សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អគ្គីភ័យសម្លាប់មនុស្សជាង៥០នាក់ក្នុងឆ្នាំ២០២៣ ខណៈមន្ត្រីបារម្ភ​ពី​ការកើនឡើង

គ្រោះអគ្គីភ័យមួយក្នុងក្រុងសៀមរាបបានបណ្ដាលឱ្យមនុស្សចំនួន៣នាក់ស្លាប់ ក្រោយពីឆាបឆេះតូបលក់ដូរអស់ចំនួន៤តូប និងផ្ទះ១ខ្នង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ)
គ្រោះអគ្គីភ័យមួយក្នុងក្រុងសៀមរាបបានបណ្ដាលឱ្យមនុស្សចំនួន៣នាក់ស្លាប់ ក្រោយពីឆាបឆេះតូបលក់ដូរអស់ចំនួន៤តូប និងផ្ទះ១ខ្នង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ (រូបភាព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ)

មនុស្សជាង៥០នាក់បានស្លាប់ និងជិត១០០នាក់ផ្សេងទៀតរងរបួសដោយសារ​គ្រោះអគ្គីភ័យ​នៅ​កម្ពុជាក្នុងឆ្នាំ២០២៣ ដែលតួលេខនេះមានការកើនឡើងខ្លាំងបើធៀបនឹងឆ្នាំ២០២២ ខណៈ​​សមត្ថកិច្ចជំនាញអះអាងថា​ កម្ពុជាអាចប្រឈមអគ្គីភ័យកាន់តែច្រើន ដោយសារ​អាគារ​ខ្ពស់ៗកើនឡើង ប៉ុន្តែអ្នកជំនាញ និងសម្ភារៈ​ជួយ​សង្រ្គោះនៅមានកង្វះខាត។

របាយការណ៍ប្រៀបធៀបរបស់នាយកដ្ឋានបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ​នៃអគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ បានបង្ហាញថា ​​ក្នុង​​ឆ្នាំ​២​០​២​៣​​មាន​​គ្រោះអគ្គីភ័យ​កើតឡើងសរុបចំនួន​៧​៦​១​លើក​ កើនឡើងលើសឆ្នាំ២០២២​ចំនួន១៤៣លើក។ ក្នុងនោះបណ្តាល​ឱ្យជនរងគ្រោះ​​ចំនួន​៥៤នាក់បានស្លាប់បាត់បង់ជីវិត និង​៩៧នាក់​ផ្សេងទៀតរងរបួស ហើយផ្ទះ​៥​៧​៩ខ្នង និងតូប​ចំនួន​៥៧​ ​ត្រូវ​បាន​បំផ្លាញ​ដោយ​សារអគ្គីភ័យ។

ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត្រ វន្ថា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ និងរងរបួសដោយសារគ្រោះអគ្គីភ័យក្នុង​ឆ្នាំ២០២៣​នេះ​កើនឡើងជាង២៣ភាគរយ បើធៀបនឹងតួលេខនៅឆ្នាំ២០២២។ ដោយនៅឆ្នាំ២០២២ គ្រោះ​​អគ្គីភ័យ​បានបណ្តាលឱ្យមនុស្ស​១​៧​នាក់ស្លាប់​ ​និង២​៤​នាក់ផ្សេងទៀតរងរបួស ក្នុង​ចំណោមអគ្គីភ័យសរុប៦១៨លើក។

បើតាម លោក វន្ថា បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ និងរងរបួសភាគច្រើនកើត​លើ​អ្នកគេងលក់ អ្នកប្រើប្រាស់គ្រឿងស្រវឹង និងអ្នកនៅក្នុងទីតាំងផ្តល់សេវាកម្សាន្ត ដែលភាគ​ច្រើន​បណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ លោកបន្តថាការហក់ឡើង​នៃចំនួនគ្រោះអគ្គីភ័យ​នៅក្នុងឆ្នាំ២០២៣ ដោយសារតែ ប្រជាពលរដ្ឋចេញទៅបំពេញការងារក្រៅផ្ទះ​ច្រើនជាង​ឆ្នាំ​២០២២ ដែលជាស្ថានភាពរីក​រាល​ដាលនៃជំងឺកូវីដ-១៩។ ការណ៍នេះលោកថាធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការធ្វេសប្រហែស មិនអាចមើលការខុសត្រូវផ្ទះរបស់ខ្លួនបាន។

លោកអះអាងថា កម្ពុជាអាចប្រឈមនឹងការកើនឡើងករណីគ្រោះអគ្គីភ័យនេះ ដោយសារ​តែ​តម្រូវការអន្តរាគមន៍កើនឡើង តែខ្វះខាតអ្នកជំនាញ ហើយពលរដ្ឋ​ក៏នៅពុំទាន់យល់​ដឹង​ពីការ​ទប់ស្កាត់បញ្ហាអគ្គីភ័យនេះនៅឡើយ។

​លោកថ្លែងថា៖ «ពីបច្ចុប្បន្នទៅអនាគតគឺថាមើលឃើញកំណើនសំណង់ ក៏ដូចជាអាគារ ហើយ​និង​ការវិនិយោគមានការងើបឡើងវិញ អ៊ឹចឹងយើងអាចនឹងប្រឈមពាក់ព័ន្ធនឹងការងារនេះ។ អ៊ឹចឹង​វាតុល្យភាពកម្លាំងមិនសូវមាន ហើយ(មន្ត្រីជំនាញ)ចាស់ៗអស់ផង វាក៏ជួបបញ្ហាដែរ។ ទី១ កម្លាំងវាមានបញ្ហាប្រឈម ដោយសារកម្លាំងចាស់ ហើយទី២ គឺការចូលរួម​ពី​ប្រជាពលរដ្ឋ​អត់ទាន់មានកម្រិត។ អ៊ឹចឹងការយល់ដឹងរបស់គាត់នៅមានកម្រិតទាប»

មិនតែប៉ុណ្ណោះលោកបញ្ជាក់ថា កម្ពុជាក៏នៅខ្វះខាតសម្ភារៈជួយសង្គ្រោះប្រជាពលរដ្ឋ​ដែលរង​គ្រោះដោយសារអគ្គីភ័យឱ្យទាន់ពេលវេលានៅឡើយ ប៉ុន្តែលោកថាកំពុងស្វែងរកដៃគូ​ដើម្បី​ផ្គត់​ផ្គង់សម្ភារៈបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីជំនាញ។

លោកមានប្រសាសន៍ថា៖«ទៅមុខគ្រាន់តែយើងប្រឈមដូចជាសម្ភារៈសង្គ្រោះ យើងអត់ទាន់​មាន​លទ្ធភាព មានសង្គ្រោះដូចជាមនុស្សជាប់ក្នុងអគារទម្លុះទម្លាយ ឬកាំម៉េរាត្រួតពិនិត្យ​ដង្ហើម​មនុស្សអីជាដើម។ យើងត្រូវការអាហ្នឹងដើម្បី​ចូ​ល​រួមជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​ទាន់​ពេលវេលា»។

លោកឱ្យដឹងថា មានតែរាជធានីភ្នំពេញទេ ដែលមានរថយន្តជណ្តើរពន្លត់អគ្គីភ័យ​កម្ពស់​៥៤ម៉ែត្រ ប៉ុន្តែនៅតាមបណ្តាខេត្តមួយចំនួនដូចជា ស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្ត​សៀមរាប និងខេត្តព្រះសីហនុ មានតែរថយន្តជណ្តើរកម្ពស់២៥ ទៅ៣០ម៉ែត្រប៉ុណ្ណោះ ដូច្នេះ​តម្រូវឱ្យចល័តរថយន្តពីក្រសួងមហាផ្ទៃទៅជួយ នៅពេលមានករណីគ្រោះអគ្គីភ័យ​នៅ​តាម​បណ្តាអគារខ្ពស់ៗ។

គ្រោះអគ្គីភ័យមួយ​បានឆាបឆេះរោងចក្រស្លរជ័រដែលស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ​ ដែលបណ្តាលឱ្យឆេះឃ្លាំងផ្ទុកសម្ភារៈ​មួយ​ រថយន្តបែន១គ្រឿង​ និងស្នោរចំនួន២តោន​ កាលពីថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០២៣។ (​រូបភាព​៖ នាយកដ្ឋាន​នគរបាលបង្ការ​ ពន្លត់អគ្គីភ័យ​ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ)

នាយករងការិយាល័យពន្លត់អគ្គីភ័យរាជធានីភ្នំពេញ លោក អ៊ុំ ប៊ុនធឿន បានឱ្យដឹងថា នៅរដូវ​ប្រាំង​នេះករណីអគ្គីភ័យក្នុងរាជធានីភ្នំពេញបានកើតឡើងយ៉ាងហោចណាស់៣ ទៅ៤ករណី​ក្នុង​មួយថ្ងៃ ដោយភាគច្រើននៅតាមកន្លែងផ្តល់សេវាកម្សាន្ត និងឃ្លាំងស្តុកអីវ៉ាន់ ដែលតម្រូវ​ឱ្យ​សមត្ថកិច្ចជំនាញត្រៀមខ្លួនជានិច្ចក្នុងការចេញអន្តរាគមន៍។

យ៉ាងណាលោកឱ្យដឹងថា សមត្ថកិច្ចជំនាញក្នុងកិច្ចការអន្តរាគមន៍​លើករណីគ្រោះអគ្គីភ័យ​នៅ​រាជធានីភ្នំពេញបានថយចុះដោយសារកត្តាសុខភាព និងចូលនិវត្តន៍។ លោកបន្តថា ពីមុន​រថយន្ត​ពន្លត់អគ្គីភ័យមួយគ្រឿងធ្លាប់មានមន្ត្រីជំនាញ៦នាក់ ហើយតិចបំផុតត្រឹម៤​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​មានមន្ត្រីចន្លោះពី១នាក់ទៅ៣នាក់ប៉ុណ្ណោះសម្រាប់រថយន្តមួយគ្រឿង។ បន្ថែមលើ​នេះ​លោកថា សម្ភារៈបច្ចេកទេសក៏មិនទាន់ឆ្លើយតបតម្រូវការដែរ ដោយថា​ទុយោ​ពន្លត់​អគ្គីភ័យ​ខ្លះ​មានសភាពចាស់ខូចគុណភាព ខណៈឧបករណ៍ជំនួយខ្យល់​អុកស៊ីសែន​​សម្រាប់​មន្ត្រីជំនាញចូលទៅក្នុងទីតាំងអគ្គីភ័យមានរយៈពេលតែ១៥នាទីប៉ុណ្ណោះ ដែលលោកថា​តម្រូវ​ការ​ចាំបាច់យ៉ាងហោចណាស់៣០នាទី។

លោកថ្លែងថា៖ «កាលណាសម្ភារៈគ្រប់គ្រាន់យើងងាកទៅឃើញយើងប្រើបាន វាជំនួយដល់ការសង្គ្រោះយើង វាលឿន វាទាន់ពេលវេលា។ ហើយបើងាកទៅនេះអត់ ខើចនេះខើចនោះ ច្នៃប្រឌិតចេះតែនេះទៅ វាប៉ះពាល់ដល់ការងារហ្នឹង»។

លោកបន្តថា៖ «យើងទៅដល់កន្លែងចំណុចកើតហេតុ ទៅដល់កន្លែងភ្លើងបាន ទៅដល់​ខាង​ក្នុង​បានទាល់តែកម្លាំងយើងមានសមត្ថភាព បានន័យថាយើងមានឧបករណ៍ដូចជា SCBA​(ឧបករណ៍ជំនួយដង្ហើម)ដកដង្ហើមដែលយើងអាចចូលដល់ខាងក្នុងបានដោយយើងការពារផ្សែង ការពារផ្លូវដង្ហើមបាន យើងចូលធ្វើការខាងក្នុងបាន អាហ្នឹងវាឆាប់បានជោគជ័យ វាមាន​ប្រសិទ្ធភាព។ ហើយបើថាយើងចូលអត់ទៅដល់ទេ យើងបាញ់ទឹកចោលនៅខាងក្រៅហ្នឹង វាជះៗវាអត់ទៅដល់»។

ជាក់ស្តែងលោកថា ករណីគ្រោះអគ្គីភ័យនៅក្នុងអគារ Sky City ដែលនៅចំកណ្តាល​រាជធានីភ្នំពេញ​កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានចំណាយពេលពន្លត់អស់៤យប់៥ថ្ងៃ ដោយសារតែអគារនោះមានទំហំធំ ហើយសមត្ថកិច្ចជំនាញមិនអាចចូលទៅដល់បាន ព្រោះខ្វះខាតឧបករណ៍ជំនួយដង្ហើម។

ទោះជាបែបនេះក្តី ប៉ុន្តែលោកសង្កត់ធ្ងន់ថា មន្ត្រីជំនាញបានខិតខំទាំងយប់ទាំងថ្ងៃ​ដោយ​ដាក់​វេន​គ្នា ដើម្បីបំពេញភារកិច្ចនេះនៅតាមគោលដៅរៀងៗខ្លួន ហើយបើករណីអគ្គីភ័យកើត​ឡើង​ធំ នោះនឹងមានការរកជំនួយពីគោលដៅផ្សេងបន្ថែម។

លោកបញ្ជាក់ថា៖ «កម្លាំងយើងអត់មានឱ្យមានបញ្ហាអគ្គីភ័យកើតឡើងហើយ យើងអត់មាន​ឱ្យ​ការងារមិនដំណើរការ ឱ្យមានការរាំងស្ទះគឺអត់ទេ យើងប្រឹងប្រែងអស់សមត្ថភាព​របស់​យើង​គឺយើងទទួលភារកិច្ចហ្នឹង ឱ្យតែមានព័ត៌មានច្បាស់លាស់ថាមានអគ្គីភ័យកើតឡើង​នៅ​គោលដៅណា គឺគោលដៅហ្នឹងគាត់ចេញទៅមុនហើយ»។

កាលពីម៉ោង៥ទាបភ្លឺថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ស្ត្រីមានផ្ទៃពោះ២ខែម្នាក់ និង​កូន​ប្រុស​អាយុ៤ឆ្នាំម្នាក់ទៀត បានស្លាប់ដោយ​សារការឆាបឆេះតូបលក់ដូរចំនួន៤តូប​ និងផ្ទះ​១ខ្នង ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ស្របពេលដែលបុរសជាប្តី​បានចាក់សោរ​តូប​ពីខាងក្រៅ ដើម្បីចេញទៅទិញបន្លែយកមកលក់បន្ត។

ស្នងការរងនគរបាលខេត្តសៀមរាបទទួលបន្ទុកការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ លោក ឌុត ខុន បានបញ្ជាក់ថា ករណីខាងលើមិនមែនជាករណីឃាតកម្ម​ដែល​បង្កឡើង​ដោយ​បុរសជាប្តីនោះឡើយ ប៉ុន្តែវាបណ្តាលមកពីការទុស្សេខ្សែភ្លើង ។

លោកបញ្ជាក់ថា៖ «ទម្លាប់ប្តីគាត់ តែម៉ោង៤កន្លះ ឬម៉ោង៥(ព្រឹក) គាត់ចាក់សោរខាងក្រៅ គាត់​ទៅយកឥវ៉ាន់។ ដល់អ៊ីចឹងទុកប្រពន្ធគាត់(និងកូនប្រុសអាយុ៤ឆ្នាំ)​នៅក្នុងតូបតែ២នាក់​ហ្នឹងទៅ ដល់ពេលទុស្សេចេញពីតូបគេជិតខាងមក រាលដាលដល់គាត់»។

យ៉ាងណាលោកអះអាងថា សមត្ថកិច្ចបានខិតខំអន្តរាគមន៍លើករណីនេះទាន់ពេលវេលាដែរ ដោយថាបានពន្លត់ភ្លើងនោះឱ្យបាត់ទៅវិញ ប៉ុន្តែមិននឹកស្មានថាមានមនុស្សនៅក្នុងតូបនោះ ដោយមើលឃើញថាមានចាក់សោរពីខាងក្រៅទៅហើយ។

លោកថ្លែងថា៖ «តូបអ្នកលក់ឥវ៉ាន់ហ្នឹងវាឆេះលឿនពេក ដោយសារមានឥវ៉ាន់សុទ្ធតែគ្រឿង​ឆេះ វាលឿនពេក។ អ៊ីចឹងយើងទៅដល់យើងបានពន្លត់ហើយ យើងអត់បានចាប់អារម្មណ៍ថា​មានមនុស្សនៅក្នុងហ្នឹងផង ឃើញតែតូបមួយៗតាមផ្សារហ្នឹងយើងចាប់អារម្មណ៍​ថា តែឃើញ​ចាក់សោរក្រៅហើយ បានន័យថាអត់មានអ្នកនៅទេ មានតែឥវ៉ាន់ទេ»។

ដោយឡែក កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ​ អគ្គីភ័យបាន​ឆេះសណ្ឋាគារ និង​កាស៊ីណូ Grand Diamond City ដែលមានកម្ពស់១៧ជាន់ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បណ្តាលឱ្យ​មនុស្ស​យ៉ាងហោចណាស់២៧​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ។

សមត្ថកិច្ចជំនាញកំពុងពន្លត់គ្រោះអគ្គីភ័យមួយកន្លែង​ដែលបានឆាបឆេះរោងចក្រ​ស្លរជ័រ​ដែលស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០២៣។ (​រូបភាព​៖ នាយកដ្ឋាន​នគរបាលបង្ការ​ ពន្លត់អគ្គីភ័យ​ និងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ)

នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កេតឃើញថា ករណី​គ្រោះអគ្គីភ័យភាគច្រើនកើតឡើងដោយ​សារ​ការទុស្សេខ្សែភ្លើងដែលធ្វើឱ្យមនុស្សងាយរងគ្រោះ ហើយពិបាកនឹងស្វែងរកអ្នកទទួលខុសត្រូវ។ ជាមួយគ្នានេះ លោកកត់​សម្គាល់​ថា បច្ចេកទេស​បង្ការ និងពន្លត់អគ្គីភ័យនៅកម្ពុជានៅពុំទាន់បានឆ្លើយតបនឹងតម្រូវការនៅឡើយ ដោយ​សារ​ផ្លូវមួយចំនួនតូចចង្អៀតមិនអាចចូលអន្តរាគមន៍បានទាន់ពេល និងអាគារខ្លះ​មាន​កម្ពស់​ខ្ពស់ មិនអាចបាញ់ទឹកដល់។

លោកថ្លែងថា៖ «វិធានការក្នុងការបង្ការ ឬក៏ការអន្តរាគមន៍ភ្លាមៗនេះ នៅកម្ពុជាហាក់បីដូចជា​ខ្វះនូវមធ្យោបាយទាំងសហគមន៍ និងអាជ្ញាធរពន្លត់អគ្គីភ័យដែរ[..]ព្រោះអីយើងឃើញ​ហើយ​កន្លែងខ្វះពេលដែលឆេះម្តងៗ ពិបាកនឹងចូលអន្តរាគមន៍ ដោយសារផ្លូវចង្អៀត ដោយសារ​ការ​សាង​សង់ខ្លះបំពានទៅលើផ្លូវដែលគេទុកប្រើសម្រាប់រត់ទុយោរបាញ់ទឹកជាដើម»។

បន្ថែមលើនេះ លោកជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើន​សមត្ថភាពក្នុងកិច្ចអន្តរាគមន៍ដូចជាបន្ថែម​នៅបច្ចេកទេសជួយពន្លត់ថ្មីឱ្យឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន និងធានាការ​សង្រ្គោះ​ជនរង​គ្រោះ​​​បានទាន់ពេលវេលា​។ មួយវិញទៀត លោកក៏ស្នើឱ្យអាជ្ញាធរមូលដ្ឋាន​ពិនិត្យលើការ​សាង់​សំណង់អាគារ ដែលបំពានផ្លូវរថយន្តបាញ់ទឹក ដែលអាចបង្កហានិភ័យ​ពេលមាន​គ្រោះ​អគ្គីភ័យ។

បើតាមរបាយការណ៍របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​បង្ហាញថា​ រាជធានី​ភ្នំពេញ​គឺជាក្រុង​មួយដែលមាន​គ្រោះអគ្គីភ័យ​ច្រើន​ជាង​គេ​ក្នុងឆ្នាំ២០២៣ ខណៈដែលខេត្ត​កណ្តាល​ ​ខេត្ត​កំពត​ ​ ខេត្ត​សៀមរាប​ និងខេត្ត​ប៉ៃលិន​ នៅ​ចំណាត់​ថ្នាក់បន្ទាប់។​ ក្នុងនោះ​អគ្គិភ័យបណ្ដាលមកពី​ទុស្សេ​ចរន្តអគ្គិសនី​ជាង៤០ភាគរយ ​ការ​ច​ម្អិ​ន​ដោយ​ប្រើ​ឈើ​ ​ធ្យូង​ ​និង​ហ្គា​ស​ ​មានជាង៤០ភាគរយ និងជាង​១​៨​ ​ភាគរយទៀត​មិនអាច​ក្តាប់ទិន្នន័យបាន៕

951 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម