សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋខ្មែររងគ្រោះជិត៨ពាន់នាក់ត្រូវបានជួយសង្រ្គោះពីបរទេសក្នុងឆ្នាំ២០២៣

រ៉ឺម៉កកង់បី បើកកាត់មុខក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
រ៉ឺម៉កកង់បី បើកកាត់មុខក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ក្រសួងការបរទេសកម្ពុជា បានជួយសង្រ្គោះ ក៏ដូចជាសម្របសម្រួលពលរដ្ឋខ្មែរជិត៨ពាន់នាក់​ដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាព និងអំពើជួញដូរមនុស្សពីប្រទេសចិន​​ និង​ប្រទេស​​​ក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យបានវិលត្រលប់មកមាតុភូមិកំណើតវិញក្នុងឆ្នាំ​២០២៣។

យោងតាមសេចក្ដីប្រកាសព័ត៌មាននៃពិធីបើកសន្និបាតរបស់ក្រសួងការបរទេសកម្ពុជា បាន​បញ្ជាក់​ថា ដោយមានកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេស បាន​ផ្ដល់ការ​គាំទ្រ ជួយសង្រ្គោះ និងសម្របសម្រួលមាតុភូមិនិវត្តន៍ដល់ពលរដ្ឋខ្មែរ​ដែលរងគ្រោះ​ដោយការ​រំលោភសិទ្ធិសេរីភាព និងអំពើជួញដូរមនុស្ស ពីប្រទេស​ថៃ ឡាវ​ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី និងប្រទេសចិន សរុបចំនួន ៧,៩៥៣នាក់។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ថ្លែងថា ពលរដ្ឋខ្មែរដែលត្រូវ​បានជួយ​សង្រ្គោះ​ទាំងនោះ បានជួបបញ្ហានិងការលំបាកផ្សេងៗគ្នា។ យ៉ាងណាលោកបដិសេធក្នុងការផ្ដល់​ព័ត៌មាន​លម្អិត ក្រោមហេតុផលថា មិនស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងការបរទេស​​ឡើយ​។

លោកបន្ថែមថា ការជួយដល់ប្រជាពលរដ្ឋខ្មែរដែលប្រឈមនឹងបញ្ហានានានៅក្រៅប្រទេស គឺជាអាទិភាពការងាររបស់ស្ថានតំណាងកម្ពុជានៅបរទេស។

លោកបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ជូនថា ពលរដ្ឋដែលយើងបានជួយសង្រ្គោះកន្លងមក គឺជា​អ្នក​ដែលជួបនឹងបញ្ហា និងការលំបាកក្នុងប្រភេទខុសៗគ្នាជាច្រើន ពុំមែនសុទ្ធតែ​ជាជនរង​គ្រោះ​ដោយការជួញដូរមនុស្សនោះឡើយ។ ហើយការបកស្រាយលំអិតពីបញ្ហានេះ មិនស្ថិត​ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងការបរទេសឡើយ»

កាលពីសប្ដាហ៍មុន សារព័ត៌មានឥណ្ឌា The Indian Express បានចុះផ្សាយថា មានជនជាតិ​​ឥណ្ឌាជាង ៥ពាន់នាក់កំពុងជាប់នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានបង្ខំ​ឱ្យធ្វើការ​ឆបោកតាមប្រព័ន្ធអ៊ីនធឺណេត លើប្រជាជន​រស់នៅប្រទេសឥណ្ឌា។

គិតត្រឹមម៉ោងចុះផ្សាយនេះ ខេមបូចា មិនទាន់ទទួលបានការឆ្លើយតបពីស្ថានទូតថៃ និង​ស្ថានទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា តាម​រយៈ​សារអេឡិចត្រូនិច (Gmail) នៅឡើយទេ។

ចំណែកស្ថានទូតចិនប្រចាំកម្ពុជា បានប្រាប់ ខេមបូចា តាមរយៈសារអេឡិចត្រូនិច (Gmail) ថា ប្រទេសចិន ​និង​កម្ពុជា​ គឺជា​មិត្ត​ដែក​ថែប។ ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរមានកិច្ច​សហការគ្នា​ក្នុងវិស័យជាច្រើនដែលប្រកបដោយផ្លែផ្កា រួមទាំងការអនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែនផងដែរ។

ស្ថានទូតចិនបន្តថា៖ «យើង​នឹង​បន្ត​សហការ​គ្នា​ដើម្បី​ផលប្រយោជន៍​ប្រជាជន​យើង​ទាំង​ពីរ»

ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ បានបង្ហោះសារស្ដីពីការជួយ​សង្រ្គោះ​​នារីខ្មែរចំនួន១២នាក់ ដែលបានចាញ់បោកមេខ្យល់យកទៅធ្វើការ និងរៀបការជាមួយ​ជនជាតិចិន ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០២៤ ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

លោក អំ សំអាត​ នាយកចាត់ការទូទៅ​ប្រចាំ​អង្គការ​សិទ្ធិមនុស្ស ​លីកាដូ​ មាន​ប្រសាសន៍​​ថា អង្គការ លីកាដូ ក៏បានធ្វើការជួយដល់ពលរដ្ឋខ្មែរនៅក្រៅ​ប្រទេសដែលរង​គ្រោះ​ដោយ​អំពើ​ជួញដូរមនុស្ស ឱ្យបានត្រលប់មកមាតុប្រទេសវិញផងដែរ តាមរយៈកិច្ចសហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ដូចជាស្ថានទូតកម្ពុជាប្រចាំប្រទេសនីមួយៗ។

លោក សំអាត បន្ថែមថា ផ្អែកតាមលទ្ធផលនាពេលកន្លងមក លោកសង្កេតឃើញថា ពលរដ្ឋ​ខ្មែរ​ជាច្រើនត្រូវបានរងគ្រោះដោយអំពើ​ជួញ​ដូរមនុស្សនៅប្រទេសចិន។

លោកបន្តថា៖ «លទ្ធផលដែលយើងឃើញច្រើនគឺនៅចិន ភាគច្រើនស្រ្តី ជាទម្រង់​នៃ​ការ​ជួញ​ដូរ​ជារបៀប ការរៀបការ ឬការស្វែងរកការងារនៅប្រទេសចិន»

ក្នុងការទប់ស្កាត់កុំឱ្យមានករណីជួញដូរមនុស្សកើតឡើង លោក សំអាត ថា លីកាដូ បាន​សហការ​ជាមួយអង្គការដៃគូ ដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានទាក់ទិននឹងការធ្វើ​ចំណាក​ស្រុក​ដោយសុវត្ថិភាព ហើយប្រសិនបើមានបញ្ហាគួរដោះស្រាយយ៉ាងដូចម្ដេច។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធ​ប្រឆាំងអំពើជួញដូរ​មនុស្ស​នៃក្រ​សួង​មហាផ្ទៃ មានប្រសាសន៍​ថា ករណីជួញដូរមនុស្សនេះ​ ពិបាកក្នុងការ​លុប​បំបាត់ ដោយសារឧក្រិដ្ឋជនបានចាត់ទុកការជួញដូរមនុស្សជាមុខរបររបស់ខ្លួន ដែលនាំឱ្យ​កើត​​មាន​ឡើងជាបន្តបន្ទាប់។ 

ក្នុងឆ្នាំ២០២៤នេះ លោកស្រី ចង់ឃើញប្រជាពលរដ្ឋមានការយល់ដឹងអំពីបញ្ហានេះ ដើម្បី​ចៀស​វាង​ក្លាយជាជនរងគ្រោះបន្តទៀត តាម​រយៈ​ការពង្រីកការអប់រំផ្សព្វផ្សាយ និងការ​ពិគ្រោះ​​យោបល់។

លោកស្រីនិយាយថា៖ «អ្វីដែលយើងត្រូវធ្វើនៅក្នុងឆ្នាំថ្មីនេះ គឺយើងត្រូវពង្រឹង ឬពង្រីក​នូវការ​អប់រំផ្សព្វផ្សាយរបស់យើងឱ្យយល់គ្នាថា និយាយយ៉ាងម៉េចឱ្យវាមានប្រសិទ្ធិភាព ពីព្រោះថា បើនិយាយហ្នឹងមិនឯកភាពគ្នាទេ​ ពួកគាត់អត់ស្ដាប់ទេ»

បើតាមលោកស្រី ប៊ុនអេង ឱ្យដឹងថា ពលរដ្ឋខ្មែរដែលក្លាយខ្លួនជាជនរង​គ្រោះ​នៃអំពើ​ជួញដូរ​មនុស្ស ភាគច្រើនជាទម្រង់ ការជួញដូរកម្លាំងពលកម្ម និងការកេងប្រវ័ញ្ចតាមរយៈការ​ស្វែង​រក​ដៃគូនៅបរទេស៕

154 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម