មេដឹកនាំសហជីពលើកឡើងថា បច្ចុប្បន្ននៅមានស្ត្រីតិចតួចនៅឡើយដែលធ្វើជាមេដឹកនាំសហជីពក្នុងប្រទេសកម្ពុជា ខណៈក្នុងចំណោមកម្មករនិយោជិតសរុបប្រមាណ៩២ម៉ឺននាក់ មានស្ត្រីរហូតដល់ជាង ៧៦ភាគរយក្តី។ ជាមួយគ្នានេះក៏មានការលើកឡើងផងដែរថា ឥឡូវកម្មករមានការពិបាកក្នុងការស្នើសុំបង្កើតសហជីពឯករាជ្យ។ ប៉ុន្តែយ៉ាងណាក្តី ក្រសួងការងារ បានបដិសេធថា ពុំមានការរឹតត្បិតក្នុងការស្នើសុំបង្កើតសហជីពនោះទេ។
បើទោះបីជាពុំមានតួលេខពីចំនួនស្ត្រី ធ្វើជាមេដឹកនាំសហជីពក្តី ក៏ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ គេឃើញស្ត្រីជាមេដឹកនាំសហជីពមួយចំនួន មានភាពសកម្មលិចធ្លោ និងមានភាពអង់អាចយ៉ាងខ្លាំង ក្នុងការដឹកនាំការតវ៉ាប្រឆាំងនឹងការរំលោភបំពានផ្សេងៗពីសំណាក់ថៅកែដើម្បីការពារផលប្រយោជន៍កម្មករ ក្នុងនោះមានដូចជា កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) អ្នកស្រីយ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) និងអ្នកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជាជាដើម។
កញ្ញា ឈឹម ស៊ីថរ គឺជាមេដឹកនាំសហជីពស្រ្តីឆ្នើមម្នាក់ ពីព្រោះនាងនៅតែក្លាហាន បន្តដឹកនាំការតវ៉ាទាមទារផលប្រយោជន៍សម្រាប់បុគ្គលិក និងកម្មករនៅក្រុមហ៊ុនណាហ្គាវើលដ៍ បន្ទាប់ពីកញ្ញាបានជាប់ពន្ធនាគារ២ឆ្នាំពាក់ព័ន្ធនឹងការដឹកនាំកូដកម្មទាមទារឱ្យក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍គោរពសិទ្ធិសហជីព និងយកបុគ្គលិកចូលធ្វើការវិញ ។
កញ្ញា ស៊ីថរ បានជាប់ឆ្នោតជាប្រធានសហជីពLRSU តាំងពីឆ្នាំ២០១២មក។ បើទោះបីជាមានមាឌតូចល្អិតតែនាងនៅតែបន្តកាន់ក្បាលមេក្រូឈរស្រែកតវ៉ានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ និងបន្តដើរដាក់ញ្ញត្តិដើម្បីទាមទារឲ្យក្រុមហ៊ុននេះគោរពសិទ្ធិការងារដោយត្រូវផ្តល់សំណងគ្រប់ចំនួនទៅដល់បុគ្គលិកនិងកម្មករដែលក្រុមហ៊ុនបានបញ្ឈប់ពីការងារបើទោះបីជានាងបានជាប់ពន្ធនាគារ២ឆ្នាំពាក់ព័ន្ធនឹងការតវ៉ានេះក្តី។
ប្រធានសហជីពដែលមានវ័យ៣៦ឆ្នាំរូបនេះបាននិយាយក្នុងសម្តីមួយៗច្បាស់ៗប្រាប់ថា ថ្នាក់ដឹកនាំសហជីពរបស់នាង គឺ១០០ភាគរយសុទ្ធតែជាស្ត្រី។ ប៉ុន្តែយ៉ាងណាក្តីជាទូទៅចំនួនស្ត្រីធ្វើជាមេដឹកនាំ ឬចូលរួមក្នុងចលនាសហជីព គឺមានចំនួនតិចតួចណាស់ បើទោះបីនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ស្បែកជើងកាបូបនៅតាមរោងចក្រនានា គឺភាគច្រើនជាស្ត្រីធ្វើការនៅក្នុងវិស័យនេះក្តី។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) ក៏លើកឡើងដែរថា នៅក្នុងចំណោមសហជីពចំនួន២១របស់ CATU មានស្ត្រីពី៦៥ទៅ៧០ភាគរយ។ ប៉ុន្តែបើប្រៀបធៀបទៅសហព័ន្ធសហជីពផ្សេងទៀត គឺមានស្ត្រីភាគតិចណាស់ដែលហ៊ានធ្វើជាមេដឹកនាំសហជីព ឬសកម្មជនសហជីព។
ស្ត្រីមេដឹកនាំសហជីពជើងចាស់រូបនេះបាននិយាយក្នុងសម្តីទន់ភ្លន់ប្រាប់ សារព័ត៌មានខេមបូចា ថា៖ «កក្តារារាំងដល់ស្រ្តីដែលខ្ញុំបានមើលឃើញដោយសារខ្ញុំបានធ្វើការក្នុងវិស័យហ្នឹងយូរឆ្នាំ ទី១គឺកក្តាចំណេះដឹង ដែលធ្វើឱ្យស្ត្រីគាត់រុញរា មិនអាចមកឈរនៅក្នុងតួនាទីហ្នឹង។ មួយទៀតមកពីកក្តាជុំវិញខ្លួនរបស់ស្ត្រីដែលមិនមានការគាំទ្រ មិនមានការបង្រៀនឱ្យស្ត្រីមានចំណេះដឹងក្នុងការទៅកាន់តួនាទីនោះបាន និងអាចមកពីនៅគ្រប់ស្ថាប័នសហជីពទាំងអស់អត់បានចែងគោលនយោបាយច្បាស់លាស់ថា ឱ្យមានការលើកកម្ពស់ស្ត្រីពិតប្រាកដ»។
យ៉ាងណាក្តីសហព័ន្ធសហជីពខ្លះមានគោលនយោបាយលើកតម្កើងស្ត្រីប៉ុន្តែមិនបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនស្ត្រីពិតប្រាកដដើម្បីឱ្យស្ត្រីក្លាយជាមេដឹកនាំឡើយ។ បន្ថែមពីនេះក៏ដោយសារស្ត្រីខ្លួនឯងផងដែរ ដែលមួយផ្នែកបណ្តាលមកពីកក្តាផ្នត់គំនិតនៃសង្គមដែលធ្វើឱ្យស្ត្រីរៀនសូត្របានតិចតួច ជាប់រវល់លើការងារទទួលខុសត្រូវជាច្រើននៅ ក្នុងគ្រួសារ ទើបធ្វើឱ្យគាត់មិនមានទឹកចិត្តរឹងមាំក្នុងការបែងចែកពេលវេលាមកធ្វើកិច្ចការងារសង្គមនិងការងារសហជីព។ នេះបើតាមអ្នកស្រី យ៉ាង សុភ័ណ្ឌ។
កញ្ញា ឈឹម ស៊ីថរ ក៏យល់ស្របទៅនឹងការលើកឡើងរបស់អ្នកស្រី សុភ័ណ្ឌ ផងដែរ និងបានលើកពីវប្បធម៌ប្រពៃណីចាស់គំរឹលមួយចំនួន ដែលមិនឱ្យស្រ្តីចេញពីផ្ទះទៅធ្វើការងារខាងក្រៅដោយសារតែបារម្ភពីហានិភ័យផ្សេងៗដែលអាចកើតឡើង។
កញ្ញានិយាយថា៖ «ចុងក្រោយពាក់ព័ន្ធនឹងបទចោទជាមួយការចាប់ដាក់ពន្ធនាគារ ការធ្វើទុក្ខបុកម្នេញ និងការបណ្តេញចេញពីការងារ ក៏ជាបញ្ហាប្រឈមដែរដែលវាបន្ថែមពីលើរនាំងដែលខ្ញុំបានរៀបរាប់ខាងលើទៅលើការចូលរួមរបស់ស្ត្រីនៅក្នុងតួនាទីជាថ្នាក់ដឹកនាំសហជីព»។
ជាមួយគ្នានេះ អ្នកស្រី កេង ឆេងឡាង មន្ត្រីសហជីពចលនាកម្មករកម្ពុជាបានយល់ស្របថា ដោយសារតែមានបញ្ហាប្រឈមច្រើនទាំងនេះហើយ ទើបបច្ចុប្បន្នមានស្ត្រីធ្វើជាមេដឹកនាំសហជីពនៅថ្នាក់ជាតិ គឺមានចំនួនតិចមែនទែនមិនដល់១០ភាគរយនោះទេ ខណៈចលនាសហជីពបានកើតឡើងជាង២០ឆ្នាំមកហើយ។ អ្នកស្រីបាននិយាយនៅក្នុងកិច្ចពិភាក្សា «ផ្ទះយើង ផ្ទះផ្តល់សិទ្ធិអង់អាចដល់ស្រ្តី» កាលពីថ្ងៃទី១៧ ខែតុលាថា៖ «មានមូលហេតុជាច្រើនដែលធ្វើឱ្យស្ត្រីពិបាកក្លាយជាមេដឹកនាំសហជីពក្នុងនោះប្តី ឪពុកម្តាយ បងប្អូនតែងយល់ថា ការចូលបម្រើការងារសហជីពគឺត្រូវបានគេរើសអើង ពីព្រោះវាប្រៀបបីដូចជាចូលប្រឡូកនយោបាយដែលអាចប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗរហូតដល់អាចមានការប្តឹងផ្តល់ជាប់ពន្ធនាគារជាដើម»។
ដោយសារនៅក្នុងវិស័យការងារស្ត្រីច្រើនតែផ្តេកផ្តួលពឹងទៅលើបុរស ហើយអ្នកស្រីផ្ទាល់នៅពេលដែលពឹងបុរសមិនបានដូចចិត្តទៅតាមអ្វីដែលខ្លួនត្រូវការរួមទាំងមិនចង់នៅក្រោមសម្ពាធរបស់បុរស និងការចូលចិត្តជួយកម្មករនៅក្នុងវិស័យនេះផងនោះ ទើបអ្នកស្រី យ៉ាង សុភ័ណ្ឌ ចូលប្រឡូកក្នុងការងារសហជីពរហូតបានក្លាយជាមេដឹកនាំសហជីព។
អ្នកស្រីឱ្យដឹងថា៖ «ខ្ញុំបានធ្វើការក្នុងវិស័យសហជីពតាំងពីឆ្នាំ២០០០មកកាលនោះខ្ញុំជាមេដឹកនាំសហជីពដែរ ប៉ុន្តែជាមេដឹកនាំរបស់សហជីពសេរីកម្មករលោកជា វិជ្ជា។ នៅពេលនោះក្នុងសមាជលោក ជា វិជ្ជា បានតែងតាំងខ្ញុំ ជាអនុប្រធានសហជីពសេរីកម្មករ។ អ៊ីចឹងទៅខ្ញុំបានជាប់ឆ្នោតទៅតាមលក្ខខណ្ឌសហជីព និងបានធ្វើការនៅក្នុងសហជីពនេះរហូតដល់ឆ្នាំ២០១០។ ដោយសារតែចង់ចាកចេញពីវិស័យនេះប៉ុន្តែដោយសារតែចិត្តមិនដាច់ក៏វិលត្រឡប់មកធ្វើការនៅក្នុងវិស័យនេះវិញនៅចុងឆ្នាំ២០១១»។
ជាមួយគ្នានេះ លោក គួច ចាន់ចាន់ តំណាងប្រចាំប្រទេសនៃអង្គការឃែអន្តរជាតិប្រចាំកម្ពុជា បានថ្លែងនៅក្នុងកិច្ចពិភាក្សា«ផ្ទះយើងផ្ទះផ្តល់សិទ្ធិអង់អាចដល់ស្រ្តី»ថា តាមការកត់សម្គាល់របស់លោកការណ៍ដែលស្ត្រីនៅមានចំនួនតិចក្នុងការចូលរួមធ្វើជាមេដឹកនាំសហជីព ឬចលនាសហជីព គឺអាចមកពីស្ត្រីខ្លួនឯងដោយសារតែពួកគាត់រស់នៅក្នុងបរិបទនៅក្នុងវប្បធម៌មួយដែលមើលឃើញថា ការងារដឹកនាំគឺងាយប្រឈមនឹងគ្រោះថ្នាក់ច្រើននៅក្នុងសង្គម។ មួយវិញទៀត គឺដោយសារតែមិនសូវមានការគាំទ្រពីឪពុកម្តាយ ឬពីប្តីក្នុងការឱ្យស្ត្រី ឬកូនស្រីចូលរួមធ្វើកិច្ចការងារក្នុងសង្គមជាពិសេសការងារដែលមានការប្រឈមខ្លាំងដូចជាមេដឹកនាំសហជីពជាដើម។
លោក ចាន់ចាន់ ថ្លែងថា៖ «ដូច្នេះដើម្បីបង្កើនចំនួនស្ត្រីឱ្យចូលរួមធ្វើជាមេដឹកនាំសហជីពឬចូលរួមក្នុងសកម្មភាពជាអ្នកដឹកនាំក្នុងសង្គមឱ្យបានច្រើនទី១ស្ត្រីខ្លួនឯងត្រូវខិតខំសិក្សារៀនសូត្រ និងស្វែងយល់ពីការងារ និងបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងសង្គម និងទី២អ្នកនៅជុំវិញខ្លួនស្ត្រី ជាពិសេសឪពុក ម្តាយ ប្តីនិងថ្នាក់ដឹកនាំនៅកន្លែងធ្វើការត្រូវលើកទឹកចិត្តត្រូវផ្តល់ការបណ្តុះបណ្តាលនិងផ្តល់ឱកាសដល់ស្ត្រីក្លាយជាមេដឹកនាំ»។

សេរីភាពសហជីព
ពាក់ព័ន្ធនឹងសេរីភាពសហជីព គឺមិនមានភាពល្អប្រសើរទេក្នុងពេលបច្ចុប្បន្នបើប្រៀបធៀបកាលពីមុនមានការរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧មក និងមុនមានច្បាប់សហជីពក្នុងឆ្នាំ២០១៦។ នេះបើតាមកញ្ញា ឈឹម ស៊ីថរ។ កញ្ញាបន្តថា ការស្នើសុំចុះបញ្ជីបង្កើតសហជីពក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គឺមានការលំបាកខ្លាំងមែនទែនសម្រាប់សហជីពដែលឯករាជ្យហ៊ានចេញមុខតវ៉ាការពារផលប្រយោជន៍កម្មករ។
បើនិយាយពីសិទ្ធិនៅក្នុងការចរចាវិញកញ្ញា ស៊ីថរ លើកឡើងថា គឺសហជីពស៊ឹងតែមិនអាចអនុវត្តបាន។
កញ្ញាថ្លែងថា៖ «ខ្ញុំលើកឧទាហរណ៍ដូចជាសហជីពពួកខ្ញុំLRSUកាលពីឆ្នាំ២០២០ គឺយើងធ្វើការចរចាប្រយោជន៍រួមតាមរយៈការទាមទារប្រាក់ឈ្នួលសមរម្យឱ្យកម្មករ។ អ៊ីចឹងនៅពេលដែលកម្មករគាត់ប្រមូលផ្តុំគ្នា គាត់ចូលរួមសហជីពច្រើនអំណាចសហជីពខ្លាំងមានការគាំទ្រច្រើនពីសមាជិកពីកម្មករហើយចាប់ផ្តើមចរចាដើម្បីប្រយោជន៍របស់កម្មករ។ បន្ទាប់មកថ្នាក់ដឹកនាំសហជីពត្រូវបានគេបញ្ឈប់តែម្តង»។
លើសពីនេះនៅពេលមានការតវ៉ាប្រឆាំងចំពោះការបញ្ឈប់ទាំងអយុត្តិធម៌ទាំងនោះអ្នកដឹកនាំការតវ៉ាប្រឈមនឹងការប្តឹងចាប់ដាក់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទព្រហ្មទណ្ឌនិងអូសបន្លាយពេលវេលារាប់ឆ្នាំ។
អង្គការសង់ត្រាល់កាលពីថ្ងៃទី១៤ ខែតុលា បានចុះផ្សាយនូវអត្ថបទមួយមានចំណងជើងថា «ភាពជាប់គាំងសេរីភាពនៃការបង្កើតសមាគមដែលនិយាយពីឧបសគ្គនៃការចុះបញ្ជីសហជីពជាប្រព័ន្ធរបស់កម្ពុជា» ដោយលើកឡើងថា ការដាក់ពាក្យស្នើសុំចុះឈ្មោះបង្កើតសហជីពបានក្លាយជាការសាកល្បងភាពស៊ូទ្រាំរបស់កម្មករពិសេសការសងសឹករបស់និយោជកទៅលើក្រុមកម្មករដែលចង់បង្កើតសហជីពដែលប្រព្រឹត្តទៅតាមដំណាក់កាល។ ដំណាក់កាលទាំងនោះ គឺចាប់ផ្តើមពេលដែលកម្មករដាក់ពាក្យស្នើសុំទៅកាន់ក្រសួងហើយក្រោយមកកិច្ចសន្យាការងាររបស់ពួកគេបែរជាផុតកំណត់ខណៈកម្មករមួយចំនួនទៀតត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តបទល្មើសផ្សេងៗ។
ក្នុងកំឡុងពេលនោះសមាជិកសហជីពត្រូវបានគេបញ្ចុះបញ្ចូលឱ្យចាកចេញពីក្រុម ឬមានការគំរាមកំហែងផ្សេងៗ។ បន្ទាប់មកក្រសួងការងារបានបដិសេធការចុះបញ្ជីការសហជីពដោយផ្អែកលើហេតុផលទាំងនេះ ឬពាក្យស្នើសុំមានខុសអក្ខរាវិរុទ្ធជាដើមដែលធ្វើឱ្យនីតិវិធីស្នើសុំបង្កើតសហជីពឯករាជ្យត្រូវការពេលកាន់តែយូរ។នេះបើតាមអង្គការសង់ត្រាល់។
សង់ត្រាល់បន្តថា ការពន្យាពេលនីតិវិធីរដ្ឋបាលនេះក្នុងករណីខ្លះមានរយៈពេលជាង៤ឆ្នាំដែលបានក្លាយជាច្រកមួយអនុញ្ញាត្តិឱ្យនិយោជកធ្វើសកម្មភាពរារាំងសហជីពរួមទាំងការបណ្តេញមេដឹកនាំសំខាន់ៗចេញពីការងារ និងការគាបសង្កត់កម្មករឱ្យចាកចេញពីក្រុមសហជីពហើយកម្មករនឹងរងគ្រោះដោយសារគ្មានសហជីពឯករាជ្យ និងស្របច្បាប់នៅចាំការពារ។
ប៉ុន្តែលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបដិសេធចំពោះការលើកឡើងនេះដោយថ្លែងថា កម្ពុជាមិនមានការរឹតត្បិតសហជីពឡើយខណៈបច្ចុប្បន្នកម្ពុជាមានសហជីពជិត៧ពាន់កំពុងដំណើរការ និងកំពុងមានសំណើរស្នើសុំចុះបញ្ជីដែលមានកំណើនគួរឱ្យកត់សម្គាល់។
លោក មេសា បានថ្លែងថា៖ «បងប្អូនសហជីពទាំងអស់កំពុងការពារផលប្រយោជន៍ជូនកម្មករហីត្រង់ចំណុចនេះ ខ្ញុំក៏ចង់បញ្ជាក់ផងដែរថា តើមានប្រទេសណាដែលមានសហជីពច្រើនដូចកម្ពុជាយើង។ នេះជាលំហមួយដ៏ល្អសម្រាប់បងប្អូនសហជីពកម្មករកម្មការិនីសម្តែងមតិរបស់ខ្លួនហើយរោងចក្រខ្លះមានសហជីពទៅដល់១៦ក៏មាន»។
លោក មេសា អះអាងថា ក្រសួងការងារគ្មានការរើសអើងក្នុងការស្នើសុំបង្កើតសហជីពឡើយឱ្យតែការស្នើសុំទាំងអស់នោះគោរពទៅតាមច្បាប់ អនុវត្តតាមច្បាប់គ្មានការខុសឆ្គងក្រសួងនឹងផ្តល់ជូន។
បើតាម សង់ត្រាល់ គិតត្រឹមខែសីហា ឆ្នាំ២០២៥ យ៉ាងហោចណាស់មានសហជីពក្នុងស្រុកចំនួន៣៤ និងសហព័ន្ធចំនួន៣ត្រូវបានគេរាយការណ៍ថា ជាប់គាំងនៅក្នុងការស្នើសុំចុះឈ្មោះនេះ។ សង់ត្រាល់ បានចង្អុលទៅរោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតដែលសហជីពឯករាជ្យមួយបានដាក់ពាក្យស្នើសុំបង្កើតសហជីពចំនួន១១ដងក្នុងរយៈពេល២ឆ្នាំមកហើយខណៈមេដឹកនាំ៤នាក់ត្រូវបានបណ្តេញចេញពីការងារ។
នៅក្នុងទិវានារីអន្តរជាតិថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ដែលត្រូវបានធ្វើឡើងក្រោមប្រធានបទ «ពង្រឹងសិទ្ធិអំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» ក្រុមអង្គការសង្គមស៊ីវិល សមាគម សហភាពសហជីព និងសហព័ន្ធ និងសហគមន៍សរុបចំនួន ៧៩អង្គភាពបានអំពាវនាវឱ្យរដ្ឋាភិបាល និងក្រុមហ៊ុនពាក់ព័ន្ធទាំងក្រុមហ៊ុនផលិត និងក្រុមហ៊ុនបញ្ជាទិញគោរពសិទ្ធិសេរីភាពរបស់កម្មករក្នុងការបង្កើតសមាគម ឬចូលជាសមាជិកសហជីពដោយអនុលោមតាមបទដ្ឋានការងារអន្តរជាតិ រួមមាន អនុសញ្ញារបស់ ILO និងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ច្បាប់ស្តីពីការងារកម្ពុជា និងច្បាប់ស្តីពីសហជីព។
នៅក្នុងទិវាសិទ្ធិនារីអន្តរជាតិនេះដែរ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងវិស័យកាត់ដេរ មានកម្មករនិយោជិតសរុបប្រមាណ៩២ម៉ឺននាក់ ក្នុងនោះមានស្ត្រីចំនួនប្រមាណ ៧០ម៉ឺននាក់ ស្មើនឹងប្រមាណជាង ៧៦ភាគរយ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀតក្នុងការផ្ដល់ឱកាស និងបង្កលក្ខណៈងាយស្រួលឱ្យស្ត្រីចូលរួមបំពេញការងារកាន់តែសកម្ម និងបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំគ្រប់កម្រិត ផ្អែកលើសមត្ថភាព ហើយប្រសិនបើបេក្ខជនមានសមត្ថភាពប្រហែលគ្នានោះស្រ្តី គឺជាអាទិភាពទីមួយ។
សម្រាប់អ្នកស្រី យ៉ាង សុភ័ណ្ឌ នៅក្នុងពេលធ្វើជាមេដឹកនាំសហជីពអស់រយៈពេលប្រមាណ២៥ឆ្នាំអ្នកស្រីបានជួបបញ្ហាប្រឈមជាច្រើនដែលបញ្ហាប្រឈមមួយចំនួនមិននឹកស្មានដល់ បញ្ហាប្រឈមខ្លះធ្វើឱ្យអ្នកស្រីកាន់តែរឹងមាំ បញ្ហាប្រឈមខ្លះធ្វើឱ្យបាក់ស្មារតី ប៉ុន្តែចំណុចទាំងអស់នេះសុទ្ធតែអាចធ្វើឱ្យអ្នកស្រីអាចរៀនសូត្របានធ្វើឱ្យអ្នកស្រីកាន់តែរឹងមាំ។ រហូតមកដល់សព្វថ្ងៃនេះអ្នកស្រីអាចបន្តដំណើរទៅមុខទៀតដោយមិនមានការភ័យខ្លាចមិនរុញរា និងមិនចុះញ៉មទៅនឹងបញ្ហាទាំងឡាយឡើយ។
ចំពោះកញ្ញា ឈឺម ស៊ីថរ ភាពជូរចត់យ៉ាងខ្លាំងដែលនាងបានជួបប្រទះហើយពិបាកបំភ្លេចបាន គឺការចាប់ដាក់ពន្ធនាគារ ហើយនឹងការធ្វើទុក្ខបុកម្នេញមិនថាពីថៅកែ ឬពីរដ្ឋាភិបាលដែលព្រងើយកន្តើយអូសបន្លាយពេលវេលាវិវាទរបស់បុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ដែលចុងក្រោយនេះអូសបន្លាយឡើង៤ឆ្នាំ ហើយមិនទាន់មានដំណោះស្រាយទៀត។ អ៊ីចឹងទៅបញ្ហាប្រឈមមួយនេះ ធ្វើឱ្យកញ្ញាពិបាកបំភ្លេច បើទោះបីជាថ្ងៃក្រោយមានដំណោះស្រាយក៏ដោយ ដែលនេះជាអ្វីមួយដែលកញ្ញាមើលឃើញថា ជាការបន្ទុចបង្អាក់ខ្លាំងណាស់ក្នុងចលនាសហជីព៕











