សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការសហប្រជាជាតិចេញផ្សាយរបាយការណ៍ជាភាសាខ្មែរអំពីការប្រើប្រាស់ពាក្យពេចន៍ ដើម្បីលើកកម្ពស់ដល់ស្រ្តីចំណាកស្រុក

វាគ្មិនកិត្តិយសរួមមានតំណាងក្រសួង តំណាង UN Women នៅកម្ពុជា តំណាងបណ្ដាញអ្នកសារព័ត៌មានស្រ្តីកម្ពុជា អ្នកសរសេរប្លុក និងតំណាងសហគមន៍ពលករទេសន្តរប្រវេសន៍ កំពុងអង្គុយជជែកពិភាក្សាអំពីប្រធានបទ រូបថតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ផុន សុទ្ធីរ័ត្ន)
វាគ្មិនកិត្តិយសរួមមានតំណាងក្រសួង តំណាង UN Women នៅកម្ពុជា តំណាងបណ្ដាញអ្នកសារព័ត៌មានស្រ្តីកម្ពុជា អ្នកសរសេរប្លុក និងតំណាងសហគមន៍ពលករទេសន្តរប្រវេសន៍ កំពុងអង្គុយជជែកពិភាក្សាអំពីប្រធានបទ រូបថតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ផុន សុទ្ធីរ័ត្ន)

ភ្នាក់ងារសហប្រជាជាតិដើម្បីសមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្រ្តី ហៅ​កាត់ UN Women បានចេញផ្សាយ​របាយការណ៍ជាភាសាខ្មែរមួយស្ដីពី​«ពាក្យពេចន៍ដែល​មាន​អត្ថប្រយោជន៍»ដែលជាកម្រងសន្ទានុក្រមវាក្យសព្ទសម្រាប់អ្នកសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងការចូលរួមរាយការណ៍និងប្រើប្រាស់ដោយមានទំនួលខុសត្រូវដើម្បីលើកកម្ពស់ដល់ពលករទេសន្តរប្រវេសន៍ជាស្រ្តី និងការបញ្ឈប់អំពើហិង្សាលើស្រ្តី។

ការចេញផ្សាយកម្រងសន្ទានុក្រមសម្រាប់អ្នកសារព័ត៌មាន«ពាក្យពេចន៍ដែលមានអត្ថ​ប្រយោជន៍ ឫ Words That Matter» ជាភាសាខ្មែរជាផ្លូវការនេះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តី​តំណាង​ក្រសួង​កិច្ចការ​នារី ក្រសួងការងារ អង្គការជាតិនិងអន្តរជាតិ អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន​សរុបប្រមាណជា៥០នាក់។

គួរឱ្យដឹងថា របាយការណ៍នេះត្រូវបានចេញផ្សាយដំបូងបង្អស់ជាភាសាអង់គ្លេស​ក្នុង​ឆ្នាំ​២០២២។ ដោយគិតមកទល់បច្ចុប្បន្ន របាយការណ៍នេះត្រូវបានបកប្រែជា៧ភាសា រួមទាំង​ភាសាខ្មែរដែលមានការសម្រិតសម្រាំង និងត្រួតពិនិត្យរវាងក្រសួងពាក់ព័ន្ធនិងអ្នកជំនាញក្នុង​ការ​ប្រែសម្រួល។ គួរបញ្ជាក់ថា របាយការណ៍ខាងលើគឺស្ថិតនៅក្រោមគម្រោង Safe and Fair ដែលអនុវត្តតាមរយៈភាពជាដៃគូរវាង អង្គការ ILO និង UN Women ក្នុងគោលបំណងធានាឱ្យ​បានថាការធ្វើ​ចំណាកស្រុកប្រកបដោយសុវត្ថិភាព និងយុត្តិធម៌សម្រាប់ស្រ្តីទាំងអស់នៅក្នុង​តំបន់​អាស៊ាន។

អ្នកស្រី ឃុន សុភា ប្រធានកម្មវិធីនៃ UN Women ប្រចាំប្រទេសកម្ពុជា បានទទួលស្គាល់ថា ភាសាពិតជាមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងសង្គមរស់នៅរបស់មនុស្ស ដែលហេតុនេះ​ទើប​អង្គការ UN Women បានធ្វើការសិក្សាដែលផ្ដោតលើការប្រើប្រាស់ពាក្យពេចន៍ដែលមានចរិត​លក្ខណៈទិដ្ឋភាពយេនឌ័រ និងភាពចម្រុះនៅក្នុងសង្គម។ ដើម្បីធ្វើការចងក្រងសន្ទានុក្រមនេះ អ្នកស្រីថា UN Women បានធ្វើការគិតគូរយ៉ាងទូលំទូលាយអំពីផល និងឥទ្ធិពលនៃភាសាក្នុង​ការ​ប្រើប្រាស់ ការសរសេរ និងការផ្សព្វផ្សាយ ថាតើភាសាបានជះឥទ្ធិពលវិជ្ជមាន និង​អវិជ្ជមាន​​កម្រិតណាទៅកាន់ភាពខុសគ្នានៃយេនឌ័រនីមួយៗ។

យ៉ាងណាមិញចំពោះការចូលរួមផ្សព្វផ្សាយ អ្នកស្រី សុភា បានលើកទឹកចិត្តឱ្យ​អ្នកសារព័ត៌មាន អ្នកសរសេរប្លុក និងស្ថាប័នដែលធ្វើការលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ គួរតែព្យាយាមរំលឹកខ្លួនឯង និងគិតឱ្យបានម៉ត់ចត់មុននឹងធ្វើការសរសេរ ឬប្រើប្រាស់​ពាក្យ​ពេចន៍​ និងភាសា ដើម្បីបង្កើននូវឥទ្ធិពលជាវិជ្ជមានចំពោះសង្គម ជាជាងបង្កើត​ឱ្យមាន​ការ​រើស​អើងទៅលើយេនឌ័រដោយអចេតនា។

អ្នកស្រីមានប្រសាសន៍ថា៖ «ជាការសំខាន់ណាស់ដែលយើងត្រូវរំលឹកខ្លួនឯងជារឿយៗ ក៏ដូច​ជា​សួរខ្លួនឯងជារឿយៗថាតើពាក្យហ្នឹងវាមានឥទ្ធិពលយ៉ាងណាចំពោះស្ត្រី? ពាក្យហ្នឹង​បើ​ប្រើ​ទៅក្នុងនាមជាអ្នកសារព័ត៌មាន ឬក៏អ្នកសរសេរប្លុក ឫអ្នកសរសេរ Social Media ថាតើមាន​ឥទ្ធិពល​យ៉ាងម៉េចចំពោះបុរស? ចុះបើប្រើពាក្យទូលំទូលាយជាងហ្នឹងថាតើវានឹងអាច​ចូលរួម​ចំណែកយ៉ាងដូចម្ដេចខ្លះដើម្បីបង្កើតឱ្យមានផ្នត់គំនិតជាវិជ្ជមាននៅក្នុងសង្គមរបស់យើង»

អ្នកស្រីបន្តថា៖ «អ៊ីចឹង ទាំងនោះហើយគឺជាប្រភេទផ្សេងៗដែលជំរុញនៅក្នុងការប្រើប្រាស់​ពាក្យ​ពេចន៍ ក៏ដូចជាភាសាសម្រាប់ប្រើប្រាស់នៅក្នុងការធ្វើឱ្យមានឥទ្ធិពល​ជាវិជ្ជមានចំពោះ​សហគមន៍ តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្ដី តាមរយៈការសរសេររបាយការណ៍​ឬសាច់រឿង​ផ្សេងៗ​ជាដើម»

យោងតាមកម្រងសន្ទានុក្រមខាងលើ បានសង្ខេបយកនូវពាក្យពេចន៍មួយចំនួនដែលត្រូវ​បាន​លើកទឹកចិត្តឱ្យមានការប្រើប្រាស់ដូចជា៖

  • គួរប្រើពាក្យថា «ពលករទេសន្តរប្រវេសន៍ ឬពលករចំណាកស្រុក(migrant worker)»
    ដោយចៀសវាងប្រើពាក្យថា ជនចំឡែក ឬជនក្រៅភព(Alien) ឬពលករបរទេស​(foreign worker)
  • គួរប្រើពាក្យថា «អ្នក ឬកម្មករធ្វើការផ្ទះ (Domestic worker)» ដោយចៀសវាងប្រើ​ពាក្យថា អ្នកជួយការងារផ្ទះ(Helper), ឈ្នួល អ្នកបម្រើ(maid), បាវបម្រើ(servant), មីង(auntie)
  • គួរប្រើពាក្យថា «ប្រទេសគោលដៅ (Country of destination, destination country), រដ្ឋគោលដៅ(state of destination)» ដោយចៀសវាងប្រើពាក្យថា ប្រទេសដែល​ផ្ដល់​ការងារ​(Host country), ប្រទេសទទួល(receiving country)
  • គួរប្រើពាក្យថា «ពលករទេសន្តរប្រវេសន៍ដែលស្ថិតនៅក្នុងស្ថានភាព​មិនទៀងទាត់​(Irregular-status migrant), ពលករទេសន្តរប្រវេសន៍ដែលគ្មាន​ឯកសារ​(undocumented migrant)» ដោយចៀសវាងប្រើពាក្យថា ពលករទេសន្តរប្រវេសន៍​ខុសច្បាប់(illegal migrant)
  • គួរប្រើពាក្យថា «ការការពារសិទ្ធិស្រ្តី(Protection of women’s rights)» ដោយចៀសវាង​ប្រើពាក្យថា​ ការការពារស្រ្តី(Protecting women)
  • គួរប្រើពាក្យថា «ទេសន្តរប្រវេសន៍ការងារ(Labour migration)» ដោយចៀសវាងប្រើ​ពាក្យ​ថា ការនាំចូល/នាំចេញពលករ(Labour import/export) និងពាក្យពេចន៍ជាច្រើន​ទៀត ដែលមិនអាចសរសេរចូលអស់។

ប្រធានបណ្ដាញក្រុមមិត្តអប់រំមិត្ត និងពលករទេសន្តរប្រវេសន៍ជាស្រ្តី អ្នកស្រី ឡុង លាប រៀប​រាប់ពីបទពិសោធន៍ដែលអ្នកស្រីមិនអាចបំភ្លេចបានកំឡុងពេលជាពលករទេសន្តរប្រវេសន៍ថា អ្នកស្រី និងពលករទេសន្តរប្រវេសន៍ជាស្រ្តីភាគច្រើន គឺតែងទទួលរងនូវពាក្យសម្ដី​អសុរោះ​ពី​មនុស្សជុំវិញខ្លួនដែលសឹងតែមិនអាចទទួលយកបានឡើយ ប៉ុន្តែដោយសារតែជីវភាព ដូច្នេះ​គឺពួកគាត់ត្រូវតែទ្រាំ និងធ្វើចំណាកស្រុក។

អ្នកស្រី លាប ឱ្យដឹងថា៖ «តាមមបទពិសោធន៍របស់ខ្ញុំដែលធ្លាប់ធ្វើចំណាកស្រុក គឺធ្លាប់ជួប​បញ្ហាដែលរើសអើងដោយពាក្យសម្ដីជាច្រើនមានទាំងអវិជ្ជមាន និងវិជ្ជមាន ដែលពេលខ្លះ​ពាក្យ​អសុរោះទាំងនោះគឺយើងមិនអាចទទួលយកបានឡើយ ប៉ុន្តែដោយសារតែជីវភាព​របស់​ពួកយើងដូច្នេះគឺត្រូវតែធ្វើចំណាកស្រុក»។ អ្នកស្រីបន្តថា៖ «មានខ្លះទៅគេហៅថាអ្នកបម្រើ ខ្លះទៅគេហៅថាពលករខុសច្បាប់ អ្នកខ្លះគេថាឯកសារអ្នកឯងអត់គ្រប់គ្រាន់ អ្នកខ្លះថា​ដោយ​សារ​តែអ៊ីចឹងទើបបានដើរបម្រើគេនៅតាមសួន ទៅបម្រើគេនៅតាមផ្ទះ នេះគឺជាពាក្យ​ដែល​មិន​អាចទទួលយកបាន»

យ៉ាងណាមិញ អ្នកស្រី ឡុង លាប ក៏បានស្នើឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធបង្កើន​ការផ្សព្វ​ផ្សាយ​​បន្ថែមអំពីសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍ ជាពិសេសគឺស្ត្រីដើម្បីអាចឱ្យពួកគាត់​បាន​ត្រៀមខ្លួន និងយល់ដឹងអំពីសិទ្ធិរបស់ខ្លួនមុននឹងធ្វើការចាកចេញពីប្រទេសដើមទៅ​កាន់​ប្រទេស​គោលដៅដើម្បីចៀសវាងការប្រឈមនឹងបញ្ហាផ្សេងៗ។

ទិដ្ឋភាពនៃការអញ្ជើញចូលរួមពីសំណាក់តំណាងស្ថាប័នរដ្ឋ អង្គការជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មានសរុបជាង៥០នាក់ ក្នុងការដាក់ផ្សាញជាផ្លូវការនៃកម្រងសន្ទានុក្រម​ជាភាសាខ្មែរ«ពាក្យពេចន៍ដែលមានប្រយោជន៍) រូបថតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ផុន សុទ្ធីរ័ត្ន)

អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី លោកស្រី ញាណ សុចិត្រា មានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលបានធ្វើកិច្ចសហការជាច្រើនជាមួយនឹងបណ្ដា​ប្រទេស​នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីអនុវត្តគោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិក្នុងការធានានូវសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាការរៀបចំចុះ​ហត្ថលេខា និងផ្ដល់នូវសញ្ចាប័នទៅលើអនុសញ្ញាអន្តរជាតិជាច្រើន​រួមមានសិទ្ធិមនុស្ស និង​សិទ្ធិពលករសន្តរប្រទេសន៍ ដែលមានជាអាទ៌អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់​នៃការ​រើសអើងប្រឆាំងនឹងភេទជាដើម។

លោកស្រីមានប្រសាសន៍ថា៖ «រដ្ឋាភិបាលក្នុងនាមជាស្ថាប័នរដ្ឋ ជាយន្តការដែលទទួល​ខុស​ត្រូវក្នុងការធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួននោះគឺក្រសួងកិច្ចការនារី ក៏ដូចជាក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈយើងមានតួនាទីសំខាន់ក្នុងការធានា​ឱ្យប្រាកដថាពលករ​ទេសន្តរប្រវេសន៍ដែលជាស្ត្រីគាត់អាចមានសុវត្ថិភាពទាំងនៅក្នុងនិងក្រៅប្រទេស និងរួចផុត​ពីអំពើហិង្សា និងការកេងប្រវ័ញ្ចនានា»

ជាមួយគ្នានេះដែរ លោកស្រី សុចិត្រា បានឱ្យដឹងដែរថា បច្ចុប្បន្នគឺមានពលករ​ទេសន្តរ​ប្រវេសន៍​ចំនួន១,៣លាននាក់ កំពុងធ្វើការនៅប្រទេសគោលដៅ។ ដោយក្នុងនោះ គិតត្រឹម​រយៈពេល២ទស្សវត្សចុងក្រោយនេះ ការទេសន្តរប្រវេសន៍ចំណាកស្រុកដើម្បីរកការងារ​នៅ​ប្រទេសគោលដៅគឺមានការកើនឡើង ដែលឃើញថាស្ត្រីក៏មានការកើនឡើងដែរ។

លោកស្រីបន្ថែមថា ផ្អែកតាមរបាយការណ៍គឺពលករទេសន្តរប្រវេសន៍របស់​កម្ពុជាដែល​កំពុង​ធ្វើការនៅប្រទេសគោលដៅ ជាពិសេសពលករជាស្ត្រីគឺភាគច្រើនគាត់ធ្វើការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ដែលមានចំណូលទាប។

ប្រធាននៃបណ្ដាញអ្នកសារព័ត៌មានស្ត្រីកម្ពុជា(CFJ) អ្នកស្រី ហង្ស សម្ផស្ស ក៏បានបង្ហាញ​នូវអារម្មណ៍សប្បាយចិត្តសម្រាប់ការដាក់ចេញនូវកម្រងសន្ទានុក្រមជាភាសាខ្មែរសម្រាប់អ្នកសារព័ត៌មានដើម្បីលើកកម្ពស់ពលករទេសន្តរប្រវេសន៍នេះ។ តែយ៉ាងណា អ្នកស្រីបាន​សំណូមពរ​ដល់ អង្គការ UN Women និងស្ថាប័នរដ្ឋពាក់ព័ន្ធឱ្យមានការផ្ដល់​នូវកន្លែង​បណ្ដុះ​សមត្ថភាព និងកញ្ចប់ជំនួយបន្ថែមសម្រាប់អ្នកសារព័ត៌មានស្រ្តីក្នុងការផលិតអត្ថបទ។ ដោយ​អ្នកស្រីយល់ឃើញថា នៅពេលដែលមានអ្នកសារព័ត៌មានជាស្រ្តីកាន់តែច្រើន​នោះការ​ជួយ​លើក​កម្ពស់ស្រ្តីក្នុងវិស័យយេនឌ័រក៏នឹងកាន់តែមានប្រសិទ្ធភាព ព្រោះថាអ្នកសារព័ត៌មាន​ជាស្ត្រី​អាចនឹងមើលឃើញនូវការចង់បានពីពួកគាត់ច្រើនជាង។

អ្នកស្រី សម្ផស្ស បានលើកឡើងថា៖«សំណូមពររបស់ខ្ញុំគឺសូមឱ្យក្រសួងកិច្ចការនារី ទាំង UN Women ធ្វើយ៉ាងណាជួយរួមចំណែកក្នុងការផ្ដល់ការងារដល់ស្រ្តីក្នុងវិស័យសារព័ត៌មាន តាម​រយៈ​ការបណ្ដុះបណ្ដាលសមត្ថភាព ឬក៏កញ្ចប់ថវិកាសម្រាប់ឱ្យពួកគាត់អាចបំពេញ​ការងារ​របស់​​ខ្លួនបាន»អ្នកស្រីបន្តថា៖ «ព្រោះខ្ញុំជឿថានៅពេលដែលយើងចង់ឱ្យ​ការពណ៌នា​ពី​ស្រ្តី​មាន​ភាពវិជ្ជមាន​នៅលើបណ្ដាញសង្គម ក្នុងទំព័រសារព័ត៌មាន លើកញ្ចក់ទូរទស្សន៍ និងលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗគឺត្រូវការឱ្យមានស្រ្តីអ្នកសារព័ត៌មានច្រើន ព្រោះស្រ្តីគាត់ដឹងថាគាត់​ត្រូវ​ការពណ៌នា​អ្វីខ្លះពីស្រ្តី គាត់មើលឃើញនូវព័ត៌មានគ្រប់ជ្រុងជ្រោយ ព័ត៌មានលម្អិតអំពី​ស្រ្តី​ផងដែរ»

អ្នកស្រីបន្ថែមថា៖ «នៅពេលដែលមានស្ត្រីអ្នកសារព័ត៌មានច្រើននោះរឿងរ៉ាវរបស់ស្រ្តី​នឹងត្រូវ​បានរំលេចឡើង។ នៅពេលដែលមានការពណ៌នាពីស្ត្រីមានភាពវិជ្ជមានច្រើនធ្វើឱ្យស្រ្តីមាន​កម្លាំង​ចិត្ត រួមចំណែកឱ្យស្ត្រីមានកម្លាំងកាន់តែរឹងមាំ​ដែលធ្វើឱ្យសង្គម​យើងកាន់តែ​មានភាព​ប្រសើរឡើង»

ទាក់ទិននឹងការបោះពុម្ភផ្សាយកម្រងសន្ទានុក្រមដើម្បីលើកកម្ពស់ផ្នែកយេនឌ័រនេះ ប្រធាន​ក្លឹប​អ្នកកាសែតកម្ពុជា លោក ពុយ គា បានសម្ដែងនូវសេចក្ដីរីករាយ និងថាវាពិតជា​មាន​សារៈ​សំខាន់សម្រាប់អ្នកសារព័ត៌មាន និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ។ លោកថា កន្លងមកឃើញថា​នៅតាមឆាកសម្ដែងសិល្បៈកំប្លែងផ្សេងៗ គឺបុរសភេទមួយចំនួនបានប្រើប្រាស់​ពាក្យសម្ដី​មិន​ត្រឹមត្រូវ ដែលបានធ្វើឱ្យប៉ះពាល់ និងមានប្រតិកម្មតបពីខាងស្រ្តីភេទ​ដែលវាជាសញ្ញា​មិន​ល្អ​មួយ។

លោកបន្តថា សម្រាប់អ្នកសារព័ត៌មានមួយចំនួនក៏នៅឃើញមានការប្រើប្រាស់​ភាសារបៀប​និយាយផងដែរ ឧទាហរណ៍ដូចជា កំបុតដៃកំបុតជើង អ្នករកស៊ីផ្លូវភេទជាដើម​ដែលវាបានធ្វើ​ឱ្យ​ប៉ះពាល់ដល់កិតិ្តយសរបស់បុគ្គល។ ហេតុដូច្នេះ លោកថាតម្លៃអ្នកសារព័ត៌មាន​នឹងកើន​ឡើង​ថែមមួយកម្រិតទៀត ក្រោយពេលដែលពួកគាត់ចេះប្រើពាក្យពេចន៍​ឱ្យមានភាព​ស៊ីវិល័យ ដែលសំដៅទៅលើភាពថ្លៃថ្នូរតាមវិជ្ជាជីវៈ និងប្រកបដោយក្រមសីលធម៌។

លោកមានប្រសាសន៍ថា៖ «ខ្ញុំសប្បាយចិត្តក្នុងនាមជាក្លឹបអ្នកកាសែតកម្ពុជា សប្បាយចិត្ត​ណាស់ នៅពេលដែលយើងមានសន្ទានុក្រមសម្រាប់ការប្រើប្រាស់ឱ្យ​បានល្អដល់​អ្នក​សារព័ត៌មាន ជាពិសេសទាក់ទងទៅនឹងយេនឌ័រនេះ[..]ការប្រើប្រាស់ពាក្យ​ថ្លៃថ្នូរហ្នឹង​ហើយ​ដែលវាធ្វើឱ្យមហាជន អ្នកអាន អ្នកតាមដានព័ត៌មានទាំងអស់ហ្នឹងគេឱ្យ​តម្លៃ​អ្នកសារព័ត៌មាន ដោយសារយើងចេះប្រើពាក្យពេចន៍ឱ្យបានត្រឹមត្រូវ។ អ៊ីចឹង សំខាន់ណាស់ដែលអ្នក​សារព័ត៌មាន​មានពាក្យដែលត្រូវប្រើប្រាស់ឱ្យវាតាមទាន់សម័យកាលទំនើប»

ទោះបីជាយ៉ាងណា លោកឱ្យដឹងដែរថា កន្លងមកក្លឹបអ្នកកាសែតកម្ពុជាគឺតែងតែបង្រៀន​ពី​ក្រមសីលធម៌ និងប្រាប់អំពីការប្រើប្រាស់ពាក្យពេចន៍មួយចំនួនទៅដល់​សមាជិកក្លឹប​ដែល​មាន​ប្រមាណ៦០០នាក់ ដោយក្នុងនោះគឺបានផ្ដោតលើការប្រើប្រាស់ពាក្យពេចន៍​ត្រឹមត្រូវសម្រាប់​កុមារភាព និងជនពិការភាព តែវាមិនបានទូលំទូលាយនោះទេ។ ហេតុដូច្នេះ លោកលើក​ទឹក​ចិត្តឱ្យ​មានការបង្កើតកម្រងសន្ទានុក្រមទៅតាមផ្នែកផ្សេងៗកាន់តែច្រើនទៀត ដើម្បីធ្វើឱ្យ​មាន​ភាពប្រសើរឡើងនៃការប្រើប្រាស់ពាក្យពេចន៍ដែលត្រឹមត្រូវសម្រាប់វិស័យសារព័ត៌មាន និង​ប្រព័ន្ធផ្សព្វផ្សាយ។

លោកបន្ថែមថា៖ «ក្នុងនាមក្លឹប ខ្ញុំនឹងស្នើសុំនូវសន្ទានុក្រមថ្មីនេះ ហើយខ្ញុំនឹងចូលរួមចំណែក​ផ្សព្វផ្សាយបន្តដល់អ្នកសារព័ត៌មាន ជាពិសេសគឺក្នុងចំណោមសមាជិករបស់​ក្លឹបអ្នកកាសែត​កម្ពុជាទាំង៦០០នាក់ជាងនេះដើម្បីឱ្យគាត់យកទៅអនុវត្តហើយប្រើប្រាស់។ ពីព្រោះថានេះ​គឺ​មិនមែនធ្វើសម្រាប់តែបុគ្គល សម្រាប់តែស្ថាប័នណាមួយនោះទេ ប៉ុន្តែសម្រាប់ស្ថាប័ន​សារព័ត៌មាន​ទាំងអស់ ដូច្នេះនេះគឺជាចំណុចល្អ ហើយខ្ញុំសុំគាំទ្រ»

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២១ ចំនួនអ្នកសារព័ត៌មានជាស្រ្តីមានចំនួនជាង៤០០នាក់ ឬស្មើនឹង៩,៤ភាគរយប៉ុណ្ណោះ បើធៀបនឹងចំនួនអ្នកសារព័ត៌មានសរុបនៅកម្ពុជាចំនួន ៥០០០នាក់។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងព័ត៌មាន៕

252 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម