ឲ្យ​ពន្លឿន​ររៀប​ឯកសារ​សម្រាប់​ការងារ​ទាំង​នេះ​។​

រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​និយោជក​រៀប​ចំ​ដាក់​ឯកសារ​ពល​ករ​មក​ជា​ថ្មី​ឲ្យ​បាន​ឆាប់ បើ​សិន​ជា​និយោជក​នៅ​បន្ត​ត្រូវ​ការ​ពល​ករ​ទាំង​នោះ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​។​

ដើម្បី​ពន្លឿន​ដំណើ​រការ​ផ្ដល់​ការងារ​ជាថ្មី និង​អាចឲ្យ​ពល​ករ​អាច​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​បាន​ នាយក​ដ្ឋានមុខរបរ​នៃ​ក្រ​សួង​ការងារ​ថៃ​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​​នៃ​ប្រទេស​ពាក់​ព័ន្ធ​។​

មន្ត្រី​អង្គការ​មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង​សិទ្ធិ​មនុស្ស​ ឬហៅ​ខ្លី​ថា​សង់ត្រាល់ ប្រចាំ​ប្រទេស​ថៃ​ គឺ​លោក លឹង សុផុន ប្រាប់​ខេមបូចា​ថា ​បើ​តាម​ច្បាប់​ប្រទេស​ថៃ ពល​ករ​កម្ពុជា និង​ពលករ​បរទេស​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ក្រោម​អនុស្សារណៈនៃ​ការ​យោគយល់​គ្នា ត្រូវ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ ដើម្បី​ដាក់​ស្នើ​សុំ​ទិដ្ឋាការ​ការងារ​ជា​ថ្មី​ដើម្បី​បន្ត​ធ្វើ​ការ​ជាមួយ​ថៅកែ​ចាស់ ឬ​ថៅ​កែថ្មី​។​

បច្ចុប្បន្ន​លោក​ថា មាន​ពលករ​ខ្មែរ​ជា​ច្រើន គឺ​ប្រហែល​ជាជាង​ពីរ​សែន​នាក់ ដែល​កំពុង​ធ្វើ​ការ​តាម​រយៈ​អនុស្សារណៈនៃ​ការយោគយល់​គ្នា​នេះ​។​

លោក​មាន​ប្រសាសន៍​ថា៖ «​ពលករ​ខ្លះ​ធ្វើ​ការ​តិច​ជាង​បួន​​ឆ្នាំ។ ពួក​គាត់មាន​អ្នក​ប្ដូរ​ថៅកែ ឬ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​។ មាន​ប្រហែល​ពីរសែន ទៅ​បី​សែន​នាក់​ដែល​ស្ថិត​នៅ​ក្រោម​ក្រប​ខណ្ឌទិដ្ឋាការការងារ​បួន​ឆ្នាំ​ដែល​នឹង​ត្រូវ​ផុត​សុពល​ភាព​»។​

លោក​យល់​ឃើញ​ថា​បើ​ទោះ​បី​ជា​ថ្នាក់​ដឹក​នាំ​កម្ពុជា​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ថៃក៏​ពិត​មែន ក៏​មិន​មាន​លទ្ធផល​អ្វី​ទាក់ទង​នឹង​បញ្ហា​ការងារ​នេះ​ដែរ​។​

លោក​បន្ត​ថា៖ «​យើង​មិន​ទាន់​ឃើញ​មាន​អ្វី​នៅ​ឡើយ មិន​ថា​តម្លៃ​ទិដ្ឋាការ និង​លិខិត​ឆ្លង​ដែន​»។លោក​បន្ថែម​ថាលក្ខខណ្ឌ​រស់​នៅ​របស់​កម្មករ​ក៏​មិន​បាន​ធានា​ដោយ​ច្បាប់​ដែរ។ យ៉ាងណា ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ពលករ​បាន​ធ្វើ​ដំណើរ​ឆ្ល​ងកាត់​ព្រំ​ដែនដោយ​មិន​បង់​ប្រាក់ ព្រោះ​រដ្ឋាភិបាល​​កម្ពុជា​បាន​ស្វែង​រក​​ការ​យល់​ព្រម​ពី​ភាគី​ថៃ​ដើម្បី​លើក​​លែង​ថ្លៃ​ឆ្លង​កាត់​នេះ​។​

លោក សុផុន ថា​បើ​តាម​ច្បាប់ការងារ​អន្តរ​ជាតិ ពល​ករ​មានសិទ្ធិ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ដោយ​មិន​បាច់​សុំ​ការ​អនុញ្ញាត​ ព្រោះ​វា​ជា​កាយវិការ​មនុស្ស​ធម៌​។​

លោក​ឲ្យ​ដឹង​ទៀត​ថា ពលករ​កម្ពុជាជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ជា​មួយ​ថៅកែ ដែល​មិន​អនុវត្ត​តាម​ច្បាប់​ស្ដីពី​ការងារ​។ ពលករ​មាន​បទពិសោធន៍​ជួប​ការ​លំបាក​ពេល​ប្ដូរ​ការងារ ក៏​ដូច​ជា​ការ​បំពាន​សិទ្ធិ​ពលករ​។​

លោក សុផុន ជឿថា​ រដ្ឋា​ភិបាល​ថៃគួ​រតែ​អនុវត្ត​វិធានការនានា​ដើម្បី​ធានា​ថា​ថៅកែ​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ​។​

បន្ថែម​លើ​នេះ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ផ្ដល់​ព័ត៌មាន​នៃការ​កែ​ប្រែ​ផ្សេងៗ​ដល់​ពល​ករ​ឲ្យ​បាន​ជា​ប្រចាំ ដូច​នេះ​អ្នក​ទាំង​នោះ​អាច​ប្រាប់​ទៅ​ថៅកែ​ឲ្យ​ពន្លឿនឯកសារ​ការងារ​របស់​ពួក​គេ​។ កិច្ច​ការ​​​បន្ត​ទិដ្ឋាការការងារ​នេះ​ត្រូវ​ការ​ពេល ខណៈ​ដែល​ថៅកែ​ខ្លះ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ។​

លោកបន្ថែម​ថា៖ «​នៅ​ប្រទេស​ថៃ ពល​ករ​ខ្លះ​បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ដោយ​មិន​ដឹង​ខ្លួន​។ ពេល​ខ្លះ​ថៅកែ​របស់ពួក​គាត់ មិន​រៀប​ចំឯកសារ​ផ្លូវ​ច្បាប់​ដើម្បី​ឲ្យ​បាន​រស់​នៅ​ស្រប​ច្បាប់។ ឧទាហរណ៍ ពេល​ពលករ​មាន​គ្រោះ​ថ្នាក់ និង​ស្វែង​រក​ជំនួយ​ផ្លូវ​ច្បាប់ ពួក​គាត់​មិន​អាច​ទទួល​បាន​ ពីព្រោះ​ថា​ថៅកែ​មិន​បាន​បញ្ជូន​ឯក​សារ​របស់​ពួក​គាត់​ទៅ​ក្រ​សួង​ការងារ»។​

ពលករ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​ថៃ​ត្រឡប់​មក​ស្រុក​កំណើត​តាម​ច្រក​អន្តរជាតិដូង​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២៤​។ (ខេមបូចា/ មាស ភារុណ)

ក្នុង​ទិវា​ពល​កម្ម​អន្តរជាតិ​ឆ្នាំ​មុន​មជ្ឈមណ្ឌល​សង់ត្រាល់​បាន​ថ្លៃង​ថា​ពល​ករ​ខ្មែរ​ជា​ច្រើន​មិន​អាច ធ្វើ​ចំណាក​ស្រុក​​​ទោះ​ជាមាន​អនុស្សារណៈ​នៃ​ការ​យោគយល់គ្នា​ ព្រោះត្រូវ​ចំណាយថវិកា​ច្រើន ស៊ីពេល​យូរ និង​មាន​នីតិវិធី​ស្មុគស្មាញ​។ នេះ​ជា​ហេតុ​ផល​ដែល ​ពលករ​ជ្រើស​រើស​វិធី​ចំណាក​ស្រុក​តាម​មេខ្យល់ ឬ​សាច់ញាតិ​ជាជាង​​ទៅ​តាម​ភ្នាក់​ងារ​ស្រប​ច្បាប់​។​

អ្នកនាំពាក្យ​ក្រ​សួង​ការងារ​ លោក កត្តា អ៊ន ប្រាប់ ខេមបូចា ថា ​ក្រ​សួង​នឹង​សហការជាមួយ​ក្រសួង និង​ស្ថាប័ន​នានា​របស់​ថៃ​ដើម្បី​សម្រប​សម្រួល​ឲ្យ​ពល​ករ​កម្ពុជា​អាច​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​ជា​ថ្មី​ទៀត និង​ទទួល​បាន​សិទ្ធិ និង​អត្ថប្រយោជន៍​ទៅ​តាម​ច្បាប់​។​

លោក​លើក​ឡើង​ថា​ពល​ករ​ខ្មែរ​មាន​ជាង​១លាន​២​សែន​នាក់​កំពុង​ធ្វើ​ការ​ស្រប​ច្បាប់នៅ​ប្រទេស​​ថៃ​។ សម្រាប់​អ្នកធ្វើ​ការ​តាម​រយៈ​អនុស្សារណៈនៃការ​យោគយល់​គ្នា មាន​ប្រហែល​ជា​មួយ​សែន​នាក់​ដែល​នឹង​ត្រូវ​ផុត​សុពល​ភាព​ទិដ្ឋាការ​ការ​ងារ​។​

យ៉ាង​ណា ក្រ​សួង​នៅ​តែ​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​បន្ត​បញ្ជូន​ពល​ករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ស្របទៅ​តាម​អនុស្សារណៈនៃ​ការ​យោគយល់​គ្នា​ដែល​ចុះ​ហត្ថលេខាដោយ​ប្រទេស​ទាំង​ពីរ ដែល​​មាន​លក្ខណៈ​ស្រប​ច្បាប់​។​

​បើ​តាម​តួលេខ​របស់​មជ្ឈមណ្ឌល​សង់ត្រាល់ ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ប្រហែល​២លាន​២សែន​នាក់ ប៉ុន្តែ​បើ​តាម​របាយការណ៍​ក្រ​សួង​ការងារ​លើក​ឡើងកាល​ពី​ឆ្នាំ​២០២៣ ថា ​មាន​ចំនួន​១លាន​៣សែន​នាក់ ធ្វើ​ការ​នៅ​ប្រទេស​ថៃ កូរ៉េ​ខាង​ត្បូង ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរី និង​ប្រទេស​មួយ​ចំនូន​ទៀត​។​

លោក ពុង ពឿត វ័យ​៤០​ឆ្នាំ ជាអតីត​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​អស់​ពេល​ប្រាំ​បី​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ​ប្រាក់ខែ​របស់​លោក​មិន​គ្រប់​សម្រាប់​ការ​ចំណាយ​ទេ ហើយ​លោក​ទទួល​សម្ពាធ​ច្រើន​ពី​ថៅកែ ក៏​ដូច​ជា​បញ្ហា​​សិទ្ធិ​ការងារ​។​

លោក​បាន​ត្រឡប់​មក​កម្ពុជា​ និង​ធ្វើ​ការ​ជា​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ ហើយ​ពេល​នេះ​លោក​អាច​សន្សំ​ប្រាក់​បាន​ខ្លះ​សម្រាប់​ជួយ​ទ្រទ្រង់ជីវភាពគ្រួសារ និង​មិន​សូវ​រង​សម្ពាធ​ច្រើន​ដូច​មុន​។​

លោកបន្ថែម​ថា៖ «វា​ពិបាក​ណាស់[នៅថៃ]។ ខ្ញុំ​ត្រូវ​គេ​ផ្អាក​ការងារ​មួយ​សប្ដាហ៍​ពេល​មិន​បាន​ចូល​ប្រជុំ។ ពលករ​ខ្មែរ​យើង​រង​សម្ពាធ​ច្រើន​ណាស់។ ខ្ញុំ​ស្នើ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ជួយ​ដល់​ពលករ​ដូច​ពួក​យើង​ផង»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Visas of 200,000 Cambodians In Thailand, Employed Under Four-year MoU, To Expire End-April

2,603 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម