ទោះបីជាមានការរួមចំណែកសំខាន់ៗជាច្រើនរបស់ស្ត្រីនៅក្នុងប្រព័ន្ធកសិកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិច
ក៏ដោយ ក៏ស្ត្រីនៅតែបន្តប្រឈមមុខនឹងឧបសគ្គជាហូរហែរនៅឡើយ ជាពិសេសលទ្ធភាពទទួលបានធនធាន សេវាកម្ម និងការបន្តរើសអើងចំពោះពួកគេនៅតាមខ្សែច្រវាក់តម្លៃស្បៀង។ ស្របពេលដែលយើងកំពុងប្រមូលផ្តុំគ្នាដើម្បីអបអរទិវាអន្តរជាតិនារី (IWD) នាឆ្នាំនេះ យើងក៏ត្រូវឆ្លៀតយកឱកាសនេះធ្វើសកម្មភាពឱ្យកាន់តែសកម្ម ដើម្បីជួយឱ្យស្ត្រីទទួលបានការទទួលស្គាល់ពេញលេញចំពោះតួនាទីដែលមិនអាចខ្វះបានរបស់ពួកគេនៅក្នុងវិស័យនានាដូចជា វិស័យរោងចក្រ ក្រុមហ៊ុនខ្នាតតូច និងមធ្យម សមាគម និងសហគមន៍ផ្សេងៗ ដែលសុទ្ធសឹងជាអ្នករួមចំណែកក្នុងដំណើរការផលិតអាហារប្រកបដោយជីវជាតិសម្រាប់យើងបរិភោគជារៀងរាល់ថ្ងៃ។
យ៉ាងណាក៏ដោយត្រឹមតែការទទួលស្គាល់ និងផ្ដល់តម្លៃនេះនៅមិនទាន់គ្រប់គ្រាន់នោះទេ។ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិចនៅតែមានតម្រូវការវិនិយោគផ្នែកហិរញ្ញវត្ថុឱ្យកាន់តែច្រើន ដើម្បីជួយបង្កើនសមភាព
យេនឌ័រនៅក្នុងប្រព័ន្ធកសិកម្ម។ ការលើកកម្ពស់សមភាពយេនឌ័រនេះនឹងដើរតួយ៉ាងសំខាន់នៅក្នុងបរិវត្តកម្មប្រព័ន្ធកសិកម្ម ហើយឥឡូវនេះកំពុងតែមានសកម្មភាពគ្រប់ទិសទីក្នុងតំបន់។ បរិវត្តកម្មនេះទទួលបាន
ការគាំទ្រពីបណ្ដាប្រទេសជារដ្ឋសមាជិករបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាតិ (FAO) ចំនួន៤០នៅឯសន្និសីទថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិចរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាតិ (FAO) ដែលទើបតែបានរៀបចំកាលពីពេលថ្មីៗនេះនៅទីក្រុង កូឡុំបូ ប្រទេសស្រីលង្កា។
ប្រធានបទសម្រាប់ទិវាអន្តរជាតិនារីនៅឆ្នាំនេះគឺ “ការវិនិយោគជាមួយស្ត្រី ដើម្បីបង្កើនវឌ្ឍនភាព” ដោយឆ្លើយតបនឹងភាពបន្ទាន់នានា ដោយមិនត្រឹមតែបង្កើនការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបានថា
រាល់ការវិនិយោគទាំងនោះមានភាពល្អប្រសើរ ដើម្បីបង្កើតបរិយាកាសអំណោយផល និងលទ្ធផលប្រកបដោយនិរន្តរភាពឆ្ពោះទៅរកសមភាពយេនឌ័រ។
ទោះបីជាការវិនិយោគទៅលើការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីមានលក្ខណៈប្រសើរមួយចំនួនហើយក៏ដោយ ក៏ការវិនិយោគផ្នែកហិរញ្ញវត្ថុ ជាពិសេសការបង្កើនសំទុះសំដៅឆ្ពោះទៅរកសមភាពយេនឌ័រក្នុងវិស័យសេដ្ឋកិច្ច និងផលិតកម្ម គឺនៅតែមិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយ។ ការវិនិយោគទៅលើស្ត្រីនៅមានលក្ខណៈតិចតួច និងមិនអាចរួមចំណែកគ្រប់គ្រាន់ដល់វឌ្ឍនភាពក្នុងការជំរុញការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ម្យ៉ាងវិញទៀតវានៅតែរារាំងឱកាសរបស់ពួកគេនៅក្នុងប្រព័ន្ធកសិកម្មនៅឡើយ។ យោងតាមទិន្នន័យរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាតិ (FAO) កាលពីឆ្នាំ២០២៣បានបង្ហាញថា តាមរយៈការកាត់បន្ថយគម្លាតយេនឌ័រក្នុងផលិតកម្មកសិកម្ម និងគម្លាតប្រាក់ឈ្នួលក្នុងវិស័យការងារនៃប្រព័ន្ធកសិកម្មកន្លងមក ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកកើនឡើងចំនួន ១ភាគរយ (ជិត១ពាន់ពាន់លានដុល្លារ)។ ក្នុងន័យនេះវាក៏នឹងជួយកាត់បន្ថយអសន្តិសុខស្បៀងជាសកលបានប្រហែល ២ភាគរយ ដោយកាត់បន្ថយចំនួនអ្នករងគ្រោះពីអសន្តិសុខស្បៀងបានរហូតដល់ទៅចំនួន៤៥លាននាក់។
ដូច្នេះ តើយើងអាចធ្វើអ្វីរួមគ្នាបានខ្លះ ដើម្បីដោះស្រាយគម្លាតការវិនិយោគហិរញ្ញវត្ថុនេះ? ដើម្បីអាចឆ្លើយទៅនឹងសំណួរនេះបាន រឿងដែលចាំបាច់គឺត្រូវពិនិត្យឱ្យបានហ្មត់ចត់ទៅលើលិខិតុបករណ៍ហិរញ្ញវត្ថុ ដែលមានស្រាប់ និងលិខិតទើបបង្កើតថ្មី ព្រមទាំងគោលនយោបាយនានា ដែលពាក់ព័ន្ធ។ ថវិកាឆ្លើយតបយេនឌ័រ (GRB) គឺជាវិធីសាស្រ្តដោះស្រាយដ៏សំខាន់មួយ ប៉ុន្តែរឿងដែលចាំបាច់ គឺការទទួលស្គាល់យុទ្ធសាស្ត្រឱ្យកាន់តែទំលំទូលាយក្នុងការវិនិយោគលើស្ត្រី។ យើងចង់ឱ្យមានសំឡេងចូលរួមពីស្ត្រីឱ្យកាន់តែច្រើន យើងក៏ចង់សិក្សាពីភាពជោគជ័យរបស់ពួកគេនាពេលកន្លងមក ព្រមទាំងស្វែងយល់ទៅលើផលជះនៃការពន្លឿន
ការវិនិយោគ។ ការណ៍នេះនឹងបង្កើតឱកាសកាន់តែប្រសើរសម្រាប់ដៃគូអភិវឌ្ឍន៍ រួមទាំងស្ត្រីនៅតាមទីជនបទ និងសហគមន៍ក្នុងការចែករំលែកបទពិសោធន៍ និងចូលរួមជាកម្លាំងបន្ថែមក្នុងការបង្កើតនូវកាលានុវត្តភាពជាក់ស្តែង ដើម្បីឈានទៅសម្រេចឱ្យបានរបៀបវារៈឆ្នាំ២០៣០ ដែលនិយាយពីសមភាពយេនឌ័រ។
ក្រៅតែពីការដោះស្រាយបញ្ហាគម្លាតយេនឌ័រដែលជារឿងសំខាន់នោះ យើងក៏ផ្តោតទៅលើកិច្ចខិតខំ
ប្រឹងប្រែងទាំងឡាយក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការបង្កើនសំឡេងរបស់ស្ត្រី ព្រមទាំង
ដោះស្រាយបញ្ហាចម្បងៗ ដែលជាឫសគល់នៃវិសមភាពយេនឌ័រ ដែលកិច្ចការទាំងអស់នេះពិតជាសំខាន់ ដើម្បីអាចធានាបាននូវលទ្ធផលរយៈពេលវែង។
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) “ធ្វើសកម្មភាពដើម្បីឱ្យស្របទៅនឹងការសន្យារបស់ខ្លួន”
ដើម្បីឱ្យ “សកម្មភាពស្របទៅនឹងការសន្យារបស់ខ្លួន” ថ្មីៗនេះនៅទីស្នាក់ការកណ្តាលរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នាទីក្រុងរ៉ូម លោកអគ្គនាយក បណ្ឌិត គូ ដុងយូ បានប្រកាសពី
ការបង្កើតការិយាល័យសម្រាប់កិច្ចការយុវជន និងស្ត្រី។ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់
គណៈកម្មាធិការស្ត្រី។ ការិយាល័យនេះ គឺជាផ្នែកមួយដ៏សំខាន់ ដែលនឹងផ្ដល់នូវ “បរិយាកាសប្រកបដោយសុវត្ថិភាព” ដើម្បីពិភាក្សាអំពីប្រធានបទ ដែលពាក់ព័ន្ធនឹងស្ត្រីនៅកន្លែងធ្វើការ ដូចជាបញ្ហាសមភាពយេនឌ័រ ការបៀតបៀនផ្លូវភេទ និងការទទួលបានច្បាប់ឈប់សម្រាកសម្រាប់មាតាបិតា។ ការិយាល័យនេះក៏នឹងជំរុញឱ្យមាននូវការតស៊ូមតិ ការទំនាក់ទំនង នវានុវត្តន៍ និងការផ្សព្វផ្សាយតាមរយៈវេទិកាសន្ទនាជាប្រចាំ ដើម្បី
ផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមការងារស្ត្រីឱ្យកាន់តែមានភាពប្រសើរឡើងនៅជុំវិញពិភពលោក ព្រមទាំងអាចជួយឱ្យស្ត្រីមានឱកាសចែករំលែកបទពិសោធន៍លើប្រធានបទរួមជាក់លាក់ណាមួយ និងអាចរៀនសូត្រពីភាពជោគជ័យនានារបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងអង្គការដទៃទៀតក្នុង
ការផ្ដល់ភាពអង់អាចដល់ស្ត្រីទាំងនៅកន្លែងធ្វើការ និងនៅកន្លែងផ្សេងៗទៀត។ យ៉ាងណាមិញ វាក៏នឹងជួយពង្រឹងបន្ថែមភាពជាអ្នកដឹកនាំ និងគណនេយ្យភាពរបស់អ្នកគ្រប់គ្រងក្នុងការបញ្ជ្រាបយេនឌ័រ តាមរយៈគំនិតផ្តួចផ្តើម “She Matters” របស់ខ្លួន ដែលផ្តោតលើការជំរុញបរិវត្តកម្មភាពជាអ្នកដឹកនាំ ដើម្បីពង្រឹងភាពអង់អាច និងសុខុមាលភាពរបស់បុគ្គលិកជាស្ត្រីនៅគ្រប់កម្រិតក្នុងស្ថាប័ន។
នៅទូទាំងពិភពលោកយើងសង្កេតឃើញថាតែងតែមានការរើសអើងជារឿយៗទៅលើស្ត្រី ដោយគេតែងយល់ថាស្ត្រីត្រូវទទួលរ៉ាប់រងការមើលថែគ្រួសារ ដែលធ្វើឱ្យមានវិសមភាពយេនឌ័រកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងទីផ្សារការងារ ទាំងជនបទ និងទីក្រុង។ ជាសកលស្ត្រីបានលះបង់ពេលវេលារបស់ខ្លួនប្រមាណ ៣.២ដងច្រើនជាងការងារ ដែលបំពេញដោយបុរសទៅលើការមើលថែគ្រួសារ ដោយមិនទទួលបានប្រាក់ចំណូលទាល់តែសោះ។ ប៉ុន្តែនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិច សមាមាត្រគឺបុរស៤នាក់ ទល់នឹងវត្តមានរបស់ស្ត្រី១នាក់ ដូច្នេះតម្រូវឱ្យមានការទទួលស្គាល់ឱ្យកាន់តែច្រើន ការបន្ធូរបន្ថយ រួមទាំងការបែងចែកការងារមើលថែគ្រួសារប្រកបដោយសមធម៌ និងផ្គត់ផ្គង់នូវប្រព័ន្ធមើលថែកាន់តែប្រសើរ ព្រមទាំងជាប្រព័ន្ធដែលអាចស្វែងរកបានពីសំណាក់អ្នកប្រើប្រាស់ផ្សេងៗ។ ដូច្នេះវានឹងជួយជំរុញបរិវត្តកម្ម ដោយផ្ដល់ការគាំទ្រដល់គ្រួសារនានា ទាំងនៅទីក្រុង ក៏ដូចជាទីជនបទក្នុងន័យលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ស្ត្រី។
ប៉ុន្តែយើងត្រូវតែគិតគូរឱ្យបានហ្មត់ចត់បន្ថែមទៀតក្រៅតែពីការជំរុញ និងការគាំទ្រទាំងនេះ។ យើងត្រូវតែ
វិនិយោគលើជំនាញបច្ចេកទេស និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ដើម្បីគាំទ្រដល់ការពង្រឹងភាពជាសហគ្រិន និងការបង្កើតប្រាក់ចំណូលរបស់ពួកគេ រួមទាំងការបង្កើត និងការពង្រឹងបណ្តាញទំនាក់ទំនង និងវេទិកាសិក្សាដែលមានស្រាប់ផងដែរ។
យុទ្ធសាស្ត្រ និងផែនការសកម្មភាពយេនឌ័ររបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិចបានកំណត់ពីភាពចាំបាច់ក្នុងការប្រមូលផ្តុំការចូលរួមរបស់បុរស និងស្ត្រី ដើម្បីរួមចំណែកដល់បរិវត្តកម្មកសិកម្មដោយការបែងចែកការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយសមធម៌។ ការឆ្លុះបញ្ចាំង និងការបង្កើតបរិយាកាសសន្ទនាប្រកបដោយបរិយាបន្ន គឺពិតជាសំខាន់ ដោយសារតែវាបានផ្ដល់នូវភាពអង់អាចដល់ស្ត្រី និងជួយបង្កើនភាពរឹងមាំដល់ពួកគេទៅតាមបែបផែនផ្សេងៗ។ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក៏បានផ្ដល់ការគាំទ្រដល់ស្ត្រីតាមរយៈគម្រោងរបស់ខ្លួន មានជាអាទិ៍សាលាស្រែកសិករ ដែលជាអភិក្រមក្នុងការផ្សារភ្ជាប់ការចូលរួមពីសំណាក់ភាគីបុរស និងស្ត្រីប្រកបដោយ
បរិយាបន្ន រួមជាមួយនឹងសកម្មភាពពាក់ព័ន្ធដទៃទៀត ដែលផ្តោតជាសំខាន់ទៅលើស្ត្រី។
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិច ដើម្បីសម្រេចបាននិរន្តរភាពបរិវត្តកម្មសមភាព
យេនឌ័រក្នុងប្រព័ន្ធកសិកម្ម។ សមភាពយេនឌ័រ គឺជាកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងទាំងអស់គ្នា ហើយ
ម្នាក់ៗសុទ្ធតែមានចំណែកក្នុងដំណើរបោះជំហានទៅមុខឆ្ពោះទៅរកការសម្រេចបានសមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្ត្រី និងកុមារី ដែលជាគោលដៅមួយរបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយ
ចីរភាព (គោលដៅអភិវឌ្ឍន៍ទី៥) ។ ទិវាអន្តរជាតិនារីថ្ងៃនេះ គឺមិនត្រឹមតែឆ្លុះបញ្ចាំងពីបញ្ហាប្រឈមនានា ដែលស្ត្រីកំពុងជួបប្រទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់យើងចំពោះសកម្មភាព ដែលត្រូវអនុវត្តបន្ត។ តោះយើងរួមគ្នាជាធ្លុងមួយ បង្កើនសំឡេងរបស់យើង និងក្លាយជាអ្នកគាំទ្រដ៏សកម្ម
តាមរយៈ “ការវិនិយោគជាមួយស្ត្រី ដើម្បីបង្កើនវឌ្ឍនភាព” ឆ្ពោះទៅរកបរិវត្តកម្មប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព និងសមធម៌។
សរសេរដោយលោក ចុង ជីគីម ឧបការីអគ្គនាយក និងជាតំណាងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិចរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)