សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
ពាណិជ្ជកម្ម

អ្នកសារព័ត៌មាន​អនឡាញម្នាក់ ត្រូវបានដកហូតបណ្ណសារព័ត៌មាន ជុំវិញវីដេអូបៀតបៀនស្រ្តីជាជនសង្ស័យម្នាក់

បុរសម្នាក់បើកម៉ូតូចូលក្រសួងព័ត៌មាន នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ មីនា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)
បុរសម្នាក់បើកម៉ូតូចូលក្រសួងព័ត៌មាន នៅរាជធានីភ្នំពេញ នាថ្ងៃទី២៤ មីនា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងព័ត៌មានបានលុបចោលបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់អ្នកកាសែត​អនឡាញម្នាក់កាលពីថ្ងៃពុធ ក្រោយពីមានវីដេអូផ្សព្វផ្សាយព្រោងព្រាតបង្ហាញថា អ្នកកាសែតរូបនោះបានបៀតបៀនលើរាងកាយជនសង្ស័យជាស្រ្តីម្នាក់។

ស្រ្តីនោះជាជនសង្ស័យសមគំនិតក្នុងករណីប៉ុនប៉ងជួយជនជាតិវៀតណាមដែលត្រូវបានចោទប្រកាន់ពីបទឆបោកតាមប្រព័ន្ធអនឡាញ ឱ្យរត់គេចខ្លួនតែមិនបានសម្រេច ហើយក្រុមនោះក៏បានបើកការបាញ់ប្រហារមកលើនគរបាលផងដែរកាលពីម្សិលមិញ ខណៈពេលដែលជនជាប់ចោទទាំងនោះត្រូវបានដឹកដល់តុលាការខេត្តស្វាយរៀង។

លោក ខាន់ សារ័ត្ន ដែលជាអ្នកសារព័ត៌មានឱ្យទំព័រសារព័ត៌មានដែលផ្សាយលើហ្វេសប៊ុក​ឈ្មោះ Yim Saren បានថតវីដេអូខ្លួនឯងកំពុងបៀតបៀនស្ត្រីជនជាតិវៀតណាមជាជនសង្ស័យ​​ម្នាក់តែមិនទាន់ត្រូវបានបង្ហាញឈ្មោះដោយអាជ្ញាធរនៅឡើយទេ។ វីដេអូនោះត្រូវបានថតក្នុងរបាំងក្រោយរថយន្តក្នុងចំណោមមន្ត្រីនគរបាល និងអ្នកសារព័ត៌មានផ្សេងទៀត។ វីដេអូនោះត្រូវបានចែកចាយយ៉ាងលឿននៅលើបណ្តាញសង្គម កាលពីថ្ងៃអង្គារ។

ក្រសួងព័ត៌មានបាននិយាយថាខ្លួនបានស្រាវជ្រាវឧប្បត្តិហេតុនេះ មុនពេលដកហូតបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់លោក សារ័ត្ន ដោយលើកឡើងថាអ្នកសារព័ត៌មានរូបនេះបានប្រព្រឹត្តិ«កំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ» និងបានរំលោភបំពានលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានបន្តថា៖ «ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាប់ពីពេលនេះតទៅ»។​

គេនៅមិនទាន់ដឹង​ច្បាស់​ថា​តើ​មាន​មន្ត្រី​នគរបាលណា​ខ្លះ​ដែល​មានវត្តមានក្នុង​វីដេអូ​នោះ អាចកំពុង​ប្រឈម​មុខ​នឹង​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​ចំពោះ​ការ​ប្រព្រឹត្ត​ខុសរបស់ខ្លួន ​ឬ​យ៉ាង​ណា​នោះ​ទេ​។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានអោយដឹងថា លោក សារ័ត្ន ត្រូវបានហៅទៅសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា។

Yim Saren ដែលជាចាងហ្វាងទំព័រសារព័ត៌មាន ក្តាម ក្រហម បានប្រាប់ សារព័ត៌មានខេមបូចា ថា លោកមានការខកចិត្តចំពោះទង្វើរបស់អ្នករាយការណ៍រូបនោះ ហើយបានទទួលស្គាល់កំហុសរបស់លោក សារ័ត្ន។ លោកបានបន្ថែមថា លោក សារ័ត្ន ទើបតែធ្វើការឱ្យស្ថាប័ននេះបានប្រហែល ៥ខែប៉ុណ្ណោះ។

ក្រៅពីលោក សារ័ត្ន អ្នកសារព័ត៌មានអនឡាញម្នាក់ទៀត ឈ្មោះ ផាត់ ហ៊ន ក៏ត្រូវបានស្នងការនគរបាលខេត្តស្វាយរៀងហៅសួរនាំផងដែរជុំវិញការអត្ថាធិប្បាយប្រើពាក្យសម្តីមិនសមរម្យចំពោះស្រ្តីជាជនសង្ស័យ។

ក្រោយចេញពីស្នងការខេត្ត លោក ហ៊ន បានទទួលស្គាល់កំហុស ដែលប្រើពាក្យសម្តីលេបខាយក្នុងពេលផ្សាយដោយថានេះជាទម្លាប់របស់លោក។ ស្រដៀងគ្នានេះ លោក សារ័ត្ន ក៏បានសុំទោសចំពោះទង្វើរបស់ខ្លួន និងសុំទោសមហាជន ហើយលោកក៏បានបង្ហាញចេតនាចង់បន្តអាជីពជាអ្នកសារព័ត៌មានទៀត ប្រសិនបើក្រសួងអនុញ្ញាតឡើងវិញ។

ក្រុមអង្គការសិទ្ធិយេនឌ័រក៏បានចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះករណីនេះ ដោយចាត់ទុកថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសេចក្តីថ្លៃថ្នូរ សិទ្ធិ និងសុវត្ថិភាពរបស់ស្ត្រីដែលកំពុងស្ថិតក្រោមការឃុំឃាំង។

លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិនៃអង្គការយែនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC) បានលើកឡើងថា៖ «ទង្វើនេះធ្វើឱ្យបាត់បង់នូវការជឿទុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នសាធារណៈដែលទទួលខុសត្រូវក្នុងការការពារសិទ្ធិ» ដោយសំដៅលើសកម្មភាពដែលបានឃើញនៅក្នុងវីដេអូ។ អ្នកស្រីបានបន្តថា៖ «វាធ្វើឱ្យមានវិសមភាពជាប្រព័ន្ធកាន់តែធ្ងន់ធ្ងរ តាមរយៈការបង្ហាញថា រាងកាយរបស់ស្ត្រីងាយរងគ្រោះដោយការចំអក ឬការធ្វើអត្ថាធិប្បាយ សូម្បីតែក្នុងអំឡុងពេលដំណើរការនីតិវិធីផ្លូវច្បាប់ក៏ដោយ»

ក្រុមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក៏បានសម្តែងការមិនពេញចិត្តផងដែរ ដោយគូសបញ្ជាក់ពីបញ្ហាដែលកំពុងកើនឡើងនៃចំនួនអ្នកសារព័ត៌មានដែលគ្មានការបណ្តុះបណ្តាលនៅក្នុងបរិបទ​ដែល​​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកំពុងមានកម្រិតស្រាប់ទៅហើយនៅប្រទេសកម្ពុជា។

លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានមានប្រសាសន៍ថា៖ «វាច្បាស់ណាស់ថាយើងកំពុងប្រឈមមុខនឹងបញ្ហាការកើនឡើងនៃចំនួនអ្នកសារព័ត៌មានអនឡាញ»។ លោកស្រី បានបន្តថា៖ «អ្នកសារព័ត៌មានជាច្រើននៅតែខ្វះការបណ្តុះបណ្តាលលើក្រមសីលធម៌វិជ្ជាជីវៈ»

លោកស្រីបានបន្ថែមថា៖ «នៅពេលដែលអ្នកសារព័ត៌មានប្រព្រឹត្តមិនត្រឹមត្រូវតាមក្រមសីលធម៌ វាធ្វើឱ្យខូចទំនុកចិត្តសាធារណៈ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃវិស័យសារព័ត៌មានទាំងមូល»

ខណៈពេលដែលការចាប់អារម្មណ៍ងាកទៅរកកំហុសឆ្គងក្នុងវិជ្ជាជីវៈសារព័ត៌មាន ជនសង្ស័យក្នុងករណីប៉ុនប៉ងរត់គេចខ្លួនកាលពីថ្ងៃអង្គារនៅតែបន្តស្ថិតក្រោមការសាកសួររបស់នគរបាលខេត្តស្វាយរៀង។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យតុលាការខេត្ត៕

រាយការណ៍បន្ថែមដោយ សុខ ស្រីម៉ី

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Online Reporter Loses Press Card Over Custody Harassment Video

155 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម