អង្គការ លីកាដូ កាលពីថ្ងៃអង្គការបានលើកឡើងថា ចំនួនស្រ្តី និងក្មេងស្រីបានរងការគំរាមកំហែង បង្ខិតបង្ខំ និងកេងប្រវ័ញ្ចតាមរយៈការចែកចាយរូបភាពអាសអាភាសដោយគ្មានការព្រមព្រៀងមានការកើនឡើង។ អង្គការដដែលព្រមានថាការរំលោភបំពានផ្លូវភេទតាមរយៈរូបភាពទាំងនេះកំពុងក្លាយជារឿងពេញនិយម។
អង្គការលីកាដូបានបញ្ជាក់ថា ខ្លួនបានចងក្រងជាឯកសារបានចំនួន២៤ករណីគិតតាំងពីឆ្នាំ២០២១ មក ហើយមួយភាគបីនៃករណីទាំងនេះគឺកើតឡើងកាលពីឆ្នាំមុន។ តាមរយៈចំនួនករណីដែលកើតមាននេះ អង្គការលីកាដូ បានអំពាវនាវឲ្យរដ្ឋាភិបាលមានវិធានការតឹងរ៉ឹងចំពោះរឿងនេះ។ អង្គការសិទ្ធិមនុស្សដដែល បានរកឃើញថា ការរំលោភបំពានមានទម្រង់ជាការបង្កើត ចែកចាយ និងគំរាមចែកចាយនូវរូបភាពអាសអាភាសដោយមិនមានការព្រមព្រៀង។
ពាក់កណ្ដាលនៃជនរងគ្រោះទាំងនោះគឺជាក្មេងស្រីមានអាយុចន្លោះពី ១៣ ទៅ ១៧ឆ្នាំ ខណៈជនល្មើសមានទាំងអតីតដៃគូ សាច់ញាតិ ថ្នាក់គ្រប់គ្រង និងអ្នកដែលពួកគេបានស្គាល់លើប្រព័ន្ធអនឡាញ។
អង្គការ លីកាដូ ឱ្យដឹងទៀតថា ក្នុង១០ករណី ជនល្មើសបានថតសកម្មភាពរំលោភ ឬរំលោភបូក និងក្រោយមកទៀតប្រើវីដេអូទាំងនោះដើម្បីគំរាមកំហែង ឬបង្ខំលើជនរងគ្រោះ។
ករណីផ្សេងទៀតមានទាក់ទងនឹងរូបភាពដែលទទួលបានតាមរយៈអំពើឆបោកតាមអនឡាញ ការលួចថតកុមារនៅកន្លែងឯកជន និងការថតសកម្មភាពផ្លូវភេទដោយមិនមានការព្រមព្រៀង ឬការចែកចាយជាថ្មីនូវរូបភាពដែលដំបូងឡើងមានការយល់ព្រមឱ្យថត។
លោក អំ សំអាត នាយកគ្រប់គ្រងកិច្ចការទូទៅអង្គការ លីកាដូ មានប្រសាសន៍ថា ការខ្មាសអៀន ទម្លាប់បន្ទោសលើជនរងគ្រោះ និងការយកចិត្តទុកដាក់នៅមានកម្រិតរបស់អាជ្ញាធរ ដែលជារឿយបានធ្វើឱ្យជនរងគ្រោះមិនសូវហ៊ានរាយការណ៍ករណីរំលោភបំពានទាំងនេះ។
លោកបានឱ្យដឹងថា៖ «យើងមិនទាន់បានឃើញច្បាស់អំពីគោលនយោបាយ ឬការទទួលស្គាល់ជាសាធារណៈថាអំពើទាំងនេះ ជាបទល្មើសដែលត្រូវមានវិធានការផ្លូវច្បាប់»។
លោកបន្តថាថ្វីបើកម្ពុជាមានច្បាប់ប្រឆាំងការជួញដូរមនុស្ស ច្បាប់គាំពារកុមារ និងក្រមព្រហ្មទណ្ឌដែលមានចែងអំពីករណីខ្លះត្រូវទទួលទោស ក៏ការរំលោភបំពានទាំងនេះនៅតែមិនទាន់មានការទទួលស្គាល់ឱ្យបានទូលំទូលាយថាជាបទល្មើស។
អ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ប៊ុនឈិត វាសនា មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយរបស់អ្នកសារព័ត៌មានភ្លាមៗនោះទេ។
កញ្ញា សុទ្ធ ពៅសំណាង អ្នកការពារសិទ្ធិក្រុម LGBTIQ+ បានជំរុញឱ្យអាជ្ញាធរពង្រឹងការយល់ដឹងដល់សាធារណជន ពង្រឹងការបណ្ដុះបណ្ដាលការអនុវត្តច្បាប់ និងធានាថាជនរងគ្រោះអាចទទួលបានយន្តការរាយការណ៍ដោយសុវត្ថិភាពអំពីរឿងនេះ។ កញ្ញា ពៅសំណាង ក៏បានរិះគន់ដល់អ្នកសារព័ត៌មានមួយចំនួនដែលបានប្រើភាសាមិនសូវសមរម្យក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ដែលការណ៍នេះបានដាក់បន្ទុកបន្ថែមលើជនរងគ្រោះ។
អង្គការ លីកាដូ បានបន្ថែមថា អ្នកដែលបានជួបបញ្ហារំលោភបំពានផ្លូវភេទតាមរយៈរូបភាពនេះ អាចទាក់ទងអង្គការដើម្បីទទួលបានការគាំទ្រផ្លូវច្បាប់ និងរក្សាការសម្ងាត់៕










