សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង់ត្រាល់រកឃើញថា៖ ភាពស្មុគស្មាញនិងតម្លៃខ្ពស់នៃសេវារៀប​ចំ​ឯកសារជាកត្តាជំរុញឱ្យ​ពលករ​ខ្មែរ​ធ្វើចំណាកស្រុកខុសច្បាប់

ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃតាមមេខ្យល់ជិត១០នាក់ ត្រូវបានចាញ់បោកមេខ្យល់ ហើយអង្គការសង់ត្រាល់បានជួយឱ្យត្រឡប់មកកម្ពុជាវិញ។(រូបភាពផ្តល់ឱ្យ)
ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃតាមមេខ្យល់ជិត១០នាក់ ត្រូវបានចាញ់បោកមេខ្យល់ ហើយអង្គការសង់ត្រាល់បានជួយឱ្យត្រឡប់មកកម្ពុជាវិញ។(រូបភាពផ្តល់ឱ្យ)

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា(សង់ត្រាល់)បានរកឃើញថា តម្រូវការចំណាយថវិកាច្រើន និងនីតិវិធីស្មុគ​ស្មាញនៃការធ្វើឯកសារជាកត្តាធ្វើឱ្យ​ពលករ​ខ្មែរ​សម្រេចចិត្តប្រថុយគ្រោះថ្នាក់ក្នុងការធ្វើចំណាកស្រុកខុសច្បាប់តាមរយៈមេខ្យល់ ឬថៅកែ​ក្រុមហ៊ុន។

អង្គការសង់ត្រាល់បានបញ្ជាក់នៅក្នុងទិវាពលករចំណាកស្រុកអន្តរជាតិតាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៨ ខែធ្នូ ថា ពលករចំណាក​ស្រុកខ្មែរភាគច្រើនមិនអាចធ្វើចំណាកស្រុក​តាម​ប្រព័ន្ធ​នៃកិច្ចយោគយល់គ្នា(MOU)បានឡើយ ដោយសារតែពួកគាត់ត្រូវចំណាយពេលវេលា និងថវិកាច្រើន ថែមទាំងឆ្លងកាត់នីតិវិធីស្មុគស្មាញ។ បញ្ហានេះហើយដែលជំរុញ​ឱ្យពួកគេ​ជ្រើស​​យកការ​ចំណាកស្រុកតាមរយៈមេខ្យល់ និងសាច់ញាតិ ជាងការទៅតាមទីភ្នាក់ងារ​ជ្រើស​រើសពលករ។

ក្នុងទិវាពលករចំណាកស្រុកអន្តរជាតិលើកទី២៤នេះ អង្គការសង់ត្រាល់បានរៀបចំឡើងនៅ​ទីតាំង​ចំនួន១៦ ក្នុងខេត្តចំនួន៦ រួមមាន ខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ ក្នុងនោះអង្គការសង់ត្រាល់ក៏បានយកសេចក្តីថ្លែងការណ៍ ញត្តិ និងអនុសាសន៍ ជូនទៅក្រសួងការងារ ដើម្បីឱ្យរដ្ឋាភិបាលពិនិត្យ និងពិចារណា ដើម្បី​ដាក់​ចូល​ជាគោលនយោបាយជាតិ ក្នុងការលើកកម្ពស់ការការពារសិទ្ធិ និងកិច្ចគាំពារសង្គមដល់​ពលករចំណាកស្រុកតាមរយៈការជ្រើសរើសប្រកបដោយក្រមសីលធម៌។

នៅក្នុងសេចក្តីថ្លែងការណ៍បានបង្ហាញថា ពលករជាង៦៤ភាគរយដែលត្រូវបាន​សម្ភាសន៍​សុទ្ធតែ​មានបំណុលធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬចងការឯកជន។ បញ្ហាបំណុល​នេះ​កាន់តែរុញច្រានឱ្យពលករបង្ខំចិត្តធ្វើចំណាកស្រុកដោយប្រថុយប្រថានតាមមេខ្យល់ ដោយ​សារ​មិនអាចរង់ចាំយូរក្នុងការរៀបចំឯកសារបាន ហើយកត្តានេះអាចធ្វើឱ្យពួកគាត់ងាយ​ប្រឈម​នឹងការចាញ់បោកមេខ្យល់ រងគ្រោះដោយសារការជួញដូរមនុស្ស និងមិនទទួល​បាន​ការការពារសិទ្ធិ និងកិច្ចគាំពារសង្គមបានពេញលេញនៅឡើយ។

អង្គការសង់ត្រាល់បញ្ជាក់ថា៖ «ពួកគេត្រូវប្រញាប់ស្វែងរកការងារធ្វើឱ្យបានឆាប់រហ័ស ដើម្បី​អាចរកប្រាក់សងបំណុលបានកាន់តែ​លឿន។ ស្ថានភាពនេះអាចនាំឱ្យពលករចំណាក​ស្រុក​មិនអាចស្វែងរក និងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនៅឡើយ ដែលបណ្តាល​​ឱ្យ​ពួកគេ​សម្រេចចិត្តមិនបានត្រឹមត្រូវ ងាយចាញ់បោកមេខ្យល់ និងធ្លាក់ជាកម្មវត្ថុនៃការជួញដូរមនុស្ស និងកេងប្រវ័ញ្ចកម្លាំង​ពលកម្មជាដើម»។

ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា បានឱ្យដឹងថា តាមរយៈការស្រាវជ្រាវបង្ហាញថា ពលករខ្មែរដែលបានចំណាកស្រុក​ទៅប្រទេសថៃខុសច្បាប់មានប្រមាណ២,២លាននាក់ ខណៈអ្នកចំណាកស្រុកតាមប្រព័ន្ធ​នៃ​កិច្ចយោគយល់គ្នា(MOU)មានប្រមាណ១៥ភាគរយក្នុងចំណោមពលករខ្មែរនៅថៃសរុប។

លោកបញ្ជាក់ដែរថា ការចំណាកស្រុកដោយស្របច្បាប់នៅមានចំនួនតិចតួច ដោយសារ​តែ​ពលករត្រូវចំណាយថវិកាក្នុងម្នាក់យ៉ាង​ហោចណាស់ជិត១ពាន់ដុល្លារ ដើម្បីរត់ការឯកសារ​ទម្រាំ​អាចបានទៅប្រទេសថៃ ហើយក៏ថាការរៀបចំឯកសារនោះទៀតសោតត្រូវចំណាយ​ពេលយូរ និងមិនមានតម្លាភាព។

លោកថ្លែងថា៖ «ទី១តម្លៃអត់មានតម្ភាភាព ហើយមានតម្លៃខ្ពស់។ ទី២ដំណើរការហ្នឹងវាមាន​ភាព​ស្មុគស្មាញ ហាក់ដូចជាមិនទាន់មានភាពប្រសើរឡើងទេ។ ទី៣ យើងឃើញថានៅពេល​ដែលពួកគាត់ត្រូវបានគេធ្វើបាប ចាញ់បោកគេតាមរយៈមេខ្យល់ ឬក្រុមហ៊ុននោះ វិធានការ​នៃ​ចំ​ណាត់ការទៅលើជនល្មើស ឬក្រុមហ៊ុនទុច្ចរិត ហាក់មិនមានប្រសិទ្ធភាពទេ»។

បើតាមលោក ថេហូយ៉ា បានឱ្យដឹងទៀតថា ប្រសិនបើពលករខ្មែរធ្វើចំណាកស្រុកតាមរយៈ​មេខ្យល់ នោះពួកគាត់ត្រូវចំណាយថវិកាចន្លោះពី១០០ទៅ២០០បាតប៉ុណ្ណោះ ដើម្បីបានចូល​ទៅប្រទេសថៃ។ យ៉ាងណាមិញ លោកថាពលករដែលទៅតាមមេខ្យល់នៅតែត្រូវ​ចំណាយ​ថវិកា​ច្រើន ដោយនៅពេលទៅដល់ប្រទេសថៃពួកគាត់ត្រូវធ្វើ​បណ្ណការងារ​ដែលតម្លៃ​ប្រមាណ​តែ៥០ដុល្លារ ប៉ុន្តែត្រូវបានមេខ្យល់ ឬថៅកែក្រុមហ៊ុនគិត​ពីពួកគាត់រហូត​ដល់​ជាង​១ពាន់ដុល្លារ ដែលធ្វើឱ្យពួកគាត់ជំពាក់បំណុលថៅក្រែក្រុមហ៊ុន និងត្រូវបង់រំលស់ប្រចាំខែតាមរយៈការកាត់​ប្រាក់ខែ។

លោកបញ្ជាក់ថា៖ «បើគាត់ធ្វើការងារតាមមេខ្យល់បែបនេះ គាត់មិនទទួលបានប្រាក់ឈ្នួល​ពេញ​​លេញ​ទេ។​ ឧទាហរណ៍ថាប្រាក់ឈ្មួល​អប្បបរមាស្របតាមផ្លូវច្បាប់​របស់​គេ​៣០០បាត​(ប្រហែល៨ដុល្លារ) តែគាត់ទទួលបាន២៥០(ប្រហែល៧ដុល្លារ) ឬ២០០បាតអី​(ជិត៦ដុល្លារ)​ជាដើម។ អ៊ីចឹងគាត់ធ្វើការគ្រាន់តែរំលស់ថ្លៃធ្វើឯកសារហ្នឹងមួយឆ្នាំពីរឆ្នាំមិនទាន់អស់ផង»។

ពលករខ្មែរប្រមាណជាង៣០នាក់ដែលឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅ​ប្រទេស​ថៃ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនទៅបុស្តិ៍ប៉ូលិសនៅក្នុងប្រទេសថៃ​កាល​ពីយប់ថ្ងៃទី២០ ឈាន​ចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ (រូបភាព៖ ហ្វេសប៊ុកសង់ត្រាល់)

សេចក្តីថ្លែងការណ៍របស់អង្គការសង់ត្រាល់ក៏បានបញ្ជាក់ដែរថា ក្នុងករណីពលករខ្ចី​លុយ​ថៅកែ​​ដើម្បីរត់ការឯកសារ និងចំណាយលើ​ការធ្វើដំណើរ នោះពួកគាត់នឹងមិនហ៊ានតវ៉ា ឬ​ប្តូរការងារឡើយ ប្រសិនបើបំណុលនោះមិនទាន់បានសងថៅកែរួចរាល់។ ជាមួយគ្នា​ពួក​គាត់​ត្រូវចំណាយពេលជាយ៉ាងតិច៦ទៅ៩ខែ ដើម្បីសងបំណុលទៅថៅកែ។

ពលករខ្មែរនៅខេត្តបន្ទាយមានជ័យដែលបានទៅធ្វើការងារសំណង់នៅប្រទេសថៃតាមរយៈមេខ្យល់ម្នាក់ លោក នី រី បានឱ្យដឹងថា ការចំណាកស្រុកតាមមេខ្យល់ត្រូវ​ចំណាយថវិកា​ចំនួន​១៩០០បាត(ប្រហែល៥០ដុល្លារ) ហើយត្រូវធ្វើបង់រំលស់ថ្លៃធ្វើប័ណ្ណការងារ​សងថៅកែវិញ​៥ពាន់​បាត(ប្រហែល១៤០ដុល្លារ)។ ក្នុងនោះលោកត្រូវបង់រំលស់ចន្លោះពី៥០០​ទៅ១ ០០០​បាត​ក្នុងមួយខែ។

ពលកររូបនេះបានរៀបរាប់ថា ការសម្រេចចិត្តចំណាកស្រុកដោយខុសច្បាប់​នេះ ដោយសារ​មិន​មានថវិកាទៅតាមប្រព័ន្ធនៃកិច្ចយោគយល់គ្នា(MOU) ព្រោះត្រូវរៀបចំឯកសារច្រើនមុខ​ និងច្រើនដំណាក់កាល។

លោកថ្លែងថា៖ «គេនិយាយដែរថាបើយើងទៅតាមស្របច្បាប់ ក៏យើងត្រូវតែធ្វើ ទៅតាម​ក្រុមហ៊ុន​អីត្រូវតែចំណាយលុយទៅធ្វើ​passport(លិខិតឆ្លងដែន) ឬធ្វើVisa ដើម្បីឆ្លងកាត់​ទៅធ្វើការទៅតាមក្រុមហ៊ុនហ្នឹង។ តែបើយើងទៅតាមផ្លូវលួចលាក់ យើងអស់តែ​ថ្លៃ​មេខ្យល់​ត្រឹម៩០០ទៅ១០០០បាត អ៊ីចឹងយើងអាចឆ្លងទៅដល់កន្លែងធ្វើការ»។

យ៉ាងណាមិញពលករវ័យ២៤ឆ្នាំរូបនេះឱ្យដឹងថា ឆ្លងកាត់ការចេញទៅដោយខុសច្បាប់នេះ លោកមានការប្រឈមហានិភ័យជាច្រើន ដោយត្រូវរត់គេចពីសមត្ថកិច្ចថៃ ហើយក៏បារម្ភពី​ការដើរជាន់មីន និងសុវត្ថិភាពផ្សេងទៀត ដោយសារត្រូវធ្វើដំណើរឆ្លងកាត់ព្រៃជ្រៅនៅ​ពេល​យប់។

លោករៀបរាប់ថា៖«ភាពភ័យខ្លាចៗតែយើងដើរ ព្រោះយើងដើរអត់មានដើរពេលថ្ងៃទេ គឺយើង​ដើរ​ពេល​យប់ព្រលប់។ អ៊ីចឹងទៅខ្លាចណាមួយព្រោះតាមជាយដែនខ្មែរ​យើងដឹងស្រាប់​ហើយ ទី១ខ្លាចរឿងមីនផ្ទុះ។ ទី២ខ្លាចរឿងសត្វរឿងអីយើងដើរជាន់ ហើយទី៣ដែលធំបំផុត​គឺខ្លាចពួក​ប៉ូលីសថៃ ឬក៏ទាហានថៃគេនៅចាំជាយដែន»។

ប្រហាក់ប្រហែលគ្នាពលករខ្មែរនៅខេត្តបន្ទាយមានជ័យម្នាក់ទៀត ដែលបានទៅធ្វើជាជាងអារ​ឈើ​ក្នុងរោងចក្រមួយនៅប្រទេសថៃ លោក ពុង ពឿត បានឱ្យដឹងដែរថា ដោយសារតែការ​ចំណាកស្រុកតាមប្រព័ន្ធនៃកិច្ចយោគយល់គ្នា(MOU)ត្រូវទាមទារលក្ខខណ្ឌច្រើន ទើបធ្វើឱ្យ​លោកជ្រើសយកការចំណាកស្រុកដោយខុសច្បាប់តាមរយៈមេខ្យល់​ ដោយអស់ថវិកា​ចំនួន​៦០០បាត​(ប្រហែល​១៧​ដុល្លារ)។

ការចាកចេញទៅដោយខុសច្បាប់នេះ ក្នុងគោលបំណងរកលុយដើម្បីបង់សងធនាគារ​ដែល​លោក​ជំពាក់ចំនួន១៥,០០០ដុល្លារ។ ប៉ុន្តែលោកថាពេលទៅដល់ប្រទេសថៃ ថៅកែក្រុមហ៊ុន​បានធ្វើប័ណ្ណការងារឱ្យលោកអស់តម្លៃរហូតដល់ជិត៣ម៉ឺនបាត​(ប្រហែល៨០០​ដុល្លារ) ដែល​លុយ​នេះត្រូវបានថៅកែក្រុមហ៊ុនកាត់សងវិញជារៀងរាល់ខែ ហើយខែ​ខ្លះកាត់​ទាំងស្រុង​ថែម​ទៀត។

លោក នី រី បញ្ជាក់ថា៖ «អ្នកខ្លះគេកាត់ទាំងអស់ អ្នកខ្លះគេអាណិតយើងទៅគេកាត់មួយខែ​១ពាន់បាត ឬមួយខែ២ពាន់បាតតាមយើងធ្វើការងារដែរ។​ អ្នកខ្លះគេកាត់ទាំងអស់ គេអត់​អាណិត​ទេ បើមានឬមិនមានអត់ទៅ»

លោកចាត់ទុកថានេះជាការចំណាយដ៏ច្រើន ដែលមិនអាចផ្សែផ្សំចំណូលមកបង់ធនាគារ​បាន​ឡើយ ដោយថាទម្រាំតែបង់សងថៅកែរួច លោកត្រូវធ្វើប័ណ្ណថ្មីមួយទៀត ដោយមាន​សុពលភាព​តែ២ឆ្នាំប៉ុណ្ណោះ។

លោកឱ្យដឹងដែរថា ធ្លាប់ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនម្តងនៅពេលដែលលោកដើរតាម​មេខ្យល់​​លួចឆ្លងទៅប្រទេសថៃ ខណៈមេខ្យល់គេចខ្លួនបាត់។ កាលនោះ​លោកថាត្រូវ​បាន​អាជ្ញាធរថៃ​ឃាត់ទុកអស់រយៈពេលជិតមួយថ្ងៃ ទើបសម្រេចដោះលែងវិញ។

ដើម្បីធានាបាននូវការចំណាកស្រុកប្រកបដោយសុវត្ថិភាព និងតម្លាភាព អង្គការសង់ត្រាល់​ជំរុញឱ្យរដ្ឋាភិបាលកំណត់គ្រប់ថ្លៃចំណាយសម្រាប់ដំណើរការជ្រើសរើសទាំងអស់ក្រៅពីឯកសារផ្ទាល់ខ្លួនរបស់ពលករ ត្រូវឱ្យនិយោជកជាអ្នកទទួលបន្ទុក និងត្រូវកំណត់ពេល​វេលា​ជាក់​លាក់មិនឱ្យលើសពី៦០ថ្លៃគិតចាប់ពីពលករបានដាក់ពាក្យស្នើសុំធ្វើការងារនៅទីភ្នាក់ងារ​ជ្រើសរើសឯកជន។

ប្រភពដដែលក៏ស្នើឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធត្រូវរៀបចំយន្តការបណ្តឹង និងអន្តរាគមន៍ ដើម្បីចៀសវាងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការបញ្ឈប់ពលករខ្មែរដោយ​មិនមានការ​ជូន​ដំណឹង ការដកហូតឯកសារ និងការរំលោភសិទ្ធិការងារផ្សេងៗទៀតលើពលករខ្មែរ។ ជាមួយ​គ្នារដ្ឋាភិបាលត្រូវធានានូវការផ្តល់កិច្ចគាំពារសង្គមសម្រាប់អតីតពលករខ្មែរដែលត្រឡប់មកប្រទេសកំណើតវិញ តាមរយៈការផ្តល់ប័ណ្ណក្រីក្រ ខណៈបច្ចុប្បន្នកិច្ចការងារនេះមិនទាន់គ្រប​ដណ្តប់​ដល់អតីតពលករចំណាកស្រុកនៅឡើយ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ ការ​សិក្សា​របស់កូនៗជាដើម។

ពលករខ្មែរប្រមាណជាង៣០នាក់ដែលឆ្លងដែនខុសច្បាប់ទៅរកការងារ​ធ្វើនៅ​ប្រទេស​ថៃ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីយប់ថ្ងៃទី២០ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។ (រូបភាព៖ ហ្វេសប៊ុកសង់ត្រាល់)

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា សុំមិនអត្ថាធិប្បាយជុំវិញករណីការ​ស្នើ​របស់​អង្គការសង់ត្រាល់នេះ ដោយបង្វែរសំណួរទៅកាន់ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានអះអាងថា ជុំវិញករណីពលករចំណាកស្រុកនេះ ​ក្រសួងការងារបានធ្វើឱ្យកាន់​តែប្រសើរ​ឡើង​នូវសេវាអនុព័ន្ធការងារអមស្ថានទូតកម្ពុជា រួមនិងមជ្ឈមណ្ឌលគាំពារពលករ​បរទេសតាម​បណ្តាប្រទេសគោលដៅដើម្បីជួយបង្កភាពងាយស្រួលដល់ពលករខ្មែរនៅកន្លែងធ្វើការ។​កម្ពុជាក្នុងអំឡុងពេលបម្រើការងារ។

លោកបន្តថា ក្រសួងបានបន្តពង្រឹងយន្តការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចការងារទីភ្នាក់ងារ​ជ្រើសរើសឯកជន ដោយផ្តល់ការគាំទ្រ និងភាពងាយស្រួលជូនពលករពេល​ធ្វើការនៅក្រៅ​ប្រទេសតាមរយៈ ការសម្របសម្រួលបែបបទឯកសារការគាំពារតាម​ផ្លូវច្បាប់​អន្តរាគមន៍​សង្គ្រោះ​ពេលមានហានិភ័យ និងការជួបសួរសុខទុក្ខជាប្រចាំ។

មិនតែប៉ុណ្ណោះ អ្នកនាំពាក្យក្រសួងការងារដដែលក៏បានបញ្ជាក់ថា រដ្ឋាភិបាលតែងតែយក​ចិត្តទុក​ដាក់លើពលករខ្មែរ ដោយមិនឱ្យពលករណាម្នាក់មានទុក្ខ​ដោយគ្មានអាជ្ញាធរ​នៅក្បែរ​ឡើយ។ ជាក់ស្តែងដូចជាការផ្តល់ជំនួយថ្នាំព្យាបាល និងស្បៀងអាហារដល់ពលករខ្មែរនៅថៃ​កាល​ពីអំឡុងមានវិបត្តិកូវីដ-១៩ជាដើម។

លោកបញ្ជាក់ថា៖ «ការជួយអន្តរាគមន៍សម្របសម្រួលពលករ និងដោះស្រាយបញ្ហាជាទូទៅ​របស់ពលករជួបការលំបាក ដែលមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរណាម្នាក់មានបញ្ហា​ទុក្ខលំបាក​ដោយ​គ្មានការដឹងឮ ឬអន្តរាគមន៍ពីអាជ្ញាធរកម្ពុជាឡើយ»។

បន្ថែមលើនេះ លោកថាក្រសួងបានធានាចល័តភាពរបបសន្តិសុខសង្គមក្នុងតំបន់អាស៊ាន ដើម្បី​ឱ្យពលរដ្ឋកម្ពុជា អាចទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមក្នុងតំបន់​បើទោះ​ពលរដ្ឋម្នាក់នោះធ្វើការនៅប្រទេសណាក៏ដោយ។

លោក កត្តា អ៊ន គូសបញ្ជាក់ថាក្រសួងការងារស្វាគមន៍ចំពោះការលើកយកករណីជាក់ស្តែង ដែលមានអង្គហេតុច្បាស់លាស់ មានជនរងគ្រោះពិតប្រាកដ ដែលលើកឡើងដោយសហជីព ឬអង្គការសង្គមស៊ីវិល ដើម្បីជជែករកការពិត និងដំណោះស្រាយ ជាជាងការដើរដាក់ញាត្តិ ឬធ្វើសកម្មភាពសម្រាប់តែការសរសេររបាយការណ៍ តែមិនស្វែងរកដំណោះស្រាយ​ដល់​កម្មករ​និយោជិត។

លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់សហជីព អង្គការសង្គមស៊ីវិល សមាគមដែលធ្វើការងារ​ពាក់ព័ន្ធ​សិទ្ធិកម្មករនិយោជិត សូមប្តូររបៀបធ្វើការមិនមានប្រសិទ្ធភាព មករបៀបធ្វើការ​ចំ​គោល​ដៅ និងសហការជាមួយក្រសួងការងារ ដើម្បីអង្កេតវាយតម្លៃ និងរកដំណោះស្រាយ​រួមគ្នា សម្រាប់ប្រយោជន៍កម្មករនិយោជិត»។

បើទោះជារបាយការណ៍របស់អង្គការសង់ត្រាល់បញ្ជាក់ថា ពលករខ្មែរនៅថៃមានប្រមាណ​២,២​លាននាក់​ក៏ដោយ ប៉ុន្តែរបាយការណ៍ក្រសួងការងារកម្ពុជាបញ្ជាក់ថា​គិតត្រឹម​ឆ្នាំ​២០២៣ កម្ពុជាមាន​ពលករ​ទេសន្តប្រវេសន៍​ប្រមាណ ​១,៣លាននាក់ ​ដែលកំពុង​ធ្វើការនៅក្នុង​ប្រទេស​មួយ​ចំនួន​ដូចជាថៃ ​កូរ៉េខាងត្បូង​ ជប៉ុន​ ម៉ាឡេស៊ី ​​ហុងកុង​ សឹង្ហបុរី ​និង​ប្រទេស​មួយចំនួន​ទៀត​។

កម្ពុជាមានខេត្តជាប់ព្រំដែនជាមួយថៃចំនួន៧គឺខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ព្រះវិហារ បន្ទាយមានជ័យ និង ឧត្តរមានជ័យ។ ក្នុងចំណោមខេត្តទាំងនេះគឺច្រកព្រំដែន ខេត្តបន្ទាយមានជ័យមានពលរដ្ឋខ្មែរឆ្លងដែនទៅធ្វើការងារនៅក្នុងប្រទេសថៃច្រើនជាងគេ។

របាយការណ៍អាជ្ញាធរខេត្តបន្ទាយមានជ័យនៅឆ្នាំ២០២២ បង្ហាញថា ពលរដ្ឋខ្មែររាប់ពាន់នាក់ ឆ្លងដែនក្នុង១ថ្ងៃៗទៅរកការងារធ្វើនៅក្នុងប្រទេសថៃក្រោយស្ថានភាពកូវីដធូរស្រាល ហើយ ក្នុងនោះប្រមាណ៧០ភាគរយឆ្លងដែនដោយខុសច្បាប់។

កាលពីឆ្នាំ២០១៤ អង្គការអន្តរជាតិខាងការងារ(ILO) ការិយាល័យប្រចាំតំបន់អាស៊ី និង​ប៉ាស៊ីហ្វិក បានបោះពុម្ពសៀវភៅណែនាំជាភាសាខ្មែរស្តីពីការទៅធ្វើការងារ ដោយវ័យឆ្លាត និងសុវត្ថិភាពនៅក្នុងប្រទេសថៃ។ សៀវភៅនេះបានលើកឡើងថា ថៃជាគោលដៅដែល​ពលករពីប្រទេសជិតខាងទៅស្វែងរកការងារធ្វើ ហើយមួយចំនួនក៏រងការរំលោភបំពានសិទ្ធិ ធ្ងន់ធ្ងរ។ អង្គការអន្តរជាតិមួយនេះបញ្ជាក់ថា មិនថាពលករឆ្លងដែនដោយខុសច្បាប់ ឬស្រប ច្បាប់ទេគឺមានសិទ្ធិការពារខ្លួនមិនឱ្យគេរំលោភបំពានដូចគ្នា៕

385 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម